ស្ថានភាពប្រជាជនលើពិភពលោកឆ្នាំ២០០៨ ការសម្រេចបានជាមូលដ្ឋានរួម:
វប្បធម៌ យេនឌ័រ និងសិទ្ធិមនុស្ស វប្បធម៌ជាផ្នែកដ៏សំខាន់មួយសម្រាប់ឆាកជីវិតរស់នៅ
របស់មនុស្ស ដូចនេះវប្បធម៌ត្រូវតែបញ្ចូលក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នានា។ របាយការណ៍ស្ដីពីស្ថានភាពប្រជាជនលើពិភពលោកឆ្នាំ២០០៨ រៀបចំដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បង្ហាញអំពីដំណើរប្រព្រឹត្តទៅនៃការអនុវត្តន៍ជាក់ស្ដែង។
ឆ្នាំនេះជាខួបលើកទី៦០ នៃសេចក្ដីប្រកាសសាកលស្ដីអំពីសិទ្ធិមនុស្ស។ ចំណុចដំបូងនៃរបាយការណ៍នេះគឺថា សិទ្ធិមនុស្សបង្ហាញអំពីគុណតម្លៃសាកល។ សេចក្ដីប្រកាសនេះអំពាវនាវឲ្យមានការរៀបចំវិធីសាស្ត្រអភិវឌ្ឍន៍ដោយយកចិត្តទុកដាក់លើវប្បធម៌ ដោយសារវិធីសាស្ត្រទាំងនេះមានសារសំខាន់ណាស់សម្រាប់សិទ្ធិមនុស្សជាទូទៅ និងសិទ្ធិស្ត្រីជាពិសេស។
វិធីសាស្ត្រអភិវឌ្ឍន៍ដែលយកចិត្តទុកដាក់លើវប្បធម៌ អំពាវនាវឲ្យមានការស្វែងយល់អំពីវប្បធម៌ឲ្យបានច្បាស់មានន័យថា ត្រូវដឹងថា វប្បធម៌ដំណើរការយ៉ាងដូចម្ដេច និងត្រូវដឹងអំពីរបៀបធ្វើការជាមួយវប្បធម៌ទាំងនោះ។ របាយការណ៍នេះបង្ហាញថា ភាពជាដៃគូដូចជាភាពជាដៃគូរវាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក (NGOs) អាចបង្កើតជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការលើកកំពស់សិទ្ធិមនុស្សដូចជាការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី និងសមភាពយេនឌ័រ ហើយអាចបញ្ចប់អំពើរំលោភបំពានលើសិទ្ធិមនុស្សដូចជាការបង្ករបួស ឬការវះកាត់អវយវៈភេទស្ត្រីជាដើម។
របាយការណ៍ក៏បង្ហាញទៀតថា វប្បធម៌មានឥទ្ធិពលលើការរៀបចំជីវិតរស់នៅរបស់មនុស្ស។ វប្បធម៌មានឥទ្ធិពលលើរបៀបគិតគូរ និងការប្រព្រឹត្តរបស់មនុស្ស ប៉ុន្តែវាមិនបានធ្វើឱ្យមនុស្សគ្រប់គ្នាគិត និងប្រព្រឹត្តដូចគ្នានោះទេ។ វប្បធម៌មានឥទ្ធិពល និងទទួលឥទ្ធិពលពីបរិយាកាសខាងក្រៅ ហើយវប្បធម៌ត្រូវផ្លាស់ប្ដូរដើម្បីឆ្លើយតបទៅនឹងបរិយាកាសខាងក្រៅ។ រីឯមនុស្សវិញធ្វើការកែប្រែវប្បធម៌ជាបន្តបន្ទាប់ ថ្វីដ្បិតតែទិដ្ឋភាពខ្លះនៃវប្បធម៌នៅមានឥទ្ធិពលលើការជ្រើសរើស និងរបៀបរស់នៅអស់រយៈពេលយូរកន្លងមកហើយក៏ដោយ។
