ឈ្មោះលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន នឹងបញ្ចូលទៅក្នុងសៀវភៅ Encyclopedia ស្ដីពីជនឆ្នើម
ភ្នំពេញ ៖ ដោយសារតែការរួមចំណែកដ៏ធំធេងរបស់លោកជំទាវ នៅកិច្ចការសង្គម និងមនុស្សធម៌នោះលោកជំទាវ ប៊ុន រ៉ានី ប្រធានអង្គការកាកបាទក្រហមកម្ពុជានឹងក្លាយទៅជាឥស្សរជនឆ្នើមមួយរូបដែលត្រូវបញ្ចូលទៅក្នុងសៀវភៅអេនស៊ីក្លូប៉េឌៀ (Encyclopedia)។
លោកជំទាវបានអនុញ្ញាតឲ្យលោក ប៊ួន ហុកលីម អ្នកកម្រងប្រវត្តិឥស្សរជនឆ្នើមៗចូលរួម និងសម្ភាសន៍កាលពីចុងខែ ឧសភា ដើម្បីផ្ដល់ព័ត៌មានលម្អិតពីឆាកជីវិតពោរពេញទៅដោយការតស៊ូ ព្រមទាំងការប្ដេជ្ញានៅក្នុងសកម្មភាពមនុស្សធម៌នៅប្រទេសកម្ពុជា។
សៀវភៅ Encyclopedia នេះ គឺជាវចនាក្រមដ៏ល្បីល្បាញនៅក្នុងពិភពលោក។ ដូច្នេះលោកជំទាវប៊ុន រ៉ានី ហ៊ុន សែន នឹងត្រូវបានស្គាល់ និងដឹងអំពីស្នាដៃទាំងឡាយដែលលោកជំទាវបានរួមចំណែកសម្រាប់សង្គមជាតិកម្ពុជាទាំងមូល។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានប្រាប់ទៅលោក ប៊ួន ហុកលីម នៅក្នុងបទសម្ភាសន៍នោះថា លោកជំទាវកើតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្នារ ខេត្តកំពង់ចាម ក្នុងគ្រួសារអ្នកមានជីវភាពធូរធារទទួលបានការអប់រំខ្ពង់ខ្ពស់ ដែលមានលោកឪពុកឈ្មោះ លិន គ្រី និងអ្នកម្ដាយឈ្មោះ ប៊ុត ស៊ាងលី។ ឆ្លងកាត់ជីវិតកុមារភាពក្នុងពេលប្រទេសកើតសង្គ្រាមធ្វើឲ្យជីវិតលោកជំទាវត្រូវពុះពាររៀនសូត្រដោយសារនៅឆ្ងាយពីភូមិ និងត្រូវឆ្លងទឹកផងដើម្បីបានទៅដល់សាលារៀន។
ទោះជាឧបសគ្គបានមកញាំញីក្នុងឆាកជីវិតក្ដី ប៉ុន្តែលោកជំទាវបាននិយាយថា មិនដែលអស់សង្ឃឹមក្នុងឆាកជីវិតឡើយ ហើយក៏មិនដែលលះបង់នូវអ្វីដែលជាការតស៊ូក្នុងជីវិត និងការសិក្សារៀនសូត្រម្ដងណាទេ ដោយលោកជំទាវបានព្យាយាមសិក្សារហូតដល់ចប់កម្រិត២។
នៅពេលលើកឡើងពីជីវិតក្នុងរបបខ្មែរក្រហម លោកជំទាវបានបន្តឲ្យដឹងថា ក្នុងឆ្នាំ១៩៧០ ឆ្លើយតបនឹងការអំពាវនាវរបស់សម្ដេចព្រះនរោត្ដមសីហនុ លោកជំទាវបានចូលរួមក្នុងចលនារំដោះជាតិ បំពេញភារកិច្ចជាគិលានុបដ្ឋាយិកា និងឆ្មបនៅមន្ទីរពេទ្យបង្អែកចុងជាច ស្រុកតំបែរ ខេត្តកំពង់ចាម។
លោកជំទាវបានបង្ហើបឲ្យដឹងថា ក្នុងពេលបំពេញបេសកកម្មក្នុងការងារមនុស្សធម៌នោះហើយ ទើបលោកជំទាវបានជួបជាមួយសម្ដេច ហ៊ុន សែន ដែលជាស្វាមីឧត្ដុង្គឧត្ដមរបស់លោកជំទាវនៅមន្ទីរពេទ្យចុងជាច នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ត្រូវបានបញ្ជូនទៅព្យាបាលរបួសភ្នែក។ ការជួបគ្នាលើកដំបូងក្នុងឆាកជីវិតគូស្វាមីភរិយានេះ។
លោកជំទាវបានលើកពីប្រវត្តិអាវខ្មៅដ៏កម្សត់នោះថា បន្ទាប់ពីបានរៀបការជាមួយសម្ដេច ហ៊ុន សែន លោកជំទាវត្រូវឃ្លាតឆ្ងាយពីស្វាមីជាទីស្រឡាញ់មួយរយៈទៀត ដើម្បីរំដោះប្រទេសជាតិពីរបបប៉ុល ពត ធ្វើឲ្យលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាត់បង់កូនប្រុសដំបូងជាទីស្រឡាញ់ឈ្មោះ ហ៊ុន កំសត់ ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម។
ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ លោកជំទាវបានជួបជុំជាមួយសម្ដេច ហ៊ុន សែនឡើងវិញ។ ក្រោយប្រទេសបានសុខសន្តិភាព ប្រជាជនត្រូវបានរំដោះ បញ្ហាសង្គមបានលេចឡើងយ៉ាងច្រើន ពិសេសបន្សល់ទុកនូវក្មេងកំព្រាឥតទីពឹង មើលឃើញសភាពបែបនេះ លោកជំទាវបានប្រមែប្រមូលកុមារកំព្រាដោយសារ ប៉ុល ពត និងពីមូលហេតុផ្សេងៗឲ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា ដើម្បីទទួលបាននូវការថែទាំ និងរៀនសូត្រ បង្កើតមុខរបរ និងអាជីពអាចចិញ្ចឹមខ្លួនឯងបាន។
ចាប់តាំងពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៨ មហាសន្និបាតលើកទី២នៃកាកបាទក្រហមកម្ពុជានាថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០០២ លោកជំទាវបានក្លាយទៅជាប្រធានកាកបាទក្រហមកម្ពុជារហូតមក។
