របស់លោក
លោកហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ បានឡើងមកបង្ហាញមុខនៅចំពោះតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារ ទី១០ នៅក្នុងសំណុំរឿងក្តីសមគំនិតប៉ុនប៉ងធ្វើមនុស្សឃាតគិតទុកជាមុន លើរូបលោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីខែធ្នូ ឆ្នាំ២០០៣។ អតីតនគរបាលនិងកងរាជអាវុធហត្ថ៥នាក់ផ្សេង
ទៀតក៏ត្រូវឡើង បំភ្លឺនៅមុខតុលាការនៅក្នុងសំណុំរឿងក្តីនេះដែរ ប៉ុន្តែ ជនជាប់ចោទម្នាក់ក្នុងចំណោមអ្នកទាំង៥ បានរត់ហែកគុកចេញពីពន្ធនាគារព្រៃស។
ចំណុចចាប់ផ្តើមនៃការដាក់ពាក្យបណ្តឹងនេះគឺ កើតឡើងចេញពី
សំបុត្រគំរាមកំហែងអនាមិកមួយច្បាប់ ដែលត្រូវបានផ្ញើមកអោយលោកសៅ សុខា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៣ ដើម្បីផ្តល់ព័ត៌មានថាមានការប៉ុនប៉ងធ្វើឃាតលោកសៅ សុខា ពីសំណាក់បក្សពួករបស់លោកហេង ពៅ។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា។ អតីតមេប៉ូលីសក្រុងភ្នំពេញ វ័យ៥១ឆ្នាំរូបនេះ ត្រូវជាប់ពន្ធនាគាររយៈពេល៥៨ឆ្នាំ ពីបទឧក្រិដ្ឋកម្មជាច្រើន បន្ទាប់ពីបានធ្វើការជំនុំជម្រះចំនួន៦លើករួចមក។
មិនមានមេធាវីដែលខ្លួនចង់បាន គឺគ្មានសក្ខីកម្ម...
បន្ទាប់ ពីការសាកសួរជនជាប់ចោទទាំង៤រូបម្តងម្នាក់ៗបន្ទាប់មក [អ្នកទាំងនេះបានបដិសេធពិរុទ្ធភាពរបស់ខ្លួន និងប្រកាសថាខ្លួនគ្មានទោសពៃរ៍នោះទេ] លោកចៅក្រម អ៊ីវ គីមស្រ៊ី បានហៅលោកហេង ពៅ ឡើងមកកាន់សវនាការ។ ប៉ុន្តែ ស្ថិតក្នុងសំលៀកបំពាក់ពណ៌ខៀវជាអ្នកទោស លោកហេង ពៅបានបដិសេធមិនឆ្លើយតបទៅនឹងសំណួររបស់ចៅក្រម ហើយបដិសេធមិនទទួលមេធាវីដែលត្រូវបានជ្រើសតាំងអោយការពារក្តី អោយលោក នោះគឺលោកមេធាវី នូ ចន្ថា។ ជនជាប់ចោទរូបនេះបានសំដែងការមិនពេញចិត្តថាថា «ខ្ញុំរីករាយ ដែលតុលាការបើកសវនាការជំនុំជម្រះលើរូបខ្ញុំ ប៉ុន្តែ ខ្ញុំសុំអោយតុលាការគោរពនីតិវិធីការពារក្តី។ តុលាការបានបង្កកគណនីធនាគាររបស់ខ្ញុំ ដើម្បីបើកប្រាក់ជួលមេធាវីមានវិជ្ជាជីវៈរបស់ខ្ញុំ [លោកកៅ ស៊ូផា]។ តើតុលាការអាចកាត់ទោសខ្ញុំបានយ៉ាងដូចម្តេច បើតុលាការផ្ទាល់បានរំលោភនីតិវិធី?»។ លោកបានស្នើសុំអោយចៅក្រមអានច្បាប់ ដែលបានហាមឃាត់ជនជាប់ចោទ ក្នុងការជ្រើសរើសមេធាវីការពារក្តីរបស់ខ្លួន។ ចៅក្រមមិនអាចឆ្លើយតបទៅនឹងសំណួរនេះឡើយ។

លោកហេង ពៅបានបរិហារថា ដោយសារតុលាការបង្កកគណនីធនាគាររបស់លោក លោកគ្មានលទ្ធភាពផ្គត់ផ្គង់ថ្លៃសិក្សារបស់កូនតូចៗរបស់លោក មិនអាចទិញថ្នាំសង្កូវបាន។ លោកហេង ពៅបាននិយាយទៅកាន់តុលាការយ៉ាងម៉ឺងម៉ាត់ថា « ខ្ញុំសុំមិនឆ្លើយ[សំណួររបស់តុលាការ] ដរាបណាខ្ញុំមិនត្រូវបានអនុញ្ញាតអោយបង់ថ្លៃជួលមេធាវីប្រកបដោយ វិជ្ជាជីវៈរបស់ខ្ញុំ។ ខ្ញុំមិនដែលសុំជំនួយផ្នែកច្បាប់ពីតុលាការឡើយ។ ខ្ញុំអាចមានលទ្ធភាពស្វែងរកមេធាវីផ្ទាល់របស់ខ្ញុំបាន»។
