សាលាក្តីខ្មែរក្រហមខ្វះថវិកា ស្របពេលការចោទប្រកាន់អំពីអំពើពុករលួយនៅមិនទាន់ត្រូវបានដោះស្រាយ
ដោយ ស្ទេហ្វានី ហ្សេ
២៥-០២-២០០៩
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៧ កក្កដា ២០០៧៖ ប្រុងប្រយ័ត្ន ឥដ្ឋរអិល! ច្រកដើរ នៅក្នុងអគាររដ្ឋបាលនៃអ.វ.ត.ក
© ចន វីង / Magnum
លោក Peter Taksoe-Jensen ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការ
ច្បាប់ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ដើម្បីជួបពិភាក្សា ជាមួយលោកឧបនាយករដ្ឋមន្រ្តីសុខ អាន ទាក់ទងនឹងការងាររបស់ក្រុមការងារទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយភាគីសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងពង្រឹងយន្តការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងសាលាក្តី
កាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ ក្រោយបញ្ចប់ជំនួបពិភាក្សានេះ លោក Peter Taksoe-Jensen និយាយថាសាលាក្តីមានដំណើរវិវត្តន៍ទៅមុខ។ ដោយឡែក ក្រុមមេធាវីអន្តរជាតិការពារក្តីអោយនួន
ជា ហៅ «បងធំទីពីរ» នៅតែបន្តធ្វើការទាមទារអោយមានដំណោះស្រាយបញ្ហាអំពើពុករលួយនេះ ព្រោះវាអាចប៉ះពាល់ដល់សិទ្ធិមូលដ្ឋាននៃការទទួលបាននូវការជំនុំជម្រះប្រកបដោយ
យុត្តិធម៌មួយ កូនក្តីរបស់ពួកគេ។ក្តីសង្ឃឹមថានឹងទទួលបានទំនុកចិត្តជាថ្មីពីសំណាក់ប្រទេស
ផ្តល់ជំនួយ ចាប់តាំងពីឆ្នាំ២០០៨មក យុត្តាធិការដែលមានលក្ខណៈអន្តរជាតិមួយនេះបានប្រឈមមុខនឹងការចោទប្រកាន់អំពី
អំពើពុក រលួយ ដែលជាប់ពាក់ព័ន្ធនឹងបុគ្គលកម្ពុជានៅក្នុងអ.វ.ត.ក។
កាលនោះ អង្គការសហប្រជាជាតិបានបើកកិច្ចស៊ើបអង្កេតមួយ យរបាយការណ៍នៃការ
ស៊ើបអង្កេតនោះត្រូវបានប្រគល់អោយទៅរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ២០០៨
ប៉ុន្តែ រហូតមកទល់សព្វថ្ងៃនេះ របាយការណ៍មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ។ ចាប់តាំងពីដើមឆ្នាំនេះមក អង្គការជាច្រើន ដែលតាមដានដំណើរការសាលាក្តីខ្មែរក្រហមបានសំដែងការព្រួយបារម្ភ ចំពោះអវត្តមានចំណាត់ការជាក់លាក់របស់តុលាការ ក្នុងការដោះស្រាយបញ្ហានេះ ដើម្បីជៀសវាងការប៉ះពាល់ដល់ទំនុកចិត្តមកលើតុលាការកូនកាត់មួយនេះ។ កាលពីជំនួប ថ្ងៃទី
១០ ខែធ្នូ ឆ្នាំ២០០៨ គណៈប្រតិភូជាន់ខ្ពស់មួយក្រុមនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Peter Taksoe-Jensen ហើយនិងលោកសុខ អាន បានឯកភាពគ្នា បង្កើតគណៈកម្មាធិការរួមមួយ ដើម្បីពង្រឹងវិធានការប្រឆាំងអំពើពុករលួយ និងផ្សព្វផ្សាយលទ្ធផល ប្រាប់ដល់ម្ចាស់ជំនួយរបស់សាលាក្តី រហូតដល់ថ្ងៃទី៣១ ខែមករា... ប៉ុន្តែ ចាប់ពីពេលនោះមក គ្មានការរីកចម្រើនណាមួយត្រូវបានបង្ហាញឡើយ។

