លោកស្រី ជឹម ម៉ាណាវី ផ្ដល់កិច្ចសម្ភាសន៍
១. តើថ្ងៃ ៨ មិនា មានន័យយ៉ាងដូចម្ដេច?
ទិវានារីអន្តរជាតិ(៨មិនា)
គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹក អបអរសាទរនូវសមិទ្ធផល ទទួលបានក្រោយការតស៊ូដើម្បីសមភាពរវាងបុរសនិងស្រី។ ការតស៊ូនេះកើតឡើងក្នុងអំឡុងសតវត្សទី១៩ នៅបណ្ដាប្រទេសអឺរ៉ុប នៅពេលដែលនារីនៅបណ្ដាប្រទេសទាំងនេះត្រូវគេជិះជាន់
កេងប្រវ័ញ្ចនិងត្រូវធ្វើជាទាសករផ្លូវភេទ។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើនបានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិសាសន៍ខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន នោះគេក៏អាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។
២. សម្រាប់ស្ត្រីកម្ពុជា តើទិវា ៨ មិនា មានសារសំខាន់យ៉ាងណាដែរ?
ប្រទេសកម្ពុជាក៏បានកំណត់ ថ្ងៃ ៨មិនាទិវានារីអន្តរជាតិជាថ្ងៃបុណ្យជាតិដែរ។ សម្រាប់ស្ត្រីកម្ពុជា ទិវា ៨ មិនា មានសារសំខាន់ណាស់សម្រាប់ពួកគេ។ ៨ មិនា គឺជាថ្ងៃដែលនារីទូទៅជួបជុំគ្នាដើម្បីសម្ដែងមតិ លើកឡើងនូវកង្វល់ និងបញ្ហារបស់ខ្លួនដើម្បីស្វែងរកនូវដំណោះស្រាយសមស្របនានាសម្រាប់បញ្ហា។ស្នាដៃរបស់ស្ត្រី និងសមិទ្ធផលការងារនានា ក៏ត្រូវបានរំលេច។
មិនមែនមានតែថ្ងៃ ៨មិនាតែប៉ុណ្ណោះទេ ដែលជាថ្ងៃសិទ្ធិរបស់ស្ត្រី ដែលមតិមួយចំនួនបានលើកឡើងថាជាថ្ងៃដែលស្ត្រីអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបាន។ មតិនេះមិនត្រឹមត្រូវឡើយ។ សិទ្ធិស្ត្រី គឺជាសិទ្ធិមនុស្ស ។ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស(Universal Declaration of Human Rights)1 មាត្រា ១ចែងថា "មនុស្សទាំងអស់កើតមកមានសេរីភាព និងភាពស្មើៗគ្នាក្នុងសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ..."។ ដូច្នេះសិទ្ធិស្ត្រី ឬសិទ្ធិមនុស្ស ត្រូវបានអនុវត្ត ជារៀងរាល់ពេលក្នុងជីវិតរស់នៅរបស់មនុស្ស។ ក៏ដូចជាស្ត្រីទូទាំងពិភពលោកដែរ ស្ត្រីកម្ពុជាបានប្រើប្រាស់ថ្ងៃ ៨មិនា ជាថ្ងៃដែលស្ត្រីធ្វើការតស៊ូមតិជាមួយរដ្ឋាភិបាល ដើម្បីកំណត់នូវរបៀបវារៈការងារនិងលើកឡើងនូវគោលនយោបាយនានា ដែលគាំទ្រដល់សមភាពរវាងបុរសនិងនារី។
៣. រយៈពេលកន្លងមក តើអង្គការវិទ្យាស្ថានបើកទូលាយរបស់លោកស្រីនាយិកាបានធ្វើអ្វីខ្លះទាក់ទិននឹងទិវាថ្ងៃ ៨ មិនានេះ? ហើយនៅឆ្នាំនេះអង្គការវិទ្យាស្ថានបើកទូលាយនឹងរៀបចំកម្មវិធីអ្វីដែរសម្រាប់ទិវានេះ?
