កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APC
អ៊ីនធឺណិតសម្រាប់យុត្តិធម៌សង្គម និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
Internet for Social Justice and Sustainable Developmentអំពីកតិកាសញ្ញានេះកតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APCកតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិត
របស់APC កតិកាសញ្ញានេះត្រូវបានបង្កើតឡើងជាលើកដំបូង នាឆ្នាំ២០០១-២០០២ ដោយសមាជិក
របស់អង្គការ Association for Progressive Communications (APC) និងអង្គការដៃគូនានានៅ សិក្ខាសាលាស្តីអំពី «សិទ្ធិស្តីអំពីអ៊ីនធឺណិត» នៅអឺរុប អាស៊ី អាមេរិកឡាទីន និងអាហ្រ្វិក ។
ប្រធានបទ និងគោលការណ៍នានា ក្នុងកតិកាសញ្ញានេះ ផ្តល់នូវចំនុចសំខាន់ៗ នៃការយល់ឃើញ និងគោលបំណងរបស់សហគមន៍យើងខ្ញុំ អំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងស្ថាប័ននានា ក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយសេរី ជាពិសេសក្នុងការងាររបស់ពួកគាត់ ដើម្បីយុតិ្តធម៌ក្នុងសង្គម
សេដ្ឋកិច្ចនិងបរិស្ថាន ។កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APC យើងខ្ញុំសំដៅ
យ៉ាងជាក់លាក់ ទៅលើអ៊ីនធឺណិត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គោលការណ៍ទាំងនេះក៏ជាប់ពាក់ព័ន្ធផង
ដែរ ទៅគ្រប់ផ្នែកទាំងអស់ របស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យារួមមាន ទូរស័ព្ទ វិទ្យុ និងផ្សេងៗទៀត) ។
ប្រធានបទទី១ ៖ ការចូលទៅកាន់អ៊ីនធឺណិត សំរាប់គ្រប់គ្នា
១.១. ផលប៉ះពាល់នៃការចូលទៅកាន់អ៊ីនធឺណិត ទៅលើការអភិវឌ្ឍន៍ និងយុត្តិធម៌សង្គម
អ៊ិនធឺណិតដែលអាចឲ្យគេមានលទ្ធភាពប្រើប្រាស់បាន មានល្បឿនលឿន និងមានភាពងាយស្រួលក្នុងការចូលទៅប្រើប្រាស់ អាចជួយធ្វើឱ្យសង្គមមានភាពកាន់តែស្មើគ្នាខ្លាំងឡើង ។ អ៊ិនធឺណិតអាចជួយពង្រឹងសេវាអប់រំ និងសុខភាព ពាណិជ្ជកម្មក្នុងស្រុក ការចូលរួមពីសាធារណជន ការទទួលបានព័ត៌មាន អភិបាលកិច្ចល្អ និងការលុបបំបាត់ភាពក្រីក្រ ។ ប៉ុន្តែយើងមិនគួរសន្មតថា រាល់ការច្នៃប្រឌិតខាងផ្នែកបច្ចេកវិទ្យា ជានិច្ចកាលគឺមានអត្ថប្រយោជន៍ដោយស្វ័យប្រវត្តិនោះទេ ។ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងបណ្តាទីភ្នាក់ងារកំណត់បទបញ្ញត្តិនានា គួរយល់ដឹងអំពីសក្តានុពលរបស់អ៊ីនធឺណិត ក្នុងការពង្រឹងលើភាពមិនស្មើគ្នា ដែលមានស្រាប់នៅក្នុងសង្គម ។
១.២. សិទ្ធិក្នុងការចូលទៅកាន់ហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត ទោះបីអ្នករស់នៅទីកន្លែងណាក៏ដោយ
