ឧស្សាហកម្មកាត់ដេរ ផ្ដល់ការងារ៤៥ម៉ឺន ជួយប្រជាជនដោយប្រយោលប្រមាណ ២,៧លាននាក់
ភ្នំពេញ៖ សហជីពមូលដ្ឋានចំនួន១២៩រោងចក្រ ដែលជាសមាជិកសភាសហព័ន្ធសហជីពជាតិកម្ពុជា បានជួបគ្នាជជែកពីទស្សនៈវិស័យឧស្សាហកម្ម កាត់ដេរនៅកម្ពុជាកាលពីថ្ងៃអាទិត្យកន្លងមកនេះ។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពកម្ពុជា (NUCC) និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា
(CLUF) បានថ្លែងក្នុងកិច្ចប្រជុំថា ឧស្សាហកម្មកាត់ដេរ គឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជា។ អ្វីដែលជាការលើកទឹកចិត្តដំបូងគេដល់វិស័យកាត់ដេរ គឺកិច្ចព្រមព្រៀងពហុតម្បាញ (MFA) ជាប្រព័ន្ធកូតាពិភពលោកដែលបានគ្រប់គ្រងលើពាណិជ្ជកម្មវាយនភណ្ឌ។ វាបានធានាច្រកទីផ្សារសម្រាប់ឧស្សាហកម្មកាត់ដេរកម្ពុជាដោយមិនគិតពីកម្លាំងប្រកួតប្រជែង។ ប្រព័ន្ធកូតាបានផុតកំណត់នៅចុងខែធ្នូឆ្នាំ២០០៤ ក្រោយពេលនោះសំលៀកបំពាក់ពីប្រទេសចិនបានហូរចូលយ៉ាងគំហុកទៅទីផ្សារអាមេរិក ឬសហគមន៍អឺរ៉ុបដែលជំរុញឲ្យប្រទេសទាំងពីរនេះដាក់វិធានការការពារនៅឆ្នាំ២០០៥ ដើម្បីកំណត់កំណើន នៃការនាំចូលពីប្រទេសចិន។
លោក សោម អូន ថ្លែងបន្តថា វិធានការខាងលើនេះ ផ្ដល់ឱកាសដល់ឧស្សាហកម្មកាត់ដេរកម្ពុជា ប៉ុន្តែរបាំងការពារនេះសម្រាប់ប្រទេសនៅសហគមន៍អឺរ៉ុបបានបញ្ចប់នៅឆ្នាំ២០០៧ ហើយនៅអាមេរិក
បានបញ្ចប់នៅឆ្នាំ២០០៨។ ការបញ្ចប់នូវរបាំងការពារនេះ ជាបញ្ហាប្រឈមធ្វើឲ្យវិស័យឧស្សាហកម្មកាត់ដេរ
នៅកម្ពុជាមានការប្រកួតប្រជែងតម្លៃកាន់តែខ្លាំងក្លាថែមទៀតជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ ឧស្សាហកម្មកាត់ដេរបានផ្ដល់ការងារដល់កម្មករប្រមាណ៤៥ម៉ឺននាក់ ប្រាក់ខែកម្មករជួយដោយប្រយោលដល់
ប្រជាពលរដ្ឋប្រមាណ២លាន៧សែននាក់បន្ថែមទៀត រួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងសង្គម។
លោក សោម អូន ថ្លែងបន្តថា បច្ចុប្បន្នពិភពលោកទាំងមូលជួបវិបត្តិហិរញ្ញវត្ថុ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្មកាត់ដេរ។ ជាក់ស្ដែងនៅចុងឆ្នាំ២០០៨នេះ មានរោងចក្រកាត់ដេរប្រមាណ៣០ត្រូវបានបិទទ្វារជាស្ថាពរ និងមានរោងចក្រមួយចំនួនកំពុងតែព្យួរការងារកម្មករ