ឆ្នាំ២០០៨ យើងបានរៀបចំ ឲ្យមានការពិភាក្សាតាមកំណត់ហេតុបណ្ដាញ សារអេឡិចត្រូនិក បញ្ជីសំបុត្ររួម gender@lists.open.org.kh ដែលជាវេទិកាពិភាក្សាតាមរយៈសារអេឡិចត្រូនិក អំពីបញ្ហាស្ត្រី និងយេនឌ័រ។បានផ្សព្វផ្សាយអត្ថបទនិងសរសេរបទវិចារណកថាទាក់ទងទិវានារីអន្តរជាតិ។បានធ្វើ "របាយការណ៍អង្កេតតាមដានការចេញផ្សាយព័ត៌មានអំពីស្ត្រី " ដែលលោកអ្នកអាចចូលអាននៅ
និងបានចូលរួមសហការជាមួយគណៈកម្មាធិការ CEDAW) និងជាមួយស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ។
ឆ្នាំ២០០៩ អង្គការបានកំណត់យកប្រធានបទ«ស្ត្រីចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារសង្គមជាតិ»និងរៀបចំសកម្មភាពមួយចំនួន៖
១.ផ្សព្វផ្សាយអត្ថបទទាក់ទងទិវានារីអន្តរជាតិ៖ កម្មវិធីស្ត្រីនឹងដកស្រង់ផ្សព្វផ្សាយព័ត៌មានសកម្មភាពរបស់ស្ថាប័ននិងអង្គការដែលធ្វើការងារអំពីស្ត្រី។
២.បទវិចារណកថា៖ នឹងធ្វើការផ្សព្វផ្សាយនូវបទវិចារណកថាដែលផ្ដោតទៅលើប្រធានបទ ខាងលើ។
៣.ចូលរួមសហការជាមួយគណៈកម្មាធិការ CEDAW) និងជាមួយស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ។
៤.ការពិភាក្សាតាមរយៈមធ្យោបាយទំនាក់ទំនងលើវិបផតថលស្ដីអំពីស្ត្រី ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០០៩ ជុំវិញប្រធានបទ «ស្ត្រីចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារសង្គមជាតិ» តាមរយៈ កំណត់ហេតុបណ្ដាញ វេទិកាលើបណ្ដាញ និងបញ្ជីសំបុត្ររួម ព្រមទាំងនឹងមាន ចេញជាប័ណ្ណសរសើរជូន ។ សម្រាប់ព័ត៌មានលម្អិត សូមចូលអាន៖

៥.បោះឆ្នោតលើវិបផតថលស្ដីអំពីស្ត្រី "តើស្ត្រីពិតជាបានចូលរួមនៅក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារសង្គមឬ?
៦.ផ្ញើសារជារូបភាពតាមទូរស័ព្វ "លើកកម្ពស់សិទ្ធិស្ត្រី ដោយប្រើ វិបផតថលស្ដីអំពីស្ត្រី"
៤. ក្រៅពីទិវាថ្ងៃ ៨ មិនានេះ តើអង្គការវិទ្យាស្ថានបើកទូលាយមានកម្មវិធីអ្វី ដែលជួយជំរុញការលើកស្ទួយសិទ្ធិស្ត្រីនៅក្នុងសង្គមកម្ពុជា?
