វត្តភ្នំ ជាចំណុចកណ្តាលនៃទីក្រុងភ្នំពេញ ហើយក៏ជាទីកន្លែងមួយ សំរាប់ភ្ញៀវទេសចរណ៍ មកលេង កំសាន្តផងដែរ។ ដោយសារតែវាលស្មៅខៀវខ្ចី គ្រប់រដូវ និងដើមឈើដុះ ជាជួរៗ អ្នកដែល មកលេងទីនេះស្ទើរ មិនចង់ត្រឡប់ទៅផ្ទះ វិញឡើយ។ សត្វស្វានៅទីនេះក៏បានចូលរួមចំណែកមួយភាគ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ប៉ុន្តែដោយភាព រប៉ិល រប៉ូច របស់វា បានបង្កផល់លំបាកដល់ទីវត្តអារាមនៅទីនេះផងដែរ។
រសៀលបន្តិចហើយ ភ្ញៀវទេសចរណ៍ទាំងឡាយ កំពុងតែសប្បាយ នឹងទេសភាពដ៏ស្រស់ត្រកាលនៃរមណីយដ្ឋាន វត្ដភ្នំដែលមានសត្វស្វាតូចធំកំពុងប្រតោង លេងលើមែកឈើ និងកំពុង រើសចំណី ដែលមនុស្សបោះឲ្យស៊ី យ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងការបណ្ដែត អារម្មណ៌នេះ ស្រាប់តែមានសម្លេងមួយលាន់លឺឡើង «ប្រាវ ប្រាវ» ចេញពីដំបូលព្រះវិហារ ប្រក់ក្បឿង។ កាពិត នេះគឺជាសម្លេងពួកកម្មកររុះរើក្បឿងព្រះវិហារដែលខូចខាតដោយសារ សត្វស្វាមួយក្រុមដែលរស់នៅទីនោះ។
កំពុងត្រួតពិនិត្យមើលពួកកម្មករ រុះរើក្បឿងបែកបាក់ចេញ ពីដំបូលព្រះវិហារ បុរសមាន មាឌធំម្នាក់សំបុរស ឈ្មោះ មាស ចំរើន អាយុ ៣១ឆ្នាំជាអ្នកមើលការខុសត្រូវនៅលើព្រះវិហារនេះ បានប្រាប់ ថា៖«ក្បឿងនេះបែកដោយសារពួក សត្វស្វា ដែលមកលេងលើដំបូលព្រះវិហារនេះរាល់ថ្ងៃ។ មិនត្រឹមតែក្បឿងទេ សូម្បីតែអំពូលភ្លើងតាម សសរព្រះវិហារក៏ត្រូវពួកវាបំផ្លាញដែរ»។ គាត់បន្តទៀតថា រៀងរាល់ពីរខែម្តង គាត់ត្រូវរុះរើក្បឿងម្ដង ព្រោះខ្លាច ក្បឿងធ្លាក់លើអ្នកមកកំសាន្ដនៅទីនេះ។
ក្នុងសំលៀកបំពាក់ជាតាអាចារ្យ លោក សូត្រ ចាកផន មានប្រសាសន៍ថា៖ «ពួកស្វាអស់នេះបើគ្រាន់តែយករំពាត់ មកកំឡាវា វាមិនខ្លាចទេ ទាល់តែយកចំពាមកៅស៊ូទើបវាខ្លាច»។