របាយការណ៍បង្ហាញថា វាជាការលំបាកក្នុងការកំណត់ភាពទូទៅរបស់វប្បធម៌ ហើយក៏ជាគ្រោះថ្នាក់ដែលយើងប្រៀបធៀបតម្លៃ និងបទដ្ឋាននៃវប្បធម៌មួយទៅនឹងវប្បធម៌ផ្សេងទៀត។ សូម្បីវប្បធម៌ដូចគ្នាដ៏ដោយ ក៏មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែឯកភាពតាមបទដ្ឋាន និងតម្លៃទាំងអស់នោះដូចគ្នាដែរ។ ជាក់ស្ដែងការផ្លាស់ប្ដូរពិតជាមិនអាចចៀសផុតពេលមនុស្សមានប្រតិកម្មតបទៅនឹងសម្ភាធវប្បធម៌។ ចលនាឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រ គឺជាឧបករណ៍ ដ៏ល្អមួយបង្ហាញពីដំណើរការនេះ។
របាយការណ៍នោះលើកឡើងថា ការអភិវឌ្ឍន៍ផ្នែកវប្បធម៌ក៏ជាចំណុចមួយត្រូវគិតគូរដូចការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែរ។ វិធីសាស្ត្រយកចិត្តទុកដាក់លើវប្បធម៌ គឺរកដំណោះស្រាយប្រកបដោយគំនិតច្នៃប្រឌិត ដែលកើតមាននៅក្នុងវប្បធម៌ និងធ្វើការជាមួយនឹងវប្បធម៌។ វិធីសាស្ត្រយកចិត្តទុកដាក់លើវប្បធម៌ គឺមានសារសំខាន់ណាស់សម្រាប់ការស្វែងយល់ពីទំនាក់ទំនងរវាងអំណាចផ្លូវច្បាប់ នយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងដឹងថា តើទំនាក់ទំនងនោះមានអត្ថន័យយ៉ាងដូចម្ដេចសម្រាប់ដំណើរការអភិវឌ្ឍន៍។
ទន្ទឹមនឹងនេះ របាយការណ៍ក៏លើកឡើងឲ្យមានការប្រុងប្រយ័ត្នថា ការគិតគូរ និងការចូលរួមរបស់វប្បធម៌មិនមែនមានន័យថា ជាការទទួលយកទំលាប់អនុវត្តពីមុនដែលអាចបង្កគ្រោះថ្នាក់ ឬនាំឲ្យមានការរំលោភសិទ្ធិមនុស្សឡើយ។ វាពិតជាមិនដូចនេះសោះឡើយ។ វប្បធម៌ណាក៏សុទ្ធតែមានតម្លៃ ហើយវប្បធម៌ណាក៏មានការរំលោភបំពានសិទ្ធិមនុស្សដែរ។ ការសិក្សាឲ្យបានស៊ីជំរៅពីតថភាពវប្បធម៌ អាចឲ្យគេរកឃើញវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតដើម្បីទប់ស្កាត់ការប្រព្រឹត្តិណាដែលមានគ្រោះថ្នាក់ និងពង្រឹងការប្រព្រឹត្តិណាដែលមានអត្ថប្រយោជន៍។
សិទ្ធិមនុស្ស
ក្រៅពីសេចក្ដីប្រកាសសិទ្ធិមនុស្សជាសាកលនៅឆ្នាំ១៩៤៨ បណ្ដារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិបានអនុម័តលើឯកសារស្ដីពីសិទ្ធិមនុស្សជាច្រើន ព្រមទាំងឯកសារព្រមព្រៀងផ្សេងៗ ដូចជាកម្មវិធីស្ដីពីសកម្មភាពនៃសន្និសីទអន្តរជាតិឆ្នាំ១៩៩៤ស្ដីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និងកម្មវិធីសកម្មភាពនៃសន្និសីទពិភពលោកលើកទី៤ ស្ដីពីស្ត្រី (ឆ្នាំ១៩៩៥)។
របាយការណ៍អំពីស្ថានភាពប្រជាជនលើពិភពលោកឆ្នាំ២០០៨ រៀបរាប់ថា កិច្ចពិភាក្សាពីប្រធានបទ តើសិទ្ធិមនុស្សពិតជាសាកល ឬយ៉ាងណា ជាញឹកញាប់មិនបានយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាចំបងរវាងសិទ្ធិមនុស្ស និងវប្បធម៌ទេ។ សិទ្ធិមនុស្សការពារមនុស្សជាក្រុមផង និងជាបុគ្គលផង។ ឧទាហរណ៍ ក្នុងចំណោមកិច្ចការពារសិទ្ធិរួមសម្រាប់ក្រុមមនុស្សមានសិទ្ធិមួយ គឺសិទ្ធិទទួលបានសេវាថែទាំសុខភាពដូចជា សុខភាពបន្តពូជជាដើម។ ការប្រយុទ្ធនឹងការមិនទទួលបានសិទ្ធិគ្រប់គ្រាន់ និងការគាបសង្កត់ផ្សេងៗ គឺជាចំណុចទូទៅមាននៅក្នុងវប្បធម៌ទាំងអស់ហើយ មនុស្សប្រើភាសានៃសិទ្ធិនេះ គឺដើម្បីសំដែងប្រតិកម្មតបរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ បុគ្គលនិងក្រុមមនុស្សនៃវប្បធម៌មួយមានការយល់ដឹងរៀងៗខ្លួនអំពីសិទ្ធិសាកល និងតស៊ូមតិដើម្បីសិទ្ធិទៅតាមបរិបទវប្បធម៌របស់ខ្លួន។ របាយការណ៍នោះហៅថា "ភាពត្រឹមត្រូវតាមវប្បធម៌" អាចបង្កើតសិទ្ធិមនុស្ស ប៉ុន្តែដើម្បីទទួលបានភាពត្រឹមត្រូវនេះទាមទារឲ្យមានការចូលរួម និងចំណេះដឹងពីវប្បធម៌ឲ្យបានច្រើន។
វិធីសាស្ត្រយកចិត្តទុកដាក់លើវប្បធម៌ត្រូវមាននៅគ្រប់សហគមន៍ រួមទាំងក្រុមមនុស្សមានស្ថានភាពរស់នៅលំបាកក្នុងសហគមន៍។ របាយការណ៍នោះទទួលស្គាល់ថា នេះមិនមែនជាដំណើរការមួយលឿន ឬអាចព្យាករណ៍បាននោះទេ។ ការអភិវឌ្ឍន៍មនុស្សប្រកបដោយការយល់ដឹងអំពីសិទ្ធិមនុស្ស ផ្អែកលើសកម្មភាពចូលរួមឲ្យបានច្រើន និងខ្លាំងក្លាពាក់ព័ន្ធនឹងវប្បធម៌។
ការផ្ដល់សិទ្ធអំណាចដល់ស្ត្រី និងសមភាពយេនឌ័រ
ទោះបីជាមានកិច្ចព្រមព្រៀងអន្តរជាតិនានា រួមបញ្ចូលទាំងកិច្ចព្រមព្រៀងថ្មីៗនេះ គឺគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) ក៏ដោយ ក៏របាយការណ៍បង្ហាញថា វិសមភាពយេនឌ័រនៅតែជាបញ្ហាដែលកំពុងតែរីកដុះដាល និងបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ជាច្រើន។ ក្នុងចំណោមប្រជាជនក្រីក្របំផុតលើពិភពលោកមួយពាន់លាននាក់ មាន៣ភាគ៥ជាស្ត្រី និងក្មេងស្រី។ ក្នុងចំណោមមនុស្សពេញវ័យលើពិភពលោកដែលមិនចេះអានអក្សរចំនួន៩៦០លាននាក់មានចំនួន២ភាគ៣ជាស្ត្រី និងក្នុងចំណោមកុមារមិនបានចូលរៀនចំនួន១៣០លាននាក់មានចំនួន៧០%ជាក្មេងស្រី។ បទដ្ឋានវប្បធម៌ និងប្រពៃណីអាចបង្កជាអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយទាំងស្ត្រី និងទាំងបុរសអាចធ្វើដូចជាមិនដឹងអំពីបញ្ហានេះ។
របាយការណ៍លើកឡើងថា អំណាចខាងវប្បធម៌ប្រព្រឹត្តទៅតាមការបង្ខិតបង្ខំ។ ការបង្ខិតបង្ខំអាចមានលក្ខណៈរូបី ឬលាក់កំបាំងទៅតាមរចនាសម្ព័ន្ធនៃអភិបាលកិច្ច និងច្បាប់ឬក៏កើតមានក្នុងគោលគំនិតរបស់មនុស្សផ្ទាល់។ ទំនាក់ទំនងអំណាចធ្វើឲ្យយេនឌ័រកាន់តែមានសភាពខ្លាំងក្លា និងនាំឲ្យមានការអនុវត្តន៍ដូចជាការរៀបការនៅអាយុក្មេងពេក ជាហេតុផលចំបងជាងគេនៃរោគស្ត្រី និងមរណភាពមាតា និងការមានរបួស ឬការវះកាត់អវយវៈភេទស្ត្រី។ ប្រការទាំងនេះ និងការអនុវត្តន៍ផ្សេងៗទៀតនៅតែមាននៅប្រទេសជាច្រើន បើទោះបីជាមានច្បាប់ប្រឆាំងនឹងអំពើទាំងនោះក៏ដោយ។ ស្ត្រីអាចគាំទ្រអំពើបែបនោះ ដោយខ្លួនជឿថា ការធ្វើបែបនោះអាចជួយការពារកូន និងខ្លួនគេ។
