ការចរចានៅតែបន្ដរវាងកម្ពុជា ថៃ
ការប្រជុំជាច្រើនលើកច្រើនសាររវាងថៃ និង ខ្មែរ លើបញ្ហជំលោះព្រំដែន រហូត
មកដល់ពេល នេះ ពុំទាន់ឃើញមានដំណោះស្រាយណាមួយ ដែលគាប់ប្រសើរនៅឡើយ។
បញ្ហានេះ នៅតែជា កង្វល់ របស់ ប្រជាជនខ្មែរ
និង ជាចំងល់របស់អ្នកសារពត៍មានជាច្រើនផងដែរ។ នៅថ្ងៃទី ១៨ ខែ វិច្ឆិការ ក្លឹបអ្នកការសែតកម្ពុជាបានរៀមចំ សិក្ខាសាលាមួយ ក្រោមប្រធានបទ “ប្រាសាទព្រះវិហារៈ តម្លៃជាសាកល បញ្ហព្រំដែន និងច្បាប់អន្ដរជាតិ”។
នៅក្នុងសិក្ខាសាលានោះ បានលើកឡើង អំពីតម្លៃជាសាកលរបស់ប្រាសាទព្រះវិហារ សក្ដិសម ជា បេតិកភណ្ឌពិភពលោក បញ្ហប្រឈមរបស់ប្រាសាទព្រះវិហារពីជំលោះព្រំដែន ប្រវត្ដិនៃការទទួលបានប្រាសាទព្រះវិហារដែលជាមរតកខ្មែរមកវិញ ព្រមទាំងគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការបន្ដការចរចាជំលោះព្រំដែនជាមួយ ប្រទេសថៃជាបន្ដទៅទៀត។
លោក បណ្ឌិត រស់ ចន្ដ្រាបុត្រ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ពាក់ព័ន្ធនឹងបញ្ហាព្រំដែនថា ប្រទេសថៃទទួលស្គាល់សន្ធិសញ្ញាឆ្នាំ ១៩០៤ និង ១៩០៧ ស្ដីពីព្រំដែន ខ្មែរ ថៃ ដែលធ្វើឡើងដោយបាំង និង ថៃនាសម័យនោះ រួមទាំងការកំណត់ផែនទីផងដែរ ប៉ុន្ដែឥឡូវនេះ ថៃបាននិយាយថា បញ្ហផែនទីគឺជារឿងមួយផ្សេងទៀត។
លោក រស់ ចន្ដ្រាបុត្រ បាននិយាយថា៖ «តាមរយៈផែនទីនេះហើយ ដែលខ្មែរទាមទារ បាននូវប្រាសាទ ព្រះវិហារ មកវិញដោយសាលក្រម តុលាការ ក្រុងឡាអេ បានកាត់សេចក្ដី ឲ្យប្រាសាទព្រះវិហារ និង ដីជុំវិញប្រាសាទព្រះវិហារ ជារបស់ខ្មែរ និង ស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្មែរ កាលពីថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៦២ មកម្ល៉េះ»។ បន្ថែមលើសពីនេះទៀត លោកចន្ដ្រាបុត្រ បានបន្តថា ថៃព្រមព្រៀងចរចា ដោយផ្អែកលើ អនុស្សារណៈយោគយល់គ្នា (Memorandum of Understanding) (MOU) ឆ្នាំ ២០០០ ប៉ុន្ដែការចរចាចេះតែពន្យាពេលព្រោះថៃយល់ថាផែនទីគឺមានបញ្ហាខាងបច្ចេកទេស។
ពាក់ព័ន្ធនឹងបញ្ហខាងលើនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី បាន ច្រាន ចោល នូវការអះអាង របស់ថៃ ដែលថា មានតំបន់ ត្រួតស៊ីគ្នា ៤,៦ គីឡូម៉ែតការេនៅចំនុច ព្រំដែនខ្មែរ ថៃ ក្បែរតំបន់ ប្រាសាទព្រះវិហារ។
