សភា​អនុម័ត​ឥណទាន​ពិសេស​ចំនួន​៧២​ពាន់​លាន​រៀល​ ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​

រាជធានី​ភ្នំពេញ៖ រដ្ឋសភា​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២៨​ ឧសភា​ ឆ្នាំ​២០០៩​ បាន​ពិភាក្សា​និង​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​កែតម្រូវ​នៃ​​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​ សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០០៩​ ដោយ​​សម្រេច​ផ្ដល់​ឥណទាន​ពិសេស​ចំនួន​​៧២​ពាន់​​លាន​រៀល​ បន្ថែម​លើ​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០០៩​ ដែល​ជា​ធនធាន​ដំបូង​សម្រាប់​មូលនិធិ​ទ្រទ្រង់​ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម។

យោង​សេចក្ដី​ព្រាង​ច្បាប់​ដែល​កោះសន្ដិភាព​ទទួល​បាន​ឲ្យ​ដឹង​ថា​ ច្បាប់​កែ​តម្រូវ​នេះ​ គឺ​ជា​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០០៩​ ដែល​មាន​គោលបំណង​ផ្ដល់​ហិរញ្ញប្បទាន​ពិសេស​ដល់​រាជរដ្ឋាភិបាល​សម្រាប់​ជួយ​ទ្រទ្រង់​ និង​អភិវឌ្ឍ​វិស័យ​កសិ-ឧស្សាហកម្ម​ ព្រម​ទាំង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។

មាត្រា​២​នៃ​ច្បាប់​នេះ​ចែង​ថា​ អនុញ្ញាត​ឲ្យ​បង្កើត​ "មូលនិធិ​ទ្រទ្រង់​ និង​អភិវឌ្ឍ​វិសយ​កសិកម្ម" ដែល​ត្រូវ​គ្រប់គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។ មូលនិធិ​នេះ​មាន​គោលដៅ​​ផ្ដល់​ឥណទាន​រយៈពេល​ខ្លី​​មធ្យម​និង​វែង​ សម្រាប់​ទ្រទ្រង់​និង​អភិវឌ្ឍន៍​វិស័យ​កសិ-ឧស្សាហកម្ម។

មាត្រា​៥​ចែង​ថា​ អនុម័ត​ឥណទាន​ពិសេស​ចំនួន​៧២.០០០.០០០រៀល​ (ចិតសិបពីរពាន់លានរៀល) បន្ថែម​លើ​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០០៩​ ជា​ធនធាន​ដំបូង​សម្រាប់​មូលនិធិ​ទ្រទ្រង់​និង​អភិវឌ្ឍ​វិស័យ​កសិកម្ម។ ឥណទាន​ពិសេស​នេះ​មាន​ប្រភព​ហិរញ្ញប្បទាន​មក​ពី​ប្រាក់​បញ្ញើ​របស់​រាជរដ្ឋាភិបាល។

មាត្រា​៦​ចែង​ថា​ គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​វិស័យ​កសិកម្ម​និង​កសិ-ឧស្សាហកម្ម​​ត្រូវ​​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ ដោយ​ទទួល​បាន​រយៈពេល​អាទិភាព​នៃ​ការ​លើកលែង​លើ​ប្រាក់​ចំណេញ​ចំនួន​៣​ឆ្នាំ។ សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​និង​កសិ-ឧស្សាហកម្ម​ដែល​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​នេះ​ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​ពាក់ព័ន្ធ​​នឹង​ការ​អនុវត្តន៍​ច្បាប់​ស្ដី​ពី​វិនិយោគ៕

របៀបវារៈ​ចំនួន​៩ ​គ្រប​ដណ្ដប់​មហាសន្និបាត​សុខភាព​ពិភពលោក​

ភ្នំពេញ៖ របៀបវារៈ​ចំនួន​៩​បាន​គ្របដណ្ដប់​នៅ​ក្នុង​មហាសន្និបាត​សុខភាព​ពិភពលោក​ ដែល​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​​សុខាភិបាល​​ចំនួន​១៩៣​ប្រទេស​ នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស។

មហា​សន្និបាត​​ដែល​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៨​ ដល់​២៧​ឧសភា​កន្លង​មក​​នេះ​ ប្រទេស​កម្ពុជា​​មាន​ការ​ចូល​រួម​ពី​​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​សុខាភិបាល​ និង​ប្រតិភូ​អម​ដំណើរ​មួយ​ចំនួន​ទៀត។

របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នេះ​ រួម​មាន​ទី​១​- ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​មធ្យម​២០០៨-២០០៣ (រាប់​បញ្ចូល​សំណើ​កម្មវិធី​ថវិកា​២០១០-២០១៣)​ ទី​២​- ការ​ត្រៀម​រៀបចំ​សម្រាប់​ជំងឺ​ផ្ដាសាយ​មនុស្ស​ ទី​៣- ការ​អនុវត្តន៍​និយ័តកម្ម​សុខភាព​អន្តរជាតិ​ ទី​៤-​ ការ​បង្ការ​ភាព​ងងឹត​ភ្នែក​​ដែល​អាច​ចៀសវាង​បាន​ ទី​៥-​ ការ​ថែទាំ​សុខភាព​បឋម​ និង​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ ទី​៦-​ កត្តា​សង្គម​ដែល​​ប៉ះពាល់​ដល់​សុខភាព​ ទី​៧​- ការ​ពិនិត្យ​តាមដាន​ការ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​​អភិវឌ្ឍន៍​សហស្សវត្សរ៍​ ទី​៨- របាយការណ៍​ស្ដី​ពី​ផល​ប៉ះពាល់​​​លើ​ហិរញ្ញវត្ថុ​និង​រដ្ឋបាល​ និង​ទី​៩-​​ ការ​​បង្ការ​និង​គ្រប់គ្រង​​ភាព​ស៊ាំ​ដោយ​ឱសថ​ច្រើន​មុខ​នៃ​ជំងឺ​របេង។

ក្នុង​ឱកាស​នោះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ បាន​រំលឹក​អង្គ​មហាសន្និបាត​អំពី​ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​សម័យ​ប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​​សុខាភិបាល​អាស៊ាន​បូក​បី​ស្ដី​ពី​ជំងឺ​​ផ្ដាសាយ​មនុស្ស​ Influenzatype A H1N1 កាល​ពី​ដើម​ខែ​ឧសភា​កន្លង​មក​នេះ​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​សំណូមពរ​ឲ្យ​មហាសន្និបាត​ប្រើប្រាស់​ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ​ធ្វើ​ជា​មូលដ្ឋាន​នៃ​បទអន្តរាគមន៍​របស់​រដ្ឋមន្ត្រី​សុខាភិបាល​ហ្វ៊‌ីលីពីន​ និង​ជា​ប្រធាន​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន។

ក្នុង​ឱកាស​នោះ​ គណៈប្រតិភូ​កម្ពុជា​ក៏​បាន​ចូល​រួម​ប្រជុំ​ក្រៅ​ផ្លូវ​ការ​របស់​រដ្ឋមន្ត្រី​សុខាភិបាល​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ ដែល​រៀបចំ​ឡើង​ដោយ​សាធារណរដ្ឋ​គុយបា​ ដែល​ជា​ប្រធាន​ចលនា​មិន​​ចូល​បក្ស​សម្ព័ន្ធ​ និង​ដឹកនាំ​​ដោយ​លោក​រដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​គុយបា។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ បាន​ធ្វើ​បទ​អន្តរាគមន៍​ដោយ​គូស​បញ្ជាក់​ថា​ "ការ​ស្លាប់​របស់​មាតា​ ​គឺ​ជា​ការ​ប្រឈម​មុខ​ដ៏​ចម្បង​មួយ​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា"។ លោក​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​លើក​កម្ពស់​សុខភាព​មាតា​ ទារក​ និង​កុមារ​ ដោយ​ចាត់​ទុក​វិស័យ​សុខាភិបាល​ជា​វិស័យ​អាទិភាព​សម្រាប់​ការ​វិនិយោគ​ធនធាន​របស់​រាជរដ្ឋាភិបាល។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ បាន​បន្ត​ដោយ​សង្កត់​ធ្ងន់​ថា​ "ការ​​គាំទ្រ​ហិរញ្ញវត្ថុ​រយៈពេល​មធ្យម​ទៅ​រយៈពេល​វែង​ពី​ដៃ​គូ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​ទាំងអស់​ គប្បី​មាន​សុខដុមនីយកម្ម​ និង​កំណែ​ទម្រង់​ឲ្យ​កាន់​តែ​ល្អ​​ប្រសើរ​ថែម​ទៀត​ ជាមួយ​អាទិភាព​វិស័យ​សុខាភិបាល​ជាតិ​ ជា​ពិសេស​ត្រូវ​គាំទ្រ​ដល់​អាទិភាព​ដែល​មាន​មូលនិធិ​គ្រប់គ្រាន់"។

ក្នុង​កិច្ច​ប្រជុំ​នេះ​ លោក​រដ្ឋមន្ត្រី​សុខាភិបាល​និង​គណៈប្រតិភូ​បាន​ជួប​ដាច់​ដោយ​ឡែក​ជាមួយ​លោក​ មីសែលកាហ្សាស្គីន​ (Michelle Kazatichkine) នាយក​ប្រតិបត្តិ​មូលនិធិ​​សកល​ប្រយុទ្ធ​ជំងឺ​អេដស៍​ គ្រុន​ចាញ់​ និង​របេង។ លោក​ម៉ៃឃើល​ ស៊ីដីប​ (Michel Sidibe) នាយក​ប្រតិបត្តិ​ថ្មី​របស់​អង្គការ​ UNAID ដើម្បី​ពិភាក្សា​ការងារ​ទាក់ទង​ការ​ប្រយុទ្ធ​ជំងឺ​ទាំង​នេះ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត​ ជូលៀន​ លូបលេវីត៍​ (Julien Lob Levyt) លេខា​ប្រតិបត្តិ​នៃ​អង្គការ​ GAVI ដោយមាន​ប្រទេស​ក្នុង​តំបន់​អាស៊ី​ និង​អាហ្វ្រិក​មួយ​ចំនួន​បាន​ចូល​រួម​ដើម្បី​ពិភាក្សា​អំពី​ការ​គាំទ្រ​របស់​អង្គការ​នេះ​ដល់​កម្មវិធី​ផ្ដល់​ថ្នាំ​បង្ការ​និង​ការ​ប្រើប្រាស់​វ៉ាក់សាំង​ថ្មី៕

រោងចក្រ​កាត់ដេរ​ចំនួន​២០​ នៅ​កម្ពុជា​​បាន​ចូល​រួម​ក្នុង​វេទិកា​អាជីវកម្ម

រាជធានី​ភ្នំពេញ៖​ លោក​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា​ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​ នៅ​តែ​​ជា​វិស័យ​ផ្ដល់​អាទិភាព​ជា​ចំបង​នៅ​ឡើយ​ ពីព្រោះ​វិស័យ​នេះ​នៅ​តែ​បន្ត​និរន្តរភាព​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដូចជា​ ផ្ដល់​ការងារ​​ និង​ប្រាក់​ខែ​ដល់​អ្នក​​ជំនាន់​ក្រោយ​ ការ​ផ្លាស់ប្ដូរ​បច្ចេកវិទ្យា​ ការ​ហូរ​ចូល​រូបិយប័ណ្ណ​បរទេស​រួម​ទាំង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ផង​ដែរ។ លោក​ជឿ​ថា​ ជោគជ័យ​នៃ​ឧស្សាហកម្ម​​វា​ជា​ផ្លូវ​មួយ​ដែល​នាំ​ឲ្យ​កម្ពុជា​ចូល​ទៅ​ប្រទេស​ឧស្សាហកម្ម​ជា​មួយ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ រួម​ទាំង​ការ​នាំ​​ឲ្យ​កម្ពុជា​ចូល​ទៅ​ប្រទេស​កម្ពុជា​​ជាមួយ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ រួម​ទាំង​ការ​នាំ​មក​នូវ​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ផង​ដែរ។

លោក​ ចម​ ប្រសិទ្ធ​ បន្ត​ថា​​ ឆ្នាំ​២០០៤​កម្ពុជា​​បាន​ចូល​រួម​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​ដែល​ជា​ដៃ​គូ​របស់​អាស៊ាន​ដូចជា​ ចិន​ ជប៉ុន​ កូរ៉េ​ អូស្ត្រាលី​ ញូវហ្សេលែន​ និងឥណ្ឌា​ ហើយ​ក្នុង​​ពេល​​ដ៏​ឆាប់ៗ​ខាង​មុខ​នេះ​កម្ពុជា​នឹង​ចូល​ទៅ​ក្នុង​សហគមន៍​អឺរ៉ុប​ទៀត។

លោក​ ចម​ ប្រសិទ្ធ​ បាន​ថ្លែង​បែប​នេះ​កាល​ពី​ថ្ងៃ​ទី​២៧​ ឧសភា​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ ក្នុង​ខណៈ​ដែល​លោក​អញ្ជើញ​ចូល​រួម​ធ្វើ​ជា​អធិបតី​ក្នុង​វេទិកា​អាជីវកម្ម​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នៅ​ក្នុង​ឱកាស​នោះ​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​វេទិកា​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​ ក្រុមហ៊ុន​បញ្ជា​ទិញ​ និង​រដ្ឋាភិបាល​ដើម្បី​ជួប​ពិភាក្សា​ និង​លើក​ឡើង​នូវ​វិធីសាស្ត្រ​ផ្សេងៗ​ដែល​សហគមន៍​ពាណិជ្ជកម្ម​ និង​រាជរដ្ឋាភិបាល​​អាច​ជួយ​ជំរុញ​ ផលិតកម្ម​សំលៀកបំពាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទាក់ទាញ​ការ​វិនិយោគ​ច្រើនជាង​មុន​ពី​ក្រុមហ៊ុន​​វិនិយោគ​ដែល​មាន​ស្រាប់​ក្នុង​វិស័យ​សំលៀកបំពាក់​នេះ​ និង​ទាក់ទាញ​ដៃ​គូ​បញ្ជា​ទិញ​ឲ្យ​ទិញ​កាន់​តែ​ច្រើន​ពី​ប្រទេស​កម្ពុជា​ ព្រម​ទាំង​ទាក់ទាញ​ដៃ​គូ​បញ្ជា​​ទិញ​ថ្មីៗ​ និង​ដៃ​គូ​បញ្ជា​ទិញ​សក្ដានុពល​ឲ្យ​ពិចារណា​ទិញ​ពី​ប្រទេស​កម្ពុជា។

វេទិកា​អាជីវកម្ម​នេះ​នឹង​ជា​វេទិកា​សម្រាប់​អ្នក​វិនិយោគ​ និង​អ្នក​ទិញ​ដើម្បី​លើក​យក​ការ​បារម្ភ​ និង​បញ្ហា​ដែល​ពួក​គេ​កំពុង​ប្រឈម​មុខ​ក្នុង​ការ​ផលិត​ ទិញ​ ក្នុង​ប្រទេស​កម្ពុជា​ និង​ជា​វេទិកា​​ដែល​លើក​យក​នូវ​ដំណោះស្រាយ​ផ្សេងៗ​ដែល​រដ្ឋាភិបាល​ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​អាច​ជួយ​បាន។

ចំពោះ​អ្នក​ចូលរួម​ក្នុង​វេទិកា​នេះ​រួម​មាន​តំណាង​​មក​ពី​ក្រុមហ៊ុន​ទិញ​រាយ​ និង​ការិយាល័យ​បញ្ជា​ទិញ​ ក្រុមហ៊ុន​វិនិយោគ​បច្ចុប្បន្ន​ដែល​បាន​វិនិយោគ​ក្នុង​វិស័យ​សំលៀកបំពាក់​ក្នុង​ប្រទេស​កម្ពុជា​ ដៃ​គូ​អភិវឌ្ឍន៍​ និង​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។

រោងចក្រ​ដែល​ចូល​រួម​ចំនួន​២០​រោងចក្រ​ គឺ​ជា​ក្រុមហ៊ុន​វិនិយោគ​ឆ្លង​កាត់​ប្រទេស​​ហើយ​ដែល​មាន​ផលិតកម្ម​ក្នុង​ប្រទេស​ផ្សេងៗ​គ្នា​ជា​ច្រើន។ ប្រាក់​ចំណូល​សរុប​របស់​ក្រុមហ៊ុន​ទាំងអស់​នេះ​មាន​ចំនួន​លើស​៣៧០​កោដិ​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០០៨។ អ្វី​ដែល​សំខាន់​នោះ​គឺ​តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កម្ពុជា​អាច​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​នេះ​ដែល​ក្រុមហ៊ុន​ទាំងអស់​នេះ​អាច​ដាក់​បញ្ជា​ទិញ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ដែល​ពួក​គេ​មាន​ទីកន្លែង​ផលិតកម្ម​នៅ​ទី​នោះ​ និង​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​កម្ពុជា​ក្លាយ​ជា​ទីតាំង​ផលិតកម្ម​ជា​ទី​ពេញ​ចិត្ត​ធៀប​ជាមួយ​ទីតាំង​​ជំរើស​ក្នុង​ប្រទេស​ដទៃៗ​ទៀត​របស់​ពួក​គេ។ រោងចក្រ​ទាំងអស់​​នេះ​មាន​ជំរើស​​ក្នុង​​ការ​សម្រេចចិត្ត​ថា​ តើ​ប្រទេស​ណា​មួយ​ដែល​ពួក​គេ​នឹង​ដាក់​បញ្ជា​ទិញ ​ប៉ុន្តែ​ជំរើស​នោះ​គឺ​អាស្រ័យ​លើ​សមត្ថភាព​ដែល​ប្រទេស​នោះ​អាច​ផ្ដល់​ឲ្យ​ដូចជា​គុណភាព​ប្រសិទ្ធភាព​ថ្លៃ​ប្រកួតប្រជែង​ និង​លក្ខណៈ​គ្រប់គ្រង។

ក្រុមហ៊ុន​បញ្ជា​ទិញ​ដែល​ចូល​រួម​ក្នុង​វេទិកា​នេះ​មាន​ចំនួន​៨​ក្រុមហ៊ុន​ ហើយ​ដែល​ពួក​គេ​រក​ចំណូល​ក្នុង​មួយ​ឆ្នាំ​បាន​ចំនួន​១៤.៣០០​កោដិ​ដុល្លារ​​សហរដ្ឋអាមេរិក​សរុប​ទាំង​ការ​ទិញ​រាយ​ និង​ទាំង​ការ​ទិញ​ដុំ។ អ្នក​ធ្វើការ​សម្រេច​ចិត្ត​មាន​ជំរើស​ក្នុង​ការ​ដាក់​ការ​បញ្ជា​ទិញ​នៅ​ក្នុង​ប្រទេស​ណា​មួយ​ក៏​បាន។ ហេតុ​ដូច្នេះ​អ្វី​ដែល​សំខាន់​នោះ​គឺ​តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ទាំងអស់​នោះ​ឲ្យ​ដាក់​ការ​បញ្ជា​ទិញ​ក្នុង​ប្រទេស​កម្ពុជា។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ចង់​​ឲ្យ​ដៃ​គូ​ពាក់ព័ន្ធ​ទាំងអស់​លើក​យក​បញ្ហា​​ខាង​លើ​ទាំងអស់​នោះ​មក​ពិភាក្សា​និង​បង្កើត​យុទ្ធសាស្ត្រ​ផ្សេងៗ​ក្នុង​វេទិកា​អាជីវកម្ម​នេះ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ដៃ​គូ​ជា​ទី​ពេញ​ចិត្ត​ក្នុង​ទី​ផ្សារ​ប្រកួតប្រជែង​សំលៀកបំពាក់​ពិភពលោក៕​​

កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ និង​សហភាព​អឺរ៉ុប​បើក​នៅ​ភ្នំពេញ

ភ្នំពេញ៖ កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-សហភាព​អឺរ៉ុប​លើក​ទី​១៧​ បាន​បើក​​ជា​ផ្លូវ​ការ​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ឧសភា​ នៅ​សាលសន្និសីទ​ចតុមុខ​ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា។ ចំណែក​អង្គ​ប្រជុំ​ត្រូវ​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​អ៊ិនធឺកុងទីណង់តាល់។

កិច្ច​ប្រជុំ​រយៈពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៧​ និង​ថ្ងៃ​ទី​២៨​ឧសភា​ នៅ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​កម្ពុជា​មាន​តួនាទី​ជា​ប្រទេស​សម្របសម្រួល​ដៃ​គូ​សន្ទនា​រវាង​អាស៊ាន​ និង​សហភាព​អឺរ៉ុប។

សមាគម​អាស៊ាន​ និង​សហភាព​​អឺរ៉ុប​មាន​ទំនាក់ទំនង​ជាង​បី​ទសវត្សរ៍​មក​ហើយ​ ដោយ​បាន​ធ្វើ​សហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន​ដូចជា​នយោបាយ​ សន្តិសុខ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ សង្គម​វប្បធម៌​ និង​សហប្រតិបត្តិការ​អភិវឌ្ឍន៍។

ចំពោះ​មុខ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-សហភាព​អឺរ៉ុប​​​ និង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ រដ្ឋមន្ត្រី​​ការបរទេស​ និង​ជា​សហ​ប្រធាន​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-សហភាព​អឺរ៉ុប​ លើក​ទី​១៧​ បាន​លើក​ឡើង​ដោយ​ជឿជាក់​​ថា​ កិច្ច​ប្រជុំ​នា​ពេល​នេះ​នឹង​បើក​ទំព័រ​ថ្មី​មួយ​ ដើម្បី​ពង្រឹង​ និង​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ទំនាក់ទំនង​អាស៊ាន​​ និង​សហភាព​អឺរ៉ុប​ តាមរយៈ​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ទូលំទូលាយ។

លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​ បាន​បញ្ជាក់​ថា​ ក្នុង​ខណៈ​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​មក​ពី​ប្រទេស​ទាំង​១០​ ជា​សមាគម​អាស៊ាន​ ​និង​រដ្ឋមន្ត្រី​ការ​បរទេស​ចំនួន​២៧​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​កំពុង​តែ​អង្គុយ​ផ្លាស់ប្ដូរ​នូវ​ទស្សនៈ​លើ​របៀប​នៃ​ការ​ធ្វើ​ឲ្យ​សម្រេច​ជា​វិជ្ជមាន​​នូវ​ភាព​ជា​ដៃ​គូ​រវាង​អាស៊ាន​ និង​សភាព​អឺរ៉ុប​ គឺ​រលក​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​​ទៅ​​លើ​សេដ្ឋកិច្ច​សកលលោក​ ហើយ​គ្មាន​ប្រទេស​ណា​មួយ​អាច​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​សេដ្ឋកិច្ច​នេះ ឡើយ។

ប្រឈម​មុខ​ជាមួយ​នឹង​គ្រោះ​មហន្តរាយ​នេះ​ ប្រមុខ​ការ​ទូត​កម្ពុជា​​ បាន​សង្កត់​ធ្ងន់​ថា​ ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ជំរុញ​នូវ​អន្តរកម្ម​ដ៏​ទូលំទូលាយ​លើ​គ្រប់​វិស័យ​នៃ​សហប្រតិបត្តិការ​របស់​អាស៊ាន​ និង​សហភាព​អឺរ៉ុប​ ជា​ពិសេស​វិស័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នឹង​រួម​ចំណែក​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុង​កម្រិត​មួយ​ដើម្បី​បន្ធូរបន្ថយ​ការ​ថមថយ​នៃ​សេដ្ឋកិច្ច​ដែល​បណ្ដាល​មក​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​មក​លើ​តំបន់​អាស៊ី​និង​អឺរ៉ុប។

ចំណែក​លោក​ ចាន​​កូហ៊ូត​ (Jan Kohout) ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស ​ប្រទេស​ឆេក​ ដែល​ជា​ប្រធាន​ប្ដូរ​វេន​របស់​សហភាព​អឺរ៉ុប​ បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប​លើក​ទី​១៧​ថា​ កិច្ច​ប្រជុំ​នេះ​ជា​ឱកាស​ដើម្បី​បញ្ជាក់​ឡើង​វិញ​នូវ​ទំនាក់ទំនង​​ជា​ច្រើន​ទសវត្សរ៍​រវាង​សហភាព​អឺរ៉ុប​ និង​អាស៊ាន​ ព្រម​ទាំង​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ការ​អភិវឌ្ឍ​នៅ​ក្នុង​​វិស័យ​ជា​ច្រើន។ កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​សហភាព​​អឺរ៉ុប​ ក៏​ជា​ឱកាស​មួយ​ដែល​ផ្ដល់​សន្ទុះ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​និង​ការ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​​រួម​គ្នា​រក​នូវ​ឱកាស​ និង​មធ្យោបាយ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​សហភាព​អឺរ៉ុប​​និង​អាស៊ាន។

លោក​ កូហ៊ូត​ ក៏​បាន​បន្ថែម​ថា​​ សហភាព​អឺរ៉ុប​ស្វាគមន៍​ និង​សាទរ​អាស៊ាន​ដែល​បាន​អនុម័ត​នូវ​ធម្មនុញ្ញ​អាស៊ាន​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៨​ ក៏​ដូច​ជា​សេចក្ដី​ថ្លែង​​ការណ៍​ឆាអាមហួហ៊ីន​ នៅ​ប្រទេស​ថៃ​​ព្រម​ទាំង​ផែនទី​ចង្អុល​ផ្លូវ​នៃ​ការ​កសាង​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥។ សមិទ្ធផល​របស់​អាស៊ាន​នេះ​ គឺ​បើក​នូវ​ទំព័រ​ថ្មី​រវាង​ទំនាក់ទំនង​អាស៊ាន​ និង​សហភាព​​អឺរ៉ុប​ ដែល​ជា​ទំនាក់ទំនង​ប្រកប​ដោយ​គុណភាព។

ក្នុង​ពេល​ប្រកាស​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-សហភាព​អឺរ៉ុប​លើក​ទី​១៧​ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ កិច្ច​ប្រជុំ​នា​ពេល​នេះ​ពិត​ជា​បាន​ប្រារព្ធ​ធ្វើ​ឡើង​ចំ​​ពេលវេលា​​ដែល​តំបន់​អាស៊ី​​និង​អឺរ៉ុប​ ក៏​ដូចជា​ពិភពលោក​ទាំងមូល​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​សកល​ជា​ច្រើន​ ជា​ពិសេស​វិបត្តិ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន។

សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​ជំរុញ​ឲ្យ​អង្គ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ និង​សហភាព​អឺរ៉ុប​ ត្រូវ​តែ​​សម្រេច​ឲ្យ​​បាន​នូវ​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​សមាគម​អាស៊ាន​ និង​សហភាព​អឺរ៉ុប​ជា​ពិសេស​គឺ​កិច្ច​សហការ​ឲ្យ​សកម្ម​ថែម​ទៀត​ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការងារ​​សមាហរណកម្ម​ និង​ដំណើរ​ការ​កសាង​សហគមន៍​​ ជា​ពិសេស​​នៅ​ខណៈ​ពេល​ដែល​អាស៊ាន​កំពុង​អនុវត្ត​នូវ​ធម្មនុញ្ញ​របស់​ខ្លួន​ពេល​នេះ។

កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ឧសភា​ ក្នុង​កិច្ច​ប្រជុំ​​លើក​ទី​១៧​ រដ្ឋមន្ត្រី​ការ​បរទេស​​អាស៊ាន​ និង​សហភាព​អឺរ៉ុប​ ក៏​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​សេចក្ដី​ថ្លែងការណ៍​អាស៊ាន​ស្ដី​ពី​ការ​​យល់​ព្រម​​ឲ្យ​សហភាព​អឺរ៉ុប​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ និង​សេចក្ដី​ថ្លែងការណ៍​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព​​​​​ និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍។ ការ​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​នេះ​របស់​សហភាព​អឺរ៉ុប​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ សន្តិសុខ​និង​ស្ថិរភាព​នៅ ក្នុង​តំបន់។

ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​សហភាព​អឺរ៉ុប​លើក​ទី​១៧​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ឧសភា​ បញ្ហា​នៅ​ប្រទេស​ភូមា​ ជា​ពិសេស​បញ្ហា​របស់​លោកស្រី​អ៊ុងសានស៊ូជី​មិន​ត្រូវ​បាន​លើក​ឡើង​សូម្បី​តែ​មួយ​ម៉ាត់៕

ទម្លាប់​ល្អ​សុខភាព​ល្អ

សុខភាព​​របស់​អ្នក​នឹង​គ្មាន​បញ្ហា​ឡើយ​ ប្រសិន​បើ​បាន​ថែទាំ​ដោយ​វិធី​ងាយៗ​​​ដូច​ខាង​ក្រោម​នេះ៖

១- កុំ​ខ្ជិល​ដូរ​​អេប៉ុង​លាង​ចាន​ ត្រូវ​​ប្ដូរ​ថ្មី​រៀងរាល់​ខែ​ ពីព្រោះ​អេប៉ុង​នេះ​ហើយ​ជា​ឧបករណ៍​ដែល​មេរោគ​ចូល​ចិត្ត​មក​ពូន​ផ្ដុំ​គ្នា​បំផ្លាញ​សុខភាព​អ្នក។

២- ប្រើ​ទឹក​សាប៊ូ​លាង​ចាន​ជូន​ផ្ទៃ​ដែល​អ្នក​ធ្វើ​ម្ហូប​ឲ្យ​ស្អាត​ ហើយ​ជូត​ម្ដង​ទៀត​ដោយ​ទឹក​សម្លាប់​មេរោគ​រាល់​លើក​ ក្រោយ​ពី​ធ្វើ​ម្ហូប​រួច​ ដើម្បី​សម្លាប់​មេរោគ​ដែល​ជាប់​នឹង​សាច់​ និង​បន្លែ​ស្រស់។

៣- រលាស់​វាំងនន​ងូត​ទឹក​ក្រោយ​ពី​ងូត​ទឹក​រួច​ដើម្បី​បណ្ដេញ​សំណើម​កុំ​ឲ្យ​កើត​ផ្សិត​ ហើយ​កុំ​ភ្លេច​ដោះ​វាំងនន​យក​ទៅ​បោកគក់​យ៉ាង​ហោច​ណាស់​មួយ​ខែ​មួយ​ដង​ ពីព្រោះ​មេរោគ​ផ្សិត​ដែល​ជាប់​តាម​វាំងនន​នេះ​ គឺ​ជា​ឃាតក​ឈាម​ត្រជាក់​ដែល​យើង​ច្រើន​តែ​មើល​រំលង។

៤- លាង​ដុស​ខាត់​ភោជន៍​លាង​មុខ​ជា​ប្រចាំ​ ដើម្បី​កុំ​ឲ្យ​បាក់តេរី​ពួន​បាន។

៥- បន្ទប់​ទឹក​គួរ​តែ​មាន​ខ្យល់​ចេញ​ចូល​ល្អ​ ដើម្បី​បញ្ចេញ​បាក់តេរី​ពី​ខ្យល់។ ប្រសិន​បើ​បន្ទប់​ទឹក​របស់​អ្នក​បិទ​ជិត​ទាំង​៤​ផ្នែក​​ យ៉ាង​ហោច​ណាស់​គួរ​តែ​បំពាក់​កង្ហារ​ដើម្បី​ជួយ​បញ្ចេញ​ខ្យល់​ខ្លះ។

៦- លាង​ដៃ​ឲ្យ​ស្អាត​មុន​នឹង​ទទួល​អាហារ​រាល់​លើក​ ដើម្បី​កម្ចាត់​មេរោគ​ដែល​អាច​នឹង​ជាប់​មក​តាមរយៈ​របស់របរ​សម្ភារៈ​ប្រើប្រាស់​សាធារណៈ​ទាំងឡាយ។

៧- ក្រោយ​ពី​ចុច​ទឹក​បង្គន់​ហើយ​គួរ​តែ​បិទ​គម្រប​តែ​ម្ដង​ ពីព្រោះ​ក្រោយ​ពី​យើង​ចុច​ទឹក​បង្គន់​ ពេល​នោះ​មេរោគ​នឹង​សាយភាយ​ឡើង​មក​ក្នុង​ខ្យល់។ ដូច្នេះ​ការ​បិទ​គម្រប​នឹង​ជួយ​ឃាំង​មេរោគ​កំណាច​នេះ​មិន​ឲ្យ​រសាត់​អណ្ដែត​ចូល​ច្រមុះ។

៨-​មួក​គ្រប​ងូត​ទឹក​របស់​ស្ត្រីៗ​ជា​ឧបករណ៍​ដែល​ផ្អាប់​សំណើម​ ដូច្នេះ​​ការ​​យក​វា​មក​គ្រប​ងូត​ទឹក​វា​មិន​ខុស​ពី​យក​មេរោគ​មក​ដាក់​លើ​សក់​ដ៏​ស្អាត​របស់​អ្នក​ឡើយ។ ដូច្នេះ​​អ្នក​គួរ​តែ​យក​មួក​នោះ​ទៅ​សំដិល​ថ្ងៃ​ឲ្យ​បាន​ញឹកញាប់។ បើ​មួក​ចាស់​ហើយ​គួរ​តែ​ប្ដូរ​ថ្មី​ដើម្បី​កុំ​ឲ្យ​មក​អង្គុយ​ឆ្ងល់​ថា​ តើ​ហេតុ​អ្វី​បាន​ជា​សក់​ជ្រុះ​ច្រើន​ម្ល៉េះ?

៩- សារ៉េ​សីតុណ្ហភាព​ទូ​ទឹកកក​ ៣៧​អង្សា​ហ្វារ៉េនហៃត៍​ឡើង​ទៅ​ដើម្បី​កុំ​ឲ្យ​បាក់តេរី​ដែល​មាន​ពី​អាហារ​មាន​ឱកាស​រីក​រាលដាល។

១០- ប្រមូល​សំរាម​ចោល​រាល់​ថ្ងៃ​ មិន​ត្រូវ​ផ្អាប់​សំរាម​ទុក​ទេ​ ព្រោះ​អាកាសធាតុ​​ក្ដៅ​ដូច​ជា​ស្រុក​យើង​នេះ​ មេរោគ​ក្នុង​ធុង​សំរាម​នឹង​សប្បាយ​ចិត្ត​ជា​មិន​ខាន។ ដូច្នេះ​អ្នក​គួរ​ប្រើ​អាល់កុល​ជូត​ធុង​សំរាម​ឲ្យ​បាន​ញឹកញាប់​ផង។

១១- ធ្វើ​ជា​​មេផ្ទះ​ឈ្លាសវៃ​ក្នុង​ពេល​ចម្អិន​អាហារ​ គួរ​ចែក​ជ្រញ់​សម្រាប់​ហាន់​បន្លែ​ និង​ហាន់​សាច់​ឲ្យ​ដាក់​ពី​គ្នា​ ពីព្រោះ​បាក់តេរី​ដែល​មាន​ពី​សាច់​វា​មាន​​ច្រើន​ជាង​បន្លែ។ ម្យ៉ាង​ទៀត​ ក្រោយ​ពី​ធ្វើ​ម្ហូប​រួច​ កុំ​ភ្លេច​យក​ជ្រញ់​ដាក់​ស្រុស​ទឹក​​ក្ដៅ​ផង។

១២- បើ​អ្នក​ចិញ្ចឹម​ឆ្មា​ ឬ​ឆ្កែ​ គួរ​តែ​​ចេះ​បង្រៀន​សត្វ​ទាំង​នោះ​ឲ្យ​មាន​របៀប​ មិន​ត្រូវ​ឲ្យ​វា​ចូល​មក​រញ៉រញ៉ៃ​ក្នុង​ផ្ទះ​បាយ​ ព្រោះ​អង្កែ​ ចៃ​ ឬ​មេរោគ​តាម​ជើង​របស់​វា​​អាច​ធ្លាក់​ចូល​ក្នុង​ចាន​អាហារ។

១៣- បើ​មាន​អាហារ​សល់​ក្លាស្សេ​ ពេល​យក​មក​ទទួល​​ទាន​ម្ដង​ទៀត​គួរ​តែ​កម្ដៅ​ឲ្យ​ក្ដៅ​​រាល់​លើក​ដើម្បី​សម្លាប់​បាក់តេរី៕

ការបែកបាក់​រវាង​ខ្មែរ​ក្រហម​និង​វៀតណាម​ខាង​ជើង
ដោយអត្ថបទចុះផ្សាយកាលពីថ្ងៃទី 06/12/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 11/12/2008 13:31 ម៉ោងសកលក្រោយពេល ​ដែល​ពួក​ខ្មែរក្រហម​បាន​ទៅ​ចូល​រួម​ក្នុង រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ របស់ សម្តេច នរោត្តម សីហនុ ដែល​បាន​បង្កើត​ឡើង​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ខ្មែរ​ក្រហម​បាន​ក្លាយ​ពី​ក្រុម​បះបោរ​តូចតាច មក​ជា​កងទ័ព​រំដោះ​ជាតិ​ដ៏​ធំ​មួយ។ នេះ​ក៏​ដោយ​សារ​តែ​ពួក​គេ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ កម្ពុជា ដែល​ស្រលាញ់ សម្តេច នរោត្តម សីហនុ។ ពិសេស​ជាង​នេះ​ទៅ​ទៀត ពួក​គេ​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​វៀតណាម​ ខាង​ជើង។
ក៏ប៉ុន្តែ ខ្មែរក្រហម និង​វៀតណាម​បាន​បែកបាក់​គ្នា ក្លាយ​ពី​មិត្ត មក​ជា​សត្រូវ​វិញ នៅ​ក្រោយ​ពេល​ដែល​វៀតណាម​បាន​ចុះ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់ ជាមួយ​អាមេរិក នៅ​ឆ្នាំ១៩៧៣។

ទាហាន​វៀតណាម​ច្បាំង​ជំនួស​ខ្មែរ​ក្រហម

ចាប់តាំង ​ពី​រដ្ឋាភិបាល​រួបរួម​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ក្រុង​ប៉េកាំង​មក កងទ័ព​​វៀតណាម​​បាន​ជួយ​រដ្ឋាភិបាល​នេះ​យ៉ាង​ពេញ​ទំហឹង។ យោង​តាម​លោក David Chandler ក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា “បងទី១ ប៉ុល ពត” នៅ​រវាង​ឆ្នាំ​១៩៧១ ដល់​ឆ្នាំ១៩៧២ នៅ​ក្នុង​សមរភូមិ​ភាគ​ច្រើន​​គឺ​ជា​ការ​ច្បាំង​គ្នា​រវាង​កងទ័ព​វៀតណាម និង​ទាហាន​លន់ណុល។ បើ​ទោះ​ជា​មាន​ទាហាន​ខ្មែរក្រហម​ខ្លះ​នៅ​ក្នុង​នោះ​ក៏​ដោយ ក៏​ទាហាន​ទាំង​នោះ​ស្ថិត​ក្រោម​បញ្ជា​របស់​មេបញ្ជាការ​វៀតណាម​ដែរ។

ទាហាន ​លន់ណុល​បាន​បើក​ប្រតិបត្តិការ​ធំៗ​ចំនួន​ពីរ​លើក​ក្នុង​គោលដៅ​វាយ​បំបែក​ សំបុក​ខ្មែរ​ក្រហម។ លើក​ទីមួយ​នៅ​ចុង​ឆ្នាំ​១៩៧០ មាន​ឈ្មោះ​ថា “ប្រតិបត្តិការ​ចេនឡា​ទី១” និង​លើក​ទីពីរ​នៅ​ខែ​សីហា ឆ្នាំ​១៩៧១ មាន​ឈ្មោះ​ថា “ប្រតិបត្តិការ​ចេនឡា​ទី២”។ ប្រតិបត្តិការ​ទាំង​ពីរ​នេះ​ត្រូវ​ទទួល​បរាជ័យ ហើយ​ទាហាន​លន់ណុល​ក៏​បញ្ឈប់​យុទ្ធសាស្រ្ត​វាយ​លុក មក​ជា​យុទ្ធសាស្រ្ត​​ការពារ​វិញម្តង។ បរាជ័យ​នៃ​ប្រតិបត្តិការ​ទាំងពីរ​លើក​នេះ​សុទ្ធតែ​ដោយ​សារ​​តែ​ខ្មែរ​ក្រហម​ ​មាន​ជំនួយ​ពី​ទាហាន​វៀតណាម ដែល​គេ​ទទួល​ស្គាល់​ថា​ជា​ទាហាន​​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​តំបន់​នា​ពេល​ នោះ។

ដោយ​មាន​កងទ័ព​វៀតណាម​ជួយ​ច្បាំង​ជំនួស​ខ្លួន​បែប​ នេះ ​ខ្មែរ​ក្រហម​ក៏​មាន​ឱកាស​ពង្រឹង​បក្ស​របស់​ខ្លួន ទាំង​ផ្នែក​យោធា និង​ផ្នែក​នយោបាយ។ យោង​តាម​ការ​ប៉ាន់ស្មាន​របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក នៅ​មុន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ខ្មែរ​ក្រហម​មាន​ទ័ព​តែ​ប្រមាណ​មិន​ដល់​៣ពាន់​នាក់​ផង។ ប៉ុន្តែ មិន​ដល់​បី​ឆ្នាំ​ផង ចំនួន​នេះ​បាន​កើន​ឡើង​រហូត​ដល់​ប្រមាណ​៤ម៉ឺន​នាក់។

ទោះ ​ជា​យ៉ាង​នេះ​ក៏​ដោយ ពួក​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ធ្វើ​ការ​ឃោសនា​ថា បដិវត្តន៍​របស់​ពួក​គេ​ គឺ​ជា​បដិវត្តន៍​ឯករាជ្យ ម្ចាស់ការ និង​មិន​ពឹង​បរទេស។ សូម្បី​តែ​​នៅ​ក្នុង​​ឯកសារ​ស្តីពី​ប្រវត្តិ​បក្ស ក៏​ពួក​ខ្មែរ​ក្រហម​មិន​បាន​រំលឹក​អំពី​ជំនួយ​របស់​វៀតណាម​ដែរ។ តែ​ធាតុ​ពិត ពួក​ខ្មែរ​ក្រហម​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​វៀតណាម។

សម្ព័ន្ធ​មិត្ត​ប្រេះឆា៖ មិត្ត​ក្លាយ​ជា​សត្រូវ

កុម្មុយនិស្ត​ខ្មែរ និង​កុម្មុយនិស្ត​វៀតណាម ពី​មិត្ត​ទៅ​ជា​សត្រូវ(រូបភាព៖ សេង ឌីណា/RFI)

កុម្មុយនិស្ត​ខ្មែរ និង​កុម្មុយនិស្ត​វៀតណាម ពី​មិត្ត​ទៅ​ជា​សត្រូវ
(រូបភាព៖ សេង ឌីណា/RFI)

នៅដើមឆ្នាំ១៩៧៣ សញ្ញា​នៃ​ការ​បែកបាក់​រវាង​ខ្មែរ​ក្រហម និង​ខ្មែរ​ហាណូយ​ក៏​បាន​លេច​ចេញ​ជា​រូបរាង​ច្បាស់​ឡើងៗ។ ខ្មែរ​ហាណូយ​ពីរ​រូប​គឺ កែវ ចិន្តា និង ប៉ែន សុវណ្ណ រួម​ជា​មួយ​មនុស្ស​មួយ​ចំនួន​ទៀត ដែល​ធ្វើការ​​ឲ្យ​វិទ្យុបក្ស​បាន​លាលែង​ចេញ​ពី​តំណែង។ យោង​តាម​លោក Raoul Jennar,

ប៉ែន សុវណ្ណ មាន​បំណង​ទៅ​បង្កើត​បក្ស​ថ្មី​​ជាមួយ ជា សុទ្ធ។ ប៉ុន្តែ វៀតណាម​បាន​ជំទាស់​នឹង​ផែនការ​ណ្ណecker,ងដល់​នាំ១៩៧២នេះ។

ថ្ងៃទី២៧ មករា ឆ្នាំ១៩៧៣ កិច្ច​ព្រមព្រៀង​ឈប់​បាញ់​មួយ​ត្រូវ​បាន​ចុះ​នៅ​ទីក្រុង​ប៉ារីស រវាង​សហរដ្ឋ​អាមេរិក និង​វៀតណាមខាង​ជើង ស្តីពី​បញ្ហា​សង្រ្គាម​នៅ​ឥណ្ឌូចិន។ កិច្ច​ព្រមព្រៀង​នេះ​ក៏​តម្រូវ​ផង​ដែរ​ឲ្យ​វៀតណាម​ដក​កងទ័ព​ទាំង​អស់​ចេញ​ពី ​ប្រទេស​កម្ពុជា។ វៀតណាម​បាន​ស្នើ​សុំ​ឲ្យ សាឡុត ស ទទួល​យក​​បទ​ឈប់​បាញ់​នេះ តែ សាឡុត ស បាន​បដិសេធ។ សាឡុត ស យល់​ថា វៀតណាម​ខាង​ជើង​កំពុង​តែ​ក្បត់​នឹង​ខ្លួន​ហើយ ដែល​ទៅ​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​​​អាមេរិក​បែប​នេះ។ សម្រាប់​ខ្មែរ​ក្រហម វៀតណាម​ពេល​នេះ បាន​ក្លាយ​ពី​មិត្ត​ ទៅ​ជា​សត្រូវ​វិញ​ម្តង។ សូម្បី​តែ​ពួក​ខ្មែរ​ហាណូយ​ក៏​ត្រូវ​បាន​បក្ស​ពួក​របស់ សាឡុត ស ចាប់​ផ្តើម​សង្ស័យ​ថា ជា​ភ្នាក់ងារ​របស់​វៀតណាម​ដែរ។ ពួក​ខ្មែរ​ហាណូយ​​​មួយ​ចំនួន ដែល​ទើប​តែ​បាន​ចូល​មក​កម្ពុជា​វិញ​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ក៏​បាន​លួច​ចាក​ចេញ​ពី​កម្ពុជា​វិញ ដោយ​បន្លំ​ខ្លួន​ជាមួយ​ទាហាន​វៀតណាម។ មួយ​ចំនួន​​ទៀត ដែល​នៅ​សេសសល់​ស្ថិត​ក្រោម​ការ​តាមដាន​ឃ្លាំ​មើល​យ៉ាង​ដិតដល់​ពី​សំណាក់​ពួក ​ សាឡុត ស។

ខ្មែរ​ក្រហម​ទល់​នឹង​កងទ័ព​អាមេរិក

យន្តហោះ​ទម្លាក់​គ្រាប់បែក​​របស់​អាមេរិក ប្រភេទ​ B52

យន្តហោះ​ទម្លាក់​គ្រាប់បែក​​របស់​អាមេរិក ប្រភេទ​ B52

នៅកំឡុងខែកុម្ភៈ ឆ្នាំ១៩៧៣ កងទ័ព​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​បើក​ការ​វាយ​លុក​លើ​ទីតាំង​រដ្ឋាភិបាល​ លន់ណុល ដើម្បី​ពង្រីក​តំបន់​ដែល​ពួក​គេ​​កាន់កាប់។ កងទ័ព​អាកាស​អាមេរិក​ក៏​បាន​ចាប់​បើក​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​​​លើ ​ទីតាំង​ខ្មែរ​ក្រហម។ ក្នុង​ពេល​ដែល​ប្រតិបត្តិការ​សឹក​របស់​អាមេរិក នៅ​វៀតណាម និង​ឡាវ​បាន​បញ្ចប់​អស់​ទៅ​ហើយ​នោះ ប្រទេស​កម្ពុជា​​បាន​ក្លាយ​ទៅ​ជា​ចំនុច​ស៊ីប​តែ​មួយ​គត់​របស់​យន្តហោះ​ អាមេរិក​ នៅ​ឥណ្ឌូចិន។ ចាប់​ពី​ខែ​កុម្ភៈ ដល់​ខែ​សីហា ឆ្នាំ​១៩៧៣ គ្រាប់បែក​ប្រមាណ​ជាង​៥០​ម៉ឺន​តោន ត្រូវ​បាន​យន្តហោះ​អាមេរិក​ទម្លាក់​លើ​ទឹក​ដី​កម្ពុជា។ ប៉ុន្តែ ការ​ទម្លាក់​គ្រាប់បែក​នេះ ​ប៉ះ​លើ​ជន​ស៊ីវិល​ស្លូតត្រង់​ ច្រើន​ជាង​លើ​ទាហាន​ខ្មែរ​ក្រហម។

នៅដើមខែសីហា ឆ្នាំ១៩៧៣ ដោយ​ទទួល​រង​នូវ​សម្ពាធ​ពី​សំណាក់​សភា និង​ពី​មតិ​សាធារណៈ​អាមេរិក ប្រធានាធិបតី Richard Nixon ក៏​បាន​សម្រេច​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា។

អាមេរិក​ដក ខ្មែរ​ក្រហម​ចូល

ចាប់ ​ពី​ពេល​នេះ​ទៅ សង្រ្គាម​នៅ​កម្ពុជា​គឺ​ជា​សង្រ្គាម​រវាង​ទាហាន​ខ្មែរក្រហម​ និង​ទាហាន​លន់ណុល​សុទ្ធសាធ ដោយ​គ្មាន​ទ័ព​អាមេរិក​មក​ឡូកឡំ​ទៀត​ទេ។

មក ​ទល់នឹងពេលនោះ កងទ័ព​ខ្មែរក្រហម​បាន​កាន់កាប់​ទឹកដី​កម្ពុជា​មួយ​ភាគ​ធំ​ទៅ​ហើយ។ សូម្បីតែ ក្រុង​ភ្នំពេញ​ក៏​ត្រូវ​ទាហាន​ខ្មែរ​ក្រហម​ព័ទ្ធ​ជិត​ដែរ។ ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​អនុវត្ត​នយោបាយ​បដិវត្តន៍​របស់​ពួក​គេ ដូច​ជា​ការ​បង្កើត​សហករណ៍ ការ​លុប​បំបាត់​លុយ​កាក់ និង​កម្មសិទ្ធិ​ឯកជន​ជា​ដើម នៅ​តាម​តំបន់​ដែល​ពួក​គេ​កាន់កាប់ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “តំបន់រំដោះ”

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុង​ភ្នំពេញ​ក៏​បាន​ធ្លាក់​ក្នុង​ដៃ ទាហាន​ខ្មែរក្រហម​៕



ការ​តស៊ូ​តាម​ផ្លូវ​នយោបាយ​របស់​ពួក​កុម្មុយនិស្ត​ខ្មែរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 07/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 15:34 ម៉ោងសកល
ក្រោយ ​ពី​សន្និសីទ​ក្រុង​ហ្សឺណែវ ឆ្នាំ១៩៥៤ ពួក​កម្មុយនិស្ត​ខ្មែរ ដែល​មាន​ប្រភព​​ចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូ​ចិន​លែង​មាន​សិទ្ធិ​កាន់​ អាវុធ​ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទៀត​ហើយ។ ពួក​កម្មុយនិស្ត​​ខ្មែរ​ប្រមាណ​ពាក់​កណ្តាល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ វៀតណាម។ ចំណែក​មួយ​ផ្នែក​ដែល​នៅ​សេស​សល់​បាន​សម្រេច​បន្ត​ការ​តស៊ូ​​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ជា​បន្ត​ទៀត។ តែ​​លើក​នេះ គឺ​ជា​​ការ​តស៊ូ​ផ្នែក​នយោបាយ។ការ​តស៊ូ​តាម​ផ្លូវ​នយោបាយ​ដែល​មិន​បាន​ផល

នៅទីក្រុងភ្នំពេញ ក្រុម​ខ្មែរ​កុម្មុយនីស្ត​បាន​បើក​ការ​តស៊ូ​ផ្នែក​នយោបាយ​ ដោយ​កំណត់​យក​យុទ្ធសាស្រ្ត​ជា​ការ​តស៊ូ​តាម​បី​មុខសញ្ញា។

ទីមួយ ពួក​គេ​បាន​បង្កើត​គណបក្ស​ស្រប​ច្បាប់​មួយ ឈ្មោះ​ថា "ប្រជាជន" ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ១៩៥៥។ ខ្មែរ​កុម្មុយនិស្ត​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ជា​ចំហរ​ ក្នុង​ឋានៈ​ជា​សមាជិក​របស់​បក្ស​ប្រជាជន។

ចំណែក​ក្រុម​ទីពីរ​វិញ ទៅ​ប្រកប​មុខ​របរ​ជា​គ្រូ​បង្រៀន អ្នក​និពន្ធ ឬ​​អ្នកកាសែត​ជាដើម ដោយ​​លាក់​មិន​ឲ្យ​គេ​ដឹង​ថា​ពួក​គេ​ជា​សមាជិក​របស់​បក្ស​កុម្មុយនិស្ត​នោះ​ទេ។ ក្រុម​​នេះ​មាន​ភារកិច្ច​ធ្វើ​ការ​ឃោសនា​ជា​សម្ងាត់​ ដើម្បី​រើស​សមាជិក​ថ្មី​ឲ្យ​ចូល​​បក្ស និង​បង្កើត​ជា​​សាខា​បក្ស​តូចៗ​​នៅ​​តាម​កន្លែង​ដែល​ពួក​គេ​ធ្វើការ។ ពួក​កុម្មុយនិស្ត​​​ថែម​ទាំង​បាន​​បង្កើត​វិទ្យាល័យ​ឯកជន​មួយ​ផ្ទាល់​ខ្លួន​ទៀត​ផង ដោយ​​ដាក់​ឈ្មោះ​ថា "វិទ្យាល័យ​កម្ពុជ​បុត្រ"​​។

ចំណែក​ក្រុម​ទីបី ​ពួក​គេ​ចូល​ទៅ​បង្កប់ខ្លួន​​ក្នុង​ចលនា​សង្គមរាស្រ្ត​និយម​របស់​សម្តេច នរោត្តម សីហនុ។

ក៏ប៉ុន្តែ នៅ​គ្រប់​ការ​បោះឆ្នោត​ទាំង​អស់ ទាំង​ការ​បោះឆ្នោត​ឆ្នាំ១៩៥៥ និង​ការ​បោះឆ្នោត​ក្រោយៗ​មក​ទៀត បក្ស​ប្រជាជន បាន​ទទួល​បរាជ័យ​ ដោយ​រក​អាសនៈ​នៅ​ក្នុង​សភា​ជាតិ ​សូម្បី​តែ​មួយ​ក៏​មិន​បាន​ផង​។ លើក​លែង​តែ​ខ្មែរ​​កុម្មុយនិស្ត​បី​នាក់​ ដែល​ជ្រក​ក្រោម​ផ្លាក​សង្គមរាស្រ្តនិយម​ប៉ុណ្ណោះ​ដែល​បាន​​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត។ អ្នក​ទាំង​បី​នាក់​នោះ រួម​មាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់​ឆ្នោត​នៅ​ឆ្នាំ១៩៥៨ ហើយ ខៀវ សំផន បាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ១៩៦២។

មូល​ហេតុ​នៃ​បរាជ័យ​នៃ​បក្ស​ប្រជាជន​ក្នុង​ការ​បោះឆ្នោត

បរាជ័យ​​របស់​ពួក​កុម្មុយនិស្ត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នេះ​បណ្តាល​មក​ពី​កត្តាធំៗ​បី៖

ទីមួយ ចលនា​កុម្មុយនីស្ត​នៅ​កម្ពុជា​ក៏​ដូចជា​នៅ​ប្រទេស​ផ្សេងៗ​ទៀតដែរ បាន​ទទួល​នូវការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ ដោយសារ​តែ​​ពួក​​គេ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​អាណានិគម។ ក្រោយ​​ពេល​​ដែល​បារាំង​បាន​ផ្តល់​ឯករាជ្យ​ដល់​កម្ពុជា ការតស៊ូ​របស់​ពួក​កុម្មុយនិស្ត​ក៏​លែង​មាន​ន័យ​ត​ទៅទៀត។ កុំ​ថា​ឡើយ​តែ​ប្រជាជន​កម្ពុជា​ទូទៅ សូម្បី​តែ​​សមាជិក​​ចលនា​​កម្មុយនិស្ត​​ខ្មែរ​​ខ្លួន​​ឯង​ ក៏​​បាន​ចោទ​​ជា​​សំនួរ​​ខ្លួន​​ឯង​​ដែរ​​ ​ថា​តើ​ពួក​គេ​តស៊ូ​ដើម្បី​អ្វី​ទៀត បើ​ពេល​នេះ​បារាំង​លែង​កាន់កាប់​ប្រទេស​កម្ពុជា​ទៀត​ហើយ​នោះ?

