វិបត្តិពិភពលោកនាំឲ្យមានការផ្ដោតជាថ្មីសម្រាប់របាយការណ៍កំណើននៅកម្ពុជា
លោក ស្ទេហ្វាន់ ហ្គឹមប៊ែរ អ្នកសេដ្ខកិច្ចជាន់ខ្ពស់នៃធនគារពិភពលោកប្រចាំនៅកម្ពុជា ។ ធនាគារពិភពលោកទើបបានបញ្ចប់របាយការណ៍មួយមានចំណងជើងថា រក្សាកំណើនលឿន
ក្នុងបរិស្ថានដ៏លំបាកមួយ ។
ព្រឹត្តិបត្រព័ត៌មានធនាគារពិភពលោកធ្វើបទសម្ភាសន៍ជាមួយលោកស្ទេហ្វាន់ហ្គីមប៊ែរ
Stephane Guimbert) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំប្រទេសនិងជាអ្នកសរសេររបាយការណ៍នេះ ។

កោះសន្តិភាពសូមបន្តចុះផ្សាយបទសម្ភាសន៍នេះដោយដកស្រង់ចេញពីព្រឹត្តិបត្រព័ត៌ំំំមាន WB
ចេញផ្សាយខែមីនា ឆ្នាំ២០០៩សំណួរ៖ ហេតុអ្វីបានជាធនាគារពិភពលោកចាប់អារម្មណ៍លើប្រធានបទនេះ?
ចម្លើយ៖ ចំណាប់អារម្មណ៍របស់យើងលើការពិភាក្សាប្រភពនៃកំណើន គឺផ្អែកលើបទពិសោធន៍របស់យើងនៅក្នុងប្រទេសជាច្រើនដែលនៅទីនោះ កំណើនសេដ្ឋកិច្ច
គឺជាកត្តានាំមុខចម្បងសម្រាប់កាត់បន្ថយភាពក្រីក្រ ហើយប្រទេសកម្ពុជាក៏មានលក្ខណៈអ៊ីចឹងដែរ។ ប្រទេសកម្ពុជាសម្រេចបានជាស្នាដៃយ៉ាងល្អប្រសើរក្នុងសតវត្សកន្លងទៅនេះ។ មានការពិភាក្សាថា កំណើនសេដ្ឋកិច្ចឡើងលឿនពេក។ ដូច្នេះក្នុងបរិបទនេះ នៅពេលនោះ
រាជរដ្ឋាភិបាលបានស្នើសុំឲ្យយើងជួយរិះរកវិធីរក្សាកំណើនល្បឿននេះប្រកបដោយនិរន្តរភាព។ យើងបានចាប់ផ្ដើមធ្វើការងារលើប្រធានបទនេះប្រកបដោយនិរន្តរភាព។ យើងបានចាប់ផ្ដើមធ្វើការងារលើប្រធានបទនេះជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងអន្តរជាតិ
នៃចក្រភពអង់គ្លេស (DFID) បារាំង និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។
បរិបទសម្រាប់ចំណាប់អារម្មណ៍របស់យើងលើប្រធានបទនេះ បានផ្លាស់ប្ដូរយ៉ាងច្រើន។ នៅពេលយើងចាប់ផ្ដើមការសិក្សានេះនៅដើមឆ្នាំ២០០៨ គេឃើញមានការរីករាយច្រើនអំពីកំណើន
សេដ្ឋកិច្ចដែលសម្រេចបាននៅកម្ពុជាជាមួយកំណើនពីរខ្ទង់ រយៈពេលបួនឆ្នាំជាប់ៗគ្នា វិនិយោគ
បរទេសផ្ទាល់ឈានដល់កម្រិតខ្ពស់បំផុត និងកម្រិតភាពក្រីក្រធ្លាក់ចុះពីជាង៤៥% នៃចំនួន
ប្រជាជនកាលពីពាក់កណ្ដាលទសវត្សរ៍១៩៩០ មកត្រឹម៣០ភាគរយនៅឆ្នាំ២០០៧។

ប្រាំមួយខែក្រោយមក បរិស្ថានក្រៅប្រទេសបានផ្លាស់ប្ដូរយ៉ាងខ្លាំង។ ផ្ទុយពីការរំពឹងរបស់អ្នកសង្កេតការណ៍
ជាច្រើន របកគំហើញដំបូងនៃការសិក្សានេះបង្ហាញថា ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើតម្រូវការក្រៅ
ប្រទេស និងវិនិយោគបរទេស៖ ប្រការនេះបានផ្ដល់អត្ថប្រយោជន៍ច្រើនដល់ប្រទេសនៅក្នុងទសវត្សរ៍កន្លង
ទៅ ប៉ុន្តែពេលនេះធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាទទួលរងហានិភ័យពីវិបត្តិហិរញ្ញវត្ថុពិភពលោក។ ដូច្នេះការវិភាគរបស់យើងបានពិនិត្យមើបញ្ហាបន្ទាន់មួយប្រភេទទៀត៖ បញ្ហាមិនមែនគឺជាការរក្សាកំណើន
លឿនទេ ប៉ុន្តែគឺជាការចាប់ផ្ដើមឡើងវិញនូវកំណើនលឿននៅក្នុងរយៈពេលពីរ-បីឆ្នាំខាងមុខនេះ។
សំណួរ៖ តើការសិក្សានេះមានសារសំខាន់យ៉ាងដូចម្ដេចចំពោះប្រទេសកម្ពុជា?
