ក្រសួងទេសចរណ៍ ធ្វើពិធីផ្សព្វផ្សាយសៀវភៅមគ្គុទ្ទេសក៍ "ផ្លូវទស្សនាមេគង្គ"
រាជធានីភ្នំពេញ៖ ពិធីផ្សព្វផ្សាយសៀវភៅមគ្គុទ្ទេសក៍ "ផ្លូវទស្សនាមេគង្គ" បានប្រារព្ធឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណាកាលពីរសៀលថ្ងៃទី២៧ តុលា ឆ្នាំ២០០៨។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមដោយមន្ត្រីក្រសួងនេះព្រមទាំងផ្នែកឯកជនយ៉ាងច្រើនកុះករ។
លោក សូ ម៉ារ៉ា បានថ្លែងថា ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការ UNTWO និងអង្គការ SNV អនុវត្តគម្រោងផ្លូវទស្សនាមេគង្គនេះ តាំងពីពាក់កណ្ដាលឆ្នាំ២០០៧ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ និងភូមិភាគឦសានទាំងមូល ហើយសំដៅរួមចំណែកដល់ការអភិរក្ស និងការពារធនធានធម្មជាតិ ជាពិសេសសត្វផ្សោតទន្លេមេគង្គ និងប្រព័ន្ធជីវសាស្ត្រចម្រុះក្នុងទន្លេមេគង្គ។
លោក សូ ម៉ារ៉ា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យទេសចរណ៍កម្ពុជាបានចាត់ទុកជាវិស័យអាទិភាពមួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងត្រូវបានដាក់ចេញនូវគោលនយោបាយសម្រាប់វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ។ ការរីកលូតលាស់នៃវិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើនឱកាសការងារ និងនាំនូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ លោករដ្ឋលេខាធិការ បានបន្តទៀតថា សម្រាប់រយៈពេល៩ខែដើមឆ្នាំ២០០៨នេះ មានភ្ញៀវទេសចរមកទស្សនាកម្ពុជាចំនួន ១.៥៤៣.៧០៣នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០០៧ មានការកើនឡើង១០ភាគរយ។ សម្រាប់រយៈពេល៩ខែដើមនេះ មានភ្ញៀវទៅទស្សនាខេត្តស្ទឹងត្រែង ចំនួន៧.៥០នាក់ កើនឡើង១៨ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០០៧។ សម្រាប់ខេត្តក្រចេះរយៈពេល៩ខែដំបូងនោះដែរ មានភ្ញៀវចំនួន៩.០៣៥នាក់កើនឡើង១០ភាគរយ។ ការព្យាករណ៍ដល់ចុងឆ្នាំ២០០៨នេះ យើងអាចទទួលបានភ្ញៀវទេសចរចំនួន២,២លាននាក់ ឆ្នាំ២០១៥ទទួលបាន៥លាននាក់។
ដើម្បីបំពេញតាមតម្រូវការទីផ្សារទេសចរណ៍ ដែលចេះតែកើនឡើងនាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត ក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍យ៉ាងហ្មត់ចត់ ដើម្បីធានាការអភិវឌ្ឍន៍មួយប្រកបដោយនិរន្តភាពដែលក្នុងនោះ អេកូទេសចរណ៍បានដើរតួនាទីកាត់បន្ថយភាពក្រីក្រ និងការពារបរិស្ថានផងដែរ។
តាមការស្រាវជ្រាវបង្ហាញថា មានភ្ញៀវទេសចរប្រមាណជា៥០ភាគរយ មានបំណងទស្សនាតំបន់ធម្មជាតិ ឬអេកូ-ទេសចរណ៍ព្រោះពួកគេយល់ឃើញថា ការធ្វើដំណើររបស់ពួកគេ មិនត្រឹមតែជាដំណើរកំសាន្តសិក្សាស្វែងយល់ប៉ុណ្ណោះ
ទេ តែបានផ្ដល់នូវប្រភពធនធានដល់ការថែរក្សា និងការពារធនធានធម្មជាតិ និងជីវចំរុះ ព្រមទាំងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់។
លោក សូ ម៉ារ៉ា បានបញ្ជាក់ទៀតថា បច្ចុប្បន្នវិស័យអេកូទេសចរណ៍ គឺជាឧស្សាហកម្មកើតថ្មី ហើយក្លាយជាផលិតផលទេសចរណ៍ទាក់ទាញដ៏មានប្រសិទ្ធភាព និងថ្មីក្នុងតំបន់អាស៊ី។
បច្ចុប្បន្នយើងមានតំបន់អភិរក្ស២៣កន្លែង មានឧទ្យានជាតិចំនួន៧កន្លែង និងមានទន្លេមេគង្គដ៏ល្បីល្បាញ
លើពិភពលោក ដោយមានសត្វផ្សោតទឹកសាប មានព្រៃកោងកា និងតំបន់ភូមិភាគឦសាន។
សូមបញ្ជាក់ថា សៀវភៅមគ្គុទ្ទេសក៍ "ផ្លូវទស្សនាមេគង្គ" បានរៀបចំឡើងដោយគម្រោងអភិវឌ្ឍន៍ផ្លូវទស្សនាមេគង្គដែលគាំទ្រថវិកាដោយក្រសួងទេសចរណ៍ អង្គការទេសចរណ៍ពិភពលោក និងអង្គការអភិវឌ្ឍន៍ប្រទេសហុល្លង់។ គម្រោងនេះមានរយៈពេល១៨ខែ ទាំងដំណាក់កាលរៀបចំផែនការ និងដំណាក់កាលអនុវត្តរយៈពេលជាង២ឆ្នាំ៕

កម្ពុជា-វៀតណាមនឹងចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ ចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតា
•នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងរកជំនួយយោធាពីវៀតណាម?
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងនោះក៏មានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតាផងដែរ។
តបតាមការអញ្ជើញរបស់លោក ង្វៀន តាន់យ៉ុង (Nguyen TanDzung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកវិនិយោគទុនកម្ពុជាប្រមាណ
ជាង៥០នាក់ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមកាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ រយៈពេល៥ថ្ងៃ
(ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា)។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានមុនពេលចេញដំណើរថា ក្នុងដំណើរទស្សនកិច្ចនាព្រឹកថ្ងៃនេះ ប្រតិភូជាន់ខ្ពស់កម្ពុជានឹងត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវការនៅវិមានរដ្ឋវៀតណាម បន្ទាប់មកមានការជួបចរចាទ្វេភាគីជាមួយរដ្ឋាភិបាលវៀតណាម។
នៅក្នុងកិច្ចចរចានោះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ គឺកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចព្រមព្រៀងស្ដីពីទំនិញឆ្លងកាត់ ចុះហត្ថលេខាដោយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្ដីពីចំណុចភ្ជាប់ផ្លូវដែកចុះ ហត្ថលេខាដោយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យុសំឡេងវៀតណាម និងវិទ្យុជាតិកម្ពុជា និងផែនការកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានសម្រាប់ឆ្នាំ២០០៨-២០១០ ដែលចុះហត្ថលេខា
