ពេលបានជួបភ័ក្ត្រជំពាក់ស្នេហ៍ ពៅល្អដូចខែពេញវង់សោភា
បេះដូងបងឆ្លាក់រូបស្រស់ពុំងារ ក្នុងដួងទ័យាជាគូរនែបនិត្យ ។
មិនទាន់យល់ប្រាណបានត្រឹមស្រមោល ឱរាតែលតោលនឹកកែវវរមិត្រ
បងសូមស្រែកច្រៀងផ្ញើសៀងដួងចិត្ត សារភាពការពិតឲ្យស្រីបានដឹង ។
ស្រស់អើយអើយស្រស់មាសមុំធីតា ទទួលផងណាបេះដូងបងហ្នឹង
កាត់ផ្ញើជូនអូន ឱ!កែវព្រលឹង រៀមសូមដណ្ដឹងអូនហ្នឹងជាគូរ ។
ឆ្លើយចាសណាអូនកុំឲ្យបងខក ផ្សងថែត្របកផ្កាស្រស់ផង់ផូរ
ឧបសគ្គយ៉ាងណាបងស្ម័គ្រផ្ដាច់ប្ដូរ យកអូនជាគូរួមជីវិតរៀងអើយ ។
បទពាក្យប្រាំពីរ
ព្រលឹមមិនទាន់លាន់វាចា ស្លៀកពាក់ហ៊ឺហាការប្រញាប់
ទូរស័ព្ទទាក់ទងឆ្លងសាសព្ទ ដំណើរស្វាហាប់ញាប់សេចក្តី ។
ទឹកមុខញឹមញែមក្លែមសម្រស់ ស្រស់បស់ជិះឡានទំនើបថ្មី
ចេញចូលគ្រប់ច្រកមៀងមើលដី ធ្វើហីអួតរឹកខ្មឹកគ្រាន់បើ ។
ប្រឹងស្តីបូរបាច់ប៉ាច់កោកៗ ថ្លៃថោកតថ្លៃកោតសរសើរ
បំពង់កប្រេះស្លេះក៏កើរ ប្រើទាំងទឹកមាត់ហួតស្ងួតខះ ។
ចាក់ចេកចាក់ស្ដរទាំងសងខាង អះអាងជំនួសអ្នកជាម្ចាស់
បបូរមាត់ផ្ទាត់ស្ទាត់ច្បាស់ៗ ព្រោះតែឈ្លក់ក្រាស់ខ្មាសដុល្លារ ។
យប់ថ្ងៃមិនខ្វល់នយោបាយ ព្រួយខ្វាយតែរឿងប្រឹងចរចា
មិនរើសដីក្រុងស្រែចម្ការ អោយតែថាលក់ទាក់ម៉ូយទិញ ។
របរយកមាត់ធ្វើជាដើម ទុនទឹកមាត់ផ្សើមជួសទំនិញ
ប្រើតែវោហារចាយពណ៏ធ្មេញ ផលវិញចំណេញមិនដែលខាត ។
គិតទៅគួរស្ងើចភើចសរសើរ ជើងដើរដៃបោយរួយអណ្តាត
ប្រឹងគួកជេដីស្តីមិនស្កាត សង្វាតស្កៀបតែរឿងដុល្លារ ។

Labels