ក្រសួងអប់រំដាក់ឲ្យអនុវត្តកម្មវិធីអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ភាសាខ្មែរ ជាលើកដំបូង ក្នុងប្រព័ន្ធកុំព្យូទ័រ
ភ្នំពេញ៖ អក្ខរាវិរុទ្ធសម្រាប់ភាសាខ្មែរលើកដំបូង និងវចនានុក្រមភាសាខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រជាលើកដំបូងនៅ កម្ពុជា ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការក្នុងប្រព័ន្ធព័ត៌មានវិទ្យា របស់ក្រសួងអប់រំ ដោយអង្គការវិទ្យាស្ថានបើកទូលាយនៅកម្ពុជា ។
លោកសុក ថា អនុប្រធានការិយាល័យព័ត៌មាន ទទួលបន្ទុកព័ត៌មានវិទ្យា ក្នុងវិស័យអប់រំបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា កន្លងមកថា គម្រោងសម្រាប់វចនានុក្រមអក្ខរាវិរុទ្ធភាសាខ្មែរជាលើកដំបូង ត្រូវបានអនុវត្តដោយក្រសួងអប់រំយុវជននិងកីឡា ធ្វើឡើយដោយអង្គការវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ កម្មវិធីនេះអនុវត្តការប្រើប្រាស់តាមប្រព័ន្ធយូនីកូដ ។
លោកបន្តថា <<នេះជាកម្មវិធីអក្ខរកម្មវចនានុក្រមភាសាខ្មែរជាលើកដំបូង ក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដោយអង្គការវិទ្យាស្ថានបើកទូលាយ និងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដោយផ្អែកតាមទម្រង់អក្សររបស់សម្ដេចព្រះសង្ឃរាជជួន ណាត>> ។ កម្មវិធីនេះត្រូវដាក់ឲ្យអនុវត្តក្នុងក្រសួងអប់រំដំបូង
គេ ដើម្បីបណ្ដុះបណ្ដាលកម្មវិធីកុំព្យូទ័រដល់មន្ត្រីអប់រំជាច្រើនរយ នាក់ ដែលរយៈពេលបណ្ដុះបណ្ដាលមានចំនួន៥ទៅ៧ឆ្នាំ ដោយប្រើប្រាស់ថវិកាប្រមាណ៣៥ម៉ឺនដុល្លារអាមេរិក ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ក្រសួងអប់រំ និងអង្គការវិទ្យាស្ថានបើកទូលាយបានចុះហត្ថលេខាមួយកាលពីដើម សប្ដាហ៍នេះ ដើម្បីអភិវឌ្ឍន៍រចនាសម្ព័ន្ធធនធានមនុស្សរបស់ក្រសួងអប់រំ សម្រាប់បណ្ដុះបណ្ដាលនូវការប្រើប្រាស់បច្ចេកវិជ្ជាទូរគមនាគមន៍ ព័ត៌មានវិទ្យា (ICT) ក្នុងប្រព័ន្ធអប់រំ ។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវការបង្កើតកម្មវិធី ICT សម្រាប់វិទ្យាល័យ សកលវិទ្យាល័យ ការស្រាវជ្រាវដើម្បីជ្រើសរើសនូវប្រព័ន្ធបច្ចេកវិទ្យា ICT ដែលសមល្មមសម្រាប់ប្រើប្រាស់ និងសំខាន់បំផុត គឺសេចក្ដីព្រាងផែនការមេសម្រាប់វិស័យ ICT នៅក្នុងប្រព័ន្ធអប់រំ ។ ដោយណែនាំជាលក្ខណៈប្រព័ន្ធ នូវការរីកចម្រើននៃការធ្វើសមាហរណកម្ម បច្ចេកវិទ្យាអប់រំទៅក្នុងគ្រប់ផ្នែកទាំងអស់ដូចជាការបង្រៀន ការរៀន និងការគ្រប់គ្រងនៅតាមសាលារៀន រយៈពេលពី៥ទៅ៧ឆ្នាំ ។
លោកណាត ប៊ុនរឿន អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ការផ្ដួចផ្ដើមរបស់ក្រសួង រួមជាមួយការអភិវឌ្ឍន៍របស់គម្រោងជាច្រើនពីអង្គការក្រៅរដ្ឋាភិបាល និងម្ចាស់ជំនួយដែលមានទិសដៅតែមួយ ដែលជាគោលនយោបាយ បានបង្កើតនូវកន្លែងប្រមូលផ្ដុំចាំបាច់ដើម្បីចាប់ផ្ដើមនូវដំណាក់ កាលថ្មីនៃសកម្មភាព ដែលនាំយើងទៅកាន់ប្រព័ន្ធអប់រំថ្មី ដែលបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យានឹងជួយយើងធ្វើឲ្យប្រព័ន្ធ អប់រំកាន់តែប្រសើរ ។
លោកកុល ផេង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ក្រសួងបានយល់ច្បាស់អំពីបញ្ហានេះតាំងពីឆ្នាំ២០០៥ គឺនៅពេលដែលបានអភិវឌ្ឍន៍គោលនយោបាយ និងយុទ្ធសាស្ត្រល្អ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការបង្រៀននិង រៀន ។
លោកបន្តដោយគូសបញ្ជាក់ថា <<ប្រទេសមួយរីកចម្រើន នៅពេលដែលប្រទេសនោះប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យាបើកទូលាយ ហើយបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា នឹងត្រូវប្រើប្រាស់ទូលំទូលាយនៅពេលដែលវាជាភាសាជាតិរបស់ប្រទេស នីមួយៗ>>៕


Labels