យើងមានរៀបចំ៖
កិច្ចប្រជុំវេទិកាស្ត្រី៖ ធ្វើឡើងក្នុងគោលបំណងសម្របសម្រួលការពិភាក្សា អំពីបញ្ហាប្រឈមនានារបស់ស្ត្រី និងជុំវិញបញ្ហាយេនឌ័រ។ កិច្ចប្រជុំបានបង្កើតឱកាសសម្រាប់ជួបជុំគ្នា និងបង្កើនកិច្ចសហការរវាងស្ថាប័នស្ត្រី រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហាស្ត្រី ក្នុងគោលបំណងធ្វើឲ្យស្ថានភាពស្ត្រីមានភាពប្រសើរឡើង។
សិក្ខាសាលា៖ តាមរយៈសិក្ខាសាលានេះ ការរកឃើញ និងអនុសាសន៍ ដែលបានមកពីកិច្ចប្រជុំវេទិកាស្ត្រីត្រូវបានផ្សព្វផ្សាយដល់ស្ថាប័នរដ្ឋាភិបាល បណ្តាញ/អង្គការស្ត្រី ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ក្នុងគោលបំណងស្វែងរកដំណោះស្រាយរួមដែលផ្ដល់ការគាំទ្រ និងជំរុញឲ្យមានសមភាពយេនឌ័រក្នុងប្រទេសកម្ពុជា។
កិច្ចពិភាក្សាលើមធ្យោបាយទំនាក់ទំនងដែលមានលើវិបផតថលស្ដីអំពីស្ត្រី៖ ដើម្បី ជំរុញឲ្យមានការពិភាក្សាអំពីបញ្ហាយេនឌ័រនៅក្នុងប្រទេសកម្ពុជាតាមរយៈ៖
១.បញ្ជីសំបុត្ររួម៖
២.កំណត់ហេតុបណ្ដាញ
៣.វេទិកាលើបណ្ដាញ
កិច្ចពិភាក្សាផ្តល់ជាឱកាសសម្រាប់ សកម្មជនផ្នែកយេនឌ័រ និងអ្នកជំនាញផ្នែកច្បាប់ សិទ្ធិ ការស្រាវជ្រាវ ប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គល ជួបជុំគ្នាតាមលក្ខណៈអេឡិចត្រូនិក និងបង្កើនកិច្ចសហការ និងពង្រីកនូវវប្បធម៌នៃការចែករំលែកព័ត៌មានរវាងស្ថាប័ន និងស្ថាប័ន និងរវាងស្ថាប័ន និងបុគ្គល។
៥. មានចំណុចមួយក្នុងកម្មវិធីស្ត្រីរបស់អង្គការវិទ្យាស្ថានបើកទូលាយបានផ្ដោតលើការពង្រឹងសមត្ថភាពបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យាដល់ស្ត្រី តើចំណុចនេះមានសារសំខាន់យ៉ាងណា?
បច្ចុប្បន្នបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា មានការរីកចម្រើនខ្លាំងនៅប្រទេសកម្ពុជា និងពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពដល់ស្ត្រី។ គឺគេអាចប្រើប្រាស់បច្ចុប្បន្នបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាសម្រាប់ ការស្រាវជ្រាវ ការទទួលយក និងផ្សព្វផ្សាយព័ត៌មានជាដើម។ ស្ត្រីនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ ភាគច្រើនពុំត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់បច្ចុប្បន្នបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នោះទេដែលជាហេតុធ្វើឲ្យពួកគាត់នៅឆ្ងាយពីកន្លែងប្រមូលផ្ដុំព័ត៌មាននិងចំណេះដឹង។ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាត្រូវបានប្រើប្រាស់ក្នុងការផ្ដល់អំណាចដល់ស្ត្រី ដូចជា ការផ្ដល់ជាវគ្គបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាព ស្ត្រី ដើម្បីមានលក្ខណៈប្រកួតប្រជែងក្នុងទីផ្សាការងារ។ តាមរយៈ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា គេអាចចងជាបណ្ដាញរវាងស្ត្រី និងបុរស ពីសហគមន៍មួយទៅសហគមន៍មួយ និងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលជាការតភ្ជាប់ការប្រាស្រ័យទាក់ទងទៅវិញទៅមកដោយមិនកំណត់ព្រំដែន និងជាតិសាសន៍។ ស្ត្រីអាចធ្វើការចែករំលែកចំណេះដឹង បទពិសោធការងារ និងជោគជ័យ និងបញ្ហារបស់ខ្លួនដល់បុរស ដើម្បីបង្ហាញថា ស្ត្រីក៏មានចំណែកក្នុងការងារកសាងនិងអភិវឌ្ឍសង្គមដែរ និងដើម្បីឲ្យបុរសមានការយល់ដឹងថែមទៀតអំពីស្នាដៃ ការប្រឹងប្រែងរបស់ស្ត្រី អំពីតម្រូវការខុសគ្នារវាងបុរស និងស្ត្រី ដោយសារភេទខុសគ្នាដែលជាលក្ខណៈធម្មជាតិ និងអំពីការប្រឈមរបស់ស្ត្រី។ ការចែករំលែក ទាំងនេះនឹងនាំមកនូវការកាត់បន្ថយជាបណ្ដើរៗនូវផ្នត់គំនិតលំអៀងផ្នែកយេនឌ័រ (Gender Stereotype) និងការរើសអើងចំពោះស្ត្រីដើម្បីឈានទៅរកសមភាពយេនឌ័រលើគ្រប់វិស័យ ។
៦. ពាក់ព័ន្ធនឹងការងារស្ត្រី តើអង្គការវិទ្យាស្ថានបើកទូលាយបានសហការជាមួយក្រសួងកិច្ចការនារី និងសង្គមស៊ីវិលយ៉ាងដូចម្ដេចដែរ?
បញ្ហាស្ត្រីនិងបញ្ហាយេនឌ័រគឺជាបញ្ហាសកល។ ដូច្នេះវាទាមទារឲ្យមានដំណោះស្រាយជាសកលដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងជាតិសាសន៍ទាំងអស់។ ដូចគ្នានេះដែរ អង្គការវិទ្យាស្ថានបើកទូលាយក៏ត្រូវសហការជាមួយអង្គការ និងស្ថាប័នដទៃឯទៀតក្នុងការងារនេះ។ អង្គការបានចូលរួមជាលក្ខណៈប្រព័ន្ធ ក្នុងការកសាងសមត្ថភាពស្ត្រី ជំរុញសមភាពយេនឌ័រ ចូលរួមធ្វើការវិភាគ និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាស្ត្រី ដោយសហការជាមួយក្រសួងកិច្ចការនារីបានចូលរួមជាសមាជិកក្រុមការងារបច្ចេកទេសយេនឌ័ររៀបចំដោយក្រសួងកិច្ចការនារីដោយមានការចូលរួមពីតំណាងគ្រប់មន្ទីរក្រសួងនិងអង្គការក្នុងស្រុកនិងអន្តរជាតិ និងអង្គការUNIFEM ជាដើម។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ CEDAW កម្ពុជា ដែលជាបណ្ដាញមួយមានអង្គការសមាជិកជិត៧០អង្គការ អង្គការវិទ្យាស្ថានបើកទូលាយ បានបំពេញ តួនាទី និងកាតព្វកិច្ចសំខាន់ៗរួមមាន ការផ្សព្វផ្សាយទូទាំងប្រទេស នូវព័ត៌មានស្ដីពីអនុសញ្ញានៃការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទដែលហៅកាត់ថា ស៊ី ដ (CEDAW)។ បន្ថែមពីលើនេះទៀត យើងបានរួមចំណែកផងដែរ ក្នុងការបំពេញបន្ថែមនូវចំណុចខ្លះៗនៃសេចក្ដីផ្ដល់មតិចុងក្រោយរបស់គណៈកម្មាធិការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ សម្រាប់ប្រទេសកម្ពុជា (Concluding comments of the Committee on the Elimination of Discrimination Against Women:Cambodia)។
៧. នៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់ខ្លួន តើអង្គការវិទ្យាស្ថានបើកទូលាយបានកំណត់អ្វីដែលចលនាឲ្យស្ត្រីកម្ពុជាចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ?
