ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីស្ថានភាពសេដ្ឋកិច្ចដែលសម្រេចបាន
សុន្ទរកថាសម្ដេចនាយករដ្ឋមន្ត្រីនៅវេទិកាជាមួយប្រទេសអ្នកផ្ដល់ជំនួយថ្ងៃ៤ធ្នូ
បានបង្ហាញឲ្យដឹងពីវិស័យសេដ្ឋកិច្ចថា តាមការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចតាមថ្លៃ
ថេរនឹងសម្រេចបានក្នុងរង្វង់៧% នៅឆ្នាំ២០០៨នេះ។ កំណើននេះមានកម្រិតទាបបន្តិចធៀបទៅឆ្នាំមុនៗដែលកំណើននេះបានកើនខ្ពស់បំផុតនៅឆ្នាំ២០០៥ដល់ទៅ
១៣,៣% ហើយបន្ថយល្បឿនមក១០,៨% នៅឆ្នាំ២០០៦ និង១០,២% នៅឆ្នាំ២០០៧។ ប្រការនេះបានធ្វើឲ្យភាពក្រីក្ររបស់ប្រជាពលរដ្ឋថយចុះពីកម្រិត៤៧% នៅឆ្នាំ១៩៩៤ មក៣៥% នៅឆ្នាំ២០០៤ ហើយការប៉ាន់ស្មានក្នុងពេលថ្មីៗនេះបង្ហាញឲ្យឃើញថា អត្រានៃភាពក្រីក្រនេះបានចុះមកនៅ៣០% នៅឆ្នាំ២០០៧។ ដូច្នេះក្នុងរយៈពេលនៃការពិនិត្យខាងលើនេះជាមធ្យមភាពក្រីក្របានថយចុះជាង១%ក្នុង១ឆ្នាំ។ តាមថ្លៃថេរ វិស័យឧស្សាហកម្មអាចកើនឡើង ៥,៦% នៅឆ្នាំ២០០៨។ ជារួមវិស័យឧស្សាហកម្មបានកើនឡើងយ៉ាងឆាប់រហ័សដែលសមាមាត្រនៃវិស័យនេះបានកើនដល់ ២៨,៩% នៅក្នុងឆ្នាំ២០០៨ ឬកើនឡើងជាងទ្វេដងធៀបនឹងឆ្នាំ១៩៩៣ ដែលមានចំនួន១២,៧%។ ប្រការនេះឆ្លុះបញ្ចាំងឲ្យឃើញនូវដំណើរការរីកចំរើននៃឧស្សាហកម្ម ជាពិសេសគឺជាអភិវឌ្ឍឧស្សាហកម្មកាត់ដេរ។ ទន្ទឹមនឹងនោះ វិស័យថាមពលដែលជាផ្នែកសំខាន់សម្រាប់ជាឧត្ដមភាពនៃការប្រកួតប្រជែងរបស់សេដ្ឋកិច្ចផង និងជាគន្លឹះនៃការអភិវឌ្ឍជាតិផង កំពុងតែមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដែលអាចនឹងមានអគ្គិសនីប្រើប្រាស់ប្រមាណពី ៧០% ទៅ១០០% តាមរយៈការបង្កើនសមត្ថភាពផលិតក្នុងប្រទេសផង និងការនាំចូលអគ្គិសនីពីប្រទេសជិតខាងផង រួមមានពីឡាវ ថៃ និងវៀតណាម។ ប្រការនេះមានន័យថា ប្រព័ន្ធអគ្គិសនីកម្ពុជានឹងធ្វើសមាហរណកម្មនៅក្នុងបណ្ដាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ និងអាស៊ាន។
ដោយឡែកវិស័យកសិកម្ម ទោះបីសមាមាត្របានថយចុះក៏ពិតមែន ប៉ុន្តែការរីកចម្រើនមានសភាពខ្លាំងក្លា។ នៅឆ្នាំ២០០៨ កំណើនតាមថ្លៃថេរនៃវិស័យកសិកម្មអាចមានចំនួន៣,៥% ដែលក្នុងនោះ ការផលិតស្រូវបានកើនឡើងលើសពីផែនការដែលបានគ្រោងទុក។ វិស័យកសិកម្មមានការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងកម្រិតខ្ពស់ចាប់តាំងពីរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៣ នៃរដ្ឋសភាមក ដោយសារការរីកចម្រើនលើនយោបាយទឹក និងបច្ចេកទេសកសិកម្ម ដែលប្រការនេះកាន់តែដោះស្រាយបាននូវភាពរណបទៅនឹងការប្រែប្រួលកត្តាធម្មជាតិ។ ការរីកចំរើនវិស័យកសិកម្មគឺជាកត្តាគន្លឹះ សម្រាប់ការកាត់បន្ថយភាពក្រីក្រ ហើយក៏រួមចំណែកយ៉ាងច្រើនក្នុងកំណើនផលិតផលសរុបក្នុងស្រុក និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