ដោយ លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន។
កម្មវិធីបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន នឹងចូលជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋវៀតណាម លោក ងៀង មិញត្រៀត ជួបលោក ងៀង ភូទ្រុង ប្រធានរដ្ឋសភា ជួបលោក នុង ឌឹកម៉ាញ់ អគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម និងលោក ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម និងជួបជាមួយសមាគមមិត្តភាពកម្ពុជា-វៀតណាម។
លោក ស្រ៊ី ថាមរុង្គ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានមានមុនពេលចេញដំណើរថា ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចតេជោ ហ៊ុន សែន និងប្រតិភូក៏នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៤ រវាងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមនៅថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ដែលការពិភាក្សានឹងផ្ដោតជាសំខាន់ទៅលើការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចនៃប្រទេសទាំងបួនមានភាពជឿនលឿនដើម្បីរួមគ្នាបន្ថយនូវគម្លាតរវាងប្រទេសថ្មីទាំង៤ នៃប្រទេសអាស៊ានទៅនឹងប្រទេសអាស៊ានចាស់ទាំង៦ ហើយនិងរិះរកវិធីដើម្បីទាក់ទាញហិរញ្ញប្បទានពីប្រទេសជា
ដៃគូ ពិសេសដៃគូនៅក្នុងអាស៊ាន ដៃគូផ្ដល់ជំនួយពីប្រទេសផ្សេងៗ និងដៃគូអាស៊ានបូក៣។ ហើយនៅថ្ងៃទី៧ ខែវិច្ឆិកា ចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីថៃ ក៏នឹងអញ្ជើញទៅចូលរួមផងដែរ ហើយគោលដៅនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ប្រទេសតាមដងទន្លេមេគង្គ ធ្វើឲ្យប្រទេសទាំង៥មានការរីកចម្រើនខាងសេដ្ឋកិច្ចកសាងព្រំដែននៃប្រទេសទាំង៥ឲ្យទៅជាព្រំដែនសន្តិភាព មានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
លោក ស្រ៊ី ថាមរុង្គ បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង៥ គឺក្នុងគោលដៅពង្រីកបន្ថែមទៀតនូវសក្ដានុពល ដែលប្រទេសទាំងពីរមាន និងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។

សម្ដេចតេជោអំពាវនាវឲ្យក្រុមហ៊ុនប្រេងបន្តចុះថ្លៃ និងសុំឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ប្រេងក្រុមហ៊ុនដែលមិនចុះថ្លៃ
ភ្នំពេញ៖ ទន្ទឹមនឹងរិះគន់ចំពោះក្រុមហ៊ុនប្រេងមួយចំនួនដែលពុំព្រមចុះថ្លៃប្រេងទៅតាមតម្លៃទីផ្សារប្រេងអន្តរជាតិនោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យក្រុមហ៊ុនប្រេងក្នុងស្រុកបន្តចុះថ្លៃថែមទៀត និងអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ប្រេងរបស់ក្រុមហ៊ុនបរទេសមួយចំនួនដែលពុំព្រមចុះថ្លៃ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើការអំពាវនាវនេះ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅស្រុកពញាឮ ខេត្តកណ្ដាល ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតប្រេងជីវៈឥន្ធនៈ "អេតាណុល" ដោយមានប្រសាសន៍ថា "ថ្ងៃនេះជាថ្មីម្ដងទៀត ខ្ញុំអំពាវនាវឲ្យក្រុមហ៊ុនទាំងអស់ខិតខំទម្លាក់ថ្លៃប្រេងបន្ថែមទៀត"។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ក្រុមហ៊ុនក្នុងស្រុកចំនួន២បាននាំមុខក្នុងការចុះថ្លៃ គឺក្រុមហ៊ុន សូគីម៉ិច និងក្រុមហ៊ុនតេឡា ក៏ប៉ុន្តែក្រុមហ៊ុនបរទេសមួយចំនួនដូចជា តូតាល់ និង កាល់តិច មិនព្រមចុះថ្លៃឲ្យទាន់ពេលវេលាទេ។ "ដូច្នេះខ្ញុំអំពាវនាវឲ្យក្រុមហ៊ុនក្នុងស្រុកបន្តចុះថ្លៃទៀត"។
សម្ដេច ហ៊ុន សែន បានបន្តថា ប្រេងនៅទីផ្សារពិភពលោកបានចុះថ្លៃមកនៅត្រឹម៥៤ដុល្លារក្នុងមួយបារ៉ែល ក៏ប៉ុន្តែនៅកម្ពុជាចុះថ្លៃបានបន្តិចប៉ុណ្ណោះគឺប្រេងម៉ាហ្ស៊ូត ៣.៨០០រៀល១លីត្រសាំងធម្មតា ៣.៩០០ក្នុង១លីត្រ និងប្រេងស៊‌ុបពែរ ៤.០០០រៀលក្នុង១លីត្រ។
គេកត់សម្គាល់ថា នៅពេលប្រេងលើទីផ្សារអន្តរជាតិឡើងដល់១៤០ដុល្លារអាមេរិកក្នុង១ប៉ារ៉ែល នៅខែកក្កដានោះ ប្រេងលក់រាយនៅកម្ពុជាឡើងដល់៥.៧០០រៀលក្នុង១លីត្រ។ តែពេលនេះប្រេងនៅទីផ្សារអន្តរជាតិបានចុះប្រមាណជា៩០ភាគរយ តែនៅកម្ពុជាចុះបានប្រមាណជាង៣០ភាគរយប៉ុណ្ណោះ។ ក្រុមហ៊ុនប្រេងនៅកម្ពុជាតែងយកលេសម្យ៉ាង គឺប្រេងស្ដុកចាស់មិនទាន់អស់ តែគេឆ្ងល់ថា នៅពេលដែលប្រេងឡើងថ្លៃភ្លាម ប្រេងកម្ពុជាឡើងភ្លាមដែរ ហេតុអ្វីមិននិយាយថា ប្រេងស្ដុកចាស់មិនទាន់អស់ផង។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា យើងយល់ថា អស់លោកស្ដុកអាចាស់មិនទាន់អស់ ប៉ុន្តែខ្ញុំឆ្ងល់ថា អាចាស់នោះវាស្ដុកយូរម្ល៉េះជា២ខែហើយនោះ សម្ដេច ហ៊ុន សែន បានបន្តថាយើងមិនអាចទទួលយកបានការអះអាងបែបនេះទេ។ សម្ដេចបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបន្តកោះប្រជុំឡើងវិញក្រុមហ៊ុនប្រេងទាំងអស់ ហើយប្រសិនជាមិនមានប្រសិទ្ធភាពទេនោះ សម្ដេចអាចនឹងដឹកនាំកិច្ចប្រជុំនោះដោយផ្ទាល់តែម្ដង។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញថា លោកមិនអាចបញ្ជាឲ្យក្រុមហ៊ុនប្រេងបញ្ចុះតម្លៃប្រេង ឬកំណត់តម្លៃប្រេងបានទេ ព្រោះវាខុសទៅនឹងក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ ខុសនឹងវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក។
