ប្រ៊ុសស៊ែលៈ រាត្រីស្រមោលសមួយ បានប្រារពឡើង កាលពីខែកញ្ញាកន្លងទៅនេះ នាសាលដ៏ធំ ក្នុងឧស្យានមួយ នៃទីក្រុងប្រ៊ុសស៊ែលប្រទេសប៊ែលស៊ិក។ ការប្រារពពិធីនេះ ធ្វើឡើងដើម្បីប្រមូលថវិកាសាងសងអគារក្មេងកំព្រា នៅតំបន់ស្ទឹងឆាយ (ក្បាលឆាយ) ក្នុងក្រុងព្រះស៊ីហនុ។
លោក នួន ប៊ុនហេង ជាប្រធានសមាគមន៍មិត្ដភាពខ្មែរ ប៊ែលស៊ិក និងជាប្រធានមូលនិធិជួយក្មេងកំព្រា មានប្រសាសន៍ថា ដោយមើលឃើញពីភាពលំបាកវេទនា របស់ក្មេងកំព្រា នៅតំបន់រមណីដា្ឋន ក្បាលឆាយ និងមណ្ឌលទេសចរណ៍នានា ក្នុងក្រុងព្រះសីហនុ ទើបលោក រួមជាមួយបងប្អូនខ្មែរ រស់នៅប្រទេសប៊ែកស៊ិក បានរួបរួមគា្នឡើង ដើម្បីបង្កើតគំរោងសាងសងមជ្ឈមណ្ឌលក្មេងកំព្រានេះឡើង។
គំរោងសាងសងនេះនឹងត្រូវចំណាយអស់ប្រមាណទឹកប្រាក់ចំនួន៧ម៉ឺនដុលា្ល សំរាប់ជំហានដំបូង នាខែវិច្ឆិការនេះ។ ដើម្បីសំរេចគំរោងនេះ លោកនួន ប៊ុនហេងនិងក្រុមរបស់គាត់កំពុងតែស្វះ ស្វែងរកថវិកាពីសំនាក់សប្បុរសជនខ្មែរ និងបរទេសដើម្បីអោយចប់សព្វគ្រប់នាឆ្នាំក្រោយ។ លោក បញ្ជាក់ថា បនា្ទប់ពីសាងសង់រួច មជ្ឈមណ្ឌលនេះ នឹងប្រមូលផ្តុំក្មេងកំព្រាទាំងនោះដោយផ្ដល់កន្លែងសា្នក់នៅសមរម្យ អាហារ រៀនសូត្រ និង ជំនាញមួយចំនួនដូចជា កាត់ដេរ ចញ្ចឹមសត្វ និងចំលាក់។
ដោយមានសេចក្កតីអាណិតនិងស្រលាញ់ក្មេងៗ លោក នួន ប៊ុនហេងនិយាយថា៖ «យើងនឹងព្យាយាម អប់រំក្មេង ទាំងនោះអោយកា្លយជាពលរដ្ឋល្អក្នុងសង្គម ដែលអាចពឹងពាក់លើខ្លួនឯងបាន។»
អ្នកស្រី យិន សុវណា្ណ គណនេយ្យករគំរោងសាងសង់ មជ្ឈមណ្ឌលនេះ មានប្រសាសន៍ថា ប្លង់អគារនេះ សង់ពីបេតុងលើផ្ទៃដី ទំហំបណោ្ដយ១២០ម៉ែត្រ ទទឹង ២០ម៉ែត្រ ដែលមានកំពស់ពីរជាន់។ គណនេយ្យកររូបនេះ បន្ថែមទៀតថា អគារនឹងបែងចែកចេញជា បន្ទប់សំរាប់ក្មេងគេង ការិយាល័យសំរាប់បុគ្គលិកធ្វើការ បន្ទប់បាយ និងទីធា្លសំរាប់ក្មេងរត់លេង។
ជាមួយនឹងទឹកចិត្តស្រដៀងគ្នានេះ មានមិត្ដបរទេសមួយចំនួន ក៏ដូចជា អង្គការសប្បុរសជនខ្លះ បានសន្យា នឹងជួយដល់គំរោងនេះ ប៉ុន្ដែគេចាំមើល ការសាងសង់អគារសិន។ លោកស្រី យិន សុវណា្ណ បញ្ជាក់ថា៖ «លុយសំរាប់ ជួយចិញ្ចឹមអប់រំក្មេង មិនមានបញ្ហាចោទឡើយ ដោយឡែកចំនុចដែលសំខាន់គឺថវិកាសាងសង់អគារ»។
ភារៈធារីស្ដីទីនៃសា្ថនទូតខ្មែរប្រចាំប្រទេសប៊ែស៊ិក លោក នង សាកល ប្រាប់អោយដឹងថា លោកមានការសប្បាយ ចិត្ដ និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្ដ របស់ប្រជាពលរដ្ឋខ្មែរ នៅប៊ែលស៊ិកទាំងអស់ ដែលបានចូលរួម អភិវឌ្ឍន៍ប្រទេស តាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល កម្ពុជា។
លោក ភារៈធារីស្ដីទី បានបន្ដថា ទោះបីជាពួកគាត់បានសុខសប្បាយហើយក្ដី ប៉ុន្ដែ ពួកគាត់នៅតែ នឹកឃើញពីគ្រា លំបាក ដែលជំរុញទឹកចិត្ដគាត់ នឹកដល់ស្រុកកំនើត។ ពួកគាត់បានជួយកសាង សាលារៀន ជីកអណ្ដូងទឹក ធ្វើសា្ពន់ ថា្នល់ជាច្រើន រួចមកហើយ។
លោក នួន ប៊ុនហេង ជាប្រធានគំរោងបាន សំណូមពរដល់រាជរដា្ឋភិបាលថ្មីនេះ មេតា្ដដាក់ជាគោលនយោបាយ បន្ថែមទៀតក្នុងការជួយលើកកំពស់ក្មេងអនាថា ក្មេងកំព្រា ជនពិការ ដើម្បីឲ្យពួកគាត់មានអនាគត់ល្អ និងឈាន ទៅដល់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសទាំងស្រុង។

Labels