លោក ផៃ ស៊ីផាន បាននិយាយថា៖ «កម្ពុជាគ្មានតំបន់ត្រួតស៊ីគ្នាដូចដែលថៃបានអះអាងនោះទេ»។ ភាគីថៃអះអាងថា មានតំបន់ត្រួតស៊ីគ្នា គឺដោយសំអាងលើផែនទី ឯកតោភាគីដែលគូសដោយយោធាថៃតែ ប៉ុណ្ណេះ។ ផែនទី ដែលថៃបានគូសដោយខ្លួនឯងនោះ បានធ្វើឲ្យអ្នកសារព័ត៌មាន បរទេសខ្លះ យល់ច្រឡំ ថាមាន តំបន់ត្រួតស៊ីគ្នា ដោយផ្អែកតែទៅលើ ការអះអាងរបស់ភាគីថៃ។
លោក ផៃ ស៊ីផាន បានបន្ដទៀតថា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ២០០៨ ក្រសួងការបរទេសថៃបានផ្ញើ លិខិតមួយមកកាន់ក្រសួងការបរទេសកម្ពុជា ហើយក្នុងលិខិតនោះ បានបញ្ជាក់ថាកម្ពុជាបានរំលោភបំពានលើអធិបតេយ្យភាពរបស់ថៃ ដោយខាងកម្ពុជាបានហែបុណ្យកឋិនទាន ទៅកាន់វត្ដកែវសិក្ខាគិរីស្វារៈ។
ឆ្លើយតបនឹងបញ្ហនេះ លោក ផៃ ស៊ីផាន បានអះអាងថា វត្ដកែវសិក្ខាគិរីស្វារៈ គឺជាវត្ដរបស់កម្ពុជា បើយោង ទៅតាមផែនទី ឆ្នាំ ១៩០៤ និង ១៩០៧ ដូច្នេះការអះអាងរបស់ថៃ គឺមិនត្រឹមត្រូវឡើយ។
ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយលោក ផៃ ស៊ីផាន និយាយថា គោលជំហររបស់រដ្ឋាភិបាលកម្ពុជា នៅតែបន្ដការចរចាបន្ដទៀតជាមួយថៃ ដោយគិតថា ប្រទេសថៃនៅតែជាមិត្ដជិតខាងខ្មែរ ហើយ រដ្ឋាភិបាលកម្ពុជានៅតែរក្សាការដោះស្រាយបញ្ហាដោយសន្ដិវិធីដើម្បីរក្សាចំណងមិត្ដភាពរវាងប្រទេសទាំងពីរ។
ខាងប្រទេសថៃក្នុងឆ្នាំ ២០០៨ នេះ គឺបានជួបនូវ វិបត្ដិនរយោបាយ យ៉ាងធ្ងន់ធ្ងរ រហូតដល់មាន ការធ្វើបាតុកម្ម ទំលាក់រដ្ឋាភិបាល និង ភាពមិនចុះសម្រុងគ្នា ក្នុងការរៀបចំរដ្ឋាភិបាលថ្មី ហើយថ្មី្មៗនេះព្រលានយន្ដហោះ ដងមឿង និង សុវណ្ណាភូមិ ក្នុងទីក្រុង Bangkok បានផ្អាកឈប់ធ្វើការមួយរយៈផងដែរ។ ព្រមជាមួយគ្នានេះនៅថ្ងៃទី ១៥ ខែ កកដ្ដា ឆ្នាំ ២០០៨ ប្រទេសថៃ បានលើក ទ័ពចូលមកនៅត្រង់តំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីកម្ពុជាបានដាក់បញ្ចូល ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីរបេតិកភណ្ឌពិភពលោកដោយជោគជ័យ ដោយមានការចូលរួម និង គាំទ្រ ពីសំណាក់ អង្គការយូនីស្កូរអន្ដរជាតិផងដែរ៕
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា នៅក្នុងប្រសាសន៍មួយ ដែលដកស្រង់ ដោយ វិទ្យុអាស៊ីសេរី បានមានប្រសាសន៍ថា៖ «ថៃពិបាករក channel (វិធី) ក្នុងការចរចា ហើយកម្ពុជា ក៏យល់ អំពីស្ថានភាព នយោបាយ នៅប្រទេសថៃ ថាមាន ការលំបាក ដូច្នេះកម្ពុជា នូវតែរក្សាការចរចា ទ្វេភាគីជាមួយ ថៃជាបន្ដទៀត»។

Labels