ទីពីរ នៅឆ្នាំ១៩៥៥ សៀវ ហេង ដែល​ជា​អគ្គលេខា​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​បាន​ចុះចូល​ដោយ​សម្ងាត់​ជាមួយ​សម្តេច នរោត្តម សីហនុ។ សៀវ ហេង​ ក៏បាន​ក្លាយ​ជា​រនុកក្នុង​របស់​សម្តេច នរោត្តម សីហនុ ដោយ​នៅ​បន្ត​កាន់​តំណែង​កំពូល​របស់ បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​នេះ​ដដែល រហូត​ដល់​ឆ្នាំ​១៩៥៩។ យោង​តាម​លោកស្រី Elizabeth Becker ក្នុង​កំឡុង​ពេល​នោះ សៀវ ហេង បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ជា​ច្រើន​ទាក់ទង​នឹង​ចលនា​កម្មុយនិស្ត​ខ្មែរ ដែល​ជួយឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​​ ធ្វើ​ការ​បំបែក​សំបុក​សម្ងាត់​របស់​ពួក​កម្មុយនិស្ត។

កត្តា​ទីបី ដែល​នាំ​ឲ្យ​បក្សប្រជាជន​ទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ គឺ​ការ​ធ្វើទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​សង្គមរាស្រ្តនិយម។ នៅ​រាល់​ពេល​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ម្តងៗ សមាជិក​បក្ស​ប្រជាជន​ជា​ច្រើន​នាក់ រួម​ទាំង​បេក្ខជន​តំណាង​រាស្រ្ត​ផង ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន ហើយ​សមាជិក​ខ្លះ​ទៀត​ត្រូវ​គេ​លប​ធ្វើឃាត។ រហូត​ដល់​មាន​ពេល​ខ្លះ ដូចជា​នៅ​ឆ្នាំ១៩៥៨ ជាដើម កែវ មាស ដែល​ជា​បេក្ខជន​តែ​មួយ​គត់​របស់​បក្ស​ប្រជាជន ត្រូវ​បង្ខំ​ចិត្ត​លាក់ខ្លួ​ន ​មិន​ហ៊ាន​ទាំង​ចេញ​មក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ផង។

ទោះជា​យ៉ាងនេះ​ក៏​ដោយ ក្រុម​ខ្មែរ​កុម្មុយនិស្ត​នៅ​តែ​បន្ត​ការតស៊ូ​ផ្នែក​នយោបាយ​របស់​ខ្លួន​ត​ទៅ​ទៀត។ សូម្បីតែ​ក្រោយ​ពី​បាន​បង្កើត​បក្ស​ពលករ​កម្ពុជា នៅឆ្នាំ១៩៦០ ហើយ​ក៏​ដោយ ក៏​ពួក​កុម្មុយនិស្ត​​បាន​សម្រេច​បន្ត​រក្សាទុក​បក្សប្រជាជន ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​ម្តង​ទៀត​ នៅ​ឆ្នាំ១៩៦២។

រហូត​ដល់​ឆ្នាំ១៩៦៧ ទើប​ពួក​ខ្មែរ​កុម្មុយនិស្ត​សម្រេច​ចិត្ត​ចាប់​យក​ការតស៊ូ​​ដោយ​ប្រដាប់​អាវុធ​វិញ​ម្តង៕


ដំណើរឆ្ពោះទៅការតស៊ូដោយប្រដាប់អាវុធ​

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 15:05 ម៉ោងសកល

ដោយ ​ទទួល​បរាជ័យ​ម្តងហើយ​ម្តង​ទៀត​ក្នុង​ការតស៊ូ​ផ្នែក​នយោបាយ​ ពួក​ខ្មែរ​កុម្មុយនិស្ត​​បាន​សម្រេចចិត្ត​ចាកចេញ​ពី​ឆាក​នយោបាយ​ នៅឆ្នាំ​១៩៦២។ នោះ​ហើយ​ជា​ចំនុច​ចាប់ផ្តើម​នៃ​ផ្លូវ​ទៅ​កាន់​ការតស៊ូ​ដោយ​ប្រដាប់​អាវុធ​ របស់​ពួក​គេ។

បក្ស​កុម្មុយនិស្ត​កម្ពុជា (ខ្មែរ​ក្រហម)

បក្ស​កុម្មុយនិស្ត​កម្ពុជា (ខ្មែរ​ក្រហម)

នៅ​ឆ្នាំ១៩៦២ មេដឹកនាំ​របស់​បក្ស​

ប្រជាជន ស្ទើរ ​តែ​ទាំងអស់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជាចាប់ខ្លួន និង​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត ក្នុង​នោះ​រួម​មាន​មេដឹកនាំ​​សំខាន់ៗ ដូច​ជា កែវ មាស និង នន សួន ផងដែរ។ បក្ស​ពលករ​កម្ពុជា ក៏​បាន​សម្រេចចិត្ត​រំលាយ​ បក្ស​ប្រជាជន ចោល ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​កុម្មុយនិស្ត​លែង​មាន​ឧបករណ៍​សម្រាប់​ធ្វើ​ការ​តស៊ូ​ផ្នែក​នយោបាយ​ទៀត​ហើយ។

ទូ សាមុត បាត់​ខ្លួន សាឡុត ស ឡើង​មក​ជំនួស

ក្នុង​ពេល​ជាមួយ​គ្នា រចនាសម្ព័ន្ធ​របស់បក្ស​ពលករ​កម្ពុជា​បាន​ជួប​នឹង​របត់​មួយ​យ៉ាង​សំខាន់។ ទូ សាមុត ដែល​ជា​លេខា​បក្ស បាន​បាត់ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ។ យោង​តាម Ben Kiernan សាឡុត ស និង​បក្ខពួក​អាច​មាន​ជាប់​ទាក់ទង​នឹង​ការបាត់ខ្លួន​របស់ ទូ សាមុត នេះ។ នៅក្នុង​មហាសន្និបាត​ខែ​កុម្ភៈ ឆ្នាំ១៩៦៣ សាឡុត ស ត្រូ​វបាន​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស​ជំនួស ទូ សាមុតនួន ជា ជា​មេដឹកនាំ លំដាប់​ទីពីរ។ ឯ អៀង សារី ក៏​ឡើង​ជា​មេដឹកនាំ​លំដាប់​ទី​បី​ក្នុង​បក្ស។ សោ ភឹម វ៉ន វេត សុន សេន និង ជួន ជឿន ហៅ ម៉ុក ស្ថិត​ក្នុង​ចំនោម​សមាជិក​ទាំង​១២រូប នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​នេះ។ ចំណែក​អតីត​មេដឹកនាំ​ចាស់ៗ ដូច​ជា នន សួន និង កែវ មាស ជាដើម ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​រចនាសម្ព័ន្ធ​ថ្មី​នេះ។

មេដឹកនាំ​ខ្មែរ​ក្រហម​រត់​ចូល​ព្រៃ

នៅ ​ក្នុង​ឆ្នាំ​ជាមួយ​គ្នានោះ មាន​បាតុកម្ម​ហិង្សា​មួយ​កើត​ឡើង​នៅ​ខេត្ត​សៀមរាប។ បាតុករ​ដែល​ជា​សិស្ស និង​និស្សិត​បាន​ធ្វើ​ការរិះគន់​យ៉ាង​ខ្លាំងក្លា​ដល់​រដ្ឋាភិបាល​សង្គម​ រាស្រ្ត​និយម និង​សម្តេច នរោត្តម សីហនុ។ បាតុករ​ថែម​ទាំង​បាន​ដុត​ព្រះឆាយាល័ក្ខណ៍​​របស់​ព្រះអង្គ​ទៀត​ផង។ សម្តេច នរោត្តម សីហនុ បាន​ចោទ​ប្រកាន់​ពួក​កុម្មុយនិស្ត​ថា​ស្ថិត​នៅ​ពី​ក្រោយ​បាតុកម្ម​នេះ។ សម្តេច នរោត្តម សីហនុ ​ ក៏​បាន​ប្រកាស​រំលាយ​រដ្ឋាភិបាល​ចោល ដោយ​លើក​ហេតុផល​ថា បើ​មតិ​សាធារណៈ​គាំទ្រ​ពួក​ឆ្វេង​និយម​ដូចនេះ ឲ្យ​ពួក​ឆ្វេង​និយម​​មក​បង្កើត​រដ្ឋាភិបាល​ខ្លួន​ឯង​ម្តង​វិញ។ ព្រះអង្គ​បាន​ចុះ​ផ្សាយ​បញ្ជី​ឈ្មោះ​ឥស្សរជន​នយោបាយ​ឆ្វេង​និយម​ចំនួន​៣៤រូប ដែល​ព្រះអង្គ​ចង់​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ។ ក្នុង​ចំនោម​៣៤រូបនេះ ក៏​រួមមាន​ទាំង​មេដឹកនាំ​ជាន់​ខ្ពស់​របស់​បក្ស​ពលករ​កម្ពុជា​ផង​ដែរ។ ក៏​ប៉ុន្តែ មិន​មាន​អ្នកណា​ម្នាក់​ហ៊ាន​ចេញ​មក​តាម​ការអំពាវនាវ​នេះ​ទេ ដោយ​ខ្លាច​ថា​នេះ​គឺ​ជា​អន្ទាក់​របស់​សម្តេច នរោត្តម សីហនុ ឲ្យ​ពួក​គេ​បង្ហាញ​មុខ ដើម្បី​លប​សម្លាប់​ពួក​គេ​ចោល។ នៅ​ពេល​នោះ សាឡុត ស និង អៀង សារី ក៏ ​រត់​ចេញ​ពី​ក្រុង​ភ្នំពេញ ទៅ​លាក់​ខ្លួន​ក្នុង​ព្រៃ​នៅ​ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម នៅ​កន្លែង​មួយ​ដែល​មាន​ឈ្មោះ​សម្ងាត់​ថា ការិយាល័យ១០០ ស្ថិត​ក្រោម​ការ​ការ​ពារ​របស់​វៀតណាម

សាឡុត ស ទៅ​ទស្សនកិច្ច​នៅ​​វៀតណាម និង​ចិន

នៅ​កំឡុង​ចុង​ឆ្នាំ១៩៦៤ ដើម​ឆ្នាំ១៩៦៥ សាឡុត ស និង​មេដឹកនាំ​បក្ស​មួយ​ចំនួន​ទៀត បាន​ធ្វើដំណើរ​ដោយ​ថ្មើរជើង ចាកចេញ​ពី​ការិយាល័យ១០០ ឆ្ពោះ​ទៅ​ក្រុង​ហាណូយ។ ក្រៅ​ពី​ជួប​ជាមួយ​ក្រុម​ខ្មែរ​កុម្មុយនិស្ត​​មួយ​ចំនួន នៅ​ទី​នោះ សាឡុត ស ក៏ ​បាន​ជួប​ចរចា​ដោយ​សម្ងាត់​ជាមួយ​មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម​ផង​ដែរ អំពី​ផែនការ​តស៊ូ​ដោយ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ សង្គមរាស្រ្តនិយម។ ក៏ប៉ុន្តែ មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម​​បាន​ជំទាស់​នឹង​ផែនការ​នេះ។

ចេញ​ពី​ក្រុង​ហាណូយ សាឡុត ស បាន ​បន្ត​ដំណើរ​ទៅ​កាន់​ក្រុង​ប៉េកាំង និង​ក្រុង​ព្យុងយ៉ាង​ទៀត។ ប៉ុន្តែ​ដំណើរ​នេះ​ធ្វើ​ឡើង​ដោយ​លាក់ការណ៍​បំផុត។ គេ​មិន​បាន​ដឹង​ទេ​​ថា​តើ សាឡុត ស បាន​ជជែក​ អំពី​អ្វី​ខ្លះ​ជាមួយ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​​ចិន​នោះទេ។ ប៉ុន្តែ បើ​មើល​ទៅ​លើ​បរិបទ​នយោបាយ​នៅ​ពេល​នោះ និង​ឥរិយាបថ​របស់ សាឡុត ស ពេល​វិល​ត្រលប់​មក​កម្ពុជា​វិញ គេ​អាច​សន្និដ្ឋាន​បាន​ថា ចិន​ប្រហែល​ជា​គាំទ្រ​នយោបាយ​របស់ សាឡុត ស ច្រើន ​ជាង​វៀតណាម។ ចិន​ដែល​នៅ​ពេល​នោះ​កំពុង​តែ​មាន​ទំនាក់ទំនង​តានតឹង​ខ្លាំង​ជាមួយ​សហភាព​ សូវៀត ​ឆ្លៀត​បង្កើន​ឥទ្ធិពល​លើ​ពួក​កុម្មុយនិស្ត​ខ្មែរ ប្រជែង​ជាមួយ​នឹង​វៀតណាម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សូវៀត។

"បក្ស​ពលករ​កម្ពុជា" ប្តូរ​ឈ្មោះ​ទៅ​ជា "បក្ស​កុម្មុយនិស្ត​កម្ពុជា"

ក្រោយ​ពី សាឡុត ស ត្រលប់​ពី​ចិន មក​ការិយាល័យ​១០០ វិញ បក្ស​ពលករ​កម្ពុជា​ក៏​ចាប់​ផ្តើម​បង្ហាញ​នូវ​នយោបាយ​ឯករាជ្យ​ម្ចាស់ការ​ ដាច់​ចេញ​ពី​វៀតណាម​កាន់​តែ​ខ្លាំង​ឡើងៗ។ នៅ​ខែ​កញ្ញា ឆ្នាំ១៩៦៦ បក្សពលករ​កម្ពុជា​ថែម​ទាំង​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា បក្ស​កុម្មុយនិស្ត​កម្ពុជា ទៀត ​ផង ដើម្បី​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ថា បក្ស​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​វៀតណាម។ គួរ​រំលឹក​ថា បក្ស​ពលករ​កម្ពុជា មាន​ប្រភព​ចេញ​ពី​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​បែក​ចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។ ទីតាំង​ធំ​របស់​ពួក​ខ្មែរក្រហម ក៏​ត្រូវ​បាន​រើ​ចេញ​ពី​ការិយាល័យ១០០ ទៅ​តាំង​នៅ​ក្នុង​ខេត្ត​រតនគិរី​វិញ ហើយ​ដាក់​ឈ្មោះ​ថា ការិយា​ល័យ​១០២

ពួក ​ខ្មែរក្រហម ដែល​បាន​បោះបង់ចោល​ការ​តស៊ូ​ផ្នែក​នយោបាយ​តាំង​ពី​ឆ្នាំ១៩៦២​មក​នោះ បាន​បង្កើន​ការ​វាយប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​រដ្ឋាភិបាល​ សង្គមរាស្រ្តនិយម។ ប៉ុន្តែ ពួក​គេ​នៅ​មិន​ទាន់​សម្រេច​បើក​ការ​តស៊ូ​ប្រដាប់​អាវុធ​នៅ​ឡើយ​ទេ។ រហូត​ដល់​ឆ្នាំ១៩៦៧ ដែល​កើត​មាន​ការបះបោរ​នៅ​សំឡូត​ ទើប​ពួក​ខ្មែរក្រហម​ឈាន​ចូល​ដល់​ដំណាក់កាល​តស៊ូ​ប្រដាប់​អាវុធ៕





ការចាប់ផ្តើមការតស៊ូដោយប្រដាប់អាវុធ​

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 14:35 ម៉ោងសកល

ក្រុម ​ខ្មែរ​កុម្មុយនិស្ត​​បាន​ចាកចេញ​ពីឆាក​នយោបាយ នៅ​ឆ្នាំ១៩៦២។ ប្រាំឆ្នាំ​ក្រោយមក ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បះបោរ នៅស្រុកសំឡូត ពួក​គេ​ក៏​បាន​សម្រេចចិត្ត​ចាប់​យក​ការតស៊ូ​ប្រដាប់អាវុធវិញ។

នយោបាយរដ្ឋាភិបាល​ក្នុង​ការ​ប្រមូល​ទិញ​ផល​ស្រូវ

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការបះបោរ​នៅ​សំឡូត នៅ​ឆ្នាំ១៩៦៧ គឺ​កើត​ចេញ​ពី​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក្នុង​ការ​ប្រមូល​ទិញ​ផល​ស្រូវ​ពី​ប្រជា​កសិករ។

នៅ ​ចន្លោះ​ឆ្នាំ១៩៦៥ និង​ឆ្នាំ១៩៦៦ កសិករ​ខ្មែរ​បាន​លួច​លក់​ស្រូវ​ទៅ​ឲ្យ​កងទ័ព​វៀតណាម​ខាង​ជើង​ដែល​ឲ្យ​ថ្លៃ​ ខ្ពស់​ជាង​រដ្ឋាភិបាល ដែល​ជា​ហេតុ​នាំ​ឲ្យ​រដ្ឋាភិបាល​​បាត់បង់​ប្រាក់​ចំណូល​មួយ​ផ្នែក​ធំ ​ដែល​បាន​មក​ពី​ការនាំចេញ​ស្រូវ។

នៅ​ឆ្នាំ១៩៦៦ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដាច់​ខាត​ឲ្យ​ប្រជា​កសិករ​លក់ស្រូវ​ ជូន​រដ្ឋ ហើយ​ថែម​ទាំង​បញ្ជូន​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យចុះ​ទៅ​ប្រមូល​ទិញ​ស្រូវ​​ នៅ​តាម​ទី​ជនបទ​ទៀត​ផង។

នៅ​ឆ្នាំ១៩៦៧ ​លន់ ណុល ដែល​ជា​នាយករដ្ឋមន្រ្តី ​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ផ្តោត​ការ​ប្រមូល​ទិញ​ស្រូវ​នៅ​ ក្នុង​ខេត្ត​បាត់ដំបង ដែល​ជា​ជង្រុក​ស្រូវ​យ៉ាង​ធំ​របស់​ប្រទេស​កម្ពុជា។ មិន​យូរ​ប៉ុន្មាន​ការ​ប្រឈម​មុខ​គ្នា​រវាង​​កង​កម្លាំង​រដ្ឋាភិបាល និង​ប្រជា​កសិករ​នៅ​ខេត្ត​បាត់ដំបង​ក៏​បាន​កើត​មាន​ឡើង។ ពួក​សកម្មជន​កុម្មុយនិស្ត​ប្រចាំ​ខេត្ត​បាត់ដំបង ក៏​បាន​ឆ្លៀត​ពេល​នោះ​​ជម្រុញ​ការ​បះបោរ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​បាន​បាច​ខិត្តប័ណ្ណ​ចោទ​រដ្ឋាភិបាល​ថា ប្រមូល​ទិញ​ស្រូវ​ ដើម្បី​យក​ទៅ​លក់​ឲ្យ​អាមេរិក។

កសិករបះបោរ​ប្រឆាំង​នឹង​ការ​ប្រមូល​ទិញ​ស្រូវ

នៅ ​ថ្ងៃទី២ មេសា ឆ្នាំ១៩៦៧ ការបះបោរ​ដ៏​ធំ​មួយ​ក៏​បាន​កើត​ឡើង​នៅ​ស្រុក​សំឡូត ក្នុង​ខេត្ត​បាត់ដំបង។ ប្រជាជន​ប្រមាណ​២០០នាក់​​ ដោយ​មាន​កាន់​បដា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផង​នោះ បាន​ធ្វើ​ការ​វាយប្រហារ​លើ​ទីតាំង​រដ្ឋាភិបាល​មួយ​នៅ​សំឡូត។ ក្រុម​បះបោរ​បាន​សម្លាប់​ទាហាន​រដ្ឋាភិបាល​ចំនួន​ពីរ​នាក់ ហើយ​ដណ្តើម​យក​បាន​កាំភ្លើង​មួយ​ចំនួន​ផង។ ភាព​ចលាចល​នេះ​បាន​រាលដាល​ទៅ​ភូមិ​ផ្សេងៗ​ទៀត​នៅ​ក្បែរ​នោះ រហូត​ដល់​មាន​ការ​បង្រ្កាប​ពី​ទាហាន​រដ្ឋាភិបាល​។ ក្រុម​បះបោរ​មួយ​ចំនួន​ត្រូវ​បាន​ប៉ូលីស​ចាប់ខ្លួន និង​វាយដំ​សួរចម្លើយ។ ចំណែក​មួយ​ចំនួន​ទៀត​បាន​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ។

នៅ​ភ្នំពេញ​ឯណោះ​វិញ សម្តេច នរោត្តម សីហនុ បាន​ចោទ​ប្រកាន់​ ខៀវ សំផន ហ៊ូ យន់ និងហ៊ូ នឹម ថា ​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​បះបោរ​នៅ​សំឡូត​នេះ ហើយ​ថែម​ទាំង​គម្រាម​ថា​នឹង​ឲ្យ​តុលាការ​សឹក​កាត់ទោស​អ្នក​ទាំង​បី​នេះ​ទៀត​ ផង។ ខ្មែរ​កុម្មុយនិស្ត​ទាំង​បី​នាក់​នេះ​ក៏​បាន​លួច​រត់​ចេញ​ពី​ភ្នំពេញ​ ដើម្បី​គេច​ចេញ​ពី​ការ​កាត់ទោស​នេះ។ ក្រោយ​មក លន់ ណុល បាន​អះអាង​ថា ជន​កុម្មុយនិស្ត​ទាំង​បី​នាក់​នេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ពេល​ដែល ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម លេច​មុខ​សា​ជា​ថ្មី​នៅ​ក្នុង​ចំនោម​មេដឹកនាំ​ខ្មែរក្រហម គេ​បាន​ហៅ​អ្នក​ទាំង​បី​នាក់​នេះ​ថា​ជា ខ្មោចទាំងបី

ខ្មែរ​ក្រហម​នៅពី​ក្រោយ​ការ​បះបោរ​នៅ​សំឡូត?

