ប្រាសាទសំបូរព្រៃគុកកំពុងត្រូវបានរៀបចំបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ ប្រាសាទសំបូរព្រៃគុក ដែលជាអតីតរាជធានីខ្មែរច្រើនជំនាន់មុនអង្គរ បាននឹងកំពុងស្ថិតក្នុងដំណើររៀបចំដើម្បីបញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក។ នៅក្នុងដំណើរការនោះគំនិតផ្ដួចផ្ដើមក្នុងការបង្កើតគម្រោងប្លង់មេ ដើម្បីអភិរក្សនិងអភិវឌ្ឍន៍ប្រាសាទនេះ ក៏ត្រូវបានគូសវាសឡើង ហើយលទ្ធផលស្រាវជ្រាវនឹងការងារអភិរក្ស និងទិសដៅនៃការជួសជុលប្រាសាទនាពេល
អនាគត ត្រូវបានលើកយកមកបង្ហាញនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី១៣ មីនា ក្រោមកិច្ចសហការរវាងក្រសួង
វប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា អង្គការយូណេស្កូ និងសកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន។
ប្រាសាទសំបូរព្រៃគុកបច្ចុប្បន្នស្ថិតក្នុងខេត្តកំពង់ធំ ចន្លោះភូមិអូរគ្រូកែ និងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលជារាជធានីបុរាណរបស់ខ្មែរឈ្មោះថា ឥសានបុរី បានកសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១ នាពាក់កណ្ដាល
ទី១នៃសតវត្សរ៍ទី៧( ៦១៥-៦៥០) នៃគ្រិស្តសករាជ។
ព្រះរាជាណាចក្រសម័យមុនអង្គរ បានតាំងរាជធានីភ្នំពេញនៅទីនោះជាច្រើនជំនាន់ ហើយទីនោះក៏មិនត្រូវបានបោះបង់ចោលទាំងស្រុងនោះឡើយ។ នៅសម័យអង្គរ មានព្រះរាជាជាច្រើនអង្គនៅតែបន្តមានទំនាក់ទំនងជាមួយអតីតក្រុង ឥសានបុរី។
ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រខាងជើងក្រុងកំពង់ធំ និងចម្ងាយប្រមាណ១៩៥គីឡូម៉ែត្រភាគឦសានក្រុង
ភ្នំពេញ ឥសានបុរី ឬសំបូរព្រៃគុក ធ្លាប់មានការតាំងលំនៅនៃប្រជាពលរដ្ឋទាំង២ម៉ឺនគ្រួសារ ហើយមានសំណង់ប្រាសាទបុរាណជាច្រើនបានសាងសង់នៅទីនេះ។
លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ បានមានប្រសាសន៍ក្នុងសិក្ខាសាលាថា សូមកោតសរសើរនឹងអរគុណដល់លោកបណ្ឌិតសាស្ត្រាចារ្យណាកា ហ្គាវ៉ា តាកេស៊ី និងបុគ្គលិកនៃសកលវិទ្យាល័យ
វ៉ាសេដា ដែលបានខិតខំស្រាវជ្រាវ និងអភិរក្សប្រាសាទសំបូរព្រៃគុក ដែលជាបេតិកភណ្ឌវប្បធម៌របស់ជាតិខ្មែរ។ ជាពិសេសពេលនេះទៀត ជប៉ុនបានបន្តការសហការរៀបចំឲ្យមានសិក្ខាសាលានេះឡើង ដើម្បីពិភាក្សាផ្លាស់ប្ដូរមតិយោបល់គ្នា ជុំវិញការងារស្រាវជ្រាវថែរក្សា អភិរក្សនិងទិសដៅអភិរក្សបន្ត ព្រមទាំងការងារជួសជុលប្រាសាទសំបូរព្រៃគុក។
ទាក់ទងនឹងគោលដៅនឹងការបង្កើតប្លង់មេសម្រាប់អភិរក្ស និងបន្តអភិរក្សប្រាសាទសំបូរព្រៃគុកនោះ លោក គូ វ៉ិត មន្ត្រីនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណបាននិយាយថា គម្រោងប្លង់មេនោះមាន៨ចំណុច។
ទី១ កំណត់ព្រំប្រទល់សម្រាប់ធ្វើជាតំបន់ការពារទាំងប្រាសាទ ក៏ដូចជាបរិស្ថានជុំវិញប្រាសាទ។
ទី២ បង្កើនការគាំពារអភិរក្ស និងជួសជុលប្រាសាទសំបូរព្រៃគុកឲ្យរួចផុតពីគ្រោះមហន្តរាយផ្សេងៗ ដែលបង្កឡើងដោយធម្មជាតិ និងមនុស្សអសីលធម៌។