បន្ទាប់ពីជំនួបស្តីពីបញ្ហាពុករលួយនេះរួចមក ភាគីកម្ពុជានិងភាគីសហប្រជាជាតិ បានសន្យាការពារពេញលេញដល់បុគ្គលិករបស់ភាគីទាំងពីរនៅក្នុងសាលាក្តី ចំពោះការសងសឹកដែលអាចកើតមានឡើង បណ្តាលមកពីការរាយការណ៍ត្រឹមត្រូវពីការធ្វើខុសរបស់ភាគីណាមួយ។ ម្យ៉ាងវិញទៀត អ្នកសង្កេតការណ៍អំពីក្រមសីលធម៌អាចនឹងត្រូវជ្រើសតាំងខាងភាគីអន្តរជាតិ។

លោក Peter Taksoe-Jensen តំណាងអង្គការសហប្រជាជាតិ បានមានប្រសាសន៍នៅដើម

សប្តាហ៍នេះ ដោយសង្ឃឹមថាយន្តការថ្មី ដែលត្រូវបានបង្កើតឡើងដោយភាគីទាំងពីរនឹងជួយផ្តល់ទំនុកចិត្តឡើងវិញដល់ម្ចាស់ជំនួយ ដែលមានការព្រួយបារម្ភ ក្នុងការចំណាយថវិកាជួយដល់ដំណើរការសាលាក្តី។ តួយ៉ាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបង្កកហិរញ្ញប្បទានទាំងអស់សម្រាប់អ.វ.ត.ក តាំងពីពាក់កណ្តាលឆ្នាំកន្លងទៅមកម៉្លេះ។ ស្ថានភាពបែបនេះបានធ្វើអោយយុត្តាធិការនេះកាន់តែទន់ខ្សោយ ហើយនឹងត្រូវអស់ថវិកានាពេលខាងមុខនេះ។

ភាគីកម្ពុជានៃសាលាក្តីខ្មែរក្រហមជួបការលំបាក ចាប់ពីថ្ងៃទី១ មីនាទៅ
លោកស្រី ហេឡែន ហ្សាវីស៍ (Helen Jarvis) ប្រធានអង្គការផ្នែកកិច្ចការសាធារណៈនៃអ.វ.ត.ក បានអះអាងនៅថ្ងៃពុធ ទី២៥ ខែកុម្ភៈនេះថា ភាគីកម្ពុជានៃអង្គជំនុំជម្រះ នឹងជួបបញ្ហាខ្វះថវិកា ចាប់ពីថ្ងៃទី១ ខែមីនា ដើម្បីបន្តបេសកកម្មរបស់ខ្លួន ជាមួយក្រុមការងារផ្សេងៗ ប្រសិនជាមិនមានជំនួយណាមួយ ចាប់ពីពេលនេះទៅនោះទេ។ ចំណែកភាគីអន្តរជាតិវិញ បើតាមប្រសាសន៍របស់លោកស្រី អាចនឹងមានថវិកាគ្រប់គ្រាន់ ដើម្បីបន្តការងាររហូតដល់បំណាច់ឆ្នាំនេះ។ យ៉ាងណាមិញ នៅក្នុងរបាយការណ៍ខែកុម្ភៈ ឆ្នាំ២០០៩របស់អង្គការ Open Society Justice Initiative អង្គការនេះបានវាយតម្លៃថាភាគីអន្តរជាតិអាចនឹងខ្វះខាតថវិកាជិត១០លានដុល្លារ ដើម្បីដំណើរការរហូតដល់បំណាច់ឆ្នាំ២០០៩។ ប៉ុន្តែ លោកស្រី ហេឡែន ហ្សាវីស៍ នៅមានភាពសុទិដ្ឋិនិយមថា «យើងមិនត្រូវស្រមៃថាតុលាការនេះនឹងបញ្ចប់ដំណើរការ ដោយសារមិនមានមូលនិធិនោះឡើយ...»។ ប៉ុន្តែ លោកស្រីបានបន្ថែមទៀតថា «វាគឺជារឿងបន្ទាន់»។

ប្រទេសជប៉ុនគឺជាប្រទេសចុងក្រោយគេ ដែលបានប្រកាសផ្តល់ជំនួយដល់អ.វ.ត.ក កាលពីថ្ងៃទី១១ ខែមករា ដោយបានបង្កើនហិរញ្ញប្បទានទ្វេដង ជាមួយនឹងទឹកប្រាក់២១លានដុល្លារបន្ថែមទៀត។ សូមអានអត្ថបទរបស់ កាសែត ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៩ ចំណងជើងថា ប្រទេសជប៉ុនបង្កើនហិរញ្ញប្បទានទ្វេដង ជួយដល់សាលាក្តីខ្មែរក្រហម ថ្ងៃទី១៣ មករា ២០០៩