ការជំរុញឲ្យប្រសើរឡើងនូវសមភាពយេនឌ័រមិនអាចទៅរួចឡើយ បើមិនមានការប្រឹងប្រែងខាងវប្បធម៌ទេ។ ឧទាហរណ៍ ស្ត្រីនៅអាមេរិកឡាទីនបានសម្រេចជោគជ័យដោយបានលាតត្រដាងពីអំពើហិង្សាទាក់ទងនឹងយេនឌ័រឲ្យឃើញជាក់ស្ដែង និងនាំឲ្យមានការបង្កើតច្បាប់ប្រឆាំងនឹងអំពើហិង្សានេះ។ ទោះបីជាយ៉ាងណាក៏ដោយ ការអនុវត្តន៍ច្បាប់នៅមានបញ្ហានៅឡើយ។
របាយការណ៍នេះ ក៏បង្ហាញថា វិធីសាស្ត្រ របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន គឺធ្វើសមាហរណកម្មការងារដើម្បីសិទ្ធិមនុស្ស និងសមភាពយេនឌ័រដោយមានការគិតគូរពីវប្បធម៌។ វិធីសាស្ត្រជំរុញឲ្យមានការផ្លាស់ប្ដូរ និងគោរពអធិបតេយ្យភាពជាតិ និងភាពត្រឹមត្រូវតាមវប្បធម៌។ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) មិនត្រឹមតែសហការជាមួយរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហការជាមួយអង្គការ សហគមន៍តាមមូលដ្ឋាន និងបុគ្គលមួយចំនួនដែលភាគច្រើនត្រូវបានស្គាល់ថា ជាភ្នាក់ងារនៃការផ្លាស់ប្ដូរ។
"កញ្ចក់ឆ្លុះបញ្ចាំងវប្បធម៌" គឺជាឧបករណ៍អនុវត្តវិធីសាស្ត្រនេះរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) កញ្ចក់នេះជួយអភិវឌ្ឍន៍ការស្វែងយល់ពីវប្បធម៌ឲ្យបានច្បាស់ ដែលជាតំរូវការចាំបាច់សម្រាប់ការចរចា ការបញ្ចុះបញ្ចូល និងការជំរុញ ការទទួលយកតាមវប្បធម៌ និងភាពជាម្ចាស់។ វាក៏ជួយកម្មវិធីគាំទ្រដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ឲ្យឆ្លើយតបនឹងបំរែបំរួលនៃតម្រូវការបទពិសោធន៍ និងវប្បធម៌ដោយដឹងថា តើមនុស្សត្រូវសំរបតាមបរិបទផ្ទាល់ខ្លួន និងរៀនពីការតស៊ូជាមូលដ្ឋានបែបណា។ (នៅមានត)
សុខភាពបន្តពូជ និងសិទ្ធិ
របាយការណ៍នោះកត់សំគាល់ថា វប្បធម៌ និងមនុស្ស អាចយល់ខុសៗគ្នាទាក់ទិននឹងសុខភាពបន្តពូជ និងសិទ្ធិ ទោះបីជានៅក្នុងសហគមន៍តែមួយក៏ដោយ។ ការយកចិត្តទុកដាក់ និងការគិតគូរអំពីវប្បធម៌ គឺជាការយល់ដឹងអំពីអត្ថន័យផ្សេងៗគ្នា និងត្រៀមលក្ខណៈក្នុងការទទួលយកនូវអ្វីដែលមិនបានរំពឹងទុកជាមុន។ ឧទាហរណ៍ បុរសខ្លះអាចធ្វើការដើម្បីសមភាពយេនឌ័រដែលប្រឆាំងនឹងផលប្រយោជន៍បុគ្គលផ្ទាល់របស់ខ្លួន ហើយក៏មានស្ត្រីខ្លះអាចឯកភាពគាំទ្រនូវទម្លាប់អនុវត្តដែលបង្កគ្រោះថ្នាក់ដល់ខ្លួនគាត់។ វិធីសាស្ត្រយកចិត្តទុកដាក់លើវប្បធម៌យល់ដឹង និងដំណើរការជាមួយនឹងទិដ្ឋភាពនានាក្នុងសហគមន៍ ដូចជាការស្វែងយល់អំពីផលលំបាកនៅពេលដែលស្ត្រីម្នាក់ ឬគូស្វាមីភរិយាមិនអាចបន្តពូជ ផលប៉ះពាល់នៃការពន្យារកំណើត លើលទ្ធភាពនៃការមានគភ៌របស់ស្ត្រី ឬលើទស្សនៈបុរសអំពី "ភាពជាបុរស" ជាដើម។
