ដោយអត្ថបទចុះផ្សាយកាលពីថ្ងៃទី 06/12/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 11/12/2008 13:31 ម៉ោងសកលក្រោយពេល ដែលពួកខ្មែរក្រហមបានទៅចូលរួមក្នុង រាជរដ្ឋាភិបាលរួបរួមជាតិ របស់ សម្តេច នរោត្តម សីហនុ ដែលបានបង្កើតឡើងក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ខ្មែរក្រហមបានក្លាយពីក្រុមបះបោរតូចតាច មកជាកងទ័ពរំដោះជាតិដ៏ធំមួយ។ នេះក៏ដោយសារតែពួកគេទទួលបាននូវការគាំទ្រពីសំណាក់ប្រជាជន កម្ពុជា ដែលស្រលាញ់ សម្តេច នរោត្តម សីហនុ។ ពិសេសជាងនេះទៅទៀត ពួកគេទទួលបាននូវការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់វៀតណាម ខាងជើង។
ក៏ប៉ុន្តែ ខ្មែរក្រហម និងវៀតណាមបានបែកបាក់គ្នា ក្លាយពីមិត្ត មកជាសត្រូវវិញ នៅក្រោយពេលដែលវៀតណាមបានចុះកិច្ចព្រមព្រៀងឈប់បាញ់ ជាមួយអាមេរិក នៅឆ្នាំ១៩៧៣។
ទាហានវៀតណាមច្បាំងជំនួសខ្មែរក្រហម
ចាប់តាំង ពីរដ្ឋាភិបាលរួបរួមជាតិត្រូវបានបង្កើតឡើង នៅក្រុងប៉េកាំងមក កងទ័ពវៀតណាមបានជួយរដ្ឋាភិបាលនេះយ៉ាងពេញទំហឹង។ យោងតាមលោក David Chandler ក្នុងសៀវភៅដែលមានចំណងជើងថា “បងទី១ ប៉ុល ពត” នៅរវាងឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ នៅក្នុងសមរភូមិភាគច្រើនគឺជាការច្បាំងគ្នារវាងកងទ័ពវៀតណាម និងទាហានលន់ណុល។ បើទោះជាមានទាហានខ្មែរក្រហមខ្លះនៅក្នុងនោះក៏ដោយ ក៏ទាហានទាំងនោះស្ថិតក្រោមបញ្ជារបស់មេបញ្ជាការវៀតណាមដែរ។
ទាហាន លន់ណុលបានបើកប្រតិបត្តិការធំៗចំនួនពីរលើកក្នុងគោលដៅវាយបំបែក សំបុកខ្មែរក្រហម។ លើកទីមួយនៅចុងឆ្នាំ១៩៧០ មានឈ្មោះថា “ប្រតិបត្តិការចេនឡាទី១” និងលើកទីពីរនៅខែសីហា ឆ្នាំ១៩៧១ មានឈ្មោះថា “ប្រតិបត្តិការចេនឡាទី២”។ ប្រតិបត្តិការទាំងពីរនេះត្រូវទទួលបរាជ័យ ហើយទាហានលន់ណុលក៏បញ្ឈប់យុទ្ធសាស្រ្តវាយលុក មកជាយុទ្ធសាស្រ្តការពារវិញម្តង។ បរាជ័យនៃប្រតិបត្តិការទាំងពីរលើកនេះសុទ្ធតែដោយសារតែខ្មែរក្រហម មានជំនួយពីទាហានវៀតណាម ដែលគេទទួលស្គាល់ថាជាទាហានខ្លាំងជាងគេបំផុតក្នុងតំបន់នាពេល នោះ។
ដោយមានកងទ័ពវៀតណាមជួយច្បាំងជំនួសខ្លួនបែប នេះ ខ្មែរក្រហមក៏មានឱកាសពង្រឹងបក្សរបស់ខ្លួន ទាំងផ្នែកយោធា និងផ្នែកនយោបាយ។ យោងតាមការប៉ាន់ស្មានរបស់ភ្នាក់ងារចារកិច្ចអាមេរិក នៅមុនរដ្ឋប្រហារឆ្នាំ១៩៧០ ខ្មែរក្រហមមានទ័ពតែប្រមាណមិនដល់៣ពាន់នាក់ផង។ ប៉ុន្តែ មិនដល់បីឆ្នាំផង ចំនួននេះបានកើនឡើងរហូតដល់ប្រមាណ៤ម៉ឺននាក់។
ទោះ ជាយ៉ាងនេះក៏ដោយ ពួកខ្មែរក្រហមនៅតែបន្តធ្វើការឃោសនាថា បដិវត្តន៍របស់ពួកគេ គឺជាបដិវត្តន៍ឯករាជ្យ ម្ចាស់ការ និងមិនពឹងបរទេស។ សូម្បីតែនៅក្នុងឯកសារស្តីពីប្រវត្តិបក្ស ក៏ពួកខ្មែរក្រហមមិនបានរំលឹកអំពីជំនួយរបស់វៀតណាមដែរ។ តែធាតុពិត ពួកខ្មែរក្រហមពឹងផ្អែកយ៉ាងខ្លាំងលើវៀតណាម។
សម្ព័ន្ធមិត្តប្រេះឆា៖ មិត្តក្លាយជាសត្រូវ
នៅដើមឆ្នាំ១៩៧៣ សញ្ញានៃការបែកបាក់រវាងខ្មែរក្រហម និងខ្មែរហាណូយក៏បានលេចចេញជារូបរាងច្បាស់ឡើងៗ។ ខ្មែរហាណូយពីររូបគឺ កែវ ចិន្តា និង ប៉ែន សុវណ្ណ រួមជាមួយមនុស្សមួយចំនួនទៀត ដែលធ្វើការឲ្យវិទ្យុបក្សបានលាលែងចេញពីតំណែង។ យោងតាមលោក Raoul Jennar,
ប៉ែន សុវណ្ណ មានបំណងទៅបង្កើតបក្សថ្មីជាមួយ ជា សុទ្ធ។ ប៉ុន្តែ វៀតណាមបានជំទាស់នឹងផែនការណ្ណecker,ងដល់នាំ១៩៧២នេះ។ថ្ងៃទី២៧ មករា ឆ្នាំ១៩៧៣ កិច្ចព្រមព្រៀងឈប់បាញ់មួយត្រូវបានចុះនៅទីក្រុងប៉ារីស រវាងសហរដ្ឋអាមេរិក និងវៀតណាមខាងជើង ស្តីពីបញ្ហាសង្រ្គាមនៅឥណ្ឌូចិន។ កិច្ចព្រមព្រៀងនេះក៏តម្រូវផងដែរឲ្យវៀតណាមដកកងទ័ពទាំងអស់ចេញពី ប្រទេសកម្ពុជា។ វៀតណាមបានស្នើសុំឲ្យ សាឡុត ស ទទួលយកបទឈប់បាញ់នេះ តែ សាឡុត ស បានបដិសេធ។ សាឡុត ស យល់ថា វៀតណាមខាងជើងកំពុងតែក្បត់នឹងខ្លួនហើយ ដែលទៅចុះកិច្ចព្រមព្រៀងជាមួយអាមេរិកបែបនេះ។ សម្រាប់ខ្មែរក្រហម វៀតណាមពេលនេះ បានក្លាយពីមិត្ត ទៅជាសត្រូវវិញម្តង។ សូម្បីតែពួកខ្មែរហាណូយក៏ត្រូវបានបក្សពួករបស់ សាឡុត ស ចាប់ផ្តើមសង្ស័យថា ជាភ្នាក់ងាររបស់វៀតណាមដែរ។ ពួកខ្មែរហាណូយមួយចំនួន ដែលទើបតែបានចូលមកកម្ពុជាវិញប៉ុន្មានឆ្នាំមុននេះ ក៏បានលួចចាកចេញពីកម្ពុជាវិញ ដោយបន្លំខ្លួនជាមួយទាហានវៀតណាម។ មួយចំនួនទៀត ដែលនៅសេសសល់ស្ថិតក្រោមការតាមដានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ពួក សាឡុត ស។
ខ្មែរក្រហមទល់នឹងកងទ័ពអាមេរិក
នៅកំឡុងខែកុម្ភៈ ឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមបានចាប់ផ្តើមបើកការវាយលុកលើទីតាំងរដ្ឋាភិបាល លន់ណុល ដើម្បីពង្រីកតំបន់ដែលពួកគេកាន់កាប់។ កងទ័ពអាកាសអាមេរិកក៏បានចាប់បើកប្រតិបត្តិការទម្លាក់គ្រាប់បែកលើ ទីតាំងខ្មែរក្រហម។ ក្នុងពេលដែលប្រតិបត្តិការសឹករបស់អាមេរិក នៅវៀតណាម និងឡាវបានបញ្ចប់អស់ទៅហើយនោះ ប្រទេសកម្ពុជាបានក្លាយទៅជាចំនុចស៊ីបតែមួយគត់របស់យន្តហោះ អាមេរិក នៅឥណ្ឌូចិន។ ចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ១៩៧៣ គ្រាប់បែកប្រមាណជាង៥០ម៉ឺនតោន ត្រូវបានយន្តហោះអាមេរិកទម្លាក់លើទឹកដីកម្ពុជា។ ប៉ុន្តែ ការទម្លាក់គ្រាប់បែកនេះ ប៉ះលើជនស៊ីវិលស្លូតត្រង់ ច្រើនជាងលើទាហានខ្មែរក្រហម។
នៅដើមខែសីហា ឆ្នាំ១៩៧៣ ដោយទទួលរងនូវសម្ពាធពីសំណាក់សភា និងពីមតិសាធារណៈអាមេរិក ប្រធានាធិបតី Richard Nixon ក៏បានសម្រេចបញ្ឈប់ការទម្លាក់គ្រាប់បែកនៅកម្ពុជា។
អាមេរិកដក ខ្មែរក្រហមចូល
ចាប់ ពីពេលនេះទៅ សង្រ្គាមនៅកម្ពុជាគឺជាសង្រ្គាមរវាងទាហានខ្មែរក្រហម និងទាហានលន់ណុលសុទ្ធសាធ ដោយគ្មានទ័ពអាមេរិកមកឡូកឡំទៀតទេ។
