ស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ
ភ្នំពេញ៖ ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយស្ត្រី និងបុរសជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ។ នេះជាប្រសាសន៍របស់លោកស្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ និងជាឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍កាលពីថ្ងៃចន្ទ១ ធ្នូ ឆ្នាំ២០០៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។ លោក សាយ ឈុំ អនុប្រធានទី២ រដ្ឋសភា និងអ្នកស្រី កែ ច័ន្ទមុនី តំណាងនារីទូទាំងប្រទេសក៏មានវត្តមានក្នុងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃសមាគមនារីនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះនារីជាច្រើនរយនាក់មកពី គ្រប់ខេត្តក្រុងបានមានវត្តមាននាឱកាសនោះ។
ក្នុងឱកាសនោះលោកស្រី ម៉ែន សំអន បានឡើងមានប្រសាសន៍ថា ថ្ងៃនេះជាទិវាដ៏នក្ខត្តឫក្សដែលយើងទាំងអស់គ្នាជាសមាជិក ជាសកម្មជន និងជាកម្មាភិបាលសមាគមនារី គ្រប់ជំនាន់មកពីខេត្តក្រុង ក្រសួង មន្ទីរស្ថាប័នថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំសរុបជាង៨០០នាក់បានជួបជុំគ្នាដើម្បីប្រារព្ធខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក្នុងគោលបំណងរំលឹកឡើងវិញនូវប្រវត្តិ និងសកម្មភាពរបស់បងប្អូននារីដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិនៅគ្រប់ដំណាក់កាលតាំងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះ និងដើម្បីជាមេរៀន បទពិសោធន៍របស់សមាគម។
លោកស្រី ម៉ែន សំអន បានបន្តមានប្រសាសន៍ថា ថ្ងៃ២ ខែធ្នូនេះ គឺជាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយក៏ជាថ្ងៃកំណើតរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។ នារីកម្ពុជាជាចងចាំជានិច្ច និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលបានជួយរំដោះយើងទាំងអស់គ្នាឲ្យរួចផុតពីឋាននរកអវចីនាថ្ងៃ៧ មករា ១៩៧៩។ ក្រោយថ្ងៃរំដោះ៧ មករា ស្លាកស្នាមនៃសង្គ្រាម និងរចនាសម្ព័ន្ធសង្គមជាតិត្រូវបំផ្លាញខ្ទេចខ្ទាំ ហើយទិដ្ឋភាពទាំងនោះនៅដក់ជាប់ក្នុងអារម្មណ៍ប្រជាជន និងនារីទូទាំងប្រទេសមិនអាចបំភ្លេចបានឡើយ។ បងប្អូននារីបនស្រមៃឃើញទៅដល់ការធ្វើដំណើរពពាក់ពពូនគ្រប់ទិសទីរូតរះត្រឡប់ទៅស្រុកកំណើតវិញដោយ កែវភ្នែករំពៃរកក្រុមគ្រួសារញាតិសន្ដានដែលបាត់ដំណឹងជាង៣ឆ្នាំកន្លងមក។ នារីកម្ពុជាមានចំនួនជាងពាក់កណ្ដាលនៃប្រជាជនរួមបានទទួលរងនូវការបែកបាក់និរាសព្រាត់ប្រាសប្ដី កូនចៅ និងក្រុមគ្រួសារព្រមទាំងបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិ អត់ឃ្លានវេទនាតោកយាកបំផុត មានតែបាតដៃទទេ។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីទាំងអស់សុទ្ធតែប្រឈមមុខនឹងគ្រោះថ្នាក់នៃវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ស្ត្រីជាច្រើនបានក្លាយជាស្ត្រីមេម៉ាយមានសុខភាពទ្រុឌទ្រោម រស់នៅតែលតោល ភ័យព្រួយក្នុងការចិញ្ចឹមកូន និងគ្រួសាររបស់ខ្លួនឲ្យរស់រានមានជីវិត និងហូបឆ្អែត។ ដើម្បីដោះស្រាយបញ្ហាលំបាក និងតម្រូវការរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី និងកុមារនាពេលនោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសមាគមនារីសង្គ្រោះជាតិកម្ពុជា អង្គការមហាជននានា កងកម្លាំងប្រដាប់អាវុធ និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់បានស្វះស្វែងរកជំនួយសង្គ្រោះបន្ទាន់ដូចជាស្បៀងអាហារថ្នាំពេទ្យ សំលៀកបំពាក់ ជម្រកដើម្បីចែកជូនបងប្អូនដែលជួបការលំបាកខ្វះខាតជីវភាពរស់នៅ។
