អ្នកស្រីកែវ ចន្ទបូរណ៍ថ្វីបើរស់នៅសហរដ្ឋអាមេរិក ឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីមាតុភូមិក៏ដោយ ក៏បេះដូង អារម្មណ៍ ចិត្តគំនិតអ្នកស្រីកែវ ចន្ទបូរណ៍ នៅកៀកកិតជិតប្រជាពលរដ្ឋខ្មែរជានិច្ច ហើយព្យាយាមបញ្ជូនអ្វីៗទាំងអស់នោះតាមរយៈសំណេរក្នុងប្រលោមលោក និងកំណាព្យមកទឹកដីកំណើតមិនឈប់ឈរ។ គិតមកទល់ពេលនេះក្នុងរយៈពេល៣ឆ្នាំអ្នកស្រីបានផ្ញើប្រលោមលោក និងកំណាព្យមកបោះពុម្ពនៅកម្ពុជាបានចំនួន១៧ហើយ នេះមិនទាន់គិតប្រលោមលោកខ្លី និងវែង អត្ថបទសិក្សា ព្រមទាំងអត្ថបទកំណាព្យ ដែលអ្នកស្រីបានសរសេរហើយចែកផ្សាយនៅសហរដ្ឋអាមេរិក និងនៅជំរំជនភៀសខ្លួនខាវអ៊ីដាងរាប់សិបទៀតផង។ ដើម្បីបានស្គាល់ច្បាស់អ្នកស្រីនិងស្នាដៃ មជ្ឈមណ្ឌលសម្លេងស្ត្រីខ្មែរបានជួបសម្ភាសអ្នកស្រីពេលអ្នកស្រីមកប្រទេសខ្មែរ និងជួបជាមួយអ្នកអានស្នាដៃអ្នកស្រី ព្រមទាំងអ្នកដែលពាក់ព័ន្ធទៀតផង។
ជាស្ត្រីខ្លាំងម្នាក់
"គេច្រើននិយាយថាមានតែបុរសទេដែលធ្វើការខ្លាំង ប៉ុន្តែខ្ញុំយល់ថាអ្នកស្រីកែវ ចន្ទបូរណ៍ខ្លាំងជាងបុរសទៅទៀត ព្រោះគាត់ធ្វើការគ្រប់៨ម៉ោងហើយនៅតែមានឱកាសឆ្លៀតនិពន្ធបាន រីឯស្នាដៃនោះទៀតសោត ក៏ច្រើនហើយមានគុណភាពខ្ពស់ នេះមកពីគាត់សំបូរគំនិតហើយចេះយកគំនិតទាំងនោះទៅច្នៃប្រឌិតបានយ៉ាងលឿន ប្រកបដោយទេពកោសល្យទៀតផង" នេះជាសំដីរបស់លោក ខូ តារាឬទ្ធិ នាយកសមាគមអក្សរសិល្ប៍នូហាច។ លោកបន្តទៀតថា អ្វីដែលធ្វើអោយលោកសរសើរបំផុតនោះគឺអ្នកស្រីកែវ ចន្ទបូរណ៍រស់នៅឯបរទេសសោះ តែអាចសរសេរពីស្រុកខ្មែរបានយ៉ាងល្អ។ ចំណែកឯនិស្សិត រឿត សុខុន ដែលកំពុងរៀននៅដេប៉ាម៉ង់អក្សរខ្មែរ មហាវិទ្យាល័យមនុស្ស និង សង្គមសាស្ត្រក៏បានសំដែងការសរសើរដែរថា អ្នកស្រីមិនដែលរៀនផ្នែកអក្សរសាស្ត្រសោះតែអាចសរសេរបានល្អ។
វិជ្ជមានហើយអហិង្សា
បើនិយាយពីឧត្ដមគតិដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញអោយអ្នកស្រីសរសេរទាំងលោកខូ តារាឬទ្ធិ ទាំងនិស្សិតដែលបានអានស្នាដៃអ្នកស្រីលើកឡើងដូចៗគ្នាថា អ្នកស្រីមានបំណងចង់អប់រំសង្គម ជាពិសេសដាស់តឿនយុវជន និងស្ត្រីអោយក្លាហាន ប្រើប្រាជ្ញាក្នុងការដោះស្រាយបញ្ហាផ្សេងៗដោយជៀសវាងហិង្សា។ ចំណុចមួយទៀតដែលអ្នកអានមើលឃើញគ្រប់គ្នាដែរនោះ គឺដំណោះស្រាយក្នុងរឿងរបស់អ្នកស្រីច្រើនតែវិជ្ជមាន ពោលគឺធ្វើអោយតួអង្គអាក្រក់ដឹងកំហុសខ្លួនហើយកែទៅជាមនុស្សល្អ រីឯតួអង្គល្អតែងតែអត់អោនសន្ដោសប្រណីដល់អ្នកធ្វើខុស ព្រមទាំងលើកទឹកចិត្តពេលគេកែខ្លួន។ គេកម្រឃើញណាស់តួអង្គអាក្រក់ត្រូវដាក់ទោសដោយជេរស្ដី ឬវាយដំ ឬសម្លាប់ចោល។ ដោយឡែកចំពោះស្ត្រីដែលសង្គមធ្លាប់វាយតម្លៃថាជាមនុស្សទន់ខ្សោយ អ្នកស្រីមានការយកចិត្តទុកដាក់ពិសេស។
ប្អូនប្រុស សំ អេងលាង រឿត សុខុន បញ្ជាក់ពីចំណុចនេះថា "អ្នកនិពន្ធកែវ ចន្ទបូរណ៍ ច្រើនលើកដំកើងតួស្ត្រី
ជាតួមានប្រាជ្ញា មានចំណេះវិជ្ជា ក្លាហាន តស៊ូ ហ៊ានប្រឈមមុខនឹងបញ្ហាមិនរាថយ ហើយដោះស្រាយបញ្ហាដោយអហិង្សា "អ្នកទាំងពីរបន្ថែមថា នេះបញ្ជាក់ថាអ្នកនិពន្ធមានបំណងចង់បំផុសអោយស្ត្រីយកគំរូតាមតួអង្គក្នុងរឿង។
បានមកពីលោកឪពុកនិងការងារ
អ្នកស្រីកែវ ចន្ទបូរណ៍ទទួលថាអ្នកស្រីពិតជាមានគំនិតនេះមែន ហើយក៏គឺជាគំនិតដែលជំរុញអោយអ្នកស្រីចងក្រងស្នាដៃទាំងអស់នោះដែរ។ អ្នកស្រីបានបញ្ជាក់ពីមូលហេតុដោយរំលឹកពាក្យប្រៀនប្រដៅរបស់ឪពុកថា "តាំងពីខ្ញុំនៅក្មេង លោកឪពុកខ្ញុំតែងណែនាំ
ថា កូនត្រូវធ្វើអោយគេខ្លាចហើយចង់ធ្វើអ្វីៗតាមបំណងយើង ទោះពេលនេះគេមិនបាននៅជាមួយយើងក៏ដោយ"។ អ្នកស្រីបន្ថែមថា អ្នកស្រីមានបំណងជួយប្រទេសជាតិតាមរយៈបណ្ដុះចំណេះដឹងដល់អ្នកអាន។ ក្នុងចំណុចដដែលនេះអ្នកនិពន្ធកែវ ចន្ទបូរណ៍លើកឡើងឥទ្ធិពលរបស់ការងារបច្ចុប្បន្នរបស់អ្នកស្រីដែលនាំអោយឈានដល់គោលដៅនេះ។ អ្នកស្រីរៀបរាប់ថាអ្នកស្រីធ្វើការនៅក្រសួងការពារសិទ្ធិកុមារដែលជាផ្នែកមួយរបស់តុលាការ ក្នុងរដ្ឋមីនីសូតាសហរដ្ឋអាមេរិកក្នុងតួនាទីជាអ្នកធ្វើរបាយការណ៍ស្ដីពីសកម្មភាពអប់រំរបស់តុលាការទៅលើអ្នកប្រព្រឹត្ត
ខុសមានមាតាបិតា យុវជននិងកុមារ និងស្ដីពីលទ្ធផលដែលទទួលបានពីការអប់រំនោះផងដែរ។ ការងារនេះធ្វើអោយអ្នកស្រីចេះវិធីសាស្ត្រក្នុងការអប់រំមនុស្សអោយកែខ្លួនដោយប្រើអហិង្សា។ ម៉្យាងទៀតនោះអ្នកស្រីមានសញ្ញាប័ត្រអនុបណ្ឌិត២គឺទីមួយខាងវិទ្យាសាស្ត្រអប់រំគ្រួសារ និងទី២ខាងសង្គមសង្គ្រោះ។
ក្រោយពីបានអាន លែងគិតដូចមុន
ជាលទ្ធផលនៃការប្រឹងប្រែងនេះលោកខូ តារាឬទ្ធិ លើកឡើងថា មានអ្នកមានវិបត្តិម្នាក់ចង់លោតទឹកសម្លាប់ខ្លួន ក្រោយពីបានអានប្រលោមលោកអ្នកស្រីហើយ ក៏ប្រែគំនិតលែងគិតដូចមុនទៅវិញ ហើយបានទូរស័ព្ទ ទៅជម្រាបអ្នកស្រីអំពីរឿងនេះ។ អ្នកស្រីកែវ ចន្ទបូរណ៍ រំលឹកបន្ថែមពីឥទ្ធិពលនៃស្នាដៃអ្នកស្រីថា "មានអ្នកអានម្នាក់ទូរស័ព្ទមកប្រាប់ខ្ញុំថា ចៅហ្វាយនាយគេមិនសូវនិយាយស្ដី មិនងាយញញឹមមុខក្រញូវគ្រប់ពេល ប៉ុន្តែតាំងពីបានអានប្រលោមលោករបស់អ្នកស្រីមកគាត់រូសរាយ និងចេះញញឹមជាងមុន"។
ទទួលការចាប់អារម្មណ៍ខ្ពស់ពីអ្នកអាន
អ្នកស្រីបញ្ជាក់ថាបច្ចុប្បន្ននេះក្នុងមួយថ្ងៃទទួលអ៊ីមែលយ៉ាងតិច២០ និយាយពីចំណាប់អារម្មណ៍របស់គេចំពោះ
ស្នាដៃអ្នកស្រី ហើយក៏ទទួលទូរស័ព្ទរៀងរាល់ថ្ងៃពីអ្នកអានដែរ។ នាងម៉េង ធីតាប្អូនថ្លៃអ្នកស្រី និងជាអ្នកជួយបោះពុម្ពសៀវភៅលើកឡើងថាបានទទួលទូរស័ព្ទជាច្រើនជាពិសេសគ្រូ និងសិស្សសំដែងការសរសើរ ហើយផ្ដាំអោយផ្ញើការសរសើរនោះទៅអ្នកនិពន្ធផង។ និស្សិតសំ អេងលាង ក៏និយាយពីចំណាប់អារម្មណ៍របស់និស្សិតភាគច្រើនដែរថា ពួកគេពេញចិត្តនឹងគំនិតអប់រំ ព្រមទាំងសិល្ប៍វិធីសរសេរប្រទាក់សាច់រឿងក្នុងប្រលោមលោករបស់អ្នកស្រីណាស់។ ក្រៅពីនេះអ្នកស្រីបានទទួលសំណៅរឿងពីស្រុកខ្មែរចំនួន៧០ ចង់អោយសរសេរទៅជាប្រលោមលោក អ្នកស្រី