ចម្លើយ៖ ដូចខ្ញុំបាននិយាយអ៊ីចឹង កំណើនសេដ្ឋកិច្ចជាកត្តានាំមុខដ៏សំខាន់ក្រៃលែងនៃការកាត់បន្ថយ
ភាពក្រីក្រ ដែលមានសារសំខាន់ខ្លាំងចំពោះស្ថានភាពជីវភាពរបស់ប្រជាជនដែលរស់នៅកម្ពុជា។ មានឧទាហរណ៍ជាច្រើនអំពីប្រការដែលកំណើនក្នុងទសវត្សរ៍កន្លងមកបានកែប្រែជីវិតរបស់ប្រជាជន
កម្ពុជាជាច្រើន។ ខ្ញុំសូមជូនឧទាហរណ៍មួយអំពីគ្រួសាររបស់លោក វុធី ដែលរស់នៅចម្ងាយប្រហែល
៣០គីឡូម៉ែត្រខាងលិចក្រុងភ្នំពេញនៅខេត្តកណ្ដាល។ ជាមួយកំណើនរឿងគាត់អាចបើកតូបលក់ទំនិញតូចមួយនៅក្នុងសហគមន៍របស់គាត់។ កំណើននៅក្នុងសហគមន៍របស់គាត់បាននាំមកនូវអតិថិជនកាន់តែច្រើនឡើង ដែលជាហេតុធ្វើឲ្យគាត់លក់ដាច់បានកាន់តែច្រើនឡើង។ កំណើនក៏បាននាំមកនូវផ្លូវថ្នល់មួយផងដែរជូនសហគមន៍របស់គាត់ ហើយគាត់អាចរកចំណេញបន្ថែមទៀតបានដោយសារចំណាយប្រាក់តិចជាងដើម្បីទិញទំនិញ។ នៅពេលនេះជាមួយផលចំណេញនេះ គាត់អាចឲ្យកូនរបស់គាត់ទៅរៀន។ គាត់គិតថា ប្រសិន
បើកំណើនបន្តកើតឡើងដូចនេះ គាត់នឹងអាចបញ្ជូនកូនគាត់ទៅរៀននៅសាកលវិទ្យាល័យ។
កំណើនគឺសំខាន់ក្រៃលែងចំពោះជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ គេឃើញមានការសិក្សាជាច្រើន
អំពីបញ្ហានេះ។
ការសិក្សារបស់យើងខ្ញុំព្យាយាមបូកសរុបការសិក្សាមានស្រាប់ និងជួយកំណត់អាទិភាពនានា។
ការសិក្សានេះក៏ផ្អែកផងដែរ លើការស្រាវជ្រាវថ្មីៗពីបទពិសោធន៍របស់ប្រទេសដទៃរួមទាំង
ប្រទេសដែលមានសេដ្ឋកិច្ចងើបឡើងនាពេលថ្មីៗនេះ ដូចជា ចិន ឥណ្ឌា និងវៀតណាម
បាននឹងកំពុងលូតលាស់យ៉ាងលឿន យល់ដឹងឲ្យបានកាន់តែប្រសើរឡើងផងដែរអំពីរបៀបដែលប្រទេស
កម្ពុជាបានរីកចម្រើនយ៉ាងលឿន តើមានមេរៀនអ្វីខ្លះសម្រាប់អនាគត ជាពិសេសនៅក្នុងបរិស្ថានដ៏លំបាក។
សំណួរ៖ តើរបកគំហើញសំខាន់ៗនៃរបាយការណ៍មានអ្វីខ្លះ?
