កើតមកជាមនុស្សកុំរឹងកុំរូស កុំធ្វើជនពាល
កុំឆ្កឹះកុំឆ្កៀល កុំដើរតិះដៀល មិនធ្វើការងារ ។
កុំលង់កុំលុះ អំពើពាលា នោះអន់គ្រប់គ្រា
ចាប់បានវេទនា ជាប់គុកច្រវាក់ ។
កុំមានចិត្តទ្រុស្ត កុំដើរកាប់ចាក់ សាមាន្យអបលក្ខណ៍
គេបាត់លុយកាក់ គេជេរផ្ដាសា។
កុំគិតតែគូស ផ្លូវខុសនោះណា ម្ខាស់គេឈឺផ្សា
កុំចិត្តឬស្យា ប្រហារគេឯង ។
កុំឲ្យពន្យុះ កុំដើរលេងល្បែង ដេកដួលគេសែង
គ្រួសារចំបែង ព្រោះក្រែងខ្លួនស្លាប់។
កុំដើរជជុះ ឲ្យគេឈឺចាប់ ថ្ងៃក្រោយគង់យ៉ាប់
កុំអុជអាលប្រាប់ កើតរឿងឈ្លោះគ្នា ។
ចេះបែងចែកពុះ គ្រប់ពេលវេលា រួបរួមសាមគ្គឺ
នោះទើបយូរយា ស្គាល់ត្រើយ សុខសាន្ត ។
ដើរតាមគំនូស ចាស់ ពី បុរាណ ធម៌អាថ៌ជាប់ប្រាណ
ដើរតាមលំអាន ព្រះ ពុទ្ធប្រដៅ ។
កំសាន្តសំរស់ដួងចិត្ត
* ក្រលេកឃើញភ័ក្ត្រ ចិន្ដាប៉ងស្ម័គ្រ លើរូបជីវ៉ា
បើសិននិស្ស័យ សូមអោយវាសនា រីកស្រស់ដូចផ្កា
លើកេសាស្រី ។
* បើគន់អោយជាក់ កែវនេត្រវរលក្ខណ៍ ឆ្លុះចាំងភក្ដី
ពន្លឺពព្រាយ រាយលើភ័ញក្ត្រសី ដបដូចរស្មី
ចរណៃប៉ៃលិន ។
* មុនមានមន្តស្នេហ៍ បីដូចដួងខែ ខ្ញុំគេងសុបិន
នារាត្រីកាល ហាក់នៅជាប់ក្លិន ហ្នឹង! រឺមាសឆ្ងិន
នៃដួងចិន្ដា ។
* បុប្ផារីកថ្មី លើភ័ក្ត្រចរណៃ រំលេចទន្តា
ចេញមកសក្បោះ ក្របង់ដោយផ្កា កុលាបស្រស់ថ្លា
បបូរមាត់ស្រី ។
* រំពៃឯថ្ពាល់ ស្រស់កែវនិមល ថ្លាហួសវិស័យ
ពត់ពេនពួនឡើង ប៉ើងដោយសរសៃ ញញឹមភក្ដី
ចិត្តស្រីឥតពីរ ។
* នាសាឯណោះ ដូចគេបណ្ដុះ ខ័ណ្ឌថ្ពាល់ទាំងទ្វេ
ថ្ពាល់ពីរនៅទាប វាឡើងផុតគេ ដូចងើបរកស្នេហ៍
មកថែថ្ពាល់ស្រី ។
* សំលេងស្រីស្នេហ៍ ពិរោះម្លេះទេ ភ្លេចអស់អ្វីៗ
អូនជាស្រីខ្មែរ ចរិយាប្រពៃ អប់ដោយសំដី
ឋានសួគ៌គ្រួសារ ។
* សក់ខ្មៅរលោង ខ្លះវារខ្លះកោង ក្រាលគ្របលើស្មា
ដូចស្បៃងងឹត តែមានតារា ព្រិចៗចាំងថ្លា
លើកេសាមុំ ។
* ក្លិនខ្លួនព្រលឹង ប្រាប់បងអោយដឹង ថានាងក្រមុំ
ដូចក្លិនបុប្ផា ប្រាប់ទៅដល់ឃ្មុំ ថាផ្កាក្រពុំ
ពេញដោយលំអង។
* ក្លិនស្រីនេះណា បីដូចក្លិនផ្កា ជាប់នៅនឹងទង
ជាក្លិនធម្មជាតិ ចេញពីលំអង ពីខ្លួនស្នេហ៍ស្នង
កែវកល្យាណី ។

ល្អគន់ពុនចិត្ត
-ល្អអើយល្អពន់គន់មិនណាយ សោភ័ណ្ឌឆើតឆាយ ស្រស់សោភា
ឃើញហើយស្ទើរភ្លឹកស្ពឹកកាយា ចិត្តអន្ទះសារព្រោះរូបស្រី ។
-ដេកដើរឈរគិតចិត្តមមៃ អាល័យភក្ត្រស្រី ស្រស់ជីវ៉ា
ញញឹមពព្រាយ រីកដូចផ្កា ខែណាឆ្នាំណាមាននិស្ស័យ ។
-រវល់តែនឹកគិតដល់ថ្លៃ មិនបានដឹងអីស្រម័យសោះ
យល់សប្តិយល់សូងគួរស្រណោះ សោភ័ណ្ឌសម្ផស្ស អាឡោះប្រាណ ។
