ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមប្រធានបទ
"ខ្ញុំសន្យារួមគ្នាទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍"
•សហរដ្ឋអាមេរិកផ្ដល់ថវិកាជិត១៣៨លានដុល្លារ ដល់កម្ពុជាសម្រាប់កម្មវិធីការពារ និងព្យាបាលជំងឺអេដស៍ចាប់ពីឆ្នាំ១៩៩៤
ភ្នំពេញ ៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរ ធ្វើឡើងក្រោមប្រធានបទ "ខ្ញុំសន្យារួមគ្នាទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍" ក្រោមអធិបតីភាពលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍នៅកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់នៃសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ អង្គទូតនានា មន្ត្រីរាជការ និស្សិត និងសិស្សានុសិស្សយ៉ាងច្រើនកុះករ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៨ នៅឯសួនច្បារវត្តបុទុមវតី។
ថ្លែងនាឱកាសនោះ លោក នុត សុខុម ទេសរដ្ឋមន្ត្រី និង
ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ឲ្យដឹងថា នៅលើសកលលោកទាំងមូលនៅឆ្នាំ២០០៧ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា៣៣,២លាននាក់ ដែលជាមនុស្សពេញវ័យ និងកុមារ និងមានមនុស្សប្រមាណ
២,១លាននាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺអេដស៍កាចសាហាវនេះ។
លោកបានបន្តថា នៅព្រះរាជាណាចក្រកម្ពុជាជំងឺអេដស៍បានរាតត្បាតនៅគ្រប់ខេត្ត-ក្រុង មកទល់នឹងឆ្នាំ២០០៧មានអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រមាណ៦៧.៥០០នាក់ និងមាន[អ្នក]ស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ព្រមទាំងបន្សល់ទុកនូវកុមារកំព្រាដែលជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះសង្គមជាតិ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិព្រះសង្ឃ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ អ្នកផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋទូទាំងប្រទេសបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាក្លាយទៅជាប្រទេសមួយទទួលជោគជ័យក្នុងចំណោម
ប្រទេសនានាលើសកលលោក យើងបានធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៍ថយចុះពី៣,៣ភាគរយនៅឆ្នាំ១៩៩៧មកត្រឹម
០,៩ភាគរយនៅឆ្នាំ២០០៦។
លោក នុត សុខុម បានបញ្ជាក់ថា ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជាទើបនឹងបានទទួលនូវមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុតកាលពីឆ្នាំ២០០៦ កន្លងទៅនេះ នូវការទទួលស្គាល់ជាអន្តជាតិលោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថាជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការឆ្លើយតបទៅ
នឹងមេរោគអេដស៍/ជំងឺអេដស៍។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា បើទោះបីជាទទួលបាននូវជោគជ័យជាទីមោទនៈក៏ដោយ ក៏ប៉ុន្តែយើងនៅមានកិច្ចការជាច្រើនត្រូវបន្តធ្វើដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីបញ្ចៀសនូវសោកនាដកម្មដែលបណ្ដាលមកពីជំងឺអេដស៍។ ដូច្នេះសូមអំពាវនាវចំពោះគ្រប់ស្ថាប័នជាតិ
ព្រះសង្ឃ ស្ថាប័នឯកជន សង្គមស៊ីវិល អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋទាំងអស់ មេត្តាពួតដៃធ្វើកិច្ចសន្យារួមគ្នាដើម្បីបង្កើនកម្លាំងចលករជាតិដ៏ធំមួយជួយបង្ការទប់ស្កាត់ការរីករាលដាលនៃ