ជារួមផ្ទៃដីកសិកម្មត្រូវបានស្ដារលើសពីផ្ទៃដីកសិកម្មមុនសង្គ្រាម ហើយទិន្នផលស្រូវបានកើនឡើង ២,៥%ដង ធៀបនឹងពេលមុនសង្គ្រាម។ វិស័យកសិកម្មនៅកម្ពុជាមានលក្ខណៈទំនើបជាបណ្ដើរៗ តាមរយៈការកើនឡើងនៃការប្រើប្រាស់ជី និងការប្រើប្រាស់ពូជមានទិន្នផលខ្ពស់។ កំណើនតម្លៃបន្ថែមក្នុងវិស័យកសិកម្មបានកើនឡើងជាមធ្យម ៧,២% ក្នុង១ឆ្នាំ រវាងឆ្នាំ២០០៣-២០០៧ ធៀបទៅនឹង១,៦% ក្នុងអំឡុងឆ្នាំ១៩៩៨-២០០២ និង ៤,៩% ក្នុងអំឡុងឆ្នាំ១៩៩៣-១៩៩៧។ ទិន្នផលស្រូវបានកើនឡើងជាលំដាប់ដល់ ២,៥តោន ក្នុង១ហិកតា នៅឆ្នាំ២០០៧។
កំណែទម្រង់ដីធ្លី គឺជាផ្នែកមួយដែលមានវេទយិតភាពខ្ពស់ជាងគេ ដោយសារតែបញ្ហាដែលបន្សល់ទុកពីអតីតកាល។ ក្នុងការអនុវត្តច្បាប់ភូមិបាល និងគោលនយោបាយដីធ្លីរាជរដ្ឋាភិបាលផ្ដោតសំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ការធានាសុវត្ថិភាពនៃកម្មសិទ្ធិដីការលុបបំបាត់ភាពអនាធិបតេយ្យក្នុងការកាន់កាប់ដីដោយខុសច្បាប់ ការដាក់ចេញនូវវិធានការសមស្រប ដើម្បីទប់ស្កាត់ការប្រមូលដីទុកដោយមិនប្រើប្រាស់ និងមិនធ្វើផលិតកម្ម។ ការចុះបញ្ជីដីជាប្រព័ន្ធ បានទទួលការស្វាគមន៍ជាខ្លាំងពីប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ជាក់ស្ដែងយើងបានផ្ដល់កម្មសិទ្ធិដីជាង១លានក្បាលដី។ គិតពីឆ្នាំ១៩៩២ មកដល់ខែកុម្ភៈ ២០០៨ ហើយបានបោសសម្អាតដីចម្ការមីនជាង ២០.០០០ហិកតា ហើយគ្រោះថ្នាក់ដោយគ្រាប់មីន បានកាត់បន្ថយមួយដងកន្លះ ក្នុងឆ្នាំ២០០៣ ដែលមាន ៨០០ករណីមកត្រឹម ៣១៥ករណី នៅឆ្នាំ២០០៧។
ចំណែកកំណែទម្រង់ព្រៃឈើ និងកំណែទម្រង់ជលផល ត្រូវបានអនុវត្តយ៉ាងសកម្មក្នុងគោលបំណងរក្សាប្រសិទ្ធភាព នៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងនោះរាជរដ្ឋាភិបាលបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវការធ្វើអាជីវកម្មឈើខុសច្បាប់ និងបានត្រួតពិនិត្យឡើងវិញនូវសម្បទានព្រៃឈើទាំងអស់។ សហគមន៍ព្រៃឈើចំនួន ២៦៤ ត្រូវបានបង្កើតដោយគ្របដណ្ដប់លើផ្ទៃដីជិត ១៨ម៉ឺនហិកតា ដើម្បីចូលរួមការពារទ្រព្យសម្បត្តិដ៏មានតម្លៃនេះ។ នៅក្នុងវិស័យជលផល សហគមន៍នេសាទប្រហែល៤០០ត្រូវបានបង្កើតឡើង។ គោលនយោបាយធនធានទឹកជាតិជាផ្នែកមួយនៃគម្រោងទូលំទូលាយ ដែលផ្ដល់ជាមូលដ្ឋានដល់ការការពារ ការគ្រប់គ្រង និងការប្រើប្រាស់ទឹកសាប និងទឹកប្រៃឲ្យមានចីរភាពស្មើគ្នា និងបម្រើផលប្រយោជន៍សាធារណៈឲ្យមានប្រសិទ្ធភាព។ បច្ចុប្បន្ននេះប្រមាណ ២៧% នៃផ្ទៃដីស្រែសរុប មានប្រព័ន្ធធារាសាស្ត្រ។ យោងតាមការប៉ាន់ស្មានប្រព័ន្ធធារាសាស្ត្រអាចមានសក្ដានុពលសម្រាប់ផ្ទៃដីដាំដុះប្រហែល៦៤%។ ប្រសិនបើទីតាំងធារាសាស្ត្រអាចពង្រីកការផ្គត់ផ្គង់ទឹកបាន ផលិតភាពដីនឹងកើនឡើង ហើយកម្ពុជាអាចក្លាយជាជង្រុកស្រូវនៅក្នុងតំបន់។ ហេតុនេះ រាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងសាងសង់សំណង់ធារាសាស្ត្រ និងប្រព័ន្ធបង្ហូរទឹក ជាពិសេសនៅតំបន់ក្រីក្រខ្លាំង និងនៅតំបន់ក្រីក្រខ្លាំង និងនៅតំបន់ព្រំដែន។ សហគមន៍កសិករប្រើប្រាស់ទឹកមានចំនួនសមាជិកកើនឡើង ហើយការចូលរួមរបស់ស្ត្រីក៏បានពង្រឹងពង្រីកបន្ថែម។