ការជំរុញឲ្យមានស្ត្រីចូលរួមឲ្យបានច្រើនក្នុងការងារអភិវឌ្ឍន៍សង្គមជាតិ គឺជាផែនការជាយុទ្ធសាស្ត្ររបស់អង្គការដែលមានចែងច្បាស់ក្នុងគោលបំណងរបស់អង្គការគឺ "ជំរុញសមភាពយេនឌ័រ ដោយធ្វើយ៉ាងណាអោយស្ត្រីនិងបុរស អាចទទួលបានផលប្រយោជន៍ស្មើគ្នាក្នុងរាល់កម្មវិធី"។ ដូច្នេះហើយទើបយើងមានកម្មវិធី "ការផ្ដល់អំណាចដល់ស្ត្រីដើម្បីបន្លាស់ប្ដូរក្នុងសង្គម" ដែលក្នុងនោះ យើងបានបង្កើតឲ្យមានកិច្ចសហការប្រកបដោយជោគជ័យរវាងអង្គការធ្វើការងារអំពីស្ត្រីនិងសិទ្ធិ តាមរយៈ ផ្ដល់ព័ត៌មានអំពីសិទ្ធិ អំពីច្បាប់ និងការងារអភិវឌ្ឍ ផ្ដល់មធ្យោបាយនិងលើកទឹកចិត្តឲ្យមានការពិភាក្សាស្វែងយល់អំពីយេនឌ័រនិងអំពីស្ត្រី និងការផ្ដល់វគ្គបណ្ដុះបណ្ដាលអំពី បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។ ទាំងអស់នេះគឺដើម្បីជួយកសាងសមត្ថភាពនិងជំនាញដល់ស្ត្រី ជួយឲ្យការងារស្ត្រីមានប្រសិទ្ធភាពប្រសើរជាង និងមានលក្ខណៈប្រកួតប្រជែងក្នុងទីផ្សាការងារ។
ទន្ទឹមនឹងនោះយើងក៏មានរៀបចំប្រជុំវេទិកាស្ត្រីដែលធ្វើឡើងរៀងរាល់២ខែម្ដង ដើម្បីឲ្យស្ត្រីមកពីស្ថាប័ននិងជំនាញខុសៗគ្នាមកជួបជុំ ពិភាក្សាអំពីបញ្ហានិងស្វែងរកដំណោះស្រាយរួមសម្រាប់បញ្ហា។ យើងក៏រៀបចំឲ្យមានសិក្ខាសាលាដើម្បីផ្សព្វផ្សាយជាសាធារណៈ និងដល់ស្ថាប័នពាក់ព័ន្ធ នូវលទ្ធផលនៃការពិភាក្សាក្នុងវេទិកា រួមមានការរកឃើញ និងអនុសាសន៍នានាដែលផ្ដល់ដោយអង្គពិភាក្សាដើម្បីស្វែងរកគោលនយោបាយនានា ដែលគាំទ្រដល់សមភាពរវាងបុរស និងស្ត្រី។ ពេលស្ត្រីមានការគាំទ្រ មានសមត្ថភាពគ្រប់គ្រាន់ ស្ត្រីនឹងមានភាពជឿជាក់ និងចូលរួមបានច្រើនជាងក្នុងការងារអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
៨. បើតាមទស្សនៈរបស់លោកស្រីនាយិកា តើអ្វីជាការប្រឈម ឫជាឧបសគ្គដ៏ចម្បងក្នុងការលើកស្ទួយសិទ្ធិស្ត្រីនៅក្នុងសង្គមកម្ពុជា?