អ៊ិនធឺណិត គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈពិភពលោកមួយ ។ ហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវតែផ្តល់ឲ្យបានទូលំទូលាយ និងផ្តល់នូវកំរិតបញ្ជូនគ្រប់គ្រាន់ ដែលនឹងអាចឲ្យប្រជាពលរដ្ឋ ទោះបីជានៅទីកន្លែងណាក៏ដោយ ក៏អាចប្រើប្រាស់សក្តានុពលនៃអ៊ិនធឺណិត ដើម្បីបញ្ចេញមតិយោបល់ ដើម្បីធ្វើឲ្យការរស់នៅមានភាពកាន់តែប្រសើរឡើង និងដើម្បីបង្ហាញអំពីការច្នៃប្រឌិតរបស់ខ្លួន ។ ប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់ឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតជាតិ ដែលផ្តល់ឲ្យប្រើប្រាស់បានទូលំទូលាយ ហើយដែលហេដ្ឋារចនាសម្ព័ន្ធនេះតភ្ជាប់ទៅកាន់បណ្តាញអន្តរជាតិ ។
១.៣. សិទ្ធិនៃជំនាញ
ចំណេះដឹងនិងជំនាញ អាចធ្វើឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងកែច្នៃអ៊ីនធឺណិត ឲ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ខ្លួន ។ រដ្ឋាភិបាលនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ អង្គការអន្តរជាតិនិងសហគមន៍ និងវិស័យឯកជន ត្រូវគាំទ្រនិងជំរុញឲ្យមានឱកាសបណ្តុះបណ្តាល វិធីសាស្រ្តនិងធនធានដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់អ៊ីនធឺណិត ដោយតំលៃថោក ឬដោយឥតគិតថ្លៃ សំរាប់ការអភិវឌ្ឍន៍សង្គម ។
មាត្រា ២៦ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
ការអប់រំត្រូវតែផ្ដោតទៅរកការរីកចម្រើនលូតលាស់យ៉ាងពេញលេញ នៃបុគ្គលិកលក្ខណៈរបស់មនុស្ស និងឆ្ពោះទៅរកការភាពពង្រឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននានា ។
១.៤. សិទ្ធិ ក្នុងការចូលទៅកាន់ ផ្ទៃប្រទាក់ ខ្លឹមសារ និងកម្មវិធី ដែលអាចប្រើប្រាស់បាន សំរាប់គ្រប់គ្នា («ការកសាងដើម្បីទាំងអស់គ្នា»)
ផ្ទៃប្រទាក់ ខ្លឹមសារ និងកម្មវិធី ត្រូវរៀបចំឡើង ដើម្បីធានាឲ្យយកទៅប្រើប្រាស់បាន សំរាប់គ្រប់គ្នា រួមទាំងជនពិការខាងផ្នែករាងកាយវិញ្ញាណ ឬបញ្ញា ជនមិនចេះអក្សរ និងជននិយាយភាសាភាគតិច ។ គោលការណ៍នៃការកសាងដើម្បីទាំងអស់គ្នា និងការប្រើប្រាស់បច្ចេកវិទ្យាដែលមានលក្ខណៈជំនួយ គឺត្រូវជំរុញ និងគាំទ្រ ដើម្បីអនុញ្ញាតឲ្យជនពិការភាពនានា ទទួលបានអត្ថប្រយោជន៍ពេញលេញ និងក្នុងលក្ខណៈស្មើភាព ដូចជនដែលមិនពិការដែរ ។
១.៥. សិទ្ធិស្មើគ្នា រវាងបុរសនិងស្ត្រីក្នុងការចូលទៅប្រើប្រាស់អ៊ិនធឹណិត
នៅកន្លែងជាច្រើន ស្ត្រីនិងបុរសមិនមានភាពស្មើគ្នា ដើម្បីរៀន កំនត់ ចូលទៅកាន់ ប្រើប្រាស់ និងកែច្នៃអ៊ីនធឺណិតឡើយ ។ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការចូលទៅកាន់អ៊ីនធឺណិត ត្រូវតែទទួលស្គាល់ និងកែតម្រូវវិសមភាពយេនឌ័រដែលមានស្រាប់ ។ ស្ត្រីត្រូវចូលរួមឲ្យបានពេញលេញ លើគ្រប់វិស័យទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍អ៊ីនធឺណិត ដើម្បីធានាឲ្យមានសមភាពយេនឌ័រ ។
១.៦. សិទ្ធិមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត
