ស្ត្រីនាពេលវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកដល់ថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ
IMF បានវាយតម្លៃថា កំណើនផលិតផលសរុបពិតរបស់កម្ពុជាក្នុងឆ្នាំ ២០០៩ នេះនឹងធ្លាក់ចុះ ០,៥ ភាគរយ។ នេះក៏ដោយសារតែពាក់ព័ន្ធគ្នាទៅនឹងស្ថានភាពជាសកលនាពេលបច្ចុប្បន្ន។

បើតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិនេះបានឲ្យដឹងថា ធ្លាក់ចុះនេះគឺបណ្ដាលមក
ពីឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ
២០០៩ មានត្រឹម តែ ៤,៥ ភាគរយប៉ុណ្ណោះ ។
បើទោះជាមានការជំទាស់ខ្លះពីអ្នកនយោបាយជាន់ខ្ពស់កម្ពុជាលើការព្យាករណ៍របស់
មូលនិធិរូបិយវត្ថុអន្តរជាតិនេះក៏ដោយ ក៏ប្រជាពលរដ្ឋភាគច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហានេះ។ ដោយហេតុនេះហើយ ទើបពលរដ្ឋទូទៅមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងនៅឯនាយសមុទ្រផងក៏បានកាត់បន្ថយការចំណាយ ឬមានការត្បិតត្បៀត ដោយមិនខ្ជះខ្ជាយប្រាក់កាសរបស់ខ្លួនឡើយ។
ទាក់ទិននឹងការសន្សំសំចៃនេះ ស្ត្រីត្រូវបានគេទទួលស្គាល់ជាទូទៅថា ជាអ្នកឈានមុខបើប្រៀបធៀបជាមួយនឹងបុរស។ យើងពិតជាឯកភាពជាមួយនឹងលោកស្រី តាល់ ណៃអ៊ីម ប្រធានគណៈកម្មាធិការនារី
ធនាគារជាតិនៃកម្ពុជាដែលបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅ
ក្នុងគ្រប់វិស័យ ហើយនៅក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសមីក្រូហិរញ្ញវត្ថុ ស្ត្រីគឺជាអ្នកដែលចាត់ចែងគ្រប់គ្រងការប្រើប្រាស់ឥណទានបានល្អជាងបុរស។
ជាការពិត ស្ត្រីមានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល ហើយជាអ្នកចេះសន្សំសំចៃខ្ពស់បំផុត។ សម្រាប់ផ្នត់គំនិតខ្មែរដែលមានតាំងពីបុរាណកាលមក គឺគ្រួសាររុងរឿងក៏ដោយសារតែការរួមចំណែកដ៏ធំធេងរបស់ស្ត្រីជាមេផ្ទះ និងជាមេគ្រួសារ។ ចាស់បុរាណលោកពោលថា "ស្លាប់បា កុំឲ្យស្លាប់មេ..." ពាក្យនេះមានន័យទូលំទូលាយ និងចង់បង្ហាញពីតួនាទីដ៏មានសារសំខាន់របស់ស្ត្រីក្នុងការទទួលខុសត្រូវនៅក្នុងសង្គមគ្រួសារ ក៏ដូចជានៅក្នុងសង្គមទាំងមូលដែរ។
បើនិយាយតាមបែបសាមញ្ញវិញ ស្ត្រីនិងបុរសគឺប្រៀបដូចជាកង់ទាំងពីររបស់រទេះមួយដែរ។ ប្រសិនបើកង់ណាមួយមានបញ្ហា រទេះនោះពិតជាមិនអាចទៅមុខបានដោយស្រួលឡើយ។ មិនខុសអ្វីនៅក្នុងសង្គមមួយនោះទេ គឺថា ប្រសិនបើខ្វះកម្លាំងស្ត្រីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចហើយ សង្គមនោះពិតជារយីករយាក។ នៅត្រង់ចំណុចនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានឯកភាពដែរ។ ថ្លែងនៅក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ដែលបានប្រារព្ធធ្វើនាព្រឹកថ្ងៃទី ៦ ខែមីនាកន្លងទៅនេះនៅសាលសន្និសីទចតុមុខ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ការវិនិយោគសម្រាប់ស្ត្រី គឺជាការវិនិយោគសម្រាប់សង្គមទាំងមូល។
ពិតមែនហើយ ការអភិវឌ្ឍសង្គមឲ្យបានរីកចម្រើន សម្បូរណ៌សប្បាយ ថ្កុំថ្កើង រុងរឿងទៅបានទាល់តែវិនិយោគ
