ការចាប់ផ្តើមការតស៊ូដោយប្រដាប់អាវុធ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 14:35 ម៉ោងសកល
ក្រុម ខ្មែរកុម្មុយនិស្តបានចាកចេញពីឆាកនយោបាយ នៅឆ្នាំ១៩៦២។ ប្រាំឆ្នាំក្រោយមក ក្រោយពីមានព្រឹត្តិការណ៍បះបោរ នៅស្រុកសំឡូត ពួកគេក៏បានសម្រេចចិត្តចាប់យកការតស៊ូប្រដាប់អាវុធវិញ។
នយោបាយរដ្ឋាភិបាលក្នុងការប្រមូលទិញផលស្រូវ
មូលហេតុដែលនាំឲ្យមានការបះបោរនៅសំឡូត នៅឆ្នាំ១៩៦៧ គឺកើតចេញពីនយោបាយរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការប្រមូលទិញផលស្រូវពីប្រជាកសិករ។
នៅ ចន្លោះឆ្នាំ១៩៦៥ និងឆ្នាំ១៩៦៦ កសិករខ្មែរបានលួចលក់ស្រូវទៅឲ្យកងទ័ពវៀតណាមខាងជើងដែលឲ្យថ្លៃ ខ្ពស់ជាងរដ្ឋាភិបាល ដែលជាហេតុនាំឲ្យរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលមួយផ្នែកធំ ដែលបានមកពីការនាំចេញស្រូវ។
នៅឆ្នាំ១៩៦៦ រដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដាច់ខាតឲ្យប្រជាកសិករលក់ស្រូវ ជូនរដ្ឋ ហើយថែមទាំងបញ្ជូនកងកម្លាំងប្រដាប់អាវុធឲ្យចុះទៅប្រមូលទិញស្រូវ នៅតាមទីជនបទទៀតផង។
នៅឆ្នាំ១៩៦៧ លន់ ណុល ដែលជានាយករដ្ឋមន្រ្តី បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធផ្តោតការប្រមូលទិញស្រូវនៅ ក្នុងខេត្តបាត់ដំបង ដែលជាជង្រុកស្រូវយ៉ាងធំរបស់ប្រទេសកម្ពុជា។ មិនយូរប៉ុន្មានការប្រឈមមុខគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងប្រជាកសិករនៅខេត្តបាត់ដំបងក៏បានកើតមានឡើង។ ពួកសកម្មជនកុម្មុយនិស្តប្រចាំខេត្តបាត់ដំបង ក៏បានឆ្លៀតពេលនោះជម្រុញការបះបោរឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយបានបាចខិត្តប័ណ្ណចោទរដ្ឋាភិបាលថា ប្រមូលទិញស្រូវ ដើម្បីយកទៅលក់ឲ្យអាមេរិក។
កសិករបះបោរប្រឆាំងនឹងការប្រមូលទិញស្រូវ
នៅ ថ្ងៃទី២ មេសា ឆ្នាំ១៩៦៧ ការបះបោរដ៏ធំមួយក៏បានកើតឡើងនៅស្រុកសំឡូត ក្នុងខេត្តបាត់ដំបង។ ប្រជាជនប្រមាណ២០០នាក់ ដោយមានកាន់បដាប្រឆាំងនឹងរដ្ឋាភិបាលផងនោះ បានធ្វើការវាយប្រហារលើទីតាំងរដ្ឋាភិបាលមួយនៅសំឡូត។ ក្រុមបះបោរបានសម្លាប់ទាហានរដ្ឋាភិបាលចំនួនពីរនាក់ ហើយដណ្តើមយកបានកាំភ្លើងមួយចំនួនផង។ ភាពចលាចលនេះបានរាលដាលទៅភូមិផ្សេងៗទៀតនៅក្បែរនោះ រហូតដល់មានការបង្រ្កាបពីទាហានរដ្ឋាភិបាល។ ក្រុមបះបោរមួយចំនួនត្រូវបានប៉ូលីសចាប់ខ្លួន និងវាយដំសួរចម្លើយ។ ចំណែកមួយចំនួនទៀតបានរត់គេចខ្លួនចូលទៅក្នុងព្រៃ។
នៅភ្នំពេញឯណោះវិញ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ ខៀវ សំផន ហ៊ូ យន់ និងហ៊ូ នឹម ថា ជាអ្នកនៅពីក្រោយអំពើបះបោរនៅសំឡូតនេះ ហើយថែមទាំងគម្រាមថានឹងឲ្យតុលាការសឹកកាត់ទោសអ្នកទាំងបីនេះទៀត ផង។ ខ្មែរកុម្មុយនិស្តទាំងបីនាក់នេះក៏បានលួចរត់ចេញពីភ្នំពេញ ដើម្បីគេចចេញពីការកាត់ទោសនេះ។ ក្រោយមក លន់ ណុល បានអះអាងថា ជនកុម្មុយនិស្តទាំងបីនាក់នេះបានស្លាប់បាត់ទៅហើយ។ ហេតុដូចនេះហើយបានជាពេលដែល ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម លេចមុខសាជាថ្មីនៅក្នុងចំនោមមេដឹកនាំខ្មែរក្រហម គេបានហៅអ្នកទាំងបីនាក់នេះថាជា ខ្មោចទាំងបី។
ខ្មែរក្រហមនៅពីក្រោយការបះបោរនៅសំឡូត?