យោង​តាម​លោក David Chandler ក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា បងទី១ ប៉ុល ពត” ពួក ​មេដឹកនាំ​ខ្មែរក្រហម​មិនមែន​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​បះបោរ​នៅ​សំឡូត​នេះ​ ទេ។ ពួក​គេ​មិន​ទាំង​បាន​ដឹង​ជា​មុន​ផង​ថា​នឹង​មាន​អំពើ​បះបោរ​បែបនេះ​កើត​ឡើង។ ដំណឹង​អំពី​ការបះបោរ​នេះ​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ខ្មែរក្រហម​​មាន​ការ​សប្បាយ ​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ពួក​គេ​បាន​មើល​ឃើញ​កាន់​តែ​ច្បាស់​នូវ​កម្លាំង​បដិវត្តន៍​របស់​ប្រជាជន ​កម្ពុជា។

ក្នុង​ពេល​ជាមួយ​គ្នា ប្រតិបត្តិការ​តាម​កម្ទេច​​ក្រុម​បះបោរ ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​ក៏​បាន​រាលដាល​ទៅ​ដល់​កន្លែង​ផ្សេងៗ​ទៀត ធ្វើ​ឲ្យ​ពួក​កុម្មុយនិស្ត​លែង​មាន​កន្លែង​ណា​ជ្រក​ទៀត​ហើយ ក្រៅ​ពី​រត់​ចូល​ក្នុង​ព្រៃ។

សាឡុត ស និង​មេដឹកនាំ​ផ្សេង​ៗ​ទៀត​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា ក៏ ​បាន​សម្រេច​ចិត្ត​ថា ពួក​គេ​លែង​មាន​ជម្រើស​អ្វី​ផ្សេង​ទៀត​ហើយ ក្រៅ​តែ​ពី​ត្រៀម​ខ្លួន​បើក​ការតស៊ូ​​ដោយ​ប្រដាប់​អាវុធ ដើម្បី​បន្ត​បដិវត្តន៍​របស់​ពួកគេ​តទៅ​ទៀត។

ទាហាន​ខ្មែរ​ក្រហម​ក្មេងៗ

ទាហាន​ខ្មែរ​ក្រហម​ក្មេងៗ

ការ​ចាប់​ផ្តើម​​នៃ​ការ​តស៊ូ​ដោយ​អាវុធ

នៅ ​ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨ ក្រុម​ខ្មែរក្រហម​មួយ​ក្រុម​បាន​បើក​ធ្វើ​ការ​វាយ​ប្រហារ​លើ​ទីតាំង​ទាហាន​ រដ្ឋាភិបាល​មួយ​កន្លែង ស្ថិត​ក្នុង​ស្រុក​បាណន់​ ខេត្ត​បាត់ដំបង ដោយ​ដណ្តើម​បាន​កាំភ្លើង​៣២ដើម។ ពួក​ខ្មែរក្រហម​បាន​អបអរសាទ​ជោគជ័យ​របស់​ពួក​គេ ដោយ​កំណត់​យក​ថ្ងៃនេះជា​ការ​ចាប់​ផ្តើម​នៃ​ការ​តស៊ូ​ប្រដាប់​អាវុធ​របស់​ ខ្លួន និង​ជា​ថ្ងៃ​បង្កើត​កងទ័ព​បដិវត្តន៍​។ ក្រោយ​មក​ការ​វាយឆ្មក់​បែប​នេះ​ក៏​បាន​កើត​ឡើង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ ចំនួន​ផ្សេង​ទៀត​ក្រៅ​ពី​ខេត្ត​បាត់ដំបង។

ទោះ​ជា​ យ៉ាង​នេះ​ក៏​ដោយ ចាប់​ពី​ឆ្នាំ១៩៦៨ ដល់​ឆ្នាំ១៩៧០ កងទ័ព​ខ្មែរក្រហម​​គ្រាន់​តែ​ជា​កង​ឧទ្ទាម​តូចតាច​មួយ​ប៉ុណ្ណោះ ហើយ​មិន​សូវ​ទាំង​មាន​អាវុធ​យុទ្ធភ័ណ្ឌ​អ្វី​ធំដុំ​ប៉ុន្មាន​ផង​ទេ។ យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​ភ្នាក់​ងារ​ចារកិច្ច​អាមេរិក នៅ​មុន​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ ខ្មែរ​ក្រហម​មាន​ទ័ព​​មិន​ដល់​៣ពាន់​នាក់​ ផង។​​ ទ័ព​ទាំង​នោះ​សោត​ក៏​មិន​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ត្រឹមត្រូវ​ដែរ។ ការ​វាយ​ឆ្មក់​ទៅ​លើ​​ទាហាន​រដ្ឋាភិបាល​ ពី​សំណាក់​ពួក​ខ្មែរ​ក្រហម ច្រើន​តែ​ធ្វើ​​ឡើង​ក្នុង​ទ្រង់ទ្រាយ​តូច និង​ទៅ​លើ​ទីតាំង​​រដ្ឋាភិបាល​ណា​ដែល​មិន​សូវ​សំខាន់​ប៉ុណ្ណោះ។​ រដ្ឋប្រហារ ​​ទម្លាក់​សម្តេច នរោត្តម សីហនុ នៅ​ឆ្នាំ១៩៧០ គឺ​ជា​របត់​ដ៏​សំខាន់​មួយ​សម្រាប់​បដិវត្តន៍​របស់​ពួក​ខ្មែរក្រហម។



ការ​ចូល​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/12/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 12/12/2008 15:04 ម៉ោងសកល

ចាប់តាំងពីឆ្នាំ១៩៧៣ ពួក​ខ្មែរ​ក្រហម​ដណ្តើម​កាន់កាប់​ទឹកដី​កម្ពុជា​បាន​មួយ​ផ្នែក​ធំ។ រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​បាន​ប្រមូល​ផ្តុំ​កម្លាំង​មក​ការពារ​ទីក្រុង​ ភ្នំពេញ ដែល​ជា​ទីតាំង​យុទ្ធសាស្រ្ត​ចុង​ក្រោយ។

នៅ​ថ្ងៃ ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ទីក្រុង​ភ្នំពេញ​ក៏​បាន​ធ្លាក់​ក្នុង​ដៃ​ទាហាន​ខ្មែរ​ក្រហម ហើយ​របប​សាធារណរដ្ឋ​ខ្មែរ​ក៏​បាន​ដួលរលំ​ជា​ស្ថាពរ។ កម្ពុជា​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​របប​ថ្មី​មួយ​ទៀត ដឹកនាំ​ដោយ​ពួក​ខ្មែរ​ក្រហម។របប​លន់​ ណុល​សល់​តែ​ក្រុង​ភ្នំពេញ

នៅក្នុងកំឡុងខែមិថុនា ឆ្នាំ​១៩៧៤ មេដឹកនាំ​ខ្មែរ​ក្រហម​បាន​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ពិភាក្សា​អំពី​ផែនការ​វាយលុក​ចូល​ទីក្រុង​ភ្នំពេញ។ នៅ​ពេល​នោះ ផ្លូវ​ចេញ​ចូល​ក្រុង​ភ្នំពេញ​ត្រូវ​បាន​កាត់​ផ្តាច់​អស់​ទៅ​ហើយ។ ​ការ​ដឹក​ជញ្ជូន​ចេញ​ចូល​ក្រុង​ភ្នំពេញ​អាច​ធ្វើ​ទៅ​បាន​តែ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ប៉ុណ្ណោះ។ នៅ​ដើម​ឆ្នាំ​១៩៧៥ ចរាចរណ៍​តាម​ផ្លូវ​ទឹក​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​​ទៀត ដោយ​ពួក​ខ្មែរ​ក្រហម​បាន​ដាក់​ពង្រាយ​មីន​ប្រឆាំង​នាវា នៅ​តាម​​ដង​ទន្លេរ​មេគង្គ។ ការ​ដឹកជញ្ជូន​ស្បៀង​ចូល​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ផ្គត់ផ្គង់​​ប្រជាជន​​ដល់​ទៅ​ប្រមាណ​២លាន​នាក់ អាច​ធ្វើ​ទៅ​បាន​តែ​តាម​ផ្លូវ​អាកាស​ប៉ុណ្ណោះ។

ដោយមើលឃើញនូវលក្ខ័ណ្ឌ ​ដែល​មាន​អំណោយ​ផល​បែប​នេះ សាឡុត ស ក៏​បាន​បញ្ជា​ទៅ​គ្រប់​មេបញ្ជាការ​កងទ័ព​ខ្មែរ​ក្រហម​ឲ្យ​​ប្រុងប្រៀប​បើក​ ការ​វាយលុក ដើម្បី​ដណ្តើម​កាន់កាប់​ក្រុង​ភ្នំពេញ។ ក្នុង​ពេល​ជាមួយ​គ្នា​គណៈ​កម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​កម្ពុជា​ក៏​ បាន​ជួប​ប្រជុំ​គ្នា ដើម្បី​ពិភាក្សា​អំពី​ផែនការ​ដែល​ត្រូវ​ធ្វើ​ ក្រោយ​ពី​ដណ្តើម​កាន់កាប់​ក្រុង​ភ្នំពេញ​បាន​ហើយ។ នៅ​ពេល​នោះ​ហើយ ដែល​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​បាន​សម្រេច​ថា​នឹង​ជម្លៀស​ប្រជាជន​ចេញ​ពី​ ភ្នំពេញ និង​ក្រុង​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​លន់ ណុល។ ​សម្រាប់​ពួក​ខ្មែរ​ក្រហម អ្នកណា​ក៏​ដោយ​ដែល​មិន​បាន​ចូលរួម​ធ្វើ​បដិវត្តន៍​​ជាមួយ​ពួក​គេ ត្រូវ​ចាត់​ទុក​ថា​ជា “ខ្មាំង” ទាំង​អស់។

“ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី”

សេនា​ប្រមុខ​លន់​ ណុល ប្រធានាធិបតី​សាធារណរដ្ឋ​ខ្មែរ

សេនា​ប្រមុខ​លន់​ ណុល ប្រធានាធិបតី​សាធារណរដ្ឋ​ខ្មែរ

រដ្ឋាភិបាលរួបរួមជាតិកម្ពុជា បាន​កាត់​ទោស​ប្រហារ​ជីវិត​ឥស្សរជន​៧រូប​នៃ​របប​សាធារណៈរដ្ឋ​ខ្មែរ ពី​បទ​ក្បត់​ជាតិ។ ក្នុង​ចំនោម​៧​រូប​នោះ​រួម​មាន លន់ ណុល សិរិមតៈ អ៊ិន តាំ ចេង ហេង Sosthène Fernandez
លន់ ណុន (ប្អូន​ប្រុស​របស់​លន់ ណុល) និង ឡុង បូរ៉េត។

នៅដើមខែមេសា ឆ្នាំ១៩៧៥ ទាហាន​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​ធ្វើការ​បាញ់​ផ្លោង​លើ​ព្រលាន​យន្តហោះ​ ក្រុង​​​ភ្នំពេញ​ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ​ចូល​ក្រុង​ ភ្នំពេញ​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ទៀត។

នៅសហរដ្ឋអាមេរិកឯណោះវិញ ប្រធានាធិបតី Gerald Ford ដែល​បាន​ឡើង​មក​ជំនួស​តំណែង លោក Richard Nixon កាល ​ពី​ខែ​សីហា ឆ្នាំ១៩៧៤ បាន​ព្យាយាម​ស្នើ​សុំ​ឲ្យ​សភា​អាមេរិក​​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​ រដ្ឋាភិបាល​លន់ ណុល។ ក៏ប៉ុន្តែ សភា​អាមេរិក​បាន​ច្រាន​ចោល​សំណើ​​នេះ។

ថ្ងៃទី១២ មេសា មន្រ្តី និង​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ក៏ ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​ឧទ្ធម្ភាចក្រ​។ ចំណែក លន់ ណុល និង​ក្រុម​​គ្រួសារ​វិញ បាន​ចាក​ចេញ​ពី​ភ្នំពេញ​តាំង​ពី​ថ្ងៃទី១ មេសា ម្ល៉េះ។

ថ្ងៃទី១៣ មេសា ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិនតុង​បាន​ធ្លាក់​​ក្នុង​ដៃ​ទាហាន​ខ្មែរ​ ក្រហម។ ពីរ​ថ្ងៃ​ក្រោយ​មក​ទៀត ទាហាន​ខ្មែរ​ក្រហម​នៅ​ប៉ែក​ខាង​កើត​ក៏​ដណ្តើម​កាន់​កាប់​បាន​ក្រុង​តាខ្មៅ។ ខ្សែ​ក្រវ៉ាត់​ការពារ​ក្រុង​ភ្នំពេញ​ក៏​បាន​ដួល​រលំ។

យោងតាមលោកស្រី Elizabeth Beckher នៅ ​ថ្ងៃ​ទី១៦ មេសា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ទ័លច្រក ក៏​បាន​ផ្ញើទូរលេខ​មួយ​ច្បាប់​ថ្វាយ​សម្តេច នរោត្តម សីហនុ ដែល​កំពុង​គង់​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ​ស្នើ​សុំ​ឲ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​មួយ ជា​ថ្នូរ​នឹង​ការ​ថ្វាយ​អំណាច​​​ដល់​ព្រះអង្គ​វិញ។ ប៉ុន្តែ សំណើ​​នេះ​​ត្រូវ​បាន​សម្តេច នរោត្តម សីហនុ ច្រាន​ចោល។

១៧​មេសា មហា​ជោគជ័យ ប្រជា​ប្រុស​ស្រី​ចាកក្រុង​ចូល​ស្រែ​

នៅព្រឹកថ្ងៃទី១៧ មេសា ប្រមាណ​ជា​ម៉ោង ៨ និង​៣០នាទី មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​សាធារណៈរដ្ឋ​ខ្មែរ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច ក្នុង​គម្រោង​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​តាម​ឧទ្ធម្ភាចក្រ។ ប៉ុន្តែ មាន​តែ​មេដឹកនាំ​ប៉ុន្មាន​រូប​ប៉ុណ្ណោះ ដែល​បាន​រត់​ចេញ​ពី​ទីក្រុង​ភ្នំពេញ​រួច។ មេដឹកនាំ​មួយ​ចំនួន​ធំ ក្នុង​នោះ​រួម​មាន​ទាំង​នាយករដ្ឋមន្រ្តី ឡុង បូរ៉េត ផង​ដែរ​នោះ ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​ចាប់​ខ្លួន និង​សម្លាប់​ចោល។ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែល​បាន​បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​ប្រទេស ក៏​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​សម្លាប់​ចោល នៅ​ថ្ងៃ​នោះ​ដែរ។

ទាហាន​ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​១៧ មេសា ១៩៧៥(រូបថតឯកសារ៖ AFP)

ទាហាន​ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​១៧ មេសា ១៩៧៥
(រូបថតឯកសារ៖ AFP)

នៅម៉ោងប្រមាណ ​១១ ព្រឹក​ថ្ងៃ​ទី១៧ មេសា ឆ្នាំ​១៩៧៥ ទាហាន​ខ្មែរ​ក្រហម បាន​ធ្វើ​ដំណើរ​​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ ក្រោម​ការ​អបអរសាទរ​ពី​សំណាក់​ប្រជាជន​​ដែល​រស់​នៅ​ទីនោះ។ ក៏ប៉ុន្តែ មិន​យូរ​ប៉ុន្មាន អំណរ​នឹង​ជ័យជំនះ អំណរ​​នឹង​​ការ​ដែល​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​នេះ ក៏​បាន​រលាយ​បាត់បង់​ទៅវិញ​ ក្រោយ​ពេល ដែល​ទាហាន​ខ្មែរ​ក្រហម​ចាប់​ផ្តើម​បង្ខំ​ឲ្យ​ប្រជាជន​ចាក​ចេញ​ភ្លាមៗ​ពី​ ទីក្រុង​ភ្នំពេញ។ អ្នក​ដែល​ចចេស​មិន​ព្រម​ធ្វើ​តាម ត្រូវ​ទាហាន​ខ្មែរ​ក្រហម​បាញ់​សម្លាប់​ចោល។

របបសាធារណៈរដ្ឋខ្មែរ​ត្រូវ​បាន​ដួល​រលំ​ជា​ស្ថាពរ ជំនួស​មក​វិញ​ដោយ​របប​ថ្មី​មួយ​ទៀត ដឹកនាំ​ដោយ បក្ស​កុម្មុយនិស្ត​កម្ពុជា ឬ​ខ្មែរ​ក្រហម។

ផែនការ​៨ចំណុច​ មហា​រុងរឿង​ មហា​លោត​ផ្លោះ!

សាឡុត ស ហៅ​ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា

សាឡុត ស ហៅ​ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា

យោងតាមលោក Raoul Jennar
នៅ​ចន្លោះ​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៥ ឧសភា ឆ្នាំ​១៩៧៥ សាឡុត ស ដែល​បាន​ប្តូរ​ឈ្មោះ​មក​ជា ប៉ុល ពត និង នួន ជា បាន​ប្រកាស​ឲ្យ​ដឹង​នូវ​គោល​នយោបាយ​សំខាន់ៗ​ចំនួន​៨ចំនុច នៃ​របប​គ្រប់គ្រង​ថ្មី​នេះ។ គោលនយោបាយ​ទាំង​នោះ​រួម​មាន៖

ទី១ ជម្លៀសប្រជាជន​ចេញ​ពី​ទីក្រុង ហើយ​ប្រជាជន​ត្រូវ​បែង​ចែក​ជា​ពីរ​ប្រភេទ គឺ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​រំដោះ​មុនថ្ងៃ១៧ មេសា ដែលគេឲ្យ​ឈ្មោះថា “ប្រជាជន​ចាស់” និង​ប្រជាជន​ដែល​ទើប​តែ​ជម្លៀស​ចេញ​ពី​ទីក្រុង ក្រោយ​ថ្ងៃ​១៧ មេសា ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ប្រជាជនថ្មី” ឬ “ពួក១៧ មេសា”។

ទី២ លុបបំបាត់​ចោល​​នូវសេដ្ឋកិច្ច​ទីផ្សារ។
ទី៣ លុបបំបាត់ចោល​នូវ​ការ​ចាយ​លុយ។
ទី៤​ ព្រះសង្ឃ​ទាំងអស់​ត្រូវ​ចាប់​ផ្សឹក ហើយ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ស្រែ។
ទី៥ សម្លាប់ចោលទាំងអស់​រាល់​មន្រ្តី​ដែល​ធ្វើ​ការ​ឲ្យ​របប​លន់ ណុល។
ទី៦ បង្កើត​ជា​សហករណ៍​នៅ​ទូទាំង​ប្រទេស។
ទី៧ បណ្តេញជនជាតិ​វៀតណាម​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា។
ទី៨ ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​ព្រំដែន ជា​ពិសេស ព្រំដែន​វៀតណាម។

ក៏ប៉ុន្តែ មកទល់នឹង​ពេល​នោះ របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​មិន​ទាន់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឡើយ​ទេ។ ពួក​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ប្រើ​ឈ្មោះ រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​ដដែល រហូត​ដល់​ដើម​ឆ្នាំ​១៩៧៦ ទើប​របប កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ៕

រចនាសម្ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/01/2009 13:17 ម៉ោងសកល

ពីខែមេសា ឆ្នាំ១៩៧៥ ដល់​ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហម​បាន​កាន់​អំណាច​ក្រោម​ផ្លាក​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ដែល​កាល​ណោះ មាន​សម្តេច នរោត្តម សីហនុ ជា​ប្រមុខ​រដ្ឋ និង ប៉ែន នុត ជា​នាយក​រដ្ឋមន្រ្តី។

រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបាន ​បាត់​ឈ្មោះ​ចាប់​ពី​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​ បង្កើត​ឡើង នៅ​ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។នួន ជា អនុលេខា​បក្ស និង​ជា​ប្រធាន​សភា​កម្ពុជា​ប្រជា​ធិបតេយ្យ(រូបថត​ឯកសារ៖ Reuters)

នួន ជា អនុលេខា​បក្ស និង​ជា​ប្រធាន​សភា​កម្ពុជា​ប្រជា​ធិបតេយ្យ
យោងតាមរដ្ឋធម្មនុញ្ញ ដែល​បាន​ប្រកាស​ឲ្យ​ប្រើ កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​១៩៧៦ សភា​តំណាង​ប្រជាជន គឺ​ជា​អំណាច​នីតិ​បញ្ញត្តិ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។ សមាជិក​សភា ដែល​មាន​២៥០រូប​ត្រូវ​ជ្រើស​រើស​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​ផ្ទាល់ និង​ជា​សម្ងាត់ សម្រាប់​អណត្តិ​៥ឆ្នាំ។ ប្រធាន​សភា​តំណាង​ប្រជាជន​កម្ពុជា នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​នួន ជា។ ឈិត ជឿន ហៅ​ម៉ុក គឺ​ជា​អនុប្រធាន​ទី​មួយ។

គណៈប្រធានរដ្ឋ​គឺ​ជា​ ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ។ សម្តេច នរោត្តម សីហនុ ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ​បាន​បន្ត​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ រហូត​ដល់​ខែ​មេសា ឆ្នាំ​១៩៧៦។ ក្រោយ​ពី​ព្រះអង្គ​លាលែង​ចេញ​ពី​តំណែង ខៀវ សំផន ក៏​បាន​ឡើង​កាន់​តំណែង​នេះ​ជំនួស​ព្រះអង្គ។

យោងតាមលោក Raoul Jennar រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ មាន​រចនាសម្ព័ន្ធ​​ដូច​តទៅ៖

សភា​តំណាង​ប្រជាជន​បដិវត្តន៍​កម្ពុជា
នួន ជា ប្រធាន
ឈិត ជឿន ហៅ ម៉ុក អនុ​ប្រធាន

រដ្ឋាភិបាល
ខៀវ សំផន ប្រមុខ​រដ្ឋ
ប៉ុល ពត ជា​នាយក​រដ្ឋមន្រ្តី
ឈឹម សាមោក ជា​នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី

ឧបនាយករដ្ឋមន្រ្តី
អៀង សារី ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការបរទេស
សុន សេន ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ
វន វ៉េត ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច

រដ្ឋមន្រ្តី
ហ៊ូ នឹម រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ និង​ព័ត៌មាន
អៀង ធីរិទ្ធិ (ប្រពន្ធ​របស់ អៀង សារី) ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច
យុន យ៉ាត (ប្រពន្ធ​របស់ សុន សេន) ជា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ ង​អប់រំ
ជួន ជឿន រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល
កង ចាប រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌
ចេង អន ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម
នន សួន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម
កុយ ធួន រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម
ជួន ម៉ុម រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​វិទ្យាសាស្រ្ត
តូច ភឿន រដ្ឋមន្រ្តី​ក្រសួង​សាធារណការ

សាឡុត ស ហៅ​ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រជា​ធិបតេយ្យ(រូបថត​ឯកសារ៖ Reuters)

សាឡុត ស ហៅ​ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រជា​ធិបតេយ្យ
(រូបថត​ឯកសារ៖ Reuters)

ក៏ប៉ុន្តែ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អង្គការ​ដែល​មាន​អំណាច​លើស​អ្វីៗ​ទាំង​អស់​នោះ គឺ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​មក​ទល់​នឹង​ពេល​នោះ​ត្រូវ​ពួក​ខ្មែរ​ក្រហម​ខ្លួន​ឯង​ដាក់​ឈ្មោះ​ថា “អង្គការបដិវត្តន៍” ហើយ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា “អង្គការ”។

នៅក្នុងរចនាសម្ព័ន្ធបក្សនេះទៀតសោត គណៈ​កម្មាធិការ​តែ​មួយ​គត់​ដែល​មាន​សិទ្ធិ​អំណាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ​នានា អនុម័ត​គោល​នយោបាយ​រដ្ឋាភិបាល និង​លក្ខន្តិកៈ​ផ្សេងៗ​នោះ គឺ​គណៈ​អចិន្រ្តៃយ៍​បក្ស​ ដែល​មាន​សមាជិក​៥រូប​ គឺ​ប៉ុល ពត ជា​លេខា នួន ជា ជា​អនុលេខា អៀង សារី សោ ភឹម និង វន វ៉េត ជា​សមាជិក។

បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការ​ដែល​មាន​អំណាច​លំដាប់​ទីពីរ​ក្នុង​បក្ស គឺ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស។ សមាជិក​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​នេះ​រួម​មាន សមាជិក​ទាំង​៥រូប​នៃ​គណៈអចិន្រ្តៃយ៍ បូក​ជាមួយ​នឹង​មនុស្ស​ពីរ​នាក់​ទៀត​គឺ សុន សេន និង តាម៉ុក។ នៅ​ឆ្នាំ​១៩៧៧ មនុស្ស​បី​រូប​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ចូល​បន្ថែម​ទៅ​ក្នុង​គណៈ​កម្មាធិការ​ មជ្ឈិម​បក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។

រចនាសម្ព័ន្ធ​បក្ស​កុម្មុយនិស្ត​កម្ពុជា

គណៈ​អចិន្រ្តៃយ៍ (៥រូប)
ប៉ុល ពត លេខាបក្ស
នួន ជា អនុលេខា​បក្ស
អៀង សារី សមាជិក
សោ ភឹម សមាជិក
វន វ៉េត សមាជិក

គណៈ​កម្មាធិការ​មជ្ឈិម​បក្ស (១០​រូប)
ប៉ុល ពត
នួន ជា
អៀង សារី
សោ ភឹម
វន វ៉េត
សុន សេន
ឈិត ជឿន ហៅ​ម៉ុក
ខៀវ សំផន
ញឹម រស់
កែ ពក

នៅក្នុងចំនោមសមាជិក ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​ដ៏​មាន​អំណាច​នេះ មាន​តែ​នួន ជា អៀង សារី និង ខៀវ សំផន ប៉ុណ្ណោះ ដែល​នៅ​រស់​រាន​មាន​ជីវិត​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។ អ្នក​ផ្សេង​ទៀត​បាន​ស្លាប់​បាត់​អស់​ទៅ​ហើយ។

វន វ៉េត និង​ញឹម រស់ ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់​ចោល​នៅ​ឆ្នាំ​១៩៧៨។ សោ ភឹម បាន​សម្លាប់​ខ្លួន​ឯង​នៅ​ឆ្នាំ១៩៧៨​ដែរ។ សុន សេន ត្រូវ​បាន ប៉ុល ពត បញ្ជា​ឲ្យ​គេ​សម្លាប់​ចោល​ទាំង​គ្រួសារ​នៅ​ឆ្នាំ​១៩៩៧។ ក្រោយ​មក ប៉ុល ពត ខ្លួន​ឯង​ត្រូវ​បាន​ពួក​ខ្មែរក្រហម​គ្នាឯង​ចាប់​ខ្លួន​យក​មក​កាត់ទោស​ឲ្យ​ ជាប់គុក​អស់​មួយ​ជីវិត​ពី​បទ​ធ្វើ​ឃាត​លើ សុន សេន នេះ។ ក៏​ប៉ុន្តែ ប៉ុល ពត បាន​ស្លាប់​ នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩៩៨។ ចំណែក​តាម៉ុក​វិញ ​ស្លាប់​ដោយ​ជម្ងឺ​នៅ​ឆ្នាំ​២០០៦ ក្រោយ​ពី​បាន​ជាប់​ឃុំ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​យោធា​កម្ពុជា​ អស់​រយៈពេល​ប្រមាណ​៧​ឆ្នាំ។

ក្រៅពីគណៈកម្មាធិការមជ្ឈិមបក្ស លេខា​បក្ស​ប្រចាំ​ភូមិភាគ​ក៏​ជា​មនុស្ស​ដែល​មាន​អំណាច​ខ្លាំង​ដែរ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៕