បានពិនិត្យ៣០ទៅ៤០រឿងហើយ ឃើញរៀបរាប់តែការឈឺចាប់ តែពុំឃើញមានដំណោះស្រាយសោះ។ អ្នកស្រីបានកែសម្រួលសាច់រឿងដល់ទៅ៨០%ដើម្បីសរសេរអោយទៅជាប្រលោមលោក។ ជាមួយគ្នានេះដែរ អ្នកស្រីបានទទួលលិខិតសុំសិទ្ធិចុះផ្សាយប្រលោមលោករួមទាំងកំណាព្យក្នុងកាសែត និងព្រឹត្តិបត្រនានា។
ម្ចាស់សំណេរមកពីនាយសមុទ្រ
សំណេរមានសិល្ប៍
រាល់អត្ថបទ ជាពិសេសអក្សរសិល្ប៍ ទោះបីមានអត្ថន័យខ្លឹមសារល្អយ៉ាងណាក៏ដោយតែបើអ្នកនិពន្ធមិនចេះរបៀបសរសេរអោយទាក់ទាញចិត្តទេនោះ នោះអត្ថន័យខ្លឹមសារពុំអានបានទេ ពោលគឺគេមិនចង់អាន អានហើយមិនជក់បោះបង់លែងអាន ឫក៏អានហើយ
មិនរំភើបចិត្ត មិនមានឥទ្ធិពលអ្វីមកបញ្ជ្រាបចិត្តគំនិតគេអោយចង់ធ្វើតាមការអប់រំរបស់អ្នកនិពន្ធ ប៉ុន្តែស្នាដៃរបស់
អ្នកស្រី កែវ ចន្ទបូរណ៍ សុទ្ធតែត្រូវទទួលបានការសរសើរពីអ្នកអានថា ជាសំណេរមានសិល្ប៍។ និស្សិត សំ អេងលាង ដែលពេញចិត្តជាងគេរឿងសំនៀងស្នេហ៍កវី និស្សិត ណន់ ពៅចាន់ណារិន ដែលពេញចិត្តជាងគេរឿងអប្សរា និង រឿត សុខុន និយាយដូចៗគ្នាថាអ្នកស្រី កែវ ចន្ទបូរណ៍ ប្រើពាក្យសាមញ្ញក្នុងសំណេរគាត់ធ្វើអោយងាយយល់ហើយគាត់ចេះរៀបសាច់រឿងអោយប្រទាក់គ្នា អ្នកអានជក់ចិត្តចង់តាមដានរហូតដល់ចប់។ ប្អូនប្រុស សំ អេងលាង លើកបន្ថែមពីសិល្ប៍វិធីរបស់អ្នកនិពន្ធថា "ការសរសេររបស់គាត់ប្លែកពីការសរសេររបស់អ្នកនិពន្ធដទៃ គឺគាត់មិនសូវមានការរៀបរាប់ទេ តែក៏អាចធ្វើអោយអ្នកអានមើលឃើញដឹងយល់ពីទិដ្ឋភាពអ្វីមួយតាមរយៈការសន្ទនារបស់តួអង្គតែម្ដង"។
ចំណែកប្អូន រឿត សុខុនបញ្ជាក់បន្ថែមត្រង់ចំណុចនេះថា "អានសំណេរគាត់ហាក់ដូចឃើញអ្វីៗនឹងភ្នែក ទោះបីមិនមានការរៀបរាប់ក៏ដោយ ខ្ញុំយល់ថាទាំងនេះដោយសារអ្នកនិពន្ធប្រើវិញ្ញាណទាំង១០ដូចដែលបានចែងក្នុងមេរៀនរបស់គាត់គឺដោយសារសិល្ប៍វិធីដែលមានក្នុងសំណេរនេះហើយ ដែលបណ្ដាលអោយអ្នកអានរំភើបចិត្តហើយចង់កែខ្លួន ឬចង់ធ្វើតាមតួអង្គល្អក្នុងរឿង"។
មិនគិតបញ្ហាលុយកាក់ជាធំ
"ខ្ញុំយល់ថាអ្នកស្រី កែវ ចន្ទបូរណ៍ខិតខំសរសេរនេះ មិនមែនដើម្បីលុយឡើយ គឺដើម្បីផ្សព្វផ្សាយគំនិតគាត់ប៉ុណ្ណោះ។ បានជាហ៊ានថាដូច្នេះ មកពីគាត់ទូលាយណាស់ក្នុងការចែកចាយសៀវភៅជួនកាលអោយគេដល់ទៅ៥០០ក្បាលក៏មាន
" នេះជាសំដីរបស់លោក ខូ តារាឬទ្ធិ។
ចំណែកនាងម៉េង ធីតា ប្អូនថ្លៃរបស់អ្នកស្រីជាអ្នកទទួលបន្ទុកជួយបោះពុម្ពសៀវភៅអះអាងដូចជាលោកតារាឬទ្ធិដែរ អំពីដៃទូលាយក្នុងការចែកចាយសៀវភៅ នាងបញ្ជាក់បន្ថែមអំពីគុណសម្បត្តិនេះថា "បងមន្តបូរណ៍ មិនដែលយកលុយដែលលក់ចំណេញទៅវិញទេ គាត់អោយខ្ញុំទាំងអស់ ហើយបើគាត់យកទៅចែកគេប៉ុន្មាន គាត់បន្ថែមលុយសម្រាប់ទុកអោយខ្ញុំបោះពុម្ពទៀត។ តាំងពីឆ្នាំ២០០៤ ដែលគាត់ចាប់ផ្ដើមអោយខ្ញុំបោះពុម្ពសៀវភៅជូនគាត់ គាត់ដំកល់លុយ៥០០០ដុល្លារទុកអោយខ្ញុំ"។ និស្សិតសំ អេងលាង ក៏បានលើកឡើងដែរពីចិត្តទូលាយនេះ ដែលមិនត្រឹមតែចំពោះលុយកាក់ និងការចែកចាយសៀវភៅប៉ុណ្ណោះទេ អ្នកស្រីមិនដែលខ្វល់ពីការលួចចម្លងឡើយ អ្នកស្រីគិតតែធ្វើយ៉ាងណាអោយបានផ្សព្វផ្សាយស្នាដៃគាត់ប៉ុណ្ណោះ។ ក្រៅពីនោះគេឃើញអ្នកស្រី កែវ ចន្ទបូរណ៍ មានចិត្តអាណិតអាសូរចំពោះអ្នកលំបាក ឬក្រីក្រកម្សត់ទៀតផង។ លោក ខូ តារាឬទ្ធិរៀបរាប់ពីកាយវិការសប្បុរសរបស់អ្នកស្រីថា នៅក្នុងឱកាសចែករង្វាន់ជ័យលាភីអក្សរសិល្ប៍នូ ហាច កាលពីខែកក្កដា ឆ្នាំ២០០៧នេះ អ្នកស្រីបានអោយលុយ៥០ដុល្លារដល់សិស្សប្រុសម្នាក់ដែលខំធាក់កង់តាំងពីខេត្តព្រៃវែងមកភ្នំពេញ ដើម្បីចូលរួមប្រជុំដោយសារតែគ្មានលុយជិះឡានឈ្នួល។ឥឡូវនេះអ្នកស្រីកែវ ចន្ទបូរណ៍កំពុងចង់សង្គ្រោះសិស្សនារីម្នាក់ ដែលរៀនផងដាំត្រកួនចិញ្ចឹមបងប្អូនចំនួន៨នាក់ផង។ អ្នកស្រីចង់ជួយអោយនាងបានរៀនបន្តនៅមហាវិទ្យាល័យ។ អ្នកស្រីបានដឹងរឿងនេះដោយសារសិស្សនារីនោះចូលចិត្តការនិពន្ធហើយបានមកជួបអ្នកស្រីនៅសមាគមអក្សរសិល្ប៍នូ ហាច។ ចំនែកនាង ម៉េង ធីតា ជាប្អូនថ្លៃក៏ពោលសរសើរអ្នកស្រីដែរថាអ្នកស្រីបានជួយឧបត្ថម្ភអ្នកក្រ និងអ្នកពិការជាញយដង មួយដងអោយលុយ១០០.០០០រៀល។ក្រៅពីនេះគាត់តែងចែកចាយលុយដល់ក្មេងៗលក់នំនៅតាមតំបន់ទេសចរណ៍ទៀតផង។
ចេះនិពន្ធតាំងពីអាយុ៩ឆ្នាំ
"ខ្ញុំចេះនិពន្ធតាំងពីអាយុ៩ឆ្នាំ រឿងខ្លីដែលខ្ញុំតែងដំបូងគឺរឿងយក្សធាត់យក្សស្គម" អ្នកស្រីកែវ ចន្ទបូរណ៍រំលឹកពីការនិពន្ធក្នុងវ័យកុមាររបស់អ្នកស្រី ដោយទឹកមុខញញឹមទៀតថា ក្នុង១ខែអ្នកស្រីនិពន្ធរឿងទាំងនោះត្រូវបានចែកចាយអោយបងប្អូនមើលកម្សាន្ត។ អ្នកស្រីធ្វើបែបនេះរហូតដល់អាយុ១១ឆ្នាំ ទើបបែកគំនិតចេះរកកម្រៃពីការនិពន្ធ។ អ្នកស្រីនៅចាំច្បាស់ចំណុចនេះថា បន្ទាប់ពីអ្នកស្រីបានមើលកុនរឿង "លាហើយដួងតារា" មក ដោយមានពួកម៉ាកចង់អោយនិយាយរឿងនេះអោយអាន១នាក់តម្លៃ៥កាក់។ បន្ទាប់មកក៏បែកគំនិតយករឿងរបស់គេស្រាប់ មកតែងដោយកែចំណុចណាទុទ្ទិដ្ឋិនិយមទៅជាសុទិដ្ឋិនិយម និងកែចំណុចណាដែលខ្លួនមិនស្រលាញ់អោយមកតាមចិត្តរបស់ខ្លួនវិញ។ រឿងទាំងអស់នេះត្រូវយុវតី កែវ ចន្ទបូរណ៍ ជួលអោយសិស្សរៀននៅថ្នាក់ជាមួយ និងថ្នាក់ដទៃអានក្នុងតម្លៃ៥កាក់មួយនាក់។ ក្រោយមកកាន់តែបែកគំនិតក៏យករឿងទាំងនោះទៅអូសដោយម៉ាស៊ីនរ៉ូណេអូ១រឿង៥០ច្បាប់ ហើយយកទៅផ្ញើនឹងអ្នកលក់បបរបាញ់កាញ់ ដើម្បី ទុកអោយគេជួលមើល។ រឿងទាំងនេះមានពី១០ទៅ១៥ទំព័រ។ យុវតីធ្វើបែបនេះរហូតដល់អាយុ១៤ឆ្នាំទើបចាប់ផ្ដើមសរសេរដោយគំនិតខ្លួនឯង។ គឺជាសំណេរដៃដែលមានប្រមាណ៧០ទំព័រក្នុងរឿងនីមួយៗ។ ពេលនោះគឺជាសម័យលន់នល់។ ម្ដងនេះរឿងត្រូវបានដាក់នៅតាមតូបផ្សារអ្នកអានត្រូវអង្គុយអាននៅតូបមិនអោយយកទៅផ្ទះទេខ្លាចបាត់។ អ្នកស្រីសរសេររឿងបែបនេះបាន៤៣រឿង។ លុយដែលបានពីការជួលត្រូវសន្សំទុករហូតដល់បាន៣០០០រៀល អ្នកស្រីក៏ទិញម៉ូតូធុនសូឡិចមួយគ្រឿង។ គឺពេលនោះហើយដែលឪពុកអ្នកស្រីបានដឹងរឿងនេះ។ អ្នកស្រី កែវ ចន្ទបូរណ៍រំលឹកពីជំហររបស់ឪពុកថា "លោកឪពុកខ្ញុំដឹងថាខ្ញុំចូលចិត្តអាននឹងនិពន្ធ គាត់មិនហាមឃាត់ទេ