តែវាល្មមដល់ពេលចុះថ្លៃហើយ ព្រោះតម្លៃប្រេងទីផ្សារអន្តរជាតិបានចុះហើយ។ សម្ដេចបានបន្តថា ពេលដែលក្រុមហ៊ុនក្នុងស្រុកចុះថ្លៃប្រេង គេបែរជានិយាយថា ប្រេងក្រុមហ៊ុនក្នុងស្រុកនោះអន់គុណភាព សម្ដេច ហ៊ុន សែន បានធ្វើការអះអាងថា ប្រេងរបស់ក្រុមហ៊ុនក្នុងស្រុកពិតជាមានគុណភាពដូចប្រេងក្រុមហ៊ុនបរទេសអ៊‌ីចឹងដែរ។
ភ្លាមៗជាមួយការអំពាវនាវនោះ ក្រុមហ៊ុនក្នុងស្រុកចំនួន២ គឺ សូគីម៉ិច និងតេឡាបានសម្រេចបញ្ចុះតម្លៃប្រេងក្នុង១លីត្រ២០០រៀលបន្ថែមទៀត នៅពេលក្រុមហ៊ុនបរទេសនៅរក្សាតម្លៃដដែលនោះ។
សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេងរបស់ក្រុមហ៊ុនក្នុងស្រុកដែលបានចុះតម្លៃ ហើយឈប់ប្រើប្រាស់ប្រេងរបស់ក្រុមហ៊ុនបរទេសដែលមិនបញ្ចុះតម្លៃប្រេង៕

សហភាពអឺរ៉ុប និងជប៉ុន : ជំនួយកម្ពុជានឹងមិនប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកទេ
ភ្នំពេញ ៖ សហភាពអឺរ៉ុប និងប្រទេសជប៉ុនដែលជាអ្នកផ្ដល់ជំនួយច្រើនជាងគេដល់ប្រទេសកម្ពុជាបានអះអាងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ជំនួយសម្រាប់ប្រទេសកម្ពុជា នឹងមិនប៉ះពាល់ដោយសារតែវិបត្តិហិរញ្ញវត្ថុពិភពលោកនោះឡើយ នៅពេលដែលប្រទេសអ្នកផ្ដល់ជំនួយអភិវឌ្ឍន៍គ្រោងនឹងជួបប្រជុំនៅថ្ងៃទី៤ និង៥ ខែធ្នូខាងមុខនេះ។ប៉ុន្តែទោះជាយ៉ាងណាក្ដី ការទាមទារឲ្យដោះស្រាយបញ្ហាពុករលួយនឹងនៅតែជាថ្នាំល្វីងសម្រាប់រដ្ឋាភិបាលជាថ្នូរនឹងជំនួយនោះ។
នៅក្នុងវេទិកាតុមូលមួយជាមួយអ្នកកាសែតដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា នៅសណ្ឋាគារក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិខុនរ៉ាដ អាដេណៅអ៊ែរ អាល្លឺម៉ង់នោះ លោក ហ្សង់ ហ្វ្រង់ស័រ ដេស្មាហ្ស៊ីយែរ (Jean Francois Desmazieres) ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំងដែលជាប្រធានសហភាពអឺរ៉ុបនាឆមាសទី២ ឆ្នាំ២០០៨នេះបាននិយាយថា "តួលេខជំនួយសម្រាប់ប្រទេសកម្ពុជាមិនត្រូវប៉ះពាល់ដោយវិបត្តិហិរញ្ញវត្ថុឡើយ"។
លោកបាននិយាយបន្ថែមទៀតថា នៅសប្ដាហ៍ក្រោយនឹងមានការពិភាក្សាអំពីការផ្ដល់ជំនួយដល់កម្ពុជាសម្រាប់ឆ្នាំ២០០៩-២០១១។ មកដល់ពេលនេះយើងមិនទាន់អាចនិយាយបានទេថា តើត្រូវផ្ដល់ឲ្យប៉ុន្មាន។
ប៉ុន្តែលោកអាចនិយាយបានថា មិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ។
ទោះបីជាយ៉ាងណាក៏ដោយ ចុះលោកឯកអគ្គរដ្ឋទូតបារាំងដែលជាប្រធានសហភាពអឺរ៉ុបនោះបានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជាបានទទួលការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកបានពន្យល់ថា ជាកត្តាឡូហ្សិក នៅពេលដែលសេដ្ឋកិច្ចមួយមានការរីកចម្រើនហើយនោះ ជំនួយបរទេសនឹងមានការថយចុះ។ ជំនួយបរទេសមិនមែនជាផ្នែកមួយដែលធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនរហូតនោះឡើយ។ ជំនួយនេះនឹងថយចុះបើសិនជាមានវិនិយោគទុនជាច្រើនបានចូលមកជំនួសហើយនោះ។
សភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេសនោះគឺជាអ្នកផ្ដល់ជំនួយអភិវឌ្ឍន៍ច្រើនជាងគេដល់ប្រទេសកម្ពុជា។ កាលពីឆ្នាំមុនពួកគេបានផ្ដល់ជំនួយចំនួនជាង២០០លានដល់ប្រទេសកម្ពុជា ហើយជប៉ុនគឺជាអ្នកផ្ដល់ជំនួយច្រើនជាងគេលំដាប់ថ្នាក់ទីពីរបន្ទាប់ពីសហភាពអឺរ៉ុប ដោយផ្ដល់លុយឲ្យកម្ពុជាចំនួន១១២,២៩លានដុល្លារ។ ដូច្នេះបើធ្វើការប្រៀបធៀបជាប្រទេសវិញ ប្រទេសជប៉ុនគឺជាប្រទេសដែលផ្ដល់ជំនួយច្រើនបំផុតមកកាន់ប្រទេសកម្ពុជា។
គួរឲ្យចាប់អារម្មណ៍ដែរនោះ នៅពេលដែលអ្នកផ្ដល់ជំនួយជួបគ្នានៅក្នុងសប្ដាហ៍ក្រោយនោះ ប្រទេសជប៉ុនក៏នឹងមិនទម្លាក់ជំនួយសម្រាប់ប្រទេសកម្ពុជា ដោយសារតែបញ្ហាហិរញ្ញវត្ថុពិភពលោកឡើយ។
កញ្ញា កាអូរី យុស៊ីម៉ាតស៊ុ លេខាទីបីនៃស្ថានទូតជប៉ុននៅប្រទេសកម្ពុជាបាននិយាយថា "ជំនួយសម្រាប់ប្រទេសកម្ពុជានឹងមិនប៉ះពាល់ដោយសារ
សេដ្ឋកិច្ចពិភពលោកទេ។ ប៉ុន្តែយើងមិនទាន់អាចនិយាយបានអំពីចំនួនឡើយរហូតដល់ថ្ងៃទី៥ ខែធ្នូ"។
កញ្ញា បាននិយាយបន្ថែមទៀតថា យើងនឹងទុកឲ្យនៅដដែល។
ទោះបីជាយ៉ាងនេះក៏ដោយចុះជំនួយទាំងនោះនឹងមិនផ្ដល់ឲ្យដោយកម្ពុជា មិនធ្វើអ្វីដែលធានាថា ជំនួយនឹងយកមកប្រើប្រាស់ដោយមានប្រសិទ្ធភាពឡើយ។ ដូច្នេះការបន្តទាមទារឲ្យកម្ពុជាកម្ចាត់ឲ្យបានអំពើពុករលួយ នឹងនៅតែជាថ្នាំល្វីងដែលកម្ពុជាត្រូវតែលេប។
លោក ហ្វ្រែង ម៉ាន់ (Frank M.Mann) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជាបាននិយាយថា "បញ្ហាអំពើពុករលួយនឹងត្រូវលើកយកមកដាក់នៅលើតុពិភាក្សា ក្នុងកិច្ចប្រជុំអ្នកផ្ដល់ជំនួយនោះ។ ប៉ុន្តែយើងមិនទាន់ដឹងនៅឡើយថា វានឹងត្រូវដោះស្រាយយ៉ាងម៉េចនៅឡើយទេ"។