ឧបសគ្គដ៏ចម្បងក្នុងការលើកស្ទួយសិទ្ធិស្ត្រី គឺអំពីគំនិតយល់ឃើញរបស់សង្គមចំពោះស្ត្រី និង អំពីបរិបទនៃរចនាសម្ព័ន្ធសង្គមមួយ(ខ្មែរ)ដែលមានបុរសជាអ្នកកាន់កាប់ និងឲ្យតម្លៃស្ត្រីមិនស្មើបុរស ទោះជាបីយើងមានរដ្ឋធម្មនុញ្ញ មានច្បាប់ផ្សេងៗ ដើម្បីការពារសិទ្ធិស្ត្រី និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រក្នុងការជំរុញឲ្យមានសមភាពយេនឌ័រក៏ដោយ ក៏នៅមានឧបសគ្គជាច្រើនទៀត ដូចជាការអនុវត្តច្បាប់មិនបានហ្មឺងហ្មាត់ជាដើម។ ជាពិសេស សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក៏បានអំពាវនាវឲ្យគ្រប់ស្ថាប័នក្រសួង បញ្ជ្រាបគោលនយោបាយបញ្ជ្រាបយេនឌ័រក្នុងរាល់គោលនយោបាយនិងកម្មវិធីនានា។ អញ្ចឹងយើងឃើញថា តាមផ្លូវច្បាប់ ស្ត្រីខ្មែរត្រូវបានការពារនិងឲ្យតម្លៃ។ តែក្នុងការអនុវត្តជាក់ស្ដែងគឺមិនមែនដូចច្បាប់ដែងនោះទេ។
នៅក្នុងរចនាសង្គមកម្ពុជា បុរសគឺជាអ្នកគ្រប់គ្រងនៅសឹងគ្រប់វិស័យនិងគ្រួសារ។ បុរសភាគច្រើនជាអ្នករកប្រាក់ផ្គត់ផ្គង់គ្រួសារ ហើយត្រូវគេចាត់ទុកថាជាមេគ្រួសារ ដូច្នេះរាល់ការសម្រេចចិត្ត ភាគច្រើនបុរសជាអ្នកសម្រេច។ ដោយសារវប្បធម៌សង្គម ស្ត្រីពុំត្រូវបានលើកទឹកចិត្តឲ្យទៅរៀន ឬឲ្យបន្តការសិក្សាឲ្យបានខ្ពស់ និងពុំសូវត្រូវបានផ្ដល់ឱកាសបណ្ដុះបណ្ដាលដូចបុរសឡើយ។ នេះជាហេតុផលធ្វើឲ្យស្ត្រីភាគច្រើនមានការអប់រំទាបជាងបុរស នាំឲ្យស្ត្រីមិនអាចកាន់តំណែងខ្ពស់បាន។
ដូច្នេះហើយ ទើបនៅកន្លែងធ្វើការ គេឃើញការងារគ្រប់គ្រងនិងធ្វើសេចក្ដីសម្រេចចិត្ត ភាគច្រើនបុរសជាអ្នកកាន់កាប់ ចំណែកឯស្ត្រីវិញធ្វើការនៅលំដាប់ថ្នាក់ទាប បើទោះបីចំនួនស្ត្រីចូលរួមក្នុងកម្លាំងពលកម្មមានរហូតដល់ទៅជាង៧០ភាគរយនៃចំនួនពលកម្មសរុបក៍ដោយ។ ទោះបីស្ត្រីខ្មែរមានសិទ្ធិបោះឆ្នោតនិងមានសិទ្ធិឈរឈ្មោះបោះឆ្នោតតាំងបីឆ្នាំ១៩៥៥ ក៍ដោយ ក៍ចំនួនស្ត្រីចូលរួមក្នុងការងារនយោបាយនិងដឹកនាំនៅមានកម្រិត។ គេឃើញស្ត្រីមានកៅអីក្នុងសភាមានតែជាង ១៤ភាគរយ និងជាអ្នកដឹកនាស្ថាប័នក្រសួង មានតែជាង៧ភាគរយប៉ុណ្ណោះ។ នេះបានឆ្លុះបញ្ចាំងនូវ អតុល្យភាពអំណាចរវាងបុរសនិងស្ត្រី។ ម្យ៉ាងទៀត ដើម្បីសង្គមទទួលស្គាល់ស្នាដៃរបស់ស្ត្រីៗ ត្រូវធ្វើការពីរដងបើប្រៀបធៀបនិងបុរស ពីព្រោះនៅកន្លែងធ្វើការក្ដី នៅក្នុងសង្គមក្ដី គេមិនឲ្យតម្លៃស្ត្រីនិងការងាររបស់ស្ត្រីទេ ព្រមទាំងមិនមានជំនឿលើការងារដឹកនាំរបស់ស្ត្រីនោះដែរ។ ប្រការនេះបានធ្វើឲ្យស្ត្រីមានការរួញរា និងមិនសូវមានការជឿជាក់លើខ្លួនឯង។
៩. តើអាចមានដំណោះស្រាយដែរឫទេចំពោះ ការប្រឈម ឫក៏ឧបសគ្គទាំងនោះ?