មក ទល់នឹងពេលនោះ កងទ័ពខ្មែរក្រហមបានកាន់កាប់ទឹកដីកម្ពុជាមួយភាគធំទៅហើយ។ សូម្បីតែ ក្រុងភ្នំពេញក៏ត្រូវទាហានខ្មែរក្រហមព័ទ្ធជិតដែរ។ ខ្មែរក្រហមបានចាប់ផ្តើមអនុវត្តនយោបាយបដិវត្តន៍របស់ពួកគេ ដូចជាការបង្កើតសហករណ៍ ការលុបបំបាត់លុយកាក់ និងកម្មសិទ្ធិឯកជនជាដើម នៅតាមតំបន់ដែលពួកគេកាន់កាប់ ដែលគេឲ្យឈ្មោះថា “តំបន់រំដោះ”។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញក៏បានធ្លាក់ក្នុងដៃ ទាហានខ្មែរក្រហម៕
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 07/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 15:34 ម៉ោងសកល
ក្រោយ ពីសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ពួកកម្មុយនិស្តខ្មែរ ដែលមានប្រភពចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិនលែងមានសិទ្ធិកាន់ អាវុធ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទៀតហើយ។ ពួកកម្មុយនិស្តខ្មែរប្រមាណពាក់កណ្តាលបានភៀសខ្លួនទៅប្រទេស វៀតណាម។ ចំណែកមួយផ្នែកដែលនៅសេសសល់បានសម្រេចបន្តការតស៊ូនៅក្នុងប្រទេស កម្ពុជាជាបន្តទៀត។ តែលើកនេះ គឺជាការតស៊ូផ្នែកនយោបាយ។ការតស៊ូតាមផ្លូវនយោបាយដែលមិនបានផល
នៅទីក្រុងភ្នំពេញ ក្រុមខ្មែរកុម្មុយនីស្តបានបើកការតស៊ូផ្នែកនយោបាយ ដោយកំណត់យកយុទ្ធសាស្រ្តជាការតស៊ូតាមបីមុខសញ្ញា។
ទីមួយ ពួកគេបានបង្កើតគណបក្សស្របច្បាប់មួយ ឈ្មោះថា "ប្រជាជន" ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ១៩៥៥។ ខ្មែរកុម្មុយនិស្តមួយក្រុមបានធ្វើសកម្មភាពជាចំហរ ក្នុងឋានៈជាសមាជិករបស់បក្សប្រជាជន។
ចំណែកក្រុមទីពីរវិញ ទៅប្រកបមុខរបរជាគ្រូបង្រៀន អ្នកនិពន្ធ ឬអ្នកកាសែតជាដើម ដោយលាក់មិនឲ្យគេដឹងថាពួកគេជាសមាជិករបស់បក្សកុម្មុយនិស្តនោះទេ។ ក្រុមនេះមានភារកិច្ចធ្វើការឃោសនាជាសម្ងាត់ ដើម្បីរើសសមាជិកថ្មីឲ្យចូលបក្ស និងបង្កើតជាសាខាបក្សតូចៗនៅតាមកន្លែងដែលពួកគេធ្វើការ។ ពួកកុម្មុយនិស្តថែមទាំងបានបង្កើតវិទ្យាល័យឯកជនមួយផ្ទាល់ខ្លួនទៀតផង ដោយដាក់ឈ្មោះថា "វិទ្យាល័យកម្ពុជបុត្រ"។
ចំណែកក្រុមទីបី ពួកគេចូលទៅបង្កប់ខ្លួនក្នុងចលនាសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ។
ក៏ប៉ុន្តែ នៅគ្រប់ការបោះឆ្នោតទាំងអស់ ទាំងការបោះឆ្នោតឆ្នាំ១៩៥៥ និងការបោះឆ្នោតក្រោយៗមកទៀត បក្សប្រជាជន បានទទួលបរាជ័យ ដោយរកអាសនៈនៅក្នុងសភាជាតិ សូម្បីតែមួយក៏មិនបានផង។ លើកលែងតែខ្មែរកុម្មុយនិស្តបីនាក់ ដែលជ្រកក្រោមផ្លាកសង្គមរាស្រ្តនិយមប៉ុណ្ណោះដែលបានជាប់ឆ្នោតជាតំណាងរាស្រ្ត។ អ្នកទាំងបីនាក់នោះ រួមមាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់ឆ្នោតនៅឆ្នាំ១៩៥៨ ហើយ ខៀវ សំផន បានជាប់ឆ្នោតនៅឆ្នាំ១៩៦២។
មូលហេតុនៃបរាជ័យនៃបក្សប្រជាជនក្នុងការបោះឆ្នោត
បរាជ័យរបស់ពួកកុម្មុយនិស្តនៅក្នុងការបោះឆ្នោតជាតិនេះបណ្តាលមកពីកត្តាធំៗបី៖
ទីមួយ ចលនាកុម្មុយនីស្តនៅកម្ពុជាក៏ដូចជានៅប្រទេសផ្សេងៗទៀតដែរ បានទទួលនូវការគាំទ្រពីសំណាក់ប្រជាជន ដោយសារតែពួកគេប្រយុទ្ធប្រឆាំងនឹងអាណានិគម។ ក្រោយពេលដែលបារាំងបានផ្តល់ឯករាជ្យដល់កម្ពុជា ការតស៊ូរបស់ពួកកុម្មុយនិស្តក៏លែងមានន័យតទៅទៀត។ កុំថាឡើយតែប្រជាជនកម្ពុជាទូទៅ សូម្បីតែសមាជិកចលនាកម្មុយនិស្តខ្មែរខ្លួនឯង ក៏បានចោទជាសំនួរខ្លួនឯងដែរ ថាតើពួកគេតស៊ូដើម្បីអ្វីទៀត បើពេលនេះបារាំងលែងកាន់កាប់ប្រទេសកម្ពុជាទៀតហើយនោះ?
ទីពីរ នៅឆ្នាំ១៩៥៥ សៀវ ហេង ដែលជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរបានចុះចូលដោយសម្ងាត់ជាមួយសម្តេច នរោត្តម សីហនុ។ សៀវ ហេង ក៏បានក្លាយជារនុកក្នុងរបស់សម្តេច នរោត្តម សីហនុ ដោយនៅបន្តកាន់តំណែងកំពូលរបស់ បក្សប្រជាជនបដិវត្តន៍ខ្មែរនេះដដែល រហូតដល់ឆ្នាំ១៩៥៩។ យោងតាមលោកស្រី Elizabeth Becker ក្នុងកំឡុងពេលនោះ សៀវ ហេង បានផ្តល់ព័ត៌មានសម្ងាត់ជាច្រើនទាក់ទងនឹងចលនាកម្មុយនិស្តខ្មែរ ដែលជួយឲ្យកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ធ្វើការបំបែកសំបុកសម្ងាត់របស់ពួកកម្មុយនិស្ត។
កត្តាទីបី ដែលនាំឲ្យបក្សប្រជាជនទទួលបរាជ័យក្នុងការបោះឆ្នោតជាតិ គឺការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររដ្ឋាភិបាលសង្គមរាស្រ្តនិយម។ នៅរាល់ពេលធ្វើការឃោសនាបោះឆ្នោតម្តងៗ សមាជិកបក្សប្រជាជនជាច្រើននាក់ រួមទាំងបេក្ខជនតំណាងរាស្រ្តផង ត្រូវបានប៉ូលីសចាប់ខ្លួន ហើយសមាជិកខ្លះទៀតត្រូវគេលបធ្វើឃាត។ រហូតដល់មានពេលខ្លះ ដូចជានៅឆ្នាំ១៩៥៨ ជាដើម កែវ មាស ដែលជាបេក្ខជនតែមួយគត់របស់បក្សប្រជាជន ត្រូវបង្ខំចិត្តលាក់ខ្លួន មិនហ៊ានទាំងចេញមកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផង។
ទោះជាយ៉ាងនេះក៏ដោយ ក្រុមខ្មែរកុម្មុយនិស្តនៅតែបន្តការតស៊ូផ្នែកនយោបាយរបស់ខ្លួនតទៅទៀត។ សូម្បីតែក្រោយពីបានបង្កើតបក្សពលករកម្ពុជា នៅឆ្នាំ១៩៦០ ហើយក៏ដោយ ក៏ពួកកុម្មុយនិស្តបានសម្រេចបន្តរក្សាទុកបក្សប្រជាជន ដើម្បីចូលរួមការបោះឆ្នោតម្តងទៀត នៅឆ្នាំ១៩៦២។
រហូតដល់ឆ្នាំ១៩៦៧ ទើបពួកខ្មែរកុម្មុយនិស្តសម្រេចចិត្តចាប់យកការតស៊ូដោយប្រដាប់អាវុធវិញម្តង៕
ដំណើរឆ្ពោះទៅការតស៊ូដោយប្រដាប់អាវុធ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 15:05 ម៉ោងសកល
ដោយ ទទួលបរាជ័យម្តងហើយម្តងទៀតក្នុងការតស៊ូផ្នែកនយោបាយ ពួកខ្មែរកុម្មុយនិស្តបានសម្រេចចិត្តចាកចេញពីឆាកនយោបាយ នៅឆ្នាំ១៩៦២។ នោះហើយជាចំនុចចាប់ផ្តើមនៃផ្លូវទៅកាន់ការតស៊ូដោយប្រដាប់អាវុធ របស់ពួកគេ។
នៅឆ្នាំ១៩៦២ មេដឹកនាំរបស់បក្ស