-បើសិនសុំជិត គិតយ៉ាងណា តើមានមេត្តា ដែរឬអី
-ឬមួយសោភ័ណ្ឌ មិនប្រណី អភ័ព្វជាថ្មី ក្ដីកំព្រា ។
ទោះជាមានខុស ពាក្យឃ្លោងឃ្លា មេត្តាករុណា ដល់សំដី
-ដែលបានជ្រុលជ្រួស ហួសមេត្រី ធ្វើម្ដេចនិស្ស័យ ឲ្យបានជួប ។
-ទឹកដក់បាតព្រែក ជ្រែកក្រហែង ចារចិត្តសម្ដែង ឲ្យបានយល់
និងហារត្រង់ៗ ក្រែងអំពល់ នាំចិត្តនិមល ក្ដីទោសា ។
-តែណ្ហើយស៊ូទ្រាំ ចាំសិនចុះ ផ្កាយគង់ធ្លាក់ចុះ មកពសុធា
ខ្យល់គង់បក់មក តាមវេលា ខែណាឆ្នាំណា ព្រមប្រណី ។
ព្រហ្មវិហាធម៌បួន
* មេត្តាប្រែថាការអាប់អាន ស្និទ្ធស្នាលសន្ដានដោយសុចរិត
មិត្តភក្ដិទាំងឡាយទោះឆ្ងាយជិត រាប់រកអោយរឹតតែបានល្អ ។
* ករុណាប្រែថាអាណិត អាសូរដល់ញាតិកំសត់ក្រ
ជួយជ្រោមជ្រែងគ្នាអោយបវរ ញាតិមិត្តត្រេកអរសែនរមនា ។
* មុទិតាថាការសាទរ ចូលរួមអបអរមិននិន្ទ
រីករាយស្វាគមន៍ដល់ជយា នៃជននានាមិនផ្ចាញ់ផ្ចាល់ ។
* ឧបេក្ខាថាមិនលំអៀង ចិត្តនៅត្រង់ទៀងចំកណ្ដាល
មិនមានវៀចវេររេចិត្តស្រា នៅតែកណ្ដាលមិនមុសា ។
* ព្រហ្មវិហារធម៌ទាំងបួននេះ ថ្លៃថ្លាវិសេសផ្ដល់សុខា
អោយមនុស្សគ្រប់រូបក្នុងលោកា ចាកផុតទុក្ខាថ្លាសិរី ។
* ប្រសិនបើអ្នកមគ្គុទេសក៏ ប្រកាន់មិនធ្វេសផ្សំខន្តី
ដឹកនាំប្រទេសនឹងបានល្បី មនុស្សលើលោកិយ៍កោតស្ញប់ស្ញែង ។
ធម៌ឃរាវាសបួន
* កិរិយាបួនក្នុងគ្រួសារ អ្នកត្រូវរក្សាអោយខ្ជាប់ខ្ជួន
សំដៅដល់ប្ដីនិងប្រពន្ធ ទុកជារសគន្ធប្រោះព្រំគ្នា ។
* សច្ច:ទៀងត្រង់ពុំវៀចវេរ មិនក្បត់គ្នាទេស្មោះគ្រប់គ្រា
ទោះបីមានទុក្ខមានជយា ត្រូវតែប្រាប់គ្នារៀងជានិច្ច ។
* ខន្តីអោយចេះទ្រុំអោនអត់ អធន់អំនត់កុំបីភ្លេច
រាល់កំហុសឆ្គងមានតួចតិច ចានរែងទង្គិចគ្នារណ្ដំ ។
* ទម:ត្រូវចេះទូន្មានគ្នា ធ្វើសន្ទនាដោះដូរដំ
ចំនុចឆ្គាំឆ្គងខុសច្បាប់ក្រម ត្រូវកែអោយសមតាមចិន្ដា ។
* ចាគ:ចេះចែករំលែកធន ចាយពេលការបុណ្យរឺបញ្ហា
ផ្សេងៗឯទៀតតាមធម្មតា ផ្ដល់ថវិកាអោយសមរម្យ ។
អ្វីៗក្នុងលោកកើតព្រោះហេតុ ឃើញច្បាស់ក្រលែតគុណម៉ែឳ
កូនរស់ធំឡើងត្រូវរកផ្លូវ សងគុណម៉ែឳទើបត្រូវច្បាប់
បើមិនបានសងអ្វីធំដុំ កុំតែស្រីមុំប្រែក្រឡាប់
រត់ចេញពីផ្ទះមិនបានប្រាប់ ប្រញាប់តាមប្រុសព្រោះស្នេហា
ចំណែកកូនប្រុសក៏ដូចគ្នា កុំធ្វើឫកពាមនុស្សបាតផ្សារ
ប្រគល់ខ្លួនប្រាណឲ្យស្រីសា្ររ រោគផ្តាច់សង្ខារចោលម៉ែឳ
ម៉ែឳចិញ្ចឹមដប់ម្ភៃឆ្នាំ កូនបានធ្វើកម្មកេរ្តិ៍អាស្រូវ
ចុះចេញពីផ្ទះបាត់ភ្លាមទៅ តើឲ្យម៉ែឳនៅសល់អ្វី

Labels