គ្រឹះស្ថានឧត្ដមសិក្សាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តែគុណភាពគួរតែគិតគូរ
រាជធានីភ្នំពេញ៖ មន្ត្រីក្រសួងអប់រំបានថ្លែងកាលពីថ្ងៃទី ១៦ មីនា ឆ្នាំ២០០៩ថា កំណើននៃសាលារៀន និងសិស្សសាលាចាប់ពីមតេ្តយ្យរហូតដល់វិទ្យាល័យ មានការកើនឡើងយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្នុងនោះ សាលាមតេ្តយ្យរដ្ឋមានចំនួន១.៦៣៤ សាលាបឋមសិក្សា៦.៤៧៦ អនុវិទ្យាល័យមានចំនួន១.០០៦ និងវិទ្យាល័យកើនឡើងរហូតដល់៣១៥។ តួលេខនេះត្រូវបានបង្ហាញឲ្យដឹងនៅក្នុងសន្និបាតបូកសរុបការងារ របស់ក្រសួងអប់រំ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១៦ មីនា នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពលោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន។
លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំបានមានប្រសាសន៍ថា ជាមួយនឹងគុណភាពអប់រំ ដែលកំពុងត្រូវបានលើកកម្ពស់នេះ បរិមាណអប់រំនៅដើមឆ្នាំ២០០៨-២០០៩ មានការប្រែប្រួលថ្មីគួរឲ្យមានមោទនភាពក្រៃលែង នៅក្នុងនោះគឺមានសាលាមតេ្តយ្យរបស់រដ្ឋចំនួន១.៦៣៤កន្លែង សិស្សចំនួន៧៩.៥៨៤នាក់ (កុមារី៤០.០១៣នាក់) សាលាបឋមសិក្សាបានកើនឡើងដល់៦.៤៧៦ សិស្សចំនួន ២.៣១១.១០៧(ស្រីចំនួន១.០៩៤.៥៧៧នាក់) សាលាមធ្យមសិក្សាមានអនុវិទ្យាល័យកើនឡើងដល់១.០០៦សិស្សពីថ្នាក់ទី ៧ដល់ថ្នាក់ទី៩ ចំនួន៦៣៧.៦២៩នាក់ ក្នុងនោះស្រី២៩៦.៤០៧នាក់ និងវិទ្យាល័យកើនឡើងរហូតដល់៣១៥ សិស្សពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ចំនួន២៦០.៩៦៥នាក់ ក្នុងនោះស្រី១០៦.៧៨២នាក់។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា នៅផ្នែកឧត្ដមសិក្សា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ទាំងខាងគុណភាព និងខាងបរិមាណ។ គ្រឹះស្ថានឧត្ដមសិក្សាទាំងអស់មានចំនួន៧៧ ក្នុងនោះផ្នែកសាធារណៈរបស់រដ្ឋមានចំនួន៣២ និងផ្នែកឯកជនមានចំនួន៤៥ ដែលកំពុងចាប់ដៃគ្នាជាដៃគូអភិវឌ្ឍន៍ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតខ្ពស់ឲ្យដល់និស្សិតសរុប ទាំងអស់ចំនួន១៣៧.៤០០នាក់ ទូទាំងប្រទេស ក្នុងនោះថ្នាក់បណ្ឌិត៨៦២នាក់ អនុបណ្ឌិត១១.៦៨១នាក់ បរិញ្ញាបត្រ១១០.០០០នាក់ និងថ្នាក់បរិញ្ញាបត្ររង១៤.៨៥៧នាក់។
លោកជំទាវម៉ែន សំអន តំណាងឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់រួចហើយថា«ការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចមួយប្រកបដោយចីរភាព ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាបណ្តើរៗ»។ ការងារអប់រំ គឺជាការវិនិយោគមួយដែលប្រើប្រាស់ធនធាន និងពេលវេលាច្រើន ប៉ុន្តែលទ្ធផលទទួលបានមានលក្ខណៈអរូបីយ ហើយក៏ជាការវិនិយោគ ដើម្បីប្រសិទ្ធភាពការងារបច្ចុប្បន្ន និងការត្រៀមបម្រុងសម្រាប់អនាគត ដែលត្រូវឆ្លើយតបនឹងតម្រូវការទីផ្សារ។
លោកជំទាវម៉ែន សំអន បន្តទៀតថាក្រសួងអប់រំកំពុងប្រឈមនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃឧត្ដមសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជន។ លោកជំទាវបន្តថា « បញ្ហាសំខាន់នៅទីនេះ គឺទាំងអស់គ្នាត្រូវផ្ដោតជាសំខាន់ទៅលើការបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ និងមុខរបរឲ្យបានកាន់តែច្រើន ដើម្បីដោះស្រាយបញ្ហាការងារធ្វើឲ្យនិស្សិតផង និងឆ្លើយតបទៅនឹងតម្រូវការនៃខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិផង»។
លោក រីឆាដ ប្រាយដល មន្ត្រីអង្គការយូនីសេហ្វបានថ្លែងថា ចំណុចសំខាន់មួយដែលបានរំលេចក្នុងរបាយការណ៍នេះ គឺបញ្ហាវិសមភាព និងវិសមធម៌ដែលកើតមាននៅតាមវ៉េបសាយ និងនៅក្នុងចំណោមក្រុមសង្គមកិច្ច។ លោកបន្តថា ខណៈដែលកុមារ៩៣ភាគរយបានចូលរៀននៅបឋមសិក្សា ដែលនេះជាសមិទ្ធផលដ៏ធំចម្បងមួយ តែនៅសល់កុមារ៧ភាគរយទៀត មិនបានចូលសាលារៀន ហើយយើងមានការលំបាកខ្លាំងក្នុងការស្វែងរកកុមារទាំងនេះ៕


Labels