តែមិនអោយអាន និងនិពន្ធរឿងណានិយាយពីស្នេហាឡើយ ធ្វើតាមការណែនាំនេះខ្ញុំអានសៀវភៅគតិលោក ប៉ុន្តែក៏លួចអានសៀវភៅប្រលោមលោកដោយរូបភាពជាភាសាបារាំងឈ្មោះ "Nous deux" ផងដែរ។ នេះគឺជាការចាប់ផ្ដើមអោយខ្ញុំបែកគំនិតក្នុងការសរសេរកាន់តែច្រើន។ "អ្នកស្រី កែវ ចន្ទបូរណ៍ បន្តរៀបរាប់រឿងនិពន្ធរបស់អ្នកស្រីនៅសម័យប៉ុល ពតថា នៅពេលនោះអ្នកស្រីជួបការលំបាកវេទនាដូចពលរដ្ឋខ្មែរដទៃទៀតដែរ ប៉ុន្តែនៅតែអាចឆ្លៀតនិទានរឿងអោយពួក
ឈ្លបស្ដាប់ ដើម្បីដូរយកត្រីងៀត ហើយអ្នកស្រីបានលួចសរសេរទំនុកច្រៀងបាន២០បទ។ លុះដល់ឆ្នាំ១៩៧៩ ជាជនភៀសខ្លួននៅជំរំខាវអ៊ីដាង អ្នកស្រីបាននិពន្ធប្រលោមលោក៤រឿងនិងល្ខោននិយាយ៤រឿងហើយជួលអោយគេមើលតម្លៃ១ដង១បាត។ ក្នុងមួយខែអ្នកស្រីរកបានពី២០០ទៅ៣៥០បាត។ ចាប់ពីឆ្នាំ១៩៨០ក្រោយពេលមកដល់សហរដ្ឋអាមេរិក អ្នកស្រីឈប់និពន្ធអស់រយៈពេល២ឆ្នាំដោយជាប់រៀន នៅនិពន្ធតែកំណាព្យខ្លីៗប៉ុណ្ណោះ។ ចាប់ពីឆ្នាំ១៩៨២អ្នកស្រីចាប់ផ្ដើមសរសេរឡើងវិញ។មកទល់ពេលនេះអ្នកស្រីសរសេរបាន១៣៧រឿងប្រលោមលោក កំណាព្យ៥០០ និងអត្ថបទសិក្សាខ្លីៗមួយចំនួន។ អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះក្នុង១ខែ អ្នកស្រីអាចសរសេរបានប្រលោមលោកមួយ។ អត្ថបទទាំងនោះមានចុះក្នុងព្រឹត្តិបត្រសមាគមខ្មែរ ព្រឹត្តិបត្រទស្សនៈខ្មែរនៅសហរដ្ឋអាមេរិក និងកាសែតកោះសន្តិភាពនៅប្រទេសកម្ពុជា។
និយាយពីការផ្សព្វផ្សាយស្នាដៃទាំងនោះវិញ នៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០០២មក អ្នកស្រីផ្សាយតាមអ៊ីនធឺណិត ក្រោយពីទទួលពាក្យសុំទិញហើយអ្នកស្រីផ្ញើរឿងតាមប្រៃសណីយ៍ លក់ក្នុងតម្លៃ១០ដុល្លារ។ សៀវភៅទាំងនោះបោះពុម្ពដោយខ្លួនឯង។ ដោយអ្នកអាននៅស្រុកខ្មែរមួយចំនួនទាមទារ ចាប់ពីឆ្នាំ២០០៤មកអ្នកស្រីក៏ផ្ញើសំណៅអោយប្អូនថ្លៃបោះពុម្ពនៅស្រុកខ្មែរ។ ក្នុងចំណុចនេះនាង ម៉េង ធីតា ជាប្អូនថ្លៃ ហើយជាអ្នកជួយយកសៀវភៅទៅបោះពុម្ព និងដាក់លក់បានបញ្ជាក់ថាចំនួនបោះពុម្ពមានពី១.០០០ ទៅ១.៥០០ច្បាប់
ក្នុង១រឿង ហើយមានប្រលោមលោក៣រឿង បានបោះពុម្ពលើកទី២ គឺរឿងផ្កាយវង្វេងមេឃ ក្លិនផ្កានារតី
និងនិស្ស័យស្នេហ៍។ នាងនិយាយថាសៀវភៅរបស់អ្នកស្រីលក់ដាច់ជាងមុន តូបសៀវភៅខ្លះសុំទិញបន្ថែម។
សាមញ្ញហើយរួសរាយ ជាមួយគ្នានឹងកិត្តិសព្ទល្អដែលអ្នកផងផ្ដល់ជូនអ្នកស្រីតាមរយៈស្នាដៃនិពន្ធអ្នកស្រីកែវ ចន្ទបូរណ៍ នៅមានគុណសម្បត្តិមួយទៀតដែលអ្នកផងសរសើរថា គឺជាស្ត្រីសាមញ្ញទាំងឫកពា ទាំងសំលៀកបំពាក់ ហើយមានសំដីរូសរាយរាក់ទាក់ទៀតផង។ កញ្ញា ណន់ ពៅចាន់ណារិន លាន់មាត់ថា "គាត់យកចិត្តទុកដាក់ក្នុងការចែកចាយចំណេះដឹងដល់គេណាស់ ក្នុងពេលគាត់ផ្ដល់មេរៀនស្ដីពីវិញ្ញាណ
ទាំង១០ នៅដើមខែកក្កដា ទៅពុទ្ធសាសនបណ្ឌិត ខ្ញុំឃើញថាគាត់រីករាយនឹងសំនួររបស់សិស្សណាស់ ហើយខិតខំពន្យល់អោយទាន់អ្នកសួរ ខ្ញុំរំភើបចិត្តចំពោះសីលធម៌និងគុណធម៌របស់គាត់ជាពន់ពេក"។ និស្សិតរឿត សុខុននិយាយពីទំនាក់ទំនងជាមួយអ្នក និពន្ធ កែវ ចន្ទបូរណ៍ ថា "ខ្ញុំមិនដែលស្គាល់អ្នកស្រីទេ ដោយសារចាប់អារម្មណ៍ខ្លាំងលើស្នាដៃគាត់ ខ្ញុំបានផ្ញើអ៊ីមែលទៅ គាត់ក៏ទូរស័ព្ទមកខ្ញុំនិយាយស្និទ្ធស្នាលហាក់ដូចស្គាល់គ្នាយូរហើយ គាត់ហៅខ្ញុំថាកូនៗ ហើយទូរស័ព្ទម្ដង១ម៉ោងក៏មានដែរ"។
ព្រោះតែសរសេរពីទីឆ្ងាយ និងធ្វើការតែម្នាក់ឯង
ទន្ទឹមនឹងទទួលការកោតសរសើរ អ្នកស្រីក៏ទទួលការទិតៀនមួយចំនួនដែរ។ លោកខូ តារាឬទ្ធិនិយាយថា "ដោយសារសរសេរពីទីឆ្ងាយ មានអន្លើខ្លះអ្នកស្រីបង្ហាញមិនទាន់ដល់ស្ថានភាពពិតនៃប្រទេសខ្មែរទេ ហើយក៏មានចំណុចខ្លះ សរសេរមិនត្រូវនឹងស្ថានភាពសង្គមខ្មែរដែរ"។ ចំណែកកញ្ញា ណន់ ពៅចាន់ណារិន និស្សិតមហាវិទ្យាល័យ មនុស្សសាស្ត្រ និងសង្គមសាស្ត្រក៏មានយោបល់ដូចលោក ខូ តារាឬទ្ធិដែរនាងបន្ថែមថា រឿងខ្លះអ្នកនិពន្ធបង្ហាញសង្គមខ្មែរមិនច្បាស់ ហើយជួនកាលដំណោះស្រាយមិនសូវសមទៀតផង។ ត្រង់ចំណុច "មិនសូវសម" នេះនិស្សិត សំ អេងលាង លើកឧទាហរណ៍បញ្ជាក់ថា "ដូចជាក្នុងរឿង អំបែងអណ្ដែត អ្នកនិពន្ធសរសេរមិនសមត្រង់កន្លែងធ្វើបាបតួដែលធ្លាប់ជាតួកាចឆ្នាសឆើតឆាយដែរនោះ បែរជាមិនឃើញតួនោះរើបម្រាស់អ្វីសោះ ម្យ៉ាងទៀតក្នុងរឿងដដែលបងបង្កើតមិនស្គាល់ប្អូនរបស់ខ្លួន ដោយគ្រាន់តែប្អូននោះត្រូវកាត់សក់និងកែប្រែមុខមាត់រូបរាងបន្តិចបន្តួចប៉ុណ្ណោះ"។ ក្នុងរឿងអំបែងអណ្ដែតដដែល