ប្រជាជន ស្ទើរ តែទាំងអស់ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន និងផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត ក្នុងនោះរួមមានមេដឹកនាំសំខាន់ៗ ដូចជា កែវ មាស និង នន សួន ផងដែរ។ បក្សពលករកម្ពុជា ក៏បានសម្រេចចិត្តរំលាយ បក្សប្រជាជន ចោល ដែលជាហេតុនាំឲ្យពួកកុម្មុយនិស្តលែងមានឧបករណ៍សម្រាប់ធ្វើការតស៊ូផ្នែកនយោបាយទៀតហើយ។ទូ សាមុត បាត់ខ្លួន សាឡុត ស ឡើងមកជំនួស
ក្នុងពេលជាមួយគ្នា រចនាសម្ព័ន្ធរបស់បក្សពលករកម្ពុជាបានជួបនឹងរបត់មួយយ៉ាងសំខាន់។ ទូ សាមុត ដែលជាលេខាបក្ស បានបាត់ខ្លួនដោយមិនដឹងមូលហេតុ។ យោងតាម Ben Kiernan សាឡុត ស និងបក្ខពួកអាចមានជាប់ទាក់ទងនឹងការបាត់ខ្លួនរបស់ ទូ សាមុត នេះ។ នៅក្នុងមហាសន្និបាតខែកុម្ភៈ ឆ្នាំ១៩៦៣ សាឡុត ស ត្រូវបានជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការបក្សជំនួស ទូ សាមុត។ នួន ជា ជាមេដឹកនាំ លំដាប់ទីពីរ។ ឯ អៀង សារី ក៏ឡើងជាមេដឹកនាំលំដាប់ទីបីក្នុងបក្ស។ សោ ភឹម វ៉ន វេត សុន សេន និង ជួន ជឿន ហៅ ម៉ុក ស្ថិតក្នុងចំនោមសមាជិកទាំង១២រូប នៃគណៈកម្មាធិការមជ្ឈិមបក្សនេះ។ ចំណែកអតីតមេដឹកនាំចាស់ៗ ដូចជា នន សួន និង កែវ មាស ជាដើម ត្រូវបានគេផាត់ចេញពីរចនាសម្ព័ន្ធថ្មីនេះ។
មេដឹកនាំខ្មែរក្រហមរត់ចូលព្រៃ
នៅ ក្នុងឆ្នាំជាមួយគ្នានោះ មានបាតុកម្មហិង្សាមួយកើតឡើងនៅខេត្តសៀមរាប។ បាតុករដែលជាសិស្ស និងនិស្សិតបានធ្វើការរិះគន់យ៉ាងខ្លាំងក្លាដល់រដ្ឋាភិបាលសង្គម រាស្រ្តនិយម និងសម្តេច នរោត្តម សីហនុ។ បាតុករថែមទាំងបានដុតព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គទៀតផង។ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ពួកកុម្មុយនិស្តថាស្ថិតនៅពីក្រោយបាតុកម្មនេះ។ សម្តេច នរោត្តម សីហនុ ក៏បានប្រកាសរំលាយរដ្ឋាភិបាលចោល ដោយលើកហេតុផលថា បើមតិសាធារណៈគាំទ្រពួកឆ្វេងនិយមដូចនេះ ឲ្យពួកឆ្វេងនិយមមកបង្កើតរដ្ឋាភិបាលខ្លួនឯងម្តងវិញ។ ព្រះអង្គបានចុះផ្សាយបញ្ជីឈ្មោះឥស្សរជននយោបាយឆ្វេងនិយមចំនួន៣៤រូប ដែលព្រះអង្គចង់ឲ្យបង្កើតរដ្ឋាភិបាលថ្មីនេះ។ ក្នុងចំនោម៣៤រូបនេះ ក៏រួមមានទាំងមេដឹកនាំជាន់ខ្ពស់របស់បក្សពលករកម្ពុជាផងដែរ។ ក៏ប៉ុន្តែ មិនមានអ្នកណាម្នាក់ហ៊ានចេញមកតាមការអំពាវនាវនេះទេ ដោយខ្លាចថានេះគឺជាអន្ទាក់របស់សម្តេច នរោត្តម សីហនុ ឲ្យពួកគេបង្ហាញមុខ ដើម្បីលបសម្លាប់ពួកគេចោល។ នៅពេលនោះ សាឡុត ស និង អៀង សារី ក៏ រត់ចេញពីក្រុងភ្នំពេញ ទៅលាក់ខ្លួនក្នុងព្រៃនៅក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅកន្លែងមួយដែលមានឈ្មោះសម្ងាត់ថា ការិយាល័យ១០០ ស្ថិតក្រោមការការពាររបស់វៀតណាម។
សាឡុត ស ទៅទស្សនកិច្ចនៅវៀតណាម និងចិន
នៅកំឡុងចុងឆ្នាំ១៩៦៤ ដើមឆ្នាំ១៩៦៥ សាឡុត ស និងមេដឹកនាំបក្សមួយចំនួនទៀត បានធ្វើដំណើរដោយថ្មើរជើង ចាកចេញពីការិយាល័យ១០០ ឆ្ពោះទៅក្រុងហាណូយ។ ក្រៅពីជួបជាមួយក្រុមខ្មែរកុម្មុយនិស្តមួយចំនួន នៅទីនោះ សាឡុត ស ក៏ បានជួបចរចាដោយសម្ងាត់ជាមួយមេដឹកនាំកុម្មុយនិស្តវៀតណាមផងដែរ អំពីផែនការតស៊ូដោយប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាល សង្គមរាស្រ្តនិយម។ ក៏ប៉ុន្តែ មេដឹកនាំកុម្មុយនិស្តវៀតណាមបានជំទាស់នឹងផែនការនេះ។
ចេញពីក្រុងហាណូយ សាឡុត ស បាន បន្តដំណើរទៅកាន់ក្រុងប៉េកាំង និងក្រុងព្យុងយ៉ាងទៀត។ ប៉ុន្តែដំណើរនេះធ្វើឡើងដោយលាក់ការណ៍បំផុត។ គេមិនបានដឹងទេថាតើ សាឡុត ស បានជជែក អំពីអ្វីខ្លះជាមួយមេដឹកនាំបក្សកុម្មុយនិស្តចិននោះទេ។ ប៉ុន្តែ បើមើលទៅលើបរិបទនយោបាយនៅពេលនោះ និងឥរិយាបថរបស់ សាឡុត ស ពេលវិលត្រលប់មកកម្ពុជាវិញ គេអាចសន្និដ្ឋានបានថា ចិនប្រហែលជាគាំទ្រនយោបាយរបស់ សាឡុត ស ច្រើន ជាងវៀតណាម។ ចិនដែលនៅពេលនោះកំពុងតែមានទំនាក់ទំនងតានតឹងខ្លាំងជាមួយសហភាព សូវៀត ឆ្លៀតបង្កើនឥទ្ធិពលលើពួកកុម្មុយនិស្តខ្មែរ ប្រជែងជាមួយនឹងវៀតណាម ដែលជាសម្ព័ន្ធមិត្តរបស់សូវៀត។
"បក្សពលករកម្ពុជា" ប្តូរឈ្មោះទៅជា "បក្សកុម្មុយនិស្តកម្ពុជា"
ក្រោយពី សាឡុត ស ត្រលប់ពីចិន មកការិយាល័យ១០០ វិញ បក្សពលករកម្ពុជាក៏ចាប់ផ្តើមបង្ហាញនូវនយោបាយឯករាជ្យម្ចាស់ការ ដាច់ចេញពីវៀតណាមកាន់តែខ្លាំងឡើងៗ។ នៅខែកញ្ញា ឆ្នាំ១៩៦៦ បក្សពលករកម្ពុជាថែមទាំងត្រូវបានប្តូរឈ្មោះទៅជា បក្សកុម្មុយនិស្តកម្ពុជា ទៀត ផង ដើម្បីបង្ហាញឲ្យកាន់តែច្បាស់ថា បក្សនេះមិនជាប់ពាក់ព័ន្ធនឹងវៀតណាម។ គួររំលឹកថា បក្សពលករកម្ពុជា មានប្រភពចេញពីបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលបែកចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិន។ ទីតាំងធំរបស់ពួកខ្មែរក្រហម ក៏ត្រូវបានរើចេញពីការិយាល័យ១០០ ទៅតាំងនៅក្នុងខេត្តរតនគិរីវិញ ហើយដាក់ឈ្មោះថា ការិយាល័យ១០២ ។
ពួក ខ្មែរក្រហម ដែលបានបោះបង់ចោលការតស៊ូផ្នែកនយោបាយតាំងពីឆ្នាំ១៩៦២មកនោះ បានបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងទៅលើរដ្ឋាភិបាល សង្គមរាស្រ្តនិយម។ ប៉ុន្តែ ពួកគេនៅមិនទាន់សម្រេចបើកការតស៊ូប្រដាប់អាវុធនៅឡើយទេ។ រហូតដល់ឆ្នាំ១៩៦៧ ដែលកើតមានការបះបោរនៅសំឡូត ទើបពួកខ្មែរក្រហមឈានចូលដល់ដំណាក់កាលតស៊ូប្រដាប់អាវុធ៕
ការចាប់ផ្តើមការតស៊ូដោយប្រដាប់អាវុធ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 14:35 ម៉ោងសកល
ក្រុម ខ្មែរកុម្មុយនិស្តបានចាកចេញពីឆាកនយោបាយ នៅឆ្នាំ១៩៦២។ ប្រាំឆ្នាំក្រោយមក ក្រោយពីមានព្រឹត្តិការណ៍បះបោរ នៅស្រុកសំឡូត ពួកគេក៏បានសម្រេចចិត្តចាប់យកការតស៊ូប្រដាប់អាវុធវិញ។
នយោបាយរដ្ឋាភិបាលក្នុងការប្រមូលទិញផលស្រូវ