លោកស្រី ប្រធានសមាគមនារី ម៉ែន សំអន បានមានប្រសាសន៍បន្ថែមថា គោលបំណង និងទិសដៅជាយុទ្ធសាស្ត្ររបស់សមាគមនារីកម្ពុជា គឺជំរុញលើកតម្កើងការពារសិទ្ធិស្ត្រី និងកុមារដោយឈរលើមូលដ្ឋានច្បាប់ ការលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ការពង្រីកសមត្ថភាពបង្កើនចំណេះដឹង នៃពង្រីកតួនាទីដឹកនាំរបស់ស្ត្រី ការចូលរួមចំណែកពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធមនុស្សពិតប្រាកដនៅក្នុងក្របខ័ណ្ឌវប្បធម៌ប្រជាធិបតេយ្យដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ក្នុងសុខសន្តិភាព។ លោកស្រីក៏បានជម្រាបផងដែរថា ពីឆ្នាំ១៩៧៩មកដល់បច្ចុប្បន្នសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានធ្វើការផ្លាស់ប្ដូរឈ្មោះចំនួន៥លើកដើម្បីឲ្យសមស្របតាមកាលៈទេសៈ និងការវិវត្តន៍ជាក់ស្ដែងនៃស្ថានភាពនយោបាយ និងភាពធំធាត់របស់ចលនានារី។ នាថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ឈ្មោះដើមបំផុតរបស់សមាគមនារី គឺសមាគមនារីសង្គ្រោះជាតិកម្ពុជា។ ឆ្នាំ១៩៨១ ដូរមកឈ្មោះសមាគមសម្ព័ន្ធនារីកម្ពុជា។ ឆ្នាំ១៩៨៣មហាសន្និបាតទី១ បានសម្រេចដូរមកសមាគមនារីបដិវត្តន៍កម្ពុជា។ នៅឆ្នាំ១៩៨៨ មហាសន្និបាតលើកទី២បានសម្រេចប្ដូរឈ្មោះសមាគមនារីកម្ពុជា និងមហាសន្និបាតទី៣ឆ្នាំ១៩៩៩បានប្ដូរឈ្មោះមកជាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្ន។
សមាគមនារីកម្ពុជាបានបណ្ដុះបណ្ដាលកម្មាភិបាលនារីគ្រប់លំដាប់ថ្នាក់ជាប្រចាំធ្វើឲ្យបងប្អូននារីបានយល់ពីសិទ្ធិ និងការទទួលខុសត្រូវចំពោះជាតិមាតុភូមិ និងឃើញនូវការផ្លាស់ប្ដូរពីភាពជាទាសករមកជាអ្នកធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន និងជោគវាសនាប្រទេសជាតិ ដោយអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងនារី។
សមាគមនារីកម្ពុជាបានសហការជាមួយអង្គការយូនីសេហ្វ (UNICEF) អង្គការស្បៀងអាហារពិភពលោក (WFP) អង្គការសេវាកម្មដើម្បីសាមគ្គីភាពអន្តរជាតិ (SODI) អង្គការ IWDA អង្គការអាហ្វីដា (APHEDA) អង្គការអាគ្វេគ័រអាម៉េរិកាំង អង្គការទស្សនពិភពលោក អង្គការគាំពារកុមារ (CYK) អង្គការកុមារកម្ពុជា និងអង្គការអន្តរជាតិផ្សេងៗទៀតក្នុងគោលបំណងអនុវត្តកម្មវិធី ដើម្បីផលប្រយោជន៍នារី និងកុមារ។ សហគមន៍ក៏បានបញ្ជូនប្រតិភូនារីទៅចូលរួមសន្និសីទអន្តរជាតិនានា និងបំពេញទស្សនកិច្ចដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារដឹកនាំចលនានារី ការងារនិពន្ធនាយករបស់ទស្សនាវដ្ដីនារីជាមួយបណ្ដាអង្គការនារីនៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក អាមេរិកឡាទីន និងអូស្ត្រាលីក្នុងបំណងធ្វើឲ្យពិភពលោកបានដឹងជាបន្តបន្ទាប់អំពីការរីកចម្រើនរបស់ចលនានារី និងអំពីស្ថានភាពនយោបាយទៅប្រទេសកម្ពុជា។ សមាគមនារីក៏បានចូលរួមក្នុងចលនាតស៊ូរបស់នារី និងប្រជាជននៅលើសកលលោកដើម្បីសន្តិភាព និងផលប្រយោជន៍របស់នារី និងកុមារ។ សមាគមក៏បានចូលជាសមាជិកសហព័ន្ធនារីប្រជាធិបតេយ្យអន្តរជាតិនៅខែកក្កដា ឆ្នាំ១៩៨១ និងមានទំនាក់ទំនងជាមួយសម្ព័ន្ធនារីអន្តរជាតិ ដើម្បីសន្តិភាព និងសេរីភាព។