ផ្អែកលើកំណើនដូចបានរំលេចខាងលើនេះ ចំណូលរបស់ប្រជាជនម្នាក់ៗនៅឆ្នាំ២០០៨ អាចមានចំនួនប្រមាណ ៦២៥ដុល្លារ គឺបានកើនឡើងជាមធ្យមប្រមាណ ៩,៥% ក្នុង១ឆ្នាំៗ ដោយគិតចាប់ពីឆ្នាំ១៩៩៩មក។ ការកើនឡើងនៃចំណូលនេះបានរួមចំណែកដល់ការសន្សំសម្រាប់បំពេញឲ្យតម្រូវការចាំបាច់ក្នុងការវិនិយោគសាធារណៈ និងឯកជន ដែលមានតម្រូវការប្រមាណ ២២% នៃ ផ.ស.ស ក្នុង១ឆ្នាំៗ ដើម្បីសម្រេចកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងល្បឿនជាមធ្យម៩,៥%។ រាជរដ្ឋាភិបាលបានគ្រប់គ្រងដោយហ្មត់ចត់ និងប្រុងប្រយ័ត្នចំពោះស្ថានភាពអតិផរណាដោយបានរក្សាឲ្យស្ថិតនៅកម្រិតទាប ក្នុងរយៈពេលច្រើនឆ្នាំ។ ប៉ុន្តែនៅឆ្នាំ២០០៨អតិផរណាប្រចាំឆ្នាំបានកើនឡើងលើសពី២០% នៅឆមាសទី១ ដោយសារទទួលរងសម្ពាធពីការកើនឡើងតម្លៃប្រេងឥន្ធនៈ ការកើនឡើងតម្លៃទំនិញ និងម្ហូបអាហារ និងការធ្លាក់ថ្លៃនៃប្រាក់ដុល្លារ។ សម្ពាធអតិផរណាបានស្រកចុះមកវិញនៅចុងឆមាសទី២ឆ្នាំ២០០៨នេះ ដែលតាមការប៉ាន់ស្មានប្រមាណធ្វើឲ្យអត្រាអតិផរណាជាមធ្យមក្នុងឆ្នាំ២០០៨ មានប្រមាណ១៥% ហើយនៅចុងឆ្នាំ២០០៩ អត្រានេះនឹងអាចចុះបន្ថែមទៀតមកនៅត្រឹមកម្រិតតួលេខតែ១ខ្ទង់ក្នុងរង្វង់៧%។ ជាមួយគ្នានេះ គោលនយោបាយរូបិយវត្ថុ និងអត្រាប្ដូរប្រាក់ ក៏ត្រូវបានអនុវត្តក្នុងភាពប្រយ័ត្នប្រយែងក្នុងទិសដៅគ្រប់គ្រងអតិផរណា និងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទុនបម្រុងរបស់ជាតិបានលើកឡើងដល់ជាង២ពាន់លានដុល្លារ ដែលអាចធានាបានប្រមាណ៣,៣ខែនៃការនាំចូលទំនិញ និងសេវាកម្មសម្រាប់ការប្រើប្រាស់ក្នុងស្រុក។
បន្ទាប់ពីដាក់ឲ្យអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចំណូលថវិកាបានកើនឡើង២៦% ជាមធ្យមក្នុង១ឆ្នាំ។ រាជរដ្ឋាភិបាលបានកែប្រែស្ថានភាពនៃការអនុវត្តថវិកាពីភាពរ៉ាំរ៉ៃឱនភាពសាច់ប្រាក់មកអតិរេកសាច់ប្រាក់ ដោយធ្វើឲ្យថវិកាមានភាពជឿទុកចិត្តបាន។ តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ២០០៤មក ស្របពេលជាមួយគ្នានឹងការអនុវត្តកំណែទម្រង់ធំៗដទៃទៀត ក្នុងអំឡុងឆ្នាំ២០០៤-២០០៨ ចំណូលពន្ធគយ និងចំណូលពន្ធដារ ត្រូវបានប្រមូលតាមរយៈប្រព័ន្ធធនាគារ ការទូទាត់ពីរតនាគារទៅឲ្យអ្នកផ្គត់ផ្គង់ត្រូវធ្វើឡើងតាមរយៈមូលប្បទានប័ត្របំណុលចាស់ៗត្រូវបានលុបបំបាត់ ដំណើរការលទ្ធកម្មមានសភាពប្រសើរជាងមុន ហើយនាយកដ្ឋានសវនកម្មផ្ទៃក្នុងតាមក្រសួងនីមួយៗ ត្រូវបានពង្រឹងផងដែរ។ ទន្ទឹមនេះ យើងបានពង្រឹងប្រសិទ្ធភាព និងសមធម៌ ក្នុងការបែងចែកថវិកា ដោយបង្កើនចំណាយទៅលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត អប់រំ សុខាភិបាល និងកសិកម្ម និងបន្តបង្កើនវិចារណភាព និងប្រសិទ្ធភាពនៃចំណាយសាធារណៈ ដែលជាកត្តាយ៉ាងសំខាន់អាចឲ្យយើងពង្រឹងបាននូវសេវាសាធារណៈ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕

យុទ្ធនាការ១៦ថ្ងៃបំពាក់បូពណ៌ស បញ្ឈប់អំពើហិង្សាលើស្ត្រី នៅខេត្តបាត់ដំបង
បាត់ដំបង៖ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងបណ្ដាញបុរសកម្ពុជាកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៨ បានបើកយុទ្ធនាការបំពាក់បូពណ៌សដែលមានរយៈពេល១៦ថ្ងៃគិតចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០
ខែធ្នូ ឆ្នាំ២០០៨ ដោយពេលព្រឹករៀបចំធ្វើនៅជុំវិញផ្សារណាត់ និងជំរុញផ្សារបឹងឈូក ហើយពេលល្ងាចរៀបចំធ្វើនៅសួនច្បារលោក ស ខេង ដើម្បីលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី និងពិសេសអំពើហិង្សាក្នុងគ្រួសារ។
អ្នកដឹកនាំយុទ្ធនាការបំពាក់បូពណ៌សម្នាក់បានប្រាប់អ្នកយកព័ត៌មានយើងថា យុទ្ធនាការនេះគឺជាយុទ្ធនាការមួយរបស់បេសកជនបុរសដែលប្រឆាំងទៅនិងអំពើហិង្សាលើស្ត្រី។ យុទ្ធនាការនេះបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៩១ ដែលបុរសមួយក្រុមជាជនជាតិកាណាដាក្រោយមកយុទ្ធនាការនេះបានធ្វើនៅប្រទេសអូស្ត្រាលី និងបានធ្វើឡើងទូទាំងពិភពលោក។ នៅក្នុងយុទ្ធនាការ១៦ ថ្ងៃបំពាក់បូពណ៌សនេះនៅខេត្តបាត់ដំបងចាប់ធ្វើពីថ្ងៃទី
៥ ខែធ្នូរហូតដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៨ ដោយមានក្រុមអ្នកស្ម័គ្រចិត្តមានទាំងយុវជន និងយុវនារីដើរតាមផ្សារធំៗ នានាក្នុងខេត្តដូចជាផ្សារណាត់ (ផ្សារធំថ្មី) ផ្សារបឹងឈូកដើម្បីបំពាក់ឲ្យប្រជាពលរដ្ឋប៉ូលិសយាមធនាគារឯកជន ប៉ូលិសសន្តិសុខផ្សារ ហើយក៏មានបំពាក់ឲ្យស្ត្រីភេទផងដែរ ព្រមទាំងបានអប់រំផ្សព្វផ្សាយឲ្យពួកគាត់បញ្ឈប់ការប្រើអំពើហិង្សាទៅលើស្ត្រីភេទ ពិសេសឈប់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសាររបស់គាត់ផ្ទាល់។
អ្នកដឹកនាំរូបនោះបញ្ជាក់ថា យុទ្ធនាការបំពាក់បូពណ៌សនេះ មានគោលបំណងដើម្បីលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី ពិសេសបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ។ យុទ្ធនាការនេះត្រូវបានគេចាត់ទុកថា ជាទិវាអន្តរជាតិនៃការសាមគ្គីភាពរបស់បុរសប្រឆាំង និងអំពើហិង្សាទៅលើ
នារីភេទ ហើយគេតែងធ្វើជារៀងរាល់ឆ្នាំ ដោយចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិការហូតដល់ថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០០៨។ ចំណែកនៅប្រទេសកម្ពុជាយុទ្ធនាការបំពាក់បូពណ៌សនេះចាប់ផ្ដើមពីឆ្នាំ២០០០រហូតដល់បច្ចុប្បន្ននេះអនុវត្តបាន
ចំនួន៨លើកមកហើយ។