អ្នករៀបចំគោលនយោបាយ និងអ្នកតាក់តែងច្បាប់ ត្រូវធានាថា ប្រជាពលរដ្ឋទាំងអស់មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការកំណត់បទបញ្ជា តំលៃ ពន្ធ និងតារាងតំលៃ គួរធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានប្រាក់ចំណូលខុសៗគ្នា អាចប្រើប្រាស់អ៊ីនធឺណិតបាន ។
១.៧. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតនៅកន្លែងធ្វើការ
ចំពោះមនុស្សភាគច្រើន កន្លែងធ្វើការគឺជាកន្លែងចំបង ឬជាកន្លែងតែមួយគត់ ក្នុងការប្រើប្រាស់អ៊ិនធឺណិត ។ និយោជិតនិងនិយោជក ត្រូវតែធ្វើឲ្យមាន ការប្រើប្រាស់អ៊ីនធឺណិតនៅកន្លែងធ្វើការ ដោយរួមបញ្ចូលទាំងគោលបំណងនៃកម្មវិធីអប់រំរបស់និយោជិត និងការពារសិទ្ធិរបស់និយោជិត ។
១.៨. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតនៅកន្លែងសាធារណៈ
មនុស្សជាច្រើននឹងមិនទទួលបានការប្រើប្រាស់កុំព្យូទ័រ ឬអ៊ីនធឺណិតជាលក្ខណៈឯកជនឡើយ។ ដូចនេះទីកន្លែងសាធារណៈដូចជា ៖ មជ្ឈមណ្ឌលទូរគមនាគមន៍ បណ្ណាល័យ មជ្ឈមណ្ឌលសហគមន៍ គ្លីនិក និងសាលារៀន ត្រូវតែមានដែលទីតាំងទាំងនេះ គឺជាកន្លែងងាយស្រួល នៅជិតផ្ទះ ឬកន្លែងធ្វើការ ដែលជនគ្រប់រូបអាចចូលទៅប្រើប្រាស់បាន ។ នេះក៏ជាប្រការសំខាន់ចំពោះយុវជននៅបណ្តាប្រទេសនានា ដែលការប្រើប្រាស់អ៊ីនធឺណិត មិនទាន់អាចមានពេលលេញនៅឡើយ ឬមានតំលៃថ្លៃ ។
១.៩. សិទ្ធិក្នុងការទទួលនិងបង្កើតខ្លឹមសារ ដែលមានលក្ខណៈចំរុះ ខាងផ្នែកវប្បធម៌ និងភាសា
តំបន់បណ្តាញឧបករណ៍លើបណ្តាញ និងកម្មវិធីកុំព្យូទ័រ ត្រូវបានប្រើប្រាស់យ៉ាងលើសលប់ ជាអក្សរឡាតាំង ។ ប្រការនេះ ជះឥទ្ធិពលទៅលើការអភិវឌ្ឍន៍ខ្លឹមសារក្នុងតំបន់ ដែលមិនប្រើប្រាស់អក្សរឡាតាំង និងរារាំងលទ្ធភាព ក្នុងការផ្លាស់ប្តូរខ្លឹមសារដែលមានលក្ខណៈអន្តរវប្បធម៌ ។ ការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ត្រូវតែលើកទឹកចិត្តឲ្យមានភាសាផ្សេងៗនៅលើអ៊ីនធឺណិត និងធ្វើឲ្យមានភាពសាមញ្ញ ដល់ការផ្លាស់ប្តូរព័ត៌មាន ឆ្លងកាត់បញ្ហាផ្សេងៗ នៃភាសាដែលខុសៗគ្នា ។
កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APC
ប្រធានបទទី២ ៖ សេរីភាពក្នុងការការបញ្ចេញមតិ និងសមាគម
២.១. សិទ្ធិក្នុងការបញ្ចេញមតិដោយសេរី
សេរីភាពក្នុងការបញ្ចេញមតិគួរត្រូវបានការពារពីការរំលោភបំពាន ពីសំណាក់រដ្ឋាភិបាល និងភ្នាក់ងារមិនមែនរដ្ឋាភិបាលផ្សេងៗទៀត ។ អ៊ីនធឺណិតគឺជាមធ្យោបាយមួយ សំរាប់ការផ្លាស់ប្តូរ មតិយោបល់ និងព័ត៌មានដែលឆ្លងកាត់ព្រំដែននានា ជាលក្ខណៈសាធារណៈ និងឯកជន ។ ជនគ្រប់រូប ត្រូវតែអាចបញ្ចេញមតិយោបល់ និងគំនិត និងការចែករំលែកព័ត៌មានដោយសេរី នៅពេលប្រើប្រាស់អ៊ីនធឺណិត ។
មាត្រា ១៨ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
មនុស្សគ្រប់រូប មានសិទ្ធិនិងមានសេរីភាពខាងផ្លូវគំនិត ខាងផ្លូវសតិសម្បជញ្ញៈនិងខាងផ្លូវសាសនា