បដិវត្តន៍​ខ្មែរ​ក្រហម​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 28/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 14:48 ម៉ោងសកល
ចាប់តាំង ​ពី​បាន​សម្រេច​ចិត្ត​បើក​ការ​តស៊ូ​ដោយ​ប្រដាប់​អាវុធ នៅ​ឆ្នាំ​១៩៦៧ រហូត​មក​ទល់​នឹង​ឆ្នាំ១៩៧០ ពួក​ខ្មែរ​ក្រហម​​មាន​ទាហាន​តិចតួច​បំផុត។ ទាហាន​ទាំង​នោះ​សោត​ក៏​មិន​បាន​ទទួល​​កា​រហ្វឹកហ្វឺន និង​បំពាក់​អាវុធ​យុទ្ធភ័ណ្ឌ​អ្វី​ធំដុំ​ដែរ។
ក៏​ ប៉ុន្តែ ក្រោយ​ពេល​ដែល​ពួក​ខ្មែរ​ក្រហម ទៅ​ចូលរួម​ក្នុង​ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​សម្តេច នរោត្តម សីហនុ ក្រោយ​ពី​ព្រះអង្គ​ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​មក កងទ័ព​ខ្មែរ​ក្រហម​បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ ប្រជាជន​កម្ពុជា​ផង និង​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ផង។សម្តេច​នរោត្តម សីហនុ ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​ខ្មែរ​ក្រហម​ នៅ​ឆ្នាំ​១៩៧៣

សម្តេច​នរោត្តម សីហនុ ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​ខ្មែរ​ក្រហម​ នៅ​ឆ្នាំ​១៩៧៣

ពីសត្រូវ​ក្លាយ​មក​ជា​មិត្ត

នៅ ​ថ្ងៃទី១៨ ខែ​មិនា ឆ្នាំ១៩៧០ ក្នុង​ពេល​ដែល​សម្តេច នរោត្តម សីហនុ កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ សហភាព​សូវៀត លន់ ណុល និង​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បាន​រៀបចំ​ឲ្យ​រដ្ឋសភា​ជាតិ​ធ្វើ​ការ​បោះឆ្នោត​ទម្លាក់​ព្រះអង្គ​ចេញ​ពី​ តំណែង​ជា​ប្រមុខ​រដ្ឋ។

ចាក​ចេញ​ពី​ម៉ូស្គូ សម្តេច នរោត្តម សីហនុ បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ នៅ​ក្នុង​អំឡុង​ពេល​នោះ គណៈប្រតិភូ​មួយ​ក្រុម​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា ដឹកនាំ​ដោយ សាឡុត ស​ (ប៉ុល ពត) ដែល​ទើប​តែ​បញ្ចប់​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ ក៏​កំពុង​ស្ថិត​នៅ​ក្រុង​ប៉េកាំង​ដែរ។ ក៏​ប៉ុន្តែ យោង​តាម​អត្ថបទ​ដែល​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ព្រះ​បាទ នរោត្តម សីហនុ ព្រះ​អង្គ​បាន​អះអាង​ថា ព្រះ​អង្គ​មិន​បាន​ជួប​ជា​មួយនឹង​សាឡុត ស ទេ នៅ​ប៉េកាំង​នោះ។

នៅ​ថ្ងៃ​ទី​២៣ ខែ​មិនា ឆ្នាំ​១៩៧០ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ខាង​ជើង សម្តេច នរោត្តម សីហនុ បាន​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​មួយ ហើយ​ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​រត់​ចូល​ព្រៃ​កាន់​អាវុធ​ ដើម្បី​តស៊ូប្រឆាំង​នឹង​របប លន់ ណុល។ ​ខ្មែរ​ក្រហម ដែល​ជា​អតីត​គូ​សត្រូវ​របស់​ព្រះអង្គ​ក៏​បាន​ចូល​រួម​ក្នុង​រណសិរ្ស​រួបរួម​ ជាតិ​នេះ​ដែរ។

ចិន​ ជើង​មួយ​ចង់​ជាន់​ទូក​ពីរ

បើ​យោងតាម​លោក​ស្រី Elizqbeth Becker ក្នុង​សៀវភៅ ដែល​មាន​ចំនង​ជើង​ថា “ទឹកភ្នែកកម្ពុជា” (Les larmes du Cambodge) ចិន ដែល​បាន​សម្តែង​ការ​គាំទ្រ​ដល់​​សម្តេច នរោត្តម សីហនុ និង​ពួក​ខ្មែរ​ក្រហម​នោះ ក្នុង​ពេល​ជាមួយ​គ្នា បែរ​ជា​បាន​បញ្ជូន​តំណាង​ពិសេស​របស់​ខ្លួន​ឲ្យ​មក​ចរចា​​ជាមួយ​ លន់ ណុល​ទៅ​វិញ។ ​ក្នុង​ការ​ចរចា​នោះ ចិន​បាន​សន្យា​ថា​នឹង​ទទួល​ស្គាល់​រដ្ឋាភិបាល​ លន់ ណុល ប្រសិន​បើ​​គាត់​យល់​ព្រម​តាម​ល័ក្ខខ័ណ្ឌ​ចំនួន​បី។ ទី​មួយ អនុញ្ញាតិ​ឲ្យ​ចិន​ដឹក​ជញ្ជូន​សព្វាវុធ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ដើម្បី​យក​ទៅ​ឲ្យ​​ពួក​កុម្មុយនិស្ត​វៀតណាម។ ទីពីរ អនុញ្ញាតិ​ឲ្យ​វៀតណាម​តាំង​ទ័ព​នៅ​លើ​ទឹកដី​កម្ពុជា។ និងទីបី ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ សម្តែង​ការ​គាំទ្រ​ជា​ផ្លូវការ​ដល់​ពួក​កុម្មុយនីស្ត​វៀតណាម។

ឥរិយាបថ ​របស់​ចិន​នេះ​បង្ហាញ​ថា អាទិភាព​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ពេល​នោះ​គឺ​បដិវត្តន៍​របស់​ពួក​ កុម្មុយនិស្ត​វៀតណាម មិន​មែន​កុម្មុយនិស្ត​ខ្មែរ​នោះ​ទេ។ ក្រុង​ប៉េកាំង​នឹង​សុខ​ចិត្ត​បោះបង់​ចោល​ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ហើយ​មក​គាំទ្រ​រដ្ឋាភិបាល លន់​ ណុល វិញ ប្រសិន​បើ​រដ្ឋាភិបាល​នេះ​យល់​ព្រម​គាំទ្រ​បដិវត្តន៍​វៀតណាម។ នេះ​ក៏​ព្រោះ​តែ​ចិន​យល់​ថា ពួក​កុម្មុយនិស្ត​វៀតណាម​មាន​កម្លាំង​មាំមួន​ជាង​ពួក​កុម្មុយនិស្ត​ខ្មែរ ក្នុង​ការ​ទប់ទល់​ជាមួយ​អាមេរិក។

ក៏ប៉ុន្តែ ដោយ លន់ ណុល បដិសេធ​មិន​ទទួល​យក​ល័ក្ខខ័ណ្ឌ​ទាំង​បី​​ខាង​លើ​នេះ ក្រុង​ប៉េកាំង​ក៏​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​ សាធារណរដ្ឋ​ខ្មែរ ហើយ​ប្រកាស​ទទួល​ស្គាល់​ រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា របស់​សម្តេច នរោត្តម សីហនុ ដែល​បាន​បង្កើត នៅ​ថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​១៩៧០។

ប្រជាប្រិយភាព​សម្តេច នរោត្តម សីហនុ ចំណេញ​ដល់​ពួក​ខ្មែរ​ក្រហម

ការ​ចូលរួម​ក្នុង​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ធ្វើ​ឲ្យ​ពួក​ខ្មែរ​ក្រហម​ទទួល​​បាន​នូវ​ផល​ចំណេញ​ពីរ។

ទីមួយ ក្រោម​ផ្លាក​​រដ្ឋាភិបាល​រួបរួម​ជាតិ ដែល​មាន​សម្តេច នរោត្តម សីហនុ ជា​ប្រមុខ ពួក​ខ្មែរ​ក្រហម​ទទួល​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ កម្ពុជា ដែល​គាំទ្រ​ព្រះអង្គ។ សាឡុត ស ដែល​ធ្លាប់​តែ​ជា​ជន​បះបោរ​មួយ​រូប​លាក់​ខ្លួន​ពី​ការ​តាម​ចាប់​ពី​សំណាក់​ រដ្ឋាភិបាល​​កម្ពុជា​នោះ បាន​ក្លាយ​ទៅ​ជា​មេ​បញ្ជាការ​កង​ទ័ព​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​ដ៏​មាន​ ប្រជាប្រិយ​នេះ។

ទីពីរ ចលនា​ខ្មែរ​ក្រហម​ នៅ​ពេល​នេះ​ បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ខាង​ជើង។ សូម​រំលឹក​ថា កាល​ពី​មុន វៀតណាម​ជួយ​ដល់​ពួក​ខ្មែរ​ក្រហម​ត្រឹម​តែ​ផ្តល់​កន្លែង​លាក់​ខ្លួន​ពី​ការ​ តាម​ប្រមាញ់​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​សង្គម​រាស្រ្ត​និយម​ប៉ុណ្ណោះ។ តែ​ចាប់​ពី​ពេល​ខ្មែរ​ក្រហម​បាន​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ​ កម្ពុជា កងទ័ព​វៀតណាម ដែល​កាលណោះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​កងទ័ព​ខ្លាំង​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ ថែម​ទាំង​បាន​ជួយ​ច្បាំង​នឹង​ទាហាន​លន់ ណុល ជំនួស​ពួក​ខ្មែរ​ក្រហម​ទៀត​ផង។

ក្រោយ ​ពេល​ត្រលប់​ពី​ប៉េកាំង​មក​ដល់​រតនគិរី​វិញ សាឡុត ស បាន​​សម្រេច​ប្តូរ​ស្នាក់ការ​កណ្តាល​បក្ស​ទៅ​កាន់​ស្រុក​​សន្ទុក ខេត្ត​កំពង់ធំ​វិញ។ ចាប់​តាំង​ពី​ពេល​ចាប់ផ្តើម​ធ្វើ​បដិវត្តន៍​មក ទើប​តែ​ពេល​នោះ​ទេ ដែល សាឡុត ស សម្លឹង​ឃើញ​នូវ​ឱកាស​ដែល​ខ្លួន​អាច​ដណ្តើម​កាន់​អំណាច​នៅ​កម្ពុជា​បាន។

នៅ ​ចុង​ឆ្នាំ​១៩៧០ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ដែល​បាន​ភៀស​ខ្លួន​ទៅ​វៀតណាម​កាល​ពី​ឆ្នាំ១៩៥៤ ក៏​បាន​វិល​ត្រលប់​មក​កម្ពុជា​វិញ ដើម្បី​ចូលរួម​ធ្វើ​បដិវត្តន៍​ជាមួយ​នឹង​ខ្មែរ​កុម្មុយនិស្ត​ក្នុង​ស្រុក។ ប៉ុន្តែ ក្រុម​ខ្មែរ​ហាណូយ​នៅ​ពេល​នោះ​មិន​ត្រូវ​បាន​គេ​ផ្តល់​តំណែង​ក្នុង​ជួរ​ ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា​នោះ​ទេ។ តំណែង​សំខាន់ៗ​នៅ​តែ​ស្ថិត​ក្នុង​កណ្តាប់ដៃ​ក្រុម​ខ្មែរ​ក្រហម​ស្និទ្ធ​នឹង សាឡុត ស ដដែល។

សម្ព័ន្ធភាព​ល្អូកល្អឺន​ចាក់​ទឹក​មិន​លេច ​រវាង​ពួក​កុម្មុយនិស្ត​វៀតណាម និង​ពួក​កុម្មុយនិស្ត​ខ្មែរ​មាន​រយៈពេល​តែ​បីឆ្នាំ​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​១៩៧៣ សម្ព័ន្ធភាព​រវាង​ខ្មែរក្រហម និង​វៀតណាម​ក៏​បាន​ឈាន​មក​ដល់​ទីបញ្ចប់៕

ភូមិសាស្រ្ត​រដ្ឋបាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/01/2009 14:13 ម៉ោងសកល
នៅ ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​មិន​ត្រូវ​បាន​បែងចែក​ជា​ខេត្ត-ក្រុង​នោះទេ តែ​ត្រូវ​បែង​ចែក​ចេញ​ជា​ភូមិភាគ និង​តំបន់​វិញ។ លេខា​បក្ស​ប្រចាំ​​ភូមិភាគ ភាគច្រើន​​សុទ្ធ​តែ​ជា​សមាជិក​ គណៈ​កម្មាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​គឺ​ជា​ស្តេច​ត្រាញ់​នៅ​ក្នុង​ភូមិភាគ ដែល​ពួក​គេ​កាន់​កាប់។ពួកខ្មែរក្រហមបានធ្វើការបែងចែក​ទឹកដី​ប្រទេស​កម្ពុជា​ជា​ភូមិភាគ​ តាំង​ពី​មុន​ឆ្នាំ​១៩៧៥​ម៉្លេះ។ ភូមិភាគ​នីមួយៗ គឺ​ជា​ការ​យក​ខេត្ត​ពីរ​ឬ​ច្រើន ឬ​កាត់​យក​ខេត្ត​នេះ​ខ្លះ ខេត្ត​នោះ​ខ្លះ មក​ដាក់​បញ្ចូល​គ្នា។ ភូមិភាគ​នីមួយៗ​ត្រូវ​បែង​ចែក​ជា​តំបន់ ហើយ​តំបន់​នីមួយៗ​ត្រូវ​បែង​ចែក​ជា​ស្រុក ឃុំ និង​សហករណ៍​បន្ត​ទៀត។

នៅតាមភូមិភាគនីមួយៗ លេខា​បក្ស​ប្រចាំ​ភូមិភាគ​គឺ​ជា​អ្នក​មាន​អំណាច​សម្រេច​លើ​អ្វីៗ​ទាំង​អស់​ នៅ​ក្នុង​ភូមិភាគ​របស់​ខ្លួន។ អ្នក​ដែល​មាន​អំណាច​បន្ទាប់​ពី​ភូមិភាគ គឺ​សហករណ៍។ សហករណ៍​នីមួយៗ​ដឹកនាំ​ដោយ ប្រធាន​សហករណ៍​មួយ​រូប និង​សហការី​២រូប​ផ្សេង​ទៀត។ យោង​តាម​លោក David Chandler សហករណ៍ ​មាន​អំណាច​ធ្វើ​សេចក្តី​សម្រេច​លើ​អ្វីៗ​ទាំងអស់​​នៅ​ក្នុង​​រង្វង់​​ដែនដី ​របស់​ខ្លួន ដូចជា ការ​កំណត់​របប​ចំណី​អាហារ ទំហំ​ការងារ​ដែល​​ប្រជាជន​ត្រូវបំពេញ ឬ កំណត់​ថា​កុមារ​ណា​ដែល​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កង​ចល័ត ជាដើម ។ល។

នៅឆ្នាំ១៩៧៦ កម្ពុជា​ប្រជាធិបតេយ្យ​​ត្រូវ​បាន​បែង​ចែក​ជា​៧​ភូមិភាគ ដែល​រួម​មាន ៣២​តំបន់។
១ ភូមិភាគនិរតី ឬភូមិភាគ៤០៥
យោងតាមលោកស្រី Elizabeth Becker ភូមិភាគ ​និរតី​គឺ​ជា​ភូមិភាគ​ធំ​ជាង​គេ មាន​ប្រជាជន​ក្រីក្រ​ជាង​គេ ប៉ុន្តែ មាន​កងទ័ព​ខ្លាំង​ជាង​គេ។ លេខា​ភូមិភាគ​និរតី គឺ​ឈិត ជឿន ហៅ​តាម៉ុក។ ភូមិភាគ​នេះ​រួម​មាន​ខេត្ត​កំពត និង​ខេត្ត​តាកែវ​ទាំង​មូល ស្រុក​ពីរ​ក្នុង​ខេត្ត​កំពង់​ស្ពឺ គឺ​ស្រុក​សំរោង​ទង និង​ស្រុក​គង​ពិសី និង​ស្រុក​ប្រាំ​ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​កណ្តាល​ស្ទឹង ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​កៀន​ស្វាយ និង​ស្រុក​លើក​ដែក។ ភូមិភាគ​នេះ​ចែក​ចេញ​ជា​បួន​តំបន់ គឺ​តំបន់​១៣ តំបន់​៣៣ តំបន់​៣៥ និង​តំបន់២៥។
ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣
ភូមិភាគ ​នេះ​ដឹកនាំ​ដោយ សោ ភឹម ដែល​បាន​ធ្វើ​អត្តឃាត​ នៅ​ឆ្នាំ​១៩៧៨ នៅ​ពេល​ដែល​ប៉ុល ពត បញ្ជូន​ទាហាន​ឲ្យ​មក​ចាប់​ខ្លួន​។ ភូមិភាគ​នេះ​រួម​មាន ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង​ទាំង​មូល ស្រុក​ទាំងអស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម ស្រុក​ឆ្លូង​ក្នុង​ខេត្ត​ក្រចេះ និង​ស្រុក​បី​ទៀត​ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​ខ្សាច់​កណ្តាល ស្រុក​ល្វាឯម និង​ស្រុក​មុខ​កំពូល។ ភូមិភាគ​នេះ​ចែក​ចេញ​ជា​៥​តំបន់ គឺ​តំបន់​២០ តំបន់​២១ តំបន់​២២ តំបន់​២៣ និង​តំបន់​២៥។
ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០
លេខា ​ភូមិភាគ​ពាយ័ព្យ​ គឺ​ញឹម រស់។ ភូមិភាគ​នេះ​រួម​មាន​ខេត្ត​ពោធិសាត់ និង​បាត់ដំបង​ទាំង​មូល ហើយ​ចែក​ចេញ​ជា​៧​តំបន់ ពី​តំបន់​១ ដល់​តំបន់​៧។
ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣
ចាប់ពីឆ្នាំ១៩៧០ រហូត​ដល់​ឆ្នាំ​១៩៧៦​ ភូមិភាគ​នេះ​ដឹកនាំ​ដោយ កុយ ធួន ហៅ ធុច។ ក្រោយ​ពី កុយ ធួន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម នៅ​ឆ្នាំ​១៩៧៦ កែ ពក ត្រូវ​បាន​តែង​តាំង​ជា​លេខា​ភូមិភាគ​នេះ​ជំនួស​ កុយ ធួន។ នៅ​ឆ្នាំ​១៩៧៧ ភូមិភាគ​ឧត្តរ​នេះ ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ភូមិភាគ​កណ្តាល​វិញ។ ចំណែក​ភូមិភាគ​ភូមិភាគ​ឧត្តរ​ចាស់​ត្រូវ​បាន​រើ​ទីតាំង​ទៅ​តាំង​នៅ​ខេត្ត​ ខេត្តសៀមរាប ឧត្តរ​មានជ័យ និង​ខេត្ត​ព្រះវិហារ​វិញ។ ភូមិភាគ​ឧត្តរ​ថ្មី​នេះ​ដឹកនាំ​ដោយ កង ចាប។

ទី៥ ភូមិភាគ​កណ្តាល

គឺ ​ជា​ភូមិភាគ​បង្កើត​ថ្មី ដោយ​មាន​ទីតាំង​នៅ​ត្រង់​ភូមិភាគ​ឧត្តរ​ចាស់ ពោល​គឺ​រួមមាន​​ខេត្ត​កំពង់ធំ​ទាំងមូល ស្រុក​ទាំង​អស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​លិច​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម និង​ស្រុក​ព្រែកប្រសប់ ក្នុង​ខេត្ត​ក្រចេះ។ ភូមិភាគ​នេះ​ត្រូវ​បាន​បែងចែក​ជា​បី​តំបន់ គឺ​តំបន់​៤១ តំបន់​៤២ និងតំបន់​៤៣។ លេខាភូមិភាគ​កណ្តាល គឺ កែ​ ពក។

ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១

ភូមិភាគ ​នេះ​ដឹកនាំ​ដោយ ជូ ជេត ហើយ​​រួមមា​នខេត្ត​កោះកុង និង​ខេត្ត​កំពង់ឆ្នាំង​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​កំពង់ស្ពឺ។ ភូមិភាគ​នេះ​បែង​ចែក​ជា​៥​តំបន់ គឺ​តំបន់​៣១ តំបន់​៣២ តំបន់​៣៧ តំបន់១៥ និង​តំបន់​១១។

ទី៧ ភូមិភាគឥសាន្ត ឬភូមិភាគ១០៨

ណៃ សារ៉ាន់ ហៅ យ៉ា បាន​កាន់​តំណែង​ជា​លេខា​ភូមិភាគ​ឥសាន្ត​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​១៩៧៦ ពេល​ដែល ណៃ សារ៉ាន់ ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ដាក់​ក្នុង​គុក​ទួល​ស្លែង។ ម៉ែន សាន ត្រូវ​បាន​តែងតាំង​ជា​លេខា​ភូមិភាគ​ជំនួស ណៃ សារ៉ាន់។ ភូមិភាគឥសាន្ត​រួមមាន ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ក្រចេះ។ ភូមិភាគ​នេះ​បែង​ចែក​ជា​៦​តំបន់ គឺ​តំបន់​១០១ តំបន់​១០២ តំបន់​១០៤ តំបន់​១០៥ តំបន់​១០៧ និង​តំបន់​៥០៥។

ក្រៅពីនេះ មាន​តំបន់​មួយ​ចំនួន​ត្រូវ​បាន​ផ្តាច់​ចេញ​ពី​ភូមិភាគ ឲ្យ​ទៅ​ជា​តំបន់​ស្វយ័ត​វិញ។ តំបន់​ទាំង​នោះ​រួម​មាន តំបន់​សៀមរាប-ឧត្តរមានជ័យ ឬ​តំបន់១០៦ និង​តំបន់​ព្រះវិហារ ឬតំបន់១០៣ ដែល​ពី​មុន​ស្ថិត​ក្នុង​ភូមិភាគ​ឧត្តរ តំបន់​ក្រចេះ ឬ​តំបន់៥០៥ និង​តំបន់​មណ្ឌលគិរី ឬ​តំបន់​១០៥ ពី​មុន​ស្ថិត​ក្នុង​ភូមិភាគ​ឥសាន្ត។ តំបន់​កំពង់សោម​ក៏​ត្រូវ​បាន​ចាត់​ជា​តំបន់​ស្វយយ័ត​ដែរ៕

ស្ត្រី​ខ្មែរ​ម្នាក់​ប្ដឹង​ទៅ​ស្ថានទូត​បែលហ្សិក​ ឲ្យ​ប្ដី​ផ្ដល់​អាហារកិច្ច​ចិញ្ចឹម​កូន

កំពង់ធំ៖ ស្ត្រី​ខ្មែរ​ម្នាក់​ ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​បុរស​ជនជាតិ​បែលហ្សិក​ កាល​ពី​អំឡុង​ឆ្នាំ​១៩៩២ ឥឡូវនេះ​បាន​ធ្វើ​ពាក្យ​បណ្ដឹង​មួយ​ ដាក់​ចូល​ទៅ​ស្ថានទូត​នៃ​ប្រទេស​បែលហ្សិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទាមទារ​សុំ​ឲ្យ​ប្ដី​របស់​ខ្លួន​ដែល​លួច​គេច​ត្រឡប់​ទៅ​ស្រុក​វិញ​ នោះ​ ជួយ​ផ្ដល់​អាហារកិច្ច​ចិញ្ចឹម​កូនស្រី​ម្នាក់​ ដែល​ជា​តំណក់​ឈាម​របស់​បុរស​ជនជាតិ​បែលហ្សិក​នោះ។

អង្គុយ​នៅ​លើ​គ្រែ​ខាងមុខ​ផ្ទះ​ឈើ​ដ៏​តូច​មួយ​ស្ថិត​ក្នុង​ ភូមិ​អាចារ្យល័ក្ខ ​ឃុំ​អាចារ្យល័ក្ខ ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ ស្ត្រី​វ័យ​៤១​ឆ្នាំ​ឈ្មោះ​ឈន ច័ន្ទ​សុផល បាន​និយាយ​រៀបរាប់​អំពី​ចំណង​ស្នេហ៍​របស់​នា​ង ​ជាមួយ​នឹង​បុរស​ជនជាតិ​បែលហ្សិក​ម្នាក់​នោះ​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩២ រូប​គាត់​ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​អង្គការ​មនុស្សធម៌​មួយ​នៅ​ក្នុង​ខេត្ត​ កំពង់ធំ គឺ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន។ នាង​បាន​ស្គាល់​បុរស​ជនជាតិ​បែលហ្សិក​ម្នាក់​ដែល​កាល​ណោះ​គាត់​គឺ​ជា​ វេជ្ជបណ្ឌិត​បម្រើ​ការងារ​នៅ​ក្នុង​អង្គការ​នេះ​ដែរ។

ស្ត្រី ឈន ច័ន្ទសុផល បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​បែលហ្សិក​ម្នាក់​នោះ​គាត់​ឈ្មោះ វិលីម ក្រោយ​ពី​បាន​ស្គាល់​គ្នា​ វិលីម​តែងតែ​តាម​និយាយ​សុំ​សេចក្ដី​ស្នេហា​ពី​នាង​ជា​ញឹកញាប់ តែ​កាលណោះ​រូប​នាង​មិន​ស្រឡាញ់​លោក វិលីម​ទេ ពីព្រោះ​គាត់​មាន​វ័យ​ចាស់​ជាង​ច្រើន​ពេក។ ទោះបី​នាង​មិន​ព្រម​ស្រឡាញ់ ក៏​លោក​វីលីម​នោះ​នៅតែ​ព្យាយាម​ និង​បាន​ចូល​ស្ដីដណ្ដឹង​តាម​ប្រពៃណី​ខ្មែរ ​ហើយ​នាង​ក៏​បាន​រៀបការ​ជាមួយ​នឹង​លោក​វិលីម​តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់ ​ខ្មែរ​យើង ដោយ​មាន​ចាស់ទុំ​និង​ភ្ញៀវ​កិត្តិយស​ចូលរួម​យ៉ាង​ច្រើន​កុះករ។

ក្រោយ​ពេល​រៀបការ​បាន​៦-៧​ខែ គាត់​មាន​ផ្ទៃពោះ លោក​វីលីម​បាន​កុហក​គាត់​ថា ផ្លាស់​ធ្វើ​ការ​នៅ​ឯ​ភ្នំពេញ តែ​តាម​ការពិត​វិលីម​បាន​លួច​គេច​វិលត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ ​ដោយ​បន្សល់ទុក​នូវ​លុយកាក់​ឲ្យ​គាត់​តែ​បន្តិចបន្តួច​តែប៉ុណ្ណោះ។ បន្ទាប់​ពី​បាន​ដឹង​ថា​វិលីម​ត្រឡប់​ទៅ​ស្រុក​វិញ បងស្រី​បាន​ព្យាយាម​សរសេរ​សំបុត្រ​ទាក់ទង​ទៅ​គាត់​ហើយ​លោក​វិលីម​បាន​សរសេរ​ សំបុត្រ​ផ្ញើ​មក​គាត់​ចំនួន​២​ដង ហើយ​ក៏​បាត់​ឈឹង​រហូត​ទៅ។