ចម្លើយ៖ យើងបានចងក្រងរបកគំហើញរបស់យើងនៅជុំវិញប្រធានបទចំនួនបី។ ទីមួយ កំណើនលឿន
នៃទសវត្សរ៍កន្លងមក គឺជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយតាមបទដ្ឋានកម្ពុជា ប៉ុន្តែក៏តាមបទដ្ឋានជា
ប្រវត្តិសាស្ត្រផងដែរ បើប្រៀបធៀបជាមួយប្រទេសដទៃ។ ក្នុងរយៈពេលដប់ឆ្នាំកន្លងទៅនេះ អត្រាកំណើន
នៅកម្ពុជាគឺ៩,៣ភាគរយ ដែលគឺជាសមិទ្ធផលប្រសើរបំផុតលំដាប់ទីប្រាំពីរក្នុងចំណោមប្រទេសទាំងអស់
ក្នុងពិភពលោក។ ប៉ុន្តែជាផ្នែកមួយនៃរបកគំហើញទីមួយ យើងក៏បានរកឃើញផងដែរថា សមិទ្ធផលនេះមិនទំនងជាមានចីរភាពទេ។ មួយផ្នែកគឺដោយសារប្រទេសកម្ពុជាទទួលអត្ថប្រយោជន៍ពីបរិស្ថានល្អប្រសើរពិសេសមួយ។ ដូចប្រទេសជាច្រើននៅពេលនោះដែរ ប្រទេសកម្ពុជាលូតលាស់ក្នុងរយៈពេលពិសេសមួយនៃប្រវត្តិសាស្ត្រ
របស់ខ្លួន ដែលនៅក្នុងនោះសន្តិភាព និងស្ថិរភាពបានវិលត្រឡប់មកវិញ។ ម្យ៉ាងទៀត មូលហេតុខ្លះទៀត
នៃកំណើន គឺថានៅក្នុងវិស័យខ្លះគេឃើញមានអភិបាលកិច្ច និងការចាត់ចែងបរិយាកាសវិនិយោគល្អប្រសើរ (វិស័យកាត់ដេរគឺល្បីជាងគេ)។ ជាការពិតណាស់ ប្រសិនបើការចាត់ចែងអភិបាលកិច្ចល្អប្រសើរនេះ មិនត្រូវបានពង្រីកដល់វិស័យដទៃទេ បញ្ហានេះនឹងក្លាយទៅជាឧបសគ្គមួយចំពោះសក្ដានុពលកំណើន
នៃប្រទេសកម្ពុជា។
ទីពីរ លើសពីវិបត្តិបច្ចុប្បន្ននៅក្នុងសេដ្ឋកិច្ចពិភពលោក ប្រទេសកម្ពុជាមានសក្ដានុពលក្នុងការរកឃើញ
មុខព្រួញថ្មីមួយ ដើម្បីចាប់ផ្ដើមលូតលាស់លឿនជាថ្មីម្ដងទៀត។ ប្រទេសកម្ពុជាមានឧត្ដមភាពប្រៀបធៀបល្អនៅក្នុងវិស័យកម្លាំងពលកម្ម ដីធ្លី បរិស្ថាន និងទីតាំងក្នុងតំបន់។ ដូច្នេះកត្តាទាំងនេះគឺសុទ្ធសឹងជាសក្ដានុពលសម្រាប់កំណើនលឿន ប៉ុន្តែគេចាំបាច់ត្រូវមានកិច្ចប្រឹងប្រែងដែលមានមុខព្រួញច្បាស់លាស់ដើម្បីជំរុញឡើងវិញនៅក្នុងរយៈពេលពីរ-បីឆ្នាំខាងមុខនេះ។ ចង្កោមរបកគំហើញទីបី គឺកាលានុវត្តភាពចំនួនបីដែលយើងគួរបញ្ជាក់នៅក្នុងរបាយការណ៍
នេះ ដើម្បីឲ្យកម្ពុជាចាប់ផ្ដើមលូតលាស់ល្បឿនឡើងវិញ។ កាលានុវត្តភាពទីមួយគឺការទាញយកផលប្រយោជន៍ពីសមាហរណកម្ម និងឋាមភាពតំបន់នៅក្នុងប្រទេសជិត
ខាង និងនៅក្នុងទ្វីបអាស៊ីដ៏ទូលាយ។ កាលានុវត្តភាពទីពីរ គឺធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលល្អ
ប្រសើរ ប៉ុន្តែចាំបាច់ត្រូវគ្រប់គ្រងប្រកបដោយនិរន្តរភាព។ កាលានុវត្តភាពទីបី គឺការវិនិយោគលើអនាគតនៃ
