(បទពាក្យប្រាំពីរ )

ព្រលឹមមិនទាន់លាន់វាចា ​​​ ស្លៀកពាក់ហ៊ឺហាការប្រញាប់

ទូរស័ព្ទទាក់ទងឆ្លងសាសព្ទ ដំណើរស្វាហាប់ញាប់សេចក្តី ។

ទឹកមុខញឹមញែមក្លែមសម្រស់ ស្រស់បស់ជិះឡានទំនើបថ្មី

ចេញចូលគ្រប់ច្រកមៀងមើលដី ធ្វើហីអួតរឹកខ្មឹកគ្រាន់បើ ។

ប្រឹងស្តីបូរបាច់ប៉ាច់កោកៗ ថ្លៃថោកតថ្លៃកោតសរសើរ

បំពង់កប្រេះស្លេះក៏កើរ ប្រើទាំងទឹកមាត់ហួតស្ងួតខះ ។

ចាក់ចេកចាក់ស្ដរទាំងសងខាង អះអាងជំនួសអ្នកជាម្ចាស់

បបូរមាត់ផ្ទាត់ស្ទាត់ច្បាស់ៗ ព្រោះតែឈ្លក់ក្រាស់ខ្មាសដុល្លារ ។

យប់ថ្ងៃមិនខ្វល់នយោបាយ ព្រួយខ្វាយតែរឿងប្រឹងចរចា

មិនរើសដីក្រុងស្រែចម្ការ អោយតែថាលក់ទាក់ម៉ូយទិញ ។

របរយកមាត់ធ្វើជាដើម ទុនទឹកមាត់ផ្សើមជួសទំនិញ

ប្រើតែវោហារចាយពណ៏ធ្មេញ ផលវិញចំណេញមិនដែលខាត ។

គិតទៅគួរស្ងើចភើចសរសើរ ជើងដើរដៃបោយរួយអណ្តាត

ប្រឹងគួកជេដីស្តីមិនស្កាត សង្វាតស្កៀបតែរឿងដុល្លារ

Labels