ស្ត្រី ឈន ច័ន្ទ​សុផល បាន​បន្ត​ថា សព្វថ្ងៃ​នេះ​បងស្រី​រស់​នៅ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ដែល​កូន​ស្រី​ជា​តំណក់​ឈាម​របស់​លោក​វិលីម​នោះ​ឈ្មោះ វិលីម មាសសុទ្ធសុផាណា នាង​មាន​អាយុ​១៦​ឆ្នាំ​ហើយ សព្វថ្ងៃ​រៀន​នៅ​ថ្នាក់​ទី​៧​F នៃ​វិទ្យាល័យ​អាចារ្យល័ក្ខ​ កំពង់ធំ។

ដោយសារ​តែ​ការ​អស់​សង្ឃឹម និង​ការ​ទន្ទឹង​រង់ចាំ​តទៅ​ទៀត​ ហើយ​មាន​ជីវភាព​ខ្វះខាត​ផង​នោះ គាត់​បាន​សរសេរ​ពាក្យបណ្ដឹង​មួយ​ ដាក់​ជូន​ទៅ​ស្ថានទូត​នៃ​ប្រទេស​បែលហ្សិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទាមទារ​សុំ​ឲ្យ​ប្ដី​របស់​គាត់ ​ជួយ​ផ្ដល់​លុយ​អាហារកិច្ច​សម្រាប់​ចិញ្ចឹម​កូន។ ពាក្យបណ្ដឹង​នេះ​រូប​គាត់​មិន​បាន​យក​ទៅ​ដាក់​នៅ​ស្ថានទូត​ខ្លួនឯង​ទេ គឺ​គាត់​ពឹង​ពាក់​ចាងហ្វាង​កាសែត​ម្នាក់​ឲ្យ​ជួយ​យក​ទៅ​ដាក់​ឲ្យ ​ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ (៦ ឧសភា ២០០៩) គាត់​នៅ​មិន​ទាន់​ដឹង​ថា​ពាក្យបណ្ដឹង​នោះ​ទៅ​ដល់​ស្ថានទូត​បែលហ្សិក​ហើយ​ឬ​ នៅ​ទេ។

គាត់​សម្គាល់​ឃើញ​ថា កន្លង​ទៅ​នេះ​មាន​ស្ត្រី​ខ្មែរ​យើង​មួយ​ចំនួន​តែងតែ​ចង់​បាន​ប្ដី​បរទេស ពីព្រោះ​យក​ប្ដី​បរទេស​មាន​លុយ​ដុល្លារ​ចាយ ប៉ុន្តែ​វា​មិន​ជោគជ័យ​ទាំងអស់​នោះ​ទេ មាន​អ្នក​ខ្លះ​ក៏​ត្រូវ​ខក​ខ្លួន និង​ស្រក់​ទឹកភ្នែក​ដោយ​សារ​ប្ដី​បរទេស​នេះ​ដែរ។ រឿងរ៉ាវ​របស់​ស្ត្រី​ឈន ច័ន្ទសុផល គឺ​ជា​មេរៀន​មួយ​ដែល​ស្ត្រី​ខ្មែរ​យើង​គួរ​តែ​យក​ទៅ​ពិចារណា៕

អ្នក​បើកបរ​យានយន្ត​ជាង​កន្លះ​លាន​នាក់ ​មិន​ទាន់​មាន​ប័ណ្ណ​បើកបរ

ភ្នំពេញ៖ ចំនួន​យានយន្ត​ដែល​កំពុង​ធ្វើ​ចរាចរ​នៅ​លើ​​ផ្លូវ​សាធារណៈ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​កើន​ដល់​ ១.១៦៩.៤១១​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​​៩៣៥.៤២១​គ្រឿង​ ដោយ​មិន​បាន​រាប់​​បញ្ចូល​​យានយន្ត​ដោយ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការពារ​ ជាតិ​ និង​ក្រសួង​មហាផ្ទៃ​នោះ​ទេ។ តែ​ចំនួន​ប័ណ្ណ​បើកបរ​យានយន្ត ដែល​បាន​ចេញ​​ដោយ​ក្រសួង​សាធារណការ​ រហូត​មក​ទល់​ពេល​នេះ​ ទើប​តែ​មាន​ចំនួន​ប្រមាណ​ជា​៤១៣.៤៥២​ប័ណ្ណ​ បាន​ន័យ​ថា​ នៅ​អ្នក​បើកបរ​​ជាង​ពាក់​កណ្ដាល​ទៀត​មិន​ទាន់​មាន​ប័ណ្ណ​បើកបរ​ ជា​ពិសេស​អ្នក​បើកបរ​ម៉ូតូ។

លោក​ កែវ​ សាវិន​ ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន ​នៃ​ក្រសួង​សាធារណការ ​បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​ឧសភា​ថា​ ចំនួន​យានយន្ត​​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​សាធារណការ​រយៈពេល​៤​ខែ​ដើម​ឆ្នាំ​២០០៩​​នេះ​ មាន​ចំនួន​៨៥.០៩១​គ្រឿង​ក្នុង​​នោះ​មាន​ម៉ូតូ​ចំនួន​ ៧៥.៤៤៥គ្រឿង។ នៅ​ទូទៅ​​ប្រទេស​ពេល​នេះ​មាន​យានយន្ត​ចំនួន​ ១.១៦៩.៤១១​គ្រឿង​ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៩៣៥.៤២១​គ្រឿង​ចំនួន​យានយន្ត​ នេះ​មិន​បាន​គិត​បញ្ចូល​យានយន្ត​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​​ការពារ​ជាតិ​ និង​ក្រសួង​មហាផ្ទៃ​នោះ​ទេ។

ប្រភព​ដដែល​បាន​និយាយ​ឲ្យ​​ដឹង​ទៀត​ថា​ ចំនួន​យានយន្ត​មាន​រហូត​ដល់​ជាង​​១​លាន​គ្រឿង​ហើយ​កំពុង​ធ្វើ​ចរាចរ​នៅ​លើ​ ផ្លូវ​សាធារណៈ​ តែ​ចំនួន​អ្នក​បើកបរ​ដែល​មាន​ប័ណ្ណ​បើកបរ​រហូត​មក​ទល់​ពេល​នេះ​ ទើប​តែ​មាន​​ចំនួន​៤១៣.៤៥២​នាក់​ បាន​ន័យ​ថា​ មាន​អ្នក​បើកបរ​ចំនួន​ជាង​ពាក់កណ្ដាល​នៃ​​ចំនួន​យានយន្ត​ កំពុង​តែ​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​បើកបរ​ ដែល​ជា​ប្រការ​មួយ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ព្រោះ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​បាន​ តិច​ ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរ​ច្រើន​ ជា​ពិសេស​អ្នក​បើកបរ​ម៉ូតូ។

ការ​ផ្ដល់​ប័ណ្ណ​បើកបរ​ គិត​តាំង​ពី​ដើម​ទី​រហូត​មក​ទល់​ពេល​នេះ​ត្រូវ​បាន​គេ​និយាយ​ឲ្យ​ដឹង​ថា​ បើ​រាប់​ទាំង​ប័ណ្ណ​បើកបរ​ម៉ូត​ដែល​មាន​កម្លាំង​លើស​១២៥​​សេសេ​ផង​នោះ​ ទើប​តែ​បាន​ចំនួន​១៦.០០០​ប័ណ្ណ​ប៉ុណ្ណោះ។

យោង​តាម​ច្បាប់​ចរាចរ​ដែល​កំពុង​តែ​ប្រើប្រាស់​សព្វថ្ងៃ​នេះ​ គឺ​តម្រូវ​​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ទាំងអស់​​ត្រូវ​មាន​ប័ណ្ណ​បើកបរ។ ក្រុម​អ្នក​រៀបចំ​ច្បាប់​ចរាចរ​ដែល​បាន​តម្រូវ​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ត្រូវ​ មាន​ប័ណ្ណ​បើកបរ​នេះ​ បន្ទាប់​ពី​សង្កេត​ឃើញ​ថា​ គ្រោះ​ថ្នាក់​ចរាចរ​ដែល​បាន​កើត​មាន​ឡើង​​​កន្លង​មក​នេះ​ ភាគ​ច្រើន​​បង្ក​ឡើង​ដោយ​អ្នក​ប្រើប្រាស់​ម៉ូតូ​ដែល​មិន​បាន​សិក្សា​ ស្វែងយល់​ពី​ច្បាប់​ចរាចរ៕

អ្នក​ទទួល​ពានរង្វាន់​ពិភពលោក​អាយុ​១៦​ឆ្នាំ ពន្យល់​ពី​របៀប​ផលិត​ប្រេង​ម៉ាហ្សូត​ល្ហុងខ្វង
ភ្នំពេញ៖ ប្រេង​ម៉ាហ្សូត​ផលិត​ចេញពី​ផ្លែ​ល្ហុងខ្វង គឺ​ជា​ថាមពល​ដ៏​សំខាន់​សម្រាប់​ប្រទេស​ក្រីក្រ។ នៅ​អាស៊ី​ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​ការ​ផលិត​ប្រេង​ម៉ាហ្សូត​ពី​ផ្លែ​ ល្ហុងខ្វង​នេះ គឺ​ប្រទេស​ហ្វីលីពីន បន្ទាប់មក​ប្រទេស​ចិន​ក៏​មាន​ផលិត​ដែរ ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ពឹងផ្អែក​ប្រេង​នាំចូល ការ​រក្សា​លំនឹង​តម្លៃ និង​ការ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន។

កញ្ញា សំអាង ម៉ានីន ដែល​ទើប​វិលត្រឡប់​ពី​ទទួល​ពានរង្វាន់​មេដាយ​មាស​ផ្នែក​ថាមពល​ ពានរង្វាន់​ជា​អ្នក​មាន​ការ​ប្រឹងប្រែង​ហ្មត់ចត់​ក្នុង​ការ​សិក្សា​ ស្រាវជ្រាវ និង​អ្នក​ផ្ដួចផ្ដើម​ដំណោះស្រាយ​ថាមពល ព្រមទាំង​ពានរង្វាន់​អាហារូបករណ៍​៤​ឆ្នាំ រៀន​នៅ​សកលវិទ្យាល័យ​ល្បីឈ្មោះ​នៅ​ក្រៅ​ប្រទេស ​បាន​ចាត់ទុក​ការផលិត​ប្រេង​ម៉ាហ្សូត​ពី​ល្ហុងខ្វង​ថា ​ជា​ថាមពល​ដ៏​មាន​សារ​សំខាន់។ វត្ថុធាតុ​ដើម​នៃ​ការ​ផលិត​ជីវៈ​ប្រេង​ម៉ាហ្សូត​គឺ​ប្រជាពលរដ្ឋ​កម្ពុជា​អាច ​ដាំ​បាន​ដោយ​របៀប​សាមញ្ញ។
តាម​ការ​ប្រសិទ្ធ​នាម​ថា អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​កញ្ញា សំអាង ម៉ានីន ដែល​ជា​យុវនារី​ខ្មែរ ​ម្នាក់ឯង​ទទួល​បាន​ពានរង្វាន់​ពិភពលោក​ចំនួន​បី​បាន​រៀបរាប់​ឲ្យដឹង​ថា ដើម​ល្ហុងខ្វង​បន្ទាប់​ពី​បណ្ដុះ​ហើយ​គេ​យក​ទៅ​ដាំ​រយៈពេល​៦​ខែ រួច​វា​នឹង​ឲ្យផល​ដល់​រយៈពេល​ពី​៦០​ទៅ​៧០​ឆ្នាំ។ ក្នុង​ផ្លែ​ល្ហុងខ្វង​១០០​គីឡូក្រាម អាច​ផលិត​បាន​ប្រេង​ម៉ាហ្សូត​ពី​៣០​ទៅ​៣៥​លីត្រ។ ប្រេង​ម៉ាហ្សូត​ផ្លែ​ល្ហុងខ្វង​នេះ​នឹង​ត្រូវ​ប្រើ​ជា​ថាមពល​សម្រាប់​ចាក់​ ម៉ាស៊ីន​គោយន្ត ម៉ាស៊ីន​បូម​ទឹក និង​គ្រឿង​ចក្រ​ធ្វើ​កសិកម្ម។

អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​អាយុ​១៦​ឆ្នាំ​ សំអាង ម៉ានីន បាន​ឲ្យ​ដឹង​​ពី​រូបមន្ត​នៃ​ការ​ផលិត​ប្រេង​ម៉ាហ្សូត​ពី​ផ្លែ​ល្ហុងខ្វង​ថា ជា​ដំបូង​ត្រូវ​យក​គ្រាប់​ផ្លែ​ល្ហុងខ្វង​លីង​ឲ្យ​មាន​កម្ដៅ​៦០​​អង្សា​សេ ដើម្បី​ឲ្យ​គ្រាប់​ល្ហុងខ្វង​បញ្ចេញ​សារធាតុ​ប្រេង​បាន​ច្រើន។ បន្ទាប់​មក គេ​ត្រូវ​បក​សម្បក​ខាង​ក្រៅ​ចេញ ដោយ​ទុក​សាច់​ស​ខាង​ក្នុង។
ពេល​បាន​សាច់​ស​នៃ​គ្រាប់​ល្ហុងខ្វង​ហើយ គេ​យក​វា​ទៅ​កៀប​ដោយ​ប្រើ​កម្លាំង​សង្កត់​ខ្លាំង​ដើម្បី​យក​ប្រេង។ បន្ទាប់​មក​ត្រូវ​យក​ប្រេង​នេះ​ក្រឡុក​ក្នុង​ម៉ាស៊ីន​ក្រឡុក ដើម្បី​បំបែក​កាកសំណល់​ដែល​នៅ​ក្នុង​ប្រេង។
ក្រោយ​ការ​ក្រឡុក​ជាតិ​ប្រេង​ល្ហុងខ្វង​រួច​គេ​យក​ប្រេង​នេះ​ដាក់​ចម្រោះ ​ដោយ​អេប៉ុង និង​ក្រណាត់​ចំនួន​២៦​ជាន់។ ការ​ធ្វើ​របៀប​នេះ​ដើម្បី​ឲ្យ​ប្រេង​ល្ហុងខ្វង​មាន​ជាតិ​ថ្លា។ បន្ទាប់​ពី​ចម្រោះ​ដោយ​អេប៉ុង​និង​ក្រណាត់​២៦​ជាន់​ហើយ​ គេ​យក​ប្រេង​នេះ​ទៅ​ច្រោះ​និង​តម្រង​ចម្រោះ​ប្រេង​រថយន្ត​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រេង​កាន់​តែ​ថ្លា និង​ថែមទាំង​ដក​ចេញ​កាកសំណល់​ពី​ក្នុង​ប្រេង។
កញ្ញា ម៉ានីន រៀបរាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ប្រេង​បង្ហូរ​ចេញ​ពី​ការ​ចម្រោះ​តម្រង​ប្រេង​រថយន្ត​នេះ ពុំ​ទាន់​ក្លាយ​ជា​ប្រេង​ម៉ាហ្សូត​ទេ។ វា​គ្រាន់​តែ​ជា​ប្រេង​គ្រាប់​ល្ហុងខ្វង​តែប៉ុណ្ណោះ។ បន្ទាប់​ពី​នេះ គេ​ត្រូវ​ធ្វើ​​វា​តាម​ភាសា​អង់គ្លេស​ថា Titrantion ធ្វើ​តាម​រូបមន្ត​នេះ ដើម្បី​ឲ្យ​ដឹង​ថា តើ​មាន​ជាតិ​ខ្លាញ់​នៅ​ក្នុង​ប្រេង​តិច​ឬ​ច្រើន។
ខណៈពេល​អនុវត្ត​រូបមន្ត​ខាងលើ​នេះ ជា​លទ្ធផល​ពុំ​ក្លាយ​ជា​ប្រេង​ម៉ាហ្សូត​ទេ​គឺ​ក្លាយ​ជា​សប៊ូ ឬ​ចាហ៊ួយ។ ប៉ុន្តែ​សាប៊ូ​នេះ​ពុំ​គ្រប់គ្រាន់​តាម​ស្តង់ដារ​ជា​សាប៊ូ​ដែល​អាច​ប្រើ​បាន ​ទេ។ ដូច្នេះ​គេ​ត្រូវ​ឈាន​ទៅ​ធ្វើ​លក្ខខណ្ឌ​មួយ​​ទៀត​គឺ​ការ​បំប្លែង​ជាតិ​ ខ្លាញ់​ទាំងអស់​នោះ​ឲ្យ​ទៅ​ជា​ប្រេង។ លក្ខខណ្ឌ​នេះ​ត្រូវ​ប្រើ​អាស៊ីត​ និង​មេតាណុល​តាម​កម្រិត​មួយ​​រួច​ចាក់​ចូល​ប្រេង​ល្ហុងខ្វង។ ប្រេង​លាយ​ជាមួយ​អាស៊ីត និង​មេតាណុល​នេះ​ត្រូវ​យក​ទៅ​ក្រឡុក​លើ​ភ្លើង ឲ្យ​មាន​កម្ដៅ​៥៥​អង្សា​សេ​ក្នុង​រយៈពេល​មួយ​ម៉ោង។ បន្ទាប់​មក​រក្សា​ទុក​ប្រេង​ក្រឡុក​ឲ្យ​វា​រង​រួច​យក​ជាតិ​ខ្លាញ់​ចេញ​ឲ្យ​ អស់ ដោយ​យក​តែ​ប្រេង​សុទ្ធ ដើម្បី​យក​ទៅ​ពិនិត្យ​លក្ខខណ្ឌ​បច្ចេកទេស​មួយ​លើក​ទៀត។ ការ​ធ្វើ​របៀប​នេះ​គឺ​ឲ្យ​ដឹង​ពី​បរិមាណ​ប៉ូតាស្យូម​អ៊ីដ្រុកស៊ីត ទើប​ឈាន​ទោ​ធ្វើ​លក្ខខណ្ឌ​មួយ​លើក​ទៀត គឺ​ការ​បំប្លែង​ឲ្យ​ទៅជា​ប្រេង​ម៉ាហ្សូត។

កញ្ញា​ ម៉ានីន ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ដំណើរការ​ផលិត​បាន​ចេញ​ជា​ប្រេង​ម៉ាហ្សូត​ហើយ​គេ​ត្រូវ​យក​វា​ ធ្វើ​ពិសោធន៍ ដោយ​យក​ប្រេង​ម៉ាហ្សូត​ធ្វើ​សំយោគ​ជា​មួយ​ទឹក ដើម្បី​ឲ្យ​ដឹង​ថា ប្រេង​ម៉ាហ្សូត​នេះ​មាន​ជាតិ​ខ្លាញ់ ឬ​យ៉ាង​ណា។ ប្រសិន​បើ​ប្រេង​ម៉ាហ្សូត​នេះ​អស់​ជាតិ​ខ្លាញ់ គឺ​ប្រេង​មាន​ជាតិ​ថ្លា តែ​បើ​នៅ​ជាតិ​ខ្លាញ់​ប្រេង​នឹង​មាន​ពណ៌​ល្អក់។

ក្រោយ​ពី​ការ​ធ្វើ​បម្លែង​រវាង​ប្រេង​ប្រេង និង​ទឹក​រួចហើយ គេ​យក​ប្រេង​ទោ​រំហួត​ជា​មួយ​ពន្លឺ​ព្រះអាទិត្យ​រយៈពេល​៣​ម៉ោង ដើម្បី​ឲ្យ​ទឹក​ហួត​ចេញ​អស់។ បន្ទាប់​មក យក​ជាតិ​ប្រេង​នេះ​ទៅ​ច្រោះ​នឹង​តម្រង​រថយន្ត​ជា​ថ្មី​ទៀត ដើម្បី​បញ្ជាក់​ថា ប្រេង​ម៉ាហ្សូត​នេះ​ថ្លា​ល្អ គ្មាន​ជាតិ​ទឹក ជាតិ​ខ្លាញ់​អ្វី​ទាំង​អស់ សម្រាប់​យក​ទៅ​ប្រើប្រាស់​គ្រឿង​ចក្រ​កសិកម្ម។

កញ្ញា​ម៉ានីន អធិប្បាយ​ដោយ​បញ្ជាក់​ឲ្យ​ដឹង​ថា ទម្រាំ​សិក្សា​ស្រាវជ្រាវ​ឈាន​ដល់​ការ​ផលិត​បាន​ជា​ប្រេង​ម៉ាហ្សូត​​ពី​ផ្លែ ​ល្ហុងខ្វង​នេះ នាង​បាន​ចំណាយ​ពេលវេលា​ទាំង​យប់​ទាំង​ថ្ងៃ​ជា​ច្រើន​ខែ។ ក្នុង​រយៈពេល​សិក្សាស្រាវជ្រាវ​នេះ​ទៀត​សោត ការ​ធ្វើ​ខុស​ពុំ​ចេញ​លទ្ធផល គឺ​រាប់​ដង​មិន​អស់​ទេ។ នា​បន្ថែម​ថា ការ​សិក្សាស្រាវជ្រាវ​តាម​អ៊ិនធើណេត គឺ​ធ្វើ​មិន​ចេញ​អ្វី​សោះឡើយ។ វា​ចេញ​តែ​ចាហួយ និង​សាប៊ូ​ដែល​ប្រើ​មិន​កើត​តែ​ប៉ុណ្ណោះ។

សំអាង ម៉ានីន ឲ្យ​ដឹង​បន្ត​ថា​ដោយ​មាន​ការ​ខិតខំ​ព្យាយាម​យ៉ាង​អំណត់​ដូច​នេះ ទើប​ការ​រក​ឃើញ​រូបមន្ត​របស់​នាង​មាន​ភាព​ច្បាស់លាស់ ធ្វើ​ឲ្យ​គណៈកម្មការ​អន្តរជាតិ ដែល​មាន​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ប្រមាណ​ជិត​១,២៥០​នាក់ មក​ពី​៦០​ប្រទេស​ទទួល​ស្គាល់ និង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​ប្រកាស​ប្រគល់​ពានរង្វាន់​ចំនួន​បី​សម្រាប់​នាង​តែ​ម្នាក់​ឯង។ នាង​បន្ត​ថា ការ​ប្រកួត​ប្រជែង​ស្នាដៃ​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​​​រយៈពេល​៥​ថ្ងៃ (​១៥-២០​ខែ​មេសា) នៅ​ទី​ក្រុង​ហូស្តុន រដ្ឋ​តិចសាស់​សហរដ្ឋអាមេរិក នា​ពេល​កន្លង​មក ធ្វើ​ឲ្យ​គ្រប់​ជនជាតិ​លើ​ពិភព​លោក​ចាប់​អារម្មណ៍​ពី​កម្ពុជា។

យុវនារី សំអាង ម៉ានីន បច្ចុប្បន្ន​រៀន​ថ្នាក់​ទី​១១ នៃ​សាលា​អន្តរជាតិ ZAMAN រាជធានី​ភ្នំពេញ។ ឪពុក​របស់​ ម៉ានីន​ឈ្មោះ ព្រៃ សំអាង មាន​អាយុ​៤៩​ឆ្នាំ ជា​នាយក​គណនេយ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ និង​អ្នក​ស្រី​ ហេង ច័ន្ទលីដា អាយុ​៤៥​ឆ្នាំ ជា​ម្ដាយ​កំពុង​ធ្វើការ​ជា​មន្ត្រី​សមាគម​ថែទាំ​សុខភាព​គ្រួសារ​នៅ​កម្ពុជា​ ហៅ​កាត់​ថា រ៉ាក់។

ឪពុក​និង​ម្ដាយ​របស់​ ម៉ានីន ​ឲ្យ​ដឹង​ថា លោក​មាន​កូន​​ស្រី​តែ​ម្នាក់​គត់​គឺ សំអាង ម៉ានីន។ លោក​បាន​មាន​ប្រសាសន៍​​សរសើរ​ ម៉ានីន​ ថា​តាំង​ពី​តូច​មក​នាង​រៀន​ពូកែ​រហូត មាន​ពិន្ទុ​ប្រចាំ​ខែ​គឺ​លេខ​១​ដល់​លេខ​៥​ជា​និច្ច។

ចំណែក​យុវនារី ម៉ានីន បាន​បង្ហាញ​ទស្សនៈ​របស់​នាង​ថា បន្ទាប់​ពី​ការ​រក​ឃើញ​ពី​កា​រ​ផលិត​ប្រេង​ម៉ាហ្សូត​ពី​ផ្លែ​ល្ហុងខ្វង ដោយ​​បាន​ទទួល​ពានរង្វាន់​ពិភពលោក​ផ្នែក​ថាមពល កាល​ពី​ពាក់កណ្ដាល​ខែ​មេសា​កន្លង​មក នាង​បាន​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​នេះ​ដល់​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ។ ព្រោះ​ការ​រក​ឃើញ​នេះ អន្តរជាតិ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ហេតុ​នេះ​នាង​ចង់​ឲ្យ​រូបមន្ត​ដែល​រក​ឃើញ​នេះ​បាន​ក្លាយ​ជា​សារប្រយោជន៍​ សម្រាប់​សង្គម​ជាតិ​ខ្មែរ៕

មេរៀនមួយសម្រាប់ស្ត្រីក្នុងចំណងអាពាហ៍ពិពាហ៍
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

នា​ពេល​ថ្មីៗ​នេះ កាសែត​ក្នុង​ស្រុក​មួយ​បាន​ផ្សាយ​ថា ស្ត្រី​ខ្មែរ​ម្នាក់​នៅ​ឯ​ខេត្ត​កំពង់​ធំ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ស្ថានទូត ​នៃ​ប្រទេស​បែលហ្សិក​ប្រចាំ​កម្ពុជា ដើម្បី​ទាមទារ​សុំ​ឲ្យ​ប្ដី​របស់​ខ្លួន​​ជា​ជនជាតិ​បែលហ្សិក​ដែល​បាន​លួច​ គេច​ខ្លួន​ត្រឡប់​ទៅ​ស្រុក​វិញ​ ហើយ​បាត់​ដំណឹង​សូន្យ​ឈឹង​នោះ​ឲ្យ​ជួយ​ផ្ដល់​អាហារកិច្ច​ចិញ្ចឹម​កូនស្រី។

កាសែត​​បាន​រាយការណ៍​ថា ស្ត្រី​ខ្មែរ​រូប​នោះ​បាន​ពឹង​ពាក់​ចាងហ្វាង​កាសែត​ម្នាក់​ឲ្យ​ជួយ​យក​ពាក្យបណ្ដឹង​នេះ​ទៅ​ស្ថានទូត​បែលហ្សិក ដោយ​គាត់​មិន​ទាន់​បាន​ដឹង​ថា ពាក្យបណ្ដឹង​នោះ​បាន​ទៅ​ដល់​ស្ថានទូត​បែលហ្សិក​ឬ​ក៏​អត់​នោះ​ទេ។