មាត្រា ១៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពមានមតិ និងសេរីភាពក្នុងការសម្ដែងមតិ ។ សិទ្ធិនេះរាប់ទាំងសេរីភាពក្នុងការប្រកាន់មតិ និងការសម្ដែងមតិ ដោយគ្មានការជ្រៀតជ្រែក ព្រមទាំងសេរីភាពក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា តាមរយៈប្រព័ន្ធឃោសនាណាមួយក៏ដោយ និងដោយឥតគិតពីព្រំដែនអ្វីឡើយ ។
២.២. សិទ្ធិនៃសេរីភាពរួចផុតពីការតាមដានត្រួតពិនិត្យ
អ៊ីនធឺណិត ត្រូវតែការពារ ពីរាល់ការប៉ុនប៉ងទាំងឡាយណា ដែលបំបិទសម្លេងរិះគន់ និងត្រួតពិនិត្យលើខ្លឹមសារ ឬការពិភាក្សាខាងផ្នែកនយោបាយ និងសង្គម ។
២.៣. សិទ្ធិក្នុងការចូលរួមតវ៉ាតាមរយៈអ៊ីនធឺណិត
បណ្តាអង្គការ សហគមន៍ និងបុគ្គលគ្រប់រូប គួរមានសេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត ដើម្បីរៀបចំ និងចូលរួមក្នុងការតវ៉ា ។
មាត្រា ២០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការប្រជុំ ឬការរួមគ្នាជាសមាគមន៍ ដោយសន្តិវិធី ។
ប្រធានបទទី៣ ៖ ការចូលទៅកាន់ចំណេះដឹង
មាត្រា ២៧ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
មនុស្សគ្រប់រូប មានសិទ្ធិចូលរួមចំណែកដោយសេរី ក្នុងជីវភាពវប្បធម៌របស់សហគមន៍ មានសិទ្ធិក្រេបរសជាតិនៃសិល្បកម្មទាំងឡាយ និងមានសិទ្ធិរួមចំណែកក្នុងវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងគុណប្រយោជន៍ផ្សេងៗ ដែលជាលទ្ធផលចេញពីវឌ្ឍនភាពនេះ ។
៣.១. សិទ្ធិក្នុងការទទួលចំណេះដឹង
ការទទួលបានចំណេះដឹង ដែលចែករំលែកបានទូលំទូលាយ និងចំណេះដឹងបរិបូរណ៍ដែលអាចប្រើប្រាស់បានដោយជនគ្រប់រូប កំនត់មូលដ្ឋាននៃការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយនិរន្តរភាព ។ ដោយសារអ៊ីនធឺណិតធ្វើឲ្យមានការចែករំលែកចំណេះដឹង និងការបង្កើតចំណេះដឹងដែលរួមសហការគ្នា ក្នុងលក្ខណៈមួយដែលមិនធ្លាប់មានពីមុនមក ដូចនេះអ៊ីនធឺណិតគួរផ្តោតទៅលើការអភិវឌ្ឍន៍សហគមន៍ ។
៣.២. សិទ្ធិនៃសេរីភាពព័ត៌មាន
រដ្ឋាភិបាលថ្នាក់ជាតិនិងមូលដ្ឋាន និងអង្គការអន្តរជាតិដែលទទួលជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុសាធារណៈ ត្រូវធានាឲ្យមានតម្លាភាព និងគណនេយ្យភាព ដោយដាក់ផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានពាក់ព័ន្ធ ដែលខ្លួនបង្កើតនិងគ្រប់គ្រង ។ រដ្ឋាភិបាល និងអង្គការអន្តរជាតិ គួរធានាថា ព័ត៌មានទាំងនេះត្រូវផ្សព្វផ្សាយលើអ៊ីនធឺណិត ដោយប្រើប្រាស់ទំរង់ដែលអាចបើកមើលបាន និងមានលក្ខណៈបើកទូលាយ និងទទួលយកបានសំរាប់អ្នកប្រើប្រាស់កុំព្យូទ័រចាស់ៗ និងការតភ្ជាប់អ៊ីនធឺណិតដែលមានល្បឿនយឺត ។
៣.៣. សិទ្ធិក្នុងការទទួលព័ត៌មានដែលគាំទ្រដោយហិរញ្ញវត្ថុសាធារណៈ
រាល់ព័ត៌មាន រួមទាំងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងសង្គម ដែលផលិតក្រោមការគាំទ្រពីជំនួយសាធារណៈ គួរតែដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ សំរាប់គ្រប់គ្នា ។