មូលហេតុដែលនាំឲ្យមានការបះបោរនៅសំឡូត នៅឆ្នាំ១៩៦៧ គឺកើតចេញពីនយោបាយរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការប្រមូលទិញផលស្រូវពីប្រជាកសិករ។
នៅ ចន្លោះឆ្នាំ១៩៦៥ និងឆ្នាំ១៩៦៦ កសិករខ្មែរបានលួចលក់ស្រូវទៅឲ្យកងទ័ពវៀតណាមខាងជើងដែលឲ្យថ្លៃ ខ្ពស់ជាងរដ្ឋាភិបាល ដែលជាហេតុនាំឲ្យរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលមួយផ្នែកធំ ដែលបានមកពីការនាំចេញស្រូវ។
នៅឆ្នាំ១៩៦៦ រដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដាច់ខាតឲ្យប្រជាកសិករលក់ស្រូវ ជូនរដ្ឋ ហើយថែមទាំងបញ្ជូនកងកម្លាំងប្រដាប់អាវុធឲ្យចុះទៅប្រមូលទិញស្រូវ នៅតាមទីជនបទទៀតផង។
នៅឆ្នាំ១៩៦៧ លន់ ណុល ដែលជានាយករដ្ឋមន្រ្តី បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធផ្តោតការប្រមូលទិញស្រូវនៅ ក្នុងខេត្តបាត់ដំបង ដែលជាជង្រុកស្រូវយ៉ាងធំរបស់ប្រទេសកម្ពុជា។ មិនយូរប៉ុន្មានការប្រឈមមុខគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងប្រជាកសិករនៅខេត្តបាត់ដំបងក៏បានកើតមានឡើង។ ពួកសកម្មជនកុម្មុយនិស្តប្រចាំខេត្តបាត់ដំបង ក៏បានឆ្លៀតពេលនោះជម្រុញការបះបោរឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយបានបាចខិត្តប័ណ្ណចោទរដ្ឋាភិបាលថា ប្រមូលទិញស្រូវ ដើម្បីយកទៅលក់ឲ្យអាមេរិក។
កសិករបះបោរប្រឆាំងនឹងការប្រមូលទិញស្រូវ
នៅ ថ្ងៃទី២ មេសា ឆ្នាំ១៩៦៧ ការបះបោរដ៏ធំមួយក៏បានកើតឡើងនៅស្រុកសំឡូត ក្នុងខេត្តបាត់ដំបង។ ប្រជាជនប្រមាណ២០០នាក់ ដោយមានកាន់បដាប្រឆាំងនឹងរដ្ឋាភិបាលផងនោះ បានធ្វើការវាយប្រហារលើទីតាំងរដ្ឋាភិបាលមួយនៅសំឡូត។ ក្រុមបះបោរបានសម្លាប់ទាហានរដ្ឋាភិបាលចំនួនពីរនាក់ ហើយដណ្តើមយកបានកាំភ្លើងមួយចំនួនផង។ ភាពចលាចលនេះបានរាលដាលទៅភូមិផ្សេងៗទៀតនៅក្បែរនោះ រហូតដល់មានការបង្រ្កាបពីទាហានរដ្ឋាភិបាល។ ក្រុមបះបោរមួយចំនួនត្រូវបានប៉ូលីសចាប់ខ្លួន និងវាយដំសួរចម្លើយ។ ចំណែកមួយចំនួនទៀតបានរត់គេចខ្លួនចូលទៅក្នុងព្រៃ។
នៅភ្នំពេញឯណោះវិញ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ ខៀវ សំផន ហ៊ូ យន់ និងហ៊ូ នឹម ថា ជាអ្នកនៅពីក្រោយអំពើបះបោរនៅសំឡូតនេះ ហើយថែមទាំងគម្រាមថានឹងឲ្យតុលាការសឹកកាត់ទោសអ្នកទាំងបីនេះទៀត ផង។ ខ្មែរកុម្មុយនិស្តទាំងបីនាក់នេះក៏បានលួចរត់ចេញពីភ្នំពេញ ដើម្បីគេចចេញពីការកាត់ទោសនេះ។ ក្រោយមក លន់ ណុល បានអះអាងថា ជនកុម្មុយនិស្តទាំងបីនាក់នេះបានស្លាប់បាត់ទៅហើយ។ ហេតុដូចនេះហើយបានជាពេលដែល ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម លេចមុខសាជាថ្មីនៅក្នុងចំនោមមេដឹកនាំខ្មែរក្រហម គេបានហៅអ្នកទាំងបីនាក់នេះថាជា ខ្មោចទាំងបី។
ខ្មែរក្រហមនៅពីក្រោយការបះបោរនៅសំឡូត?
យោងតាមលោក David Chandler ក្នុងសៀវភៅដែលមានចំណងជើងថា “បងទី១ ប៉ុល ពត” ពួក មេដឹកនាំខ្មែរក្រហមមិនមែនជាអ្នកនៅពីក្រោយអំពើបះបោរនៅសំឡូតនេះ ទេ។ ពួកគេមិនទាំងបានដឹងជាមុនផងថានឹងមានអំពើបះបោរបែបនេះកើតឡើង។ ដំណឹងអំពីការបះបោរនេះបានធ្វើឲ្យមេដឹកនាំខ្មែរក្រហមមានការសប្បាយ ចិត្តយ៉ាងខ្លាំង ដោយពួកគេបានមើលឃើញកាន់តែច្បាស់នូវកម្លាំងបដិវត្តន៍របស់ប្រជាជន កម្ពុជា។
ក្នុងពេលជាមួយគ្នា ប្រតិបត្តិការតាមកម្ទេចក្រុមបះបោរ ពីសំណាក់ទាហានរដ្ឋាភិបាលក៏បានរាលដាលទៅដល់កន្លែងផ្សេងៗទៀត ធ្វើឲ្យពួកកុម្មុយនិស្តលែងមានកន្លែងណាជ្រកទៀតហើយ ក្រៅពីរត់ចូលក្នុងព្រៃ។
សាឡុត ស និងមេដឹកនាំផ្សេងៗទៀតនៃបក្សកុម្មុយនិស្តកម្ពុជា ក៏ បានសម្រេចចិត្តថា ពួកគេលែងមានជម្រើសអ្វីផ្សេងទៀតហើយ ក្រៅតែពីត្រៀមខ្លួនបើកការតស៊ូដោយប្រដាប់អាវុធ ដើម្បីបន្តបដិវត្តន៍របស់ពួកគេតទៅទៀត។
ការចាប់ផ្តើមនៃការតស៊ូដោយអាវុធ
នៅ ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨ ក្រុមខ្មែរក្រហមមួយក្រុមបានបើកធ្វើការវាយប្រហារលើទីតាំងទាហាន រដ្ឋាភិបាលមួយកន្លែង ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយដណ្តើមបានកាំភ្លើង៣២ដើម។ ពួកខ្មែរក្រហមបានអបអរសាទជោគជ័យរបស់ពួកគេ ដោយកំណត់យកថ្ងៃនេះជាការចាប់ផ្តើមនៃការតស៊ូប្រដាប់អាវុធរបស់ ខ្លួន និងជាថ្ងៃបង្កើតកងទ័ពបដិវត្តន៍។ ក្រោយមកការវាយឆ្មក់បែបនេះក៏បានកើតឡើងនៅតាមបណ្តាខេត្តមួយ ចំនួនផ្សេងទៀតក្រៅពីខេត្តបាត់ដំបង។
ទោះជា យ៉ាងនេះក៏ដោយ ចាប់ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមគ្រាន់តែជាកងឧទ្ទាមតូចតាចមួយប៉ុណ្ណោះ ហើយមិនសូវទាំងមានអាវុធយុទ្ធភ័ណ្ឌអ្វីធំដុំប៉ុន្មានផងទេ។ យោងតាមការប៉ាន់ស្មានរបស់ភ្នាក់ងារចារកិច្ចអាមេរិក នៅមុនរដ្ឋប្រហារឆ្នាំ១៩៧០ ខ្មែរក្រហមមានទ័ពមិនដល់៣ពាន់នាក់ ផង។ ទ័ពទាំងនោះសោតក៏មិនទទួលបានការហ្វឹកហ្វឺនត្រឹមត្រូវដែរ។ ការវាយឆ្មក់ទៅលើទាហានរដ្ឋាភិបាល ពីសំណាក់ពួកខ្មែរក្រហម ច្រើនតែធ្វើឡើងក្នុងទ្រង់ទ្រាយតូច និងទៅលើទីតាំងរដ្ឋាភិបាលណាដែលមិនសូវសំខាន់ប៉ុណ្ណោះ។ រដ្ឋប្រហារ ទម្លាក់សម្តេច នរោត្តម សីហនុ នៅឆ្នាំ១៩៧០ គឺជារបត់ដ៏សំខាន់មួយសម្រាប់បដិវត្តន៍របស់ពួកខ្មែរក្រហម។
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/12/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 12/12/2008 15:04 ម៉ោងសកល
ចាប់តាំងពីឆ្នាំ១៩៧៣ ពួកខ្មែរក្រហមដណ្តើមកាន់កាប់ទឹកដីកម្ពុជាបានមួយផ្នែកធំ។ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានប្រមូលផ្តុំកម្លាំងមកការពារទីក្រុង ភ្នំពេញ ដែលជាទីតាំងយុទ្ធសាស្រ្តចុងក្រោយ។