និស្សិត រឿត សុខុន ក៏ចង់បង្ហាញពីចំណុចដែលខ្លួនមិនពេញចិត្តដែរថា ក្រៅពីការសរសេរខុសអក្ខរាវិរុទ្ធខ្លះក្នុងរឿងនេះអ្នកនិពន្ធបង្អាប់បុរសពេក ធ្វើអោយតួអង្គនេះមិនមានប្រាជ្ញាសោះ ប្រើតែកម្លាំងបាយសុទ្ធសាធ។ ក្នុងផ្នែកអត្ថរូបវិញ និស្សិត សំ អេងលាង និងរឿត សុខុន និយាយពីអត្ថបទកំណាព្យថា "កំណាព្យរបស់អ្នកស្រីខ្លី មានខ្លឹមសារទូលាយក្នុងការទិតៀនសង្គម ប៉ុន្តែគួរអោយស្ដាយ ដោយល្បះខ្លះមានចុងជួនមិនត្រូវដែលអាចផ្ដល់ជាគំរូអាក្រក់"។ ចំណែក កញ្ញា ណន់ ពៅចាន់ណារិនវិញ ទន្ទឹមនិងការកោតសរសើរល្បឿននៃការសរសេរ នាងមានយោបល់ថា បន្ទាប់ពីពេលសរសេរហើយ ប្រសិនបើអ្នកស្រីកែលំអអត្ថបទអោយបានច្រើនដង ប្រហែលជាស្នាដៃអាចបានល្អជាងនេះ។ និស្សិត អេងលាង ក៏ចង់អោយអ្នកស្រីបង្អន់ល្បឿនសរសេរបន្តិចដែរ ដោយមានយោបល់ថា ការសរសេរលឿនរបស់អ្នកស្រី ជួនកាលធ្វើអោយឃ្លាខ្លះមិនសូវពីរោះហើយជាន់គ្នាផងក៏មានដែរ។ ចំពោះការទិតៀននេះ អ្នកស្រីបានពោលថា អ្នកស្រីនឹងទទួលហើយខិតខំកែលំអ ព្រោះនោះគឺជាការចំណេញមួយទៀត។ អ្នកស្រីបញ្ជាក់ជាចុងក្រោយថា ក្រៅពីបានឱកាសជួយមាតុភូមិតាមរយៈការបណ្ដុះចំណេះដឹងដោយប្រើសិល្ប៍វិធី អ្នកស្រីបានចំណេញច្រើន
ពីការសរសេរនេះគឺបានសប្បាយសម្រាប់ខ្លួនឯង ដោយបានធ្វើអ្វីតាមចំណង់ចំណូលចិត្តរបស់ខ្លួន បានហាត់
គំនិតប្រាជ្ញាទន្ទឹមគ្នានឹងការហាត់ប្រាណ ហើយក៏បានប្រាក់សម្រាប់ចិញ្ចឹមក្រុមគ្រួសារនៅឯប្រទេសខ្មែរផងដែរ។ គឺហេតុនេះហើយបានជាអ្នកស្រីគិតថា តទៅអនាគតអ្នកស្រីនឹងបន្តការនិពន្ធដោយខំរកគំនិតប្លែករហូត គឺរឿងមួយឧត្ដមគតិមួយ។
ចំពោះការខ្វះខាតនេះជាយោបល់រួមលោក ខូ តារាឬទ្ធិ អះអាងថាជារឿងតិចតួចប៉ុណ្ណោះ ព្រោះក្នុងការបោះពុម្ពអ្នកស្រីម្នាក់ឯងធ្វើជាអ្នកនិពន្ធផង រៀបរៀងផងនិងពិនិត្យអក្ខរាវិរុទ្ធផងមិនអាចបានគ្រប់ជ្រុងជ្រោយឡើយ។ លោកបញ្ជាក់ថាជាធម្មតាលុះត្រាតែមាន
ទាំង៣ផ្នែកនេះ ទើបរាល់ស្នាដៃពេលបោះពុម្ពចេញទៅបានល្អ។
ចំពោះរាល់យោបល់អ្នកអាន អ្នកស្រីនិយាយថា ប្រសិនបើជាការសរសើរនោះគឺជាការលើកចិត្ត តែបើជាការទិតៀនប្រាប់ពីចំណុចខ្សោយវិញនោះអ្នកស្រីពេញចិត្តទទួលដើម្បីកែលំអ។

ពេលបានជួបភ័ក្ត្រជំពាក់ស្នេហ៍ ពៅល្អដូចខែពេញវង់សោភា
បេះដូងបងឆ្លាក់រូបស្រស់ពុំងារ ក្នុងដួងទ័យាជាគូរនែបនិត្យ ។
មិនទាន់យល់ប្រាណបានត្រឹមស្រមោល ឱរាតែលតោលនឹកកែវវរមិត្រ
បងសូមស្រែកច្រៀងផ្ញើសៀងដួងចិត្ត សារភាពការពិតឲ្យស្រីបានដឹង ។
ស្រស់អើយអើយស្រស់មាសមុំធីតា ទទួលផងណាបេះដូងបងហ្នឹង
កាត់ផ្ញើជូនអូន ឱ!កែវព្រលឹង រៀមសូមដណ្ដឹងអូនហ្នឹងជាគូរ ។
ឆ្លើយចាសណាអូនកុំឲ្យបងខក ផ្សងថែត្របកផ្កាស្រស់ផង់ផូរ
ឧបសគ្គយ៉ាងណាបងស្ម័គ្រផ្ដាច់ប្ដូរ យកអូនជាគូរួមជីវិតរៀងអើយ ។
បទពាក្យប្រាំពីរ
ព្រលឹមមិនទាន់លាន់វាចា ស្លៀកពាក់ហ៊ឺហាការប្រញាប់
ទូរស័ព្ទទាក់ទងឆ្លងសាសព្ទ ដំណើរស្វាហាប់ញាប់សេចក្តី ។
ទឹកមុខញឹមញែមក្លែមសម្រស់ ស្រស់បស់ជិះឡានទំនើបថ្មី
ចេញចូលគ្រប់ច្រកមៀងមើលដី ធ្វើហីអួតរឹកខ្មឹកគ្រាន់បើ ។
ប្រឹងស្តីបូរបាច់ប៉ាច់កោកៗ ថ្លៃថោកតថ្លៃកោតសរសើរ
បំពង់កប្រេះស្លេះក៏កើរ ប្រើទាំងទឹកមាត់ហួតស្ងួតខះ ។
ចាក់ចេកចាក់ស្ដរទាំងសងខាង អះអាងជំនួសអ្នកជាម្ចាស់
បបូរមាត់ផ្ទាត់ស្ទាត់ច្បាស់ៗ ព្រោះតែឈ្លក់ក្រាស់ខ្មាសដុល្លារ ។
យប់ថ្ងៃមិនខ្វល់នយោបាយ ព្រួយខ្វាយតែរឿងប្រឹងចរចា
មិនរើសដីក្រុងស្រែចម្ការ អោយតែថាលក់ទាក់ម៉ូយទិញ ។
របរយកមាត់ធ្វើជាដើម ទុនទឹកមាត់ផ្សើមជួសទំនិញ
ប្រើតែវោហារចាយពណ៏ធ្មេញ ផលវិញចំណេញមិនដែលខាត ។
គិតទៅគួរស្ងើចភើចសរសើរ ជើងដើរដៃបោយរួយអណ្តាត
ប្រឹងគួកជេដីស្តីមិនស្កាត សង្វាតស្កៀបតែរឿងដុល្លារ ។

ព្រះពុទ្ធសាសនាកម្ពុជានៅពុំទាន់អាចងើបឡើងវិញពីការលុបបំបាត់របស់ពួកខ្មែរក្រហមបានទេ បើទោះជាព្រះសង្ឃជាច្រើនអាចឆ្លងផុតពីអំពើគួរអោយភ័យខ្លាចជាច្រើនឆ្នាំនៃរបបនេះក៏ដោយ។
តាមពិតទៅ ព្រះសង្ឃដែលមានចំណេះវិជ្ជាជ្រៅជ្រះ ភាគច្រើនជាព្រះសង្ឃចាស់ៗ ហើយ
បើទោះជាមិនត្រូវអស់ជីវិតនឹងគ្រាប់កាំភ្លើង ក៏ត្រូវអស់ជីវិតនឹងទុរ្ភិក្ស ជំងឺ ឬក៏ការអស់កម្លាំងដែរ។
រហូតមកដល់ពេលនេះ មិនទាន់មានសៀវភៅណាមួយនិយាយពី«ព្រះពុទ្ធសាសនាក្រោមរបបប៉ុល ពត»នោះឡើយ។ អ្នកស្រាវជ្រាវអៀន ហារី សាស្រ្តាចារ្យសិក្សាពីព្រះពុទ្ធសាសនានៅមហាវិទ្យាល័យខមប៊្រីយ៉ា (Cumbria) នៅប្រទេសអង់គ្លេស បានជួសឡើងវិញនូវការបំភ្លេចនេះ តាមរយៈការបោះពុម្ពផ្សាយសៀវភៅមួយក្បាលក្រោមចំណងជើងថា «ព្រះពុទ្ធសាសនាក្រោមរបបប៉ុល ពត» ដោយសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា( DC-Cam)។ ព្រះសង្ឃត្រូវគេចាប់ផ្សឹក វត្តអារ៉ាមប្រែក្លាយជាកន្លែងផ្សេងៗតាមតម្រូវការបដិវត្តន៍ រូបបដិមាត្រូវបានគេលួចឬបំផ្លាញ... : សាសនាមិនមានសិទ្ធិមានវត្តមាននៅក្នុងរជ្ជកាលបង្ហូរឈាម និងលទ្ធិបំផ្លាញបដិមារបស់ពួកខ្មែរក្រហមនោះទេ។ លោកអៀន ហារី ពណ៌នាគួរអោយចាប់អារម្មណ៍ និងច្បាស់លាស់ពីព្រះពុទ្ធសាសនានៅក្នុងសម័យកាលដ៏វឹកវររបស់ពួកខ្មែរក្រហម។
នយោបាយដំបូងនៃការទាក់ទាញព្រះសង្ឃ
ក្រសួងធម្មការ និងសាសនាក្នុង«តំបន់រំដោះ»ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ១៩៧៤ បន្ទាប់ពីពួកខ្មែរក្រហមត្រូវប្រឈមមុខនឹងអប្រជាប្រិយភាព ដោយសារតែការឃោសនាប្រឆាំងនឹងពុទ្ធសាសនារបស់ពួកកុម្មុយនីស្ត ចន្លោះឆ្នាំ១៩៧២និង១៩៧៣នៅក្នុងតំបន់
«រំដោះ» នេះនិងការដាក់ទណ្ឌកម្មទៅលើព្រះសង្ឃ (បង្ខំអោយលាចាកសិក្ខាបទ) ព្រមទាំងការរិះគន់ព្រះសង្ឃថាជា«ព្រះសង្ឃសុំទាន» ឬរិះគន់ថាព្រះពុទ្ធសាសនាមិនមានលក្ខណៈជាតិនិយម ព្រោះសាសនានេះមាន«ដើមកំណើតមកពីប្រទេសឥណ្ឌ និងឆ្លងកាត់តាមប្រទេសថៃ»។ ការបង្កើតក្រសួងនេះគឺដើម្បីបញ្ចុះបញ្ចូលព្រះសង្ឃអោយស្រឡាញ់របបកុម្មុយនីស្ត និងចុះចូលជាមួយពួកគេ (ដោយពួកគេបានលើកសរសើរពីប្រភពជាកសិកររបស់ព្រះសង្ឃ) ហើយយកព្រះសង្ឃធ្វើជាឧបករណ៍ឃោសនា។ ប្រតិបត្តិការបានជោគជ័យ ការរិះគន់ក៏ឈប់...