ប្រធានបទទី៤ ៖ ចែករំលែកបទពិសោធន៍ និងការបង្កើតកម្មវិធីប្រភពកូដបើកចំហ និងឥតគិតថ្លៃ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា
មាត្រា ២៧ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
មនុស្សគ្រប់រូប មានសិទ្ធិចូលរួមចំណែកដោយសេរី ក្នុងជីវភាពវប្បធម៌របស់សហគមន៍ មានសិទ្ធិក្រេបរសជាតិនៃសិល្បកម្មទាំងឡាយ និងមានសិទ្ធិរួមចំណែកក្នុងវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងគុណប្រយោជន៍ផ្សេងៗ ដែលជាលទ្ធផលចេញពីវឌ្ឍនភាពនេះ។
៤.១. សិទ្ធិក្នុងការចែករំលែក
អ៊ីនធឺណិតផ្តល់នូវឱកាសពិសេស សំរាប់ចែករំលែកព័ត៌មាន និងចំណេះដឹង និងទំរង់ថ្មីៗក្នុងការបង្កើតខ្លឹមសារ ឧបករណ៍ និងកម្មវិធី ។ អ្នកផ្តល់ឧបករណ៍ សេវាអ៊ីនធឺណិត និងខ្លឹមសារ មិនគួរបង្អាក់ប្រជាពលរដ្ឋ ពីការប្រើប្រាស់អ៊ីនធឺណិត ដើម្បីចែករំលែកបទពិសោធន៍ និងការបង្កើតខ្លឹមសារឡើយ ។ កិច្ចការពារដល់ផលប្រយោជន៍របស់អ្នកបង្កើត ត្រូវធ្វើឡើងក្នុងលក្ខណៈមួយស្របទៅតាមការចូលរួមដោយសេរី និងបើកទូលាយ ក្នុងលំហូរនៃចំណេះដឹងខាងផ្នែកវប្បធម៌ និងផ្នែកវិទ្យាសាស្រ្ត ។
៤.២. សិទ្ធិក្នុងការប្រើប្រាស់កម្មវិធីប្រភពកូដបើកចំហ និងឥតគិតថ្លៃ (FOSS)
យើងខ្ញុំគាំទ្រការប្រើប្រាស់កម្មវិធីប្រភពកូដបើកចំហ និងឥតគិតថ្លៃ ។ ការប្រើប្រាស់កម្មវិធីប្រភពកូដបើកចំហ និងឥតគិតថ្លៃ គឺផ្តល់នូវអំណាច កសាងជំនាញ និងធ្វើឲ្យមាននិរន្តរភាពជាង និងជំរុញលើកទឹកចិត្តដល់ការច្នៃប្រឌិតក្នុងប្រទេស ។ យើងខ្ញុំលើកទឹកចិត្តដល់រដ្ឋាភិបាល ក្នុងការបង្កើតគោលនយោបាយនានា ដែលជំរុញដល់ការប្រើប្រាស់កម្មវិធីប្រភពកូដបើកចំហ និងឥតគិតថ្លៃ ជាពិសេសនៅក្នុងវិស័យសាធារណៈ ។
៤.៣. សិទ្ធិនៃស្តង់ដាបច្ចេកវិទ្យាដែលបើកទូលាយនានា
ស្តង់ដានានារបស់បច្ចេកវិទ្យា ដែលប្រើប្រាស់នៅលើអ៊ីនធឺណិត ត្រូវតែបើកទូលាយជានិច្ចជាកាល ដើម្បីអោយមានប្រតិបតិ្តការគ្នាទៅវិញទៅមក និងមានការច្នៃប្រឌិត ។ ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ត្រូវឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃគ្រប់ផ្នែកទាំងអស់នៅក្នុងសង្គម ជាពិសេសអ្នកប្រឈមនឹងកត្តាកំរិតផ្សេងៗ និងឧបសគ្គនានា នៅពេលពួកគាត់ប្រើអ៊ីនធឺណិត (ដូចជា សហគមន៍ដែលមិនប្រើអក្សរឡាតាំង ឬជនពិការភាពនានា ឬកុំព្យូរទ័រចាស់ៗ ឬ មិនអាចទទួលបានការប្រើប្រាស់អ៊ីនធឺណិតដែលមានល្បឿនលឿន) ។
៤.៤. សិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍ ពីចំនុចប្រសព្វនិងខ្លឹមសារពហុព័ត៌មាន
អ៊ីនធឺណិត គឺជាប្រព័ន្ធពហុព័ត៌មានមួយ ។ ការចូលទៅប្រើប្រាស់ និងបទបញ្ជា ត្រូវធ្វើឡើងដោយផ្អែកទៅលើសក្តានុពលរបស់វា ដែលអាចយកទៅប្រើប្រាស់ ដើម្បីធ្វើឲ្យមានភាពផ្សេងៗគ្នា ក្នុងការបង្កើត និងភាពជាកម្មសិទ្ធ នៃខ្លឹមសារលើអ៊ីនធឺណិតក្នុងទំរង់ផេ្សងៗ ជាច្រើន ឧទាហរណ៍ដូចជា វិទ្យុ និងទូរទស្សន៍ ដែលជាកម្មសិទ្ធ និងប្រតិបត្តិដោយសហគមន៍ ។
កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APC
ប្រធានបទទី៥ ៖ ភាពឯកជន ការឃ្លាំមើល និងការបំលែងខ្លឹមសារទៅជាកូដ
៥.១. សិទ្ធិក្នុងការទទួលបានការការពារទិន្នន័យ
ស្ថាប័នសាធារណៈ ឬឯកជន ដែលត្រូវការព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលនានា ត្រូវតែប្រមូលត្រឹមតែទិន្ន័យចាំបាច់អប្បបរមា និងសំរាប់រយៈពេលខ្លីបំផុតដែលត្រូវការ ។ ស្ថាប័នសាធារណៈ ឬឯកជនទាំងនោះ ត្រូវជ្រើសត្រឹមតែទិន្នន័យ សំរាប់គោលបំណងដែលបានបញ្ជាក់មុន ក្នុងលក្ខណៈតិចបំផុត ។ ការប្រមូល ការប្រើប្រាស់ ការបញ្ចេញ និងការរក្សាទុកព័ត៌មាននេះ ត្រូវគោរពទៅតាម គោលនយោបាយឯកជនភាពមួយ ក្នុងលក្ខណៈតម្លាភាព ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដឹងអំពីព័ត៌មានអ្វីដែលត្រូវបានប្រមូលអំពីខ្លួន និងកែតំរូវព័ត៌មានដែលមិនពិត ។ ទិន្ន័យដែលប្រមូលបាន ត្រូវការពារពីការបង្ហាញដែលមិនមានការអនុញ្ញាតិ និងកំហុសផ្នែកសុវត្ថិភាពនានា គួរត្រូវកែតំរូវដោយមិនពន្យារពេល ។ ទិន្នន័យត្រូវតែលុបចោល នៅពេលដែលវាលែងមានការចាំបាច់ទៅនឹងគោលបំណងដែលប្រមូលទិន្ន័យ ។ សាធារណៈជន ត្រូវតែទទួលបានការប្រាប់ឲ្យដឹងជាមុន អំពីលទ្ធភាពដែលអាចមានការប្រើប្រាស់មិនត្រឹមត្រូវនូវទិន្នន័យដែលបានផ្តល់ឲ្យ ។ ស្ថាប័ននានាមានភារកិច្ចទទួលខុសត្រូវ ក្នុងការផ្តល់ដំណឹងដល់ប្រជាពលរដ្ឋ នៅពេលដែលព័ត៌មានត្រូវបានប្រើប្រាស់ខុស ត្រូវបានបាត់បង់ ឬត្រូវបានលួច ។
មាត្រា ១២ នៃសិទ្ធិមនុស្សជាសកល
គ្មានបុគ្គលណាម្នាក់ ត្រូវទទួលរងនូវការជ្រៀតជ្រែកតាមអំពើចិត្ត ក្នុងកិច្ចការសម្ងាត់ផ្ទាល់ខ្លួន ក្នុងគ្រួសារ លំនៅស្ថាន ឬការឆ្លើយឆ្លង ឬវាយប្រហារទៅលើកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ខ្លួនបានឡើយ ។
៥.២. សិទ្ធិនៃសេរីភាពរួចពីការឃ្លាំមើល
ប្រជាពលរដ្ឋ គួរតែអាចធ្វើការប្រាស្រ័យទាក់ទងដោយសេរី ផុតពីការគំរាមកំហែងនៃការឃ្លាំមើល និងការរារាំង ។
៥.៣. សិទ្ធិក្នុងការប្រើប្រាស់ ការបំលែងខ្លឹមសារទៅជាកូដ
ការប្រាស្រ័យទាក់ទងរបស់ប្រជាពលរដ្ឋ តាមអ៊ីនធឺណិត ត្រូវមានសិទ្ធិប្រើប្រាស់ឧបករណ៍ ដែលបំលែងខ្លឹមសារ នៃសារនានា ឲ្យទៅជាកូដ ដើម្បីធានាការប្រាស្រ័យទាក់ទងប្រកបដោយសុវត្ថិភាព ឯកជនភាព និងអនាមិក ។
ប្រធានបទទី៦ ៖ ការគ្រប់គ្រងអ៊ីនធឺណិត
៦.១. សិទ្ធិក្នុងការត្រួតពិនិត្យ ក្នុងលក្ខណៈប្រជាធិបតេយ្យពហុភាគីនៃអ៊ីនធឺណិត
ការគ្រប់គ្រងអ៊ីនធឺណិតគួរប្រកបដោយលក្ខណៈពហុភាគី និងប្រជាធិបតេយ្យ ដោយមានការចូលរួមយ៉ាងពេញលេញពីរដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិនានា។ មិនមានរដ្ឋាភិបាលឯកត្តោភាគីណាមួយ គួរមានតួនាទីលើសពីគេ ទាក់ទងទៅនឹងការគ្រប់គ្រងអ៊ីនធឺណិតជាលក្ខណៈអន្តរជាតិឡើយ ។