អ្នកដឹកនាំយុទ្ធនាការក៏បានបញ្ជាក់ថា យុទ្ធនាការផ្ដោតទៅលើខ្លឹមសារសំខាន់មាន៨ចំណុចដូចជាបញ្ឈប់ការរំលោភបំពានលើស្ត្រីជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាមិនត្រូវបិទភ្នែកធ្វើមិនឃើញបុរស
អំពើហិង្សាលើស្ត្រី។ អំពើហិង្សា ការរំលោភសេពសន្ថវៈ ការជួញដូរមនុស្ស គឺជាការរំលោភបំពានលើសិទ្ធរបស់ស្ត្រីយ៉ាងធ្ងន់ធ្ងរ និងរំលោភច្បាប់ដែលរដ្ឋធម្មនុញ្ញបានចែងរួចហើយ។ នៅពេលល្ងាចក្រុមស្ម័គ្រចិត្តយុទ្ធនាការបំពាក់បូពណ៌សបានធ្វើសកម្មភាពបំពាក់បូពណ៌សនៅសួនច្បារ ស ខេង រហូតដល់ម៉ោង៦ល្ងាច៕

ច្បាប់ប្រឆាំងអំពើពុករលួយ គឺជាកម្មវត្ថុនៃទិវាអន្តរជាតិប្រឆាំងអំពើពុករលួយរាជធានីភ្នំពេញ ៖ សម្ព័ន្ធអង្គការសង្គមស៊ីវិលប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៤ ធ្នូ បានចេញសេចក្ដី
ប្រកាសព័ត៌មានឲ្យដឹងថា នៅថ្ងៃទី៩ ធ្នូ ខាងមុខចាប់ផ្ដើមនៅវេលាម៉ោង៨ព្រឹក ប្រជាពលរដ្ឋខ្មែរមកពីគ្រប់ស្រទាប់
សង្គម នឹងប្រារព្ធទិវាអន្តរជាតិប្រឆាំងអំពើពុករលួយនៅក្នុងខេត្ត-ក្រុងចំនួន៦នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈ ដែលបណ្ដាប្រទេសដទៃទៀតនៅលើពិភពលោកប្រារព្ធពិធីនេះដែរ។ ខេត្ត-ក្រុងដែលទិវានេះនឹងប្រារព្ធឡើង រួមមានក្រុងភ្នំពេញ ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តស្វាយរៀង។ ទន្ទឹមនឹងកង្វះការរីកចម្រើនជាដុំកំភួនក្នុងរយៈ ពេលកន្លងមកក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាពិសេសការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនោះ ការប្រារព្ធទិវាអន្តរជាតិ ប្រឆាំងអំពើពុករលួយ ៩ ធ្នូ នៅឆ្នាំ២០០៨
នេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗដែរ លគឺនឹងផ្ដោតសំខាន់ទៅលើការជំរុញ
ការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយដែលមានស្តង់ដារអន្តរជាតិឲ្យបានឆាប់រហ័ស។ ការបន្តលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋខ្មែរពីផលវិបាកនៃអំពើពុករលួយ និងវិធានការបង្ការក៏ជាគោលដៅបន្ទាប់បន្សំផងដែរសម្រាប់ការប្រារព្ធពិធីនៃឆ្នាំនេះ។
គួរកត់សំគាល់ថា រដ្ឋាភិបាលបានបញ្ជាក់អះអាងជាច្រើនដងរួចមកហើយថា សេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ ដែលត្រូវបានសាធារណជនទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះនឹងត្រូវដាក់ជូនរដ្ឋសភាពិនិត្យពិភាក្សា និងអនុម័តភ្លាមៗក្រោយពីការអនុម័តច្បាប់ព្រហ្មទណ្ឌរួច។ ថ្មីបើសង្គមស៊ីវិល និងមនុស្សជាច្រើននៅមានការមន្ទិលសង្ស័យនៅឡើយ ចំពោះការអះអាងនេះ កង្វល់ចម្បងមួយទៀតរបស់ពួកគេ គឺសេចក្ដីព្រាងច្បាប់បច្ចុប្បន្ននៅមានចំណុចខ្សោយមួយចំនួនដែលចាំបាច់ត្រូវធ្វើការកែសម្រួលដើម្បីឲ្យបានស្របទៅ