ចំណែកឯអង្គការ Global Witness បានទទូចឲ្យប្រទេសផ្ដល់ជំនួយដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញអភិបាលកិច្ច និងតម្លាភាពនៅក្នុងការគ្រប់គ្រងទៅលើវិស័យប្រេង និងរ៉ែ នៅពេលដែលពួកគេនឹងមានការប្រជុំនៅសប្ដាហ៍ក្រោយនេះ ដើម្បីសម្រេចផ្ដល់ជំនួយដល់ប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍន៍នោះ។
អង្គការនេះបាននិយាយថាកន្លងមកស្ទើរតែមិនមានការសន្យាណាមួយដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់អភិបាលកិច្ច និងសិទ្ធិមនុស្សនៅក្នុងរយៈពេលប្រាំឆ្នាំកន្លងមកបានសម្រេចក្លាយជាការពិតនៅឡើយទេ។ ប៉ុន្តែជំនួយនៅតែបន្តហូរចូលសម្រាប់កម្ពុជា។
អង្គការនេះបាននិយាយថា ខ្លួនបានធ្វើការអង្កេតទៅលើវិស័យប្រេង និងរ៉ែនៅប្រទេសកម្ពុជា ហើយបានរកឃើញថា អ្នកសម្របសម្រួលអំណាចមួយចំនួនតូច ដែលដឹកនាំប្រទេសបានលក់អាជ្ញាប័ណ្ណដ៏មានតម្លៃទៅឲ្យក្រុមហ៊ុនបរទេស តាមរបៀបមួយដែលមិនមានតម្លាភាព និងគួរឲ្យសង្ស័យជាខ្លាំង។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់ មានអាជ្ញាប័ណ្ណរុករករ៉ែចំនួន៦០ត្រូវបានគេលក់ទៅឲ្យក្រុមហ៊ុនឯកជន។ រហូតមកទល់ពេលបច្ចុប្បន្ននេះតម្លាភាពជាមូលដ្ឋាន និងបញ្ញត្តិប្រឆាំងអំពើពុករលួយនៅក្នុងការផ្ដល់ទ្រព្យសម្បត្តិសាធារណៈមិនទាន់បានបំពេញឲ្យបាននៅឡើយទេ។ រដ្ឋាភិបាលមិនបានរៀបចំឲ្យមានការដេញថ្លៃបើកចំហជាសាធារណៈសម្រាប់សិទ្ធិដែលទាក់ទងទៅនឹងរ៉ែ និងប្រេងនៅឡើយទេ។ រដ្ឋាភិបាលបានខកខាននៅក្នុងការបោះពុម្ពផ្សាយព័ត៌មានស្ដីពីក្រុមហ៊ុនណាដែលបានទទួលសិទ្ធិសម្រាប់ធនធានទាំងនោះ។
អង្គការនេះនិយាយទៀតថា ការសម្រេចចិត្តកំពុងតែធ្វើនៅពេលនេះអំពីការផ្ដល់ធនធានរ៉ែ និងប្រេងរបស់ប្រទេសកម្ពុជា ដែលនឹងកំណត់ថា តើប្រាក់ចំណូលនោះ នឹងអាចទាញប្រទេសកម្ពុជាឲ្យរួចផុតពីភាពក្រីក្រ
ឬក៏វានឹងនាំឲ្យមានបណ្ដាធនធានទៅវិញ។វាគឺជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសផ្ដល់ជំនួយ។
អង្គការសុំឲ្យប្រទេសផ្ដល់ជំនួយទាំងអស់ទទូចឲ្យមានការពន្យារពេលផ្ដល់អាជ្ញាប័ណ្ណថ្មីទៀតនៅក្នុងវិស័យប្រេង និងរ៉ែ រហូតដល់ពេលដែលកម្ពុជាមានក្របខ័ណ្ឌច្បាប់ សង្គម បរិស្ថាន ជាមូលដែលអាចធ្វើការគ្រប់គ្រងទៅលើអាជ្ញាប័ណ្ណ
ទាំងអស់ និងធនធានដែលបានមក។
លោកហ្កាវីន ហៃម៉ាន់ (Gavin Hayman) នាយកយុទ្ធនាការនៃអង្គការ Global Witness និយាយថា ជាមួយនឹងការមកដល់ដ៏សម្បើមនៃប្រាក់ចំណូលដែលបានមកពីប្រេង និងរ៉ែ ឆ្នាំ២០០៨ អាចជាឱកាសចុងក្រោយសម្រាប់ប្រទេសផ្ដល់ជំនួយប្រើអំណាចរបស់ខ្លួន ដើម្បីដាក់លក្ខខណ្ឌ ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាជាច្រើននោះមានជោគវាសនាកាន់តែប្រសើរឡើង។
ប្រទេសកម្ពុជា គឺជាំប្រទេសដែលពឹងផ្អែកខ្លាំងទៅលើជំនួយបរទេស។ កាលពីឆ្នាំ២០០៧ ប្រទេសកម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ចំនួន៦៨៩លានដុល្លារ ជាមួយនឹងការទាមទារឲ្យមានការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ។
ប៉ុន្តែរដ្ឋាភិបាលមិនទាន់អាចធ្វើតាមសន្យានោះឡើយ ដោយលើកហេតុផលថា វាទាមទារ
ឲ្យមានច្បាប់ព្រហ្មទណ្ឌជាមុនសិន។
កាលពីឆ្នាំ២០០៧ មូលនិធិរូបិយវត្ថុអន្តរជាតិបានវាយតម្លៃជាបឋមថា ប្រេងនៅកម្ពុជាអាចមានចំនួន៧០០លានបារ៉ែល ហើយកម្ពុជាអាចរកចំណូលបានប្រហែល១៥ពាន់លានដុល្លារ។ ប្រាក់ចំណូលប្រេងនឹងចាប់ផ្ដើមមានចំនួន១៧៤លានដុល្លារនៅក្នុងឆ្នាំ២០១១ ហើយវានឹងឡើងដល់១.៧០០លាននៅឆ្នាំ២០២១។
ដោយបច្ចុប្បន្នតម្លៃប្រេងមានការធ្លាក់ចុះនោះ ការប៉ាន់ស្មានចំពោះប្រាក់ចំណូលពីប្រេងនឹងត្រូវទាបជាងនេះ។ ម្យ៉ាងទៀតនោះ មន្ត្រីរដ្ឋាភិបាលមិនទាន់ហ៊ាននិយាយនៅឡើយទេថា កម្ពុជាអាចនឹងមានប្រេងច្រើនដូចការប៉ាន់ស្មានខាងលើនោះ៕

តើដល់ពេលដែលកសិករកម្ពុជាត្រូវគិតគូរអំពីការចិញ្ចឹមត្រី ដើម្បីបំពេញទីផ្សារហើយឬ?
ស្វាយរៀង៖ នេះគឺជាសំណួរដែលកសិករភ្ញាស់កូនត្រីវ័យចំណាស់មួយរូប នៅក្នុងខេត្តស្វាយរៀងបានលើកឡើងក្រោយពេលដែលគាត់បានមើលឃើញថា កសិករភាគច្រើននៅក្នុងសហគមន៍របស់គាត់ហាក់ដូចជាមិនសូវចាប់អារម្មណ៍សោះនឹងរបរចិញ្ចឹមត្រី។
លោក អ៊ុំ រាជហានគឺជាកសិករមួយរូបដែលមានទីលំនៅនៅក្នុងភូមិមួយដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានឡើយ
ពីវត្តព្រៃឆ្លាក់នៅក្នុងទីរួមខេត្តស្វាយរៀង។
សព្វថ្ងៃលោកអ៊ំ គឺជាកសិករមួយរូបដែលកំពុងតែបង្កាត់ពូជត្រីជាច្រើនប្រភេទ ដើម្បីចែកចាយនៅក្នុងសហគមន៍របស់គាត់ ប៉ុន្តែគាត់បានរអ៊ូថា សហគមន៍ហាក់ដូចជាមិនសូវជាចាប់អារម្មណ៍នឹងរបរនេះដូចគាត់ឡើយ។
បើនិយាយអំពីទីតាំងភូមិសាស្ត្រខេត្តស្វាយរៀង គឺខេត្តមួយដែលមានទីតាំងជាប់នឹងព្រំដែនវៀតណាម និងខេត្តព្រៃវែង។ ខេត្តនេះមិនមែនជាខេត្តដែលជាប់នឹងបឹងទន្លេសាបដែលជាជង្រុកត្រីនោះទេ ដូច្នេះធនធានត្រីដែលជាប្រភពប្រូតេអ៊ីនមួយដ៏សំខាន់មួយដែរនោះត្រូវនាំចូលមកពីខេត្តដទៃទៀត ឬនាំចូលពីប្រទេសវៀតណាម ដើម្បីបំពេញទៅតាមតម្រូវការនៅលើទីផ្សារបន្ថែមទៅលើធនធានត្រីខ្លះដែលអាចចាប់បានពីបឹងធម្មជាតិមួយចំនួន និងពីស្រះចិញ្ចឹមត្រីដ៏តិចតួចដែលមាននៅក្នុងខេត្ត។
នៅក្នុងចំណោមកសិករមួយចំនួននោះលោកអ៊ុំ រាជ ហាន គឺជាកសិករមួយរូបដែលកំពុងតែប្រកបរបរចិញ្ចឹមជីវិតជាមួយនឹងរបរចិញ្ចឹមត្រីនៅក្នុងខណៈពេលដែលកសិករភាគច្រើន