មេរោគអេដស៍ និងចូលរួមគាំទ្រថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ អ្នកកើតជំងឺអេដស៍ និងអ្នកទទួលរងនូវផលលំបាកដោយសារជំងឺអេដស៍ជនងាយរងគ្រោះ ជាអាទិ៍កុមារ ស្ត្រីមេផ្ទះជាដើម។ល។ ត្រូវខិតខំប្រឹងប្រែងបន្តអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ ជាពិសេសត្រូវផ្ដោតការយកចិត្តទុកដាក់ធ្វើសមាហរណកម្មកម្មវិធីអេដស៍នៅក្នុងកម្មវិធីកម្ពុជាកម្មវិធីអភិវឌ្ឍន៍
នានាតាមរយៈការធ្វើវិមជ្ឈការ ជំរុញឲ្យមានការចូលរួម និងការពង្រឹងសមត្ថភាពមូលដ្ឋាន ថែមទាំងត្រូវធ្វើឲ្យនិរន្តរភាពទៀតផង។
នាឱកាសនោះដែរ លោក តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍
ថា អត្រានៃការយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងប្រជាពលរដ្ឋទូទៅ ក៏ដូចជា
នៅក្នុងក្រុមប្រជាជនដែលប្រឈមមុខខ្ពស់នៅក្នុងការឆ្លងមេរោគអេដស៍ ដូចជាអ្នករកស៊ីផ្លូវភេទ ក្រុមបុរសស្រឡាញ់
បុរស និងអ្នកចាក់គ្រឿងញៀន ក៏ដូចជាអ្នកប្រើគ្រឿងញៀនសុទ្ធតែមានអត្រាលើសពី៩០ភាគរយ។ លើសពីនេះទៅ
ទៀត អត្រាប្រើស្រោមអនាម័យក្នុងចំណោមអ្នករកស៊ីផ្លូវភេទក៏មានកម្រិតខ្ពស់ណាស់គឺរហូតដល់ជាង៩០ភាគរយ។
លោកបានបន្តថា អ្នករងគ្រោះដោយសារជំងឺអេដស៍ គឺជាង៧០ភាគរយបានទទួលការគាំទ្រថែទាំ និងព្យាបាលជំងឺឱកាសនិយមក៏ដូចជាការទទួលឱសថប្រឆាំងនឹងមេរោគអេដស៍ប្រមាណជាង៧០ភាគរយ ទទួលការគាំទ្រពីសង្គមយ៉ាងពេញលេញតាមរយៈ ការងារមនុស្សធម៌ដែលមិនចេះរីងស្ងួតរបស់លោកជំទាវ
ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាមគ្គុទ្ទេសក៍ឆ្នើមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើការងារអេដស៍។
លោកស្រី Alice Levisay ប្រធានក្រុមការងារអង្គការសហប្រជាជាតិខាងជំងឺអេដស៍បានមានប្រសាសន៍ថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍តំណាងឲ្យចលនាមួយដែលពិភពលោកជួបជុំគ្នា ដើម្បីទទួលស្គាល់សមិទ្ធផលនានាដែលសម្រេចបាន ក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍ និងដើម្បីអះអាងជាថ្មីឡើងវិញនូវការប្ដេជ្ញាចិត្តរួបរួមជាលក្ខណៈ បុគ្គល និងជារួមក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងនៅទូទាំងពិភពលោក និងទូទាំងជាតិ។ លោកស្រីបានបន្តថា កម្ពុជាគឺជាអ្នកឈានមុខគេនៅលើពិភពលោក និងនៅក្នុងតំបន់ក្នុងការឆ្លើយតបចំពោះជំងឺអេដស៍។
លោកស្រីបានបញ្ជាក់ថា អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យបានកាត់បន្ថយពីអត្រា២ភាគរយនៅ
ឆ្នាំ១៩៩៨ មកត្រឹម០,៩ភាគរយនៅឆ្នាំ២០០៦។ យើងសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ស្ដីពីជំងឺអេដស៍ ហើយមានកិច្ចការជាច្រើនទៀតកំពុងតែអនុវត្តដើម្បីធានាថា កម្ពុជាឈានទៅសម្រេចនូវមហិច្ឆតារបស់ខ្លួនបានតាមរយៈការសម្រេចបាននូវលទ្ធភាពទទួលបានសេវាបង្ការថែ
ទាំព្យាបាល និងគាំទ្រជាសកលឆ្នាំ២០១០។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានឲ្យដឹងថា
ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍
ជំងឺអេដស៍ និងក្នុងនាមលោកជំទាវផ្ទាល់សូមសម្ដែងនូវអំណរសាទរ និងកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធសហគមន៍ អន្តរជាតិ សង្គមស៊ីវិល និងវិស័យឯកជន ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តបំពេញភារកិច្ចដ៏ថ្លៃថ្លា និងទទួលបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងបុព្វហេតុលើកស្ទួយវិស័យសុខាភិបាល ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ដែលនេះគឺជាការចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការលើកកម្ពស់សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានបន្ថែមថា ក្នុងរយៈ ពេលជាងមួយទសវត្សរ៍កន្លងមកនេះ យើងសម្រេចបានជោគជ័យគួរជាទីមោទនៈ ក្នុងការទប់ស្កាត់ការរីករាលដាលការឆ្លងមេរោគអេដស៍ជំងឺអេដស៍។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់នៃប្រទេសមួយដែលទទួលបានជោគជ័យក្នុងការកាត់បន្ថយការរីករាលដាលនៃ