៦.២. សិទ្ធិក្នុងការទទួលបានតម្លាភាព និងការប្រើប្រាស់អ៊ីនធឺណិត
រាល់ដំណើរការធ្វើសេចក្តីសំរេចចិត្ត ដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនិងការអភិវឌ្ឍន៍នៃអ៊ីនធឺណិត គួរបើកទូលាយ និងចូលទៅកាន់បាន នៅថ្នាក់ពិភពលោក ថ្នាក់តំបន់ និងថ្នាក់ជាតិ ។
៦.៣. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយលក្ខណៈវិមជ្ឈិការ សហប្រតិបត្តិការ និងអន្តរប្រតិបត្តិការ
ការអភិវឌ្ឈន៍បច្ចេកវិទ្យា និងការគ្រប់គ្រងធនធានចំបងនៃអ៊ីនធឺណិត ត្រូវធ្វើក្នុងលក្ខណៈ វិមជ្ឈការ និងសហប្រតិបត្តិការ និងជួយធានាថា បណ្តាញអ៊ីនធឺណិតគឺមានលក្ខណៈ អន្តរប្រតិបត្តិការ ដំណើរការស្ថេរភាព សុវត្ថិភាព គុណប្រយោជន៍ និងមានការវិវត្តន៍ ក្នុងប្រតិបត្តិការរយៈពេលយូរ ។
៦.៤. សិទ្ធិនៃស្ថាបត្យកម្មប្រកបដោយលក្ខណៈបើកទូលាយ
អ៊ីនធឺណិត គឺជាបណ្តាញមួយនៃបណ្តាញនានា ដែលបង្កើតឡើងដោយបណ្តាញជាច្រើនតភ្ជាប់គ្នាទៅវិញទៅមក (ផ្អែកលើគោលគំនិតដែលបង្កប់គន្លឹះបច្ចេកវិទ្យា នៃបណ្តាញស្ថាបត្យកម្មប្រកបដោយលក្ខណៈបើកទូលាយ) ដែលនៅក្នុងនោះ ប្រភេទណាក៏ដោយនៃបណ្តាញ នៅទីណាក៏ដោយ ក៏អាចដាក់បញ្ចូល និងដាក់ឲ្យមានជាសាធារណៈ ។ ស្ថាបត្យកម្មប្រកបដោយលក្ខណៈបើកទូលាយ ត្រូវតែទទួលបានការការពារ ។
៦.៥. សិទ្ធិនៃស្តង់ដាប្រកបដោយលក្ខណៈបើកទូលាយ
ប្រូតូកូលភាគច្រើន នៅផ្នែកស្នូលរបស់អ៊ីនធឺណិត គឺជាប្រូតូកូលដែលផ្អែកលើស្តង់ដាប្រកបដោយលក្ខណៈបើកទូលាយនានា ដែលជាគុណប្រយោជន៍ ដែលអាចជឿជាក់បាន និងបើកទូលាយដល់ការអនុវត្តក្នុងកំរិតពិភពលោក ដោយមានកំរិតបន្តិចបន្តួច ឬដោយមិនមានកំរិតអាជ្ញាប័ណ្ណ ។ លក្ខណៈសម្បតិ្តនៃប្រូតូកូល ត្រូវតែធ្វើឲ្យមាន និងដោយឥតគិតថ្លៃ ដល់ជនគ្រប់រូប ដែលថ្លឹងថ្លែងការកាត់បន្ថយកត្តារារាំងផ្សេងៗ ក្នុងការចូលទៅប្រើប្រាស់ និងក្នុងការធ្វើឲ្យមានអន្តរប្រតិបត្តិការ ។
៦.៦. សិទ្ធិនៃអព្យាក្រិតភាពអ៊ីនធឺណិត និងគោលការណ៍ពីដើមរហូតដល់ចប់
អព្យាក្រិតភាពនៃអ៊ីនធឺណិត ដែលផ្តោតសំខាន់ទៅលើការបញ្ជូនកញ្ចប់ទិន្នន័យ ប្រកបដោយប្រសិទ្ធិភាព ធ្វើឲ្យមានភាពប៉ិនប្រសព្វ ស្ថិតនៅភាគច្រើនក្នុងកុំព្យូទ័រ កម្មវិធីកុំព្យូទ័រ ម៉ាស៊ីនបម្រើ ឧបករណ៍ដែលបន្លាស់ទី និងឧបករណ៍ផ្សេងៗទៀត នៅឯបណ្តាញនៃចុងម្ខាងៗ ។ លក្ខណៈបែបនេះ គឺធ្វើឲ្យមានការអភិវឌ្ឍន៍ក្នុងកំរិតទូលាយ នៃសកម្មភាពថ្មីៗរបស់អ៊ីនធឺណិត ឧស្សាហកម្មនិងសេវាកម្មនាចុងម្ខាងៗ និងប្រែក្លាយអ៊ីនធឺណិតជាឧបករណ៍សំខាន់ នៅក្នុងវិស័យធំទូលាយ ខាងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ។ ប្រជាពលរដ្ឋប្រើប្រាស់អ៊ីនធឺណិតកាន់តែច្រើន អ៊ីនធឺណិតកាន់តែមានគុណតម្លៃ ជាមធ្យោបាយសំរាប់បន្លាស់ប្តូរព័ត៌មាន និងការប្រាស្រ័យទាក់ទង ។ គោលការណ៍ពីដើមរហូតដល់ចប់ និងអព្យាក្រិតភាពអ៊ីនធឺណិត ត្រូវទទួលបានការការពារ ពីការប៉ុនប៉ងទាំងឡាយណា ដើម្បីបង្កើតអ៊ីនធឺណិតដែលមានថ្នាក់ពីរ និងការត្រួតពិនិត្យតាមរយៈថ្នាក់កណ្តាលមួយ ។
