មេធាវីវ័យក្មេងទទួលជោគជ័យ
កញ្ញាជាមេធាវីដែលពោរពេញទៅដោយបទពិសោធន៍ និងមានការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តក្រុងមួយចំនួនធំ។ អ្វីដែលធ្វើឲ្យមេធាវីរូបនេះទទួលបាននូវការទទួលស្គាល់ពីអតិថិជនក៏ដូចជាប្រជាពលរដ្ឋរហូតដល់
សព្វថ្ងៃនេះ គឺដោយសារតែកញ្ញាធ្លាប់បម្រើការងារនៅអង្គការនានា ដូចជាអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្សកម្ពុជា ក្រុមមេធាវីគ្មានព្រំដែននៃប្រទេសបារាំង និងនៅតាមបណ្ដាក្រសួងរបស់រដ្ឋាភិបាលមួយចំនួនទៀតផង។ នាពេលបច្ចុប្បន្ននេះ កញ្ញា ស៊ាង បូរ៉ាវី មានការិយាល័យឯកជនផ្ទាល់ខ្លួនមួយ។
កញ្ញា ស៊ាង បូរ៉ាវី កើតនៅឆ្នាំ ១៩៧៤ នៅក្នុងភូមិច្បារអំពៅ ឃុំច្បារអំពៅ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ផៅសន្ដានរបស់កញ្ញាសុទ្ធសឹងជាអ្នកចូលចិត្តការសិក្សាដោយមានលោកឪពុកជាវេជ្ជបណ្ឌិត និងម្ដាយជាមន្ត្រីរាជការបម្រើការងារនៅក្រសួងកសិកម្ម ប៉ុន្តែជាអកុសលលោកឪពុករបស់កញ្ញាបានទទួលមរណភាពបន្ទាប់ពីរបប ប៉ុល ពត បានដួលរលំ។
បើតាមការរៀបរាប់របស់មេធាវីវ័យក្មេងរូបនេះបានឲ្យដឹងថា ប៉ូរ៉ាវី ជាអតីតសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរ និងជាប្រធានក្រុមកុមារឈានមុខតាំងតែពីរៀននៅសាលាបឋមសិក្សារហូតដល់មហាវិទ្យាល័យ។ បន្ទាប់ពីប្រឡងបញ្ចប់ទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅក្នុងឆ្នាំ១៩៩២អតីតសិស្ស-និស្សិតពូកែរូបនេះបានត្រៀមបន្តការសិក្សានៅមហាវិទ្យាល័យចំនួនបីគឺ មហាវិទ្យាល័យពេទ្យ តិចណូ និង នៅសាលាចម្ការដូង។ ប៉ុន្តែនៅពេលនោះដោយសារសាលារៀននៅឆ្ងាយពីផ្ទះ និងដោយអំពើអសន្ដិសុខសង្គម
មួយចំនួនផង កញ្ញាក៏បង្ខំចិត្តរកសាលារៀននៅជិតៗផ្ទះរៀន គឺសាលាច្បាប់បឹងត្របែក។ មេធាវី បូរ៉ាវី បាននិយាយដោយលួចបញ្ចេញស្នាមញញឹមតិចៗថា "តាមពិតទៅខ្ញុំគ្មានចេតនាចូលរៀននៅសាលាច្បាប់នេះទេ គឺដោយសារអសន្ដិសុខសង្គម និងសាលានានានៅឆ្ងាយពីផ្ទះ"។ ពេលវេលាចេះតែកន្លងផុតទៅដោយបានរុញច្រានយុវនិស្សិត បូរ៉ាវី ដល់ឆ្នាំទីបីនៃសាលាច្បាប់។ ពេលនោះហើយដែលនិស្សិតរូបនេះបានពើបប្រទះនូវរឿងរ៉ាវថ្មីមួយសម្រាប់ជាបទពិសោធន៍ទាំងនៅក្នុង
