ផែនការប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចរបស់លោកប្រមុខរដ្ឋបារាំង Nicolas Sarkozy
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកប្រធានាធិបតីបារាំង Sarkozy នាឱកាសទស្សនកិច្ចនៅទីក្រុង Douai បានប្រកាសបង្ហាញឲ្យឃើញនូវវិធានការមួយចំនួនដើម្បីជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច។ អាទិភាពនៃផែនការសកម្មភាពនេះមានពីរគឺ ការគាំទ្របោះទុនធ្វើវិនិយោគហើយនិងការគាំទ្របង្កើនផលិតផល។ លោកប្រមុខរដ្ឋបារាំងក៏បានប្រកាសឲ្យដឹងផងទៀតអំពីជំនួយសម្រាប់ជួយរោងចក្រផលិតរថយន្ត និងវិស័យសាងសង់លំនៅដ្ឋានដែលកំពុងតែជួបនឹងវិបត្តិមួយដ៏សែនធ្ងន់ធ្ងរ។ ផែនការប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចនេះ មានចំនួនទឹកប្រាក់២៦ពាន់លានEuros។
លោក Nicolas Sarkozy ប្រធានាធិបតីបារំាងប្រកាសចេញនូវផែនការផ្តល់សន្ទុះសេដ្ឋកិច្ចដែលមានទឹកប្រាក់
២ម៉ឺន ៦ពាន់លានអឺរ៉ូក្នុងខណៈដែលសភាពសេដ្ឋកិច្ចដើរថយក្រោយកំពុងតែធ្វើការគំរាមមកលើប្រទេសបារាំង ហើយនិងនៅខណៈដែលប្រជាជនបារាំងគ្មានការងារធ្វើបានឆ្លងលើសចំនួន២លាននាក់ លោកប្រមុខរដ្ឋបារាំងនាឱកាសធ្វើទស្សនកិច្ចនៅទីក្រុងDouai ឲ្យឃើញនូវផែនការសម្រាប់ជម្រុញឲ្យមាន
កំណើនសេដ្ឋកិច្ច ជាពិសេសដោយបានផ្តល់អាទិភាពឲ្យទៅលើការបោះទុនធ្វើវិនិយោគ។ ពុំមែនជាការចៃដន្យឡើយដែលលោកប្រមុខរដ្ឋបារាំងអញ្ជើញទៅធ្វើទស្សនកិច្ចនៅទីក្រុង Douai និងប្រកាសឲ្យដឹងពីផែនការប្រឆាំងវិបត្តិសេដ្ឋកិច្ចរបស់លោក ដោយហេតុថាគឺនៅទីក្រុង Douai នេះឯងដែលមានទីស្នាក់ការដ៏សំខាន់របស់ក្រុមហ៊ុនផលិតរថយន្តបារាំងឈ្មោះ Renault។
លោក Nicolas Sarkozy បានបញ្ចេញបង្ហាញផែនការគាំទ្រការបោះទុនធ្វើវិនិយោគដើម្បីជម្រុញឲ្យមានការបង្កើតផលិតផល។ រដ្ឋបារាំងក៏បានផងទៀតជម្រុញបង្កើនការដ្ឋានដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ហើយនិងសាងសង់កែលំអគ្រឹះស្ថានសម្រាប់អ្នកចូលនិវត្តន៍- មន្ទីរពេទ្យ-គ្រឹះស្ថានសម្រាប់ទទួលក្មេងតូចៗ-ពង្រឹងពង្រីកប្រព័ន្ធអយស្ម័យយានដែលមានល្បឿនលឿន TGV ដែលទាំងនេះតម្រូវឲ្យរដ្ឋបារាំងចំណាយអស់
ប្រមាណ១ម៉ឺន៥រយលាន Euros បន្ថែមទៀត។
