ក្រសួងវប្បធម៌គ្រោងបង្កើតមហាវិទ្យាល័យភាពយន្ត នៅឆ្នាំ២០១០
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងឈ្មុសឈ្មុលដើម្បីបង្កើតមហាវិទ្យាល័យភាពយន្តនៅឆ្នាំ២០១០សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស និងលើកស្ទួយវិស័យសិល្បៈភាពយន្ត។
លោកសាស្ត្រាចារ្យ ព្រឿង ឈៀង សកលវិទ្យាធិការរងនៃសកលវិទ្យាល័យភូមិវិចិត្រសិល្បៈបានមានប្រសាសន៍
ថា ដោយចាប់ផ្ដើមនៅឆ្នាំ២០០៦ គម្រោងបង្កើតមហាវិទ្យាល័យភាពយន្តអាចនឹងលេចចេញរូបរាងនៅឆ្នាំ២០១០ នេះបើតាមគោលបំណងរបស់ក្រសួង។ ក្រសួងចង់ឲ្យមហាវិទ្យាល័យនេះកើតឡើងយ៉ាងឆាប់ព្រោះវិស័យភាពយន្តមានសារសំខាន់ចំពោះ
វប្បធម៌ជាតិខ្មែរ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយគម្រោងនេះបានជួបប្រទះការលំបាកមួយចំនួនដោយសារតែខ្វះ
ធនធានមនុស្សថវិកា និងសម្ភារៈ។
លោកសាស្ត្រាចារ្យ ព្រឿង ឈៀង បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃអង្គារ៣មីនាថា កាលពីចុងឆ្នាំង២០០៨ ក្រសួងវប្បធម៌បានដាក់សំណើទៅកូរ៉េខាងត្បូងដើម្បីស្នើសុំជំនួយផ្នែកបច្ចេកទេស ធនធានមនុស្ស និងថវិកា។ ភាគីកូរ៉េបានទទួលសំណើរបស់កម្ពុជាហើយតែមិនទាន់ឆ្លើយតបនៅឡើយទេ ព្រោះពេលនេះ
កូរ៉េកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច។ បើកូរ៉េជួយ យើងនឹងបើកមហាវិទ្យាល័យភាពយន្តជាទ្រង់
ទ្រាយធំ ហើយស្វែងរកទីតាំងសម្រាប់សាងសង់។ តែទោះជាគ្មានជំនួយពីកូរ៉េក៏ដោយក៏សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈប្ដេជ្ញាបើសាលាភាពយន្តនេះ
ដោយខ្លួនឯង។ និយាយរួមមានធនធានប៉ុនណា ធ្វើប៉ុណ្ណោះ ហើយខាងរដ្ឋាភិបាលក៏បានអះអាង
នឹងជួយរឿងនេះដែរ ដោយសន្យានឹងបង្កើតស្ទូតឌីយោ (Studio) ភាពយន្តថ្នាក់ជាតិ និងអន្តរជាតិមួយ ព្រមទាំងបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវិស័យភាពយន្ត។
លោកសកលវិទ្យាធិការរងបានអំពាវនាវឲ្យសាស្ត្រាចារ្យជើងចាស់ និងជំនាន់ក្រោយមកពីបារាំងក្ដី សូវៀត
ក្ដីកូរ៉េក្ដី ព្រមទាំងផលិតករព្រឹទ្ធាចារ្យទាំងអស់ជួយចូលរួមសហការគ្នាម្ចាស់ការ និងយកចិត្ត
ទុកដាក់ដើម្បីបង្កើតសាលាភាពយន្តឲ្យបាននាពេលអនាគត ជាប្រយោជន៍សម្រាប់ក្មេងជំនាន់ក្រោយៗ។
ដោយសារខ្វះធនធានមនុស្សនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជូននិស្សិតជាបន្តបន្ទាប់ទៅសិក្សានៅប្រទេសកូរ៉េ។ បច្ចុប្បន្នមាននិស្សិត៣នាក់
កំពុងបន្តការសិក្សានៅកូរ៉េផ្នែកការគ្រប់គ្រងរៀបចំឆាកភាពយន្តហើយក៏មាននិស្សិតទើបបញ្ចប់ការសិក្សា
ថ្នាក់អនុបណ្ឌិតខាងជំនាញដឹកនាំរឿង និងរបាំ។
លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បានមានប្រសាសន៍
ពេលត្រឡប់មកពីឥណ្ឌូណេស៊ីកាលពីថ្ងៃសៅរ៍២៨កុម្ភៈថា ឥណ្ឌូណេស៊ីនឹងជួយកម្ពុជាលើវិស័យភាពយន្តហើយនឹងផ្ដល់អាហារូបករណ៍ដល់ និស្សិតខ្មែរលើវិស័យនេះ។
ទាក់ទងនឹងគម្រោងបង្កើតមហាវិទ្យាល័យភាពយន្តនេះដែរនោះ លោក បុង សុវត្ថិ សកលវិទ្យាធិការ
នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានមានប្រសាសន៍ថា បញ្ហានេះយើងកំពុងតែពិភាក្សាគ្នា ដោយមានការចូលរួមពីតារាភាពយន្តជើងចាស់មួយចំនួនផងដែរ។ ការបង្កើតមហាវិទ្យាល័យភាពយន្តមួយមិនមែនងាយស្រួលទេ គឺយើងត្រូវការធនធានមនុស្សអ្នកជំនាញ
គ្រប់ផ្នែក ត្រូវការឧបករណ៍ថវិកា និងទីតាំងពិតប្រាកដមួយ។
ដូច្នេះសាលាបានបញ្ជូននិស្សិតទៅរៀនថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតនៅកូរ៉េ ព្រោះកូរ៉េមាន MOU ជាមួយកម្ពុជាលើវិស័យភាពយន្តនេះហើយកូរ៉េសន្យាជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាពយន្ត។ ទន្ទឹមនឹងនេះយើងក៏បានបណ្ដុះបណ្ដាលអ្នកឯកទេសភាពយន្តនៅក្នុងស្រុកដែរ ដោយមានការជួយពីបារាំង។
ពាក់ព័ន្ធនឹងគោលបំណងនៃការបើកមហាវិទ្យាល័យភាពយន្តនោះលោក បុង សុវត្ថិ បានមានប្រសាសន៍ថា តាមរយៈភាពយន្ត ឬសិល្បៈ គឺបណ្ដាប្រទេសផ្សេងៗអាចស្គាល់ខ្មែរស្គាល់ពីវប្បធម៌ អរិយធម៌ និងប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ។ ភាពយន្តជាមធ្យោបាយមួយដើម្បីឲ្យមនុស្សនៅលើពិភពលោកស្គាល់គ្នាកាន់តែ
ជិតស្និទ្ធ និងយល់ដឹងពីវប្បធម៌ទៅវិញទៅមក។ ម្យ៉ាងទៀតក្នុងនាមជាប្រទេសមួយ កម្ពុជាត្រូវតែមានមហាវិទ្យាល័យភាពយន្តដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយៗ៕

Labels