នៅថ្ងៃ ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញក៏បានធ្លាក់ក្នុងដៃទាហានខ្មែរក្រហម ហើយរបបសាធារណរដ្ឋខ្មែរក៏បានដួលរលំជាស្ថាពរ។ កម្ពុជាត្រូវស្ថិតក្រោមការគ្រប់គ្រងនៃរបបថ្មីមួយទៀត ដឹកនាំដោយពួកខ្មែរក្រហម។របបលន់ ណុលសល់តែក្រុងភ្នំពេញ
នៅក្នុងកំឡុងខែមិថុនា ឆ្នាំ១៩៧៤ មេដឹកនាំខ្មែរក្រហមបានជួបប្រជុំគ្នានៅខេត្តកំពង់ឆ្នាំង ដើម្បីពិភាក្សាអំពីផែនការវាយលុកចូលទីក្រុងភ្នំពេញ។ នៅពេលនោះ ផ្លូវចេញចូលក្រុងភ្នំពេញត្រូវបានកាត់ផ្តាច់អស់ទៅហើយ។ ការដឹកជញ្ជូនចេញចូលក្រុងភ្នំពេញអាចធ្វើទៅបានតែតាមផ្លូវទឹក និងផ្លូវអាកាសប៉ុណ្ណោះ។ នៅដើមឆ្នាំ១៩៧៥ ចរាចរណ៍តាមផ្លូវទឹកក៏ត្រូវបានកាត់ផ្តាច់ទៀត ដោយពួកខ្មែរក្រហមបានដាក់ពង្រាយមីនប្រឆាំងនាវា នៅតាមដងទន្លេរមេគង្គ។ ការដឹកជញ្ជូនស្បៀងចូលក្នុងក្រុងភ្នំពេញ ដើម្បីផ្គត់ផ្គង់ប្រជាជនដល់ទៅប្រមាណ២លាននាក់ អាចធ្វើទៅបានតែតាមផ្លូវអាកាសប៉ុណ្ណោះ។
ដោយមើលឃើញនូវលក្ខ័ណ្ឌ ដែលមានអំណោយផលបែបនេះ សាឡុត ស ក៏បានបញ្ជាទៅគ្រប់មេបញ្ជាការកងទ័ពខ្មែរក្រហមឲ្យប្រុងប្រៀបបើក ការវាយលុក ដើម្បីដណ្តើមកាន់កាប់ក្រុងភ្នំពេញ។ ក្នុងពេលជាមួយគ្នាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជាក៏ បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីផែនការដែលត្រូវធ្វើ ក្រោយពីដណ្តើមកាន់កាប់ក្រុងភ្នំពេញបានហើយ។ នៅពេលនោះហើយ ដែលពួកមេដឹកនាំខ្មែរក្រហមបានសម្រេចថានឹងជម្លៀសប្រជាជនចេញពី ភ្នំពេញ និងក្រុងធំៗមួយចំនួនផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់របបលន់ ណុល។ សម្រាប់ពួកខ្មែរក្រហម អ្នកណាក៏ដោយដែលមិនបានចូលរួមធ្វើបដិវត្តន៍ជាមួយពួកគេ ត្រូវចាត់ទុកថាជា “ខ្មាំង” ទាំងអស់។
“ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី”
សេនាប្រមុខលន់ ណុល ប្រធានាធិបតីសាធារណរដ្ឋខ្មែរ
សេនាប្រមុខលន់ ណុល ប្រធានាធិបតីសាធារណរដ្ឋខ្មែរ
រដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានកាត់ទោសប្រហារជីវិតឥស្សរជន៧រូបនៃរបបសាធារណៈរដ្ឋខ្មែរ ពីបទក្បត់ជាតិ។ ក្នុងចំនោម៧រូបនោះរួមមាន លន់ ណុល សិរិមតៈ អ៊ិន តាំ ចេង ហេង Sosthène Fernandez
លន់ ណុន (ប្អូនប្រុសរបស់លន់ ណុល) និង ឡុង បូរ៉េត។
នៅដើមខែមេសា ឆ្នាំ១៩៧៥ ទាហានខ្មែរក្រហមបានចាប់ផ្តើមធ្វើការបាញ់ផ្លោងលើព្រលានយន្តហោះ ក្រុងភ្នំពេញ ដែលជាហេតុបណ្តាលឲ្យការដឹកជញ្ជូនតាមផ្លូវអាកាសចេញចូលក្រុង ភ្នំពេញក៏ត្រូវបានកាត់ផ្តាច់ទៀត។
នៅសហរដ្ឋអាមេរិកឯណោះវិញ ប្រធានាធិបតី Gerald Ford ដែលបានឡើងមកជំនួសតំណែង លោក Richard Nixon កាល ពីខែសីហា ឆ្នាំ១៩៧៤ បានព្យាយាមស្នើសុំឲ្យសភាអាមេរិកផ្តល់ជំនួយបន្ថែមទៀតដល់ រដ្ឋាភិបាលលន់ ណុល។ ក៏ប៉ុន្តែ សភាអាមេរិកបានច្រានចោលសំណើនេះ។
ថ្ងៃទី១២ មេសា មន្រ្តី និងបុគ្គលិកបម្រើការនៅក្នុងស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញក៏ បានចាកចេញពីប្រទេសកម្ពុជាតាមឧទ្ធម្ភាចក្រ។ ចំណែក លន់ ណុល និងក្រុមគ្រួសារវិញ បានចាកចេញពីភ្នំពេញតាំងពីថ្ងៃទី១ មេសា ម្ល៉េះ។
ថ្ងៃទី១៣ មេសា ព្រលានយន្តហោះអន្តរជាតិពោធិចិនតុងបានធ្លាក់ក្នុងដៃទាហានខ្មែរ ក្រហម។ ពីរថ្ងៃក្រោយមកទៀត ទាហានខ្មែរក្រហមនៅប៉ែកខាងកើតក៏ដណ្តើមកាន់កាប់បានក្រុងតាខ្មៅ។ ខ្សែក្រវ៉ាត់ការពារក្រុងភ្នំពេញក៏បានដួលរលំ។
យោងតាមលោកស្រី Elizabeth Beckher នៅ ថ្ងៃទី១៦ មេសា រដ្ឋាភិបាលក្រុងភ្នំពេញ ដែលកំពុងស្ថិតក្នុងភាពទ័លច្រក ក៏បានផ្ញើទូរលេខមួយច្បាប់ថ្វាយសម្តេច នរោត្តម សីហនុ ដែលកំពុងគង់នៅក្រុងប៉េកាំង ប្រទេសចិន ស្នើសុំឲ្យមានបទឈប់បាញ់បន្ទាន់មួយ ជាថ្នូរនឹងការថ្វាយអំណាចដល់ព្រះអង្គវិញ។ ប៉ុន្តែ សំណើនេះត្រូវបានសម្តេច នរោត្តម សីហនុ ច្រានចោល។
១៧មេសា មហាជោគជ័យ ប្រជាប្រុសស្រីចាកក្រុងចូលស្រែ
នៅព្រឹកថ្ងៃទី១៧ មេសា ប្រមាណជាម៉ោង ៨ និង៣០នាទី មន្រ្តីជាន់ខ្ពស់មួយចំនួននៃរដ្ឋាភិបាលសាធារណៈរដ្ឋខ្មែរ បានប្រមូលផ្តុំគ្នានៅពហុកីឡាដ្ឋានជាតិអូឡាំពិច ក្នុងគម្រោងចាកចេញពីទីក្រុងភ្នំពេញតាមឧទ្ធម្ភាចក្រ។ ប៉ុន្តែ មានតែមេដឹកនាំប៉ុន្មានរូបប៉ុណ្ណោះ ដែលបានរត់ចេញពីទីក្រុងភ្នំពេញរួច។ មេដឹកនាំមួយចំនួនធំ ក្នុងនោះរួមមានទាំងនាយករដ្ឋមន្រ្តី ឡុង បូរ៉េត ផងដែរនោះ ត្រូវបានទាហានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់ចោល។ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែលបានបដិសេធមិនព្រមចាកចេញពីប្រទេស ក៏ត្រូវបានពួកខ្មែរក្រហមសម្លាប់ចោល នៅថ្ងៃនោះដែរ។
ទាហានខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ថ្ងៃទី១៧ មេសា ១៩៧៥(រូបថតឯកសារ៖ AFP)
ទាហានខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ថ្ងៃទី១៧ មេសា ១៩៧៥
(រូបថតឯកសារ៖ AFP)
នៅម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ទាហានខ្មែរក្រហម បានធ្វើដំណើរចូលកាន់កាប់ទីក្រុងភ្នំពេញ ក្រោមការអបអរសាទរពីសំណាក់ប្រជាជនដែលរស់នៅទីនោះ។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន អំណរនឹងជ័យជំនះ អំណរនឹងការដែលសង្គ្រាមត្រូវបានបញ្ចប់នេះ ក៏បានរលាយបាត់បង់ទៅវិញ ក្រោយពេល ដែលទាហានខ្មែរក្រហមចាប់ផ្តើមបង្ខំឲ្យប្រជាជនចាកចេញភ្លាមៗពី ទីក្រុងភ្នំពេញ។ អ្នកដែលចចេសមិនព្រមធ្វើតាម ត្រូវទាហានខ្មែរក្រហមបាញ់សម្លាប់ចោល។
របបសាធារណៈរដ្ឋខ្មែរត្រូវបានដួលរលំជាស្ថាពរ ជំនួសមកវិញដោយរបបថ្មីមួយទៀត ដឹកនាំដោយ បក្សកុម្មុយនិស្តកម្ពុជា ឬខ្មែរក្រហម។
ផែនការ៨ចំណុច មហារុងរឿង មហាលោតផ្លោះ!