មួយរយៈក្រោយមក នៅថ្ងៃទី១៧ មេសា ១៩៧៥ អៀង សារី ដែលជាអនាគតរដ្ឋមន្ត្រីការបរទេសរបស់ប៉ុល ពត បានប្រកាសថា សេរីភាពសាសនានឹងត្រូវបើកទូលាយដល់ក្រុមសាសនិកទាំងអស់នៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យថ្មី។ ក្រោយមក សេរីភាពនេះត្រូវបានធានានៅក្នុងមាត្រា២០នៃច្បាប់រដ្ឋធម្មនុញ្ញដែលបានប្រកាសឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ (សូមអានអត្ថបទភ្ជាប់នៅខាងក្រោម)។ ប៉ុន្តែនេះជាការសន្យាមួយដែលមានតែនៅលើក្រដាសប៉ុណ្ណោះ...។ ព្រះសង្ឃត្រូវគេចាប់ផ្សឹកទាំងអស់ ហើយជួនកាលត្រូវបានគេសម្លាប់ និងដកហូតឋានៈសំខាន់នៅក្នុងសង្គមខ្មែរថែមទៀត។ ព្រះសង្ឃជាច្រើនត្រូវគេបង្ខំអោយរៀបការ។ នេះជាឆន្ទៈនៃរបបមួយដែលបន្តុះបង្អាប់បុព្វជិតដែលចូលរួមជាមួយរបបចាស់ ដើម្បីបំបាក់មុខពួកខ្មែរក្រហម និងជារបបមួយដែលចង់បានភាពដូចគ្នាឥតខ្ចោះនៅក្នុងសង្គម។

ព្រះសង្ឃបដិវត្តន៍
នៅពេលខ្មែរក្រហមបានអំណាច ព្រះសង្ឃគឺជាក្រុមបញ្ញវ័ន្តកម្ពុជា។ ដូច្នេះលោកអៀន ហារី ពន្យល់ថា វាធម្មតាទេដែលព្រះសង្ឃបានអភិវឌ្ឍគំនិតជឿនលឿននិយម និងនយោបាយនោះ។ «ព្រះសង្ឃខ្លះបានសម្រេចចិត្តយ៉ាងឆាប់រហ័សចូលរួមជាមួយក្រុមទ័ពព្រៃកុម្មុយនីស្ត ព្រោះព្រះអង្គត្រូវបានអូសទាញ តាមរយៈគំនិតជឿនលឿននិយមរបស់ព្រះសង្ឃ ដែលជាអ្នកនាំមកនូវភាពប្រសើរឡើងនៃស្ថានការណ៍។ គេអាចប្រដូចព្រះសង្ឃនឹងនិស្សិតនៅក្នុងបដិវត្តន៍ខែឧសភា ឆ្នាំ១៩៦៨នៅប្រទេសបារាំងដែរ។ និស្សិតទាំងនោះមានវ័យក្មេង មានចំណេះដឹង ហើយដឹងច្បាស់ពីអ្វីដែលកើតឡើងនៅក្នុងប្រទេសពួកគេ។ ដូច្នេះ ពួកគេចង់កែប្រែសង្គម។ ប៉ុន្តែព្រះពុទ្ធសាសនាក៏មានបំណងធ្វើអោយមានការកែប្រែដែរ តែក្នុងអារម្មណ៍ផ្លូវចិត្ត។ ព្រះសង្ឃ និងជនកុម្មុយនីស្តមានការវិភាគឃើញដូចគ្នាពីចក្រពត្តិនិយម។ នៅដើមឆ្នាំ១៩៧០ វាមិនមែនជារឿងកម្រទេដែលគេឃើញព្រះសង្ឃអានសៀវភៅកុម្មុយនីស្ត ដូចជាសៀវភៅក្រហមរបស់ម៉ៅ សេងទុង ជាដើម»។
ហេតុនេះ ព្រះសង្ឃមួយចំនួនគឺជាអ្នកគាំទ្របដិវត្តន៍តាំងពីពេលដំបូងៗម៉្លេះ ហើយបង្រៀនបន្តពីគោលការណ៍បដិវត្តន៍។ ចំណុចមួយនៃការឃោសនារបស់ពួកខ្មែរក្រហម គឺធ្វើយ៉ាងណាជំរុញព្រះសង្ឃក្មេងៗអោយលាចាកសិក្ខាបទ ដើម្បីចូលបម្រើទ័ពបដិវត្តន៍។

លោក អៀន ហារី បានអោយដឹងថា ព្រះសង្ឃធម្មតាៗត្រូវបានគេបញ្ចុះបញ្ចូលថា បក្សកុម្មុយនីស្តកម្ពុជាការពារទឹកដីកម្ពុជា និងសាសនាពីការឈ្លានពានបរទេស។ នៅក្នុងតំបន់«រំដោះ»ដែលបានធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកខ្មែរក្រហម មុននឹងការក្តោបក្តាប់ប្រទេសទាំងមូល គេតែងតែឃើញព្រះសង្ឃមានសង្ឃដីកាដំបូងគេនៅពេលមានកិច្ចប្រជុំនយោបាយ គឺមុនពួកកម្មាភិបាល។
ព្រះសង្ឃដូចជាព្រះសង្ឃចាស់ៗ គឺប្រសប់បញ្ចុះបញ្ចូលកសិករ ព្រោះសង្ឃដីកាព្រះសង្ឃងាយស្រួលបញ្ចុះបញ្ចូលប្រជាពលរដ្ឋច្រើនជាងសុន្ទរកថាកុម្មុយនីស្តត្រង់ៗរបស់កម្មាភិបាល។ ដូច្នេះ ព្រះសង្ឃបានជួយដល់ការត្រួសត្រាយផ្លូវនៃជ័យជំនៈរបស់ពួកខ្មែរក្រហម។
វត្តអារ៉ាមងាកចេញពីតួនាទីដើមពួកកុម្មុយនីស្ត ក៏ដូចជាសាធារណរដ្ឋខ្មែររបស់លន់ នល់មុនដែរ
ពួកគេយល់ឃើញថា វត្តអារ៉ាមគឺជាទីកន្លែងការពារដ៏ល្អសម្រាប់មូលដ្ឋានទ័ព។ ចន្លោះពីខែតុលា និងខែធ្នូ ឆ្នាំ១៩៧៥ វត្តអារ៉ាមស្ទើរតែទាំងអស់ដែលនៅមាននៅកម្ពុជា ត្រូវបានបិទទ្វារ។ លោក អៀន ហារី បានលើកឡើងថា ពួក
ខ្មែរក្រហមប្រើវត្តអារ៉ាមជាកន្លែងហ្វឹកហាត់ អប់រំកែប្រែ កន្លែងជួសជុលយានយន្ត ច្បារបន្លែ ឃ្លាំងអាវុធ កន្លែងចិញ្ចឹមសត្វ ឬជាមណ្ឌលធ្វើទារុណកម្ម និងសម្លាប់មនុស្ស។ ជួនកាល វត្តអារ៉ាមត្រូវបានគេវាយបំបាក់ដើម្បីយកធ្វើជាគ្រឿងសំណង់។
បំផ្លាញរាល់ដានព្រះពុទ្ធសាសនាបើទោះជាខ្មែរក្រហមបានដកបដិមាមាសចេញពីវត្តអារ៉ាមនានាយ៉ាង
យកចិត្តទុកដាក់ក៏ដោយ ក៏ជានិច្ចកាល បដិមាធ្វើពីស៊ីម៉ង់ត៍គេចមិនផុតពីការវាយកម្ទេចទេ តាមពាក្យស្លោកបដិវត្តន៍ : «ប្រសិនបើមិត្តវាយកម្ទេចពុទ្ធបដិមាមួយ មិត្តនឹងចំណេញបានស៊ីម៉ង់ត៍មួយបាវ»។
ប៉ុន្តែ អ្នកភូមិមួយចំនួននៅតែអាចលាក់វត្ថុសាសនាបាន ហើយអាចការពារផុតពីការបំផ្លិចបំផ្លាញ។ ក៏ដូចនៅក្នុងគ្រប់ប្រព័ន្ធអំណាចផ្តាច់ការដែរ ពិធីដុតភ្លើងបូជាយញ្ញបានធ្វើអោយគម្ពីរមួយចំណែកយ៉ាងធំបាត់បង់អស់ រីឯសំណេរនៅលើសាស្រ្តាស្លឹករឹតវិញ បើមិនត្រូវគេដុតបំផ្លាញនៅដើមដំបូងនារបបនេះទេ ក៏ត្រូវគេយកទៅប្រើសម្រាប់ធ្វើថ្នាំដែរ។
បើទោះជាព្រះពុទ្ធរូប និងវត្ថុសាសនាផ្សេងទៀតបានទទួលរងនូវការបំផ្លាញដោយដៃពួកខ្មែរក្រហម ក៏ដូចជាគ្រឹះស្ថានសាសនាជាច្រើនទៀតក៏ដោយ ក៏ វាហាក់ដូចជាទង្វើទាំងនេះមិនមែនកើតចេញពី
សារាចររួមមួយនោះទេ។

អវត្តមាននយោបាយសាសនាពិតប្រាកដរបស់អង្គការគ្មានសំណៅណាមួយបង្ហាញពីការសម្រេចរបស់អង្គការ
ក្នុងការបំផ្លាញវត្តអារ៉ាម ឬលុបបំបាត់បុព្វជិតពុទ្ធសាសនាត្រូវបានគេរកឃើញនោះទេរហូតមកដល់ថ្ងៃនេះ។
លោកអៀន ហារី វិភាគថា៖ «បើតាមទស្សនៈលេនីន គេមិនចាំបាច់និយាយពីសាសនាទេ ពីព្រោះ
តែកាលណាមានបដិវត្តន៍កើតឡើង បញ្ហាសេដ្ឋកិច្ចកើនឡើងហើយ គឺគ្មានកន្លែងនៅសល់សម្រាប់សាសនាទៀតទេ សាសនាគឺត្រូវតែស្លាប់ដោយឯកឯង។ គ្រប់យ៉ាងស្ថិតក្រោមការត្រួតពិនិត្យ ហើយសាសនាបាត់បង់គ្រឹះរបស់ខ្លួន។
ដូច្នេះ ពួកខ្មែរក្រហមមិនចាំបាច់រៀបចំនយោបាយសាសនាទេ»។
ម្យ៉ាងវិញទៀត លោកបន្ថែមថា បើទោះជាមេដឹកនាំ ដូចជាលោកខៀវ សំផនជាដើម ប្រកាសជាចំហប្រឆាំងនឹងព្រះពុទ្ធសាសនាក៏ដោយ ក៏អ្នកផ្សេងទៀតដូចជាប៉ុល ពត អៀង សារី ឬនួន ជា ជាដើមមិនបានបង្ហាញការច្រានចោលសាសនានៅពេលដំបូងនៃរបបរបស់ពួកគេនោះទេ។
គ្រប់យ៉ាងគឺអាស្រ័យនឹងបុគ្គលម្នាក់ៗ ។ នៅតាមទីកន្លែងផ្សេងៗ អាកប្បកិរិយាចំពោះបុព្វជិតគឺមានលក្ខណៈខុសគ្នា។ នៅថ្នាក់មូលដ្ឋាន ប្រធានមូលដ្ឋានមួយចំនួនបង្ហាញទឹកចិត្តអាណិតអាសូរចំពោះព្រះសង្ឃ បើទោះជាលោកសឹក ហើយក៏ដោយ។ ជាទូទៅ មេខ្មែរក្រហមតូចតាចអនុវត្តតាមបញ្ជា ពួកគេមិនប្រថុយនឹងតវ៉ានោះទេ ដោយខ្លាចត្រូវប្រឈមមុខនឹងការសងសឹកធ្ងន់ធ្ងរ។

ព្រះសង្ឃមិនហ៊ានប្រឆាំងនឹងបញ្ជាថ្មី

ការរើបំរះគឺមានតិចតួចណាស់ ហើយជានិច្ចអ្នកធ្វើការតវ៉ាច្រើនជាព្រះសង្ឃចាស់ៗ មានឋានៈខ្ពស់។ ឧទាហរណ៍ព្រះសង្ឃទាំងនេះបានព្យាយាមប្រឆាំងនឹងការប្រមាថវត្តអារ៉ាមរបស់ព្រះអង្គ។ ជាទូទៅ ព្រះសង្ឃទាំងនេះមិនត្រូវគេសម្លាប់ដោយសារជាព្រះសង្ឃទេ តែគឺដោយសារមិនព្រមស្តាប់តាមបង្គាប់
របស់ពួកខ្មែរក្រហម (សឹក រៀបការ សម្លាប់សត្វ ឬពីព្រោះព្រះសង្ឃមានៈចង់បន្តប្រតិបត្តិព្រះពុទ្ធសាសនា)។
