និពន្ធនាយកសារព័ត៌មាន នៅកម្ពុជាជំរុញសិទ្ធិទទួលព័ត៌មានរបស់អ្នកកាសែត
និងសាធារណជននិពន្ធនាយក និងតំណាងសារព័ត៌មានទាំងផ្នែកបោះពុម្ព និងរលកអាកាសនៅក្នុងប្រទេសកម្ពុជាបានជំរុញឲ្យបណ្ដាលក្រសួងរដ្ឋ
និងស្ថាប័ននានាបើកទូលាយដល់ការផ្ដល់ព័ត៌មានជូនដល់អ្នកកាសែត ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជន។
ការអំពាវនាវបែបនេះ បានធ្វើឡើងនៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានលើកទី៥ ដែលរៀបចំឡើងកាលពីថ្ងៃទី២៧
ខែធ្នូ ដោយក្លឹបអ្នកកាសែតកម្ពុជា ក្រោមជំនួយឧបត្ថម្ភរបស់អង្គការខុនរ៉ាដ អាដេណៅអែរ ប្រចាំនៅប្រទេសកម្ពុជា។ បន្ទាប់ពីការពិភាក្សារួចមក និពន្ធនាយកសារព័ត៌មានមកពី៣៥អង្គភាពបានសម្រេចចេញសេចក្ដីថ្លែងការណ៍រួមមួយដែលឆ្លុះបញ្ចាំងអំពីការប្រឈមរបស់អ្នកកាសែតនៅក្នុងការទទួល
បានព័ត៌មានជាផ្លូវការពីក្រសួងរដ្ឋ និងស្ថាប័នផ្សេងៗទៀត។ សេចក្ដីថ្លែងការណ៍រួមនោះមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ។
យើងទាំងអស់គ្នាមានចំនួន៣៥រូប (ដូចមានក្នុងបញ្ជីឈ្មោះ និងហត្ថលេខាភ្ជាប់មកជាមួយសេចក្ដីថ្លែងការណ៍រួមនេះ) ជានិពន្ធនាយកសារព័ត៌មានទាំងផ្នែកបោះពុម្ព ទាំងផ្នែកផ្សាយតាមរលកអាកាសនៅក្នុងប្រទេសកម្ពុជាបានជួបជុំគ្នានៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា
(វ.ន.ស.ក) លើកទី៥ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៨ ដើម្បីពិភាក្សា និងវាយតម្លៃអំពីស្ថានភាពនៃសិទ្ធិទទួលព័ត៌មាន ដែលខ្លួនជួបប្រទះនៅក្នុងអាជីពនាឆ្នាំកន្លងមកនេះ និងស្វែងរកដំណោះស្រាយ។ នៅក្នុងប្រធានបទរួមស្ដីពី "សិទ្ធិទទួលបានព័ត៌មាន និងការប្រឈមនានា" វាគ្មិនទាំងឡាយបានចោទជាបញ្ហា បង្ហាញនូវទស្សនវិស័យ និងផ្ដល់ជូនអនុសាសន៍ទាក់ទងនឹង៖
-ស្ថានភាពទទួលព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានបរទេសក្នុងប្រទេសកម្ពុជា
-ការទទួលព័ត៌មានទាក់ទងទៅនឹងជម្លោះព្រំដែនព្រះវិហារ
-ការទទួលព័ត៌មានតាមបណ្ដាខេត្តនានាទូទាំងប្រទេស
-និងការទទួលព័ត៌មាននៅថ្នាក់កណ្ដាល (ក្រុងទីក្រុងភ្នំពេញ, តាមបណ្ដាក្រសួងរដ្ឋ, ក្រុមហ៊ុនឯកជន)
បន្ទាប់មក វ.ន.ស.ក បានពិភាក្សាទូទៅលើខ្លឹមសារដែលវាគ្មិនទាំងអស់បានថ្លែងជូនអង្គពិធី និងបានចូលរួមវាយតម្លៃទៅលើស្ថានភាពរួមនៃសិទ្ធិទទួលព័ត៌មាននៅប្រទេសកម្ពុជាក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
បញ្ហាគួរកត់សម្គាល់ដែលកំហិតសិទ្ធិទទួលព័ត៌មាន
បន្ទាប់ពីពិភាក្សា និងវាយតម្លៃ វ.ន.ស.ក សង្កេតឃើញថា៖
