ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា ចង់បានគណៈកម្មការសិទ្ធិមនុស្សអាស៊ានដែលមានអំណាចពេញលេញ
ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាដែលមានឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជាបានបង្ហាញបំណងថា ចង់បានគណៈកម្មការសិទ្ធិមនុស្សអាស៊ានមួយដែលមានអំណាចពេញលេញ។
នៅក្នុងសន្និសីទកាសែតស្ដីពីការផ្ដល់អនុសាសន៍ទៅលើសេចក្ដីព្រាងលក្ខន្តិកៈសម្រាប់ស្ថាប័នសិទ្ធិមនុស្ស
អាស៊ាននៅលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តកម្មនៅទីក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី៣មីនា
លោក សុខ សំអឿន ប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តកម្ម នូវសេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល
កម្ពុជាស្ដីពីឯកសារព្រាងគោល (Terms of Reference) របស់ស្ថាប័នសិទ្ធិមនុស្សអាស៊ាន។
ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាបានទទូចឲ្យក្រុមការងារជាន់ខ្ពស់របស់អាស៊ានពិនិត្យមើលឡើងវិញនូវសេចក្ដីព្រាង
ឯកសារព្រាងដំបូងបញ្ចូលអនុសាសន៍នានារបស់បណ្ដាញអង្គការមិនមែនរដ្ឋាភិបាលក្នុងតំបន់ទៅក្នុងឯកសារព្រាងគោលនេះ មុនពេលធ្វើការអនុម័តឯកសារជាចុងក្រោយនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅខែកក្កដាឆ្នាំ២០០៩ខាងមុខ។
លោក សុខ សំអឿន បានបញ្ជាក់ថា មានតែការអនុម័តលើសេចក្ដីព្រាងឯកសារគោលដោយការពិនិត្យឡើងវិញ និងបញ្ចូលអនុសាសន៍របស់អង្គការសង្គមស៊ីវិលទេទើបអាចធានាថា ស្ថាប័នសិទ្ធិមនុស្សអាស៊ានមួយនេះជាស្ថាប័នដែលមានលក្ខណៈឯករាជ្យ មានការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។
ក្រុមអង្គការសង្គមស៊ីវិល បានថ្លែងការណ៍រួមគ្នាថា បន្ទាប់ពីបានពិនិត្យមើលយ៉ាងហ្មត់ចត់ទៅលើសេចក្ដីព្រាងស្ដីពីឯកសារព្រាងគោលដំបូងសម្រាប់បង្កើតនូវ
ស្ថាប័នសិទ្ធិមនុស្សអាស៊ានរួចមក ក្រុមអង្គការក្រៅរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភ ជាពិសេសទាក់ទិន
នឹងឯករាជ្យភាព គណនេយ្យភាព និងប្រសិទ្ធភាពរបស់ស្ថាប័នដែលគ្រោងនឹងបង្កើតឡើងនេះ។
សេចក្ដីព្រាងឯកសារគោលសម្រាប់បង្កើតស្ថាប័នសិទ្ធិមនុស្សអាស៊ានបានចែងថា រដ្ឋដែលជាសមាជិកសមាគមអាស៊ាននីមួយៗ នឹងត្រូវតែងតាំងអ្នកតំណាងម្នាក់ ដោយពិចារណាទៅលើតែបូរណភាព និងសមត្ថភាពរបស់បុគ្គល ដែលត្រូវបានធ្វើការតែងតាំងដោយគួរតែពិគ្រោះយោបល់ជាមួយនឹងអ្នកដែលពាក់ព័ន្ធផ្សេងទៀត(រួមទាំងអង្គការសង្គមស៊ីវិល) ប្រសិនបើមានលក្ខខណ្ឌតម្រូវដោយដំណើរការនីតិវិធីផ្ទៃក្នុងរបស់រដ្ឋជាសមាជិកទាំងនោះ។ ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលនៅតែព្រួយបារម្ភថា រដ្ឋដែលសមាជិកជាច្រើននៅក្នុងសមាគមអាស៊ានទាំង១០ប្រទេស នឹងមិនធ្វើទៅតាមបទបញ្ញត្តិទាំងនោះឡើយ។