ដើម្បីជួយបន្ធូរសម្រាលបញ្ហាហិរញ្ញវត្ថុរបស់សហគ្រាសខ្នាតតូចនិងមធ្យម លោក Nicolas Sarkozy បានប្រកាសឲ្យដឹងថា រដ្ឋ បារាំងបានគ្រោងទឹកប្រាក់ប្រមាណ១ម៉ឺន១ពាន់៥រយលាន Euros សម្រាប់ជួយចេញសងប្រាក់បំណុលរបស់សហគ្រាស តាមរយៈវិធានការផ្សេងៗមានដូចជា ឥណទានពន្ធ-Crédit d’impôts-ជាដើម។ ទាំងនេះដើម្បីជួយជម្រុញឲ្យសហគ្រាសមានបញ្ហាទាំងនោះអាចមានលទ្ធភាពនឹងអភិវឌ្ឍសកម្មភាពសដ្ឋកិច្ចរបស់
គេបន្តទៅទៀត។
វិធានការមួយទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃអ្នកឥតការងារធ្វើ គឺសហគ្រាសណាដែលមានបុគ្គលិក
តិចជាង១០នាក់ហើយយកមនុស្សចូលធ្វើការបន្ថែមនៅឆ្នាំ២០០៩ រដ្ឋបារាំងនឹងឲ្យសហគ្រាសនោះរួចខ្លួនទាំងស្រុងពីការបង់ពន្ធហើយនិងបង់សោហ៊ុយបន្ទុកសម្រាប់បុគ្គលិក។
ចំណែកឯវិស័យផលិតរថយន្តនិងវិស័យសាងសង់លំនៅដ្ឋានដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ច ក៏នឹងត្រូវទទួលបាននូវជំនួយក្រាស់ក្រែលពីរដ្ឋបារាំងដែរ។
សម្រាប់រថយន្តណាដែលមានចំណាស់លើសពី១០ឆ្នាំ រដ្ឋបារាំងនឹងផ្តល់ប្រាក់ជំនួយ១ពាន់ Euros ឲ្យម្ចាស់រថយន្តនៅខណៈដែលម្ចាស់រថយន្តនោះយល់ព្រមទិញរថយន្តថ្មី។ ក្នុងវិស័យសាងសង់លំនៅដ្ឋានដែលកំពុងតែជួបនឹងវិបត្តិក៏ពុំខុសគ្នាដែរ រដ្ឋបារាំងនឹងគុណទ្វេបរិមាណនៃប្រាក់កម្ចីដោយឥតយកការប្រាក់ ។ ទាំងនេះដើម្បីជួយរុញច្រានឲ្យមានអ្នកទិញផ្ទះកាន់តែច្រើនឡើងៗ។ កម្មវិធីសាងសង់លំនៅដ្ឋានរដ្ឋដែលគ្រោងសាងសង់ឲ្យមាន៧ម៉ឺនលំនៅដ្ឋានបន្ថែមទៀត ក៏មាននៅក្នុងផែនការ
របស់លោក Sarkozy ផងដែរ។
សម្រាប់ប្រជាជនបារាំងក្រីក្រមានប្រាក់ចំណូលតិចវិញ រដ្ឋាភិបាលគ្រោងផ្តល់ប្រាក់ជំនួយប្រមាណ២០០Euros ឲ្យទៅអ្នកទាំងនេះនៅចុងខែមីនាឆ្នាំ២០០៩ដើម្បីឲ្យអ្នកទាំងនេះធ្វើការទិញដូរហូបចុក។
សូមគូសបញ្ជាក់ថា វិធានការទាំងអម្បាលម៉ានរបស់រដ្ឋាភិបាលបារាំងខាងលើនេះ តម្រូវឲ្យចំណាយអស់ប្រាក់
ប្រមាណ ២៦ពាន់លាន Euros ដែលត្រូវជា១,៣%នៃផលិតផលក្នុងដុលរបស់ប្រទេសបារាំង។
ផែនការ២៦ពាន់លាន Euros នេះនឹងត្រូវទទួលហិរញ្ញប្បទានមួយផ្នែកធំពីថវិកាជាតិបារាំង។ ថវិកាជាតិបារាំងដែលកំពុងតែមានឱនភាពយ៉ាងសែនធ្ងន់ធ្ងរស្រាប់ទៅហើយនោះ ច្បាស់ជាត្រូវឆ្លងលើសកម្រិត
៣%ដែលបានដាក់កំហិតដោយទីក្រុង Bruxelles៕

Labels