ពាក្យកាព្យឲ្យងាយចាំ
បទកាកគតិ
រីក្ដីប្រយ័ត្ន មិនឲ្យភ្លាំងភ្លាត់ វិបត្តិស្មារតី
ជាផ្លូវអម្រឹត វិសិដ្ឋឥតភ័យ ឥតទុក្ខសោកអ្វី
កើតមានទៀតឡើយ។
រីក្ដីប្រហែស ស្មារតីភ្លេចធ្វេស គំនិតតោះតើយ
ជាផ្លូវមច្ចុ ស្លាប់កើតឥតស្បើយ ឥតកោះឥតត្រើយ
វិលកើតវិលស្លាប់។
នរូអ្នកណា មានចិត្តក្លៀវក្លា ប្រញឹកប្រញាប់
ខំប្រឹងប្រព្រឹត្ត ពិតតាមធម៌ច្បាប់ អ្នកនោះទោះស្លាប់
ហើយដូចនៅរស់។
នរូអ្នកណា អាប់ឥតប្រាជ្ញា ប្រមាទស្រស់ៗ
ភ្លេចភ្លាត់ស្មារតី រាល់ថ្ងៃទាំងអស់ អ្នកនោះនៅរស់
ដោយដកដង្ហើម។
ព្រះពុទ្ធទ្រង់ប្រាប់ ថាដូចជាស្លាប់ ស្រេចហើយគួរខ្ពើម
ទោះបីនៅរស់ ដោយសារដង្ហើម អ្នកប្រាជ្ញលោកឆ្អើម
ស្ទើរក្អួតចង្អោរ។
ជនផងគួរគិត គួរផ្ចង់គំនិត គួរកាត់គួរកោរ
គួរគេចចៀសវាង គួររាងគួរស្ងោរ រំងាស់ចិត្តចោរ
លួចប្លន់កុសល។
យើងជាសាមញ្ញ នៅមានក្ដីក្នាញ់ គ្នាន់ខឹងរចល់
ក៏ពិតមែនហើយ ប៉ុន្តែកុំខ្វល់ គួរប្រឹងតម្កល់
ចិត្តកុំប្រមាទ។
គួរប្រុងប្រយ័ត្ន ស្មារតីកុំភ្លាត់ កុំភ្លេចឱវាទ
អ្នកប្រាជ្ញទាំងឡាយ មានព្រះជាអាទិ៍ កុំឲ្យឃ្លៀងឃ្លាត
ចាកធម៌សុចរិត៕៚

Labels