ជា​ការ​ពិត ករណី​បែប​នេះ​ទំនង​ជា​ករណី​ដ៏​កម្រ​មួយ ដែល​មាន​ជនជាតិ​ស្បែក​ស​ច្រមុះ​ស្រួច​លួច​រត់​ចោល ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ប្រពន្ធ​កូន​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ ស្របច្បាប់​បែបនេះ។ មែន​ហើយ ពិត​ជា​មាន​ច្រើន​ដែល​បុរស​បរទេស​បាន​រួម​មេត្រី​ជា​មួយ​ស្ត្រី​ខ្មែរ ដោយ​ខ្លះ​បាន​កូន ហើយ​ខ្លះ​ទៀត​ក៏​មិន​ទាន់​បាន ហើយ​ពួកគេ​បាន​ដាក់​មេផាយ​បិត​សាប៊ូ​បាតជើង​រត់​ចោល​នារី​ខ្មែរ​គ្មាន​ងាក​ ក្រោយ ទុក​ឲ្យ​នារី​ខ្មែរ​ចិញ្ចឹម​កូន​លេង​តែ​ម្នាក់​ឯង​យ៉ាង​កណ្ដោចកណ្ដែង​ក្នុង​ វាលវដ្តសង្សារ​នេះ។ ប៉ុន្តែ​ករណី​នេះ​ច្រើន​តែ​កើត​មាន​ចំពោះ​គូស្នេហ៍​ដែល​មិន​មាន​មង្គលការ​ ស្រប​ច្បាប់ ពិសេស​នៅ​ជំនាន់​អ៊ុនតាក់​នា​ឆ្នាំ ១៩៩០-៩៣ ដែល​កាល​ពី​ពេល​នោះ​មាន​ជន​បរទេស​ទាំង​អាស៊ី អឺរ៉ុប ទាំង​អាហ្វ្រិក និង​អាមេរិក​រាប់​សែន​នាក់​ដែល​បាន​មក​ជួយ​សម្របសម្រួល​ការងារ​បោះឆ្នោត​ ជាតិ​លើក​ដំបូង​នៅ​កម្ពុជា​យើង បន្ទាប់​ពី​សង្គ្រាម​ហែកហួរ​គ្នា​អស់​រយៈ​ពេល ២០ ឆ្នាំ​គឺ​ចាប់​ពី​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៩០។ បច្ចុប្បន្ន​មាន​កូន​អ៊ុនតាក់​ច្រើន​ណាស់​ដែល​ពួក​គេ​រស់​នៅ​ពេញ​វ័យ តែ​មិន​ដឹង​ឪពុក​នៅ​ទី​ណា។ អ៊ុនតាក់​ជា​ពាក្យ​ដែល​បាន​មក​ពី​អក្សរ​អង់គ្លេស​ថា UNTAC (United Nations Transitional Authority in Cambodia) ដោយ​មាន​ន័យ​ថា អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា។​

ឥឡូវ​យើង​និយាយ​តែ​ពី​រឿង​គូស្នេហ៍​ដែល​​មាន​មង្គលការ ឬ​មាន​ចំណង​អាពាហ៍ពិពាហ៍​ស្របច្បាប់​វិញ​ម្ដង។ ករណី​ស្រដៀង​គ្នា​ទៅ​នឹង​ស្ត្រី​នៅ​ខេត្ត​កំពង់ធំ​ខាង​លើ​នេះ​គឺ​ពិត​ជា​កើត ​មាន​រាប់​មិន​អស់​ចំពោះ​បុរស​អាស៊ី។ ចុះ​បុរស​ខ្មែរ​របស់​យើង​វិញ​យ៉ាង​ម៉េច​ដែរ? ពិបាក​នឹង​និយាយ​ណាស់ គឺ​ហា​ទៅ​វា​ស្លាក់​ខ្ជាក់​ទៅ​វា​ស្លែង តែ​បើ​មិន​និយាយ គឺ​មិន​បាន គឺ​ត្រូវតែ​រំលឹក​ខ្លះ​ព្រោះ​នៅ​ក្នុង​សង្គម​របស់​យើង ករណី​បែប​នេះ​គឺ​មាន​ច្រើន​មែន​ទែន។ មាន​បុរស​ជា​ច្រើន​បាន​បោះបង់​ចោល​ប្រពន្ធ​កូន​ទុក​ឲ្យ​រស់​នៅ​វេទនា ហើយ​ខ្លួន​បែរ​ជា​ទៅ​រស់​នៅ​ជា​មួយ​នារី​ផ្សេង​យ៉ាង​ត្រជាក់ចិត្ត។ ចំណែក​ឯ​ស្ត្រី​ជា​ភរិយា ពិសេស​ស្ត្រី​រស់​នៅ​តាម​តំបន់​ជនបទ ដែល​ការ​អប់រំ​ផ្នែក​ចំណេះ​ដឹង​ទូទៅ​របស់​ពួក​គេ​មាន​កម្រិត​ទាប ហើយ​មិន​អាច​ទទួល​សេវា​ការពារ​ផ្នែក​ច្បាប់​បាន​គ្រប់គ្រាន់​នោះ បែរ​ជា​ទទួល​រងគ្រោះ ដែល​ពួកគេ​ជាទូទៅ​នៅតែ​គិត​ថា​ជា​ផល​កម្ម​របស់​ពួកគេ​ទៅ​វិញ ។ ការ​គិត​បែប​នេះ​ពិត​ជា​មាន​កំហុស​យ៉ាង​ធ្ងន់​មិន​ត្រឹម​តែ​ចំពោះ​ខ្លួន​ឯង​ ប៉ុណ្ណោះ​នោះ​ទេ តែ​ថែម​ទាំង​ចំពោះ​កូន​ចៅ និង​ក្នុង​សង្គម​គ្រួសារ​ទាំងមូល ដោយ​បណ្ដោយ​ឲ្យ​បុរស​កំហូច​មិន​បាន​បំពេញ​តួនាទី និង​ការ​ទទួល​ខុសត្រូវ​ក្នុង​នាម​ជា​ស្វាមី និង​ជា​ឪពុក។ សូម្បី​តែ​សត្វ​តិរច្ឆាន​ក៏​វា​រក​ចំណី​ឲ្យ​កូន​របស់​វា​ស៊ី​បាន​ធំធាត់ និង​បង្រៀន​ឲ្យ​ចេះ​ដើរ រត់ លូន​និង​អាច​រក​ចំណី​បាន​ខ្លះ​ដែរ មុន​នឹង​ពួកវា​បោះបង់​កូន​របស់​ខ្លួន​ចោល​នោះ។ ចុះ​មនុស្ស​វិញ? បើ​មិន​មាន​ការ​ទទួល​ខុសត្រូវ​ដូច​ខាង​លើ​នោះ​ទេ​គឺ​ពិត​ជា​អន់​ជាង​សត្វ​ តិរច្ឆាន​ទៅទៀត។ យើង​សូមទោស​ក្នុង​ការ​និយាយ​បែប​នេះ​ដល់​លោក​បុរសៗ​ដែល​គ្មាន​ការ​ទទួល​ខុស​ ត្រូវ​ចំពោះ​ប្រពន្ធ​កូន​នោះ!

មិន​អាច​ប្រកែក​បាន​ទេ​ដែល​ថា ស្ត្រី​ខ្មែរ​យើង​ភាគច្រើន​មាន​ការ​អត់ធ្មត់ ខាំ​មាត់​សង្កត់​ចិត្ត អោប​ទុក្ខ​ក្នុង​ដើម​ទ្រូង សុខចិត្ត​លំបាក​ទាំង​កាយ​ទាំង​ចិត្ត​តែ​ម្នាក់​ឯង ដោយ​បណ្ដោយ​ឲ្យ​ស្វាមី​វង្វេង​បឹង​ពុល​នឹង​កាមទេព​ទៅ​មួយ​ខ្យល់ និង​ទុក​ឱកាស​បាន​កែ​ខ្លួន​វិល​មក​រក​ទ្រនំ​ដើម​សាង​ជីវិត​ថ្មី​លើ​ចំណង​ ស្នេហ៍​ចាស់​វិញ។ ការ​ទុក​ឱកាស​បែបនេះ ព្រោះ​ស្ត្រី​ខ្មែរ​យល់ថា ខ្លួន​មិន​ចង់​ឲ្យ​បុរស​ជា​ស្វាមី​ដែល​ខ្លួន​បាន​ស្រឡាញ់​អោប​នៅ​នឹង​ដើម​ ទ្រូង និង​ជា​ឧពុក​របស់​កូន​របស់​ខ្លួន​ត្រូវ​ជាប់​ទោស​ទណ្ឌ​ពី​ការ​ប្ដឹងផ្ដល់​ នោះ​ឡើយ។ ជា​ការ​ពិត មាន​បុរស​ខ្លះ​ក៏​បាន​ភ្ញាក់​ខ្លួន​ដូច​ខ្មោច​ប្រាំពីរ​ថ្ងៃ ហើយ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ជួបជុំ​ប្រពន្ធ​កូន​តាម​សម្រួល ហើយ​ក៏​មាន​បុរស​ខ្លះ​ទៀត ដែល​ខ្មែរ​យើង​តែងតែ​និយាយ​ថា "កែ​មិន​ឡើង" ដោយ​បណ្ដោយ​ខ្លួន​ទៅ​តាម​កាម​តណ្ហា​មួយ​ទំហឹង យក​មួយ​ទៅ​មួយ​ព្រោះ​ខ្លួន​មាន​មន្ត​ស្នេហ៍ ហើយ​មិន​ចូលចិត្ត​របស់​ដដែលៗ​នោះ​ទេ។ ពួកគេ​ពិត​ជា​មាន​សំណាង​អី​ម្លេះ​ហ៎្ន!

ទាក់ទិន​នឹង​បញ្ហា​នេះ ស្ត្រី​ត្រូវ​ដឹង​សិទ្ធិ​របស់​ខ្លួន ហើយ​ហ៊ាន​ក្រោក​ឈរ​ឡើង​ដើម្បី​សេរីភាព​ស្របច្បាប់។ ស្ត្រី​ត្រូវ​តែ​ដឹង​ពី​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន ដើម្បី​ត្រៀម​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​ជា​យថាហេតុ។ ឧទាហរណ៍​មួយ​របស់​ស្ត្រី​នៅ​ខេត្ត​កំពង់ធំ​នេះ គឺ​ជា​មេរៀន​មួយ​ដែល​ស្ត្រី​ខ្មែរ​គ្រប់​រូប​ត្រូវ​តែ​ចង​ចាំ ហើយ​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ចំណង​អាពាហ៍ពិពាហ៍ មិន​ថា​ឡើយ​ជាមួយ​បុរស​ជនជាតិ​បរទេស​នោះ​ទេ តែ​ក៏​ជា​មួយ​នឹង​បុរស​កម្ពុជា​ដូច​គ្នា​ដែរ។ ការ​យល់​ច្បាស់​ពី​ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ដោយ​រួម​ទាំង​ច្បាប់​ផ្សេងៗ​ទៀត ដូច​ជា​ច្បាប់​ស្ដី​ពី​ឯក​ពន្ធភាព ដែល​រៀបរាប់​ពី​ទោស​ទណ្ឌ​នៃ​ការ​ផិត​ក្បត់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ និង​ច្បាប់​ស្ដី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការពារ​ជន​រងគ្រោះជាដើម គឺ​សុទ្ធ​តែ​មាន​ប្រយោជន៍​សម្រាប់​ស្ត្រី​គ្រប់ៗ​រូប​ក្នុង​ការ​ការពារ​ ខ្លួន​ឯង​ផង និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ផង ដូច​ជា​កូន​ចៅ និង​អ្នក​ដែល​រស់​ជុំវិញ​ខ្លួន ក៏​ដូច​ជា​អ្នក​រស់នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​ដែរ។

ស្ត្រី​ទាំង​អស់​ត្រូវ​គិត​ថា ខ្លួន​មិន​មែន​ឯកោ​នោះ​ទេ ព្រោះ​ខ្លួន​កំពុង​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​សម្បូណ៌​ដោយ​ច្បាប់។ស្ត្រី​ ត្រូវ​ចេះ​ស្វះស្វែង​រក​ការ​ប្រឹក្សា​យោបល់​តាមរយៈ​សហគមន៍ តាមរយៈ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឬ​ក៏​តាមរយៈ​អ្នក​តំណាងរាស្ត្រ​របស់​ខ្លួន។ ជាង​នេះ​ទៅ​ទៀត​នៅ​ប្រទេស​របស់​យើង​ឥឡូវ ក៏​មាន​សមាគម​អ្នក​ច្បាប់​ ដែល​មាន​មេធាវី​ជួយ​ការពារ​ក្ដី​ឲ្យ​ជន​រងគ្រោះ​ក្រីក្រ​ដោយ​មិន​គិត​ថ្លៃ​ សេវា​ទៀត​ផង។

ដោយ​សារ​តែ​ជួយ​លើកស្ទួយ​សិទ្ធិ​ស្ត្រី​ និង​យេនឌ័រ​នេះ​ហើយ ទើប​សង្គម​របស់​យើង​តែងតែ​បាន​ប្រារព្ធ​ពិធី​ទិវា​នារី​អន្តរជាតិ ៨ មីនា ដើម្បី ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ការងារ​​នៅ​ក្នុង​សង្គម និង​ទិវា​យុទ្ធនាការ ១៦ ថ្ងៃ (បំពាក់​បូ​ពណ៌​ស) ដែល​ជា​ទិវា​បង្ហាញ​ពី​សកម្មភាព​ប្រឆាំង​នឹង​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​និង​កុមារ។ ម្យ៉ាងទៀត យើង​មាន​អង្គការ​ស្ត្រី យើង​មាន​បណ្ដាញ​ស្ត្រី ហើយនិង​មាន​អង្គការ​គាំទ្រ​ការងារ​ស្ត្រី ដែល ​ទាំងអស់​ខាង​លើ​នេះ​ពិត​ជា​អាច​ជួយ​ការពារ​ស្ត្រី​តាម​ផ្លូវ​ច្បាប់​បាន។ ការ​យល់ដឹង និង​ការ​ហ៊ាន​ប្រឈម​ទៅ​នឹង​បញ្ហា​តាម​ផ្លូវ​ច្បាប់​គឺ​អាច​ឲ្យ​ស្ត្រី​ទទួល​ បាន​ផល​ប្រយោជន៍​ស្របច្បាប់ មិន​ថា​ឡើយ​ពី​ចំណង​អាពាហ៍ពិពាហ៍​នោះ​ទេ តែ​ក៏​បាន​មក​ពី​ការងារ​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្គម​ទាំងមូល​ដែរ។ នៅ​ក្នុង​សង្គម​មួយ បើ​ស្ត្រី​ជា​ច្រើន​មាន​បញ្ហា​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ដោយ​មិន​បាន​ទទួល​ផល​ ស្រប​ច្បាប់​ពី​ចំណង​អាពាហ៍ពិពាហ៍​របស់​ខ្លួន​នោះ នោះ​នាំ​ឲ្យ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​គេ​មាន​បញ្ហា ហើយ​បើ​ក្រុម​គ្រួសារ​ជា​ច្រើន​មាន​បញ្ហា នោះ​វា​ជា​បន្ទុក​មួយ​ដ៏​ធំ​នៅ​ក្នុង​សង្គម​ដែល​ជា​អម្រែក​មួយ​ដ៏​ធ្ងន់​ របស់​មេ​ដឹកនាំ​ប្រទេស។

ហេតុនេះ ខណៈ​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង និង​លើកស្ទួយ​ពីសង្គម ស្ត្រី​ខ្លួន​ឯង​ត្រូវតែ​ខិតខំ​ស្វែងយល់​ពី​សិទ្ធិ ដើម្បី​ការពារ​ផល​​ប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន របស់​គ្រួសារ និង​របស់​សង្គម​ទាំង​មូល​ផង។ បន្ថែម​ពី​លើ​នេះ ស្ត្រី​ត្រូវ​មាន​ជំនឿ​លើ​ខ្លួន​ឯង ហើយ​ត្រូវ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ទាំង​ចំណេះដឹង និង​ចំណេះ​ធ្វើ​ ដោយ​មិន​ត្រូវ​ពឹងផ្អែក​លើ​សេដ្ឋកិច្ច​ទាំង​ស្រុង​ពី​បុរស​ជា​ស្វាមី​នោះ​ ទេ។ ពាក្យ​បុរាណ​មួយ​ឃ្លា​បាន​ពោល​ថា "សំណាប​យោង​ដី ស្រី​យោង​បុរស"។ ពាក្យ​មួយ​ឃ្លា​នេះ​ពិតជា​មាន​ន័យ​ទូលំទូលាយ ដែល​អាច​បញ្ជាក់​បាន​ថា ស្ត្រី​គឺ​ជា​កម្លាំង​មិន​អាច​ខ្វះ​បាន​ទាំង​នៅ​ក្នុង​សង្គម​គ្រួសារ និង​ទាំង​នៅ​ក្នុង​សង្គមជាតិ​ទាំងមូល។

និយាយ​សរុប​មក​វិញ មេរៀន​ដែល​កើត​មាន​ចំពោះ​ស្ត្រី​ខាង​លើ​គឺ​ជា​បទពិសោធន៍​មួយ​ដែល​យើង​ទាំង​ អស់​គ្នា​ត្រូវតែ​ចងចាំ ហើយ​ស្ត្រី​គ្រប់រូប​ត្រូវតែ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​ចំណង​ អាពាហ៍ពិពាហ៍​មុន​នឹង​សម្រេច​ចិត្ត​រួមសំវាស​នឹង​បុរស​ណា​ម្នាក់។ មនុស្ស​គ្រប់ៗ​រូប​ទាំង​ស្ត្រី​ទាំង​បុរស​មាន​សិទ្ធិ​ស្មើ​គ្នា​ដែល​មាន​ចែង ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស៕

ការ​ធ្វើ​ចំណាក​ស្រុក​ ដើម្បី​រក​ការងារ​ធ្វើ​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

រាជធានី​ភ្នំពេញ៖ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​រៀបចំ​បើក​សិក្ខាសាលា​មួយ​ស្ដី​ពី​ការ​ពិគ្រោះ​យោបល់​លើ​​គោលនយោបាយ​ ទេសន្ដរប្រវេសន៍​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​សណ្ឋាគារ​សាន់វ៉េ​ កាល​ពី​ថ្ងៃ​ទី​៦​ ឧសភា​ ក្រោម​អធិបតីភាព​លោក​ សេង​ សក្ដា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ​របស់​ក្រសួង​ការងារ។

ថ្លែង​សុន្ទរកថា​ នៅ​ក្នុង​ឱកាស​នោះ​លោក​ សេង​ សក្ដា​ បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ទេសន្ដរប្រវេសន៍​ការងារ​ (ឬ​ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ) កំពុង​ក្លាយ​ជា​ផ្នែក​​មួយ​យ៉ាង​សំខាន់​នៃ​ទី​ផ្សារ​​ការងារ​នា​យុគសម័យ​ បច្ចុប្បន្ន​នេះ​ ទាំង​នៅ​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ និង​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ទន្ទឹម​នឹង​នេះ​ ទេសន្ដរប្រវេសន៍​ការងារ​ក៏​បាន​បង្កើត​ឡើង​នូវ​បញ្ហា​​ស្មុគស្មាញ​ជា​ច្រើន​ ផង​ដែរ​ ដោយ​ក្នុង​នោះ​មាន​មតិ​ពីរ​លើក​ឡើង​ផ្សេង​ពី​គ្នា​ គឺ​មួយ​គាំទ្រ​ការ​ធ្វើ​ទេសន្ដរប្រវេសន៍​​ការងារ​​ និង​មួយ​ទៀត​ជំទាស់​នឹង​ការ​ធ្វើ​ទេសន្ដរប្រវេសន៍​ការងារ។ ចំពោះ​មតិ​គាំទ្រ​យល់​ថា​ ការ​ធ្វើ​ទេសន្ដរប្រវេសន៍​ការងារ​បាន​ជួយ​កាត់​បន្ថយ​អត្រា​ភាព​គ្មាន​ ការងារ​ធ្វើ​​នៅ​ក្នុង​ប្រទេស​បញ្ជូន​បំពេញ​កង្វះ​ខាត​កម្លាំង​ពលកម្ម​ក្នុង ​ប្រទេស​ទទួល​ផ្ដល់​​ឲ្យ​ពលករ​ទេសន្ដរប្រវេសន៍​ទទួល​បាន​នូវ​ឱកាស​អភិវឌ្ឍន៍ ​ជំនាញ​នៅ​ក្រៅ​ប្រទេស​ និង​បញ្ជូន​ប្រាក់បញ្ញើ​ត្រឡប់​មក​ធ្វើ​ការ​វិនិយោគ​លើក​កម្ពស់​សេដ្ឋកិច្ច​ ប្រទេស​របស់​ខ្លួន​វិញ។ ចំណែក​ឯ​មតិ​ជំទាស់​វិញ​យល់​ថា​ ការ​ធ្វើ​ទេសន្ដរប្រវេសន៍​ការងារ​ គឺ​ជា​ការ​បរាជ័យ​ក្នុង​ការ​បង្កើត​ការងារ​សមរម្យ​ ការ​បាត់បង់​ធនធាន​​មនុស្ស​ក្នុង​ប្រទេស​បញ្ជូន​ បង្កើន​ភាព​ប្រកួតប្រជែង​ទី​ផ្សារ​ការងារ​ក្នុង​ប្រទេស​ទទួល​ជា​ពិសេស​ចំពោះ ​កម្មករ​មាន​ជំនាញ​តិចតួច​ និង​ការ​គំរាមកំហែង​​ចំពោះ​សន្តិសុខ​របស់​ប្រទេស​ទទួល។

លោក​អគ្គនាយក​បន្ត​ថា​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​ឃើញ​ថា​ មាន​ចំណុច​រួម​​មួយ​ពោល​គឺ​ ប្រសិន​បើ​ទេសន្តរប្រវេសន៍​ការងារ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រព័ន្ធ​ ​ស្រប​ច្បាប់​មាន​ការ​គ្រប់គ្រង​ច្បាស់លាស់​ត្រឹមត្រូវ​ និង​​មាន​តម្លាភាព​ នោះ​វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​គ្រប់​គ្នា​ទាំងអស់​ ទាំង​ប្រទេស​ទទួល​ ទាំង​ប្រទេស​បញ្ជូន​ ទាំង​ភ្នាក់ងារ​បញ្ជូន​ និង​ជា​ពិសេស​​ពលករ​ខ្លួន​ឯង។ ម្យ៉ាង​វិញ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​ ការ​ធ្វើ​ទេសន្ដរប្រវេសន៍​ការងារ​ គឺ​ជា​ប្រធានបទ​ដ៏​រសើប​មួយ​សម្រាប់​ទាំង​រាជរដ្ឋាភិបាល​ ក៏​ដូចជា​អង្គការ​អន្តរជាតិ​ និង​អង្គការ​​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​កំពុង​​ធ្វើការ​នៅ​ក្នុង​​ប្រទេស​ កម្ពុជា។ ក្នុង​ពេល​កន្លង​មក​ ភាគ​ច្រើន​នៃ​ការ​​អន្តរាគមន៍​ និង​ការ​សិក្សា​ស្រាវជ្រាវ​នានា​ដែល​ទាក់ទង​នឹង​ចលនា​បំលាស់ទី​របស់​ ប្រជាពលរដ្ឋ​ គឺ​​ផ្ដោត​ទៅ​លើ​ការ​ជួញដូរ​មនុស្ស​ ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ និង​ការ​ធ្វើ​បំលាស់​ទី​ដោយ​បង្ខំ។ ប៉ុន្តែ​​ចាប់​ពី​ឆ្នាំ​២០០៤​មក​ ការ​ធ្វើ​ទេសន្ដរប្រវេសន៍​ការងារ​បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​​មួយ​ សម្រាប់​​ការ​សិក្សា​ស្រាវជ្រាវ​ និង​​សកម្មភាព​​គម្រោង​នានា។

ជា​ក្រឹត្យក្រម​ធម្មជាតិ​ និង​សង្គម​ ជីវិត​មនុស្ស​រស់នៅ​ គឺ​អាស្រ័យ​ដោយសារ​ការ​ធ្វើ​ការងារ​ ដូច្នេះ​បំលាស់ទី​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​​គឺ​ជា​បញ្ហា​ដែល​ពេល​ខ្លះ​ មិន​អាច​ចៀសវាង​បាន​ឡើយ។ ជា​ទូទៅ​ បំលាស់ទី​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ចេញ​ក្រៅ​ប្រទេស​ គឺ​ជា​ការងារ​រងគ្រោះ​ប្រសិន​បើ​មិន​មាន​វិធានការ​សមស្រប​ដើម្បី​ការពារ​ជន​ ទាំង​នោះ​ជា​ពិសេស​​ចំពោះ​ស្ត្រី និង​កុមារ។ យើង​សង្កេត​ឃើញ​ផង​ដែរ​ថា​ ឫស​គល់​នៃ​ការ​ជួញដូរ​មនុស្ស​ ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ការ​រីក​រាលដាល​នៃ​ជំងឺ​អេដស៍​ គឺ​ដោយសារ​​កត្តា​នៃ​ភាព​ក្រីក្រ​មិន​មាន​ការ​ងារ​ធ្វើ​ និង​ស្វែង​រក​ការងារ​ធ្វើ​ដោយ​ប្រថុយប្រថាន។ ដូច្នេះ​ ការ​ដោះស្រាយ​បញ្ហា​ការងារ​ដោយ​សមរម្យ​តាម​រយៈ​ការ​រៀបចំ​គោលនយោបាយ​ដើម្បី​ គ្រប់គ្រង​ទេសន្ដរប្រវេសន៍​ការងារ​ (ទាំង​ចូល​-ទាំង​ចេញ)​ ជា​កត្តា​ចាំបាច់​បំផុត៕

រួម​គ្នា​ការពារ​​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ពី​ការ​​បៀតបៀន​ផ្លូវ​ភេទ​ និង​អំពើហិង្សា

ភ្នំពេញ៖ ការ​បៀតបៀន​ផ្លូវ​ភេទ​​អំពើហិង្សា​ តែ​ង​កើត​​មាន​ជា​ញឹកញាប់​លើ​ស្ត្រី​​ផ្សព្វផ្សាយ​ស្រាបៀរ​ ហើយ​សុវត្ថិភាព​សុខភាព​​ និង​សិទ្ធិ​របស់​នារី​​លក់​ស្រាបៀរ​បាន​ត្រូវ​គេ​រំលោភ​បំពាន​នោះ​ អង្គការ​ឃែរ​ សហការ​ជាមួយ​ក្រសួង​កិច្ចការនារី​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ធានា​សុវត្ថិភាព​ថ្លៃថ្នូរ​របស់​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ។

