ទិវាអន្តរជាតិនារី៨មីនា និងទិវាវប្បធម៌ជាតិ៣មីនាប្រារព្ធរួមគ្នា សម្ដេចចៅហ្វាវាំង គង់ សំអុល និងលោករដ្ឋលេខាធិការ ជា ប៉េងឈាង ជាអធិបតី
ខេត្តកំពង់ឆ្នាំង៖ នៅសាលានយោបាយគណបក្សប្រជាជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី៣មីនា មានរៀបចំពិធីមិទ្ទិញអបអរសាទរខួបលើកទី៩៩ ទិវាអន្តរជាតិនារី៨មីនា និងទិវាវប្បធម៌ជាតិ៣មីនា លើកទី១១ ឆ្នាំ២០០៩ ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមក្នុងពិធីនោះមាន លោក ជា ប៉េងឈាង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង រៀបចំទិវាវប្បធម៌ជាតិ លោកឧត្ដមសេនីយ៍ឯកស៊ឹង សំណាង ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមេបញ្ជាការកងទ័ពអាកាស លោកទូច ម៉ារីម អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ និងនារីតាមស្រុក ភូមិ ឃុំ សរុបចំនួន៥៥០នាក់។
លោកស្រី ប៉ាល់ យឿន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអានប្រវត្តិទិវាអន្តរជាតិនារី ៨ មីនា ថា ដោយការឈឺចាប់ជាប់ជានិច្ច ចំពោះអំពើគាបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី៨មីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារឲ្យពួកម្ចាស់រោងចក្រកាត់បន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្ស។ ចលនាតស៊ូរបស់កម្មការិនីកើតមានម្តងហើយម្តងទៀត ទោះបីត្រូវគេធ្វើទារុណកម្មយ៉ាងណាក៏ដោយ លុះដល់ឆ្នាំ១៩១០ សន្និបាតអន្តរជាតិនារីធ្វើឡើងនៅទីក្រុងកូប៉ែនហាក់ រដ្ឋធានីដាណឺម៉ាក ដែលមានប្រទេសចូលរួមចំនួន១៧ប្រទេស ហើយបានសម្រេចជ្រើសរើសយកថ្ងៃ៨មីនា ជារៀងរាល់ឆ្នាំប្រារព្ធ «ទិវាអន្តរជាតិនារី» សម្រាប់រំលឹកដល់ការតស៊ូរបស់នារីពលករទូទាំងសកលលោក ដែលទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នារវាងបុរស និងនារី។
ក្នុងអាណិត្តទី៣ និងបន្តមកអាណត្តិទី៤នេះ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីបង្កើនសមភាពការងារ។ សម្ដេចបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គម ព្រមទាំងផ្ដល់អាទិភាពខ្ពស់ក្នុងការងារ ឋានៈ និងតួនាទី។ ដោយឡែកខេត្តកំពង់ឆ្នាំង ស្ត្រីជាថ្នាក់ដឹកនាំបានកើនឡើង ដូចជាសមាជិកសភាមណ្ឌលកំពង់ឆ្នាំង១រូប ប្រធានមន្ទីរ៣រូប អនុប្រធានមន្ទីរ១០រូប ប្រធានការិយាល័យ២១រូប អនុប្រធានការិយាល័យ៦៧រូប មេឃុំ ជំទប់ទី១ ជំទប់ទី២ សរុបមាន១១រូប អនុភូមិ៦៨រូប និងជំនួយការភូមិ៣៣៧រូប។
លោក ជា ប៉េងឈាង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងបានថ្លែងថា ដោយអនុវត្តតាមស្មារតីអនុក្រឹត្យលេខ០៦ អនក្រ ចុះថ្ងៃទី ២៤ មករា ឆ្នាំ២០០៦ ស្ដីពីការបង្កើតទិវាវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣មីនា រៀងរាល់ឆ្នាំជាថ្ងៃប្រារព្ធទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំនេះរាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកប្រធានបទថ្មីមួយទៀត គឺ «បេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ» ជាខ្លឹមសារដ៏សំខាន់នៃទិវាវប្បធម៌ជាតិ៣ មីនា លើកទី១១ ឆ្នាំ២០០៩។ គោលដៅជាសក្ដានុពលនៃទិវាវប្បធម៌នេះ គឺដើម្បីបំផុសចលនាវប្បធម៌ទូទាំងប្រទេសឲ្យក្លាយជាចលនាដ៏សកម្មក្នុងការលើកស្ទួយ ការពាររក្សា និងប្រែក្លាយបេតិកភណ្ឌវប្បធម៌ ឲ្យទៅជាគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
លោក ទូច ម៉ារីម អភិបាលខេត្តកំពង់ឆ្នាំងបានអាននូវសារសួរសុខទុក្ខរបស់ព្រះមហាវីរក្សត្រ ព្រះមហាវីរក្សត្រីដល់បងប្អូនជនរួមជាតិកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា សូមបងប្អូនមានសុខភាពល្អ មាំមួន ប្រកបការងាររីកចម្រើន។
សម្ដេចចៅហ្វាវាំង គង់ សំអុល មានប្រសាសន៍កោតសរសើរលោកអភិបាលខេត្ត ដែលចេះធ្វើមីទ្ទិញពីររួមគឺថ្ងៃ ៣ មីនា ប្រារព្ធ «ទិវាវប្បធម៌ជាតិ» និងថ្ងៃទី ៨មីនា ទិវាអន្តរជាតិនារី ដែលចំណេញទាំងពេលវេលា ថវិកា ហើយបងប្អូនមកពីទីឆ្ងាយមិនហត់ឡើយ។ សម្ដេចបានបញ្ជាក់ថា សព្វថ្ងៃនារីមានការងារច្រើនជាងបុរស នៅតាមទីជនបទក្មេងស្រីជំទង់ពប្អូនរកអុស និងដងទឹកដំាបាយជាដើម។ យើងត្រូវពិចារណាគិតគូរដល់នារីនៅតាមទីជនបទដាច់ស្រយាល តើពួកគាត់មានការលំបាកយ៉ាងណា សូមឲ្យអាជ្ញាធរមូលដ្ឋានគិតគូរ ហើយជួយមើលស្ថានភាពពួកគាត់ផង កុំបានមានសប្បាយតែឯង មិនគិតដល់ពួកគាត់ជាស្ត្រីមេម៉ាយ។
នៅចុងបញ្ចប់នៃពិធី ក៏មានការចែកអំណោយដល់សមាជិកមិទ្ទិញទាំង៥៥០នាក់ ក្នុងម្នាក់ៗទទួលបានសារុង២ អាវយឺត១ និងថវិកា២ម៉ឺនរៀល៕

Labels