ជុំវិញការដកបទពិសោធន៍ និងទិសដៅអនុវត្តគម្រោងបែងចែកដីសង្គមកិច្ច
រាជធានីភ្នំពេញ៖ នាថ្ងៃទី ២ មេសា ឆ្នាំ២០០៩ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ មានរៀបចំសិក្ខាសាលាស្ដីពីការដកបទពិសោធន៍ និងទិសដៅបន្តនៃការងារអនុវត្តគម្រោងបែងចែកដីដើម្បីសង្គម
កិច្ច និងការអភិវឌ្ឍន៍ (LASED) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមប្រឹក្សាគោលនយោបាយដីធ្លី និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ។
សិក្ខាសាលានាថ្ងៃនេះ រៀបចំឡើងក្នុងពេលដែលគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាកម្មវិធីសម្បទានដីសង្គមកិច្ច បាននិងកំពុងអនុវត្តជាលក្ខណៈសាកល្បងនៅខេត្តក្រចេះ កំពង់ចាម និងកំពង់ធំ។ គោលដៅសំខាន់នៃគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍ គឺចូលរួមអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចទូទាំងប្រទេស ស្របតាមអនុក្រឹត្យលេខ១៩ ឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឲ្យមានបែងចែកដីធ្លីប្រកបដោយសមធម៌ និងកំណើនសេដ្ឋកិច្ច ដោយធ្វើឲ្យ
ដី និងកម្លាំងពលកម្មដែលនៅទំនេរត្រូវអាចយកមកប្រើប្រាស់កាន់តែមានប្រសិទ្ធភាព និងដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសង្គមមូលដ្ឋាន។
ការងារបែងចែកដីធ្លីកន្លងមកបានអនុវត្តតាមច្បាប់ភូមិបាលចាស់ និងច្បាប់ភូមិបាលថ្មីឆ្នាំ២០០១ ដែលបើពិនិត្យឡើងវិញចាប់ពីឆ្នាំ១៩៧៩មក នយោបាយបែងចែកដីរបស់រដ្ឋដល់ប្រជាជនក្នុងក្របខ័ណ្ឌជាកម្មសិទ្ធិ
ឯកជន អាចនិយាយបានថា ការបែងចែកដីធ្លី៣លើកធំៗ គឺ៖
-ការបែងចែកនាឆ្នាំ១៩៨៩ ដោយរដ្ឋផ្ដល់លទ្ធកម្មពិសេសនៃភោគៈ ដល់គ្រួសារប្រជាជនទូទៅ ដោយរដ្ឋទទួលស្គាល់ការកាន់កាប់ដីធ្លីលើការជាក់ស្ដែងមកដល់ពេលនោះ។
-ការបែងចែកនាឆ្នាំ១៩៩២ ដោយរដ្ឋផ្ដល់ដីធ្លីដល់ប្រជាជនដែលធ្វើមាតុភូមិនិវត្តន៍ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
-ការបែងចែកនាឆ្នាំ១៩៩៨ ដោយរដ្ឋទទួលស្គាល់កម្មសិទ្ធិដីធ្លីរបស់ប្រជាជនក្នុងក្របខ័ណ្ឌនៃសមាហរណកម្មប្រជាជនដែលរស់នៅក្នុង
តំបន់កាន់កាប់ចុងក្រោយ ដោយកម្លាំងខ្មែរក្រហម។
-ក្រៅពីកម្មវិធីធំៗនៃការបែងចែកដីខាងលើ រាជរដ្ឋាភិបាលបានដោះស្រាយដីធ្លីចែកជូនប្រជាជនជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃការកសាងភូមិថ្មី ការតាំងទីលំ
នៅថ្មី ការអនុវត្តផែនការប្រើប្រាស់ដីដោះមីន ការធ្វើនិយ័តកម្មដីកាន់កាប់ដោយខុសច្បាប់ដល់ប្រជាជនក្រីក្រជា
ដើម សរុបសម្រេចបានប្រមាណជាង ១៧.០០០ គ្រួសារ លើផ្ទៃសរុបជាង ២.០០០ហិកតារ ភាគច្រើនជាប្រភេទដីលំនៅឋាន។
