សាលាក្រុងភ្នំពេញ និងក្រុមហ៊ុន ៧NG នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ បានសំរេចផ្តល់ ទឹកប្រាក់ចំនួន ២០.០០០
ដុល្លារ ក្នុងមួយគ្រួសារ សំរាប់ឲ្យប្រជាពលរដ្ឋ ផ្លាស់ទីលំនៅ ចេញពី តំបន់ដីក្រហម ដើម្បីយក តំបន់នោះ ធ្វើការ អភិវឌ្ឍន៍ដោយសាងសង់អគារពាណិជ្ជកម្មជំនួសវិញ ។ ផ្ទុយទៅវិញប្រសិនបើប្រជពលរដ្ឋ នៅតែមិនយល់ព្រម យកចំនួនទឹកប្រាក់នេះ តំលៃអាច នឹងធ្លាក់ មក នៅ ១៥.០០០ ដុល្លារវិញ ។
ក្នុងចំនោមប្រជាពលរដ្ឋចំនួន ១.៤៦៥ គ្រួសារនៅតំបន់ដីក្រហម នៅសល់តែ ៩១ គ្រួសារតែប៉ុណ្ណោះ ដែលមិនព្រម ទទួលយក សំណើររបស់ក្រុមហ៊ុន។ ចំពោះគ្រួសារដែលស្ម័គ្រចិត្ដទទួលយកផ្ទះ ក្រុមហ៊ុនបានផ្ដល់នូវផ្ទះ១ល្វែង ទំហំ ៤ ម៉ែត គុណ ១២ ម៉ែត សំរាប់មួយគ្រួសារ រួមជាមួយ ទឹកប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៧៧៧.៧០០ រៀល អង្ករ ៣០គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និង ធុងទឹកចំណុះ៦០លីត្រ ចំនួនមួយ។ ចំនែកគ្រួសារ ដែលស្ម័គ្រចិត្ដទទួលយកប្រាក់ជំនួសផ្ទះល្វែង ក្រុមហ៊ុនបានផ្ដល់លុយចំនួន ១៥.០០០ ដុល្លារ ព្រមទាំង សំភារៈ ឧបត្ថម្ភបន្ថែមដូចខាងលើ។
កន្លងមកមានប្រជាពលរដ្ឋខ្លះ ទាមទារលុយពីក្រុមហ៊ុនចំនួនពី ៣០.០០០ ទៅ ៦០.០០០ដុល្លារ ហើយក្រុមហ៊ុន ក៏បាន ឆ្លើយតបទៅវិញថា មិនអាចផ្ដល់ឲ្យក្នុងតំលៃខ្ពស់ដល់ថ្នាក់ហ្នឹងឡើយ។
ទាំងទឹកមុខក្រៀមក្រំ និងទទួលបន្ទុកចិញ្ចឹមចៅចំនួន បួននាក់ អ៊ំស្រី ស៊ឹម សារីន រស់នៅតំបន់ដីក្រហម បានឲ្យដឹង ថា ប្រជាជននៅទីនេះសុទ្ធតែអ្នកក្រ ភាគច្រើនប្រកបរបរលក់ដូរតិចតូចគ្រាន់ចិញ្ចឹមគ្រួសារ។ «បើឲ្យពួកយើងរើទៅ កន្លែងផ្សេង តើពួកយើងបាន អីហូប ហើយរកស៊ីអីទៅ ព្រោះតំបន់ដែលត្រូវ ផ្លាស់ទៅនៅឆ្ងាយ ប្រហែល ៥០គីឡូ ម៉ែត ពីភ្នំពេញ»។
នៅក្នុងកិច្ចប្រជុំតុមូលស្ដីពី «ការអភិវឌ្ឍតំបន់ដីក្រហម និង ដំណោះស្រាយ» រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នៅ សណ្ឋាគារសាន់វ៉េ (SUN WAY) កាលពីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៩ លោកបណ្ឌិត ឈឹម ផលវរុណ នាយក វិទ្យាស្ថានពលរដ្ឋវិជ្ជា បានសង្កត់ធ្ងន់ថា ផ្អែកលើច្បាប់ភូមិបាល ប្រជាពលរដ្ឋនៅតំបន់ដីក្រហម ដែលរស់នៅ លើផ្ទៃដីទំហំប្រមាណ ៣,៦ ហិចតា គ្មានកម្មសិទ្ធិក្នុងការកាន់កាប់ដីធ្លីទាំងនោះឡើយ។
«ច្បាប់ភូមិបាលបានចំនាយពេល៩ខែក្នុងរដ្ឋសភា ដើម្បីកែលំអលើបញ្ហាតំបន់ដីក្រហម ហើយច្បាប់នេះ បានបន្ទន់ ច្រើនហើយ សំរាប់ការដោះស្រាយជាមួយប្រជាពលរដ្ឋនៅទីនោះ» នេះបើតាមប្រសាសន៍របស់លោក បណ្ឌិត ឈឹម ផលវ រុណ។ «ពេលខ្លះពួកគាត់ទាមទារហួសហេតុពេក គឺលើសពីអ្វីដែលពួកគាត់គួរទទួលបាន»។
ក្នុងកិច្ចប្រជុំកាលពីព្រឹកមិញនេះផងដែរ ឯកឧត្ដម ម៉ាន់ ឈឿន អភិបាលរងរាជធានីភ្នំពេញបានរំលឹកថា កាលពីខែ មិនា ឆ្នាំ២០០៦ប្រជាពលរដ្ឋក្នុងសហគមន៍ដីក្រហមបានជួបពិភាក្សាជាច្រើនលើក ច្រើនសារជាមួយក្រុមហ៊ុន ៧NG ហើយ បានឯកភាពគ្នាជាមួយអាជ្ញាធរដែនដី រៀបចំកិច្ចសន្យាសាងសង់ផ្ទះ ជាន់ផ្ទាល់ដីសំរាប់១គ្រួសារទទួលបាន ផ្ទះ១ល្វែង ទំហំ ៤ម៉ែត គុណ ១២ម៉ែត សរុបចំនួន១៤៦៥ល្វែងដើម្បីប្ដូរជាមួយទីតាំងចាស់នៅសហគមន៍ដីក្រហម ជូនទៅ ក្រុមហ៊ុន ដើម្បីធ្វើការអភិវឌ្ឍន៍ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល។
គួរជំរាបជូនផងដែរថា លទ្ធផលនៃការរៀបចំផ្ទេរលំនៅដ្ឋានប្រជាពលរដ្ឋ ពីសហគមន៍ដីក្រហម ខណ្ឌចំការមន មករស់នៅទីតាំងថ្មី ក្នុងបុរីសន្ដិភាព២ ខ័ណ្ឌដង្កោ មកដល់បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចំនួន១.៣៧៤គ្រួសារ ស្មើនឹង ៩៣% នៃចំនួនសរុប១.៤៥៦ គ្រួសារបានយល់ព្រម និងផ្លាស់ទីលំនៅរួចរាល់ហើយ នៅសល់តែ ៩១ គ្រួសារ ទៀត ដែលមិនព្រមចាកចេញ។

Labels