គោលបំណង របស់ ចលនាខ្មែរម្ចាស់ស្រុក
ខ្មែរម្ចាស់ស្រុក ជាចលនាបង្រួបបង្រួមមួយ ប្រមូលរាល់ខ្មែរគ្រប់រូប ទាំងនៅក្នុង នឹងនៅ ក្រៅប្រទេសកម្ពុជា ក្នុង គោលដៅ ស្ថាបនា ឡើងវិញនូវឯកភាពជាតិខ្មែរ ដែលបានបាក់បែក ខ្ទេចខ្ទាំ ដោយសារសង្គ្រាម និងវិនាសកម្ម ក្នុងកម្លុង បីទសវត្សមកនេះ ដើម្បី ស្ថាបនាឡើងវិញនូវ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និង ផ្តល់ដល់ប្រជារាស្ត្រខ្មែរ ឡើងវិញ នូវសិទ្ធិ របស់ខ្លួនដោយ ពេញលេញ និងរៀបចំប្រទេសកម្ពុជាឲក្លាយទៅជាប្រទេសមួយ ដែលមានច្បាប់ ហើយគោរពច្បាប់ ដោយហ្មត់ចត់ គឺជានិតិរដ្ឋដោយពិតប្រាកដ ។
ក្នុងករណីនេះ ចលនាខ្មែរម្ចាស់ស្រុក មានបេសកកម្ម :
ក) លើកស្ទួយប្រជារាស្ត្រខ្មែរឲបានចេញរួច ផុតមកវិញពីការខ្ទេចខ្ទាំ ទាំងខាងសម្ភារ: នឹងទាំងខាងផ្លូវចិត្ត :
• ប្រយុទ្ធជាដាច់ខាតនឹងអំពើអយុត្តិធម៌គ្រប់បែបយ៉ាង
• តទល់គ្រប់កាល:ទេស:នឹងនិទណ្ឌភាពច្បាប់
• បំបាត់ភាពក្រីក្រតោកយ៉ាក
• ធានា នូវ ការគោរពសិទ្ធិមនុស្ស
ខ) ផ្តល់ដល់ប្រជារាស្ត្រខ្មែរឡើងវិញនូវភាពថ្លៃថ្នូរ ភាពពេញច្បាប់ក្នុងថាន: ជាប្រជារាស្ត្រ ដែលមិនចំណុះគេ ដែលមាន សេរីភាព ឯករាជ្យភាព ប្រជាធិបតេយ្យ និងមានសិទ្ធិពេញលេញ ក្នុងការរស់នៅជាពលរដ្ឋ ក្នុងទឹកដី របស់ខ្លួន ក្នុង ចំណោមពលរដ្ឋ ដទៃ ទៀត ក្នុង សកលលោក នៅក្នុងបរិយាកាសភូមិភាគមួយ ដែលផ្អែក នៅលើសន្តិភាព លើការរីកចំរើន ខាងសេដ្ឋកិច្ច ខាងវប្បធម៌ ខាង សង្គមកិច្ច លើភាពថ្កុំថ្កើងរុងរឿង ស្ថិរភាព និងការគោរពគ្នា ទៅវិញទៅមក នូវលើអត្តប្រយោជន៍របស់ប្រទេសនិមួយៗនៃភូមិភាគ ។
គ) ទាមទារមកវិញឲបាននូវបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា និងការពារព្រំប្រទល់ដែន ដែលអន្តរជាតិបាន ទទួល ស្គាល់រួច មកហើយរហូតមកដល់ ឆ្នាំ១៩៧០ ទាំងខាងដែនដីគោក ទាំងខាងដែនសមុទ្រ និងធ្វើយ៉ាងណា ឲមាន ការគោរព ដោយ ឥតល័ក្ខខ័ណ្ឌនូវ បទបញ្ញត្តិ ទាំងអស់នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្តីពីប្រទេសកម្ពុជា ចុះថ្ងៃ ទី ២៣ តុលា ឆ្នាំ ១៩៩១ ដោយប្រទេសជាហត្ថលេខីទាំងអស់ ជាពិសេសពីសាធារណរដ្ឋសង្គមនិយម វៀតណាម និងប្រទេសថៃឡង់ ។