ការសិក្សា និងនៅក្នុងសង្គម។ នោះគឺកញ្ញាបានចូលបម្រើការងារជាមួយក្រុមមេធាវីរបស់ឯកឧត្តម សាយ បូរី ដោយទទួលបន្ទុកផ្នែកច្បាប់ ហើយនៅពេលនោះផងដែរ សាលាបណ្ដុះបណ្ដាលមេធាវីក៏ត្រូវបានបង្កើតឡើងដោយមានការរួមចំណែកពីយុវនិស្សិតរូបនេះផងដែរ។ យុវភាពជានិស្សិតផ្នែកច្បាប់មហាវិទ្យាល័យរបស់កញ្ញាត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៧។ រយៈពេលមួយឆ្នាំក្រោយ
មក រដ្ឋាភិបាលក៏បានបញ្ជូនកញ្ញាឲ្យទៅបំពេញការងារនៅសាលាក្រុង។ ស្របពេលជាមួយគ្នានេះផងដែរ កញ្ញាឆ្លៀតពេលរៀនវគ្គបណ្ដុះបណ្ដាលមេធាវី។ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមេធាវី និងដោយមានការយល់ដឹងជ្រៅជ្រះលើផ្នែកច្បាប់ បូរ៉ាវី បានឈោងចាប់អាជីពជាមេធាវីនៅក្នុងឆ្នាំ ២០០១ នៅអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាដែលហៅកាត់ជាភាសាអង់គ្លេសថា Legal Aid of Cambodia។
អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជានេះហាក់បីដូចជាគង្គាស្រោចលើពន្លកអាជីពជាមេធាវីរបស់កញ្ញាឲ្យរីកលូត
លាស់ធំធាត់យ៉ាងឆាប់រហ័ស រហូតដល់មានការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋតាមរយៈការការពារក្ដី។ មេធាវី
វ័យក្មេង បូរ៉ាវី បាននិយាយថា "អង្គការមួយនេះបានផ្ដល់ជាបទពិសោធន៍ក៏ដូចជាបច្ចេកទេសមេធាវីជាច្រើនដល់
រូបខ្ញុំ ដោយសារមានកិច្ចសហប្រតិបត្តិការអង្គការផ្នែកដីធ្លីជាច្រើនទៀត"។ បូរ៉ាវី បានទទួលបន្ទុកផ្នែកមេធាវីប្រចាំនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ កញ្ញា បូរ៉ាវី និយាយដោយរំឭកពីអតីតភាព
ថា អ្វីដែលធ្វើឲ្យរូបគាត់មានកេរ្ដិ៍ឈ្មោះបោះសំឡេងកាន់តែខ្លាំងឡើងនោះ គឺការដោះស្រាយរឿងទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋជាមួយនឹងអ្នកមានឋានៈបុណ្យស័ក្ដិ ឬជាមួយបណ្ដាក្រុមហ៊ុនធំៗ។ រឿងក្ដីទាំងអស់នេះត្រូវបានគេចាត់ទុកថា "ជាបញ្ហាក្ដៅ"។ រយៈពេលមួយឆ្នាំចុងក្រោយនៅក្នុងអង្គការនេះ កញ្ញាក៏បានដើរតួជាមេធាវីការពារក្ដីឲ្យពួកកម្មកររោងចក្រនៅទូទាំងប្រទេសផងដែរ។
នៅឆ្នាំ ២០០៥ មេធាវីដែលប្រកបដោយបទពិសោធន៍រូបនេះបានបញ្ចប់
គម្រោងការងារទាំងនោះនៅអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជានេះ។
និស្ស័យបម្រើការងារលើនាវាអង្គការរបស់មេធាវីរូបនេះមិនទាន់អស់នៅឡើយទេ ព្រោះថាកញ្ញាបានចូលបម្រើការងារនៅអង្គការការពារក្ដីជនក្រីក្រមួយទៀត គឺអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិ
កម្ពុជា ដែលហៅកាត់ថា "CDP" ដោយទទួលបន្ទុកគ្រប់គ្រងនៅសាខាខេត្តក្រចេះលើរឿងក្ដីក្ដាំទូទៅ ប៉ុន្តែដោយសារតែលក្ខខណ្ឌការងារ ធ្វើឲ្យកញ្ញាមិនអាចបន្តការសិក្សាអនុបណ្ឌិតបានទេ កញ្ញាក៏សម្រេចចិត្តលាឈប់ក្រោយពេលបំពេញការងារប្រមាណជាពីរឆ្នាំ ហើយឈោង
ចាប់អាជីពការងារឯកជនមួយជាមួយនឹងក្រុមមេធាវីគ្មានព្រំដែននៃប្រទេសបារាំងដែលមានឈ្មោះថា
"ការិយាល័យមេធាវី ប៊ីអេស និងពីគ្រោះច្បាប់"។ អង្គការថ្មីនេះក៏មានគោលបំណងមិនខុសពីអង្គការមុខៗដែរ គឺសុទ្ធតែជួយជនក្រីក្រដែលគ្មានលទ្ធភាពបង់ថ្លៃសេវាឲ្យមេធាវី។ ការងារឯកជនមួយនេះ កញ្ញា
ត្រូវមានការទទួលខុសត្រូវខ្ពស់ជាងមុន ដោយក្នុងមួយខែៗគាត់ការពារក្ដីរហូតដល់ទៅ ៣០ករណីដែល៦ទៅ៧ករណីចាត់តាំងពីតុលាការ សាលាឧទ្ធរណ៍ និងមួយចំនួនធំទៀតពីបណ្ដាខេត្តក្រុងនានា ព្រោះថា
ក្រុមមេធាវីនេះមានសាខានៅទូទាំងខេត្តក្រុង។ ដោយមានបទពិសោធន៍ច្រើនលើរឿងក្ដីទាំងផ្នែកព្រហ្មទណ្ឌ
និងរដ្ឋប្បវេណី មេធាវី ស៊ាង បូរ៉ាវី បាននិយាយថា "លទ្ធផលការការពារក្ដីរបស់ខ្ញុំគឺល្អភាគច្រើន ជាក់ស្ដែងកូនក្ដីរបស់ខ្ញុំត្រូវបានបន្ធូរបន្ថយទោស និងខ្លះទៀតឈានដល់ការរួចផុតពីការចោទប្រកាន់"។
ជីវិតជាមេធាវីឯកជន គឺធ្វើការលើលក្ខខណ្ឌបច្ចេកទេស ប៉ុន្តែវាមាន
ផលវិបាកមួយចំនួនដែរនៅពេលដែលយើងធ្វើការស្រាវជ្រាវបច្ចេកទេសការពារក្ដីមិនដិតដល់គ្រប់ជ្រុងជ្រោយ។ ទាក់ទងនឹងចំណុចនេះ កញ្ញាបានបញ្ជាក់ថា "មេធាវីគឺជាអ្នកប្រាជ្ញ ពោលគឺប្រាជ្ញទាំងសមត្ថភាព និងបច្ចេកទេស ហើយថែមទាំងជាមនុស្សដែលមិនអាចឲ្យខ្លួនទំនេរបានទេ គឺត្រូវសិក្សាជានិច្ច។ បើស្រាវជ្រាវបានតិចនាំឲ្យការពារក្ដីបានតិចដែរ"។
នៅផ្នែកឯកជននេះ ការការពារក្ដីធ្វើឲ្យគ្រប់ជ្រុងជ្រោយ ហេតុ
នេះពេលខ្លះរឿងក្ដីមួយកញ្ញាត្រូវធ្វើការស៊ើបអង្កេតរហូតដល់ទៅ ១០ដង ឯណោះក៏មានដែរដើម្បីប្រមូលព័ត៌មាន។ ពិសេសលើសនេះទៅទៀត កញ្ញា បូរ៉ាវី ប្រកាន់ឆន្ទៈមួយថា"ក្នុងមានជាមេធាវី
ការពារក្ដីកូរក្ដីភាគច្រើនរបស់ខ្ញុំកម្រឡើងដល់ពីរ-បីសាលាក្ដីណាស់។
នេះក៏ជាការកាត់បន្ថយការចំណាយថវិកា និងពេលវេលារបស់កូនក្ដីដែរ"។
កញ្ញាបានឲ្យដឹងថា "មេធាវីឯកជនគឺត្រូវធ្វើយ៉ាងណាឲ្យអតិថិជនមានទំនុកចិត្ត ហើយដើម្បីឲ្យអតិថិជនមាន
ការជឿទុកចិត្តរឿងសំខាន់គឺត្រូវមានសមត្ថកិច្ចខ្ពស់ និងយកចិត្តទុកដាក់នៅក្នុងការកាន់សំណុំរឿង"។
គួររំឭកផងដែរថា ក្រៅពីធ្វើជាមេធាវីនៅតាមអង្គការ កញ្ញាក៏បំពេញតួនាទីជាមេធាវីរបស់គណៈរដ្ឋមន្ត្រីដោយទទួលបន្ទុកខាងផ្នែកសកម្មភាពប្រឆាំងអំពើពុករលួយ៕

Labels