យុទ្ធនាការ១៦ថ្ងៃបំពាក់បូពណ៌ស បញ្ឈប់អំពើហិង្សាលើស្ត្រី នៅខេត្តបាត់ដំបង
បាត់ដំបង៖ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងបណ្ដាញបុរសកម្ពុជាកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៨ បានបើកយុទ្ធនាការបំពាក់បូពណ៌សដែលមានរយៈពេល១៦ថ្ងៃគិតចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០
ខែធ្នូ ឆ្នាំ២០០៨ ដោយពេលព្រឹករៀបចំធ្វើនៅជុំវិញផ្សារណាត់ និងជំរុញផ្សារបឹងឈូក ហើយពេលល្ងាចរៀបចំធ្វើនៅសួនច្បារលោក ស ខេង ដើម្បីលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី និងពិសេសអំពើហិង្សាក្នុងគ្រួសារ។
អ្នកដឹកនាំយុទ្ធនាការបំពាក់បូពណ៌សម្នាក់បានប្រាប់អ្នកយកព័ត៌មានយើងថា យុទ្ធនាការនេះគឺជាយុទ្ធនាការមួយរបស់បេសកជនបុរសដែលប្រឆាំងទៅនិងអំពើហិង្សាលើស្ត្រី។ យុទ្ធនាការនេះបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៩១ ដែលបុរសមួយក្រុមជាជនជាតិកាណាដាក្រោយមកយុទ្ធនាការនេះបានធ្វើនៅប្រទេសអូស្ត្រាលី និងបានធ្វើឡើងទូទាំងពិភពលោក។ នៅក្នុងយុទ្ធនាការ១៦ ថ្ងៃបំពាក់បូពណ៌សនេះនៅខេត្តបាត់ដំបងចាប់ធ្វើពីថ្ងៃទី
៥ ខែធ្នូរហូតដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៨ ដោយមានក្រុមអ្នកស្ម័គ្រចិត្តមានទាំងយុវជន និងយុវនារីដើរតាមផ្សារធំៗ នានាក្នុងខេត្តដូចជាផ្សារណាត់ (ផ្សារធំថ្មី) ផ្សារបឹងឈូកដើម្បីបំពាក់ឲ្យប្រជាពលរដ្ឋប៉ូលិសយាមធនាគារឯកជន ប៉ូលិសសន្តិសុខផ្សារ ហើយក៏មានបំពាក់ឲ្យស្ត្រីភេទផងដែរ ព្រមទាំងបានអប់រំផ្សព្វផ្សាយឲ្យពួកគាត់បញ្ឈប់ការប្រើអំពើហិង្សាទៅលើស្ត្រីភេទ ពិសេសឈប់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសាររបស់គាត់ផ្ទាល់។
អ្នកដឹកនាំរូបនោះបញ្ជាក់ថា យុទ្ធនាការបំពាក់បូពណ៌សនេះ មានគោលបំណងដើម្បីលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី ពិសេសបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ។ យុទ្ធនាការនេះត្រូវបានគេចាត់ទុកថា ជាទិវាអន្តរជាតិនៃការសាមគ្គីភាពរបស់បុរសប្រឆាំង និងអំពើហិង្សាទៅលើ
នារីភេទ ហើយគេតែងធ្វើជារៀងរាល់ឆ្នាំ ដោយចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិការហូតដល់ថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០០៨។ ចំណែកនៅប្រទេសកម្ពុជាយុទ្ធនាការបំពាក់បូពណ៌សនេះចាប់ផ្ដើមពីឆ្នាំ២០០០រហូតដល់បច្ចុប្បន្ននេះអនុវត្តបាន
ចំនួន៨លើកមកហើយ។
អ្នកដឹកនាំយុទ្ធនាការក៏បានបញ្ជាក់ថា យុទ្ធនាការផ្ដោតទៅលើខ្លឹមសារសំខាន់មាន៨ចំណុចដូចជាបញ្ឈប់ការរំលោភបំពានលើស្ត្រីជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាមិនត្រូវបិទភ្នែកធ្វើមិនឃើញបុរស
អំពើហិង្សាលើស្ត្រី។ អំពើហិង្សា ការរំលោភសេពសន្ថវៈ ការជួញដូរមនុស្ស គឺជាការរំលោភបំពានលើសិទ្ធរបស់ស្ត្រីយ៉ាងធ្ងន់ធ្ងរ និងរំលោភច្បាប់ដែលរដ្ឋធម្មនុញ្ញបានចែងរួចហើយ។ នៅពេលល្ងាចក្រុមស្ម័គ្រចិត្តយុទ្ធនាការបំពាក់បូពណ៌សបានធ្វើសកម្មភាពបំពាក់បូពណ៌សនៅសួនច្បារ ស ខេង រហូតដល់ម៉ោង៦ល្ងាច៕

Labels