ច្បាប់ប្រឆាំងអំពើពុករលួយ គឺជាកម្មវត្ថុនៃទិវាអន្តរជាតិប្រឆាំងអំពើពុករលួយរាជធានីភ្នំពេញ ៖ សម្ព័ន្ធអង្គការសង្គមស៊ីវិលប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៤ ធ្នូ បានចេញសេចក្ដី
ប្រកាសព័ត៌មានឲ្យដឹងថា នៅថ្ងៃទី៩ ធ្នូ ខាងមុខចាប់ផ្ដើមនៅវេលាម៉ោង៨ព្រឹក ប្រជាពលរដ្ឋខ្មែរមកពីគ្រប់ស្រទាប់
សង្គម នឹងប្រារព្ធទិវាអន្តរជាតិប្រឆាំងអំពើពុករលួយនៅក្នុងខេត្ត-ក្រុងចំនួន៦នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈ ដែលបណ្ដាប្រទេសដទៃទៀតនៅលើពិភពលោកប្រារព្ធពិធីនេះដែរ។ ខេត្ត-ក្រុងដែលទិវានេះនឹងប្រារព្ធឡើង រួមមានក្រុងភ្នំពេញ ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តស្វាយរៀង។ ទន្ទឹមនឹងកង្វះការរីកចម្រើនជាដុំកំភួនក្នុងរយៈ ពេលកន្លងមកក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាពិសេសការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនោះ ការប្រារព្ធទិវាអន្តរជាតិ ប្រឆាំងអំពើពុករលួយ ៩ ធ្នូ នៅឆ្នាំ២០០៨
នេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗដែរ លគឺនឹងផ្ដោតសំខាន់ទៅលើការជំរុញ
ការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយដែលមានស្តង់ដារអន្តរជាតិឲ្យបានឆាប់រហ័ស។ ការបន្តលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋខ្មែរពីផលវិបាកនៃអំពើពុករលួយ និងវិធានការបង្ការក៏ជាគោលដៅបន្ទាប់បន្សំផងដែរសម្រាប់ការប្រារព្ធពិធីនៃឆ្នាំនេះ។
គួរកត់សំគាល់ថា រដ្ឋាភិបាលបានបញ្ជាក់អះអាងជាច្រើនដងរួចមកហើយថា សេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ ដែលត្រូវបានសាធារណជនទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះនឹងត្រូវដាក់ជូនរដ្ឋសភាពិនិត្យពិភាក្សា និងអនុម័តភ្លាមៗក្រោយពីការអនុម័តច្បាប់ព្រហ្មទណ្ឌរួច។ ថ្មីបើសង្គមស៊ីវិល និងមនុស្សជាច្រើននៅមានការមន្ទិលសង្ស័យនៅឡើយ ចំពោះការអះអាងនេះ កង្វល់ចម្បងមួយទៀតរបស់ពួកគេ គឺសេចក្ដីព្រាងច្បាប់បច្ចុប្បន្ននៅមានចំណុចខ្សោយមួយចំនួនដែលចាំបាច់ត្រូវធ្វើការកែសម្រួលដើម្បីឲ្យបានស្របទៅ
តាមបទដ្ឋានអន្តរជាតិ ឬឲ្យទៅជាច្បាប់មួយ ប្រកបដោយគុណភាពដែលអាចយកទៅអនុវត្តមានប្រសិទ្ធភាពពិតៗក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
សកម្មភាពនានានៃការប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយនៅឆ្នាំនេះ រួមមានជាអាទិ៍ៈ វេទិកាសាធារណៈនៅពេលព្រឹក ដែលមានអ្នកតំណាងរាស្ត្រ មន្ត្រីអាជ្ញាធរ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន តំណាងប្រជាពលរដ្ឋ/យុវជន ធ្វើការថ្លែងសុន្ទរកថា និងចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយដោយមានមនុស្សចូលរួមចំនួនរាប់រយនាក់នៅក្នុងវេទិកាក្នុងខេត្ត-ក្រុងនីមួយៗ។ នៅថ្ងៃដដែលចាប់ពីម៉ោង២ដល់ម៉ោង៤រសៀល នឹងមានវេទិកាពិភាក្សាតុមូលមួយរវាងក្រុមអ្នកជំនាញ និងអ្នកដែលពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនឹងផ្សាយបន្តផ្ទាល់តាមវិទ្យុ។ បន្តពីនោះទៅ រហូតដល់ម៉ោង៨យប់ នឹងមានការប្រគំតន្ត្រីជាមួយនឹងសិល្បករ សិល្បការិនីល្បីៗ ព្រមទាំងការសំដែងសិល្បៈ ឆាកកំប្លែងដោយក្រុមយុវជនជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះ ក៏មានកម្មវិធីសំណួរចម្លើយល្បងប្រាជ្ញាទាក់ទងនឹងបញ្ហាអំពើពុករលួយជាមួយនឹងរង្វាន់លើកទឹកចិត្តបន្តិចបន្តួចផងដែរ

Labels