DED នឹងប្រឹងប្រែងថែមទៀត ជាមួយក្រសួងមហាផ្ទៃលើការងារអភិបាលកិច្ចល្អ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសេវាកម្មអភិវឌ្ឍន៍អាល្លឺម៉ង់ (Deutscher Entwicklungsdienst=DED) បានប្រកាសថា DED នឹងខិតខំប្រឹងប្រែងឡើងថែមទៀតលើវិស័យអភិបាលកិច្ចល្អជាមួយក្រសួងមហាផ្ទៃ ជាមួយអ្នកជំនាញការ៤រូបថែមទៀត ដែលនឹងចែករំលែកនូវបទពិសោធន៍រួមដែលមាននៅខេត្តបាត់ដំបង និងសៀមរាប ទៅកាន់ខេត្តពីរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត ជីហ្គែន វីលហ៊ែម (Dr. Jurgen Wilhelm) អគ្គនាយក DED បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកាថា ក្រៅពីធ្វើការជាមួយក្រសួងមហាផ្ទៃលើអភិបាលកិច្ចល្អ DED នឹងបន្ថែមការគាំទ្ររបស់ខ្លួនលើការផ្សះផ្សាជាតិ និងសកម្មភាពនានារបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ចំនួន២០ភាគរយទៀត។ អ្នកជំនាញការ២រូបបន្ថែមទៀត នឹងចូលរួមក្នុងសកម្មភាពផ្សេងៗ វេទិកាសាធារណៈ និងសកម្មភាពយល់ដឹងអំពីប្រទេសទាំងមូល ការចូលរួមសវនារបស់សាធារណជន ការគាំទ្រតាមផ្លូវច្បាប់ និងផ្នែកចិត្តសាស្ត្រដល់ជនរងគ្រោះ និងសាក្សីក៏ដូចជាព័ត៌មានដែលទាក់ទងនឹងសកម្មភាពនានាផងដែរ។
លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ថ្មីៗនេះផ្ដោតទៅលើអភិបាលកិច្ចល្អ អភិវឌ្ឍន៍ជនបទ និងវិស័យសុខាភិបាល ហើយក្រុមគោលដៅចម្បង គឺប្រជាជននៅតំបន់ជនបទ។ ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ
DED នៅកម្ពុជាគាំទ្រដល់ការផ្លាស់ប្ដូររចនាសម្ព័ន្ធដែលឆ្ពោះទៅរកការធ្វើឲ្យមានស្ថិរភាពសង្គម។
អស់រយៈពេលជាង៥ឆ្នាំមកនេះ DED បានផ្ដោតការប្រឹងប្រែងលើខេត្តបាត់ដំបង និងសៀមរាប ជាទីដែល
អ្នកជំនាញការ DED រួមចំណែកក្នុងការធ្វើកំណែទម្រង់រដ្ឋាភិបាលសាធារណៈ និងវិមជ្ឈការ។ ការផ្ដោតជាចម្បង គឺលើការគាំទ្ររដ្ឋបាលមូលដ្ឋាន។ លោកបានបញ្ជាក់ថា DED ផ្ដល់នូវជំនាញដល់អង្គការខ្មែរជាដៃគូនានារបស់ខ្លួនលើផ្នែកនគរូបនីយកម្ម និងគ្រប់គ្រងរដ្ឋបាល។ លោកបានបន្តថា "វាជាការលំបាក និងនឿយហត់ ប៉ុន្តែយើងបានរៀនសូត្រយ៉ាងច្រើន"។
លោកបានបន្ថែមថា ដោយឡែកកម្មវិធីលើការងារអភិវឌ្ឍន៍ជនបទ របស់ DED ផ្ដោតលើវិស័យជាំគន្លឹះពីរ គឺលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចនៅជនបទ និងការអភិរក្សថ្មនៅតំបន់អង្គរ។ សកម្មភាពទាំងនោះមានបណ្ដុះបណ្ដាលអ្នកផ្ដល់សេវាកម្ម និងអ្នកជំនាញការក្នុងស្រុក ការស្វែងយល់អំពីទីផ្សារ ផលិតកសិផលដោយនិរន្តរភាពការស្វែងរកទីផ្សារ និងផ្ដល់វិញ្ញាបនបត្រដល់កសិផល បង្កើតផលិតផលឲ្យមាន
ច្រើនបែប និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយនិរន្តរភាព។ ចំពោះវិស័យសុខាភិបាល DED រួមវិភាគទានលើកកម្ពស់ការគាំពារសុខភាពនៅថ្នាក់ខេត្ត រួមមានការបណ្ដុះបណ្ដាលគិលានុបដ្ឋាយិកា និងឆ្មបនៅមណ្ឌលសុខភាព មន្ទីរពេទ្យខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងកំពត។
លោកបណ្ឌិត ជីហ្គែន វីលហ៊ែម បានរំលឹកឲ្យដឹងថា ការចូលកៀកជាមួយប្រជាជន សហប្រតិបត្តិការជាដៃគូទាំងអស់នេះជាគោលការណ៍ របស់ DED នៅកម្ពុជា ចាប់ពីខែមិថុនា ឆ្នាំ២០០០មកម្ល៉េះ។ សហប្រតិបត្តិការអភិវឌ្ឍន៍របស់ DED ត្រូវបានយល់ថា ជាកិច្ចប្រឹងប្រែងក្នុងភាពជាដៃគូ។ យើង បានឆ្លើយតបនឹងសំណូមពររបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការនានាហើយ បានបញ្ជូនបុគ្គលិកមកធ្វើការ។ លោកបានបន្តថា បច្ចុប្បន្នមានអ្នកជំនាញអាល្លឺម៉ង់ និងអឺរ៉ុបផ្សេងៗទៀត៤០រូប កំពុងប្រតិបត្តិការការងារក្រោមកិច្ចសន្យាជាមួយ DED នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់ថា សម្រាប់កិច្ចការទាំងនេះ DED កំពុងចំណាយថវិកាជាង៤លានដុល្លារអាមេរិករៀងរាល់ឆ្នាំ។ អ្នកជំនាញទាំង៤០រូបកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញការ និងបុគ្គលិកក្នុងស្រុកប្រហែល៤០រូបផ្សេងទៀត។ សកម្មភាពទាំងឡាយរបស់ DED ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អាល្លឺម៉ង់ទាំងមូល។ លោកបានបន្ថែមថា ផលប្រយោជន៍ និងជំនាញយើង គឺការផ្ទេរនូវចំណេះដឹងដោយអ្នកជំនាញការជាមួយអ្នកជំនាញការខ្មែរជាដៃគូ។ DED សហប្រតិបត្តិការជាមួយរដ្ឋាភិបាលជាដៃគូនៅគ្រប់លំដាប់ថ្នាក់ ក៏ដូចជាជាមួយអង្គការក្រៅរដ្ឋាភិបាលនានាផងដែរ។ ក្នុងចំណោមនោះ មានដូចជាក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសុខាភិបាល សាលាស្រុកបាត់ដំបង និងសៀមរាប និងអាជ្ញាធរអប្សរា។ សកលវិទ្យាល័យ និងអង្គការសង្គមស៊ីវិលជាច្រើន ដូចជាសមាគម ADHOC អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា មហាវិទ្យាល័យភូមិន្ទកសិកម្ម សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអង្គការយុវសន្តិភាព គឺជាដៃគូរបស់ DED ផងដែរ៕

Labels