សន្ទរកថារបស់ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
ក្នុងពិធីផ្សព្វផ្សាយសៀវភៅសិក្សាកុំព្យូទ័រជាភាសាខ្មែរ និងការប្រើប្រាស់សាកល្បងកុំព្យូទ័រតម្លៃទាប ក្នុងក្របខណ្ឌអភិវឌ្ឍផែនការមេបច្ចេកវិទ្យាព័ត៌មានសម្រាប់វិស័យអប់រំ
ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៨វិទ្យាស្ថានជាតិអប់រំឯកឧត្តម លោកជំទាវ
លោក លោកស្រី និងអ្នកនាងកញ្ញាថ្ងៃនេះខ្ញុំ និងសហការីមកពីក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយស និងសេចក្ដីសោមនស្សរីករាយ ក្នុងការចូលរួមក្នុងពិធី "ផ្សព្វផ្សាយសៀវភៅសិក្សាកុំព្យូទ័រជាភាសាខ្មែរ និងការប្រើប្រាស់សាកល្បងកុំព្យូទ័រតម្លៃទាបក្នុងក្របខណ្ឌអភិវឌ្ឍផែនការមេបច្ចេកវិទ្យាព័ត៌មានសម្រាប់វិស័យអប់រំ" ជាផ្នែកមួយរបស់កម្មវិធីសាលារៀនបើកចំហរ ដែលស្ថិតក្រោមកិច្ចសហការវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានបើកទូលាយ។ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះវិទ្យាស្ថានបើកទូលាយ ទីភ្នាក់ងារអេស្ប៉ាញសម្រាប់សហប្រតិបត្តិការអន្តរជាតិ InWEnt និង UNESCO និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតដែលបានសហការ និងបន្តគាំទ្រផ្នែក ICT ក្នុងវិស័យអប់រំ ក្នុងបេសកម្មអភិវឌ្ឍធនធានមនុស្ស ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
មានការកត់សំគាល់ថា ដើម្បីអោយប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រ និងគម្លាតបច្ចេកវិទ្យា ប្រទេសទាំងនោះត្រូវតែដាក់ចេញគោលនយោបាយដែលជំរុញការរីកចម្រើនខាងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងចំណេះដឹង សំដៅជម្រុញវិស័យបច្ចេកវិទ្យា ឲ្យទាន់បណ្ដាប្រទេសនៅលើពិភពលោក បើមិនដូច្នេះទេ ពួកគេនឹងនៅពីក្រោយគេខាងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលនឹងដាក់ខ្លួនឯងដាច់ចេញពីសេដ្ឋកិច្ចសាកលភារូវនីយកម្មបច្ចុប្បន្ននេះ។
សរុបសេចក្ដីមក គ្មានការអភិវឌ្ឍន៍សេដ្ឋកិច្ចណាកើតមាន ដោយគ្មានការជំរុញការប្រើប្រាស់បច្ចេកវិទ្យាអោយបានទូលំទូលាយ ឬដោយគ្មានគោលនយោបាយផ្សព្វផ្សាយបច្ចេកវិទ្យាជាភាសាជាតិរបស់ខ្លួន ដែលប្រជាពលរដ្ឋគ្រប់រូបអាចយល់ និងប្រើប្រាស់បាននោះទេ។ ការបញ្រ្ជាបបច្ចេកវិទ្យាថ្មីនេះត្រូវប្រាកដថា គ្រប់គ្នាយល់បាន គឺមានតែការប្រើបច្ចេកវិទ្យាជាភាសាខ្មែរ ហើយនឹងការបញ្ចូលកម្មវិធីសិក្សា ICT និងបំពាក់ហេដ្ឋារចនាសម្ព័ន្ធ ICT សមស្រប តាមសាលារៀនក្នុងឆ្នាំ ២០១២។