ដើម្បីចៀសវាងការតែងតាំងតំណាងទាំងឡាយណា ដែលមានលក្ខណៈនយោបាយ ធានាបាននូវឯករាជ្យភាពពេញលេញ ក្រុមអង្គការសង្គមស៊ីវិល បានជំរុញរដ្ឋជាសមាជិកអាស៊ាន ត្តាតែងតាំងអ្នកតំណាងរបស់ខ្លួនសម្រាប់ទៅចូលរួមក្នុងស្ថាប័នសិទ្ធិមនុស្សអាស៊ាន តាមរយៈយន្តការប្រកបដោយតម្លាភាព និងដោយធ្វើការពិគ្រោះយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិលផងដែរ។
ឯកសារព្រាងគោលរបស់ស្ថាប័នសិទ្ធិមនុស្សអាស៊ានបង្ហាញថា អ្នកតំណាងនីមួយៗនៃស្ថាប័ននេះ ត្រូវតែទទួលខុសត្រូវចំពោះរដ្ឋាភិបាល ដែលបានតែងតាំងរូបគាត់។ ក្នុងន័យនេះក្រុមអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភថា ស្ថាប័នសិទ្ធិមនុស្សអាស៊ាននឹងមិនដំណើរការប្រកបដោយប្រសិទ្ធភាពទេ ព្រោះថា ករណីរំលោភបំពានសិទ្ធិមនុស្សជាច្រើនត្រូវបានប្រព្រឹត្តឡើងដោយមន្ត្រីរដ្ឋាភិបាល ឬស្ថាប័នរដ្ឋ។ ដូច្នេះក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថា ស្ថាប័នសិទ្ធិមនុស្សអាស៊ានគួរតែទទួលខុសត្រូវចំពោះប្រជាជនអាស៊ាន និងជនរងគ្រោះដោយសារអំពើរំលោភសិទ្ធិមនុស្សជាជាងទទួលខុសត្រូវចំពោះមុខតែរដ្ឋាភិបាលដែលបានតែងតាំងអ្នក
តំណាងនោះ។
ក្នុងសេចក្ដីថ្លែងការណ៍ ក្រុមអង្គការសង្គមស៊ីវិលក៏បង្ហាញការព្រួយបារម្ភដែរថា ស្ថាប័នសិទ្ធមនុស្សអាស៊ាននឹងមិនមានប្រសិទ្ធភាពតាមតួនាទីរបស់ខ្លួន ដែលជាតួអង្គត្រូវពិគ្រោះយោបល់ឲ្យបានពេញលេញនោះឡើយ បើគ្រាន់តែមានអំណាចត្រឹមតែរាយការណ៍ជូនរដ្ឋមន្ត្រីការបរទេសរបស់អាស៊ាននោះ។ ជាងនេះទៅទៀត នៅខណៈពេលដែលស្ថាប័នសិទ្ធិមនុស្សអាស៊ានមិនអាចធ្វើបេសកកម្មស្រាវជ្រាវស៊ើបអង្កេតរកការពិត និងមិនអាចបោះពុម្ពផ្សាយនូវរបាយការណ៍ទាក់ទិននឹងរបកគំហើញបេសកកម្មស្វែងរកការពិត ឬបំពេញអាណត្តិការពារសិទ្ធិឲ្យបានពេញលេញទេនោះប្រសិទ្ធភាព និងឥទ្ធិពលរបស់ស្ថាប័នសិទ្ធិមនុស្សអាស៊ាននេះមានត្រឹមតែអ្វីដែលគេកម្រិតឲ្យប៉ុណ្ណោះ។
ក្រុមអង្គការសង្គមស៊ីវិល ដែលល្បីល្បាញក្នុងប្រទេសកម្ពុជាក៏បានអះអាងថា ការតស៊ូមតិ ដើម្បីឲ្យមានការពិនិត្យឡើងវិញ និងបញ្ចូលនូវអនុសាសន៍របស់អង្គការសង្គមស៊ីវិលចូលទៅក្នុងឯកសារព្រាងគោលសម្រាប់បង្កើតស្ថាប័នសិទ្ធមនុស្ស
អាស៊ាន ក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុងបណ្ដាលប្រទេសជាសមាជិកអាស៊ានផ្សេងទៀតក្នុងពេលដំណាលគ្នានេះ។
យ៉ាងណាក៏ដោយ លោក ឱម យិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល និងជាអ្នកតំណាងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងក្រុមការងារជាន់ខ្ពស់របស់អាស៊ានបានចាត់ទុកថា ការលើកឡើងរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលខាងលើនេះ គឺគ្មានអ្វីក្រៅពីការចង់ទប់ស្កាត់និងជាន់ហ្រ្វាំងមិនឲ្យអង្គភាពសិទ្ធិមនុស្សអាស៊ានកើតបានទេ។
លោក ឱម យិនទៀង បានពន្យល់ថា ជាគោលការណ៍ក្នុងសមាគមអាស៊ាន ដើម្បីធ្វើឯកសារគោល បង្កើតធម្មនុញ្ញអាស៊ាន