ដោយឡែក ចុងក្រោយនេះគណៈកម្មាធិការសម្បទានដីធ្លីថ្នាក់ជាតិ និងថ្នាក់ខេត្ត-ក្រុងកំពុងសហការជាមួយអាជ្ញាធរជាតិដោះទំនាស់ដីធ្លី ដើម្បីធ្វើការបែងចែកដល់ប្រជាជនដែលត្រូវការដីពិតប្រាកដនូវដីកាន់កាប់ខុសច្បាប់ដែលត្រូវដកហូតកន្លងមក។
រាជរដ្ឋាភិបាលនឹងផ្ដល់អាទិភាពសមស្របចំពោះសិទ្ធិកាន់កាប់ដីធ្លី សម្រាប់សាងសង់លំនៅឋាន សម្រាប់កសិកម្ម និងអាជីវកម្មខ្នាតតូចរបស់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ។ ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់ដី រាជរដ្ឋាភិបាលបានជំរុញការរៀបចំផែនការប្រើប្រាស់ ដើម្បីបែងចែកដីសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ឧស្សាហកម្មទេសចរណ៍ តំបន់ទីក្រុង តំបន់ជនបទ តំបន់លំនៅឋាន តំបន់បម្រុងទុក និងតំបន់អភិរក្ស ចៀសវាងការប្រើប្រាស់ដី និងការបំប្លែងការប្រើប្រាស់ដីមិនចំសក្ដានុពល។
ដើម្បីបានជាបទពិសោធន៍ក្នុងការអនុវត្តវិធីសម្បទានដីសង្គមកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ យើងបានរៀបចំអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាលក្ខណៈសាកល្បង ដើម្បីជាគំរូល្អមួយសម្រាប់ការយកទីអនុវត្តទូទាំងប្រទេស។ គម្រោងសាកល្បងនេះគាំទ្រដល់កម្មវិធីសម្បទាន
ដីសង្គមកិច្ច ដែលផ្ដួចផ្ដើមឡើងដោយថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយមានការជួយគាំទ្របច្ចេកទេសពីក្រុមការងារថ្នាក់ស្រុក និងខេត្ត។ ការងារសម្បទានដីសង្គមកិច្ចរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សង្គមកិច្ច ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ មាននៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម នៅឃុំសំបុក ឃុំចង្ក្រង់
ស្រុកក្រចេះ ខេត្តក្រចេះ និងនៅខេត្តកំពង់ធំ។ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០០៨- ដល់ឆ្នាំ២០១៣ គម្រោងមានទឹកប្រាក់សរុបប្រមាណ១៥លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ថវិការបស់ធនាគារពិភព
លោកចំនួន ១១,៥លានដុល្លារ ជាថវិកាសម្រាប់ប្រតិបត្តិការ និងវិនិយោគសាធារណៈ ថវិកាជំនួយបច្ចេកទេសរបស់ប្រទេសអាល្លឺម៉ង់ចំនួន ១,២លានអឺរ៉ូ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា
ចំនួន ៣០០.០០០ដុល្លារសហរដ្ឋអាមេរិក ដែលថវិកាគម្រោងសរុបទាំងនេះសម្រាប់អនុវត្តសម្បទានដីសង្គមកិច្ចនៅក្នុងឃុំចំនួន២០របស់ខេត្តទាំង៣ ដូចបានរៀបរាប់ខាងលើ។ គម្រោង LASED បានចូលជាធរមាន កាលពីថ្ងៃទី ១១ កញ្ញា ឆ្នាំ២០០៨កន្លងទៅនេះ។
ជាលទ្ធផលមកដល់ពេលនេះ គម្រោង LASED បានធ្វើការបែងចែកសម្បទានដីសង្គមកិច្ចដល់គ្រួសារក្រីក្រចំនួន