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា
២០០៥ កន្លងមក ក្រសួងបានបង្កើតឯកសារសំខាន់មួយហៅថា "គោលនយោបាយ និងយុទ្ធសាស្ដ្រអំពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងការអប់រំនៅកម្ពុជា"។ សេចក្តីសង្ខេបគោលបំណងចម្បងនៃគោលនយោបាយនេះមានដូចតទៅ ៖
1. លើកកំពស់ការចូលសិក្សានៅកំរិតអប់រំមូលដ្ឋានសំរាប់ទាំងអស់គ្នា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ជាឧបករណ៍មួយនៅក្នុងចំណោមឧបករណ៍សំខាន់ៗ សំរាប់រៀន សំរាប់ការបង្រៀន សំរាប់ការសិក្សាស្រាវជ្រាវ និង សំរាប់ ចែករំលែកព័ត៌មាន
2. លើកកំពស់គុណភាពអប់រំមូលដ្ឋានអោយបានប្រសើរជាងមុន ដោយជំរុញការរៀនដោយខ្លួនឯងពេញមួយជីវិត ជាពិសេសនៅកំរិតក្រោយបឋមសិក្សា
3. បង្កើនសមត្ថភាពភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក ដោយមានកំលាំងពលករដែលមានជំនាញបច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ សំរាប់ឆ្លើយតបចំពោះតម្រូវការការងារ ចេះប្រើប្រាស់ជំនាញទាំងនោះនៅក្នុងសង្គមផ្អែកលើពុទ្ធិ ធានាថាកម្ពុជាពិតជាអាចប្រជែងបាន
បន្ថែមពីលើគោលនយោបាយដែលបានរៀបរាប់ខាងលើ ICT គឺត្រូវបានកំណត់ជាឧបករណ៍អភិវឌ្ឍន៍នៅក្នុងវិស័យអប់រំ ផែនការយុទ្ធសាស្ដ្រវិស័យអប់រំ (ESP) ២០០៦-២០១០ និងកម្មវិធីគាំទ្រវិស័យរអប់រំ (ESSP) ២០០៦-២០១០ ដែលបញ្ជាក់អំពីតម្រូវការបណ្ដុះបណ្ដាល ICT សម្រាប់គ្រូ និងសិស្ស។ ការប្រើប្រាស់ ICT សំដៅលើកកម្ពស់គុណភាពបង្រៀន-រៀន និងការគ្រប់គ្រងសាលា និងហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធិភាពតាមសាលារៀន។ គម្រោងលើកកម្ពស់គុណភាពអប់រំ ដែលផ្ដល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្ដល់ធនធាន ICT រួមមានការបណ្ដុះបណ្ដាលគ្រូ ការផ្ដល់សម្ភារបរិក្ខាដល់មជ្ឈមណ្ឌលធនធានតាមបណ្ដាខេត្ដនីមួយៗ ដើម្បីបម្រើជាមជ្ឈមណ្ឌល ICT នៅក្នុងវិស័យអប់រំ ។