ក្ដី និងរាល់គោលការណ៍ផ្សេងៗទៀតរបស់អាស៊ានក្ដីតែងតែកើតឡើងបានដោយការពិគ្រោះយោបល់គ្នា និងដោយការសម្រេចជាឯកច្ឆន្ទ។ ក្នុងន័យនេះបើសិនជាមានប្រទេសតែមួយក្នុងចំណោម១០ប្រទេសជាសមាជិកបានជំទាស់មិនយល់ព្រម គឺវាត្រូវស្ទះមិនអាចចេញបានទេ។
លោក ឱម យិនទៀង គូសបញ្ជាក់ថា ក្រោយពីកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសសិង្ហបុរី និងក្រោយពីបានទទួលការណែនាំពីរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីខែកក្កដាឆ្នាំ២០០៨ គឺក្រុមការងារជាន់ខ្ពស់របស់ប្រទេសទាំង១០ក្នុងសមាគមអាស៊ានបានឯកភាពគ្នាថា ក្នុងរយៈពេលមួយឆ្នាំនឹងកសាងឲ្យបាននូវអង្គភាពសិទ្ធិមនុស្សអាស៊ានមួយ។ ពោលគឺនៅខែកក្កដាឆ្នាំ២០០៩ ខាងមុខនេះនឹងត្រូវបញ្ចប់ជាស្ថាពរនូវឯកសារព្រាងគោល សម្រាប់បង្កើតអង្គភាពសិទ្ធិមនុស្សអាស៊ាន។ មកទល់ពេលនេះឯកសារគោលនេះបានសម្រេច៩៨ភាគរយហើយ។
លោក ឱម យិនទៀង បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងខែកក្កដា
ឆ្នាំ២០០៩ ដើម្បីពិនិត្យ និងអនុម័តលើឯកសារគោលជាស្ថាពរចុងក្រោយ។ បន្ទាប់មកយ៉ាងយូរនៅខែធ្នូឆ្នាំ២០០៩នេះ អង្គភាពសិទ្ធិមនុស្សអាស៊ាននឹងចាប់ផ្ដើមដំណើរការបាន

ទិវាអន្តរជាតិនារី៨មីនា និងទិវាវប្បធម៌ជាតិ៣មីនាប្រារព្ធរួមគ្នា សម្ដេចចៅហ្វាវាំង គង់ សំអុល និងលោករដ្ឋលេខាធិការ ជា ប៉េងឈាង ជាអធិបតី
ខេត្តកំពង់ឆ្នាំង៖ នៅសាលានយោបាយគណបក្សប្រជាជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី៣មីនា មានរៀបចំពិធីមិទ្ទិញអបអរសាទរខួបលើកទី៩៩ ទិវាអន្តរជាតិនារី៨មីនា និងទិវាវប្បធម៌ជាតិ៣មីនា លើកទី១១ ឆ្នាំ២០០៩ ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមក្នុងពិធីនោះមាន លោក ជា ប៉េងឈាង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង រៀបចំទិវាវប្បធម៌ជាតិ លោកឧត្ដមសេនីយ៍ឯកស៊ឹង សំណាង ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមេបញ្ជាការកងទ័ពអាកាស លោកទូច ម៉ារីម អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ និងនារីតាមស្រុក ភូមិ ឃុំ សរុបចំនួន៥៥០នាក់។
លោកស្រី ប៉ាល់ យឿន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអានប្រវត្តិទិវាអន្តរជាតិនារី ៨ មីនា ថា ដោយការឈឺចាប់ជាប់ជានិច្ច ចំពោះអំពើគាបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី៨មីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារឲ្យពួកម្ចាស់រោងចក្រកាត់បន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្ស។ ចលនាតស៊ូរបស់កម្មការិនីកើតមានម្តងហើយម្តងទៀត ទោះបីត្រូវគេធ្វើទារុណកម្មយ៉ាងណាក៏ដោយ លុះដល់ឆ្នាំ១៩១០ សន្និបាតអន្តរជាតិនារីធ្វើឡើងនៅទីក្រុងកូប៉ែនហាក់ រដ្ឋធានីដាណឺម៉ាក ដែលមានប្រទេសចូលរួមចំនួន១៧ប្រទេស ហើយបានសម្រេចជ្រើសរើសយកថ្ងៃ៨មីនា ជារៀងរាល់ឆ្នាំប្រារព្ធ «ទិវាអន្តរជាតិនារី» សម្រាប់រំលឹកដល់ការតស៊ូរបស់នារីពលករទូទាំងសកលលោក ដែលទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នារវាងបុរស និងនារី។