ទី៣ ការពារនឹងទប់ស្កាត់ការជីករុករក ការកាប់ឆ្ការព្រៃឈើ និងការត្រួសត្រាយដណ្ដើមដីជាកម្មសិទ្ធិ។
ទី៤ ការពារនឹងទប់ស្កាត់រាល់ការធ្វើអាជីវកម្មខុសច្បាប់លើការជីក រុករកចម្លាក់ថ្ម រូបបដិមាជាដើម ទាំងនៅក្នុងដី ឬនៅលើដីក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។
ទី៥ រៀបចំប្រាសាទសំបូរព្រៃគុក ឲ្យមានតម្លៃពិតផ្នែករមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ក៏ដូចជានៅក្នុងពិភពលោកទាំងមូលដែរ ដើម្បីបញ្ចូលប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលអនាគត។
ទី៦ អភិវឌ្ឍន៍តំបន់ប្រាសាទសំបូរព្រៃគុក ឲ្យមានដំណើរការល្អសម្រាប់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។
ទី៧ រៀបចំនគរោបនីយកម្មដែនដី និងសំណង់នៅតំបន់ប្រាសាទសំបូរព្រៃគុក ឲ្យមានសោភ័ណភាពឡើង។
ទី៨ រៀបចំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចធម្មជាតិ និងវប្បធម៌របស់ប្រជាជននៅតំបន់ជុំវិញប្រាសាទសំបូរព្រៃគុកឲ្យ
មាន ភាពសម្បូរសប្បាយ និងរស់រវើកឡើងវិញ។
ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ប្រាសាទសម្បូរព្រៃគុកនោះ លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងទទួលបន្ទុកបុរាណវិទ្យា បានមានប្រសាសន៍ថា នឹងមានការសង់សំណង់មិនរាំងមាំដូចជា តូបលក់សំបុត្រ កន្លែងផ្ដល់ព័ត៌មាន តូបលក់ភេសជ្ជៈ តែមិនមែនជាអាហារដ្ឋាន។ ទាំងនេះមិនប៉ះពាល់ដល់ប្រាសាទទេ។ ក្រសួងរៀបចំធ្វើស្លាកសញ្ញាបង្ហាញពីទិសប្រាប់ផ្លូវក្នុងប្រាសាទ និងស្លាកសញ្ញាពន្យល់ និងបង្ហាញពីព័ត៌មាន
ប្រាសាទនីមួយៗ។ រាល់សំណង់ទាំងអស់ត្រូវរៀបចំឲ្យបានល្អ និងមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សំណង់ប្រាសាទ
ឬវត្ថុសិល្បៈផ្សេងទៀតក្នុងដីនិងលើដី ត្រូវជៀសវាងផងដែរនូវការធ្វើឲ្យខូចបរិស្ថានរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ។
ក្រៅពីនេះនៅតំបន់ទ្រនាប់ប្រាសាទសំបូរព្រៃគុក នឹងត្រូវរៀបចំធ្វើឲ្យមានបង្គន់ កន្លែងចតឡាន ម៉ូតូ កង់ អាហារដ្ឋាន រោងសិប្បកម្ម កន្លែងលក់វត្ថុអនុស្សាវរីយ៍ សារមន្ទីរតាំងពិព័រណ៍វត្ថុសិល្បៈ រូបថតជាដើម ព្រមទាំងកន្លែងសម្ដែងសិល្បៈ។
នៅតំបន់រណបនៃប្រាសាទសម្បូរព្រៃគុក នឹងរៀបចំឲ្យមានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋឲ្យមានសណ្ដាប់ធ្នាប់តាម លក្ខណៈទំនៀមទម្លាប់វប្បធម៌ខ្មែរ។ ការដាំដុះដើមឈើ បង្កើតភូមិវប្បធម៌ សួនសត្វ និងរៀបចំឲ្យមានប្រព័ន្ធទឹកស្អាត។
គួរបញ្ជាក់ថា ក្រុមប្រាសាទសម្បូរព្រៃគុក ត្រូវបានអ្នកស្រាវជ្រាវបែងចែកជា៣ក្រុមសំខាន់គឺ ក្រុមសម្បូរព្រៃគុក, ក្រុមរបងមាស និងក្រុមឫស្សីលៀក។
ក្រុមអ្នកបច្ចេកទេសបានអំពាវនាវ នៅក្នុងសិក្ខាសាលាថ្ងៃទី១៣មីនា ឲ្យក្រសួងវប្បធម៌ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាផ្ដល់លទ្ធភាព ថវិកា និងសម្ភារៈស្រាវជ្រាវផ្សេងៗ ដើម្បីសម្រេចនូវបំណងខាងលើ។ ទោះជាយ៉ាងនេះក្ដី គេមិនបាននិយាយពីទំហំនៃថវិកា និងពេលវេលាជាក់ស្ដែង ដែលត្រូវរៀបចំនោះឡើយ៕


Labels