ក្រុមមេធាវីការពារក្តីអោយនួន ជា អំពាវនាវដល់លោក បាន គី ម៉ូន
នៅថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ក្រុមមេធាវីអន្តរជាតិការពារក្តីអោយនួន ជា ដែលមានការព្រួយបារម្ភខ្លាំងអំពីបញ្ហានេះ បានជួបពិភាក្សាជាមួយលោក Peter Taksoe-Jensen ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់។ ក្រុមមេធាវីនេះមិនបានធ្វើអធិប្បាយទាក់ទងនឹងប្រធានបទនៃជំនួបនេះឡើយ ដោយបានបញ្ជាក់ថាក្រុមមេធាវីបានប្រគល់លិខិតមួយច្បាប់អោយលោក Peter Taksoe-Jensen ដើម្បីយកប្រគល់ជូនលោកបាន គីម៉ូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសំណូមពរគាត់អោយក្រុមមេធាវីមានសិទ្ធិទទួលបាន«យ៉ាងសម្ងាត់» នូវរបាយការណ៍ស៊ើបអង្កេត ដែលដឹកនាំដោយក្រុមការងារសហប្រជាជាតិ ដើម្បីបំភ្លឺទឡ្ហីករណ៍នៃអំពើពុករលួយ។

មេធាវីអន្តរជាតិរបស់នួន ជា (Michiel Pestman- Viktor Koppe និងAndrew Ianuzzi) បានដាក់ពាក្យបណ្តឹងមួយទៅកាន់តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ដើម្បីអោយដោះស្រាយការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ នៅចំណោមបុគ្គលិកកម្ពុជានៅក្នុងអង្គជំនុំជម្រះ។ ប៉ុន្តែ បណ្តឹងនេះត្រូវបានអយ្យការអមតុលាការចេញសេចក្តីជូនដំណឹងសម្រេចតម្កល់រឿងទុកមិនចាត់ការ ដោយមានសំអាងថា «បណ្តឹងមិនសមហេតុផល គ្មានបទល្មើសនិងជនល្មើសមិនស្គាល់មុខ»។ ក្រោយមក មេធាវីទាំងបីបានដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍កម្ពុជា ប៉ុន្តែ ក្រុមមេធាវីគិតទុកជាមុនថាតុលាការនឹងមិនទទួលចាត់ការបណ្តឹងនេះឡើយ ដោយសារមិនមានឯកសារបន្ថែមផ្សេង ក្រៅពីឯកសារដែលដាក់នៅសាលាដំបូង។

មេធាវីៈ វាជាសំណើត្រឹមត្រូវតាមច្បាប់
ក្រុមមេធាវីការពារក្តីអោយនួន ជា បានសរសេរទៅកាន់លោកបាន គីម៉ូន ដោយបង្ហាញឆន្ទៈតស៊ូនីតិវិធីរហូតដល់ទីបញ្ចប់ ដើម្បីបំភ្លឺរឿងនេះ។ ហេតុផលរបស់ពួកគេ គឺ «ប្រសិនជាសមាជិកសំខាន់នៃបុគ្គលិក […] យល់ព្រមទទួលសំណូក ហេតុដូច្នេះ អ្នកទាំងនោះក៏អាចទទួលបញ្ជាមិនគប្បីផ្សេងទៀត ដូចជាការបន្លំភស្តុតាង។ យើងចាត់ទុកថាទង្វើបែបនេះមិនស៊ីចង្វាក់ ជាមួយសញ្ញាណដ៏សំខាន់នៃឯករាជ្យភាពតុលាការ និងស្ថាប័នឡើយ»។

ដោយសារក្រុមមេធាវីមិនអាចទទួលព័ត៌មានស្តីពីស្ថានភាពពិតប្រាកដ មិនថាពីសំណាក់អង្គការសហប្រជាជាតិ រឺរដ្ឋាភិបាលកម្ពុជា ក្រុមមេធាវីបានទទូចសុំលោកបាន គីម៉ូន អោយដកបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ «ជាបន្ទាន់» ដើម្បីទទួលបានរបាយការណ៍ស៊ើបអង្កេត ដែលដឹកនាំដោយសហប្រជាជាតិ។ ក្រុមមេធាវីបានសន្និដ្ឋានចុងក្រោយថា ប្រសិនជាអង្គការសហប្រជាជាតិមិនបំពេញតាមសំណើរបស់ក្រុមមេធាវីនោះទេ វានឹងធ្វើអោយខូចកិត្តិយសតុលាការយុត្តិធម៌។









Labels