ប្រទេសកម្ពុជា លើប្រជាជនរាមរយៈការអប់រំ និងការថែទាំសុខភាព ក៏ដូចជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
អគ្គិសនី និងទូរគមនាគមន៍ផងដែរ។
សំណួរ៖ តើអនុសាសន៍របស់ធនាគារពិភពលោក ចំពោះរាជរដ្ឋាភិបាលស្ដីពីការដោះស្រាយ បញ្ហាប្រឈម
ទាំងឡាយដែលរបាយការណ៍នេះបានកំណត់មានអ្វីខ្លះ? ចម្លើយ៖
ខ្ញុំសូមលើកឡើងសម្អិតអំពីរបកគំហើញទាំងបី និងអនុសាសន៍ដែលយើងបានផ្ដល់។
អនុសាសន៍ទីមួយ គឺការទាញយកផលប្រយោជន៍ពីទីតាំងរបស់ប្រទេសកម្ពុជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
បានន័យថា កម្ពុជាត្រូវលើកស្ទួយសមត្ថភាពរបស់ខ្លួនដើម្បីធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង និងខិតខំទាក់ទាញវិនិយោគិន ដើម្បីធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទីកន្លែងពេញចិត្តសម្រាប់វិនិយោគ។ គេឃើញមានបញ្ហាសម្របសម្រួលមួយចំនួន ដែលចាំបាច់ត្រូវដោះស្រាយ។ ឥឡូវនេះកម្ពុជាមានស្តង់ដារតិចតួចណាស់សម្រាប់អាជីវកម្មកសិកម្ម ពោលគឺសង់ដោយអនាម័យ
និងភូតគាមអនាម័យ។ ចំណុចនេះគឺជាឧបសគ្គដ៏ធំមួយចំពោះអ្នកនាំចេញ។ មូលហេតុដែលគេចាំបាច់ត្រូវដោះស្រាយបញ្ហាសម្របសម្រួលនោះគឺដើម្បីធ្វើឲ្យប្រទេសកម្ពុជាអាចទទួល
អត្ថប្រយោជន៍ពីតំបន់។ ចំណុចនេះ គឺជាចង្កោមអនុសាសន៍មួយ។
យើងខ្ញុំមិននិយាយសម្អិតទាំងអស់ទេ អំពីរបៀបដែលចំណុចនេះដំណើរការ។ ប្រការសំខាន់គឺថា វេទិការាជរដ្ឋាភិបាលផ្អែកឯកជនចាំបាច់ត្រូវពិភាក្សាបញ្ហាទាំងនេះ និងកំណត់ឲ្យបានជាក់លាក់
នូវវិធីដោះស្រាយបញ្ហាទាំងនេះ និងវិធីតាមដានការអនុវត្តន៍។
ចង្កោមរបកគំហើញទីពីរ គឺការគ្រប់គ្រងធនធានធម្មជាតិ។ គេឃើញមានករណីល្បីល្បាញច្រើននៃការគ្រប់គ្រងមិនល្អដែលបានកើតឡើងក្នុងរយៈពេលដប់ឆ្នាំ
កន្លងមកនេះ។ ដោយសារចំណុចនេះគឺជាឧត្ដមភាពប្រៀបធៀបរបស់កម្ពុជាត្រូវគ្រប់គ្រងធនធានទាំង
នេះឲ្យបានល្អ។ គេឃើញមានសក្ដានុពលធនធានធម្មជាតិថ្មី ដែលកំពុងកើតឡើងនៅក្នុងឧស្សាហកម្ម
និស្សារណៈទាំងនៅក្នុងវិស័យប្រេងកាត ប្រេង និងឧស្ម័ន និងរ៉ែ ហើយប្រការនេះអាចគឺជាសក្ដានុពល
ដ៏ល្អប្រសើរមួយសម្រាប់កម្ពុជា។ ប៉ុន្តែជាថ្មីម្ដងទៀត វិស័យនេះចាំបាច់ត្រូវគ្រប់គ្រងឲ្យបានសមស្រប និងប្រកបដោយនិរន្តរភាព យផ្ដល់នូវក្របខណ្ឌមួយសម្រាប់ឲ្យវិនិយោគិនមានភាពកក់ក្ដៅក្នុងការធ្វើ
វិនិយោគនៅកម្ពុជា។
ទីបី ប្រទេសកម្ពុជាគប្បីបន្តលើកស្ទួយទេពកោសល្យរបស់ខ្លួន។ ការអប់រំជាមូលដ្ឋាន និងផ្លូវជាតិបានប្រសើរ
