ជាតិចំរើនដោយអក្សរសាស្រ្ត មានបទបែបល្បះតាមមាត្រា
សរសេរតាមជនជាតិខុសអក្ខរា ប្រើខាងរាជការមេឃចុះអ័ព្ទ ។
ប្រែលោកភូមីភពស្រុកខេត្តខ័ណ្ឌ ប្រែខ្លួនគ្រប់គ្រាន់ក្បួនប្រារព្ធ
ប្រែច្បាប់វិទ្យាទាំងថ្ងៃយប់ ទើបប្រទេសជប់មហាស៊ីវិល័យ ។
បណ្ឌិត្យបូរាណគ្រូអាចារ្យ មាសពេជ្យរចនាភ្លឺប្រពៃ
គួរគិតអប់រំជាតិនិស្ស័យ ឲ្យបានថ្លាថ្លៃអនាគត ។
ព្យាយាមប្រមូលបណ្ឌិត្យប្រាជ្ញ, ខំយកស្នូកបាចអវិជ្ជាពត់
សតវត្សៈដប់ប្រាំបួនកត់ ធីរៈប្រវត្តិក្បួនសៀវភៅ ។
អក្សរសាស្រ្តអតីតលំបាកស្រាវ បូរាណខំជ្រាវមិនយល់ផ្លូវ
សម័យវរ្ម័នអង្គរនៅ សិលាចារិកជ្រៅជ្រៀតមិនជ្រាប ។
ថែមមានសង្រ្គាមចលាចល កម្ពុជាសកលកង្វល់ដាប
ជាតិខ្មែរបានដល់ទុព្វលភាព អក្សរសាស្រ្តរាបរកមិនយល់ ។
គួរគិតបកប្រែសៀវភៅរៀន ចំណេះរបៀនក្រៅមណ្ឌល
វិទ្យាគ្រប់បែបលោកដំកល់ ដំកើងជាតិដល់ផលចំរើន ។
ខេមរាប្រុសស្រីខំរៀនសូត្រ សោយអាហារលូតលាស់ក្រវើន
ដំរេះចេះចាំប្រាជ្ញដាស់តឿន នាំគ្នាត្រាច់ល្បឿនលាងមន្ទិល ។
ពូជឧស្សាហ៍ស្វាងសែងអាត្មាបាន ធ្វើជាតិកល្យាណជាងពូជខ្ជិល
ទាបថោកវង្សត្រកូលពាលខូចខិល ម្ដេចកម្ពុជារំកិលទាន់សម័យ ។
មនុស្សម្នាក់ពុំអាចសម្រេចការ ត្រូវធ្វើសាមគ្កាពលប្រស្រ័យ
ប្រុសស្រីក្មេងចាស់ជួយវីនិច្ឆ័យ ទើបឆ្នៃបានឈ្នះពីហីនជាតិ ។
ធម្មតាសិលាអាស្រ័យដែក ញែកភ្លើងបំបែកធ្វើចេញធាតុ
មនុស្សត្រូវពឹងមនុស្សប្រាជ្ញឱវាទ សប្បុរសជាខ្នាតទើបពកខ្នែង ។
គួរអប់រំកាព្យឃ្លោងបាទកវី បទបែបពេញទីភ្លឺស្វាងសែង
ពាក្យពេចន៍ឃ្លោងឃ្លានិពន្ធតែង ឲ្យចេញភ្លើងផ្សែងផ្សព្វលោកា ។
រុក្ខជាតិព្រឹក្សព្រៃកាប់មកភ្លាម កុំភ្លេចឈូសនាមចាំងបន្ទារ
គូសបន្ទាត់ដាប់កែតាមប្រាថ្នា ធ្វើគ្រឿងទព្វសម្ភារគ្រឹហាបាន ។
ព្យាយាមដំដែកសព្វទិវា កើតជាងរចនាប៉ូវថៅថ្កាន
ប្រទេសថ្កើងប្រុសស្រីព្យាយាមប្រាណ ប្រឹងប្រែងយកឋានសោភ័ណភព ។
គួររៀនវិទ្យាសាស្រ្តសម័យ កាយវិការប្រស្រ័យចិត្តប្រារព្ធ
មនុស្សព្រឹក្សចិត្តសាស្រ្តចាកយប់ យោងជាតិប្រសប់ចម្រើនយស ។
យកសត្វភមរាជាឧបសម័យ ធ្វើជាតិឲ្យថ្លៃសោភ័ណខ្ពស់
ជញ្ជាបយកកេសរគន្ធរស រុករកស្វែងស្វះធ្វើសំបុក ។
កុំត្រាប់កង្កែបគុម្ពឈូកនៅ ត្រាប់កន្លង់ដៅផុតពីកលីយុគ
នៅឆ្ងាយហើរឈមដម្រង់មុខ មកក្រេបរសសុខបានសួស្ដី ។
កុំត្រាប់មេអំបៅត្រាច់សប្បាយ មិនយល់ខ្លឹមស្រាយធម៌វិន័យ
ត្រូវយកទទាចងនិស្ស័យ លលកបច្ច័យឆ្វែលជុំទ្រុង ។