លោកអៀន ហារី វាយតម្លៃថា បើទោះជាមានព្រះសង្ឃមិនជាច្រើនដែលចុះញ៉មនឹងពួកអាវខ្មៅខោខ្មៅ
ដែលចង់ធ្វើព្រះសង្ឃទៅធ្វើការងារដូចប្រជាជនឯទៀតដែរក៏ដោយ ដើមកំណើតដើមនៃបុព្វជិត។
«មនុស្សជាច្រើនគ្មានបំណងខ្លាំងក្លាក្នុងការបន្តការសិក្សាព្រះពុទ្ធសាសនាទេ។ អ្នកទាំងនោះជា
បុរសក្រីក្រវ័យក្មេង ត្រូវបានជំរុញពីក្រុមគ្រួសារអោយចូលបួសដើម្បីបានផលចំណេញផ្នែកសេដ្ឋកិច្ច
ក៏ដូចជាការអប់រំ និងសាសនចក្រផងដែរ។ ពួកគេមិនចង់រស់នៅវត្តអារ៉ាមណាស់ណាទេ
ប៉ុន្តែពួកគេគ្មានអ្វីធ្វើផ្សេងពីនេះ»។
ការបោះបង់ចោលការប្រតិបត្តិពុទ្ធសាសនា និងរាល់សញ្ញាសម្គាល់នៃសាសនានេះអាចបង្កើនភ័ព្វសំណាងនៃការរស់រានមានជីវិត។ ព្រះសង្ឃភាគច្រើន
បានយល់ព្រម ហើយលាចាកសិក្ខាបទ ព្រោះដើម្បីកុំអោយប៉ះពាល់គោលការណ៍របស់ពុទ្ធសាសនាហិនយាន។ អ្នកស្រាវជ្រាវរូបនេះរម្លឹកថា វត្តភាគច្រើនត្រូវបានគេលុបបំបាត់ព្រះសង្ឃ«ជាមួយនឹងអំពើហិង្សាតិចតួចបំផុត»។ លោកបន្ថែមទៀតថា ព្រះសង្ឃទី១ដែលមិនព្រមបង្ហាញភាពសហការ ត្រូវគេសម្លាប់នៅនឹងកន្លែង។ នេះជាការបង្ហាញដ៏ល្អមួយដើម្បីអោយព្រះសង្ឃដទៃទៀតខ្លបខ្លាច។ លោកអៀន ហារី លើកឡើងជាបឋមពីលក្ខណៈពិសេសរបស់សាសនាព្រះពុទ្ធ ដែល«មិនចង់កសាងផ្លូវលោកទេ ប៉ុន្តែគឺធ្វើយ៉ាងណាអោយបានទៅឋាននិព្វាន្ត»។ បើអីចឹង តើព្រះសង្ឃទៅប្រឆាំងនឹងពួកខ្មែរក្រហមធ្វើអ្វី?

ប្រវត្តិសាស្ត្រកម្ពុជាលើកទី១ហើយ ដែលស្ត្រីមានឋានៈជាឧបនាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ៖ លោកស្រី ធីដា ឃឹះ នាយិកាអង្គការសីលកាបានថ្លែងថា នេះគឺជាលើកទីមួយហើយ និងមានលក្ខណៈជាប្រវត្តិសាស្ត្រផង ដែលកម្ពុជាបច្ចុប្បន្នមានស្ត្រីទទួលបានឋានៈជាឧបនាយករដ្ឋមន្ត្រី ខណៈពេលដែលស្ត្រីជាច្រើនទៀតកំពុងទទួលបានតំណែងខ្ពស់ៗ នៅក្នុងរដ្ឋាភិបាល គឺថ្នាក់រដ្ឋមន្ត្រីចំនួន២រូប ថ្នាក់រដ្ឋលេខាធិការចំនួន៣០រូប និងថ្នាក់អនុរដ្ឋលេខាធិការចំនួន១៦រូបទៀតកំពុងប្រកបការងារនៅស្ទើរតែគ្រប់ក្រសួង។
លោកស្រីបញ្ជាក់ថា ក្រៅពីនេះកម្ពុជាបច្ចុប្បន្នមានស្ត្រីជាអភិបាលរងនៅទូទាំងខេត្ត-ក្រុង និងស្រុកផងដែរ។ ចំនួនស្ត្រីនៅក្នុងសភាមានការកើនឡើងពីអាណត្តិមុនចំនួន១៩ភាគរយមក២០ភាគរយនៅក្នុងអាណត្តិទី៤នេះ។ លទ្ធផលនេះ គឺបានមកពីការខិតខំប្រឹងប្រែងគ្រប់មជ្ឈដ្ឋានមានទាំងស្ថាប័នរដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាជាច្រើនទៀត ជាពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោកស្រី ធីដា ឃឹះ បានថ្លែងបែបនេះកាលពថ្ងៃទី១៣ តុលា នៅសណ្ឋាគារអ៊ីមភឺរៀ នៅក្នុងសន្និសីទកាសែតមួយស្ដីពីការអបអរសាទរចំពោះការកើនឡើងនូវចំនួនស្ត្រីក្នុងជួររដ្ឋាភិបាល និងរដ្ឋសភាក្នុងអាណត្តិទី៤នេះ។ សន្និសីទបានឲ្យដឹងទៀតថា នៅក្នុងសភាជាតិមានស្ត្រីចំនួន២៥រូប តែទោះបីជាតួលេខស្ត្រីមានការកើនឡើងបែបនេះក្ដី ក៏នៅតែមិនទាន់មានតុល្យភាពជាមួយនឹងបុរសដែរ ហើយក្នុងរដ្ឋសភាស្ត្រីបក្សប្រឆាំងមិនត្រូវបានគេឃើញតែងតាំងឲ្យធ្វើជាប្រធានក្នុងគណៈកម្មាធិការណាមួយឡើយ។
លោកស្រី សឺន កេតសិរិលក្ខ តំណាងអង្គការខុមហ្វ្រែលបាននិយាយថា ក្នុងអាណត្តិនេះចំនួនស្ត្រីមានការកើនឡើងមែន តែចំនួននេះមិនមានច្រើនប៉ុន្មានទេ។ បើក្រឡេកមើលអាណត្តិទី៣ ស្ត្រីក្នុងរដ្ឋាភិបាលមាន១៥ភាគរយ ហើយចុងអាណត្តិទើបមានការកើនឡើង១៩ភាគរយ។ ការផ្ដល់អំណាចឲ្យស្ត្រីនៅចុងអាណត្តិ គឺជាការផ្ដល់អំណាចឲ្យស្ត្រីក្នុងរយៈពេលខ្លីណាស់ដែលមិនមានឱកាសគ្រប់គ្រាន់ក្នុងការធ្វើសេចក្ដីសម្រេចចិត្តនោះឡើយ ហើយអាណត្តិទី៤ គឺមានការកើនឡើងចំនួន២០,៣០ភាគរយ គឺជាចំនួនមួយតិចតួចនៅឡើយទេ។ លោកស្រីបញ្ជាក់ថា បើមិនមានការកំណត់ថា ស្ថាប័ននីតិប្បញ្ញត្តិត្រូវមានស្ត្រីចំនួនប៉ុន្មាន និងស្ថាប័ននីតិប្រតិបត្តិមានស្ត្រីចំនួនប៉ុន្មានទេនោះ គឺការលើកកម្ពស់ស្ត្រីមិនអាចដើរដល់គោលដៅដែលចង់បាននោះឡើយ។
សន្និសីទកាសែតនេះធ្វើឡើងដើម្បីបង្ហាញពីការអបអរសាទរដល់សក្ខីភាពនៃការលើកស្ទួយស្ត្រីក្នុងតួនាទីថ្នាក់ដឹកនាំ
ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរៀបចំឡើងដោយគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ដែលពិធីនោះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវនាយឧត្តមសេនីយ៍ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី។ នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការកសាងសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អដែលជាកត្តាជំរុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យដើម្បីសម្រេចបាននូវគោលបំណង
ជាសាកលនោះគឺការកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៀតនៅក្នុងសុន្ទរកថា ដ៏មានអត្ថន័យជ្រាលជ្រៅរបស់សម្ដេចថ្លែងនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីលើកទី១ នីតិកាលទី៤ នៃរដ្ឋសភាស្ដីពីយុទ្ធសាស្ត្រចតុកោណដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជាដំណាក់កាលទី២
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៨ សម្ដេចបានបញ្ជាក់ថា "កម្ពុជាបាន និងកំពុងទទួលផលពីសន្តិភាព និងឯកភាពជាតិដ៏ពេញលេញដែលកើតចេញពីនយោបាយ "ឈ្នះ-ឈ្នះ"។ នៅលើមូលដ្ឋាននេះកម្ពុជាបានធ្វើសមាហរណកម្មខ្លួនចូលទៅក្នុងតំបន់ និងពិភពលោក ហើយកំពុងដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចដំណើរការប្រកបដោយមោទនភាពនេះក្នុងឋានៈជាសមាជិកស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានា ទាំងកម្រិតអនុតំបន់ តំបន់ អន្តរតំបន់ និងពិភពលោក"។ នៅក្នុងយុទ្ធសាស្ត្រចតុកោណជំហានទី២នេះ រាជរដ្ឋាភិបាលនឹងបង្កើនការយកចិត្តទុកដាក់លើការពង្រីកតួនាទីស្ត្រីឲ្យចូលរួមកាន់តែសកម្មក្នុងរដ្ឋបាលសាធារណៈ។
ដូច្នេះនៅក្នុងអាណត្តិទី៤នេះ រាជរដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តតាមការប្ដេជ្ញាចិត្ត ដែលក្នុងនោះតួនាទីស្ត្រីនឹងរឹតតែមានសារសំខាន់ក្នុងការធ្វើឲ្យសម្រេចបាននូវការប្ដេជ្ញាចិត្តនេះ។ ក្នុងពិភពលោកបច្ចុប្បន្នមានស្ត្រីកាន់តែច្រើនត្រូវបានជាប់ឆ្នោត ឬទទួលការតែងតាំងជាថ្នាក់ដឹកនាំកំពូលរួមមានប្រធានាធិបតី នាយករដ្ឋមន្ត្រីអធិការបតី តំណាងរាស្ត្រ រដ្ឋមន្ត្រី។ល។ ដោយឡែកនៅកម្ពុជាយើងឃើញហើយថា ចំនួនស្ត្រីក្នុងភាពជាអ្នកដឹកនាំកាន់តែមានចំនួនច្រើនឡើងគួរឲ្យកត់សំគាល់ ដូចជាថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសតែងតាំងស្ត្រីជាអភិបាលរងគ្រប់ខេត្ត-ក្រុង និងស្រុកនៅអាណត្តិនេះ។ លើសពីនេះស្ត្រីត្រូវបានជ្រើសតាំងជាតំណាងរាស្ត្រ និងតែងតាំងជាសមាជិករាជរដ្ឋាភិបាល ហើយមានតួនាទីកាន់តែសំខាន់ក្នុងរាជរដ្ឋាភិបាលទៀតផង ដែលធ្វើឲ្យសមភាពយេនឌ័រនៅប្រទេសយើងកាន់តែមានល្អប្រសើរ។ ការទទួលបាននូវឋានៈ និងតួនាទីក្នុងសង្គមដ៏ឧត្ដុង្គឧត្ដមនេះ ដោយសារស្ត្រីយើងបានទទួលការអប់រំ មានបទពិសោធន៍ការងារ និងមានសមត្ថភាពគ្រប់គ្រាន់។