សាឡុត ស ហៅប៉ុល ពត លេខាបក្សកុម្មុយនិស្តកម្ពុជា
សាឡុត ស ហៅប៉ុល ពត លេខាបក្សកុម្មុយនិស្តកម្ពុជា
យោងតាមលោក Raoul Jennar
នៅចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ឧសភា ឆ្នាំ១៩៧៥ សាឡុត ស ដែលបានប្តូរឈ្មោះមកជា ប៉ុល ពត និង នួន ជា បានប្រកាសឲ្យដឹងនូវគោលនយោបាយសំខាន់ៗចំនួន៨ចំនុច នៃរបបគ្រប់គ្រងថ្មីនេះ។ គោលនយោបាយទាំងនោះរួមមាន៖
ទី១ ជម្លៀសប្រជាជនចេញពីទីក្រុង ហើយប្រជាជនត្រូវបែងចែកជាពីរប្រភេទ គឺប្រជាជនដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនចាស់” និងប្រជាជនដែលទើបតែជម្លៀសចេញពីទីក្រុង ក្រោយថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនថ្មី” ឬ “ពួក១៧ មេសា”។
ទី២ លុបបំបាត់ចោលនូវសេដ្ឋកិច្ចទីផ្សារ។
ទី៣ លុបបំបាត់ចោលនូវការចាយលុយ។
ទី៤ ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹក ហើយបញ្ជូនឲ្យទៅធ្វើស្រែ។
ទី៥ សម្លាប់ចោលទាំងអស់រាល់មន្រ្តីដែលធ្វើការឲ្យរបបលន់ ណុល។
ទី៦ បង្កើតជាសហករណ៍នៅទូទាំងប្រទេស។
ទី៧ បណ្តេញជនជាតិវៀតណាមឲ្យអស់ពីប្រទេសកម្ពុជា។
ទី៨ ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ជាពិសេស ព្រំដែនវៀតណាម។
ក៏ប៉ុន្តែ មកទល់នឹងពេលនោះ របបកម្ពុជាប្រជាធិបតេយ្យ នៅមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ។ ពួកខ្មែរក្រហមនៅតែបន្តប្រើឈ្មោះ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាដដែល រហូតដល់ដើមឆ្នាំ១៩៧៦ ទើបរបប កម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើងជាផ្លូវការ៕
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/01/2009 13:17 ម៉ោងសកល
ពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហមបានកាន់អំណាចក្រោមផ្លាករាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ដែលកាលណោះ មានសម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ និង ប៉ែន នុត ជានាយករដ្ឋមន្រ្តី។
រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបាន បាត់ឈ្មោះចាប់ពីពេលដែលរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យត្រូវបាន បង្កើតឡើង នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។នួន ជា អនុលេខាបក្ស និងជាប្រធានសភាកម្ពុជាប្រជាធិបតេយ្យ(រូបថតឯកសារ៖ Reuters)
នួន ជា អនុលេខាបក្ស និងជាប្រធានសភាកម្ពុជាប្រជាធិបតេយ្យ
យោងតាមរដ្ឋធម្មនុញ្ញ ដែលបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជន គឺជាអំណាចនីតិបញ្ញត្តិនៃកម្ពុជាប្រជាធិបតេយ្យ។ សមាជិកសភា ដែលមាន២៥០រូបត្រូវជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ និងជាសម្ងាត់ សម្រាប់អណត្តិ៥ឆ្នាំ។ ប្រធានសភាតំណាងប្រជាជនកម្ពុជា នៃរបបកម្ពុជាប្រជាធិបតេយ្យ គឺនួន ជា។ ឈិត ជឿន ហៅម៉ុក គឺជាអនុប្រធានទីមួយ។
គណៈប្រធានរដ្ឋគឺជា ប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ សម្តេច នរោត្តម សីហនុ ដែលជាប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានបន្តកាន់តំណែងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ រហូតដល់ខែមេសា ឆ្នាំ១៩៧៦។ ក្រោយពីព្រះអង្គលាលែងចេញពីតំណែង ខៀវ សំផន ក៏បានឡើងកាន់តំណែងនេះជំនួសព្រះអង្គ។
យោងតាមលោក Raoul Jennar រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ មានរចនាសម្ព័ន្ធដូចតទៅ៖
សភាតំណាងប្រជាជនបដិវត្តន៍កម្ពុជា
នួន ជា ប្រធាន
ឈិត ជឿន ហៅ ម៉ុក អនុប្រធាន
រដ្ឋាភិបាល
ខៀវ សំផន ប្រមុខរដ្ឋ
ប៉ុល ពត ជានាយករដ្ឋមន្រ្តី
ឈឹម សាមោក ជានាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី
ឧបនាយករដ្ឋមន្រ្តី
អៀង សារី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស
សុន សេន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ
វន វ៉េត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
រដ្ឋមន្រ្តី
ហ៊ូ នឹម រដ្ឋមន្រ្តីក្រសួងឃោសនាការ និងព័ត៌មាន
អៀង ធីរិទ្ធិ (ប្រពន្ធរបស់ អៀង សារី) ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច
យុន យ៉ាត (ប្រពន្ធរបស់ សុន សេន) ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ ងអប់រំ
ជួន ជឿន រដ្ឋមន្រ្តីក្រសួងសុខាភិបាល
កង ចាប រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ចេង អន រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម
នន សួន រដ្ឋមន្រ្តីក្រសួងកសិកម្ម
កុយ ធួន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
ជួន ម៉ុម រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកវិទ្យាសាស្រ្ត
តូច ភឿន រដ្ឋមន្រ្តីក្រសួងសាធារណការ
សាឡុត ស ហៅប៉ុល ពត លេខាបក្សកុម្មុយនិស្តកម្ពុជា និងនាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ(រូបថតឯកសារ៖ Reuters)
សាឡុត ស ហៅប៉ុល ពត លេខាបក្សកុម្មុយនិស្តកម្ពុជា និងនាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ
(រូបថតឯកសារ៖ Reuters)
ក៏ប៉ុន្តែ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អង្គការដែលមានអំណាចលើសអ្វីៗទាំងអស់នោះ គឺបក្សកុម្មុយនិស្តកម្ពុជា ដែលមកទល់នឹងពេលនោះត្រូវពួកខ្មែរក្រហមខ្លួនឯងដាក់ឈ្មោះថា “អង្គការបដិវត្តន៍” ហើយត្រូវបានគេស្គាល់ជាទូទៅថាជា “អង្គការ”។
នៅក្នុងរចនាសម្ព័ន្ធបក្សនេះទៀតសោត គណៈកម្មាធិការតែមួយគត់ដែលមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចចិត្ត នានា អនុម័តគោលនយោបាយរដ្ឋាភិបាល និងលក្ខន្តិកៈផ្សេងៗនោះ គឺគណៈអចិន្រ្តៃយ៍បក្ស ដែលមានសមាជិក៥រូប គឺប៉ុល ពត ជាលេខា នួន ជា ជាអនុលេខា អៀង សារី សោ ភឹម និង វន វ៉េត ជាសមាជិក។
បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការដែលមានអំណាចលំដាប់ទីពីរក្នុងបក្ស គឺគណៈកម្មាធិការមជ្ឈិមបក្ស។ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនេះរួមមាន សមាជិកទាំង៥រូបនៃគណៈអចិន្រ្តៃយ៍ បូកជាមួយនឹងមនុស្សពីរនាក់ទៀតគឺ សុន សេន និង តាម៉ុក។ នៅឆ្នាំ១៩៧៧ មនុស្សបីរូបផ្សេងទៀតត្រូវបានបញ្ចូលបន្ថែមទៅក្នុងគណៈកម្មាធិការ មជ្ឈិមបក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។
រចនាសម្ព័ន្ធបក្សកុម្មុយនិស្តកម្ពុជា
គណៈអចិន្រ្តៃយ៍ (៥រូប)
ប៉ុល ពត លេខាបក្ស
នួន ជា អនុលេខាបក្ស
អៀង សារី សមាជិក
