ស្ត្រីថែសួនមុខសាលាខេត្តឧត្តរមានជ័យប្រឹងដើម្បីចិញ្ចឹមជីវិតចៅកំព្រា៤នាក់
សំរោង-ឧត្តរមានជ័យ៖ យាយចាស់អាយុ៦២ឆ្នាំម្នាក់ គេប្រទះឃើញរាល់ថ្ងៃនៅម្តុំសួនច្បារនានា មុខសាលាខេត្តឧត្តរមានជ័យ ភូមិឈូក សង្កាត់១ ក្រុងសំរោង។ គាត់រស់នៅភូមិដីថ្មី សង្កាត់១ ក្រុងសំរោង ហើយខំប្រឹងធ្វើការដោយបានកម្រៃ១០.០០០រៀលដែរក្នុងមួយថ្ងៃ សម្រាប់យកទៅចិញ្ចឹមជីវិតចៅកំព្រា៤នាក់
ក្នុងបន្ទុក និងប្តីឈឺម្នាក់។
ក្នុងសង្គមខ្មែរ តាយាយ ម៉ែឪ ចិញ្ចឹមមើលថែកូនជារឿងធម្មតា។ តែបើកូនចៅតស៊ូព្យាយាមចិញ្ចឹមមើលថែទាំតាយាយ
ម៉ែឪ ទើបជារឿងមិនធម្មតា។ ប៉ុន្តែបើពិនិត្យលើភាពលក្ខណៈមួយនៃការថែទាំចិញ្ចឹមនេះទើបយើងឃើញតម្លៃរបស់វា។
យាយ កែវ អាន ដែលមានអាយុ៦២ឆ្នាំនេះ ចិញ្ចឹមចៅៗដល់ទៅ៤នាក់ ដែលចៅស្ទើរទាំងអស់ចេះតែបរិភោគជាជាងជួយធ្វើការងារបានសម្រាប់ចិញ្ចឹមជីវិត។ ពួកគេជាក្មេងកំព្រាម៉ែឪ ស្លាប់ដោយសារជំងឺ។ ឯប្តីគាត់មានជំងឺដេកកន្ទេលរាល់ថ្ងៃ។
ពេលឃើញយាយចាស់នេះកំពុងស្រោចផ្កា និងកូនឈើឲ្យស្រស់បំព្រងឡើងក្នុងរដូវប្រាំងក្ដៅហួតហែងនេះ មនុស្សភាគច្រើនដែលបានឃើញអាចគិតថា ជីវិតនឹងចិត្តស្ត្រីនេះស្រស់បំព្រងដែរ។ ប៉ុន្តែអ្វីៗជាការគិតយល់ខុស។ គាត់ក្រៀមក្រំដោយអម្រែកនៃបន្ទុកចិញ្ចឹមចៅៗ។
យាយ កែវ អាន ប្រាប់រស្មីកម្ពុជាថា គាត់មិនយល់ថាជាសិទ្ធិស្ត្រីអ្វីទេ។ តែអម្រែកបន្ទុកក្នុងគ្រួសារគាត់ធ្ងន់ធ្ងរហើយ។
ខាងសង្គមកិច្ច ឬខាងមន្ទីរកិច្ចការនារី ពុំដែលចាប់អារម្មណ៍ពីគាត់ទេ។ គាត់ត្រូវធ្វើការស៊ីឈ្នួលសេរី សម្រាប់ថែទាំសួនច្បារមុខសាលាខេត្តឧត្តរមានជ័យ ដោយបានប្រាក់ឈ្នួល១០.០០០រៀលក្នុងមួយថ្ងៃ។ ប្រាក់នោះត្រូវបែងចែកឲ្យល្អិតល្អន់ណាស់ គឺទិញអង្ករ ម្ហូបបន្លែ របស់ប្រើប្រាស់និងថ្នាំពេទ្យ។ ហេតុនេះប្រាក់នេះទោះជាប្រាប់ថាវាគ្រប់គ្រាន់ក៏ពិបាកជឿដែរ ពិសេសគឺនៅពេលមានវិបត្តិសេដ្ឋកិច្ចនាពេលនេះ។
នៅពេលនេះគេអាចនិយាយថា៖ ការលើកកម្ពស់សិទ្ធិនារី គួរពិនិត្យមើលលើស្ថានភាពជីវភាពស្ត្រីចំណាស់នេះថា តើគាត់ស្ថិតក្រោមសំពាធនៃការរំលោភសិទ្ធិនារី ឬអត់? ហើយមន្ទីរសង្គមកិច្ចដែលចាយប្រាក់រដ្ឋរាប់សិបលានរៀល
ក្នុង១ខែៗ ឬមន្ទីរកិច្ចការនារីដែលថាឈឺឆ្អាល លើកស្ទួយនារី គួរជួយធ្វើអ្វីខ្លះដល់ស្ត្រីនេះ។ ហើយស្ត្រីក្នុងស្ថានភាពអាក្រក់ជាងនេះរាប់សិបរយនាក់ទៀត តើពួកគេធ្លាប់បានជួប និយាយផ្ដល់កម្លាំងចិត្ត ឬគិតគូរឬទេ?
អភិបាលខេត្តឧត្តរមានជ័យ ខ្វល់ខ្វាយច្រើនពីការស្តារ និងអភិវឌ្ឍន៍ខេត្តមួយនេះរបស់គាត់។ ការរៀបចំកសាងផ្លូវ ស្ថាបនាសួនច្បារឲ្យមានផ្កា មានឈើស្រស់បៃតង ជាបញ្ហាត្រូវដោះស្រាយប្រចាំថ្ងៃទៀត។ លោកដាក់បញ្ហាឲ្យ
ធ្វើការងារនេះ រហូតដល់បង្ការការសម្លាប់សត្វក្នុងបឹងស្នោនាកណ្ដាលទីរួមខេត្តនេះ។
ស្ត្រីចំណាស់ម្នាក់ខាងលើបានស៊ីឈ្នួលថែសួនច្បារ ដោយបានកម្រៃប៉ុណ្ណោះដែរ។ បើគ្មានរបរនេះទៀតទេ ពុំដឹងថាវាសនា ជីវភាពគាត់នឹងទៅជាយ៉ាងណាទេ។ គេចង់ឲ្យមានអ្នកផ្សេងទៀតគិតគូរដល់ស្ត្រីជាពលរដ្ឋនេះបន្ថែមទៀត៕


Labels