ហាក់ដូចជាមិនសូវចាប់អារម្មណ៍ក្រៅពីរបរធ្វើស្រែចម្ការ និងដាំដំណាំនោះ។
លោកអ៊ំនោះបានមានប្រសាសន៍ថា គាត់ក៏ជាកសិករដែលធ្លាប់ធ្វើស្រែចម្ការនឹងគេដែរ
ប៉ុន្តែគាត់បានចាប់ផ្ដើមផ្លាស់ប្ដូរពីការធ្វើស្រែមកជាអ្នកចិញ្ចឹមត្រីនៅក្នុងឆ្នាំ២០០៣ ក្រោយពេលដែលការសាកល្បងចិញ្ចឹម និងភ្ញាក់ត្រីបានទទួលជោគជ័យរួចមកនោះ។
លោកអ៊ំបានឲ្យដឹងថា រហូតមកដល់ពេលនេះមានត្រីប្រមាណជា១០ប្រភេទដែលគាត់អាចធ្វើការភ្ញាស់បានសម្រាប់យកមកចិញ្ចឹមយកផលគ្រាន់នឹងដោះស្រាយជីវភាព នៅក្នុងខណៈពេលដែលសមាជិកសមាគមផ្សេងៗទៀតហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងរបរនេះ។
លោកអ៊ំបានបញ្ជាក់ថា "ខ្ញុំចិញ្ចឹមតាំងពីស្រះមួយរហូតដល់ពេលនេះខ្ញុំមានស្រះមួយរហូតដល់៣០ស្រះ ហើយបូករួមនឹងស្រះស៊ីម៉ង់ត៍សម្រាប់ភ្ញាស់ត្រីផង"។
លោកអ៊ំបានបន្តទៀតថា នៅក្នុងពេលចាប់ផ្ដើមលោកអ៊ំនៅមិនទាន់បោះបង់ការធ្វើស្រែនោះទេ ប៉ុន្តែនៅពេលនេះលោកអ៊ំបានសម្រេចចិត្តបញ្ឈប់ការធ្វើស្រែទាំងស្រុង ដោយសារតែធនធានដែលគាត់បានទទួលពីការចិញ្ចឹមត្រី គឺបានផលច្រើនជាងធ្វើស្រែ។
ក្រៅពីចិញ្ចឹមត្រីនៅពេលនេះលោកអ៊ំកំពុងតែបោះជំហានមួយថ្មីទៀត គឺបង្កាត់កង្កែបដើម្បីចិញ្ចឹម ហើយក៏កំពុងតែអនុវត្តការចិញ្ចឹមជន្លេនដើម្បីធ្វើជាចំណីរបស់ត្រី និងកង្កែបបានជោគជ័យមួយផងដែរនៅខេត្តមួយនេះ។ អ៊ំបានបញ្ជាក់ថា "មកដល់ពេលនេះខ្ញុំមិនត្រឹមតែលក់ត្រឹមតែត្រីទេ សូម្បីតែកង្កែប និងជន្លេនក៏ខ្ញុំអាចលក់បានដែរ"។
សព្វថ្ងៃនេះជាមួយនឹងមុខរបរកសិដ្ឋានចិញ្ចឹមត្រីនេះ លោកអ៊ំគឺជាប្រជាពលរដ្ឋដែលមានជីវភាពធូរធារមួយរូបនៅក្នុងខេត្ត ហើយគាត់ក៏មានលទ្ធភាពបញ្ជូនកូនមកសិក្សានៅភ្នំពេញ និងរៀបជីវភាពគ្រួសារដល់ពួកគេយ៉ាងសមរម្យ។ នៅក្នុងកសិដ្ឋានរបស់លោកអ៊ំ ជាពិសេសនៅកន្លែងភ្ញាស់ត្រី គឺកំពុងតែដំណើរការដោយឧបករណ៍ពាក់កណ្ដាលស្វ័យប្រវត្តិជាមួយនឹងបច្ចេកវិជ្ជាយ៉ាងត្រឹមត្រូវបំផុតតាមក្បួនបច្ចេកទេសដែលលោកអ៊ំបានទទួលតាមរយៈការបណ្ដុះបណ្ដាលពីបណ្ដាអង្គការនៅក្នុងស្រុកនេះតែប៉ុណ្ណោះ។
លោកអ៊ំបានបញ្ជាក់ថា "ខ្ញុំចាប់ផ្ដើមជាមួយនឹងទុនត្រឹមតែ៧០០ដុល្លារទេ តែនៅពេលនេះឧបករណ៍ និងធនធាននៅក្នុងកសិដ្ឋាននេះមានទាំងអស់គឺមិនតិចជាង២០.០០០ដុល្លារទេ"។
សព្វថ្ងៃនេះត្រីដែលលោកអ៊ំអាចបង្កាត់បននោះ គឺមានមិនតិចជាង១០ប្រភេទនោះទេ។ ត្រីទាំងអស់នោះគឺរាប់ទាំងត្រីឆ្ពិន ត្រីកាបស ត្រីកាបឥណ្ឌា ត្រីគន្ធរ ត្រីនាងចម ជាដើមដោយឡែកចំពោះកង្កែបវិញ គឺកំពុងតែដំណើរការ រីឯជន្លេនវិញក៏ទទួលបានជោគជ័យផងដែរ។ នៅក្នុងចំណោមអាង និងស្រះចិញ្ចឹមត្រីទាំង៣០នេះ គឺមានស្រះសម្រាប់ចម្រោះទឹក អាងបង្កាត់ត្រីធ្វើពីស៊ីម៉ង់ត៍ ស្រះចិញ្ចឹមត្រីអាងបង្កាត់ និងចិញ្ចឹមកង្កែបធ្វើពីស៊ីម៉ង់ត៍ និងថ្នាលចិញ្ចឹមជន្លេនមួយកន្លែង។
លោកអ៊ំ បានឲ្យដឹងថា ស្វាយរៀងមិនមានប្រភពទឹកធម្មជាតិគ្រប់គ្រាន់សម្រាប់ធ្វើការចិញ្ចឹមត្រី និងកង្កែបបានទេជាពិសេសគឺនៅរដូវប្រាំង។ ប្រភពទឹកដែលលោកអ៊ំយកមកចិញ្ចឹមនោះ គឺបានមកពីការបូមទឹកអណ្ដូង ប៉ុន្តែដោយសារតែគុណភាពទឹកនោះសម្បូរជាតិដែកកករច្រេះច្រើន ដែលធ្វើឲ្យត្រី និងកង្កែបមិនអាចរស់បានឡើយ ប៉ុន្តែដើម្បីឲ្យវាក្លាយជាទឹកល្អអាចប្រើប្រាស់នៅក្នុងកសិដ្ឋាននេះបាន គឺធ្វើស្រះចម្រោះធម្មជាតិមួយដើម្បីជម្រុះជាតិទាំងអស់នោះចេញទើបអាចយកមកប្រើប្រាស់បាន។ ដោយឡែកសម្រាប់ជន្លេនវិញ គឺងាយស្រួលជាងគេ។ លោកអ៊ំបានបន្តទៀតថា ថ្នាលនោះគឺមានទំហំ៤ម៉ែត្រគុណនឹង២ម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែថ្នាលនោះអាចផ្ដល់ជន្លេនគ្រប់គ្រាន់សម្រាប់ជាចំណីរបស់កង្កែប និងត្រីក្នុងកសិដ្ឋាន។
ថ្នាលចិញ្ចឹមជន្លេននោះ គឺត្រូវលោកអ៊ំចាក់ជាស៊ីម៉ង់ត៍ដើម្បីការពារកុំឲ្យវាត្យុលដីចេញពីថ្នាល ហើយក៏មានរៀបចំជារង្វះទឹក ដើម្បីការពារ កុំឲ្យស្រមោចចូលស៊ីជន្លេន ហើយដាក់ដីដាក់អាចម៍គោស្រស់ឲ្យវាស៊ី។ សម្រាប់ត្រីវិញ គឺមុនដំបូងគឺត្រូវជ្រើសរើសត្រីពូជល្អៗ មានពងច្រើន មិនមានជំងឺចាប់យកមានញីមានឈ្មោលយកមកដាក់នៅដោយឡែកៗនៅក្នុងអាងបង្កាត់បន្ទាប់មកពង និងបង្កាត់រួចរាល់ហើយនោះ ត្រូវចាប់មេវាចេញទៅដាក់នៅកន្លែងដើម ហើយទុកឲ្យពងនោះវាញាស់រហូតដល់វាធំ ហើយត្រូវចាប់ផ្ដើមញែកវាចេញរវាងអាធំ និងអាតូចទៅដាក់តាមស្រះជាដំណាក់ៗរហូតដល់វាអាចចាប់លក់បាន។ ចំណែកឯកង្កែបវិញក៏មិនខុសពីត្រីដែរ ប៉ុន្តែកង្កែបអាចប្រឈមមុខនឹងជំងឺច្រើន ប្រសិនបើការចិញ្ចឹមមិនត្រឹមត្រូវទេនោះ។ ជំងឺដែលកង្កែបអាចកើតមានដូចជាជំងឺឡើងបាយភ្នែកតែវែ ជំងឺក្រិនជាដើម។ កន្លែងចិញ្ចឹមទៀតសោតគឺក៏ខុសគ្នាដែរ។ អាង ឬស្រះចិញ្ចឹមកង្កែបត្រូវតែខ្ពស់ជាងអាងចិញ្ចឹមត្រី ពីព្រោះកង្កែបអាចលោតរហូតដល់ជិតមួយម៉ែត្រឯណោះ។
លោក អ៊ំ បានបញ្ជាក់ថា "ខ្ញុំចិញ្ចឹមកង្កែបហត់ និងលំបាកជាងត្រី និងជន្លេន"។ លោកអ៊ំ បានបន្តទៀតថា ចិញ្ចឹមត្រីមិនចាំបាច់សម្អាតស្រះ ឬអាងប្រចាំទេ តែចិញ្ចឹមកង្កែបត្រូវតែសម្អាតជាប្រចាំ ពីព្រោះវាត្រូវចិញ្ចឹមនៅក្នុងទឹក
ផង និងគោកផង ហើយចំណីវាក៏ស៊ីច្រើន អាចម៍ក៏ច្រើន បើមិនលាងទេ វានឹងកើតជំងឺហើយធុំក្លិន។ សម្រាប់ការបង្កាត់
វិញ គឺមិនសូវជាខុសគ្នាពីបង្កាត់ត្រីដែរ គ្រាន់តែក្រធំជាងត្រីបន្តិច។