ក្នុងអាណិត្តទី៣ និងបន្តមកអាណត្តិទី៤នេះ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីបង្កើនសមភាពការងារ។ សម្ដេចបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គម ព្រមទាំងផ្ដល់អាទិភាពខ្ពស់ក្នុងការងារ ឋានៈ និងតួនាទី។ ដោយឡែកខេត្តកំពង់ឆ្នាំង ស្ត្រីជាថ្នាក់ដឹកនាំបានកើនឡើង ដូចជាសមាជិកសភាមណ្ឌលកំពង់ឆ្នាំង១រូប ប្រធានមន្ទីរ៣រូប អនុប្រធានមន្ទីរ១០រូប ប្រធានការិយាល័យ២១រូប អនុប្រធានការិយាល័យ៦៧រូប មេឃុំ ជំទប់ទី១ ជំទប់ទី២ សរុបមាន១១រូប អនុភូមិ៦៨រូប និងជំនួយការភូមិ៣៣៧រូប។
លោក ជា ប៉េងឈាង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងបានថ្លែងថា ដោយអនុវត្តតាមស្មារតីអនុក្រឹត្យលេខ០៦ អនក្រ ចុះថ្ងៃទី ២៤ មករា ឆ្នាំ២០០៦ ស្ដីពីការបង្កើតទិវាវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣មីនា រៀងរាល់ឆ្នាំជាថ្ងៃប្រារព្ធទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំនេះរាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកប្រធានបទថ្មីមួយទៀត គឺ «បេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ» ជាខ្លឹមសារដ៏សំខាន់នៃទិវាវប្បធម៌ជាតិ៣ មីនា លើកទី១១ ឆ្នាំ២០០៩។ គោលដៅជាសក្ដានុពលនៃទិវាវប្បធម៌នេះ គឺដើម្បីបំផុសចលនាវប្បធម៌ទូទាំងប្រទេសឲ្យក្លាយជាចលនាដ៏សកម្មក្នុងការលើកស្ទួយ ការពាររក្សា និងប្រែក្លាយបេតិកភណ្ឌវប្បធម៌ ឲ្យទៅជាគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
លោក ទូច ម៉ារីម អភិបាលខេត្តកំពង់ឆ្នាំងបានអាននូវសារសួរសុខទុក្ខរបស់ព្រះមហាវីរក្សត្រ ព្រះមហាវីរក្សត្រីដល់បងប្អូនជនរួមជាតិកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា សូមបងប្អូនមានសុខភាពល្អ មាំមួន ប្រកបការងាររីកចម្រើន។
សម្ដេចចៅហ្វាវាំង គង់ សំអុល មានប្រសាសន៍កោតសរសើរលោកអភិបាលខេត្ត ដែលចេះធ្វើមីទ្ទិញពីររួមគឺថ្ងៃ ៣ មីនា ប្រារព្ធ «ទិវាវប្បធម៌ជាតិ» និងថ្ងៃទី ៨មីនា ទិវាអន្តរជាតិនារី ដែលចំណេញទាំងពេលវេលា ថវិកា ហើយបងប្អូនមកពីទីឆ្ងាយមិនហត់ឡើយ។ សម្ដេចបានបញ្ជាក់ថា សព្វថ្ងៃនារីមានការងារច្រើនជាងបុរស នៅតាមទីជនបទក្មេងស្រីជំទង់ពប្អូនរកអុស និងដងទឹកដំាបាយជាដើម។ យើងត្រូវពិចារណាគិតគូរដល់នារីនៅតាមទីជនបទដាច់ស្រយាល តើពួកគាត់មានការលំបាកយ៉ាងណា សូមឲ្យអាជ្ញាធរមូលដ្ឋានគិតគូរ ហើយជួយមើលស្ថានភាពពួកគាត់ផង កុំបានមានសប្បាយតែឯង មិនគិតដល់ពួកគាត់ជាស្ត្រីមេម៉ាយ។
នៅចុងបញ្ចប់នៃពិធី ក៏មានការចែកអំណោយដល់សមាជិកមិទ្ទិញទាំង៥៥០នាក់ ក្នុងម្នាក់ៗទទួលបានសារុង២ អាវយឺត១ និងថវិកា២ម៉ឺនរៀល៕



Labels