១- អំពីអ្នកនាំពាក្យ ឬមន្ត្រីទំនាក់ទំនងសាធារណៈ ឬមន្ត្រីព័ត៌មានក្រសួង ស្ថាប័នរដ្ឋភាគច្រើនបំផុត រដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងអង្គការ និងក្រុមហ៊ុនភាគច្រើនមិនមានអ្នកនាំពាក្យ ឬមន្ត្រីទំនាក់ទំនងសាធារណៈ ឬមន្ត្រីព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីបំពេញការងារឡើយ។ ប្រការនេះ បានក្លាយទៅជាឧបសគ្គគន្លឹះដែលរារាំងដល់លំហូរព័ត៌មានសម្រាប់សាធារណជនទូទៅដូចដែលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣បានធានា។
២- អំពីការផ្ដល់ឯកសារ៖ ជាទូទៅឯកសារផ្លូវការ គឺចាំបាច់ ដើម្បីធ្វើឲ្យសេចក្ដីរាយការណ៍ព័ត៌មានមួយធានានូវភាពត្រឹម
ត្រូវ ឯកសារផ្លូវការមិនមែនសុទ្ធតែជាការសម្ងាត់របស់ជាតិទេឯកសារផ្លូវការ គឺជាកាតព្វកិច្ចរបស់សាមីស្ថាប័ន-ក្រសួង ដែលត្រូវផ្ដល់ជូនសាធារណជនផង និងដើម្បីស្វ័យឃោសនាពីខ្លួនឯងផង...ក៏ប៉ុន្តែឯកសារជាច្រើនមិនត្រូវបានផ្ដល់ឲ្យ ឬចាត់ចែងផ្សព្វផ្សាយឡើយ ជាពិសេសចំពោះអ្នកសារព័ត៌មាន សូម្បីតែរបាយការណ៍បូសសរុបការងារប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំថ្មីរបស់ខ្លួនក៏ដោយចុះ។
៣- អំពីកម្មវិធីសកម្មភាព ឬកិច្ចប្រជុំនានា៖ មានអង្គប្រជុំដែលគួរតែផ្សាយបន្តផ្ទាល់ តែបែរជាត្រូវចាត់ថ្នាក់ថា ជាការសម្ងាត់ផ្ទៃក្នុងស្ថាប័ន ហើយអ្នកកាសែតបានត្រូវស្នើឲ្យចាកចេញពីអង្គប្រជុំ។ ទន្ទឹមនឹងនោះ កម្មវិធីការងាររបស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នតែងតែកប់បាត់ក្នុងថតតុរដ្ឋបាល ដែលជួនកាលមើលពីក្រៅទៅហាក់ដូចជាថ្នាក់ដឹកនាំក្រសួងនោះមានភាពសម្ងាត់ជាងនាយករដ្ឋមន្ត្រីទៅទៀត និងជួនកាលហាក់ដូចជាអត់ធ្វើការ។
៤- អំពីសេចក្ដីប្រកាសព័ត៌មាន៖ សួងមួយចំនួនតូចបានចេញសេចក្ដីប្រកាសព័ត៌មានអំពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួន។ ប៉ុន្តែគួរឲ្យសោកស្ដាយដែលក្រសួង និងស្ថាប័នភាគច្រើនពុំមានលទ្ធភាពធ្វើសេចក្ដីប្រកាសព័ត៌មាន ហើយសេចក្ដីប្រកាសព័ត៌មានខ្លះយឺតយ៉ាវហួសពីការស្មាន។
៥- អំពីជំនួប ឬការធ្វើសន្និសីទកាសែតទៀងទាត់
ដោយផ្ទុយទៅនឹងការអនុវត្តន៍នៅក្នុងបណ្ដាប្រទេសជឿនលឿននានាក្រសួង និងស្ថាប័នភាគច្រើនបំផុតមិនបានធ្វើសន្និសីទកាសែត ឬជួបជាមួយអ្នកសារព័ត៌មានទាល់តែសោះពីមួយឆ្នាំទៅមួយឆ្នាំ បើទោះជាមានបញ្ហាសំខាន់ៗ ឬធំៗដែលគួរពន្យល់ ឬផ្សព្វផ្សាយក៏ដោយចុះ ជាហេតុធ្វើឲ្យសាធារណជននៅតែស្រពេចស្រពិលចំពោះសកម្មភាព និងការងាររបស់ស្ថាប័ន-ក្រសួងនោះ។
៦- អំពីវិបសាយ៖ វិបសាយបានក្លាយទៅជាប្រភពផ្ដល់ព័ត៌មានដ៏សំខាន់បំផុតមួយនៅក្នុងសម័យកាលនៃបច្ចេកវិជ្ជាព័ត៌មាន។ ក្រសួង និងស្ថាប័នភាគច្រើនមានវិបសាយរបស់ខ្លួន។ នេះគឺជាការចាប់ផ្ដើមមួយគួរលើកទឹកចិត្ត។ ប៉ុន្តែគួរឲ្យសោកស្ដាយដែលវិបសាយនៃក្រសួង និងស្ថាប័នស្ទើរតែទាំងអស់នោះ មិនមានបញ្ចូលព័ត៌មានថ្មីឡើយ។ ដូច្នេះវាគឺគ្រាន់តែជាវិបសាយមួយ ដែលមិនអាចផ្ដល់ព័ត៌មាន និងមិនអាចស្វែងរកព័ត៌មានបាន។