វិទ្យាសាស្រ្តអប់រំយូរកាល កបចេះភ្លឺច្រាលយល់ក្រៅក្នុង
រកឃ្នាបប្រាជ្ញាផុតលិចលង់ ឡើងចាកភក់ផុងកើតប្រាជ្ញប្រាយ ។
ធម្មតាគ្រាប់ឈើក្នុងប្រថពី ខំរើវក់វីញែកកកាយ
យល់សែងសុរិយាក្លាពីនាយ ទើបផ្សាយដើមទងដុះដាលឡើង ។
ដើមដូងស្រូបយកទឹកល្អកក្រោម ត្រាច់ដាក់ឈមត្រង់មិនព្រងើយ
ក្នុងរលាសាច់ផ្លែមិនខ្លាចនឿយ ប្រែទឹកផ្អែមហើយហូរត្រជាក់ ។
គួររៀនប្រវត្តិសាស្រ្តខេមរា ឲ្យជាតិថ្លៃថ្លាប្រាថ្នាស្ម័គ្រ
គោកធ្លកព្រះថោងចិនឡាថ្នាក់ មហារាជព្រហ្មណ៍ជាក់វង្សវរ្ម័ន ។
សម័យហ្វូណង់ស្ដេចអង្គរ ប្រាសាទបវរល្អថ្កើងថ្កាន
ពោរពាសពេញដែនដីទិព្វស្ថាន នានាប្រទេសបានបបខ្លបខ្លាច ។
ពូជតាត្រសក់ផ្អែមគួរផ្អូកនឹក កម្ពុជាគោកទឹកមហាអំណាច
មហារាជឧដុង្កភ្នំពេញអាច ចូលភ្លើងមមាចនិទ្រ្ទាលក់ ។
ប្រវត្តិសាស្រ្តនាំគ្នាស្នេហាជាតិ ព្យាយាមសង្វាតកុំងោកងក់
ក្មេងចាស់សញ្ចរលឿនទៅមុខ ញ៉ាំងក្លាហានទុកមរដកកេរ្តិ៍ ។
បើបានជាបាបលោកុត្តរ បើស្វែងបុណ្យល្អនិព្វានេ
បើឡើងគិរីកុំរិះរេ ព្យាយាមគ្នាន់គ្នេរកំពូលលើ ។
បើបានធ្វើស្រែច្រូតកាត់ស្រេច បើប្រើកលល្បិចកុំស្ទាក់ស្ទើរ
បើចង់ស្ទួយជាតិឲ្យខំដើរ ដំណើរនឿយហត់ទុក្ខកុំគិត ។
បើចង់បានពេជ្រខំកកាយ បើចង់ភ្លឺសាយចូលងងឹត
បើចង់បានសុខឲ្យហាត់ចិត្ត សាមគ្គីមូលមិត្តជាតិផុតមារ ។
បើធ្វើកិច្ចការបរាជ័យ ប្រឹងទាំងជើងដៃរងទុក្ខា
ចាត់ធ្វើម្ដងទៀតមនោក្លៀវក្លា គង់សម្រេចប្រាថ្នាប្រយោជន៍ធំ ។
ពូជធារក្លាហានអប់រំក្មេង រុក្ខាព័ទ្ធពែងពីខ្ចីសំ
ចង់បានប្រាជ្ញាឲ្យខំដំ ញយ ៗ ប្រជុំផលញឹកញាប់ ។
គួររៀនចេះចាំលេខគនិត នព្វន្តគួរគិតយល់សព្វគ្រប់
ចេះក្រែលបានគ្រាន់ប្រាជ្ញប្រសប់ ប្រសើរក្នុងភពគង់ផុតភ័យ ។
បូរាណពោលថាវាចាឯក ខាងលេខជាទោតាមញាណញេយ្យ
ក្មេងចូរស្វាធ្យាយស្អាងនិស្ស័យ ចាស់ហើយយប់ថ្ងៃកុំភ្លេចប្រាណ ។
បើចំណេះជាប់ចេះបច្ចុប្បន្ន ផ្ដិតចេះគយគន់កបច្រើនស្ថាន
ចេះអនាគតតាមលំអាន ប្រោសមនុស្សឲ្យបានឋានសប្បុរស ។
ប្រទេសមានបុព្វបុរសនាំ ថែទាំទាល់ឃើញដល់ត្រើយកោះ
កោរកែប្រែជាតិកោសគិតស្មោះ ទើបផ្លោះផ្លាស់សម័យលោកា ។
ធ្វើការត្រូវត្រាប់អ្នកស្ទួចត្រី ត្រួតនុយប្រស្រ័យអប្បមាទា
ស្ទង់មើលស្ទាបគិតកលប្រាជ្ញា ស្រេចទាញមច្ឆាយកអាស្រ័យ ។
កុំឲ្យទុកចិត្តសត្វមនុស្សា លលូកលាតលាវិនិច្ឆ័យ
ចរិតមារយាទពាក្យបច្ច័យ ឲ្យយល់ថោកថ្លៃពាលបណ្ឌិត ។