ឡើងយ៉ាងច្រើនក្នុងទសវត្សរ៍កន្លងមកនេះ។ គ្រឹះស្ថានឧត្ដមសិក្សាមួយចំនួនកំពុងដំណើរការរោងចក្រអគ្គិសនី កំពុងត្រូវបានសាងសង់ ហើយផ្លូវថ្នល់លំដាប់ទីពីរកំពុងត្រូវបានធ្វើផែនការដែលកិច្ចប្រឹងប្រែងទាំងនេះត្រូវតែបន្ត។ ពេលនេះការយកចិត្តទុកដាក់ជាពិសេសចាំបាច់ត្រូវផ្ដោតលើគុណភាពជាជាងបរិមាណ គុណភាពនៃការអប់រំ គុណភាពនៃផ្លូវថ្នល់ (និងការថែទាំផ្លូវថ្នល់ទាំងនេះ) គុណភាពនៃទូរគមនាគមន៍ និងអគ្គិសនី (និងតម្លៃនៃសេវាកម្មទាំងនេះ)។
ទាំងនេះគឺជាអនុសាសន៍ទាំងបីចង្កោមដែលយើងបានស្នើឡើង។ យើងក៏ទទួលស្គាល់ផលដែរថា នៅមានចំណុចមិនទាន់យល់ដឹងជាច្រើនពាក់ព័ន្ធនឹងរបៀបដែលកំណើនកើតមាននៅកម្ពុជា។ ហេតុនេះអនុសាសន៍របស់យើងត្រូវការការពិភាក្សា និងការវិភាគបន្ថែមទៀត និងចាំបាច់ត្រូវតាមដានមើល
ជាយថាហេតុ។ ការពិភាក្សាចុងក្រោយនៅក្នុងរបាយការណ៍ គឺផ្ដោតនៅជុំវិញបញ្ហាប្រឈមចំនួនបីដែលយើង
យល់ថា មានសារសំខាន់ខ្លាំងសម្រាប់អនាគតនៃប្រទេសកម្ពុជា។ យើងមិនអាចពិនិត្យមើលគ្រប់បញ្ហាទាំងអស់
ទេ ប៉ុន្តែយើងយល់ថាបញ្ហាប្រឈមទាំងបីនេះត្រូវការការយកចិត្តទុកដាក់ច្រើនថែមទៀត។ បញ្ហាទីមួយគីបញ្ហាន
គរូបនីយកម្ម ដោយសារប្រទេសទាំងអស់ក្នុងពិភពលោក ដែលបានលូតលាស់លឿន សុទ្ធតែបានអភិវឌ្ឍន៍ទី
ក្រុងរបស់ខ្លួន ហើយប្រទេសកម្ពុជាក៏មានលក្ខណៈដូចគ្នាអ៊ីចឹងដែរ។ ប្រការនេះតម្រូវឲ្យមានការរៀបចំផែនការជា
ច្រើន ដើម្បីធ្វើឲ្យនគរូបនីយកម្មដើរលើផ្លូវត្រូវ។ បញ្ហាប្រឈមទី២ គឺបញ្ហាវិសមភាព។ ជាថ្មីម្ដងទៀត ប្រទេស
ទាំងអស់ដែលបានលូតលាស់លឿន សុទ្ធតែទទួលបានជោគជ័យក្នុងការចៀសវាងកំណើនវិសមភាពលឿន។ នៅក្នុងរយៈពេល ២ ឬ៣ឆ្នាំចុងក្រោយនេះ គេឃើញមានកំណើនវិសមភាពបែបនេះនៅកម្ពុជា ដែលគឺជាការ
ព្រួយបារម្ភ ហើយគោលនយោបាយគប្បីត្រូវបានរៀបចំ និងពិភាក្សា ដើម្បីជៀសវាង
កុំឲ្យនិន្នាការបែបនេះបន្តនៅក្នុងអនាគត។ បញ្ហាប្រឈមទី៣ ដែលទាក់ទិនដោយឡែកទៅនឹងការ
គ្រប់គ្រងធនធានធម្មជាតិ គឺជាបញ្ហាបរិស្ថាន។ កម្ពុជានឹងជួបប្រទះបញ្ហាប្រឈមនៃការផ្លាស់ប្ដូរអាកាសធាតុដូចប្រទេសដទៃទៀតដែរ ប៉ុន្តែកំណើនលឿនក៏បង្កើតបញ្ហារបស់វាខ្លួនឯងដែរ។ ហេតុដូច្នេះ បញ្ហាប្រឈមទាំងនេះចាំបាច់ត្រូវគ្រប់គ្រងឲ្យបានសមស្រប និងប្រកបដោយនិរន្តរភាព។
សំណួរ៖ តើធនាគារពិភពលោកត្រៀមធ្វើអ្វីខ្លះ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការជម្នះបញ្ហាប្រឈមទាំងនេះ?