មានប្រសាសន៍ស្រដៀងគ្នានេះ លោកតាអាចារ្យ នាក់ ផាន្នី ជាអាចារ្យវត្ដនៅទីនេះបាននិយាយ ជាមួយនឹងកាយវិការ ចង្អុលទៅព្រះពុទ្ធអង្គ និងសសរព្រះវិហារថា ស្វាមកអុកឡុកដល់កន្លែងព្រះពុទ្ធអង្គ ហើយថែមទាំងបំផ្លាញ អំពូល ដែលមានទាំងអម្បាលមាណក្នុងព្រះវិហារអស់រលីង។ លោកអាចារ្យន្ថែមទៀតថា ដោយសារសត្វស្វា គាត់ត្រូវរង ការប្ដឹង ពីសំណាក់អ្នកមកអុជធូបនៅទីនេះក្រោយពីពួកគេត្រូវសត្វស្វាខាំ និងបានយកកាបូប របស់ពួកគេ រត់ទៅ បាត់។
លោកតាអាចារ្យ នាក់ ផាន្នី យល់ថា៖«គំនិតខ្ញុំ ខ្ញុំមិនចង់អោយមានស្វានៅទីនេះទេ»។
និយាយទាំងទឹកមុខញញឹម បុរសវ័យ៥៤ឆ្នាំមាឌស្ដើង នាង សារី អង្គុយក្បែរទ្រុងចាបរបស់គាត់ នៅអែប កាំជណ្ដើរ ទល់មុខក្លោងទ្វារ ព្រះវិហារបាននិយាយថា គាត់មិនចង់អោយមានសត្វស្វានៅវត្ដភ្នំនេះទេ ព្រោះវាបានបំផ្លាញ របស់របរជាច្រើន ហើយពួកវាហាក់ដូចជាគ្មានប្រយោជន៍អ្វីឡើយ។
ជាមួយនឹងបញ្ហាដែលសត្វស្វាបានបង្កនេះ លោក អ៊ុត រឿន ជាប្រធានសមាគមន៍វិចិត្រករខ្មែរ និងជាប្រធាន សារមន្ទីរវប្បធម៌ និងវិចិត្រសិល្បះនៅវត្តភ្នំ បានត្អូញត្អែថា សារមន្ទីរដែលគាត់ កំពុងធ្វើការ សព្វថ្ងៃក៏ត្រូវពួក ស្វាចូល មកអុកឡុកផងដែរ។ដើរបណ្ដើរនិយាយបណ្ដើរ គាត់បន្ថែមថា សត្វស្វាចូលក្នុងសាលនេះ តាមប្រឡោះប្រហោង ដែលមិនទាន់បានបិទពិដាន។ ពួកវាមកបំផ្លាញ រូបចំលាក់អោយខូចខ្ទេចខ្ទី ហើយសំភារៈផ្សេងទៀត ត្រូវដួលរប៉ាត់ រប៉ាយពេញទាំងក្នុងសាលផងដែរ។
អ្នកធ្លាប់ទទួលរងគ្រោះថ្នាក់ ដោយសារសត្វស្វាខាំ អ្នកស្រី ជា ផាន់ណា ជាអ្នកលក់ដូរ នៅទីនោះ រួមជាមួយកូន របស់គាត់ បាននិយាយថា៖ «ស្វាខាំខ្ញុំចំជើង របួសបីថ្នេរ។ កូនខ្ញុំក៏ត្រូវស្វាខាំដែរ គឺនៅពេល ដែលវាកំពុងងូតទឹក ទុយយោ ដែល គេបាញ់ស្រោចស្មៅ»។

ទទួលការរំខានពីសត្វស្វា អ្នកស្រី កាំង ស្រីម៉ុម ជាអ្នកទូលឈូកលក់ទើបនឹងមកលក់ថ្មីៗ ក៏បាននិយាយដែរថា ក្នុង រយះពេល ១០ ថ្ងៃដែលគាត់បានមកលក់នៅទីនេះ ស្វាបានលួចឈូកគាត់ពីរបីដងទៅហើយ។ គាត់បញ្ជាក់ បន្ថែមថា ពេលខ្លះគាត់អង្គុយភ្លេចខ្លួន ពួកសត្វស្វា លូនតាមក្រោម កៅអីអង្គុយ ហើយលួចយក ឈូកគាត់ ស៊ីទាំង គាត់មិនដឹងខ្លួន។
អ្នកស្រី កាំង ស្រីម៉ុម បន្តថា៖ «ខ្ញុំមិនដឹងជាគិតដូចម្ដេចទេ។ បើវាលួចរបស់យើង ហើយយើងទៅដណ្ដើមពីវាវិញ វា នឹងខាំយើងជាក់ជាពុំខាន»។ ស្រដៀងគ្នានេះលោកយាយ អ៊ុក អ្នកលក់ធូប និងផ្កាឈូក និយាយទាំងមាត់គាត់ ជាប់ទំពាស្លាម្លូរផងនោះនិយាយថា លោកយាយក៏ជាជនរងគ្រោះម្នាក់ដែលត្រូវស្វាខាំដែរ។
និយាយផងងាកមើលក្រោយខ្នងម្ដងម្កាលផងលោកយាយ អ៊ុក បន្តថា៖ «មានថ្ងៃមួយនោះខ្ញុំបានដណ្ដើម ឥវ៉ាន់ពីវាវិញ តែត្រូវវាខាំ។ ខ្ញុំត្រូវចាក់ថ្នាំអស់ ១០ ម្ជុលឯណោះ»។
អ្នកទូលនំកញ្ជប់លក់ ស្រី ញ៉ាញ់ និយាយថា នាងត្រូវស្វាខាំ រហូតដល់មានរបួសប្រាំបីកន្លែង។ ស្រីញ៉ាញ់ ថែមទាំង អះអាងទៀតថា កាលពីប៉ុន្មានខែមុន មានស្វាមួយក្បាល បានត្រូវសន្ដិសុខបាញ់សំលាប់ ព្រោះស្វានោះបាន ខាំក្មេង ប្រុសម្នាក់រហូតដល់បាត់បង់ជីវិត។
សព្វថ្ងៃនេះចំនួនសត្វស្វានៅវត្តភ្នំមានប្រហែល១០០ក្បាលជាស្វាមេធំៗ អ្នកស្រី ពេជ្រ សុជាតា អភិបាលរងខ័ណ្ឌ ដូនពេញ អះអាងថា ទាក់ទងទៅនឹងបញ្ហាស្វាខាំមនុស្សខាងលើនេះ វាពិតជាមានស្វាមួយក្បាល ត្រូវបានបាញ់ សំលាប់មែន ព្រោះវាបានខាំក្មេងម្នាក់ រហូតដល់បាត់បង់ជីវិតក្នុងឆ្នាំ២០០៣៕

Labels