ប្រវត្តិនៃជម្លោះ នៅក្នុងពិធីជប់លៀងមួយ
ទោះ បីជាលោកហេង ពៅ នៅស្ងៀមស្ងាត់ក៏ដោយ ក៏ចៅក្រមនៅតែបន្តសវនាការ។ ក្រឡាបញ្ជីបានអានចម្លើយរបស់លោកហេង ពៅ ដែលបានធ្វើឡើងនៅចំពោះមុខចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ កាលពីខែមករា ឆ្នាំ២០០៧។ បើតាមចម្លើយនោះ លោកធ្លាប់មានជម្លោះមួយជាមួយលោកសៅ សុខា នៅក្នុងពិធីជប់លៀងមួយ ដែលរៀបចំធ្វើឡើងនៅភោជនីយដ្ឋានមួយកន្លែង។ ប៉ុន្តែ ក្រោយមក បើតាមសំដីរបស់គាត់ ពួកគេបានរាប់អានគ្នាឡើងវិញ។
ក្រឡា បញ្ជីបានអានចម្លើយសារភាពរបស់លោកហេង ពៅថា «បន្ទាប់ពីជម្លោះនោះភ្លាម ខ្ញុំបានប្រកាសប្រាប់កូនចៅខ្ញុំថា បើខ្ញុំស្លាប់ គ្មាននរណាក្រៅពីលោកសៅ សុខា ព្រោះគាត់បានគំរាមកំហែងខ្ញុំថាអោយបញ្ឈប់ការចាប់គ្រឿងញៀន ព្រោះវាគ្មានប៉ះពាល់ដល់ផលប្រយោជន៍ខ្មែរទេ វាប៉ះពាល់បរទេស ព្រោះប្រទេសខ្មែរគ្រាន់តែជាកន្លែងឆ្លងកាត់ប៉ុណ្ណោះ។ ក្រោយមក ឯកឧត្តម ហុក ឡងឌី បាននិយាយប្រាប់ខ្ញុំថាលោកសៅ សុខា មកជួបគាត់ ទាំងប្តីភរិយា ទទួលស្គាល់ការខុសឆ្គងរបស់ខ្លួន ចង់ជួបខ្ញុំ តែខ្ញុំថាមិនចាំបាច់ទេ ហើយក៏មានការស្រុះស្រួលគ្នាឡើងវិញ ដោយខ្ញុំយល់ថាគាត់ស្រវឹង។ ចំណែករឿងសំបុត្រអនាមិក ខ្ញុំមិនបានសរសេរទេ ហើយខ្ញុំក៏ពុំបានបញ្ជាអោយអ្នកណាសរសេរដែរ។ ខ្ញុំមិនដែលបានបញ្ជាអោយឈ្មោះ លី រ៉ាស៊ី ឈ្មោះហង្ស វុទ្ធី និងឈ្មោះហង្ស វុត្ថាអោយតាមសម្លាប់លោកសៅ សុខាទេ»។
បន្ទាប់មក ក្រឡាបញ្ជីក៏បានអានចម្លើយរបស់លោកសៅ សុខា។ នៅក្នុងកំណត់ហេតុយកចម្លើយ លោកសៅ សុខាបានទទួលស្គាល់ថាពិតជាធ្លាប់មានជម្លោះជាមួយលោកហេង ពៅ នៅក្នុងពិធីជប់លៀងមួយ ដែលរៀបចំឡើងដោយលោកហុក ឡងឌី (អតីតអគ្គស្នងការនគរបាលជាតិ ដែលបានទទួលមរណភាព នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨ ) ។ «ថ្ងៃបន្ទាប់ លោកឧត្តមសេនីយឃើញកាសែតចុះផ្សាយពាក្យចចាមអារ៉ាមថា លោកសៅ សុខាភ្ជង់លោកហេង ពៅ
ហើយលោកហេង ពៅ យកកាំភ្លើងភ្ជង់លោកសៅ សុខាវិញ។ ក្រោយពេលទាស់គ្នានេះមក លោកបានទទួលលិខិតអនាមិកមួយ»។ នៅក្នុងសវនាការ ដោយមិនហ៊ានបញ្ជាក់រឿងអ្វី លោកហេង ពៅ បានលើកឡើងម្តងទៀតថា លោកសៅ សុខា បានសុំអោយគាត់ឈប់«ធ្វើការងារ» បើមិនដូច្នោះទេ គាត់«អាចនឹងស្លាប់នៅក្នុងគុក»។ ជាចុងក្រោយ លោកហេង ពៅ មិនបានបង្ហាញសំណូមពរ ណាមួយ នៅ
ចំពោះមុខតុលាការនោះទេ ដោយអះអាងថាតុលាការមិនអាចជួយលោកនៅក្នុងសំណុំរឿងក្តីបែបនេះបាន ឡើយ។

Labels