៦.៧. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតជាលក្ខណៈទាំងមូល
លក្ខណៈសំខាន់នៃអន្តរប្រតិបត្តិការ គឺជាផ្នែកមួយនៃគុណតម្លៃរបស់អ៊ីនធឺណិត ដែលជាប្រព័ន្ធសាធារណៈពិភពលោកមួយ និងមិនគួរត្រូវបែងចែកជាផ្នែកៗ ដោយសារការគំរាម បង្កើតអ៊ីនត្រាណិតជាលក្ខណៈជាតិ ការប្រើប្រាស់តម្រងខ្លឹមសារ ការឃ្លាំមើលដោយមិនសមហេតុផល ការជ្រៀតជ្រែកនៃឯកជនភាព និងរាំងស្កាត់ទៅលើសេរីភាពក្នុងការបញ្ចេញមតិឡើយ ។
ប្រធានបទទី៧ ៖ ការយល់ដឹង កិច្ចការពារ និងការដឹងអំពីសិទ្ធិនានា
៧.១. សិទ្ធិនៃសិទ្ធិទទួលបាននូវកិច្ចការពារ ការយល់ដឹង និងការអប់រំ
សិទ្ធិនានារបស់ប្រជាពលរដ្ឋ ក្នុងនាមជាអ្នកប្រើប្រាស់អ៊ីនធឺណិត ត្រូវតែទទួលបានការការពារ ពីសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ច្បាប់ និងការអនុវត្តគោលនយោបាយ ។ អង្គភាពគ្រប់គ្រងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោកនានា ត្រូវធ្វើឲ្យមាន ដោយឥតគិតថ្លៃ នូវព័ត៌មានអំពីសិទ្ធិ និងនីតិផ្សេងៗ ដែលពាក់ព័ន្ធនឹងអ៊ីនធឺណិត ។ ការនេះជាប់ទាក់ទងជាមួយ ការអប់រំសាធារណៈ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីសិទ្ធិរបស់ខ្លួន នៅពេលប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងយន្តការនានាក្នុងការដោះស្រាយ លើការរំលោភសិទ្ធិទាំងនោះ ។
៧.២. សិទ្ធិក្នុងការកែតម្រូវ នៅពេលមានការរំលោភលើសិទ្ធិ
ប្រជាពលរដ្ឋ ត្រូវការនូវភាពទទួលបានជាសាធារណៈ ដោយឥតគិតថ្លៃ នូវយន្តការប្រកបដោយប្រសិទ្ធិភាព និងគណនេយ្យភាព សំរាប់ដោះស្រាយការរំលោភសិទ្ធិ ។ នៅពេលសិទ្ធិមនុស្ស និងសិទ្ធិស្តីអំពីអ៊ីនធឺណិត ត្រូវបានគំរាមកំហែង ដោយសារខ្លឹមសារនៅលើអ៊ីនធឺណិត ឬដោយសារការឃ្លាំមើលដែលមិនស្របច្បាប់ ការកំរិតលើសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិផ្សេងទៀតនោះ ភាគីនានាគួរអាចទទួលបាននូវយន្តការការពារនិងកែតម្រូវ ដើម្បីចាត់វិធានការប្រឆាំងទៅនឹងការរំលោភទាំងនោះ ។
អ៊ីនធឺណិត អាចក្លាយទៅជាឧបករណ៍តែមួយគត់ ដើម្បីផ្តល់អំណាចដល់មនុស្សគ្រប់រូបនៅទូទាំងពិភពលោក ប្រសិនបើសិទ្ធិទាំងឡាយដែលមានចែងក្នុងកតិកាសញ្ញានេះ ត្រូវបានទទួលស្គាល់ ការពារ និងគោរព ។
កតិកាសញ្ញានេះ ត្រូវបានបោះពុម្ពផ្សាយជាភាសាអង់គ្លេស ដោយ Association for Progressive Communications (APC) នាខែវិច្ឆិកា ឆ្នាំ ២០០៦ ។
ប្រែសំរួល និងបោះពុម្ពផ្សាយជាភាសាខ្មែរ ក្រោមការគាំទ្រពី Association for Progressive Communications (APC) ដោយអង្គការវិទ្យាស្ថានបើកទូលាយ នាខែតុលា ឆ្នាំ២០០៧ ។

Labels