សម្រាប់ស្រ្តី ប៉ុន្តែដើម្បីវិនិយោគបែបនេះបាន លុះត្រាតែស្ត្រីត្រូវតែមានចំណេះដឹងព័ត៌មានវិទ្យាដូចបុរសដែរ គឺថាប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នាទាំងបុរស និងស្ត្រី ដោយនាំទៅរកការចូលរួម ដោយមានប្រសិទ្ធភាព
ក្នុងការអភិវឌ្ឍសង្គម និងនយោបាយតាមរយៈការផ្ដល់ឱកាស និងមធ្យោបាយដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប
ទាំងបុរស និងស្ត្រី។
នៅក្នុងរាជរដ្ឋាភិបាលជាច្រើនរូបទៀតក៏មានទស្សនៈស្រដៀងៗគ្នាដែរថា ស្នាដៃ និងទេពកោសល្យ
ដ៏ប៉ិនប្រសប់របស់ស្ត្រីខ្មែរពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះបានរួមចំណែកយ៉ាងខ្លាំងក្លា
ក្នុងការធ្វើឲ្យសង្គមជាតិមន្ត្រីរីកចម្រើន ហើយថា ជាក្នុងកាលៈទេសៈលំបាកលំបិនប្រកបដោយឧបសគ្គបែបណាក៏
ដោយ ក៏ស្ត្រីខ្មែរតែងតែបានតស៊ូយ៉ាងស្វិតស្វាញអំណត់អត់ធន់បំពេញភារកិច្ចជាភរិយាល្អមាតាល្អ មេផ្ទះល្អ មន្ត្រីរាជការដ៏មានឧត្ដមគតិ និងជាប្រជាពលរដ្ឋដ៏ថ្លៃថ្នូរពិសេសនៅចំពោះមុខនេះបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារសង្គម។
ដោយមើលឃើញពីសារសំខាន់នៃតួនាទីរបស់ស្ត្រី ដែលថាស្ត្រីគឺជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយក៏ជាកម្លាំងមួយមិនអាចខ្វះបាននៅក្នុងសង្គមជាតិយើងទាំងមូលនោះ ទើបនៅក្នុងអាណត្តិទី ៤ នេះ រាជរដ្ឋាភិបាលកម្ពុជាបានចលនា និងលើកទឹកចិត្តស្ត្រីឲ្យចូលរួមធ្វើជាអ្នកដឹកនាំ គឺថា បច្ចុប្បន្នមានស្ត្រីជា
ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអភិបាល អភិបាលរងខេត្ត-ក្រុង-ស្រុក មេឃុំ ចៅសង្កាត់សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ និងជំនួយការភូមិរាប់ម៉ឺននាក់គឺមានស្មើនឹង ៣០ ភាគរយ។ បើតាមសេចក្ដីរាយការណ៍ព័ត៌មានមួយបានឲ្យដឹងថា ស្ត្រីខ្មែរចំនួន ៦០ ភាគរយបានធ្វើសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានធ្វើការងារផ្ទះហើយថា បើសង្កេតមើលតាមទីផ្សារភាគច្រើនជាស្ត្រីមកលក់ទំនិញ និងជាអ្នកទិញគឺច្រើនលើសលុបលើបុរស។
នេះមានន័យថា ស្ត្រីជាអ្នកសេដ្ឋកិច្ច ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងជាអ្នកមើលការខុសត្រូវរ៉ាប់រងរាល់
ការចំណាយជាប្រចាំ។ ការងារនេះមិនមែនជាការងារធម្មតានោះទេ។ ប្រសិនបើមិនមានការគ្រប់គ្រងការ
ចំណាយ និងចំណូលរបស់គ្រួសារពីសំណាក់ស្ត្រីដែលជាមេផ្ទះ ជាមេគ្រួសារ ឲ្យបានហ្មត់ចត់នោះទេ ខណៈដែលបុរសជាដៃគូអភិវឌ្ឍន៍ក្នុងជីវិតមានការខ្ជះខ្ជាយផង នោះសេដ្ឋកិច្ចគ្រួសារនឹងត្រូវធ្លាក់ចុះ ដែលជាហេតុនាំឲ្យអន្តរាយដល់សុភមង្គលក្នុងគ្រួសារ បង្កើនអត្រានៃភាពក្រីក្រ បង្កភាពស្មុគស្មាញ ដល់សង្គម និងជាបន្ទុកដ៏ធ្ងន់របស់ប្រទេសជាតិ។
ហេតុនេះស្ត្រីត្រូវបន្តវប្បធម៌ និងប្រពៃណីដែលមានតាំងពីបុរាណកាលមកដែលថា ស្ត្រីជាកម្លាំងចលករក្នុងការចូលរួមចំណែកជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជីវភាព សុខុមាលភាពរបស់គ្រួសារ និងសង្គម ហើយជំរុញឲ្យបុរសជួយសន្សំសំចៃនាពេលវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមកដល់៕


Labels