លោកស្រី ម៉ែន សំអន បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ គឺតាំងពីក្រោយមហាសន្និបាតលើកទី៣ឆ្នាំ១៩៩៩ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានកំណត់នូវទស្សនៈវិស័យបេសកកម្ម និងទិសដៅព្រមទាំងដាក់ចេញនូវកម្មវិធីធំៗ៥គឺ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចលើកកម្ពស់សុខភាពសិទ្ធិស្ត្រី និងកុមារ អភិបាលកិច្ចល្អ កម្មវិធីគ្រប់គ្រង និងការពារបរិស្ថាន។ ដើម្បីសម្រេចបានកម្មវិធីទាំងនេះសមាគមបានបង្កើតការបញ្ជ្រាបយេនឌ័រនៅគ្រប់ការរៀបចំគម្រោងការនានាកសាងនូវ
បណ្ដាញរឹងមាំទាំងក្នុង និងក្រៅសមាគមបង្កើន និងពង្រឹងកិច្ចសហការ
ជិតស្និទ្ធជាមួយស្ថាប័នជាតិរាជរដ្ឋាភិបាលអង្គការមិនមែនរដ្ឋាភិបាល និងផ្នែកឯកជន
ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ នៅក្នុងដំណាក់កាលនេះសមាគមមានដៃគូអភិវឌ្ឍន៍អន្តរជាតិ និងអន្តរជាតិជាច្រើនដូចជាអង្គការទីភ្នាក់ងារ
សហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI) អង្គការមូលនិធិសកលដើម្បីស្ត្រី
(GFW) ...ជាដើម។
ជាមួយគ្នានេះដែរ លោកស្រី ម៉ែន សំអន ក៏បានមានប្រសាសន៍ថា សមាគមនារីមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយមានលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយសដែលមានលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាជនទីទ័លក្រ ជនរងគ្រោះទុក្ខលំបាកព្រមទាំងទុគត៌ជនប្រកបដោយទឹកចិត្តសប្បុរសធម៌។ មិនត្រឹមតែប៉ុណ្ណោះលោកជំទាវបានយកចិត្តទុកដាក់គិតគូរសុខទុក្ខ និងជីវភាពរបស់គ្រួសារយុទ្ធជនពលិពិការ អ្នកផ្ទុកមេរោគអេដស៍ និងក្រុមគ្រួសារដោយបានជួយសាងសង់លំនៅស្ថានឧបត្ថម្ភថវិកា និងសម្ភារៈប្រើប្រាស់។ ជាពិសេសចុះសួរសុខទុក្ខយុទ្ធជនជួរមុខទាំងជើងគោក និងជើងទឹកហើយជំរុញឲ្យមានការកាត់បន្ថយអំពើហិង្សា
ក្នុងគ្រួសារ ការជួញដូរស្ត្រី និងកុមារ ការសេពគ្រឿងញៀន និងពេស្យាចារ។
លោកស្រីប្រធានសមាគមក៏បានថ្លែងអំណរគុណចំពោះការដឹកនាំការផ្ដល់អនុសាសន៍សំខាន់ៗ និងការជួយឧបត្ថម្ភជាសម្ភារៈថវិកា ពីសម្ដេចទាំងបី សម្ដេច ជា ស៊ីម សម្ដេច ហ៊ុន សែន និងសម្ដេច ហេង សំរិន។ ម្យ៉ាងវិញទៀតលោក សាយ ឈុំ និងលោក ស ខេង តែងតែសម្របសម្រួលបង្កលក្ខណៈងាយស្រួលដល់ដំណើរការរបស់សមាគមនារី។ អ្វីដែលមិនអាចបំភ្លេចបាន
នោះ គឺអនុសាសន៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីជាអភិបាលរងខេត្តក្រុង និងស្រុកខណ្ឌនៅទូទាំងប្រទេស។ កត្តាដែលគួរជាទីមោទនៈសម្រាប់នារីកម្ពុជាគ្រប់រូប ហើយជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ចលនានារីកម្ពុជាដែលបានរួមចំណែកធ្វើឲ្យស្ត្រីម្នាក់ជាឧបនាយករដ្ឋមន្ត្រី ស្ត្រីពីររូបជារដ្ឋមន្ត្រីដឹកនាំក្រសួង និងមានស្ត្រីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅស្ទើរតែគ្រប់ក្រសួង។
•សមាគមនារីប្រគល់មេដាយដល់នារីមានស្នាដៃ៣៣៣រូប
នៅក្នុងឱកាសនោះលោក សាយ ឈុំ អនុប្រធានទី២ រដ្ឋសភាបានបំពាក់មេដាយមុនីសារភណ្ឌថ្នាក់ធិបឌិនដល់
នារី៨រូបដែលក្នុងនោះមានលោកស្រី ម៉ែន សំអន ផងដែរ ហើយបំពាក់មេដាយមាសស្ត្រីវឌ្ឍនាដល់លោកស្រី
ឈូក ឈឹម អតីតប្រធានសមាគមនារី។
ចំណែកលោកស្រី ម៉ែន សំអន ក៏បានបំពាក់មេដាយមុនីសារភណ្ឌថ្នាក់សេនាដល់នារីមានស្នាដៃជាច្រើនរូប។
ក្នុងពិធីនោះក៏មានការប្រគល់មេដាយអស្សឫទ្ធិផងដែរ៕

Labels