សន្និដ្ឋាន
ភាពខ្សោយ និងចន្លោះប្រហោងខាងលើនេះ ធ្វើឲ្យសិទ្ធិទទួលព័ត៌មានត្រូវប្រឈម ហើយប្រសិទ្ធភាពនៃសេវានានា ជាពិសេសសេវាសាធារណៈត្រូវបានចោទសួរ។ ប៉ុន្តែរឿងរ៉ាងទាំងអស់នេះពិតជាអាចកែលំអបាន ដោយមិនចាំបាច់រង់ចាំច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានឡើយ។ ការកែលំអពិតជាអាចធ្វើទៅបានតាមរយៈការផ្លាស់ប្ដូរឥរិយាបថរបស់មន្ត្រីមួយចំនួន និងការរៀបចំខ្សែសង្វាក់ការងារឡើងវិញ នៅតាមស្ថាប័នក្រសួងមន្ទីរនានា។ រាជរដ្ឋាភិបាលបានធ្វើការងារជាច្រើនសម្រាប់សុខុមាលភាពរបស់ប្រជាជន និងសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែកង្វះខាតខាងលើនេះ ហាក់លេបយកសមិទ្ធផល និងស្នាដៃទាំងអស់នោះទៅបាត់ នៅពេលដែលវាមិនមានឆ្លុះបញ្ចាំងឲ្យសាធារណជនដឹងឮ និងឃើញ។ ទន្ទឹមនឹងនោះ ការពិតមួយចំនួននៅក្នុងជីវភាពសង្គម-សេដ្ឋកិច្ច បានត្រូវមើលរំលង ឬដោះស្រាយមិនទាន់ពេលវេលាដែលជាវិបាក គឺទាំងអស់គ្នាជាអ្នកខាតបង់ទាំងរាជរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋ។
ការអំពាវនាវក្នុងស្ថានភាពដែលច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានមិនទាន់អនុម័ត
១- វ.ន.ស.ក សូមទទូចឲ្យក្រសួង និងស្ថាប័នទាំងអស់ ចាត់តាំង និងរៀបចំការងាររបស់មន្ត្រីព័ត៌មាន មន្ត្រីទំនាក់ទំនងសាធារណៈ ឬមន្ត្រីអ្នកនាំពាក្យផ្លូវការរបស់ខ្លួន ដែលមានវិជ្ជាជីវៈក្នុងមុខងារអាចបំពេញការងារផ្សេងៗតាំងពីការផ្ដល់ឯកសារ ការជូនដំណឹងអំពីកាលបរិច្ឆេទការងារ និងសកម្មភាពរបស់ស្ថាប័នខ្លួន រហូតដល់អាចឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទៀតផង។
២- ក្រសួង និងស្ថាប័នទាំងអស់ត្រូវមានការធ្វើសន្និសីទកាសែត ឬក៏ការជួបជាមួយអ្នកសារព័ត៌មានដោយទៀងទាត់ ដើម្បីផ្ដល់ព័ត៌មានអំពីសកម្មភាព និងការងារនៅក្នុងក្រសួង និងស្ថាប័នរបស់ខ្លួន។ កិច្ចការនេះគួរតែធ្វើឡើងយ៉ាងតិចម្ដងក្នុងមួយខែ។
៣- ចំពោះកិច្ចការបន្ទាន់ទាំងឡាយ ក្រសួង និងស្ថាប័នទាំងអស់ ត្រូវតែចេញសេចក្ដីប្រកាសព័ត៌មានឲ្យបានទាន់ពេល
វេលា សម្រាប់ផ្សព្វផ្សាយជាប្រយោជន៍សាធារណៈ។ ការផ្សព្វផ្សាយព័ត៌មានទាន់ពេល ពេលខ្លះអាចនឹងបញ្ចៀសគ្រោះ
ថ្នាក់ និងមហន្តរាយនានាថែមទៀតផង។
៤- ក្រសួង និងស្ថាប័នទាំងអស់ត្រូវបង្កើតឲ្យមានវិបសាយរបស់ខ្លួនសម្រាប់ការផ្ដល់ព័ត៌មានជូនដល់សាធារណជនទូទៅ។ ចំពោះស្ថាប័ន និងក្រសួង ដែលមានវិបសាយរបស់ខ្លួនហើយនោះ វិបសាយទាំងនោះត្រូវធ្វើបច្ចុប្បន្នភាពឲ្យបានរៀងរាល់ថ្ងៃ។
៥- វ.ន.ស.ក នឹងតាមដានវាយតម្លៃទៅដល់យន្តការនៃការផ្ដល់ព័ត៌មានទាំងអស់នេះ ហើយវ.ន.ស.ក លើកទី៦ នឹងបន្តធ្វើនាឆ្នាំ២០០៩ ដើម្បីលើកកម្ពស់ និងពង្រឹងតួនាទីអ្នកសារព័ត៌មានកម្ពុជា ក្នុងសង្គមកម្ពុជា និងលើឆាកអន្តរជាតិថែមទៀត៕

Labels