តាមបទដ្ឋានអន្តរជាតិ ឬឲ្យទៅជាច្បាប់មួយ ប្រកបដោយគុណភាពដែលអាចយកទៅអនុវត្តមានប្រសិទ្ធភាពពិតៗក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
សកម្មភាពនានានៃការប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយនៅឆ្នាំនេះ រួមមានជាអាទិ៍ៈ វេទិកាសាធារណៈនៅពេលព្រឹក ដែលមានអ្នកតំណាងរាស្ត្រ មន្ត្រីអាជ្ញាធរ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន តំណាងប្រជាពលរដ្ឋ/យុវជន ធ្វើការថ្លែងសុន្ទរកថា និងចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយដោយមានមនុស្សចូលរួមចំនួនរាប់រយនាក់នៅក្នុងវេទិកាក្នុងខេត្ត-ក្រុងនីមួយៗ។ នៅថ្ងៃដដែលចាប់ពីម៉ោង២ដល់ម៉ោង៤រសៀល នឹងមានវេទិកាពិភាក្សាតុមូលមួយរវាងក្រុមអ្នកជំនាញ និងអ្នកដែលពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនឹងផ្សាយបន្តផ្ទាល់តាមវិទ្យុ។ បន្តពីនោះទៅ រហូតដល់ម៉ោង៨យប់ នឹងមានការប្រគំតន្ត្រីជាមួយនឹងសិល្បករ សិល្បការិនីល្បីៗ ព្រមទាំងការសំដែងសិល្បៈ ឆាកកំប្លែងដោយក្រុមយុវជនជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះ ក៏មានកម្មវិធីសំណួរចម្លើយល្បងប្រាជ្ញាទាក់ទងនឹងបញ្ហាអំពើពុករលួយជាមួយនឹងរង្វាន់លើកទឹកចិត្តបន្តិចបន្តួចផងដែរ

កម្ពុជាទទួលជំនួយចំនួនមួយពាន់លានដុល្លារ សម្រាប់ឆ្នាំ២០០៩
ភ្នំពេញ៖ ដោយជម្នះនឹងវិបត្តិហិរញ្ញវត្ថុពិភពលោកនោះ ប្រទេសនិងសហគមន៍ផ្ដល់ជំនួយ
កាលពីថ្ងៃទី៥ ខែធ្នូ បានសន្យាផ្ដល់ជំនួយចំនួនជាង ៩៥១,៥លានដុល្លារមកឲ្យប្រទេសកម្ពុជា
សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០០៩ ដោយទទួលស្គាល់ពីកិច្ចការដែលរដ្ឋាភិបាលសម្រេចកន្លងមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ការពង្រឹងអភិបាលកិច្ចល្អ
និងការលុបបំបាត់អំពើពុករលួយគឺជាលក្ខខណ្ឌដែលទាមទារឲ្យរដ្ឋាភិបាលត្រូវតែដោះស្រាយឲ្យមានប្រសិទ្ធភាព។ ការសន្យាផ្ដល់ជំនួយដ៏ច្រើនជាងការរំពឹងទុកនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃប្រទេសនិងនោះបាននិយាយថា នៅក្នុងរយៈពេលបីឆ្នាំ២០០៩-២០១១ សហភាពអឺរ៉ុបរំពឹងថា នឹងផ្ដល់ជំនួយ
ចំនួន៥៩៥លានដុល្លារសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកបាននិយាយបន្ថែមទៀតថា ដៃគូអភិវឌ្ឍន៍អឺរ៉ុបសូមសម្ដែងនូវការចាំបាច់សម្រាប់ការធ្វើឲ្យមានការរីកចម្រើនសេដ្ឋកិច្ចខ្ពស់គាំទ្រដល់អ្នកក្រីក្រ ដោយក្នុងនោះមានការវិនិយោគបរទេសដោយផ្ទាល់នៅកម្ពុជា ដើម្បីជាសសរទ្រូងសម្រាប់ការអភិវឌ្ឍន៍នៅក្នុងប្រទេសនេះ។ គុណភាព និងចីរភាពនៃការវិនិយោគបរទេសដោយផ្ទាល់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធច្បាប់ប្រកបដោយ
តម្លាភាព និងអភិបាលកិច្ចល្អ។ ដៃគូអឺរ៉ុបសូមបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តដើម្បីជួយរដ្ឋាភិបាលនៅ