យោងតាមលោក David Chandler ក្នុងសៀវភៅដែលមានចំណងជើងថា “បងទី១ ប៉ុល ពត” ពួក មេដឹកនាំខ្មែរក្រហមមិនមែនជាអ្នកនៅពីក្រោយអំពើបះបោរនៅសំឡូតនេះ ទេ។ ពួកគេមិនទាំងបានដឹងជាមុនផងថានឹងមានអំពើបះបោរបែបនេះកើតឡើង។ ដំណឹងអំពីការបះបោរនេះបានធ្វើឲ្យមេដឹកនាំខ្មែរក្រហមមានការសប្បាយ ចិត្តយ៉ាងខ្លាំង ដោយពួកគេបានមើលឃើញកាន់តែច្បាស់នូវកម្លាំងបដិវត្តន៍របស់ប្រជាជន កម្ពុជា។
ក្នុងពេលជាមួយគ្នា ប្រតិបត្តិការតាមកម្ទេចក្រុមបះបោរ ពីសំណាក់ទាហានរដ្ឋាភិបាលក៏បានរាលដាលទៅដល់កន្លែងផ្សេងៗទៀត ធ្វើឲ្យពួកកុម្មុយនិស្តលែងមានកន្លែងណាជ្រកទៀតហើយ ក្រៅពីរត់ចូលក្នុងព្រៃ។
សាឡុត ស និងមេដឹកនាំផ្សេងៗទៀតនៃបក្សកុម្មុយនិស្តកម្ពុជា ក៏ បានសម្រេចចិត្តថា ពួកគេលែងមានជម្រើសអ្វីផ្សេងទៀតហើយ ក្រៅតែពីត្រៀមខ្លួនបើកការតស៊ូដោយប្រដាប់អាវុធ ដើម្បីបន្តបដិវត្តន៍របស់ពួកគេតទៅទៀត។
ការចាប់ផ្តើមនៃការតស៊ូដោយអាវុធ
នៅ ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨ ក្រុមខ្មែរក្រហមមួយក្រុមបានបើកធ្វើការវាយប្រហារលើទីតាំងទាហាន រដ្ឋាភិបាលមួយកន្លែង ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយដណ្តើមបានកាំភ្លើង៣២ដើម។ ពួកខ្មែរក្រហមបានអបអរសាទជោគជ័យរបស់ពួកគេ ដោយកំណត់យកថ្ងៃនេះជាការចាប់ផ្តើមនៃការតស៊ូប្រដាប់អាវុធរបស់ ខ្លួន និងជាថ្ងៃបង្កើតកងទ័ពបដិវត្តន៍។ ក្រោយមកការវាយឆ្មក់បែបនេះក៏បានកើតឡើងនៅតាមបណ្តាខេត្តមួយ ចំនួនផ្សេងទៀតក្រៅពីខេត្តបាត់ដំបង។
ទោះជា យ៉ាងនេះក៏ដោយ ចាប់ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមគ្រាន់តែជាកងឧទ្ទាមតូចតាចមួយប៉ុណ្ណោះ ហើយមិនសូវទាំងមានអាវុធយុទ្ធភ័ណ្ឌអ្វីធំដុំប៉ុន្មានផងទេ។ យោងតាមការប៉ាន់ស្មានរបស់ភ្នាក់ងារចារកិច្ចអាមេរិក នៅមុនរដ្ឋប្រហារឆ្នាំ១៩៧០ ខ្មែរក្រហមមានទ័ពមិនដល់៣ពាន់នាក់ ផង។ ទ័ពទាំងនោះសោតក៏មិនទទួលបានការហ្វឹកហ្វឺនត្រឹមត្រូវដែរ។ ការវាយឆ្មក់ទៅលើទាហានរដ្ឋាភិបាល ពីសំណាក់ពួកខ្មែរក្រហម ច្រើនតែធ្វើឡើងក្នុងទ្រង់ទ្រាយតូច និងទៅលើទីតាំងរដ្ឋាភិបាលណាដែលមិនសូវសំខាន់ប៉ុណ្ណោះ។ រដ្ឋប្រហារ ទម្លាក់សម្តេច នរោត្តម សីហនុ នៅឆ្នាំ១៩៧០ គឺជារបត់ដ៏សំខាន់មួយសម្រាប់បដិវត្តន៍របស់ពួកខ្មែរក្រហម។