ជំហានដំបូងក្នុងកាអនុវត្តន៍គោលនយោបាយ ដែលបានរៀបរាប់ខាងលើ ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ បានចាប់ផ្ដើមអនុវត្ដកម្មវិធីសាលារៀនចំហ សំដៅរៀបចំផែនការមេ ICT ក្នុងវិស័យអប់រំ ដែលនឹងកំណត់តម្រូវការ អភិវឌ្ឍកម្មវិធីសិក្សា អភិវឌ្ឍមាតិកាអប់រំសម្រាប់ការប្រើប្រាស់នៅតាមសាលារៀន និងតាមសាលាគរុកោសល្យ ផ្ដល់ការបណ្ដុះបណ្ដាល ICT យ៉ាងទូលំទូលាយដល់គរុសិស្ស-និស្សិត និងគ្រូបង្រៀនតាមគ្រឹះស្ថានសិក្សា និងសិក្សាពីលទ្ធភាពតបណ្ដាញកុំព្យូទ័រ។ កម្មវិធីសាលារៀនបើកចំហ ក៏មានគម្រោងនឹងធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យាសមស្រប ដែលអាចរក្សាបាននិរន្ដភាព សម្រាប់សាលារៀននៅកម្ពុជា។
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា
នៅក្នុងផែនការមេ ICT យើងនឹងដាក់ចេញផែនការសកម្មភាព ដែលមានគោលដៅអាចសម្រេចបាន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៖
1. សិស្សដែលបញ្ចប់មធ្យមសិក្សាទាំងអស់ នឹងមានជំនាញ IT ជាមូលដ្ឋាន និងមានការយល់ដឹងជារួម ស្ដីអំពីបម្រើបំរាស់ ICT នៅក្នុងសង្គម និងបរិស្ថានការងារ
2. គរុសិស្ស-និស្សិតទាំងអស់ដែលត្រៀមនឹងចេញបង្រៀន និងគ្រូបង្រៀនតាមវិទ្យាល័យគឺជាអ្នកចេះប្រើកុំព្យូទ័រ ហើយពួកគេចេះពីរបៀបប្រើ ICT ដើម្បីលើកកម្ពស់គុណភាពបង្រៀនដែលពួកគេផ្ទេរឲ្យសិស្ស
3. បង្កើតសម្ភារៈបរិក្ខាបម្រើការសិក្សាពីចម្ងាយ តាមរយៈកម្មវិធីសមមូលសញ្ញាបត្រទុតិយភូមិសម្រាប់វិក្រឹតការគ្រូបឋមសិក្សា
4. បង្កើតមាតិការៀនសម្រាប់សិក្សាដោយខ្លួនឯងដែលផ្អែកលើ ICT សម្រាប់សិស្សវិទ្យាល័យថ្នាក់ទី១២ ដើម្បីបំពេញការអប់រំក្នុងថ្នាក់រៀន និងបង្កើនចំណេះដឹងរបស់ពួកគេត្រៀមប្រឡង
5. សាកលវិទ្យាល័យនឹងបានទទួលនូវជំនាញអប់រំពីចម្ងាយ ដែលនឹងបង្កើតនូវកម្មវិធីសិក្សាពីចម្ងាយជាភាសាខ្មែរ
6. ការគ្រប់គ្រងសាលារៀនតាមប្រព័ន្ធព័ត៍មានវិទ្យា
7. គ្រប់វិទ្យាល័យទាំងអស់នឹងត្រូវមានការគ្រប់គ្រងសិស្ស និងកិច្ចការរដ្ឋបាលស្វ័យប្រវត្តិ ដោយប្រើប្រាស់កុំព្យូទ័រជាជំនួយ និងអាចផ្ញើទិន្នន័យអេឡិចត្រូនិចយ៉ាងទៀតទាត់មកក្រសួងសម្រាប់ប្រតិបត្តិការ
8. គ្រប់វិទ្យាល័យទាំងអស់ត្រូវបានបំពាក់កុំព្យូទ័រតាមសមមាត្រ ១គ្រឿងសម្រាប់សិស្ស ២០នាក់ សម្រាប់ថ្នាក់ទី ១០ និង ១១ (សិស្សម្នាក់ៗអាចប្រើកុំព្យូទ័របានពីរម៉ោងក្នុងមួយសប្ដាហ៍)។ កុំព្យូទ័រទាំងអស់ត្រូវតជាបណ្ដាញ និងអាចតភ្ជាប់អ៊ីនធឺណិត
9. ធ្វើការងារ ICT ទាំងអស់ ដោយប្រើកម្មវិធីកុំព្យូទ័រជាភាសាខ្មែរ
ផែនការមេនឹងដាក់អោយប្រតិបត្តិ ដោយផ្អែកលើមូលដ្ឋានព័ត៌មានជាក់លាក់ និងបទពិសោធន៍ដែលទទួលបានពីការស្រាវជ្រាវ ក្នុងដំណាក់ទី ២ របស់កម្មវិធីសាលារៀនចំហ៖
