ស្នើដល់ប្រតិភូន័រវេសជួយពិនិត្យមើលសេចក្ដីព្រាងច្បាប់ ស្ដីពីប្រេងកាតកម្ពុជា
រាជធានីភ្នំពេញ៖ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតទទួលជួបគណៈប្រតិភូនៃស្ថាប័នទីភ្នាក់ងាររដ្ឋាភិបាលទទួលបន្ទុកចាត់ចែងជំនួយ និងអគ្គនាយកដ្ឋានប្រេងកាតនៃប្រទេសន័រវេសដែលរួមមានសមាសភាពលោក OYSTEIN ORENG និងលោក
PALE KORSVOLA សាស្ត្រាចារ្យនៃសាកលវិទ្យាល័យគ្រប់គ្រង នៃប្រទេសន័រវេស និងលោក TROND KUBBERRUD សវនករនៃអង្គការអន្តរជាតិប្រេងកាតន័រវេស កាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០០៨។
លោក សុខ អាន នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជាបានស្វាគមន៍គណៈប្រតិភូ និងបានស្នើសុំគណៈប្រតិភូនៃប្រទេសន័រវេស ដែលទទួលបានជោគជ័យក្នុងការវិនិយោគលើវិស័យប្រេងកាតនៅក្នុងប្រទេស និងដែលមានបទពិសោធន៍ជួយពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីប្រេងកាតកម្ពុជា។ គណៈប្រតិភូន័រវេសបានស្វាគមន៍ចំពោះសំណើនេះហើយ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរប្រេងកាតជាតិកម្ពុជា។ លោក តែ ដួងតារា អគ្គនាយកអាជ្ញាធរប្រេងកាតជាតិកម្ពុជា ដែលមានវត្តមាននៅក្នុងជំនួបនេះបានអះអាងថា អាជ្ញាធរប្រេងកាតជាតិកម្ពុជាបានសហការជាមួយដៃគូ នៃប្រទេសន័រវេសអស់រយៈពេល៣ឆ្នាំមកហើយ។
កន្លងមក ប្រទេសន័រវេសបានជួបអាជ្ញាធរប្រេងកាតជាតិកម្ពុជាក្នុងវិស័យបច្ចេកទេស វិស្វកម្ម ផលិតកម្ម និងការអភិវឌ្ឍន៍ប្រេងកាត។ ទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូន័រវេស គឺដើម្បីពិនិត្យ និងវាយតម្លៃសម្រាប់ស្វែងយល់ពីកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិប្រេងកាតកម្ពុជា។ លោក សុខ អាន នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជា នឹងខិតខំធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាសមាជិកនៃ១០ប្រទេស ជ្រើសរើសដោយប្រទេសន័រវេស។ ប្រសិនបើប្រទេសកម្ពុជាក្លាយជាសមាជិកមួយក្នុងចំណោមទាំង១០ប្រទេស អាជ្ញាធរជាតិប្រេងកាតកម្ពុជាអាចនឹងមានឱកាសទទួលបានជំនួយបច្ចេកទេសរហូតដល់ទៅ២០លានដុល្លារ ពីប្រទេសន័រវេស។
ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយក្រៃលែងដោយ លោក សុខ អាន នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូន័រវេស៕

Labels