ក្នុងវិស័យទាំងអស់នេះ។
ចំណែកលោក ស៊ីណូ ហារ៉ា (Katsuhiro SHINOHARA) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាវិញបាន
និយាយថា ប្រទេសជប៉ុនមានការសប្បាយចិត្តដែលបានដឹងអំពីសមិទ្ធផលថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចបន្តជាប់រហូត។ លោកបាននិយាយទៀតថា យើងសូមបញ្ជាក់ការគាំទ្ររបស់យើងបន្តទៀតចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ប្រទេសជប៉ុនរំពឹងថា នឹងផ្ដល់ជំនួយចំនួន ១១២,២៩លានដុល្លារក្នុងមួយឆ្នាំសម្រាប់រយៈពេលពីពេលនេះដល់ឆ្នាំ២០១១។
ទន្ទឹមនឹងការផ្ដល់ជំនួយដ៏ច្រើនសន្ធឹកនេះ អ្នកផ្ដល់ជំនួយក៏បានទាមទារផងដែរឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងអភិបាលកិច្ច
ល្អ និងបំបាត់អំពើពុករលួយដើម្បីធានាថា ប្រជាជនកម្ពុជាគឺជាអ្នកទទួលផលពិតប្រាកដពីជំនួយទាំងនេះ។
ក្រុមធនាគារពិភពលោក បានសម្រេចផ្ដល់ជំនួយជាទឹកប្រាក់ចំនួន២០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់គម្រោងការទាមទារឲ្យមានអភិបាលកិច្ចល្អនៅកម្ពុជា ដើម្បីជួយឲ្យលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍ និងអភិបាលកិច្ច និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះតម្រូវការរបស់ពួកគាត់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃ
ទី៥ ខែធ្នូ ធនាគារពិភពលោកបាននិយាយថា អភិបាលកិច្ចល្អត្រូវបានទទួលស្គាល់ថា ជាមូលដ្ឋានដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ចំណែកអំពើពុករលួយវិញ
ត្រូវបានទទួលស្គាល់ថា ជាការរារាំងដ៏ធំធេង ចំពោះសមត្ថភាព និងប្រសិទ្ធភាពរបស់រដ្ឋាភិបាលហើយវាជះឥទ្ធិពលមិនស្មើភាពគ្នាដល់ប្រជាជនក្រីក្រ។ ការលើកកម្ពស់ឲ្យប្រជាជនទាមទារនូវអភិបាលកិច្ចល្អ គឺបានក្លាយទៅជាមធ្យោបាយ
គន្លឹះមួយសម្រាប់ភាពប្រសើរឡើងនៃតម្លាភាព និងការទទួលខុសត្រូវក្នុងកិច្ចការសាធារណៈ
ហើយក៏ជាចំណែកមួយនៃយុទ្ធសាស្ត្រអភិបាលកិច្ច និងការប្រឆាំងអំពើពុករលួយរបស់ធនាគារពិភពលោក។
គម្រោងរយៈពេល៤ឆ្នាំពីការទាមទារឲ្យមានអភិបាលកិច្ចល្អ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែង
របស់ធនាគារពិភពលោកក្នុងការជួយដោះស្រាយបញ្ហាអភិបាលកិច្ចនៅកម្ពុជា។ ទោះបីជាប្រទេសនេះបានសម្រេចនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចដែលគួរឲ្យកោតសរសើរក្នុងប៉ុន្មានទសវត្សរ៍ចុង
ក្រោយនេះយ៉ាងណាក៏ដោយ ក៏អភិបាលកិច្ចនៅតែជាឧបសគ្គដ៏ចម្បងមួយសម្រាប់ការអភិវឌ្ឍន៍ឲ្យបានទូលំទូលាយ និងការកាត់បន្ថយភាពក្រីក្រឲ្យបានច្រើនជាងនេះ។ អំពើពុករលួយ ភាពទន់ខ្សោយនៃការទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈ និងទន់ខ្សោយស្ថាប័នត្រួតពិនិត្យ ហើយបន្តការនានាបានផ្ដល់ផលប៉ះពាល់ដោយផ្ទាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ កត្តាទាំងនេះ រារាំងការវិនិយោគទុនបរទេស និងការបង្កើតការងារបង្អាក់រដ្ឋាភិបាលចំពោះតម្រូវការចំណូល ហើយវារួមចំណែកធ្វើឲ្យប្រជាជនកម្ពុជាជាងមួយភាគបីរស់នៅក្នុងភាពក្រីក្រ។