1. រៀបចំការវាយតម្លៃពីលទ្ធភាព ICT បច្ចុប្បន្នរបស់ក្រសួង
2. ពង្រាងកម្មវិធីសិក្សាសម្រាប់គ្រូ និងសិស្ស សំដៅសម្រេចនូវគោលដៅដែលបានអធិប្បាយខាងលើ
3. អភិវឌ្ឍចំណេះធ្វើ (khow-how) ការសិក្សាតាមអេឡិចត្រូនិច (E-learning) ជាភាសាខ្មែរ
4. ស្រាវជ្រាវអំពីបច្ចេកវិទ្យាសម្រាប់ការអប់រំ និងនិរន្ដភាពរបស់បច្ចេកវិទ្យា
ទាំងអស់នេះគឺស្ថិតក្នុងក្របខណ្ឌនៃការងារស្រាវជ្រាវ សម្រាប់រៀបរៀងផែនការមេ។ យ៉ាងណាមិញ នៅថ្ងៃនេះ យើងដាក់សម្ពោធបន្ទប់ការប្រើប្រាស់សាកល្បងនូវកុំព្យូទ័រដែលមានតម្លៃទាបសម្រាប់វិស័យអប់រំ គឺយើងសង្ឃឹមថារកបានដំណោះស្រាយពីនិរន្ដភាពនៃការពង្រាយ ICT ដល់សាលារៀនរបស់យើងទាំងអស់។
ក្រសួងយល់យ៉ាងច្បាស់ពីការខុសត្រូវរបស់ខ្លួន ក្នុងការអភិវឌ្ឍធនធានមនុស្សសំដៅជួយដល់ការអភិវឌ្ឍប្រទេស ហើយយើងទទួលធ្វើការងារនេះប្រកបដោយភាពរីករាយ។ យើងបានទទួលលទ្ធផលជាវិជ្ជមានជាច្រើនរួចហើយ ហើយតាមរយៈផែនការមេ យើងសង្ឃឹមថានឹងបំពេញកាតព្វកិច្ច និងអភិវឌ្ឍធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ។
ដើម្បីសម្រេចបានទិសដៅដូចបានជម្រាបជូនខាងលើ ក្រសួងស្នើឲ្យសូមដៃគូអភិវឌ្ឍន៍ទាំងអស់ មេត្តាជួយគាំទ្រគោលនយោបាយ និងគោលបំណងរបស់យើង ៖
1. សូមជួយគាំទ្រពីការប្ដូរទៅប្រើកម្មវិធីកុំព្យូទ័រភាសាខ្មែរ ហើយកុំចាប់ផ្ដើមគម្រោងដែលតម្រូវឲ្យត្រឡប់ទៅប្រើភាសាអង់គ្លេសវិញ
2. សូមជួយផ្ដល់កុំព្យូទ័រដល់វិទ្យាល័យ ហើយប្រសិនបើអាច គឺផ្ដល់កុំព្យូទ័រដែលប្រើប្រាស់ថាមពលអគ្គិសនីតិច
ខ្ញុំសូមកោតសរសើរជាថ្មី ម្ដងទៀត ចំពោះការងារសម្រេចបានរបស់វិទ្យាស្ថានបើកទូលាយ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់របស់ក្រសួង ដែលបានធ្វើការងារបានយ៉ាងប្រសើរកន្លងមក ហើយខ្ញុំសូមថ្លែងអំណរគុណដល់ទីភ្នាក់ងារអេស្ប៉ាញសម្រាប់សហប្រតិបត្តិការអន្តរជាតិ InWEnt និង UNESCO ចំពោះការគាំទ្ររបស់ពួកគេការងារស្រាវជ្រាវដែលនាំទៅរកការសម្រេចផែនការមេ។ យើងសង្ឃឹមថាដៃគូអភិវឌ្ឍអប់រំផ្សេងទៀតនឹងជួយបំពេញបន្ថែម ដើម្បីពង្រឹងតួនាទីរបស់ ICT ក្នុងការបង្រៀន និងរៀន សំដៅកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់។
ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា ឲ្យជួបប្រទះតែពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ ។
សូមអរគុណ !

Labels