អ្វីដែលលោកអ៊ំ រាជ ហាន កំពុងតែធ្វើនេះគឺអាចចាត់ទុកថា ជាកសិករគំរូមួយសម្រាប់កសិករនៅក្នុងសហគមន៍ក៏ដូចជាកសិករនៅទូទាំងប្រទេសនៅក្នុងខណៈពេលដែលធនធានត្រី
ធម្មជាតិពីបឹងទន្លេសាបដែលជាជង្រុកសេដ្ឋកិច្ច និងប្រូតេអ៊ីនសម្រាប់ពលរដ្ឋកម្ពុជាកាន់តែខ្សត់ទៅៗដោយសារតែការនេសាទហួសប្រមាណយ៉ាងណាក៏ដោយ។
យោងទៅតាមឯកសារស្ដីអំពីផលិតផលត្រីរបស់គណៈកម្មាធិការទន្លេមេគង្គបានឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសដែលសម្បូរត្រីធម្មជាតិច្រើនជាងគេទាំងអស់នៅក្នុងចំណោមប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយផលប្រយោជន៍ដែលកម្ពុជាអាចទទួលបានពីត្រី និងវារីវប្បកម្ម គឺបានត្រឹមតែលំដាប់លេខពីរប៉ុណ្ណោះ បន្ទាប់ពីវៀតណាម។ តួលេខបានឲ្យដឹងថា តម្លៃសេដ្ឋកិច្ចពីត្រីរបស់វៀតណាមមានប្រមាណជា ២.០០០លានដុល្លារ ប៉ុន្តែសម្រាប់កម្ពុជា គឺមានប្រមាណជា ៥០០លានដុល្លារតែប៉ុណ្ណោះ ដោយសារតែវៀតណាមកំពុងតែអភិវឌ្ឍន៍នូវវារីវប្បកម្មរបស់គេ។ ដោយឡែកកម្ពុជាយើងវិញគឺបានមកពីការចាប់ត្រីធម្មជាតិសុទ្ធសាធ។
ស្របតាមតួលេខនេះ វាគួរតែដល់ពេលដែលកសិករទាំងអស់គ្នាចាប់ផ្ដើមគិតគូរអំពីការធ្វើវារីវប្បកម្មដូចជា លោក អ៊ំ រាជ ហាន ហើយដើម្បីជំរុញផលិតភាពនៃវិស័យជលផលនៅក្នុងប្រទេស និងការពារត្រីធម្មជាតិកុំឲ្យវាបាត់បង់។
មន្ត្រីនៃអង្គការអភិរក្សត្រីនៅបឹងទន្លេសាបមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ធនធានត្រីនៅក្នុងបឹងធម្មជាតិ គឺធ្លាក់ចុះជារៀងរាល់ឆ្នាំតែតួលេខដែលនៅរក្សាដដែលនោះ គឺដោយសារតែការប្រើប្រាស់ឧបករណ៍ទំនើប និងការចាប់ច្រើនដោយឡែកបរិមាណត្រីនៅក្នុងទឹកធម្មជាតិ គឺកាន់តែតិចទៅៗ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ច័ន្ទ សារុន ជារឿយៗតែងតែជំរុញឲ្យកសិករយកចិត្តទុកដាក់ក្នុងការចិញ្ចឹមត្រីធ្វើជាមុខរបរបន្ថែមក្រៅពីការធ្វើស្រែ។ លោកមានមហិច្ឆតាចង់ឲ្យចលនាវារីវប្បកម្ម គឺការចិញ្ចឹមក្លាយទៅជាចលនាជាតិមួយនៅទូទាំងប្រទេស។
ប៉ុន្តែដើម្បីដើរទៅដល់ចំណុចដែលចង់នេះត្រូវតែផ្ដើមចេញពីការកែប្រែទម្លាប់របស់ប្រជាជន និងការជួយដល់កសិករដោយជាក់ស្ដែង និងដោយផ្ទាល់ពីមន្ត្រីកសិកម្មទាំងបច្ចេកទេសទាំងការតាមដានកែលម្អ។ បញ្ហាថវិកាដើម្បីឲ្យកសិករខ្ចីក៏ជាចំណុចមួយដែរ៕

ក្រសួងផែនការត្រៀមរៀបចំធ្វើជំរឿនសហគ្រាស ឆ្នាំ២០០៩ក្រោមគម្រោង JICA
ភ្នំពេញ៖ ក្រោមការឧបត្ថម្ភពីគម្រោង JICA របស់ជប៉ុនក្រសួងផែនការបានលើកផែនការ
មេមួយដើម្បីត្រៀមឆ្ពោះទៅរកការរៀបចំធ្វើអង្កេតឬ ធ្វើជំរឿនសហគ្រាស
ឆ្នាំ២០០៩ និងអង្កេតសេដ្ឋកិច្ចឆ្នាំ ២០១១របស់កម្ពុជាដើម្បីឆ្លើយតបនឹងតម្រូវការស្ថិតិ សេដ្ឋកិច្ចមួយឲ្យសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន និងកំពុងជំរុញវិស័យសេដ្ឋកិច្ចឲ្យមានកំណើនលូតលាស់ទៅមុខ។
ផែនការមេនេះបានត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី១ស្ដីអំពីការរៀបចំចុះអង្កេតសហគ្រាសទូទាំងប្រទេសកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ នៅក្រសួងផែនការ
ក្រោមអធិបតីភាព លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីរៀបចំបង្កើតស្ថិតិស្ដីអំពីសហគ្រាស និងអ្នកចូលរួមពាក់ព័ន្ធក្នុងសហគ្រាសទំហំសហគ្រាសដែលចុះបញ្ជីតាមផ្លូវច្បាប់ និងអ្នកពាក់ព័ន្ធធ្វើការផ្នែកសេដ្ឋកិច្ចសំខាន់ៗ ហើយក៏មានគោលបំណងដើម្បីបង្កើតនូវលក្ខខណ្ឌការងារថ្នាក់ជាតិឲ្យបានទូលំទូលាយសម្រាប់អង្កេតសេដ្ឋកិច្ច និងជំនឿសេដ្ឋកិច្ចឆ្នាំ២០១១ព្រមទាំងបណ្ដុះបណ្ដាលបុគ្គលិកថ្នាក់កណ្ដាលរស់វិទ្យាស្ថានជាតិស្ថិតិ និងបុគ្គលិកថ្នាក់
ខេត្តក្រុង ដើម្បីបង្កើនសមត្ថភាពឆ្ពោះទៅដល់ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១របស់កម្ពុជា។
លោក សន ស៊ីថន អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានមានប្រសាសន៍ថា "ឥឡូវនេះមានតម្រូវការស្ថិតិសេដ្ឋកិច្ច ព្រមទាំងទិន្នន័យពីសហគ្រាសខ្នាតធំមធ្យម និងតូចដែលចេះតែកើនឡើងទាំងនៅក្នុងប្រទេស ទាំងអន្តរជាតិ"។
វិទ្យាស្ថានជាតិស្ថិតិ បានដឹកនាំការងារអង្កេតសេដ្ឋកិច្ច ឬសហគ្រាសជាបន្តបន្ទាប់ គឺជាអង្កេតសហគ្រាសលើកទី១
នៅឆ្នាំ១៩៩៣ ការអង្កេតសហគ្រាសលើកទី២ នៅឆ្នាំ១៩៩៥ និងលើកទី៣ នៅឆ្នាំ២០០០។
លោក សន ស៊ីថន បានមានប្រសាសន៍ថា នៅក្នុងធ្វើបញ្ជីសហគ្រាសនៅឆ្នាំ២០០៩ទូទាំងប្រទេសមុខនេះ ការប្រតិបត្តិការតាមមូលដ្ឋាននឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ខែកុម្ភៈ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០៩ ហើយវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ និងអញ្ជើញក្រសួងពាក់ព័ន្ធមន្ទីរផែនការខេត្តក្រុងដើម្បីចូលរួមសហការ និងពន្យល់អំពីតារាងធ្វើបញ្ជីសេដ្ឋកិច្ចណែនាំផ្សេងៗនៅខែធ្នូ ឆ្នាំ២០០៨។
លោកបានមានប្រសាសន៍ថា នៅក្នុងច្បាប់ស្ថិតិ មានចែងថា យើងត្រូវធ្វើជំនឿសេដ្ឋកិច្ច ឬសហគ្រាសយ៉ាងតិចម្ដងក្នុងរយៈពេល១០ឆ្នាំ ហើយនៅក្នុងផែនការមេស្ថិតិដែលបានអនុម័តដោយក្រុមប្រឹក្សាស្ថិតិនៅខែកញ្ញា ឆ្នាំ២០០៧ បានកំណត់ថា
គប្បីធ្វើនៅឆ្នាំ២០១១។