មេរោគអេដស៍-ជំងឺអេដស៍ប្រកបដោយប្រសិទ្ធភាព ក្នុងចំណោមប្រទេស៦ នៅលើសកលលោក។
លទ្ធផលនេះ គឺជាសក្ខីភាពនៃការរួមចំណែកមិនអាចខ្វះបានតាមគ្រប់រូបភាពរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ
សហគមន៍ជាតិ និងអន្តរជាតិ រួមទាំងសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការឆ្លើយតបយ៉ាងសមស្រប និងទាន់ពេលវេលាទៅនឹងគោលដៅអភិវឌ្ឍន៍វិស័យសុខាភិបាល និងធនធានមនុស្សដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច សំដៅកាត់បន្ថយភាពក្រីក្រដែលជាគោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាល។
លោកជំទាវបានបញ្ជាក់ថា ច្បាស់ណាស់ថា ការងាររបស់យើងនៅវែងឆ្ងាយណាស់ ហើយនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ និងមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវជម្នះឲ្យបាន។ ដូច្នេះហើយការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍-ជំងឺអេដស៍គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ និងកម្មវិធីរួមរបស់
រាជរដ្ឋាភិបាល សម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់ខ្លួនក្នុងគោលបំណងកសាងសង្គមកម្ពុជាមួយមានកោសិកាតភ្ជាប់
គ្នា ប្រជាជនមានចំណេះដឹងជ្រៅជ្រះ និងវប្បធម៌រឹងមាំ ចាកផុតពីភាពក្រីក្រ និងភាពអវិជ្ជាព្រមទាំងចាកផុតពីជំងឺឆ្លងនានា។
•សហរដ្ឋអាមេរិកបានផ្ដល់ថវិកាជិត១៣៨លានដុល្លារដល់ប្រទេសកម្ពុជា សម្រាប់កម្មវិធីការពារ និងព្យាបាលជំងឺអេដស៍
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៤មក សហរដ្ឋអាមេរិកបានផ្ដល់ថវិកាជិត១៣៨លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់កម្មវិធីការពារ និងព្យាបាលជំងឺអេដស៍។ គ្រាន់តែក្នុងឆ្នាំសារពើពន្ធនេះ ផែនការបន្ទាន់ស្ដីពីការបន្ធូរបន្ថយផ្នែកជំងឺអេដស៍របស់ប្រធានាធិបតី (PEPFAR) នឹងផ្ដល់ថវិកាចំនួន១៨លានដុល្លារសម្រាប់កម្មវិធីបែបនេះ។
សេចក្ដីប្រកាសព័ត៌មានដដែលនោះបានបន្តឲ្យដឹងថា នេះជាកម្មវិធីមួយក្នុងចំណោមវិធីនានាជាច្រើនដែលសហរដ្ឋអាមេរិកកំពុងតែធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ
កាចសាហាវនេះ។ ការវិនិយោគប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកក្នុងមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ មានទឹកប្រាក់សរុបជិត១ពាន់លានដុល្លារអាមេរិក ដែលជិតស្មើនឹងភាគរយនៃថវិកាសរុបរបស់មូលនិធិនេះ។ តាមរយៈ ការវិនិយោគ និងការខិតខំដោយមានការសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អ្នកផ្ដល់ជំនួយធំៗ យើងសង្ឃឹមថា យើងអាចជួយការពារបាននូវករណីនៃការឆ្លងមេរោគអេដស៍ថ្មីៗក៏ដូចជាការផ្ដល់ការថែទាំរក្សា និងព្យាបាលចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺអេដស៍នៅកម្ពុជាផងដែរ។
គួររំលឹកថា លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ក្រោយពីបានបញ្ចប់ពិធីនៅសួនច្បារវត្តបុទុមវតី លោកជំទាវបានអញ្ជើញបន្តដំណើរទៅសាកសួរសុខទុក្ខ និងចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍
ចំនួន៣០០នាក់ នៅវត្តតាំងកសាងខាងត្បូង ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញផងដែរ៕

Labels