ឃ) រក្សានិងការពារព្រះពុទ្ធសាសនាទៅតាមជំនឿដ៏ជាក់លាក់របស់បុព្វបុរសខ្មែរ ដែល ជាគ្រឹះ នៃអត្តសញ្ញាណជាតិ និងជាគ្រឹះ នៃ វប្បធម៌ខ្មែរ ។ ដោយហេតុនេះ យើងជំទាស់ជា ដាច់ខាតនូវ រាល់ការជ្រៀតជ្រែកនានា ពីអំណាច ពុទ្ធសាសនាបរទេស ដែលជា ទង្វើមួយ ក្បត់នឹងជំនឿ ក្បត់នឹងទំនៀមទម្លាប់របស់យើង ហើយ ក្បត់និងវប្បធម៌ ‌ខ្មែរ
ក្នុង ព្រះពុទ្ធសាសនា ដែលយើងបានកាន់មកជាយូរអង្វែងមកហើយ ។
ង) រំលាយចោលនូវកងកម្លាំងបរទេសទាំងអស់ ដែលបានចូលមកបើកទីតាំង ដោយជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា ដោយលាក់ បាំង ឬ មួយដោយចេញមុខ ហើយបានរៀបចំ ជារចនាសម្ព័ន្ធនៅលើទឹកដីខ្មែរ នៅ តាមតំបន់នានា ដែលសម្បូរទៅដោយភោគផល មាន ជីរជាតិ រហូតទៅដល់តំបន់ដែលជាតំបន់យុទ្ធសាស្ត្រ សំខាន់របស់ខ្មែរទៀត ផង។ វត្តមាន នៃកងកម្លាំងបរទេសទាំងនោះ ដែលមាននៅក្នុងប្រទេសកម្ពុជាតាំងពីសម័យ ដែលប្រទេសនេះ ត្រូវបានកាន់កាប់ ដោយកម្លាំងយោធាបរទេសរហូតដល់បច្ចុប្បន្ន តែឥឡូវ កម្លាំងនេះត្រូវ តែដកថយ ចេញ ពីទឹកដី ខ្មែរ ។ នេះជាភស្តុតាង មួយបង្ហាញយ៉ាងជាក់ច្បាស់ពីគំនិត និង ពីគោលបំណង វាតទឹកដី និងលេបទឹកដី របស់ ‌អ្នក ទាំងនោះ មកលើ ប្រទេស កម្ពុជា ។
ម្យ៉ាងវិញទៀត យើងនីងយកច្បាប់ទាំងអស់ ស្តីអំពីជនអន្តោប្រវេសន៍ ដែលមានជាធរមាន នៅក្នុង ព្រះរាជាណាចក្រ កម្ពុជារហូតដល់ឆ្នាំ ១៩៧០ មកដាក់ឲអនុវត្តន៍សារជាថ្មី ហើយបើជាការចាំបាច់ ក្នុងការរក្សា របៀបរៀបរយសាធារណ: របៀបរៀបរយ ខាង សេដ្ឋកិច្ច ក្នុងសង្គម ក្នុងវប្បធម៌ និងសន្តិសុខផ្ទៃក្នុង របស់ព្រះរាជាណាចក្រកម្ពុជា ការអនុវត្តន៍ ច្បាប់ទាំងនេះ ត្រូវដាក់នៅក្រោមការត្រួតពិនិត្យ របស់ អង្គការ មានសមត្ថកិច្ច នៃ អង្គការសហប្រជាជាតិ ។
ច) ក្នុងគោលដៅដើម្បីរៀបចំប្រទេសខ្មែរ ឲក្លាយទៅជានិតិរដ្ឋមួយដ៏ពិតប្រាកដ ក្រសួង រដ្ឋបាល ក្រសួង សាធារណ: ប្រព័ន្ធយុត្តិធម៌ កងទ័ពជាតិ និងក្រសួងប៉ូលីស ត្រូវរៀបចំ សារជាថ្មីឡើងវិញ ដើម្បី ធ្វើយ៉ាងណា ឲស្ថាប័នទាំងនេះ មានលទ្ធភាពនីងក្លាយជាស្ថាប័នមួយ ដែលបំរើនិងការពារប្រទេស បំរើនិងការពារប្រជារាស្ត្រ និងប្រជាជាតិខ្មែរ ដោយពិតប្រាកដ និងស្មោះត្រង់ឡើងវិញ នៅក្នុងអត្ថប្រយោជន៍ ដ៏ត្រឹមត្រូវ និងនៅក្នុងសិទ្ធិ ដ៏ពេញលេញ របស់ ប្រជាជាតិ - ប្រជារាស្ត្រខ្មែរ និងរបស់ប្រទេសកម្ពុជាទាំងមូល ។

Labels