កម្ពុជាមានក្រុមហ៊ុនទូរស័ព្ទជិត១០ និងមានទូរស័ព្ទដៃជាង៤លាន
ភ្នំពេញ៖ មន្ត្រីក្រសួងប្រៃសណីយ៍បាននិយាយថា ប្រជាជនកម្ពុជាបានប្រើទូរស័ព្ទដៃ(ទូរស័ព្ទចល័ត)
ប្រមាណជាង៤លានគ្រឿងក្នុងទូទាំងប្រទេស។ ក្នុងប្រជាជន១០០នាក់ មាន២៥នាក់ មានទូរស័ព្ទដៃប្រើ។ បច្ចុប្បន្ននេះទូរស័ព្ទដៃបានក្លាយទៅជាឧបករណ៍ត្រចៀកទិព្វពេញនិយមរបស់ប្រជាជនខ្មែរ
ពិសេសយុវវ័យបានប្រើទូរស័ព្ទដៃសម្រាប់ប្រាស្រ័យទាក់ទងគ្នាផង និងជាឧបករណ៍តន្ត្រីសម្រាប់កំដរអារម្មណ៍ផង។

មន្ត្រីក្រសួងប្រៃសណីយ៍បាននិយាយនៅថ្ងៃទី១១ ខែមីនាថា ក្រុមហ៊ុនដែលមករកស៊ីវិនិយោគលើវិស័យទូរស័ព្ទច
ល័ត ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ក្រោមការគ្រប់គ្រងរបស់ក្រសួងមានចំនួនជិត១០ក្រុមហ៊ុន ហើយមានអង់តែន
ទូរស័ព្ទប្រមាណ៤.០០០ទៅ៥.០០០កំពុងមានសកម្មភាពបម្រើសេវាចាប់ខ្យល់នៅទូទាំងប្រទេស។
ក្នុងនោះមានក្រុមហ៊ុន ០១២ ០១៦ ០៩៧ ០១១ ០១០ ០៩៨ ០១៣ ០១៨ និង០៩០។ បណ្ដាក្រុមហ៊ុនទាំង
នេះបាន និងកំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវ។
មន្ត្រីរូបនេះបានឲ្យដឹងថា មានក្រុមហ៊ុនខ្លះទាក់ទាញអតិថិជនរហូតហ្វ្រ៊‌ី(Free) ការហៅចេញ៣០០នាទីក៏
មាន ហើយមានក្រុមហ៊ុនខ្លះ ហ្វ្រ៊‌ី(Free) ស៊ីមកាត (លេខទូរស័ព្ទ) ទៅអតិថិជនទទេទៀតផង។
លោក ម៉ូវ ចរិយា អគ្គនាយកក្រសួងប្រៃសណីយ៍បានប្រាប់រស្មីកម្ពុជានៅថ្ងៃទី១១មីនាថា ការរកស៊ីវិនិយោគលើវិស័យទូរគមនាគមន៍មកដល់ពេលនេះ គឺមានតែក្រុមហ៊ុនអតីត០១៧ មួយប៉ុណ្ណោះដែលក្ស័យធន។ បើតាមលោក ចរិយា ចំនួនទូរស័ព្ទដៃដែលប្រើបច្ចុប្បន្ននេះនៅមិនទាន់គ្រប់តម្រូវការនៅឡើយទេ។ ប៉ុន្តែដោយសារមានការប្រកួតប្រជែងធ្វើឲ្យតម្លៃការហៅចេញជាមធ្យមពី៤ទៅ៣សេនលុយដុល្លារប្រហាក់ប្រហែល១៦៤រៀលក្នុងមួយនាទី។ តម្លៃនេះប្រហាក់ប្រហែលទៅនឹងតម្លៃនៃអ្នកប្រើទូរស័ព្ទក្នុងតំបន់។ លោកអគ្គនាយកទទួលស្គាល់ថា ការហៅចេញឆ្លងប្រព័ន្ធ អ្នកប្រើ ឬអតិថិជនជួបការលំបាកជាខ្លាំង ដែលធ្វើឲ្យអ្នកប្រើទូរស័ព្ទឈឺក្បាល ហើយការយកថ្លៃទៅលើការហៅឆ្លងប្រព័ន្ធក៏ថ្លៃជាងប្រទេសជិតខាងផងដែរ។
លោក ម៉ូវ ចរិយា បញ្ជាក់ថា យើងកំពុងសាងច្បាប់តេឡេក្រុម (Telecom) ដើម្បីជម្នះនូវផលលំបាកទាំងនេះ។ ការនិយាយចេញឆ្លងប្រព័ន្ធពិបាកបែបនេះ ធ្វើឲ្យអតិថិជនអ្នកប្រើទូរស័ព្ទដៃមួយចំនួនប្រើទូរស័ព្ទដៃលើសពី១បើធៀបទៅនឹងអ្នកប្រើទូរស័ព្ទដៃនៅប្រទេសជិតខាង។ មួយចំនួនធំអ្នកនៅទីក្រុង ឬទីប្រជុំជនខេត្ត ក្រុង ប្រើទូរស័ព្ទដៃ
ពី២ទៅ៣គ្រឿងក្នុងមនុស្សម្នាក់។ អ្នកខ្លះប្រើទូរស័ព្ទ៤គ្រឿងក្នុងម្នាក់ក៏មាន។ ខុសពីប្រទេសដទៃៗគេប្រើតែទូរស័ព្ទមួយគ្រឿងអាចហៅឆ្លងប្រព័ន្ធទៅទីណាក៏បាន។
ទោះជាយ៉ាងនេះក្ដីការចំណាយលុយទៅលើការប្រើទូរស័ព្ទដៃមិនត្រូវបានគេបញ្ជាក់ច្បាស់
លាស់ទេសម្រាប់ប្រជាជនខ្មែរម្នាក់៕

Labels