សម្ដេចតេជោ "ការពង្រឹងគុណភាពឧត្ដមសិក្សាគឺជាបញ្ហាចម្បងបំផុត"

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍ថា ក្នុងដំណើរឆ្ពោះទៅរកសកលភាវូបនីយកម្មសេដ្ឋកិច្ច ក្នុងនោះ
សកលភាវូបនីយកម្មថ្នាក់ឧត្ដមសិក្សាគឺជាមុខងារគន្លឹះមួយដ៏មានសារសំខាន់សម្រាប់អភិវឌ្ឍន៍
ការអប់រំឲ្យប្រកបដោយគុណភាពប្រសិទ្ធភាព។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នេះនៅក្នុងឱកាសប្រគល់សញ្ញាប័ត្រដល់និស្សិត
នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន ១.៦២១នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ២០០៩។
សម្ដេចតេជោបានមានប្រសាសន៍ថា ការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសមួយ គឺទាមទារ
ឲ្យមានការរៀបចំរចនាសម្ព័ន្ធនៃវិស័យសេដ្ឋកិច្ចដោយបង្កើនឲ្យមានភាពជឿនលឿននៅក្នុងបច្ចេក
វិជ្ជាផលិតកម្មពីសេដ្ឋកិច្ចប្រើកម្លាំងពលកម្មច្រើនឈានឆ្ពោះទៅរកសេដ្ឋកិច្ចប្រើមូលធន និងកម្លាំងប្រាជ្ញាពោលគឺ "សេដ្ឋកិច្ចមួយដែលផ្អែកលើចំណេះដឹង"។ ការផ្លាស់ប្ដូររចនាសម្ព័ន្ធ និងការរៀបចំប្រព័ន្ធសេដ្ឋកិច្ចបែបនេះគឺទាមទារជាចាំបាច់នូវការអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា និងអនុវត្ត
បានជាប់ប្រចាំលើការងារពង្រឹង និងពង្រីកវិស័យឧត្ដមសិក្សា ការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដែលត្រូវតែធ្វើឲ្យប្រាកដឡើងថា ការអប់រំរបស់យើងនឹងអាចគាំទ្រ ហើយឆ្លើយតបបានចំពោះការផ្លាស់ប្ដូរ និងការបង្កើនល្បឿនអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ សម្ដេចតេជោបានបង្ហាញជំនឿយ៉ាងមុតមាំថា "តម្លៃនៃការអប់រំ គឺនៅតែជាកត្តាស្នូលសម្រាប់អភិវឌ្ឍន៍បុគ្គលភាព និងអភិវឌ្ឍន៍បុគ្គលភាព និងអភិវឌ្ឍន៍ជាតិ"។
សម្ដេចបានបន្តថា បញ្ហានៅចំពោះមុខគឺសាកលវិទ្យាល័យជាតិត្រូវខិតខំយកចិត្តទុកដាក់ផ្លាស់ប្ដូរមុខមាត់នៃវិស័យ អំពីវិសាលភាពនៃកម្មវិធីអប់រំបណ្ដុះបណ្ដាលរបស់ខ្លួនឲ្យទៅជាសកលវិទ្យាល័យខ្នាតទូលាយ ដែលអាចស្ដែងឡើងនូវលទ្ធភាព សមត្ថភាព និងបំពេញបានតាមគ្រប់បទដ្ឋានដែលបានកំណត់។
សម្ដេចតេជោបានបន្តថា ក្នុងពេលបច្ចុប្បន្នដែលជាសករាជនៃចំណេះដឹងនេះការអប់រំ និងការបណ្ដុះបណ្ដាលនៅតែជាកត្តាដ៏សំខាន់ក្នុងការកំណត់អនាគតរបស់ជាតិនីមួយៗ។ សេចក្ដីសង្ឃឹមរបស់រាជរដ្ឋាភិបាលនៅក្នុងការដណ្ដើមយកឧត្ដមភាពប្រកួតប្រជែងពីកិច្ចការ
សមាហរណកម្មទៅក្នុងតំបន់ទាំងសេដ្ឋកិច្ច និងសង្គម គឺពឹងផ្អែកលើការកសាងធនធានមនុស្ស
ប្រកបដោយគុណភាពខ្ពស់មានទេពកោសល្យ មានឆន្ទៈ និងស្មារតីសុទិដ្ឋិនិយម។ ប្រជាពលរដ្ឋដែលមានលក្ខណសម្បត្តិទាំងអស់នេះនឹងកំណត់បានលទ្ធភាពខ្ពស់ដើម្បីឆ្លើយតបទៅ
នឹងការប្រឈមមុខ និងតម្រូវការថ្មីៗដែលចោទឡើងនៅក្នុងទីផ្សារ និងកម្លាំងប្រកួតប្រជែងដ៏មុតស្រួច។
លោក ឡៅ ឈីវអ៊ាង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា
ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ
ភូមិន្ទភ្នំពេញសរុបទាំងអស់ចំនួន ២០.៤២៦នាក់ ក្នុងនោះគិតទាំងនិស្សិតដែលត្រូវទទួលសញ្ញាប័ត្រនៅថ្ងៃនេះផង។ ហើយបច្ចុប្បន្នសកលវិទ្យាល័យនៅបានកំពុងបណ្ដុះបណ្ដាលនិស្សិតចំនួន១០.៧៤៤នាក់ ដែលក្នុងនោះនារី ៣.៩១១នាក់។
លោកសាកលវិទ្យាធិការបានឲ្យដឹងទៀតថា នៅឆ្នាំ២០០៩-២០១៣ សាកលវិទ្យាល័យនឹងរៀបចំបើកមហាវិទ្យាល័យ
ចំនួន២ទៀត សម្រាប់តែធ្វើការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺមហាវិទ្យាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍។
ជាមួយគ្នានេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលនិស្សិតបរិញ្ញាបត្រផ្នែក
អក្សរសាស្ត្រខ្មែរ ដល់និស្សិតបរទេសបានចំនួន១៥៥នាក់ នារី២១នាក់ និងកំពុងបណ្ដុះបណ្ដាលនិស្សិតវៀតណាម
ឡាវ ចិន កូរ៉េ និងជប៉ុន មានចំនួន១០២នាក់ នារី១៤នាក់ ហើយគិតមកដល់ឆ្នាំ២០០៩នេះដែរ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានទទួលនូវអាហារូបករណ៍ពីសាកលវិទ្យាល័យដៃគូ និងអង្គការអន្តរជាតិនានា
ដែលផ្ដល់ឲ្យសាស្ត្រាចារ្យបានចំនួន១៩៨នាក់ នារី៤៥នាក់ និងនិស្សិតចំនួន១៦៥នាក់ នារី៦៥នាក់។
គួរបញ្ជាក់ដែរថា មកដល់ពេលនេះកម្ពុជាមានសកលវិទ្យាល័យរបស់ជាតិចំនួន២៩គ្រឹះស្ថានឧត្ដមសិក្សា
ឯកជនចំនួន៤៤លបច្ចុប្បន្នមាននិស្សិតកំពុងសិក្សានៅឧត្ដមសិក្សាមានការកើនឡើងចំនួនជិតបីដង
បើប្រៀបធៀបទៅចំនួននិស្សិតក្នុងឆ្នាំសិក្សា២០០៣-២០០៤ ដែលមានចំនួន៥៧.៨២៨នាក់៕

Labels