លោកបានអះអាងថា ប្រសិនបើយើងមានអង្កេតសហគ្រាសទៀងទាត់ ហើយបន្ថែមពីលើនេះយើងមានជំរឿនសេដ្ឋកិច្ចទៀតនោះ ប្រព័ន្ធស្ថិតិជាតិកម្ពុជានឹងស្ថិតក្នុងស្ថានភាពល្អប្រសើរនៅក្នុងការបម្រើសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ក្នុងវិស័យ
ម៉ាក្រូសេដ្ឋកិច្ច និងសូចនាករ សហគ្រាសទាំងឡាយ។ ម្យ៉ាងទៀតការធ្វើបញ្ជីសហគ្រាសនឹងផ្ដល់នូវក្របខ័ណ្ឌសម្រាប់ការអង្កេតសេដ្ឋកិច្ច និងការសិក្សាវាយតម្លៃផ្សេង។
វិទ្យាស្ថានជាតិស្ថិតិ ក៏ដូចជាក្រសួងផែនការបានខិតខំប្រឹងប្រែងសុំជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ JICA និងស្ថាប័នស្ថិតិជប៉ុន ហើយក៏បានស្នើទៅរដ្ឋាភិបាលជប៉ុន ដើម្បីសុំមូលនិធិបដិភាគផងដែរ។
លោក នីស៊ី (NISHI) ប្រធានទីប្រឹក្សាស្ថិតិគម្រោងជំនាញការ JICA បានមានប្រសាសន៍ថា អង្គការ JICA និងរដ្ឋាភិបាលជប៉ុននឹងជួយឧបត្ថម្ភដល់ដំណើរការនៃការងារនេះ។ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ថវិកាចំនួន ២២០.៩៥០ដុល្លារអាមេរិក ហើយអង្គការ JICA នឹងផ្ដល់ចំនួន ៧៩.៧៦៣ដុល្លារអាមេរិក។ ហើយភាគីជប៉ុនក៏ចង់ដឹងផងដែរថា រដ្ឋាភិបាលកម្ពុជានឹងចំណាយថវិកាបដិភាគរបស់ខ្លួនប៉ុន្មានដែរ។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានមានប្រសាសន៍ថា ជាគោលការណ៍រាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការផ្ដល់ថវិកាបដិភាគប្រមាណពី ៥ភាគរយទៅ១០ភាគរយ ដោយសារ
ថា មិនមែនមានតែគម្រោងមួយនេះទេ គឺនៅមានគម្រោងច្រើនណាស់ក្នុងមួយឆ្នាំៗ ដែលរដ្ឋាភិបាលត្រូវចំណាយថវិកាបដិភាគរបស់ខ្លួន។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា វាមានសារសំខាន់ណាស់ក្នុងការធ្វើពិពិត្តកម្ម ដើម្បីធ្វើការអង្កេតសហគ្រាស ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ស្របទៅតាមអ្វីដែលមានចែងនៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៤។
លោក នីស៊ី បានមានប្រសាសន៍ថា "ខ្ញុំជឿជាក់ថា ការសិក្សាខាងមុខនេះ ជាប្រការសំខាន់ណាស់សម្រាប់ទាក់ទាញអ្នកវិនិយោគពីបរទេសឲ្យចូលមកវិនិយោគទុននៅប្រទេសកម្ពុជាទោះបីជា
បច្ចុប្បន្នពិភពលោកមានការលំបាកដោយសារតែវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដោយ"។ លោកក៏បានបង្ហាញពីការយល់ឃើញរបស់លោកថា ការធ្វើអង្កេតសហគ្រាស
នឹងមានការលំបាកជាងការធ្វើជំរឿនប្រជារាស្ត្រដែលទាមទារឲ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍
ដល់សហគ្រាសនានាឲ្យចូលរួមសហការ ដើម្បីជំរុញឲ្យការងារនេះទទួលបានជោគជ័យ។
លោក ឆាយ ថន បានឯកភាពលើបញ្ហានេះ ហើយលោកបានមានប្រសាសន៍ថា
"យើងត្រូវពន្យល់ផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងស៊ីជម្រៅអំពីការចុះធ្វើជំរឿនសហគ្រាសនេះ បើមិនដូច្នេះទេ យើងនឹងមានការលំបាកហើយ"៕

DED នឹងប្រឹងប្រែងថែមទៀត ជាមួយក្រសួងមហាផ្ទៃលើការងារអភិបាលកិច្ចល្អ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសេវាកម្មអភិវឌ្ឍន៍អាល្លឺម៉ង់ (Deutscher Entwicklungsdienst=DED) បានប្រកាសថា DED នឹងខិតខំប្រឹងប្រែងឡើងថែមទៀតលើវិស័យអភិបាលកិច្ចល្អជាមួយក្រសួងមហាផ្ទៃ ជាមួយអ្នកជំនាញការ៤រូបថែមទៀត ដែលនឹងចែករំលែកនូវបទពិសោធន៍រួមដែលមាននៅខេត្តបាត់ដំបង និងសៀមរាប ទៅកាន់ខេត្តពីរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត ជីហ្គែន វីលហ៊ែម (Dr. Jurgen Wilhelm) អគ្គនាយក DED បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកាថា ក្រៅពីធ្វើការជាមួយក្រសួងមហាផ្ទៃលើអភិបាលកិច្ចល្អ DED នឹងបន្ថែមការគាំទ្ររបស់ខ្លួនលើការផ្សះផ្សាជាតិ និងសកម្មភាពនានារបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ចំនួន២០ភាគរយទៀត។ អ្នកជំនាញការ២រូបបន្ថែមទៀត នឹងចូលរួមក្នុងសកម្មភាពផ្សេងៗ វេទិកាសាធារណៈ និងសកម្មភាពយល់ដឹងអំពីប្រទេសទាំងមូល ការចូលរួមសវនារបស់សាធារណជន ការគាំទ្រតាមផ្លូវច្បាប់ និងផ្នែកចិត្តសាស្ត្រដល់ជនរងគ្រោះ និងសាក្សីក៏ដូចជាព័ត៌មានដែលទាក់ទងនឹងសកម្មភាពនានាផងដែរ។
លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ថ្មីៗនេះផ្ដោតទៅលើអភិបាលកិច្ចល្អ អភិវឌ្ឍន៍ជនបទ និងវិស័យសុខាភិបាល ហើយក្រុមគោលដៅចម្បង គឺប្រជាជននៅតំបន់ជនបទ។ ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ
DED នៅកម្ពុជាគាំទ្រដល់ការផ្លាស់ប្ដូររចនាសម្ព័ន្ធដែលឆ្ពោះទៅរកការធ្វើឲ្យមានស្ថិរភាពសង្គម។
អស់រយៈពេលជាង៥ឆ្នាំមកនេះ DED បានផ្ដោតការប្រឹងប្រែងលើខេត្តបាត់ដំបង និងសៀមរាប ជាទីដែល
អ្នកជំនាញការ DED រួមចំណែកក្នុងការធ្វើកំណែទម្រង់រដ្ឋាភិបាលសាធារណៈ និងវិមជ្ឈការ។ ការផ្ដោតជាចម្បង គឺលើការគាំទ្ររដ្ឋបាលមូលដ្ឋាន។ លោកបានបញ្ជាក់ថា DED ផ្ដល់នូវជំនាញដល់អង្គការខ្មែរជាដៃគូនានារបស់ខ្លួនលើផ្នែកនគរូបនីយកម្ម និងគ្រប់គ្រងរដ្ឋបាល។ លោកបានបន្តថា "វាជាការលំបាក និងនឿយហត់ ប៉ុន្តែយើងបានរៀនសូត្រយ៉ាងច្រើន"។