សោ ភឹម សមាជិក
វន វ៉េត សមាជិក
គណៈកម្មាធិការមជ្ឈិមបក្ស (១០រូប)
ប៉ុល ពត
នួន ជា
អៀង សារី
សោ ភឹម
វន វ៉េត
សុន សេន
ឈិត ជឿន ហៅម៉ុក
ខៀវ សំផន
ញឹម រស់
កែ ពក
នៅក្នុងចំនោមសមាជិក គណៈកម្មាធិការមជ្ឈិមបក្សដ៏មានអំណាចនេះ មានតែនួន ជា អៀង សារី និង ខៀវ សំផន ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតរហូតមកទល់សព្វថ្ងៃនេះ។ អ្នកផ្សេងទៀតបានស្លាប់បាត់អស់ទៅហើយ។
វន វ៉េត និងញឹម រស់ ត្រូវបានគេយកទៅសម្លាប់ចោលនៅឆ្នាំ១៩៧៨។ សោ ភឹម បានសម្លាប់ខ្លួនឯងនៅឆ្នាំ១៩៧៨ដែរ។ សុន សេន ត្រូវបាន ប៉ុល ពត បញ្ជាឲ្យគេសម្លាប់ចោលទាំងគ្រួសារនៅឆ្នាំ១៩៩៧។ ក្រោយមក ប៉ុល ពត ខ្លួនឯងត្រូវបានពួកខ្មែរក្រហមគ្នាឯងចាប់ខ្លួនយកមកកាត់ទោសឲ្យ ជាប់គុកអស់មួយជីវិតពីបទធ្វើឃាតលើ សុន សេន នេះ។ ក៏ប៉ុន្តែ ប៉ុល ពត បានស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ ចំណែកតាម៉ុកវិញ ស្លាប់ដោយជម្ងឺនៅឆ្នាំ២០០៦ ក្រោយពីបានជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងនៃតុលាការយោធាកម្ពុជា អស់រយៈពេលប្រមាណ៧ឆ្នាំ។
ក្រៅពីគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សប្រចាំភូមិភាគក៏ជាមនុស្សដែលមានអំណាចខ្លាំងដែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 28/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 14:48 ម៉ោងសកល
ចាប់តាំង ពីបានសម្រេចចិត្តបើកការតស៊ូដោយប្រដាប់អាវុធ នៅឆ្នាំ១៩៦៧ រហូតមកទល់នឹងឆ្នាំ១៩៧០ ពួកខ្មែរក្រហមមានទាហានតិចតួចបំផុត។ ទាហានទាំងនោះសោតក៏មិនបានទទួលការហ្វឹកហ្វឺន និងបំពាក់អាវុធយុទ្ធភ័ណ្ឌអ្វីធំដុំដែរ។
ក៏ ប៉ុន្តែ ក្រោយពេលដែលពួកខ្មែរក្រហម ទៅចូលរួមក្នុង រណសិរ្សរួបរួមជាតិកម្ពុជា ដែលបង្កើតឡើងដោយសម្តេច នរោត្តម សីហនុ ក្រោយពីព្រះអង្គត្រូវបានគេទម្លាក់ពីអំណាចមក កងទ័ពខ្មែរក្រហមបានទទួលការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ប្រជាជនកម្ពុជាផង និងពីសំណាក់ប្រទេសចិន និងវៀតណាមផង។សម្តេចនរោត្តម សីហនុ ជួបប្រជុំជាមួយមេដឹកនាំខ្មែរក្រហម នៅឆ្នាំ១៩៧៣
សម្តេចនរោត្តម សីហនុ ជួបប្រជុំជាមួយមេដឹកនាំខ្មែរក្រហម នៅឆ្នាំ១៩៧៣
ពីសត្រូវក្លាយមកជាមិត្ត
នៅ ថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ ក្នុងពេលដែលសម្តេច នរោត្តម សីហនុ កំពុងធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូ សហភាពសូវៀត លន់ ណុល និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានរៀបចំឲ្យរដ្ឋសភាជាតិធ្វើការបោះឆ្នោតទម្លាក់ព្រះអង្គចេញពី តំណែងជាប្រមុខរដ្ឋ។
ចាកចេញពីម៉ូស្គូ សម្តេច នរោត្តម សីហនុ បានធ្វើដំណើរឆ្ពោះទៅទីក្រុងប៉េកាំង ប្រទេសចិន។ នៅក្នុងអំឡុងពេលនោះ គណៈប្រតិភូមួយក្រុមរបស់បក្សកុម្មុយនីស្តកម្ពុជា ដឹកនាំដោយ សាឡុត ស (ប៉ុល ពត) ដែលទើបតែបញ្ចប់ទស្សនកិច្ចនៅទីក្រុងហាណូយ ក៏កំពុងស្ថិតនៅក្រុងប៉េកាំងដែរ។ ក៏ប៉ុន្តែ យោងតាមអត្ថបទដែលចុះផ្សាយនៅលើគេហទំព័ររបស់ព្រះបាទ នរោត្តម សីហនុ ព្រះអង្គបានអះអាងថា ព្រះអង្គមិនបានជួបជាមួយនឹងសាឡុត ស ទេ នៅប៉េកាំងនោះ។
នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៧០ ដោយមានការគាំទ្រពីសំណាក់ប្រទេសចិន និងវៀតណាមខាងជើង សម្តេច នរោត្តម សីហនុ បានប្រកាសបង្កើតរណសិរ្សរួបរួមជាតិកម្ពុជាមួយ ហើយព្រះអង្គបានអំពាវនាវឲ្យប្រជាជនកម្ពុជារត់ចូលព្រៃកាន់អាវុធ ដើម្បីតស៊ូប្រឆាំងនឹងរបប លន់ ណុល។ ខ្មែរក្រហម ដែលជាអតីតគូសត្រូវរបស់ព្រះអង្គក៏បានចូលរួមក្នុងរណសិរ្សរួបរួម ជាតិនេះដែរ។
ចិន ជើងមួយចង់ជាន់ទូកពីរ
បើយោងតាមលោកស្រី Elizqbeth Becker ក្នុងសៀវភៅ ដែលមានចំនងជើងថា “ទឹកភ្នែកកម្ពុជា” (Les larmes du Cambodge) ចិន ដែលបានសម្តែងការគាំទ្រដល់សម្តេច នរោត្តម សីហនុ និងពួកខ្មែរក្រហមនោះ ក្នុងពេលជាមួយគ្នា បែរជាបានបញ្ជូនតំណាងពិសេសរបស់ខ្លួនឲ្យមកចរចាជាមួយ លន់ ណុលទៅវិញ។ ក្នុងការចរចានោះ ចិនបានសន្យាថានឹងទទួលស្គាល់រដ្ឋាភិបាល លន់ ណុល ប្រសិនបើគាត់យល់ព្រមតាមល័ក្ខខ័ណ្ឌចំនួនបី។ ទីមួយ អនុញ្ញាតិឲ្យចិនដឹកជញ្ជូនសព្វាវុធឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីយកទៅឲ្យពួកកុម្មុយនិស្តវៀតណាម។ ទីពីរ អនុញ្ញាតិឲ្យវៀតណាមតាំងទ័ពនៅលើទឹកដីកម្ពុជា។ និងទីបី ចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការគាំទ្រជាផ្លូវការដល់ពួកកុម្មុយនីស្តវៀតណាម។
ឥរិយាបថ របស់ចិននេះបង្ហាញថា អាទិភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅពេលនោះគឺបដិវត្តន៍របស់ពួក កុម្មុយនិស្តវៀតណាម មិនមែនកុម្មុយនិស្តខ្មែរនោះទេ។ ក្រុងប៉េកាំងនឹងសុខចិត្តបោះបង់ចោល រណសិរ្សរួបរួមជាតិកម្ពុជា ហើយមកគាំទ្ររដ្ឋាភិបាល លន់ ណុល វិញ ប្រសិនបើរដ្ឋាភិបាលនេះយល់ព្រមគាំទ្របដិវត្តន៍វៀតណាម។ នេះក៏ព្រោះតែចិនយល់ថា ពួកកុម្មុយនិស្តវៀតណាមមានកម្លាំងមាំមួនជាងពួកកុម្មុយនិស្តខ្មែរ ក្នុងការទប់ទល់ជាមួយអាមេរិក។
ក៏ប៉ុន្តែ ដោយ លន់ ណុល បដិសេធមិនទទួលយកល័ក្ខខ័ណ្ឌទាំងបីខាងលើនេះ ក្រុងប៉េកាំងក៏បានផ្តាច់ទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាល សាធារណរដ្ឋខ្មែរ ហើយប្រកាសទទួលស្គាល់ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា របស់សម្តេច នរោត្តម សីហនុ ដែលបានបង្កើត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០។
ប្រជាប្រិយភាពសម្តេច នរោត្តម សីហនុ ចំណេញដល់ពួកខ្មែរក្រហម
ការចូលរួមក្នុងរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ធ្វើឲ្យពួកខ្មែរក្រហមទទួលបាននូវផលចំណេញពីរ។
ទីមួយ ក្រោមផ្លាករដ្ឋាភិបាលរួបរួមជាតិ ដែលមានសម្តេច នរោត្តម សីហនុ ជាប្រមុខ ពួកខ្មែរក្រហមទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន កម្ពុជា ដែលគាំទ្រព្រះអង្គ។ សាឡុត ស ដែលធ្លាប់តែជាជនបះបោរមួយរូបលាក់ខ្លួនពីការតាមចាប់ពីសំណាក់ រដ្ឋាភិបាលកម្ពុជានោះ បានក្លាយទៅជាមេបញ្ជាការកងទ័ពនៃរដ្ឋាភិបាលរួបរួមជាតិដ៏មាន ប្រជាប្រិយនេះ។
ទីពីរ ចលនាខ្មែរក្រហម នៅពេលនេះ បានទទួលនូវការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រទេសចិន និងវៀតណាមខាងជើង។ សូមរំលឹកថា កាលពីមុន វៀតណាមជួយដល់ពួកខ្មែរក្រហមត្រឹមតែផ្តល់កន្លែងលាក់ខ្លួនពីការ តាមប្រមាញ់ពីសំណាក់ទាហានរដ្ឋាភិបាលសង្គមរាស្រ្តនិយមប៉ុណ្ណោះ។ តែចាប់ពីពេលខ្មែរក្រហមបានចូលរួមជាមួយរដ្ឋាភិបាលរួបរួមជាតិ កម្ពុជា កងទ័ពវៀតណាម ដែលកាលណោះត្រូវបានគេទទួលស្គាល់ថា ជាកងទ័ពខ្លាំងជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍នោះ ថែមទាំងបានជួយច្បាំងនឹងទាហានលន់ ណុល ជំនួសពួកខ្មែរក្រហមទៀតផង។