យើងត្រូវមាន ដំណោះស្រាយជាយុទ្ធសាស្ត្រ ជាប្រព័ន្ធមួយ ដើម្បីស្ត្រីអាចទទួលបានផលប្រយោជន៍ពេញលេញពីច្បាប់និងគោលនយោបាយរបស់រដ្ឋាភិបាល ធ្វើឲ្យមានការប្រែប្រួលអំពីស្ថានភាពស្ត្រីនៅប្រទេសកម្ពុជា។ ដើម្បីលើកស្ទួយសិទ្ធិស្ត្រី ជំរុញសមភាពយេនឌ័រ និងជំរុញការចូលរួមរបស់ស្ត្រីឲ្យបានច្រើនជាងក្នុងវិស័យសេដ្ឋកិច្ច នយោបាយនិងសង្គម នោះ រដ្ឋាភិបាល ដោយសហការជាមួយអង្កការដៃគូរនិងអង្គការមិនមែនរដ្ឋាភិបាលនានា ត្រូវមាននិងត្រូវអនុវត្តឲ្យបានហ្មឺងហ្មាត់នូវគោលនយោបាយ៖
បញ្ជ្រាបគោលនយោបាយយេនឌ័រទៅក្នុងរាល់គោលនយោបាយថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
អនុវត្តឲ្យបានហ្មឺងហ្មាត់នូវកតិកានិងអនុសញ្ញាអន្តរជាតិនានាជាមូលដ្ឋានការពារសិទ្ធិស្ត្រីដែលកម្ពុជាជាប្រទេសហត្ថលេខីមួយដែរ។
ផ្ដល់ឱកាសដល់ស្ត្រីចូលរួមឲ្យបានច្រើនក្នុងការពិភាក្សាអំពីការតាក់តែងគោលនយោបាយនានា អំពីការបែងចែក និងគ្រប់គ្រងធនធាន អំពីគម្រោងថវិកាជាតិ និងក្នុងដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្តនានា។
បង្កើតការងារមានលក្ខណៈប្រព័ន្ធ មានវិធានការជាក់ស្ដែងដើម្បីជំរុញឱកាសស្មើគ្នារវាងបុរសនិងនារីនិងជំរុញការផ្ដល់ជំនាញអំពីការងារសហគ្រិនដល់ស្ត្រីដោយផ្សារភ្ជាប់ជាមួយទីផ្សា។
ជំរុញគោលនយោបាយធានារ៉ាប់រងសុវត្ថិភាពការងារ ការធានានូវប្រព័ន្ធច្បាប់មួយដែលនឹងនាំមកនូវប្រាក់បៀវត្តប្រសើរជាងចំពោះស្ត្រី ។
ជំរុញគោលនយោបាយផ្ដល់អំណាចពេញលេញដល់ស្ត្រី
ជំរុញឲ្យក្មេងស្ត្រីបានទៅរៀនឲ្យបានច្រើននិងបានខ្ពស់ជាងដូចកូនប្រុសដែរ។ ការធ្វើដូច្នេះក៏ជួយកាត់បន្ថយបានការធ្វើចំណាកស្រុក ការកេងប្រវ័ញ្ចនិងការធ្វើទាសករផ្លូវភេទ៕

Labels