រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោកស្រី គ្លី​ន​តុ​ន (Clinton) បាន​សំដែង​នូវ​ការអបអរសាទរ និង​ជូនពរ​ដល់​ប្រជាជន​កម្ពុជា នៅក្នុង​ឱកាស​ទទួល​អំណរ​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ។​
​ លោកស្រី គ្លី​ន​តុ​ន (Clinton) សម្តែង​នូវ​ការអបអរ និង​ជូនពរ​នេះ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ការផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១១ ខែ​មេសា ឆ្នាំ ២០០៩ ។​
​ លោកស្រី គ្លី​ន​តុ​ន (Clinton) បាន​មានប្រសាសន៍​ក្នុង​សារ​ជូនពរ​នោះ​ថា ក្នុងនាម​ប្រជាជន​អាមេរិក ខ្ញុំ​សូម​សំដែង​អំណរ​សាទរ ជូន​ដល់​ប្រជាជន នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខែ្មរ ។​
​ ឆ្នាំ​កន្លង​ទៅ​បាន​បង្ហាញ​អោយឃើញ​នូវ​ភាព​ចំរើន​ជឿនលឿន​ដ៏​សំខាន់ នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ ដែល​ក្នុងនោះ​មាន​ដំណើរ​ទស្សនកិច្ច​ម​នុស្ស​ធម៌ របស់​នាវា​យោធា​សហរដ្ឋអាមេរិក កិច្ចព្រមព្រៀង​ថ្មីៗ ដើម្បី​អនុវត្ត​កម្មវិធី​ជំនួយ ក្នុង​ការអភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច និង​និតិរដ្ឋ និង​វត្តមាន​របស់​ក្រុម​អ្នកស្ម័គ្រចិត្ត Peace Corps នៅតាម​បណ្តា​ខេត្ត​ចំនួន ១១ ក្នុងប្រទេស​កម្ពុជា ។​
​ ខ្ញុំ​ទន្ទឹងរង់ចាំ​ដោយ​ក្តី​រីករាយ​នា​ឆ្នាំ​ខាង​មុខ ក្នុងពេល​ដែល​ប្រទេស​យើង​ទាំង​ពីរ ផ្តល់​ឳ​កាស​កាន់តែ​ប្រសើរ​ខ្លាំង​ឡើង​ថែម​ទៀត ក្នុង​ការពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី ព្រមទាំង​ធ្វើការ​រួមគ្នា ដោយ​ឈរ​លើ​ផលប្រយោជន៍​ទៅវិញទៅមក ។ យើង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការបេ្តជ្ញាចិត្ត របស់​ប្រទេស​កម្ពុជា ក្នុង​ការជំរុញ​ការអភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និង​សង្គម ។​
​ ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខែ្មរ ខ្ញុំ​សូម​ជូនពរ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប អោយ​ជួប​ប្រទះ​តែ​សនិ្តភាព វិបុល​សុខ និង​ពរ​គ្រប់​ប្រការ​កុំបី​អាក់ខាន​ឡើយ ៕

យុវជន​ញៀន​ថ្នាំ​កំពុង​ផ្តាច់​សារ​ធាតុ​ញៀន​នៅក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ​
​បន្ទាយមានជ័យ: ក្នុង​ការបំពេញ​ការងា​រ​ដំបូង​របស់​ខ្លួន លោកនាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ប្រឆាំង​គ្រឿងញៀន​ចាប់អារម្មណ៍​ថា ការយកចិត្តទុកដាក់​ពី​រឿង​គ្រឿងញៀន​នៅ​តិចជាង​អេដស៍ ។ ហេតុនេះ​គេ​ត្រូវ​រួមគ្នា​ដោះស្រាយ ឲ្យបាន​ល្អ​បើ​ពុំនោះ​ទេ វា​នឹង​ជះឥទ្ធិពល​អាក្រក់​បំផុត ។

​លោកនាយឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និយាយ​ក្នុង​ពេល​សួរសុខទុក្ខ​យុវជន​អប់រំ​ផ្តាច់​សារធាតុ​ញៀន​នៅ​ទីបញ្ជាការដ្ឋាន និង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទា​យ​មានជ័យ​កាលពី​ថ្ងៃ​ទី ១១ មេសា​ថា: ការឃោសនា និង​ចលនា ​ដើម្បី​ប្រឆាំង​ប្រយុទ្ធ​នឹង​គ្រឿងញៀន​នៅ​តិច​ជាង​អេដស៍​នៅឡើយ ។ ហេតុនេះ​មាន​ការងារ​ជា​ច្រើន​ត្រូវធ្វើ និង​ដើរ​ទន្ទឹម​គ្នា​ដូចជា ការអប់រំ បង្ការ​ និង​ផ្សព្វផ្សាយ​ទប់​
​ស្កាត់ និង​បង្ក្រាប​ត្រូវតែ​ខ្លាំងក្លា​ទាំង​ចិត្តសាស្ត្រ​រូប​សាស្ត្រ ។ ដូចជា​នៅ​បន្ទាយមានជ័យ​ត្រូវ​ប្រកាស​សាល​ក​វិទ្យាល័យ​ មានន័យថា​ ជា កន្លែង​គ្មាន​គ្រឿងញៀន​ដំបូង​គេ ។​
​ ​វិធានការ​បន្តបន្ទាប់​គឺ ការ​បន្សាប​ដែល​គ្រប់​ស្ថាប័ន អង្គភាព អ្នកពាក់ព័ន្ធ រហូត​ដល់​ដៃគូ​អង្គការ សហគមន៍ ក្រៅ​រដ្ឋាភិបាល​ត្រូវ​រួម​គ្នា​ជួយ ។ ត្រូវ​បណ្តុះបណ្តាល​មុខរបរ​ជាក់ស្តែ​ងដល់​ជន​បំពានគ្រឿងញៀន​ដែល​អ្នក​អប់រំ​បន្សាប ។ ត្រូវ​រក​ការងារ​ឲ្យ​ពួកគេ​ធ្វើ ពេល​ពួកគេ​ជាសះស្បើយ ដើម្បី​កុំ​ឲ្យ​វិល​ត្រឡប់​មក​ញៀន​វិញ ។
​ ​លោក​ឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ថ​បន្ទាយមានជ័យ​និយាយថា: ក្រៅពី​កិច្ច​ការ​ទប់ស្កាត់ បង្ក្រាប់​បទល្មើស ឧក្រិដ្ឋ​ធំៗ និង​ធានា​នៅ​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ខេត្ត កង​រាជ​អាវុធ​ហត្ថខេ​ត្ត​បន្ទាយមានជ័យ​បាន​បន្ថែម​ការ​ងារ​មនុស្ស​ធ​ម៌សំខាន់​មួយទៀត គឺ​ទទួល​គ្រប់គ្រង​និង​អប់រំ​កែប្រែ​ផ្តាច់​សារធាតុ​ញៀន​ដល់​យុវជន​ញៀន​
​ថ្នាំញៀន ។ នោះ​ជា​ការឆ្លើយតប​នូវ សំណូមពរ​របស់​អាណា​ព្យាបាល មាតា​បិតា​របស់​យុវជន ពី​សង្គម​និង​ការចង្អុលបង្ហាញ​ផ្ទាល់​ពី​ឧត្តមសេនីយ៍ សៅ សុខ ។
​ ​លោក​ឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង និយាយថា: ដោយ​គិត​ពី​ដំណើរការ​ឆ្នាំ ២០០២ មក​ អង្គភាព​នេះ​ទទួល​យុវជន​ញៀន​ថ្នាំ​ចំនួន ១៣០៦ នាក់​ ក្នុងនោះ​បាន​សះស្បើយ និង​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ចំនួន ១២០២ នាក់ ​និង​កំពុង​រស់នៅ ១០៤ នាក់​ទៀត​ត្រូវ​កែប្រែ​បន្ត ។
​ ​លោកនាយឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​អរគុណ​ដល់​អង្គភាព​អាវុធ​ហ​ត្ថខេ​ត្ត និង អ្នកពាក់ព័ន្ធ​ដែល​បង្កើត​កន្លែង​អប់រំ​និង​បន្សាប​សា​រធាតុ​ញៀន​នេះ ក្នុងនោះ​ក៏​អរគុណ​រាជរដ្ឋាភិបាល ពិសេស​លោក​ជំទាវ ​ប៊ុន រ៉ានី ​ហ៊ុន សែន ដែល​ខ្វល់ខ្វាយ​ខ្លាំង​ពី​រឿងនេះ រហូត​រៃអង្គាស​ថវិកា​សាងសង​អាគារ​ស្នាក់នៅ ​និង​ឧបត្ថម្ភ​ប្រចាំខែ​ដល់​យុវជន​កែប្រែ ។ លោក​ហៅ​កិច្ចការ​នេះ​ថា ជា​បេសកកម្ម​មួយ​ដែល​ជា​ផ្នែក ទប់ស្កាត់ កាត់បន្ថយ​នូវ​បទល្មើស បទឧក្រិដ្ឋ​ផ្សេងៗ​ពី​ឥទ្ធិពល​គ្រឿងញៀន ។ នេះ​ជា​ការកសាង​សង្គម​ស្អាត​ល្អ និង​កាន់តែ​ល្អ​របស់​សម្តេចនាយ​រដ្ឋមន្ត្រី ។​
​ ​លោក​និយាយថា: “​ខ្ញុំ​មាន​កំហុស​ដោយ​ពុំ​ធ្លាប់​មក​ចូល​ទី​អប់រំ​កែប្រែ​របស់​ក្មួយៗ តែ​ឥឡូវ​ខ្ញុំ​មក​ក្នុង​កិច្ចការ​ថ្មី​របស់​ខ្ញុំ​ដែល​នឹង​ខំប្រឹង​ជួយ​ប្រទេស ” ។ ក្នុង​ឱកាស​នេះ លោកនាយឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ផ្តល់​នូវ ​កំព្យូទ័រ ៥ គ្រឿង មី​ ១៨​កេះ ថវិកា ២ លាន​រៀល​ ទឹកត្រី​ទឹក​សា​អ៊ីវ សា​ប៊ូ ដល់​កម្ម​អប់រំ​វិធី​កែប្រែ​យុវជន​ញៀន​ថ្នាំញៀន​នៅ​អាវុធ​ហត្ថ​បន្ទាយមានជ័យ និង​ផ្តល់​ដូចគ្នា​នេះ​ដល់​មណ្ឌល​ជីវិត​ថ្មី អប់រំ​កែប្រែ​សា​ធាតុ​ញៀន​នៅ​ភ្នំ​បាក់​របស់​ប៉ូលិស និង​សង្គមកិច្ច​ខេត្ត ៕















Labels