គម្រោងដែលប្រកបដោយច្នៃប្រឌិតនេះនឹងជួយលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងវិស័យកំណែទម្រង់អាទិភាព
របស់កម្ពុជា ដោយការពង្រឹងស្ថាប័ននានា ការគាំទ្រភាពជាដៃគូ និងការចែករំលែកនូវបទពិសោធន៍។ ទាំងនេះអាចនឹងសម្រេចទៅបានដោយសារការជួយជំរុញនូវវិធានការ "ខាងផ្នែកទាមទារ" ដែលជួយពង្រឹងសមត្ថភាពរបស់ប្រជាជន សង្គមស៊ីវិល និងតួអង្គមិនមែនរដ្ឋផ្សេងៗទៀត
ឲ្យចូលរួមចំណែកជាមួយរដ្ឋាភិបាល និងធ្វើឲ្យរាជរដ្ឋាភិបាលមានការទទួលខុសត្រូវ។ វិធានការទាំងនេះក៏លើកកម្ពស់សមត្ថភាពរដ្ឋាភិបាលដើម្បីឆ្លើយតបទៅប្រជាជនឲ្យបានប្រសើរជាងមុន។
លោក ឈីម៉ាវ ហ្វាន ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា "គម្រោងនេះគឺជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ធនាគារចំពោះការចូលរួមឲ្យបាន
ទូលំទូលាយសម្រាប់កំណែទម្រង់អភិបាលកិច្ចនៅកម្ពុជា។ ធនាគារបានផ្ដល់ភាពជាអ្នកដឹកនាំ
ក្នុងការគាំទ្រការធ្វើកំណែទម្រង់អភិបាលកិច្ចលើវិស័យសាធារណៈនាពេលកន្លងមក។ ពេលនេះ គឺជាពេលវេលាដ៏ល្អមួយដើម្បីធ្វើការរួមគ្នាជាមួយនឹងអ្នកដែលមានការពាក់ព័ន្ធនានាដូចជា រាជរដ្ឋាភិបាលស្ថាប័ន
ឯកជន សង្គមស៊ីវិល អ្នកផ្ដល់ជំនួយ សភា និងព្រឹទ្ធសភា និងប្រព័ន្ធផ្សព្វផ្សាយដើម្បីបង្កើតជាការទាមទារឲ្យបានប្រសើរជាងមុនសម្រាប់អភិបាលកិច្ចល្អ"។
គំនិតផ្ដួចផ្ដើមនានាដែលចេញពីរាជរដ្ឋាភិបាល និងសង្គមស៊ីវិល នឹងត្រូវបានគាំទ្រក្រោមជំនួយនៃគម្រោងនេះ ដែលនឹងស្វែងរកការលើកកម្ពស់អភិបាលកិច្ចនៅក្នុងវិស័យកំណែទម្រង់ជាអាទិភាពបួន គឺការអភិវឌ្ឍន៍វិស័យ
ឯកជន ការគ្រប់គ្រងធនធានធម្មជាតិការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ និងភាពជាដៃគូរបស់ប្រជាពលរដ្ឋដើម្បីអភិបាលកិច្ចល្អ។
គម្រោងនេះ នឹងផ្ដល់ការគាំទ្រដល់ស្ថាប័នបួនរបស់រដ្ឋដែលនឹងអនុវត្តប្រកបដោយជោគជ័យសម្រាប់គម្រោងស្ដី
ពីការទាមទារឲ្យមានអភិបាលកិច្ចល្អ ហើយបានបង្ហាញនូវការប្ដេជ្ញាចិត្តចំពោះការលើកកម្ពស់អភិបាលកិច្ច។
ចំនួនទឹកប្រាក់សរុបសម្រាប់គម្រោងរយៈពេលបួនឆ្នាំនេះ មាន២៥,២៨លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះ
៣,៦២លានដុល្លារសហរដ្ឋអាមេរិកនឹងទទួលបានមកពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសអូស្ត្រាលី
(Aus AID) ហើយចំនួនដែលនៅសល់គឺបានមកពីជំនួយសមាគមអភិវឌ្ឍន៍អន្តរជាតិ (ស្ថាប័នរបស់ធនាគារ
ពិភពលោក ដែលផ្ដល់ជូនប្រទេសដែលមានចំណូលទាប) ផ្ដល់ជូនរដ្ឋាភិបាលកម្ពុជា។

Labels