កាល​ពី​ថ្ងៃអង្គារ​ ៥​ឧសភា​ ឆ្នាំ​២០០៩​ នៅ​ឯ​ភោជនីយដ្ឋាន​​បឹងយក្សឡោម​ អង្គការ​ឃែរ​ និង​ក្រសួង​កិច្ចការនារី​បាន​ចាប់​ដៃ​គ្នា​បង្កើត​យុទ្ធនាការ​​សាកល្បង​ថ្នាក់​ជាតិ​មួយ​ស្ដី​ពី​ "កន្លែង​​ធ្វើការ​គ្មាន​អំពើហិង្សា"។ យុទ្ធនាការ​ដែល​ធ្វើ​ឡើង​ក្នុង​ភោជនីយដ្ឋាន​ចំនួន​៦​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​នៅ​ព្រែកលៀប​នេះ​ ចូល​រួម​ពី​លោកស្រី​ ហោ​ ម៉ាលីន​ អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ លោក​ ជីវ​ ផល្លី​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ អ្នក​ស្រី​ ប៉ូឡា​ គ្លីសុន​ ប្រធាន​កម្មវិធី​​ស្គិច​អង្គការ​ឃែរ​ ព្រម​ទាំង​ក្រុម​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ និង​ម្ចាស់​ហាង។

យុទ្ធនាការ​ "កន្លែង​ធ្វើការ​គ្មាន​អំពើហិង្សា" នេះ​មាន​គោលបំណង​ចម្បង​ដូចជា​កាត់បន្ថយ​រាល់​ទម្រង់​នៃ​ការ​បៀតបៀន​ផ្លូវ​ភេទ​ និង​អំពើ​ហិង្សា​ដែល​ជា​រឿយៗ​កើត​មាន​ចំពោះ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ និង​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​នៅ​កន្លែង​​ធ្វើការ​ ហើយ​លើក​កម្ពស់​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម​នៅ​ក្នុង​ចំណោម​អតិថិជន​បុរស​ស្ត្រី​ដែល​ស្វែងរក​ការ​កម្សាន្ត​នៅ​តាម​គ្រឹះស្ថាន​កម្សាន្ត​ចំពោះ​ការងារ​​ផ្សព្វផ្សាយ​ស្រាបៀរ។

សេចក្ដី​រំពឹង​​ទុក​របស់​យុទ្ធនាការ​នេះ​សង្ឃឹម​ថា​​ នឹង​មាន​ការ​ថយ​ចុះ​នូវ​ចំនួន​​ឧប្បត្តិហេតុ​ទាក់ទង​នឹង​អំពើហិង្សា​ និង​ការ​​បៀតបៀន​ផ្លូវ​ភេទ​មក​លើ​ស្ត្រី​​ផ្សព្វផ្សាយ​ស្រាបៀរ​ តាមរយៈ​ការ​រាយការណ៍​​ដោយ​ស្ត្រី​ផ្ទាល់​ ម្ចាស់​ហាង​ និង​​បុគ្គលិក​ក្នុង​ហាង​ ហើយ​ចំនួន​នៃ​ការ​រាយការណ៍​ក្នុង​ចំណោម​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​នឹង​កើន​ឡើង​ ជា​ពិសេស​រំពឹង​ថា​ នឹង​ទទួល​​បាន​ការ​សហការ​ពី​មណ្ឌល​កម្សាន្ត​ផ្សេងៗ​ទៀត។

លោកស្រី​ ប៉ូឡា​ គ្លីសុន​ ប្រធាន​កម្មវិធី​របស់​អង្គការ​ឃែរ​ បាន​មាន​ប្រសាសន៍​ថា​ យុទ្ធនាការ​នេះ​នឹង​ជួយ​ឲ្យ​ស្ត្រី​ផ្សព្វផ្សាយ​​ស្រាបៀរ​ទទួល​បាន​នូវ​ការ​គោរព​ ការ​ការពារ​ពី​ការ​បៀតបៀន​ផ្លូវ​ភេទ​និង​អំពើហិង្សា។ ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​លើក​ទឹក​ចិត្ត​​ឲ្យ​រាយការណ៍​ និង​ទទួល​បាន​នូវ​សុវត្ថិភាព​ សន្តិសុខ​ និង​កន្លែង​​ធ្វើការ​​មួយ​ដែល​មាន​សុវត្ថិភាព។ ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ត្រូវ​ការ​ "ការ​គោរព" ព្រោះ​ពួក​គាត់​ប្រៀប​ដូចជា​ ម្ដាយ​ កូនស្រី​ បងស្រី​ ប្អូនស្រី​ ចៅស្រី​ របស់​លោក​អ្នក​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត​ អង្គការ​ឃែរ​គាំទ្រ​ដល់​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ ក្នុង​ការ​បង្កើត​ក្រុម​សាមគ្គី​ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​សមាជិក​រហូត​ដល់​២០០​នាក់​នៅ​ទី​ក្រុង​ភ្នំពេញ។

អ្នកស្រី​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​អង្គការ​ វិស័យ​ឯកជន​រួម​គ្នា​ទប់ស្កាត់​ការ​បៀតបៀន​ផ្លូវ​ភេទ​ ការ​ប្រើ​អំពើហិង្សា​ចំពោះ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ។ លោកស្រី​ ហោ​ ម៉ាលីន​ អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ​ក៏​បាន​សម្ដែង​​មតិ​ចាប់​អារម្មណ៍​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​យុទ្ធនាការ​ "កន្លែង​​ធ្វើការ​គ្មាន​អំពើហិង្សា" ថា​យើង​ត្រូវ​លើក​ស្ទួយ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ដូច្នេះ​ស្ត្រី​ត្រូវ​តែ​​ចៀស​ផុត​ពី​អំពើហិង្សា​ការ​បៀតបៀន​​ផ្លូវ​ភេទ​ ហើយ​បាន​នូវ​សុវត្ថិភាព​ សុខភាព​ និង​សិទ្ធិ។

អ្នកស្រី​បាន​ទទួល​ស្គាល់​ថា​ អំពើហិង្សា​ និង​​ការ​បៀតបៀន​ផ្លូវ​ភេទ​ ការ​រំលោភ​នៅ​តែ​មាន​ តែ​កាត់​បន្ថយ​​បាន​ច្រើន។ ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​នេះ​មាន​ប្រសិទ្ធភាព​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​សាមគ្គី​គ្នា​ទាំង​រដ្ឋាភិបាល​ អង្គការ​ ម្ចាស់​ហាង​ និង​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ខ្លួន​ឯង។

លោកស្រី​បន្ថែម​ថា​ ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ត្រូវ​ចេះ​​ការពារ​ខ្លួន​ឯង​​ថា​ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​បញ្ចៀស​ពី​បញ្ហា​ទាំង​នេះ​ ដូចជា​កុំ​ស្លៀកពាក់​សិចស៊ី​ពេក​ កុំ​អង្គុយ​​ផឹក​ជាមួយ​ភ្ញៀវ​ជា​ដើម។ ម្យ៉ាង​ទៀត​​ត្រូវ​ចេះ​សាមគ្គី​គ្នា​នៅ​ក្នុង​ហាង​នីមួយៗ​ និង​ហ៊ាន​រាយការណ៍​ ឬ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ចំណែក​​ម្ចាស់​ហាង​បើ​កើត​មាន​បញ្ហា​អ្វី​ គឺ​ត្រូវ​​រាយការណ៍​ និង​ប្រមូល​ភស្ដុតាង​ឲ្យ​បាន​គ្រប់គ្រាន់​ ហើយ​គួរ​រៀបចំ​ត្រួតពិនិត្យ​រាល់​ហេតុការណ៍​ដែល​បាន​កើត​ឡើង។

ជាមួយ​គ្នា​នេះ​លោក​វរសេនីយ៍​ ជីវ​ ផល្លី​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ​ក៏​បាន​ទទួល​ស្គាល់​ចំពោះ​ការ​កើត​ឡើង​នៃ​​អំពើហិង្សា​ និង​ការ​បៀតបៀន​ផ្លូវ​ភេទ​​លើ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ។ ដូច្នេះ​​សំខាន់​​គួរ​រួបរួម​គ្នា​ធ្វើ​ដូចម្ដេច​ ដើម្បី​ទប់ស្កាត់ ​និង​កាត់បន្ថយ។

លោក​បញ្ជាក់​ថា​ កន្លង​មក​ស្ត្រី​រងគ្រោះ​មិន​ប្ដឹង​ដោយ​យល់​ថា​ការ​ប្ដឹង​មិន​បាន​ការ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​​លោក​ណែនាំ​ឲ្យ​មាន​ការ​ប្ដឹង​​មក​នគរបាល​មាន​សមត្ថកិច្ច។ កន្លង​មក​លោក​ក៏​បាន​ចាត់​វិធានការ​ស៊ើប​អង្កេត​ករណី​ដូច្នេះ​ជា​ច្រើន​ដែរ​ ហើយ​ក៏​បាន​បញ្ជូន​សំណុំ​រឿង​​ទៅ​តុលាការ​ដែរ​ ប៉ុន្តែ​​បាន​ស្នើ​ទៅ​អង្គការ​ឃែរ​ ឬ​ក្រសួង​កិច្ចការ​នារី​ជួយ​តាមដាន​ឃ្លាំ​មើល​ផង​ថា​ តើ​តុលាការ​បាន​ចាត់​តាម​នីតិវិធី​ឬ​អត់។

ក្នុង​ឱកាស​នោះ​ នាង​ កែវ​ ចាន់ពិសី​ តំណាង​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​បាន​ឡើង​សម្ដែង​មតិ​ថា​ តាមរយៈ​យុទ្ធនាការ​នេះ​ យើង​ខ្ញុំ​សង្ឃឹម​ថា​ នឹង​អាច​ជួយ​ដល់​ភ្ញៀវ​ក៏​ដូចជា​ម្ចាស់​ហាង​មេការ​មួយ​ចំនួន​ធ្វើការ​កែប្រែ​ឥរិយាបថ​ប្រព្រឹត្ត​ក៏​ដូចជា​​ការ​គិត​ពី​ការ​ ដែល​គាត់​ធ្លាប់​មើល​ងាយ​លូកលាន់​ រហូត​​ដល់​ការ​ប្រើ​អំពើហិង្សា​លើ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​​ ឲ្យ​មក​ជា​ការ​ឲ្យ​តម្លៃ​ និង​លើក​កម្ពស់​សិទ្ធិ​ប្រកប​ការងារ​របស់​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​វិញ។

ពិសី​ ក៏​​បាន​លើក​ឡើង​ពី​ឧប្បត្តិហេតុ​ធំៗ​ដែល​កើត​ឡើង​ថ្មីៗ​កន្លងទៅ​​នេះ​ចំពោះ​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ ដែល​​បុរស​ជា​ភ្ញៀវ​បាន​ប្រើ​អំពើហិង្សា​ បៀតបៀន​ផ្លូវ​ភេទ​ បង្ខំ​ឲ្យ​ផឹក​ស្រាបៀរ​ និង​​ប្រើ​ពាក្យ​សម្ដី​មាក់ងាយ៕






ហ្វាំងឡង់​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​ទឹកប្រាក់ ១៨,៦​លាន​អឺរ៉ូ​ សម្រាប់​អនុវត្ត​គម្រោង​៣
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​ហ្វាំងឡង់​ប្រចាំ​នៅ​កម្ពុជា​លោក ឡារស៍ ប៊ែក​ស្ត្រូម (Lars Backstrom) បាន​បញ្ជាក់​ច្បាស់​ថា ប្រទេស​ហ្វាំងឡង់​បាន​នឹង​បន្ត​ជួយ​​ ឧបត្ថម្ភ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ទឹកប្រាក់​ចំនួន​១៨,៦​លាន​អឺរ៉ូ សម្រាប់​អនុវត្ត​គម្រោង​សំខាន់ៗ​៣ រួម​មាន​គម្រោង​ដោះមីន ការ​ជួញដូរ​កុមារ​និង​ស្រី និង​គម្រោង​អភិវឌ្ឍន៍​បឹងទន្លេសាប។

លោក​ឯកអគ្គរដ្ឋទូត​ហ្វាំងឡង់​បាន​បញ្ជាក់​អំពី​ជំនួយ​នេះ​នៅ​ក្នុង​ខណៈ​ពេល លោក​ត្រូវ​បាន​ទទួល​ជួប​សន្ទនា​ជាមួយ​លោក ឡុង វិសាលោ រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែ​ឧសភា​នេះ​នៅ​ទីស្ដីការ​ក្រសួងការបរទេស។

លោក​ ហ៊ុល ផានី ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជំនួយ​របស់​រដ្ឋាភិបាល​ហ្វាំងឡង់​ជូន​ដល់​កម្ពុជា​ក្នុង​ទឹកប្រាក់​១៨,៦​លាន​អឺរ៉ូ​នេះ​គឺ ​សម្រាប់​នៅ​ឆ្នាំ​២០០៨​​មាន​ទឹកប្រាក់​៦,៧​លាន​អឺរ៉ូ សម្រាប់​ឆ្នាំ​២០០៩​មាន​ទឹកប្រាក់​៥,៦​លាន​អឺរ៉ូ​​ សម្រាប់​ឆ្នាំ​២០១០​​មាន​ទឹកប្រាក់​២,៣​លាន​អឺរ៉ូ ​សម្រាប់​ឆ្នាំ​២០១១​មាន​ទឹកប្រាក់​២,៥​លាន​អឺរ៉ូ ​និង​សម្រាប់​ឆ្នាំ​២០១២​មាន​ទឹកប្រាក់​១,៥​លាន​អឺរ៉ូ។

លោក ឡុង វិសាលោ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ហ្វាំងឡង់​ ដែល​បាន​ជួយ​ដល់​កម្ពុជា​តាំងពី​ដើម​រៀង​មក​​រហូត​ដល់​បច្ចុប្បន្ន​ និង​នៅ​នែ​បន្ត​ជួយ​តទៅ​រហូត​ដល់​ឆ្នាំ​២០១២។

យោង​លើ​ជំនួយ​មនុស្ស​ធម៌​អន្តរជាតិ​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​នា​ឆ្នាំ​១៩៧៩ ជាពិសេស​ជំនួយ​ពី​ប្រទេស​ហ្វាំងឡង់​នោះ​លោក ឡុង វិសាលោ បាន​បញ្ជាក់​ថា រហូត​មកដល់​បច្ចុប្បន្ន​កម្ពុជា​មាន​ការ​រីកចម្រើន​រឹងមាំ និង​បាន​ចូលរួម​បញ្ជូន​កម្លាំង​ថែរក្សា​សន្តិភាព​តាម​រយៈ​អង្គការ​សហប្រជាជាតិ ទៅ​ជួយ​ដោះមីន​នៅ​​ប្រទេស​ស៊ូដង់ និង​បន្ត​ទៅ​ជួយ​ដោះមីន​នៅ​ប្រទេស​ឆាដ និង​អហ្វ្រិកកណ្ដល​ទៀត​តាម​សំណូមពរ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​លើកឡើង​អំពី​សភាពការណ៍​មួយ​ចំនួន​នៅ​កម្ពុជា​ថា ប្រទេស​កម្ពុជា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក​នោះ​ទេ។ ផ្ទុយទៅវិញ​ផលិតផល​ស្រូវ​ទទួល​បាន​ទិន្នផល​ល្អ ដែល​ឆ្នាំ​២០០៨​បាន​នាំចេញ​លក់​នៅ​ក្រៅ​ប្រទេស​ចំនួន​៣​លាន​តោន។ ដោយសារ​កម្ពុជា​ជា​ប្រទេស​កសិកម្ម រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​យកចិត្ត​ទុកដាក់​សាង​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​បាន​ច្រើន​ទូទាំង​ប្រទេស​សម្រាប់​ជំរុញ​ទិន្នផល​ស្រូវ​ឲ្យ​កើន​ឡើង​ថែមទៀត។ ទន្ទឹម​នឹង​នេះ​កម្ពុជា​នៅតែ​បន្ត​នាំចេញ​សំលៀកបំពាក់​ទៅ​លក់​នៅ​សហគមន៍​អឺរ៉ុប​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​ប្រទេស​ហ្វាំងឡង់​ដែរ ទោះបី​នៅ​ពេល​នេះ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ទស្សនា​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ជាង​៣​ភាគរយ​ក៏ដោយ។

នៅ​ក្នុង​​ការ​ពិភាក្សា​គ្នា​នេះ​ លោក​ឯកអគ្គរដ្ឋទូត​ ហ្វាំងឡង់ ក៏បាន​ប្រគល់​លិខិត​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់​ជូន​ចំពោះ​ លោក​រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្ដីពី​ការ​គាំទ្រ​បេក្ខភាព​គ្នា​ទៅវិញ​ទៅមក ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​សម្រាប់​ឆ្នាំ ២០១៣-២០១៤៕





ប្រជុំ​រៀបចំ​ពិធី​បុណ្យ​ខួប​គំរប់​​៥៧៥​ឆ្នាំ​កំណើត ​របស់​រាជធានី​ភ្នំពេញ
រាជធានី​ភ្នំពេញ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦​ ឧសភា​ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​បាន​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​ក្នុង​ពិធី​បុណ្យ​ខួប​គំរប់​​​៥៧៥​ឆ្នាំ​កំណើត​រាជធានី​ភ្នំពេញ និង​ពិនិត្យ​បណ្ដាញ​លូ​ និង​ដើមឈើ​ដែល​ពុក​គល់​ក្នុង​រដូវ​ភ្លៀង​ ក្រោម​អធិបតីភាព​​លោក​ សុខ​ សម្បត្តិ​ អភិបាល​ខណ្ឌ។ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​​នោះ​មាន​អស់​​លោក​ លោកស្រី​ជា​អភិបាល​រង​ខណ្ឌ​ មន្ត្រី​សង្កាត់​ទាំង​១១​ មន្ត្រី​នគរបាល​ និង​កងរាជអាវុធហត្ថ​ប្រចាំ​ខណ្ឌ។


លោក​ សុខ​ សំអឿន​ បាន​ថ្លែង​ថា​ តាម​​សង្កាត់​ទាំង​១១​ត្រូវ​យក​ចិត្ត​ទុកដាក់​ការពារ​ថែទាំ​សួន​ច្បារ​ ផ្លូវ​ បណ្ដាញ​លូ​ និង​ដើមឈើ​ដែល​ពុក​គល់​អាច​បង្ក​មហន្តរាយ​ ព្រោះ​ជា​រដូវភ្លៀង​ បើ​មាន​សភាពការណ៍​បែប​នេះ​ត្រូវ​រាយការណ៍​ទៅ​សាលា​ខណ្ឌ​​សុំ​គោលការណ៍​ដើម្បី​ចាត់​វិធានការ​ឲ្យ​ទាន់​ពេលវេលា។ ជាមួយ​គ្នា​នេះ​ដែរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ត្រូវ​​ពិនិត្យ​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​​ដែល​កើត​មាន​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន។ ដោយ​ឡែក​សាលា​រាជធានី​ភ្នំពេញ​នឹង​សិក្សា​​អំពី​ការ​រៀបចំ​ចំណត​នៅ​កំណាត់​ដង​មហាវិថី​ព្រះមុនីវង្ស​ គឺ​នៅ​ចន្លោះ​ផ្លូវ​លេខ​​១៨៤​ និង​១០៦​ ប៉ុន្តែ​ចំពោះ​ការ​សិក្សា​ត្រូវ​លំអិត​ទាំង​ការ​ផ្គត់ផ្គង់​​ និង​តំរូវការ​សម្រាប់​គ្រប់​ផ្លូវ​ទាំងអស់​នៅ​ជុំវិញ​មហាវិថី​ព្រះមុនីវង្ស​ដូចជា​ផ្លូវ​លេខ​១៨៤​ ផ្លូវ​​លេខ​១០៦ ផ្លូវ​លេខ​៦៣​ ផ្លូវ​លេខ​១០៧​ជា​ដើម។

លោក​អភិបាល​ខណ្ឌ​ដូន​ពេញ​បាន​បន្ត​ថា​ ចំណត​ដែល​មាន​ស្រាប់​បច្ចុប្បន្ន​ឃើញ​ថា​ បាន​បម្រើ​ការ​សម្រាប់​អតិថិជន​មិន​បាន​គ្រប់គ្រាន់​ទៅ​នឹង​តំរូវការ​ទេ។ មាន​កន្លែង​​មួយ​ចំនួន​​អាច​ចត​រថយន្ត​បាន​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មហាវិថី​ព្រះមុនីវង្ស។ ចំណត​ឯកជន​មួយ​ចំនួន​មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់។ ចំពោះ​ចិញ្ចើម​ផ្លូវ​ដែល​មាន​ទទឹង​ធំ​ទូលាយ​លើស​ពី​តំរូវ​ការ​សម្រាប់​ចំណត​រថយន្ត​ និង​ថ្មើរជើង​ (ចិញ្ចើម​ផ្លូវ​ដែល​មាន​ទទឹង​ចាប់​ពី​៦​ម៉ែត្រ​ឡើង​ទៅ) សាលា​រាជធានី​ភ្នំពេញ​អាច​ធ្វើ​ជា​ទី​ធ្លា​សម្រាប់​ជួល​ឲ្យ​ម្ចាស់​ហាង​ ឬ​ម្ចាស់​ផ្ទះ​របស់​ពួក​គាត់​វិញ​​ សម្រាប់​ដាក់​តាំង​ទំនិញ​ ឬ​លក់​ដូរ​របស់​របរ​ផ្សេងៗ​នៅ​ក្រៅ​ផ្ទះ​ដោយ​គ្រោង​គិត​ថា​ យក​តម្លៃ​៥​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ​សម្រាប់​មួយ​ខែ។ ដោយ​ឡែក​រថយន្ត​ចត​ក្នុង​មួយ​ម៉ោង​យក​តម្លៃ​​១.៣០០​រៀល​ (ចត​ម៉ោង​ទី​មួយ) ប៉ុន្តែ​បើ​ចត​ចាប់​ពី​ម៉ោងទី​ពីរ​ឡើង​ទៅ​យក​តម្លៃ​​១.៧០០​រៀល​ក្នុង​មួយ​ម៉ោង​ ហើយ​ម៉ូតូ​ចត​ក្នុង​​​មួយ​ម៉ោង​៥០០​រៀល (សម្រាប់​ម៉ោង​ទី​មួយ) ប៉ុន្តែ​​បើ​ចត​លើស​ពី​មួយ​ម៉ោង​ឡើង​ទៅ​យក​តម្លៃ​រួម​១.៥០០​រៀល​។ រៀបចំ​​ចំណត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​ ការ​ចេញ​ចូល​ក្នុង​ចំណត​នៃ​យានជំនិះ​បាន​ស្រួល​មិន​បង្ក​ឲ្យ​ស្ថានភាព​នៃ​លំហូរ​ចរាចរណ៍​មាន​ភាព​កកស្ទះ​ និង​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ការ​ចត​យាន​ជំនិះ​របស់​ខ្លួន​​បាន​ត្រឹមត្រូវ​ ព្រម​ទាំង​អាច​ឲ្យ​យើង​ទាញ​ថវិកា​បដិភាគ​សម្រាប់​ការងារ​គ្រប់គ្រង​ និង​ថែទាំ​ ជា​ពិសេស​ចូល​រួម​ចំណែក​ក្នុង​ការងារ​ពង្រឹង​​សុវត្ថិភាព​ចរាចរណ៍​ដូចជា​អ្នក​ថ្មើរ​ជើង។ល។ កំរិត​ការ​ចូល​ក្រុង​នៃ​យានយន្ត​ពិសេស​ក្នុង​តំបន់​ទី​ប្រជុំ​ជន។

លោក​ សុខ​ សម្បត្តិ​ បាន​បញ្ជាក់​ថា​ នៅ​​ក្នុង​ឆមាស​ទី​២​ ឆ្នាំ​២០០៩​ ខាង​មុខ​ សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​ខួប​គំរប់​៥៧៥​ឆ្នាំ​កំណើត​​រាជធានី​ភ្នំពេញ​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្តភ្នំ​ ដូច្នេះ​ទាំង​សមត្ថកិច្ច​ជំនាញ​ និង​អាជ្ញាធរ​សង្កាត់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​សន្តិសុខ​ឲ្យ​បាន​ខ្ពស់​ព្រោះ​ក្នុង​ពិធី​នេះ​មាន​ការ​ប្រឡង​ប្រណាំង​ស្វែង​យល់​ពី​រាជធានី​ភ្នំពេញ​ កម្មវិធី​សិល្បៈ​ និង​កម្មវិធី​ផ្សេងៗ​ទៀត​​បំផុស​ចលនា​មហាជន​បន្ត​ចូល​រួម​ជំរុញ​ការ​កសាង ​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ និង​មាន​រៀបចំ​អង្គមិទ្ទិញ​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។ ប្រវត្តិសាស្ត្រ​នៃ​រាជធានី​ភ្នំពេញ​បាន​ត្រូវ​ចារឹក​ក្នុង​ទំព័រ​ពង្សាវតារ​ជាតិ​ខ្មែរ​តាំង​ពី​យូរ​លង់​មក​ម្ល៉េះ​ គឺ​ក្នុង​អំឡុង​ដើម​សតវត្ស​ទី​១៥​នៃ​គ្រិស្តសករាជ​ដែល​មក​ទល់​បច្ចុប្បន្ន​មាន​អាយុ​កាល​គំរប់​៥៧៥​ឆ្នាំ​ហើយ។

ក្នុង​មោទនភាព​ជាតិ​ខ្មែរ​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​ អាជ្ញាធរ​រាជធានី​​ភ្នំពេញ​នឹង​ប្រារព្ធ​​ពិធី​បុណ្យ​ខួប​គំរប់​៥៧៥​ឆ្នាំ​យ៉ាង​​អធិកអធម​ក្នុង​ឆមាស​ទី​២​ ឆ្នាំ​២០០៩​ ខាង​មុខ​ ដើម្បី​​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​កត់ត្រា​ចងចាំ​គ្រប់ៗ​គ្នា​ពី​ប្រវត្តិ​នៃ​ការ​កកើត​ និង​អបអរសាទរ​​ចំពោះ​ចំណាស់​របស់​រាជធានី​ភ្នំពេញ។ ម្យ៉ាង​ទៀត​បាន​មើល​ឃើញ​ពី​ការ​ខិតខំ​កសាង​ និង​អភិវឌ្ឍន៍​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ ហើយ​ឆ្លង​តាម​ព្រឹត្តិការណ៍​នេះ​រាជធានី​ភ្នំពេញ​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​សប្បាយ​ និង​ស្វែង​យល់​បាន​កាន់​តែ​ច្រើន​ថែម​ទៀត៕





Labels