អ្នកឥតការងារធ្វើនៅបារាំងកើនឡើងដល់២លាននាក់
ក្រសួងការងារបារាំងបានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាអ្នកឥតការងារធ្វើ
នៅប្រទេសបារាំងនៅខែតុលាកន្លងទៅនេះ មានកំណើន+៤៦.៩០០នាក់ដែលធ្វើឲ្យចំនួនសរុប
នៃអ្នកឥតការងារធ្វើកើនឡើងដល់ ២.០០៤.៥០០នាក់។ ដូច្នេះជាលើកទីមួយដែលខ្សែបន្ទាត់
នៃតួលេខ២លាននាក់ដែលជាតួលេខនិមិត្តរូបបានត្រូវឈានដល់នារយៈកាល
១៧ខែចុងលក្រោយនេះ។ ខណៈនេះស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពការងារនៃប្រទេសបារាំងកំពុងឈានចូលទៅក្នុងសម័យកាល
មួយដែលវិបត្តិមានសភាពធ្ងន់ធ្ងរក្រៃលែងចាប់តាំងពីឆ្នាំ១៩៩៣មក ហើយ
ចំនួនអ្នកឥតការងារធ្វើនៅប្រទេសបារាំងបានកើនឡើងបន្តបន្ទាប់គ្នាជាលំដាប់នារយៈ៦ខែចុងក្រោយនេះ។ ចំណែកឯការប្រកាសឲ្យដឹងដោយក្រសួងការងារបារាំងពីការស្ទុះឡើងនៃចំនួនអ្នកឥតការងារធ្វើនៅខែតុលាបាន
ធ្លាក់ចំពេលដែលអង្គការសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បានប្រកាសប្រាប់ថា អ្នកឥត
ការងារធ្វើនៅប្រទេសបារាំងអាចកើនឡើងដល់ ៧,៣% នៃចំនួនប្រជាជនសកម្មបារាំងនៅឆ្នាំ២០០៨។
៨,២%នៃចំនួនប្រជាជនសកម្មបារាំងនៅឆ្នាំ២០០៩។ ៨,៧%នៃចំនួនប្រជាជនសកម្មបារាំងនៅឆ្នាំ២០១០។ តួលេខនេះបាននដាក់ប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ឲ្យឋិតនៅក្នុងចំណាត់ថ្នាក់មធ្យមនៃបណ្តាប្រទេសប្រើ
ប្រាក់Euro ដែលអត្រានៃអ្នកឥតការងារធ្វើឋិតនៅក្នុង៧,៤%នៅឆ្នាំ២០០៨-៨,៦%នៅឆ្នាំ២០០៩-៩%នៅឆ្នាំ២០១០។ រីឯវិស័យស្ថាបនាសាងសង់បារាំងវិញ អាចបាត់បង់ការងារប្រមាណ៤៥.០០០នៅឆ្នាំ២០០៩ក្នុងចំនួនការងារសរុបនៃវិស័យស្ថាបនាសាងសង់១លាន៩សែន។ នៅក្នុងវិស័យផលិតរថយន្តឯណោះ ក្រោយពីរោងចក្រផលិតរថយន្តបារាំងឈ្មោះRanault បានប្រកាសឲ្យដឹងថានៅខែកញ្ញាកន្លងទៅអ្នកធ្វើការប្រមាណ៤.៩០០នាក់បានត្រូវគេបញ្ឈប់រួចមក ដល់វេនក្រុមហ៊ុនផលិតរថយន្តឈ្មោះ PSA –Peugeot-Citrën ប្រកាសប្រាប់ថាការងារប្រមាណ៣.៥០០ នឹងត្រូវលុបចោល។ នៅក្នុងស្ថានភាពសេដ្ឋកិច្ចដុនដាបបែបនេះហើយដែលលោកស្រី Christine Lagarde រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំងបានថ្លែងបញ្ជាក់ឲ្យដឹងពីការចាំបាច់ក្នុងការរៀបចំឲ្យមានផែនការធំមួយសម្រាប់
ជម្រុញឲ្យមានកំណើនសេដ្ឋកិច្ចនៅពេលឆាប់ៗខាងមុខនេះ។ ផែនការដ៏សខាន់នេះតម្រូវឲ្យមានការគាំទ្រទៅលើការបោះទុនធ្វើវិនិយោគសម្រាប់សហគ្រាសដើម្បីទប់ទល់នឹងផល
វិបាកសង្គមដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុ។ រដ្ឋាភិបាលបារាំងរំពឹងទៅលើការជួយសង្គ្រោះដោយរៀបចំឲ្យមានឡើងនូវ លក្ខខណ្ឌឥតការងារធ្វើដោយអន្លើ
( Chômage Partiel )ដែលអនុញ្ញាតឲ្យអ្នកធ្វើការមានលទ្ធភាពនឹងរក្សាការងាររបស់គេដោយធ្វើការតិច ហើយជាមួយគ្នានេះគេអាចទទួលបាននូវប្រាក់បំណាច់ជំនួសនិកម្មភាពរបស់គេផងទៀត។ វិធានការបែបនេះបានត្រូវគេអនុវត្តនៅក្នុងរោងចក្រផលិតរថយន្តរួចទៅហើយ។ គួរកត់សំគាល់ថា ក្រុមហ៊ុនផលិតរថយន្ត Toyota ដែលមានសាខានៅប្រទេសបារាំង ក៏ដូចជាក្រុមហ៊ុន Renault & ក្រុមហ៊ុន PSA-Peugeot-Citroën ត្រូវប្រឈមមុខទល់នឹងចំនួនស្តុករថយន្តដែលចេះតែកើនឡើងជាលំដាប់ដោយហេតុតែមានវិបត្តិសេដ្ឋកិច្ចលក់រថយន្តពុំ
ចេញ។
ដូច្នេះក្រុមហ៊ុនផលិតរថយន្ត Toyota ត្រូវបង្ខំចិត្តបិទទ្វាររោងចក្រដែលឋិតនៅប៉ែកខាងជើងប្រទេសបារាំងចំនួន៣សប្តាហ៍ហើយនឹងត្រូវកាត់បន្ថយការផលិតរថយន្តប្រមាណ២០%ចាប់ពីខែកុម្ភះខាងមុខនេះទៅ។ វិស័យស្ថាបនាសាងសង់និងវិស័យផលិតរថយន្ត គឺជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចបារាំងដែលត្រូវទទួលបាននូវជំនួយនៃ ផែនការសម្រាប់ជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច របស់លោកប្រធានាធិបតី Nicolas Sarkozyដែលត្រូវចេញបង្ហាញនៅដើមខែធ្នូខាងមុខនេះ។ ផែនការជម្រុញឲ្យមានកំណើនសេដ្ឋកិច្ចនេះ មានចំនួនទឹកប្រាក់២០ពាន់លាន Euros ហើយឋិតក្នុងក្របខ័ណ្ឌនៃផែនការអឺរ៉ុបជម្រុញឲ្យមានកំណើមសេដ្ឋកិច្ច៕

Labels