ដោយសារតែការរង់ចាំការបញ្ជាទិញថ្មីពីអ្នកបញ្ជាទិញថ្មីពីអ្នកបញ្ជាទិញ ហើយស្ថានភាពរោងចក្រខាងលើនេះ គឺជាសញ្ញាព្រួយបារម្ភមួយដែលយើងទាំងអស់គ្នាជាសហជីពត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីចូលរួមថែរក្សា និងការពារវិស័យកាត់ដេររបស់យើងកុំឲ្យប្រឈមទៅនឹងហានិភ័យ ជាក្ដីកង្វល់របស់យើងទាំងអស់គ្នា។
លោកប្រធាន NUCC បានសម្ដែងការគាំទ្រចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត
របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៤
ដែលបានអំពាវនាវ និងផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចេះសហការ និងយោគយល់គ្នា
ទៅវិញទៅមកដោះស្រាយជម្លោះដោយសន្ដិវិធី ដោយយកច្បាប់ជាគោល។ ជំរុញតាមដានការអនុវត្តន៍ និងការទទួលស្គាល់ភាពជាតំណាងបំផុត និងបង្កើតឲ្យមានអនុសញ្ញារួម។
លោក សោម អូន បានអំពាវនាវដល់សហជីពមូលដ្ឋានទាំង១២៩រោងចក្រយកចិត្តទុកដាក់ការងារចំពោះ
មុខចំនួន៥ចំណុច គឺ១- សូមសហព័ន្ធសហជីព និងសហជីពមូលដ្ឋានទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍របស់សហជីពដែលមានលក្ខន្តិកៈ និងច្បាប់ជាគោលការណ៍ ២- ផ្អាក ឬកាត់បន្ថយកូដកម្មឲ្យបានច្រើនជាអតិបរមាដើម្បីរក្សាបរិយាកាសវិនិយោគបានល្អក្នុងកម្រិតខ្ពស់ ៣- បង្កើនទំនាក់ទំនងវិជ្ជាជីវៈរវាងភាគីសហជីព និងនិយោជកដោយប្រកាន់យកនូវវប្បធម៌យោគយល់ អធ្យាស្រ័យ និងសុខដុមរមនាដើម្បីធានានូវផលប្រយោជន៍រួម ៤- សូមសហជីព និងនិយោជក អនុវត្តឲ្យបានជឿនលឿនក្នុងការបង្កើតអនុសញ្ញារួម (CBA) នៅតាមកន្លែងការងាររបស់ខ្លួន ដើម្បីកាត់បន្ថយជម្លោះការងារនិង ៥- សូមអាជ្ញាធរមានសមត្ថកិច្ច ចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតចំពោះជម្លោះការងារដែលបានកើតឡើងនៅតាមបណ្ដាលរោងចក្រសហគ្រាស។
ជុំវិញការអនុវត្តន៍នូវថវិកាសន្តិសុខសង្គម លោក ហេង ប៊ុនឈុន អនុប្រធានទី៣ NUCC និងជាសមាជិកក្រុមប្រឹក្សាភិបាលសន្តិសុខសង្គម នៃក្រសួងសង្គមកិច្ចបានណែនាំដល់មេដឹកនាំសហជីពមូលដ្ឋានទាំង
១២៩យកចិត្តទុកដាក់លើ២បញ្ហា គឺទី១- ការផ្ដល់ថវិកាសន្តិសុខសង្គមនេះបានដំណើរការហើយ
សម្រាប់ហានិភ័យការងារនៅពេលកម្មករមានគ្រោះថ្នាក់ក្នុងការងារ និង ទី ២- នៅខណៈពេលកម្មករមានជំងឺ
ក្នុងវិជ្ជាជីវៈត្រូវបានគេចេញថ្លៃព្យាបាល។ ចំពោះថវិកាសម្រាប់ការងារសន្តិសុខសង្គមនេះបានមកពីអង្គភាពត្រីភាគី៕

Labels