កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមជំនាញច្បាប់អាស៊ាន
រាជធានីភ្នំពេញ៖ ក្រុមជំនាញការច្បាប់ជាន់ខ្ពស់អាស៊ានទាំង១០ប្រទេស បានចូលរួមក្នុងកិច្ចប្រជុំមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ មីនា ឆ្នាំ២០០៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ ភាគីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់បញ្ជូនលោក ហេង វង្សប៊ុនឆាត តំណាងរាជរដ្ឋាភិបាលចូលរួមក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញការ ច្បាប់ជាន់ខ្ពស់អាស៊ាននោះ។
គួររំលឹកថា ការរៀបចំកិច្ចប្រជុំក្រុមជំនាញការច្បាប់ជាន់ខ្ពស់អាស៊ានដែល រៀបចំធ្វើនៅប្រទេសកម្ពុជានេះ គឺជាកិច្ចប្រជុំលើកទី៩ ដែលកិច្ចប្រជុំលើកទី១- ធ្វើនៅប្រទេសសិង្ហបុរី លើកទី២- នៅប្រទេសហ្វីលីពីន លើកទី៣- នៅលេខាធិការដ្ឋានអាស៊ាន (ទីក្រុងហ្សាកាតា) ប្រទេសឥណ្ឌូនេស៊ី លើកទី៤- នៅប្រទេសសិង្ហបុរី លើកទី៥- នៅប្រទេសឥណ្ឌនេស៊ី លើកទី៦- នៅលេខាធិការដ្ឋានអាស៊ាន (ទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី) លើកទី៧- នៅសហភាពមីយ៉ាន់ម៉ា លើកទី៨- នៅប្រទេសប្រ៊ុយណេហើយកិច្ចប្រជុំលើក៩នេះ គឺធ្វើនៅប្រទេសកម្ពុជា។ ចំណែកកិច្ចប្រជុំលើកទី១០- គឺត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។
មន្ត្រីក្រសួងការបរទេសនៃប្រទេសកម្ពុជាបានថ្លែងថា កិច្ចប្រជុំក្រុមជំនាញការច្បាប់ជាន់ខ្ពស់អាស៊ានលើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺទាក់ទងនឹងការតាក់តែងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដើម្បីភ្ជាប់ជាឧបសម្ពន្ធ និងពិធីសារបន្ថែមលើធម្មនុញ្ញអាស៊ានដែលប្រទេសជាសមាជិកអាស៊ានបាន អនុម័តរួចមកហើយ។ ធម្មនុញ្ញនេះមិនបានលំអិតលើចំណុចមួយចំនួនដែលក្រុមជំនាញការ ច្បាប់ជាន់ខ្ពស់អាស៊ានមានភារកិច្ចសិក្សាស្រាវជ្រាវពិភាក្សា និងតាក់តែងបទដ្ឋានគតិយុត្តិទាក់ទងនឹងចំណុចមួយចំនួនដូចជាការ តាក់តែងយន្តការនានាសម្រាប់ការដោះស្រាយ
វិវាទ តាក់តែងកិច្ចព្រមព្រៀងស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ដែលប្រទេសសមាជិកអាចផ្ដល់ជូនអង្គការអាស៊ាន ការតាក់តែងបទដ្ឋានគតិយុត្តិសម្រាប់អនុវត្តច្បាប់ជាតិចំពោះអង្គការ អាស៊ាន ការតាក់តែងបទដ្ឋានគតិយុត្តិអនុញ្ញាតឲ្យអាស៊ានចូលជាភាគីក្នុង កិច្ចព្រមព្រៀងអន្តរជាតិណាមួយ។ លោកបានបន្តថា កិច្ចការទាំងអស់នេះតាមការសិក្សា និងពិភាក្សាគ្នារយៈពេលវែងបន្តទៀតរវាងអ្នកជំនាញការច្បាប់ជាន់ ខ្ពស់នៃបណ្ដាប្រទេសអាស៊ាន។ ក្រៅពីនោះ កិច្ចប្រជុំលើកទី៩នេះ ក៏នឹងពិភាក្សាផងដែរ លើបញ្ហាផ្សេងៗមួយចំនួនទៀត ដែលទាក់ទងនឹងផលប្រយោជន៍អាស៊ានសម្រាប់ពេលខាងមុខ។
គួររំលឹកថា កិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ដែលរៀបចំធ្វើនៅប្រទេសថៃទើបតែបញ្ចប់នៅដើមខែមីនាកន្លងទៅថ្មីៗ នេះក្រោមប្រធានបទ "ធម្មនុញ្ញអាស៊ាន ដើម្បីប្រជាជនអាស៊ាន"។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤នេះផងដែរ ប្រទេសសមាជិកទាំង១០បានចុះហត្ថលេខាលើឯកសារទាក់ទងទៅនឹងផែនការមេ របស់សមាគមអាស៊ានរួមមានសេចក្ដីប្រកាសស្ដីពីផែនទីមេសម្រាប់ បង្ហាញផ្លូវអាស៊ានឆ្នាំ២០០៩-២០១៥។
ផែនការលំអិតស្ដីពីសហគមន៍សន្តិសុខនយោបាយអាស៊ាន ផែនការលំអិតស្ដីពីសហគមន៍វប្បធម៌សង្គមអាស៊ាន នឹងគំនិតផ្ដួចផ្ដើមលើកទី២សម្រាប់ផែនការការងារសមាហរណកម្មអាស៊ាន។ ជាមួយនោះអាស៊ានក៏បានចេញនូវសេចក្ដីប្រកាសរួមស្ដីពីការសម្រេច បាននូវគោលដៅសហព័ន្ធរបស់អាស៊ាន និងសេចក្ដីថ្លែងការណ៍ស្ដីពីសន្ធិសុខស្បៀងក្នុងតំបន់អាស៊ាន ២០០៩-២០១៣៕


Labels