ក្រោយ ពេលត្រលប់ពីប៉េកាំងមកដល់រតនគិរីវិញ សាឡុត ស បានសម្រេចប្តូរស្នាក់ការកណ្តាលបក្សទៅកាន់ស្រុកសន្ទុក ខេត្តកំពង់ធំវិញ។ ចាប់តាំងពីពេលចាប់ផ្តើមធ្វើបដិវត្តន៍មក ទើបតែពេលនោះទេ ដែល សាឡុត ស សម្លឹងឃើញនូវឱកាសដែលខ្លួនអាចដណ្តើមកាន់អំណាចនៅកម្ពុជាបាន។
នៅ ចុងឆ្នាំ១៩៧០ ក្រុមខ្មែរកុម្មុយនិស្តដែលបានភៀសខ្លួនទៅវៀតណាមកាលពីឆ្នាំ១៩៥៤ ក៏បានវិលត្រលប់មកកម្ពុជាវិញ ដើម្បីចូលរួមធ្វើបដិវត្តន៍ជាមួយនឹងខ្មែរកុម្មុយនិស្តក្នុងស្រុក។ ប៉ុន្តែ ក្រុមខ្មែរហាណូយនៅពេលនោះមិនត្រូវបានគេផ្តល់តំណែងក្នុងជួរ ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តកម្ពុជានោះទេ។ តំណែងសំខាន់ៗនៅតែស្ថិតក្នុងកណ្តាប់ដៃក្រុមខ្មែរក្រហមស្និទ្ធនឹង សាឡុត ស ដដែល។
សម្ព័ន្ធភាពល្អូកល្អឺនចាក់ទឹកមិនលេច រវាងពួកកុម្មុយនិស្តវៀតណាម និងពួកកុម្មុយនិស្តខ្មែរមានរយៈពេលតែបីឆ្នាំប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៣ សម្ព័ន្ធភាពរវាងខ្មែរក្រហម និងវៀតណាមក៏បានឈានមកដល់ទីបញ្ចប់៕
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/01/2009 14:13 ម៉ោងសកល
នៅ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាមិនត្រូវបានបែងចែកជាខេត្ត-ក្រុងនោះទេ តែត្រូវបែងចែកចេញជាភូមិភាគ និងតំបន់វិញ។ លេខាបក្សប្រចាំភូមិភាគ ភាគច្រើនសុទ្ធតែជាសមាជិក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា ហើយគឺជាស្តេចត្រាញ់នៅក្នុងភូមិភាគ ដែលពួកគេកាន់កាប់។ពួកខ្មែរក្រហមបានធ្វើការបែងចែកទឹកដីប្រទេសកម្ពុជាជាភូមិភាគ តាំងពីមុនឆ្នាំ១៩៧៥ម៉្លេះ។ ភូមិភាគនីមួយៗ គឺជាការយកខេត្តពីរឬច្រើន ឬកាត់យកខេត្តនេះខ្លះ ខេត្តនោះខ្លះ មកដាក់បញ្ចូលគ្នា។ ភូមិភាគនីមួយៗត្រូវបែងចែកជាតំបន់ ហើយតំបន់នីមួយៗត្រូវបែងចែកជាស្រុក ឃុំ និងសហករណ៍បន្តទៀត។
នៅតាមភូមិភាគនីមួយៗ លេខាបក្សប្រចាំភូមិភាគគឺជាអ្នកមានអំណាចសម្រេចលើអ្វីៗទាំងអស់ នៅក្នុងភូមិភាគរបស់ខ្លួន។ អ្នកដែលមានអំណាចបន្ទាប់ពីភូមិភាគ គឺសហករណ៍។ សហករណ៍នីមួយៗដឹកនាំដោយ ប្រធានសហករណ៍មួយរូប និងសហការី២រូបផ្សេងទៀត។ យោងតាមលោក David Chandler សហករណ៍ មានអំណាចធ្វើសេចក្តីសម្រេចលើអ្វីៗទាំងអស់នៅក្នុងរង្វង់ដែនដី របស់ខ្លួន ដូចជា ការកំណត់របបចំណីអាហារ ទំហំការងារដែលប្រជាជនត្រូវបំពេញ ឬ កំណត់ថាកុមារណាដែលត្រូវដាក់បញ្ចូលទៅក្នុងកងចល័ត ជាដើម ។ល។
នៅឆ្នាំ១៩៧៦ កម្ពុជាប្រជាធិបតេយ្យត្រូវបានបែងចែកជា៧ភូមិភាគ ដែលរួមមាន ៣២តំបន់។
១ ភូមិភាគនិរតី ឬភូមិភាគ៤០៥
យោងតាមលោកស្រី Elizabeth Becker ភូមិភាគ និរតីគឺជាភូមិភាគធំជាងគេ មានប្រជាជនក្រីក្រជាងគេ ប៉ុន្តែ មានកងទ័ពខ្លាំងជាងគេ។ លេខាភូមិភាគនិរតី គឺឈិត ជឿន ហៅតាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី និងស្រុកប្រាំក្នុងខេត្តកណ្តាល គឺស្រុកកណ្តាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជាបួនតំបន់ គឺតំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។
ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣
ភូមិភាគ នេះដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅឆ្នាំ១៩៧៨ នៅពេលដែលប៉ុល ពត បញ្ជូនទាហានឲ្យមកចាប់ខ្លួន។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងកើតទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកបីទៀតក្នុងខេត្តកណ្តាល គឺស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ គឺតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៥។
ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០
លេខា ភូមិភាគពាយ័ព្យ គឺញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធិសាត់ និងបាត់ដំបងទាំងមូល ហើយចែកចេញជា៧តំបន់ ពីតំបន់១ ដល់តំបន់៧។
ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣
ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៦ ភូមិភាគនេះដឹកនាំដោយ កុយ ធួន ហៅ ធុច។ ក្រោយពី កុយ ធួន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅឆ្នាំ១៩៧៦ កែ ពក ត្រូវបានតែងតាំងជាលេខាភូមិភាគនេះជំនួស កុយ ធួន។ នៅឆ្នាំ១៩៧៧ ភូមិភាគឧត្តរនេះ ត្រូវបានប្តូរឈ្មោះទៅភូមិភាគកណ្តាលវិញ។ ចំណែកភូមិភាគភូមិភាគឧត្តរចាស់ត្រូវបានរើទីតាំងទៅតាំងនៅខេត្ត ខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារវិញ។ ភូមិភាគឧត្តរថ្មីនេះដឹកនាំដោយ កង ចាប។
ទី៥ ភូមិភាគកណ្តាល
គឺ ជាភូមិភាគបង្កើតថ្មី ដោយមានទីតាំងនៅត្រង់ភូមិភាគឧត្តរចាស់ ពោលគឺរួមមានខេត្តកំពង់ធំទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងលិចទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម និងស្រុកព្រែកប្រសប់ ក្នុងខេត្តក្រចេះ។ ភូមិភាគនេះត្រូវបានបែងចែកជាបីតំបន់ គឺតំបន់៤១ តំបន់៤២ និងតំបន់៤៣។ លេខាភូមិភាគកណ្តាល គឺ កែ ពក។
ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១
ភូមិភាគ នេះដឹកនាំដោយ ជូ ជេត ហើយរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។ ភូមិភាគនេះបែងចែកជា៥តំបន់ គឺតំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។
ទី៧ ភូមិភាគឥសាន្ត ឬភូមិភាគ១០៨
ណៃ សារ៉ាន់ ហៅ យ៉ា បានកាន់តំណែងជាលេខាភូមិភាគឥសាន្តរហូតដល់ខែកញ្ញា ឆ្នាំ១៩៧៦ ពេលដែល ណៃ សារ៉ាន់ ត្រូវបានចាប់ខ្លួនយកទៅដាក់ក្នុងគុកទួលស្លែង។ ម៉ែន សាន ត្រូវបានតែងតាំងជាលេខាភូមិភាគជំនួស ណៃ សារ៉ាន់។ ភូមិភាគឥសាន្តរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីទាំងមូល និងផ្នែកខ្លះនៃខេត្តក្រចេះ។ ភូមិភាគនេះបែងចែកជា៦តំបន់ គឺតំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។
ក្រៅពីនេះ មានតំបន់មួយចំនួនត្រូវបានផ្តាច់ចេញពីភូមិភាគ ឲ្យទៅជាតំបន់ស្វយ័តវិញ។ តំបន់ទាំងនោះរួមមាន តំបន់សៀមរាប-ឧត្តរមានជ័យ ឬតំបន់១០៦ និងតំបន់ព្រះវិហារ ឬតំបន់១០៣ ដែលពីមុនស្ថិតក្នុងភូមិភាគឧត្តរ តំបន់ក្រចេះ ឬតំបន់៥០៥ និងតំបន់មណ្ឌលគិរី ឬតំបន់១០៥ ពីមុនស្ថិតក្នុងភូមិភាគឥសាន្ត។ តំបន់កំពង់សោមក៏ត្រូវបានចាត់ជាតំបន់ស្វយយ័តដែរ៕