លោកបានបន្ថែមថា ដោយឡែកកម្មវិធីលើការងារអភិវឌ្ឍន៍ជនបទ របស់ DED ផ្ដោតលើវិស័យជាំគន្លឹះពីរ គឺលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចនៅជនបទ និងការអភិរក្សថ្មនៅតំបន់អង្គរ។ សកម្មភាពទាំងនោះមានបណ្ដុះបណ្ដាលអ្នកផ្ដល់សេវាកម្ម និងអ្នកជំនាញការក្នុងស្រុក ការស្វែងយល់អំពីទីផ្សារ ផលិតកសិផលដោយនិរន្តរភាពការស្វែងរកទីផ្សារ និងផ្ដល់វិញ្ញាបនបត្រដល់កសិផល បង្កើតផលិតផលឲ្យមាន
ច្រើនបែប និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយនិរន្តរភាព។ ចំពោះវិស័យសុខាភិបាល DED រួមវិភាគទានលើកកម្ពស់ការគាំពារសុខភាពនៅថ្នាក់ខេត្ត រួមមានការបណ្ដុះបណ្ដាលគិលានុបដ្ឋាយិកា និងឆ្មបនៅមណ្ឌលសុខភាព មន្ទីរពេទ្យខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងកំពត។
លោកបណ្ឌិត ជីហ្គែន វីលហ៊ែម បានរំលឹកឲ្យដឹងថា ការចូលកៀកជាមួយប្រជាជន សហប្រតិបត្តិការជាដៃគូទាំងអស់នេះជាគោលការណ៍ របស់ DED នៅកម្ពុជា ចាប់ពីខែមិថុនា ឆ្នាំ២០០០មកម្ល៉េះ។ សហប្រតិបត្តិការអភិវឌ្ឍន៍របស់ DED ត្រូវបានយល់ថា ជាកិច្ចប្រឹងប្រែងក្នុងភាពជាដៃគូ។ យើង បានឆ្លើយតបនឹងសំណូមពររបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការនានាហើយ បានបញ្ជូនបុគ្គលិកមកធ្វើការ។ លោកបានបន្តថា បច្ចុប្បន្នមានអ្នកជំនាញអាល្លឺម៉ង់ និងអឺរ៉ុបផ្សេងៗទៀត៤០រូប កំពុងប្រតិបត្តិការការងារក្រោមកិច្ចសន្យាជាមួយ DED នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់ថា សម្រាប់កិច្ចការទាំងនេះ DED កំពុងចំណាយថវិកាជាង៤លានដុល្លារអាមេរិករៀងរាល់ឆ្នាំ។ អ្នកជំនាញទាំង៤០រូបកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញការ និងបុគ្គលិកក្នុងស្រុកប្រហែល៤០រូបផ្សេងទៀត។ សកម្មភាពទាំងឡាយរបស់ DED ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អាល្លឺម៉ង់ទាំងមូល។ លោកបានបន្ថែមថា ផលប្រយោជន៍ និងជំនាញយើង គឺការផ្ទេរនូវចំណេះដឹងដោយអ្នកជំនាញការជាមួយអ្នកជំនាញការខ្មែរជាដៃគូ។ DED សហប្រតិបត្តិការជាមួយរដ្ឋាភិបាលជាដៃគូនៅគ្រប់លំដាប់ថ្នាក់ ក៏ដូចជាជាមួយអង្គការក្រៅរដ្ឋាភិបាលនានាផងដែរ។ ក្នុងចំណោមនោះ មានដូចជាក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសុខាភិបាល សាលាស្រុកបាត់ដំបង និងសៀមរាប និងអាជ្ញាធរអប្សរា។ សកលវិទ្យាល័យ និងអង្គការសង្គមស៊ីវិលជាច្រើន ដូចជាសមាគម ADHOC អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា មហាវិទ្យាល័យភូមិន្ទកសិកម្ម សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអង្គការយុវសន្តិភាព គឺជាដៃគូរបស់ DED ផងដែរ៕

ប្រជាជនកម្ពុជានឹងអាចធ្វើដំណើរទៅវៀតណាម ដោយមិនបាច់មានទិដ្ឋាការចាប់ពីថ្ងៃទី៥ធ្នូ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបាននិយាយនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកាថា កិច្ចព្រមព្រៀងរវាងកម្ពុជា និងវៀតណាមដែលទាក់ទងទៅនឹងទិដ្ឋាការ នឹងចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូ បើសិនជាមិនមានបញ្ហាអ្វីដែលនាំឲ្យស្ទះទេនោះ។ ដូច្នេះប្រជាជនកម្ពុជា និងវៀតណាមអាចធ្វើដំណើរទៅកាន់ប្រទេសទាំងពីរដោយមិនបាច់មានទិដ្ឋាការឡើយសម្រាប់ការធ្វើដំណើរ
ដែលមានរយៈពេលតិចជាង២សប្ដាហ៍។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកាថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងណាណូយ ប្រទេសវៀតណាម កាលពីដើមខែនេះ នៅអំឡុងពេលទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន បានចូលជាធរមាននៅរយៈពេលមួយខែក្រោយមក។ ដូច្នេះនៅថ្ងៃទី៥ ខែធ្នូខាងមុខនេះ កិច្ចព្រមព្រៀងលុបចោលទិដ្ឋាការសម្រាប់ការធ្វើដំណើរត្រឹមពីរសប្ដាហ៍នឹងចូលជាធរមាន។ ប្រជាជននៃប្រទេសទាំងពីរនឹងអាចធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ឬក៏វៀតណាមដោយមិនចាំបាច់ស្នើសុំទិដ្ឋាការទៀតឡើយ បើសិនជាការស្នាក់នៅមានរយៈពេលត្រឹមពីរសប្ដាហ៍។
រហូតមកដល់ពេលនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរដោយមិនបាច់មានទិដ្ឋាការទៅកាន់ប្រទេសម៉ាឡេស៊ី ប្រទេសហ្វ៊‌ីលីពីន ប្រទេសសិង្ហបុរី និងប្រទេសឡាវ។ ដូច្នេះនៅពេលកិច្ចព្រមព្រៀងលុបចោល ទិដ្ឋាការសម្រាប់ការធ្វើដំណើររយៈពេលខ្លីចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូខាងមុខនេះ ប្រទេសវៀតណាមនឹងក្លាយទៅជាប្រទេសទី៥ ដែលប្រជាជនកម្ពុជាអាចធ្វើដំណើរ និងស្នាក់នៅទីនោះត្រឹមរយៈពេលពីរសប្ដាហ៍ ដោយមិនបាច់ខ្វល់ទៅធ្វើការស្នើសុំ និងបង់លុយទិដ្ឋាការទៀតឡើយ។
ទិដ្ឋាការវៀតណាមបច្ចុប្បន្នមានតម្លៃ២៥ដុល្លារ។
លោក កុយ គួង បាននិយាយថា ការលុបចោលទិដ្ឋាការសម្រាប់ការធ្វើដំណើររយៈពេលខ្លីនេះ គឺមានគោលបំណងសម្រួលដល់ការធ្វើដំណើររយៈពេលខ្លី។ វាមិនមែនមានន័យថា ប្រជាជននៃប្រទេសទាំងពីរអាចស្នាក់នៅវៀតណាម ឬក៏កម្ពុជារហូតនោះឡើយ។ លោកបានបន្តទៀតថា កិច្ចព្រមព្រៀង
នេះ គឺដើម្បីសម្រួលដល់ទេសចរណ៍ និងការធ្វើដំណើរការងារដែលមានរយៈពេលខ្លីត្រឹមពីរសប្ដាហ៍ចុះក្រោម។
នៅក្នុងរយៈពេលបីខែដំបូង ឆ្នាំ២០០៨ ប្រជាជនកម្ពុជាចំនួនប្រហែល៥០.០០០នាក់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីទេសចរណ៍ពិនិត្យព្យាបាលជំងឺ និងជំនួញផ្សេងទៀត។
ចំណែកឯនៅ

Labels