ក្នុងរយៈពេលបំពេញការងារជាប្រធានអង្គការមនុស្សធម៌នេះ លោកជំទាវបានរៀបចំយុទ្ធសាស្ត្ររយៈពេល៨ឆ្នាំ (២០០៣ - ២០១០) ដោយរួមចំណែកសម្រេចបាននូវគោលដៅសហស្សវត្សរ៍ ដែលក្នុងនោះមានការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់តម្លៃមនុស្សធម៌របស់អ្នកងាយរងគ្រោះ។
លោកជំទាវបានបន្តឲ្យដឹងថាក្នុងការបំពេញការងារជាប្រធានអង្គការមនុស្សធម៌ លោកជំទាវបានផ្ដោតលើសកម្មភាពការងារចម្បងៗចំនួន៤ រួមមានទី១- លើកកម្ពស់គោលការណ៍គ្រឹះឧត្ដមគតិមនុស្សធម៌ និងច្បាប់មនុស្សធម៌អន្តរជាតិ ទី២- ការត្រៀមបង្ការគ្រោះមហន្តរាយ ទី៣- ការថែទាំសុខភាពតាមសហគមន៍ និងទី៤- ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធាន។
ក្នុងចក្ខុវិស័យ និងទស្សនទានច្បាស់លាស់ក្នុងការបំពេញបេសកកម្មមនុស្សធម៌នេះ លោកជំទាវប៊ុន រ៉ានី បានធ្វើការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំគ្រប់គ្រង ទាំងថ្នាក់កណ្ដាល និងសាខាបន្តលើកកម្ពស់កិត្តិនាមល្អរបស់កាកបាទក្រហមកម្ពុជា បន្តឲ្យមានផែនការរយៈពេលវែង និងផែនការយុទ្ធសាស្ត្រជាក់លាក់តាមជំនាញ ដើម្បីងាយស្រួលស្វែងរកដៃគូក្នុងការវាស់វែងលទ្ធផលសម្រេចបាន និងធានាបាននូវការជឿជាក់ទៅវិញទៅមក។ ពង្រឹងការផ្ដល់សេវាកម្មដែលមានគុណភាព និងប្រកបដោយប្រសិទ្ធភាព និងពង្រឹងទំនាក់ទំនងជាមួយដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ។
ជាមួយផ្លែផ្កា និងស្នាដៃកើតចេញពីសន្ដានចិត្ត ពីដួងចិត្តមិនចេះនឿយហត់នេះ លោកជំទាវទទួលបានគ្រឿងឥស្សរិយយសជាច្រើន រួមមានឆ្នាំ២០០១ ទទួលបានមេដាយព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ មុនីវង្សកុសុមនារីរតន៍សេរីវឌ្ឍនា ថ្នាក់មហាសេរីវឌ្ឍន៍។ ឆ្នាំ ២០០៥ ទទួលបានគ្រឿងឥស្សរិយយសមុនីសារភណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជាការទទួលស្គាល់ពីភាពជាអ្នកដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងការស្ដារកសាងឡើងវិញ និងអភិវឌ្ឍន៍ក្នុងប្រវត្តិ៥០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា។
ឆ្នាំ២០០៦ ទទួលបាននូវគ្រឿងឥស្សរិយយសមុនីសារភណ្ឌថ្នាក់ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់សកម្មភាពការងារក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្នាំ២០០៧ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា «ជាតូបការ» ទទួលស្គាល់គុណបំណាច់ដែលបានធ្វើជាច្រើនក្នុងការស្ថាបនាជាតិមាតុភូមិ និងកិច្ចការមនុស្សធម៌ សង្គមជាច្រើន ក្នុងនោះមានសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កាកបាទក្រហមកម្ពុជា គឺទីស្នាក់ការកណ្ដាលថ្មីមួយពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ ក៏ទទួលបាននូវគ្រឿងឥស្សរិយយសអន្តរជាតិ មេដាយកាកបាទក្រហមថេគើក Taegeug ជាការទទួលស្គាល់នូវសេវាកម្មមនុស្សធម៌ដ៏ឆ្នើមក្នុងបុព្វហេតុមនុស្សជាតិសមាគមជាតិកាកបាទក្រហមនៃសាធារណរដ្ឋកូរ៉េ និងគ្រឿងឥស្សរិយយសលើកកម្ពស់ពិភពលោកដោយភាពតែមួយពីមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិស្រ៊ីជិនម៉យ។
ជាមួយគ្នានេះផងដែរ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ក៏ទទួលបាននូវគោរម្យងារមួយចំនួនដូចជា ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០០៧ ត្រូវបានអង្គការយូអិនអេដស៍ យូអិនឌីភី និងវេទិកានៃភាពជាអ្នកដឹកនាំតំបន់អាស៊ី - ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ប្រកាសទទួលស្គាល់ជាផ្លូវការជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកា នៃភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា៕

Labels