គួររៀនភូមិសាស្រ្តកម្ពុជា ភាពជាតិអាត្មារាជការគិត
ចំនួនមនុស្សឈ្មោះក្រុងពិនិត្យ សេដ្ឋកិច្ចប្រព្រឹត្តទំនៀមស្រុក ។
ជាតិខ្មែរមិនស្គាល់កម្ពុជា ស្វាធ្យាយសាសនាតាមទំនុក
មិនដឹងពុទ្ធប្រវត្តិពូជកុក មិនស្គាល់បឹងថ្លុកទ្រនំខ្លួន ។
ស្គាល់ខ្លួន ៗ ឯងលំបាកផុត ស្គាល់ដទៃពុតខ្មែរចិនយួន
ស្គាល់ភពលោកមេឃភាពច្បាប់ក្បួន ស្គាល់លោកធម៌សួនលំបាកប្លែក ។
គួររៀនចងចាំប្រាជ្ញមេធី ឲ្យស្គាល់ពេញទីមនុស្សសត្វញែក
តក្កវិទ្យាស្វាធ្យាយសែក សេពសំទតមែកដើមឫសគល់ ។
ឆ្ងល់សង្ស័យនាំមានប្រាជ្ញា បើបានជាថាឲ្យមានផល
បើបានជាដើរខំឲ្យដល់ បើបានជាជល់កុំខ្លាចស្លាប់ ។
ឧស្សាហ៍ព្យាយាមទើបបានចេះ ចង់បេះផលាដាំប្រារព្ធ
ហេតុមនុស្សសត្វងងិតយប់ បថមកល្បគ្រប់ស្ដាប់មិនឮ ។
កលោកទឹកដីព្រៃព្រឹក្សា កជាតិសាសនាយល់ស្ទាក់ស្ទើរ
បើមានបាវព្រាយឲ្យចេះប្រើ ប្រាជ្ញាដំណើរនាមរូបធាតុ ។
បញ្ចក្ខន្ធបំបែកញែកតាមការ ឲ្យស្គាល់រូបនាមាតាមក្បួនខ្នាត
ចក្រវាឡតូចធំខំសង្វាត លោកធាតុឱវាទឲ្យយល់ស្ដែង ។
គួររៀនវិទ្យាហោរាសាស្រ្ត តារាឆ្លៀតឆ្លះខំប្រឹងប្រែង
ស្គាល់ចរិតចរិយាផលភ្លើងផ្សែង មេឃផ្កាយសំដែងរាសីចន្រ្ទ ។
ចូរប្រុសស្រីដែនកម្ពុជា ស្រឡាញ់គ្រប់គ្នាវិទ្យាគ្រាន់
លោកធម៌និស្ស័យឲ្យបានទាន់ សម័យលោកកាន់កបចេស្ដា ។
ទើបហៅស្រឡាញ់មាតុភូមិ សាមគ្គីព្រៀងព្រមស្អាងវិទ្យា
ស្រឡាញ់ជាតិទឹកដីព្រៃព្រឹក្សា ស្រឡាញ់ពុទ្ធសាសនាបានថ្លាថ្លៃ ។
វិទ្យាជាប្រទីបផុះប្រាជ្ញា ធ្វើជនខេមរាថ្កើងយប់ថ្ងៃ
វិទ្យាកបគុណល្អប្រពៃ ប្រាជ្ញាបណ្ឌិតចរណៃដំកើងជាតិ ។
នារីរតន៍បុរសអាជានេយ្យ ដឹកនាំប្រស្រ័យខ្មែរឆ្លៀវឆ្លាត
ទើបឆ្លុះសិរីត្រកូលញាតិ សួស្ដីលោកធាតុល្បីអស្ចារ្យ ។
វិទ្យាជាបិតារចនាគ្រប់ រដ្ឋាភិបាលសព្វតាមឋានា
សង្គមដុះដាលរៀបរាជការ នយោបាយខេមរាចំរើនសុខ ។
កែប្រែខ្មែរឲ្យទាន់កាល មានរស្មីភ្លឺច្រាលផុតពីទុក្ខ
កែទឹកដីសាសនាតាមទំនុក ជាតិចេញចាកភក់ភពស៊ីវិល័យ ។
កែមតិទិដ្ឋិជនជាតិបាន កែចរិយាឈានត្រាច់យប់ថ្ងៃ
ចំរើនសោភ័ណឆ្លងជលាល័យ នាវាសុវណ្ណជ័យដល់ត្រើយត្រាន ។
កង់លោកវិលសព្វគ្រប់ទិវា ជនជាតិខេមរាវិលគ្រប់ប្រាណ
ប្រឹងប្រែងព្យាយាមកុំអាក់ខាន ដល់ស្ថានឯករាជ្យប្រជាធិបតេយ្យអើយ ។
អត្ថបទកំណាព្យដកស្រង់ចេញពីគេហទំព័រវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

Labels