លោកជំទាវបន្តថា "ក្នុងនាមស្ត្រីដែលបានទទួលភារកិច្ចដ៏ឧត្ដុង្គឧត្ដមពីម្ចាស់ឆ្នោតក៏ដូចពីរាជរដ្ឋាភិបាលខ្ញុំសូមថ្លែង
អំណរគុណចំពោះគណៈកម្មាធិការលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយដែលបានរៀបចំឲ្យមានការជួបជុំនេះ
ដើម្បីអបអរសាទរដល់ការទទួលនូវតួនាទីរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំក្នុងអាណត្តិទី៤ នៃរាជរដ្ឋាភិបាលនេះ ហើយសង្ឃឹមថា ងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមអំពាវនាវឲ្យស្ត្រីគ្រប់រូបចូលរួមឲ្យសកម្មក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាលដើម្បីលើកកំពស់ការអនុវត្តគោលនយោបាយសមភាពយេនឌ័រដូចបានចែងនៅក្នុងមុំទី៣ចតុកោណទី៤"៕

ឈ្មោះលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន នឹងបញ្ចូលទៅក្នុងសៀវភៅ Encyclopedia ស្ដីពីជនឆ្នើម
ភ្នំពេញ ៖ ដោយសារតែការរួមចំណែកដ៏ធំធេងរបស់លោកជំទាវ នៅកិច្ចការសង្គម និងមនុស្សធម៌នោះលោកជំទាវ ប៊ុន រ៉ានី ប្រធានអង្គការកាកបាទក្រហមកម្ពុជានឹងក្លាយទៅជាឥស្សរជនឆ្នើមមួយរូបដែលត្រូវបញ្ចូលទៅក្នុងសៀវភៅអេនស៊ីក្លូប៉េឌៀ (Encyclopedia)។
លោកជំទាវបានអនុញ្ញាតឲ្យលោក ប៊ួន ហុកលីម អ្នកកម្រងប្រវត្តិឥស្សរជនឆ្នើមៗចូលរួម និងសម្ភាសន៍កាលពីចុងខែ ឧសភា ដើម្បីផ្ដល់ព័ត៌មានលម្អិតពីឆាកជីវិតពោរពេញទៅដោយការតស៊ូ ព្រមទាំងការប្ដេជ្ញានៅក្នុងសកម្មភាពមនុស្សធម៌នៅប្រទេសកម្ពុជា។
សៀវភៅ Encyclopedia នេះ គឺជាវចនាក្រមដ៏ល្បីល្បាញនៅក្នុងពិភពលោក។ ដូច្នេះលោកជំទាវប៊ុន រ៉ានី ហ៊ុន សែន នឹងត្រូវបានស្គាល់ និងដឹងអំពីស្នាដៃទាំងឡាយដែលលោកជំទាវបានរួមចំណែកសម្រាប់សង្គមជាតិកម្ពុជាទាំងមូល។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានប្រាប់ទៅលោក ប៊ួន ហុកលីម នៅក្នុងបទសម្ភាសន៍នោះថា លោកជំទាវកើតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្នារ ខេត្តកំពង់ចាម ក្នុងគ្រួសារអ្នកមានជីវភាពធូរធារទទួលបានការអប់រំខ្ពង់ខ្ពស់ ដែលមានលោកឪពុកឈ្មោះ លិន គ្រី និងអ្នកម្ដាយឈ្មោះ ប៊ុត ស៊ាងលី។ ឆ្លងកាត់ជីវិតកុមារភាពក្នុងពេលប្រទេសកើតសង្គ្រាមធ្វើឲ្យជីវិតលោកជំទាវត្រូវពុះពាររៀនសូត្រដោយសារនៅឆ្ងាយពីភូមិ និងត្រូវឆ្លងទឹកផងដើម្បីបានទៅដល់សាលារៀន។
ទោះជាឧបសគ្គបានមកញាំញីក្នុងឆាកជីវិតក្ដី ប៉ុន្តែលោកជំទាវបាននិយាយថា មិនដែលអស់សង្ឃឹមក្នុងឆាកជីវិតឡើយ ហើយក៏មិនដែលលះបង់នូវអ្វីដែលជាការតស៊ូក្នុងជីវិត និងការសិក្សារៀនសូត្រម្ដងណាទេ ដោយលោកជំទាវបានព្យាយាមសិក្សារហូតដល់ចប់កម្រិត២។
នៅពេលលើកឡើងពីជីវិតក្នុងរបបខ្មែរក្រហម លោកជំទាវបានបន្តឲ្យដឹងថា ក្នុងឆ្នាំ១៩៧០ ឆ្លើយតបនឹងការអំពាវនាវរបស់សម្ដេចព្រះនរោត្ដមសីហនុ លោកជំទាវបានចូលរួមក្នុងចលនារំដោះជាតិ បំពេញភារកិច្ចជាគិលានុបដ្ឋាយិកា និងឆ្មបនៅមន្ទីរពេទ្យបង្អែកចុងជាច ស្រុកតំបែរ ខេត្តកំពង់ចាម។
លោកជំទាវបានបង្ហើបឲ្យដឹងថា ក្នុងពេលបំពេញបេសកកម្មក្នុងការងារមនុស្សធម៌នោះហើយ ទើបលោកជំទាវបានជួបជាមួយសម្ដេច ហ៊ុន សែន ដែលជាស្វាមីឧត្ដុង្គឧត្ដមរបស់លោកជំទាវនៅមន្ទីរពេទ្យចុងជាច នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ត្រូវបានបញ្ជូនទៅព្យាបាលរបួសភ្នែក។ ការជួបគ្នាលើកដំបូងក្នុងឆាកជីវិតគូស្វាមីភរិយានេះ។
លោកជំទាវបានលើកពីប្រវត្តិអាវខ្មៅដ៏កម្សត់នោះថា បន្ទាប់ពីបានរៀបការជាមួយសម្ដេច ហ៊ុន សែន លោកជំទាវត្រូវឃ្លាតឆ្ងាយពីស្វាមីជាទីស្រឡាញ់មួយរយៈទៀត ដើម្បីរំដោះប្រទេសជាតិពីរបបប៉ុល ពត ធ្វើឲ្យលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាត់បង់កូនប្រុសដំបូងជាទីស្រឡាញ់ឈ្មោះ ហ៊ុន កំសត់ ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម។
ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ លោកជំទាវបានជួបជុំជាមួយសម្ដេច ហ៊ុន សែនឡើងវិញ។ ក្រោយប្រទេសបានសុខសន្តិភាព ប្រជាជនត្រូវបានរំដោះ បញ្ហាសង្គមបានលេចឡើងយ៉ាងច្រើន ពិសេសបន្សល់ទុកនូវក្មេងកំព្រាឥតទីពឹង មើលឃើញសភាពបែបនេះ លោកជំទាវបានប្រមែប្រមូលកុមារកំព្រាដោយសារ ប៉ុល ពត និងពីមូលហេតុផ្សេងៗឲ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា ដើម្បីទទួលបាននូវការថែទាំ និងរៀនសូត្រ បង្កើតមុខរបរ និងអាជីពអាចចិញ្ចឹមខ្លួនឯងបាន។
ចាប់តាំងពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៨ មហាសន្និបាតលើកទី២នៃកាកបាទក្រហមកម្ពុជានាថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០០២ លោកជំទាវបានក្លាយទៅជាប្រធានកាកបាទក្រហមកម្ពុជារហូតមក។
ក្នុងរយៈពេលបំពេញការងារជាប្រធានអង្គការមនុស្សធម៌នេះ លោកជំទាវបានរៀបចំយុទ្ធសាស្ត្ររយៈពេល៨ឆ្នាំ (២០០៣ - ២០១០) ដោយរួមចំណែកសម្រេចបាននូវគោលដៅសហស្សវត្សរ៍ ដែលក្នុងនោះមានការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់តម្លៃមនុស្សធម៌របស់អ្នកងាយរងគ្រោះ។
លោកជំទាវបានបន្តឲ្យដឹងថាក្នុងការបំពេញការងារជាប្រធានអង្គការមនុស្សធម៌ លោកជំទាវបានផ្ដោតលើសកម្មភាពការងារចម្បងៗចំនួន៤ រួមមានទី១- លើកកម្ពស់គោលការណ៍គ្រឹះឧត្ដមគតិមនុស្សធម៌ និងច្បាប់មនុស្សធម៌អន្តរជាតិ ទី២- ការត្រៀមបង្ការគ្រោះមហន្តរាយ ទី៣- ការថែទាំសុខភាពតាមសហគមន៍ និងទី៤- ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធាន។
ក្នុងចក្ខុវិស័យ និងទស្សនទានច្បាស់លាស់ក្នុងការបំពេញបេសកកម្មមនុស្សធម៌នេះ លោកជំទាវប៊ុន រ៉ានី បានធ្វើការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំគ្រប់គ្រង ទាំងថ្នាក់កណ្ដាល និងសាខាបន្តលើកកម្ពស់កិត្តិនាមល្អរបស់កាកបាទក្រហមកម្ពុជា បន្តឲ្យមានផែនការរយៈពេលវែង និងផែនការយុទ្ធសាស្ត្រជាក់លាក់តាមជំនាញ ដើម្បីងាយស្រួលស្វែងរកដៃគូក្នុងការវាស់វែងលទ្ធផលសម្រេចបាន និងធានាបាននូវការជឿជាក់ទៅវិញទៅមក។ ពង្រឹងការផ្ដល់សេវាកម្មដែលមានគុណភាព និងប្រកបដោយប្រសិទ្ធភាព និងពង្រឹងទំនាក់ទំនងជាមួយដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ។