៧៧៥គ្រួសារ (ខេត្តក្រចេះ ៥២៥គ្រួសារ និងខេត្តកំពង់ចាម ២៥០គ្រួសារ) ហើយបន្តអនុវត្តសមាសភាគទី២ លើការផ្ដល់សេវាកម្មអភិវឌ្ឍន៍ជនបទចាំបាច់មួយចំនួន និងការផ្ដល់ស្បៀងពលកម្ម សម្រាប់ឆ្នាំដំបូងដល់គ្រួសារដែលទទួលបានដីទាំងនោះ ដើម្បីជួយគាំទ្រជីវភាពរស់នៅរបស់ពួកគាត់។
ក្រៅពីការអនុវត្តគម្រោងខាងលើដែលមានលក្ខណៈពេញលេញស្របតាមអនុក្រឹត្យលេខ ១៩ ឆ្នាំ២០០៣ ស្ដីពីសម្បទានសង្គមកិច្ច រាជរដ្ឋាភិបាលក៏បានដោះស្រាយលើការបែងចែកដីក្នុងគោលដៅសម្បទានសង្គមកិច្ច
នេះ ជូនគ្រួសារក្រីក្រដែលគ្មានដី និងខ្វះដី ហើយជាលទ្ធផលយើងទទួលបានដូចជា នៅខេត្តឧត្តរមានជ័យ លើគម្រោងបែងចែកដីដោះមីនរួចចំនួន ២៨៦ហិកតារ សម្រាប់បម្រើឲ្យប្រជាពលរដ្ឋសរុប៩.៤១៦គ្រួសារ ក្នុងនោះបានបែងចែកជាដីសម្រាប់កសិកម្ម ៧៩,១៧ ហិកតារ សម្រាប់១៣៥គ្រួសារ ដីលំនៅឋាន ១៥,៩៧
ហិកតារ សម្រាប់៥៥គ្រួសារ ដីសម្រាប់ធ្វើផ្លូវលំ សម្រាប់៧.៧៣១គ្រួសារ ដីសម្រាប់សុវត្ថិភាពផ្លូវលំ ១៦,៥៤
ហិកតារ សម្រាប់៩៨១គ្រួសារ ដីសម្រាប់សាងសង់សាលារៀន ១៩,១៨ ហិកតារ សម្រាប់៣៥០គ្រួសារ និងនៅ
ខេត្តកំពង់ស្ពឺ បានធ្វើប្រទានកម្មលើដីដែលមានទំនាស់ដោះស្រាយរួចសរុបចំនួន ២២៤,៥០ ហិកតារ ក្នុងនោះជាដីលំនៅឋាននៅឃុំរលាំងគ្រើល ស្រុកសំរោងទងចំនួន១៨ហិកតារ សម្រាប់៨៨គ្រួសារ និងដីផលិតកម្ម ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ចំនួន ២០៦,៥០ ហិកតារ សម្រាប់ ៨២៦ គ្រួសារ (ចែករួចចំនួន ៤៧៩ គ្រួសារ)។
ការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាលក្ខណៈសាកល្បងកន្លងមកមានជួបបញ្ហាប្រឈមមួយចំនួនពីការចូលមកទន្ទ្រានកាន់
កាប់ដោយខុសច្បាប់ ក្រោយពេលដែលដីនោះត្រូវបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋសម្រាប់សម្បទានដីសង្គមកិច្ច
រួចហើយ ដែលក្រុមការងារនឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត ហើយអាជ្ញាធរខេត្ត ស្រុក ឃុំ ត្រូវទប់ស្កាត់រាល់ការចូលទៅទន្ទ្រានកាន់កាប់ដោយខុសច្បាប់នេះ។ ក្រៅពីនេះ នឹងធ្វើការផ្សព្វផ្សាយអំពីសម្បទានដីសង្គមកិច្ចឲ្យបានច្រើន ដើម្បីឲ្យគ្រួសារក្រីក្រដែលគ្មានដី និងខ្វះដីដាក់ពាក្យសុំសម្បទានដីសង្គមកិច្ច ស្របតាមបែបបទជាធរមាន។
សិក្ខាសាលានាពេលនេះ ជាឱកាសដ៏ល្អមួយសម្រាប់គ្រប់សមាជិក ក្រុមការងារអនុវត្តគម្រោងបែងចែកដីដើម្បី
សង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ WB GTZ និងអង្គការមិនមែនរដ្ឋាភិបាលបានយល់ពីការងារសម្បទានដីសង្គមកិច្ចកាន់តែប្រសើរឡើង និងបានប្រជុំពិភាក្សាគ្នារកដំណោះស្រាយល្អបន្ថែមទៀត ដើម្បីដកបទពិសោធន៍ និងទិសដៅការងារបន្តនៃការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត៕

Labels