ចម្លើយ៖ ដូចខ្ញុំបាននិយាយខាងដើមអញ្ចឹង គោលបំណងចម្បងរបស់យើងក្នុងការរៀបចំរបាយការណ៍នេះ គឺដើម្បីជួយរាជរដ្ឋាភិបាល អ្នកធ្វើសេចក្ដីសម្រេចចិត្ត ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត រួមទាំងវិនិយោគិន ឲ្យបានយល់ដឹងកាន់តែប្រសើរឡើងអំពីកិច្ចដំណើរការនៃកំណើននៃកម្ពុជា និងថាកម្ពុជា
មានសក្ដានុពលសម្រាប់លូតលាស់ថែមទៀតនាពេលអនាគត និងជួបប្រទះ
ផងដែរនូវបញ្ហាប្រឈមមួយចំនួនដែលចាំបាច់ត្រូវដោះស្រាយ។ ដូច្នេះនៅពេលនេះ វិភាគទាន
ទីមួយហួសពីរបាយការណ៍នេះ គឺការពិភាក្សារបាយការណ៍នេះនៅតាមទីកន្លែងផ្សេងៗជាមួយក្រុមផ្សេងៗ។ លើសពីនេះទៀត របាយការណ៍នេះ គឺសំខាន់ក្រៃលែង
សម្រាប់ដឹកនាំការវិភាគរបស់យើងលើផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុពិភពលោកនាពេលថ្មីៗនេះ។ វាផ្ដល់នូវការយល់ដឹងស៊ីជម្រៅអំពីចំណុចគន្លឹះទាំងឡាយនៃវិធានការឆ្លើយតបទៅនឹងវិបត្តិនេះរួមមាន ចំណុចទាំងឡាយនៃវិធានការឆ្លើយតបផ្នែកម៉ាក្រូសេដ្ឋកិច្ច ការវិភាគលើនិន្នាការវិស័យហិរញ្ញវត្ថុ តួនាទីដ៏សំខាន់នៃវិស័យកសិកម្មក្នុងរយៈពេលខ្លី កត្តាសំខាន់បំផុតនៃប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គម និងសារសំខាន់នៃការពន្លឿនកំណែទម្រង់បទប្បញ្ញត្តិ ដើម្បីរក្សាភាពប្រកួតប្រជែង។ ចំណុចពីរនៃចំណុចទាំងនេះនឹងត្រូវបានជ្រើសរើសយកនៅក្នុងប្រតិបត្តិការរបស់យើងនៅក្នុងវិស័យកសិកម្ម និងសំណាញ់សុវត្ថិភាពសង្គម។យើងនឹងបន្តសហការជាមួយរាជរដ្ឋាភិបាលដើម្បីរិះរកកាលានុវត្តភាពផ្សេង
ទៀតដើម្បីជួយគាំទ្រដល់ការអនុវត្តអនុសាសន៍ទាំងនេះ ក៏ដូចជាកំណត់ថាតើយើង និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតអាចជួយបាននៅត្រង់ណានៅក្នុង
ការអនុវត្ត៕

Labels