របាយការណ៍នេះរៀបរាប់ថា ការយកចិត្តទុកដាក់និងការគិតគូរពីវប្បធម៌ជួយសម្រួល និងជំនះបានចំពោះការហាមឃាត់ខាងវប្បធម៌អំពីការប្រើវិធីពន្យារកំណើតទំនើបសម្រាប់គូស្វាមីភរិយា និងបុគ្គលម្នាក់ៗ។ វិធីសាស្ត្រនេះជួយធ្វើឲ្យមានការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងការមានគភ៌របស់ខ្លួន។ វិធីសាស្ត្រយកចិត្តទុកដាក់លើវប្បធម៌ ជាឧទាហរណ៍ដ៏សំខាន់សម្រាប់អង្គការអភិវឌ្ឍន៍ពាក់ព័ន្ធលើការលើកកំពស់សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។
ឧទាហរណ៍ រដ្ឋាភិបាលជាតិ សហគមន៍មូលដ្ឋាន និងសហគមន៍អន្តរជាតិ ភាគច្រើនចាត់ទុកការបង្ករបួស និងការវះកាត់អវយវៈភេទស្ត្រីជាការរំលោភសិទ្ធិមនុស្ស និងជាគ្រោះថ្នាក់ដល់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ទង្វើបែបនេះកើតមានច្រើន និងបានចាក់ឫសយ៉ាងជ្រៅក្នុងសហគមន៍មួយចំនួន។ ប៉ុន្តែទង្វើបែបនេះ ត្រូវបានគិតថាជារឿងសំខាន់ ដើម្បីឈានដល់ភាពជាមនុស្សពេញវ័យពេញលេញ និងជាសមាជិករបស់សហគមន៍។ ចំពោះស្ត្រីដែលមិនបានវះកាត់អវយវៈភេទ អាចត្រូវបានគេគិតថា មិនស្អាត និងគ្មានអនាម័យ។ ដើម្បីបំបាត់ការអនុវត្តន៍បែបនេះ គេត្រូវពិចារណារាល់អត្ថន័យនៃវប្បធម៌ផ្សេងៗគ្នា និងរកជម្រើសណាដែលល្អដោយត្រូវធ្វើកិច្ចសហការឲ្យបានជិតស្និទ្ធ និងពិភាក្សាជាមួយសហគមន៍។
ការសហការជាមួយអ្នកបង្កើតគំនិត អ្នកដឹកនាំ ព្រមទាំងប្រជាជន និងអង្គការ សហគមន៍មូលដ្ឋានជាការសំខាន់មួយ។ ពេលខ្លះអ្នកថែរក្សាវប្បធម៌ក៏ជាអ្នកតស៊ូមតិដើម្បីសិទ្ធិស្ត្រីផងដែរ។ នៅប្រទេសកម្ពុជា ដូនជី និងព្រះសង្ឃ គឺជាអ្នកតស៊ូដ៏សំខាន់ប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។ រីឯនៅប្រទេសហ្ស៊ីមបាវ៉េវិញ អ្នកដឹកនាំតាមមូលដ្ឋាន គឺជាអ្នកតស៊ូដែរ។ សម្ព័ន្ធភាពជោគជ័យមួយជួយស្វែងរកភាពដៃគូបានទូលំទូលាយ ឧទាហរណ៍ដូចជាអង្គការសម្រាប់ស្ត្រីយុវជន និងកម្មករអាចធ្វើការជាមួយគ្នាបាន និងកម្មករអាចធ្វើការជាមួយគ្នាបាន និងជួយពង្រឹងគ្នាទៅវិញទៅមក។
របាយការណ៍នេះ រៀបរាប់ពីវិធីសាស្ត្រយកចិត្តទុកដាក់លើវប្បធម៌សំខាន់ណាស់ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ដូចជាគោល
ដៅទី៥ ដើម្បីសុខភាពស្ត្រីមាតា។

Labels