ជាមួយផ្លែផ្កា និងស្នាដៃកើតចេញពីសន្ដានចិត្ត ពីដួងចិត្តមិនចេះនឿយហត់នេះ លោកជំទាវទទួលបានគ្រឿងឥស្សរិយយសជាច្រើន រួមមានឆ្នាំ២០០១ ទទួលបានមេដាយព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ មុនីវង្សកុសុមនារីរតន៍សេរីវឌ្ឍនា ថ្នាក់មហាសេរីវឌ្ឍន៍។ ឆ្នាំ ២០០៥ ទទួលបានគ្រឿងឥស្សរិយយសមុនីសារភណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជាការទទួលស្គាល់ពីភាពជាអ្នកដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងការស្ដារកសាងឡើងវិញ និងអភិវឌ្ឍន៍ក្នុងប្រវត្តិ៥០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា។
ឆ្នាំ២០០៦ ទទួលបាននូវគ្រឿងឥស្សរិយយសមុនីសារភណ្ឌថ្នាក់ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់សកម្មភាពការងារក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្នាំ២០០៧ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា «ជាតូបការ» ទទួលស្គាល់គុណបំណាច់ដែលបានធ្វើជាច្រើនក្នុងការស្ថាបនាជាតិមាតុភូមិ និងកិច្ចការមនុស្សធម៌ សង្គមជាច្រើន ក្នុងនោះមានសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កាកបាទក្រហមកម្ពុជា គឺទីស្នាក់ការកណ្ដាលថ្មីមួយពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ ក៏ទទួលបាននូវគ្រឿងឥស្សរិយយសអន្តរជាតិ មេដាយកាកបាទក្រហមថេគើក Taegeug ជាការទទួលស្គាល់នូវសេវាកម្មមនុស្សធម៌ដ៏ឆ្នើមក្នុងបុព្វហេតុមនុស្សជាតិសមាគមជាតិកាកបាទក្រហមនៃសាធារណរដ្ឋកូរ៉េ និងគ្រឿងឥស្សរិយយសលើកកម្ពស់ពិភពលោកដោយភាពតែមួយពីមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិស្រ៊ីជិនម៉យ។
ជាមួយគ្នានេះផងដែរ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ក៏ទទួលបាននូវគោរម្យងារមួយចំនួនដូចជា ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០០៧ ត្រូវបានអង្គការយូអិនអេដស៍ យូអិនឌីភី និងវេទិកានៃភាពជាអ្នកដឹកនាំតំបន់អាស៊ី - ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ប្រកាសទទួលស្គាល់ជាផ្លូវការជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកា នៃភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា៕

នាយករដ្ឋមន្ត្រី Somchai ប្រកាសភាពអាសន្ន

តាំងពីព្រឹកមិញមក អស់មានទៀតហើយយន្តហោះដែលហោះហើរតភ្ជាប់ទីក្រុងបាងកក ពីបរទេសក៏ដូចពីក្នុងប្រទេស ពីព្រោះអាកាសយានដ្ឋាន Don Mueang ដែលឋិតនៅប៉ែកខាងជើងនៃទីក្រុងបាងកក ក៏ត្រូវបានបិទដែរ។ ចំណែកអាកាសយានដ្ឋានអន្តរជាតិ Survarnabhumi វិញបន្តឋិតនៅ ក្រោមការកាន់កាប់របស់បណ្តាបាតុករដដែល ទោះបីជាកាលពីម្សិលមិញ អគ្គមេបញ្ជាការកងទ័ពបានបញ្ជាឲ្យពួកគេចាកចេញជាបន្ទាន់ពីព្រលានយន្តហោះនេះក៏ដោយ។ នៅក្នុងបរិបទបែបនេះ លោកនាយករដ្ឋមន្ត្រីSomchai បានសម្រេចប្រកាសដាក់អាកាសយានដ្ឋានទាំងពីរក្នុងភាពអាសន្ន។ ទន្ទឹមជាមួយគ្នានេះ រដ្ឋាភិបាលថៃ ក្រោមអធិបតីភាពរបស់លោក Somchai បានបើកអង្គប្រជុំនៅទីក្រុង Chiang Mai នាពេលដែលនៅរាជធានីបាងកកឯណេះ ភាពតានតឹងកំពុងមានកំរិតខ្ពស់។
កងប៉ូលិសថៃនៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុងបាងកក

អាជ្ញាធរបានសម្រេចបិទអាកាសយានដ្ឋាន Don Mueang ក្រោយពីពួកបាតុករនៃបក្សសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យបានសាកល្បងសម្រុកចូលទៅក្នុងព្រលានយន្តហោះនេះ។ គោលដៅរបស់ពួកគេ គឺរារាំងមិនឲ្យមានយន្តហោះដឹកសមាជិករដ្ឋាភិបាលធ្វើដំណើរទៅកាន់ទីក្រុងChiang Mai ជាទី ដែលលោកនាយករដ្ឋមន្ត្រីSomchai កំពុងស្នាក់នៅ តាំងពីម្សិលមិញមកម៉្លេះ។
សូមជំរាបថា កាលពីម្សិលមិញ យន្តហោះរបស់លោកSomchaiដែលធ្វើដំណើរមកពីប្រទេសPérou បានទៅចុះនៅChiang Mai ដោយហេតុតែពួកបាតុករបានចូលកាន់កាប់អាយានដ្ឋានអន្តរជាតិSuvarnabhumi នៅទីក្រុង បាងកក។ គឺនៅChiang Mai នេះតែម្តងដែលរដ្ឋាភិបាលថៃបានរួមប្រជុំគ្នា នៅថ្ងៃនេះ ដើម្បីពិនិត្យមើលស្ថានភាពធ្ងន់ធ្ងរឡើងជាលំដាប់នៃប្រទេស។ ដើម្បីបង្ហាញថា ខ្លួននៅក្តាប់ស្ថានភាពបាននិងថាខ្លួនជារដ្ឋាភិបាលស្របច្បាប់ អាជ្ញាធរថៃ នៅតែអះអាងថាគេនឹងរៀបចំជំនួបកំពូលASEAN តែអាចនឹងពន្យារពេលលើកវាទៅធ្វើនៅថ្ងៃក្រោយ ក្រោយថ្ងៃ១៤ទៅ១៧ធ្នូដូចការគ្រោងទុក។ សូមជំរាបថា ដោយហេតុតែវិបត្តិនយោបាយនៅបាងកក រដ្ឋាភិបាលថៃបានសម្រេចចិត្តទៅរៀបចំជំនួបកំពូល នៅChiang Mai ដែលជាដែនអំណាចរបស់អតីតនាយករដ្ឋមន្ត្រីThaksinវិញ។
ប្រទេសបាក់បែកជាពីរ
នៅបាងកកឯណេះវិញ ស្ថានភាពមានលក្ខណៈច្របូកច្របល់និងតានតឹងខ្លាំង។ ស្ថាប័នរដ្ឋបន្តគាំងដំណើរ រដ្ឋាភិបាលអស់មានវត្តមាននៅក្នុងរាជធានី គ្មានដំណឹងអ្វីសោះឡើយជុំវិញការឈ្វេងយល់របស់ព្រះមហាក្សត្រ ព្រះចៅ Bhumibol។ ចំណែកកងទ័ពវិញ ដូចជានៅលាក់បំណងពិតរបស់ខ្លួននិងមានជំហរគួរឲ្យសង្ស័យ ពីព្រោះកាលពីម្សិលមិញ អគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយAnupong Paochinda បានតម្រូវឲ្យលោកនាយករដ្ឋមន្ត្រី Somchai រំលាយរដ្ឋសភានិងរៀបចំការបោះឆ្នោតមុនអាណត្តិ។ ទោះជាលោកអគ្គមេបញ្ជាការបាននិយាយម្តងហើយម្តងទៀតថាកងទ័ពនឹងមិនធ្វើអន្តរាគមន៍ក៏ដោយ ក៏គេមិនអាចបំភ្លេចបានដែរថា ឧត្តមសេនីយAnupong Paochinda បានចូលរួមធ្វើរដ្ឋប្រហារទម្លាក់លោកThaksin នៅខែកញ្ញាឆ្នាំ២០០៦។ ហើយអ្នកណាក៏ដឹងដែរថា ឧត្តមសេនីយរូបនេះស្និទ្ធជាមួយបក្សសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យជាងបក្សពួកលោកThaksinដែលជាអ្នកក្តាប់រដ្ឋអំណាចសព្វថ្ងៃ។ ក្នុងន័យដូចគ្នានេះដែរ ក្រុមអ្នកសង្កេតការណ៍ខ្លះក្នុងនោះរួមមានជាអាទិ៍លោកJi Ungpakorn សាស្រ្តាចារ្យមហាវិទ្យាល័យChulalongkorn នាំគ្នាចោទកងទ័ពថាចូលដៃជាមួយពួកបាតុករ បានបើកដៃឲ្យបាតុករចូលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិ។
យ៉ាងណាក៏ដោយ ប្រទេសថៃដែលកំពុងបាក់បែកជាពីររវាងបក្សប្រឆាំង ពួកអ្នកពាក់អាវយឺតពណ៌លឿងគាំទ្រដោយព្រះបរមរាជវាំង និងពួកអ្នកពាក់អាវយឺតពណ៌ក្រហមស្មោះស្ម័គ្រនឹងលោកThaksinនិងរដ្ឋាភិបាលបច្ចុប្បន្ន អាចនឹងធ្លាក់លង់ខ្លួនទៅក្នុងសង្គ្រាមស៊ីវិល៕

Labels