ហែមថុន វិទិនី អ្នកហែលទឹកមានមហិច្ឆតាខ្ពស់
ស្ថិតក្នុងឈុតហែលទឹកពណ៌ខ្មៅដែលរឹបរាងកាយ យុវតីកីឡាការិនី ហែមថុន រិទិនី ដែលមានសម្បុរស្រអែមបានចុះទៅក្នុងអាងហែលទឹក នៃពហុកីឡាដ្ឋានជាតិអូឡាំពិកដ៏ចំណាស់គ្មានការជួសជុល ដើម្បីធ្វើការហ្វឹកហាត់ ទៅតាមការបង្ហាត់បង្ហាញពីគ្រូរបស់នាង។ ជាមួយនឹងមិត្តភក្តិដែលជាកីឡាករ-ការិនីចំនួនដប់ពីរនាក់ផ្សេងទៀត ដែលកំពុងហ្វឹកហាត់ជាមួយគ្នានោះ យើងសង្កេតឃើញថា រិទិនី ជាកីឡាការិនីមួយរូបដែលព្យាយាមនៅក្នុងការហ្វឹកហាត់ និង ធ្វើបានល្អជាងគេ។
ហែមថុន វិទិនី គឺជាកីឡាការិនីហែលទឹកវ័យក្មេងខ្ចីទើបតែអាយុ១៦ឆ្នាំ ដែលមានទេពកោសល្យក្នុងការហែលទឹក លើវិញ្ញាសាហែលសេរី និង ហែលកង្កែប ដោយហែលក្នុងចម្ងាយហាសិបម៉ែត្រ មួយរយម៉ែត្រ និងពីររយម៉ែត្រ ទាំងពីរវិញ្ញាសា។ កីឡាការិនីរូបនេះធ្លាប់ទទួលជោគជ័យជាច្រើនពីការប្រកួតនៅក្នុងប្រទេស ហើយទោះបីសព្វថ្ងៃនេះគេបានត្អូញត្អែរពីការលំបាក ក្នុងការខ្វះខាតកន្លែង និង សម្ភារៈហ្វឹកហាត់ក៏ដោយ តែទៅថ្ងៃអនាគត គេមានបំណងចង់ល្បីឈ្មោះ និង លើកស្ទួយវិស័យកីឡាហែលទឹកនៅក្នុងប្រទេសកម្ពុជា ឲ្យដូចបណ្ដាប្រទេសដទៃទៀតនៅក្នុងតំបន់ដែរ។
យុវតីដែលមានរាងមាំមួន និងរហ័សរហួនជាមួយនឹងការអត់ធ្មត់នៅក្នុងការហ្វឹកហាត់ ដោយយកចិត្តទុកដាក់ ស្ដាប់ដំបូន្មានគ្រូណែនាំនោះ ពេលចប់ពីការហ្វឹកហាត់ កីឡាការិនីជើងខ្លាំងរូបនេះបានប្រាប់អ្នកយកព័ត៌មានយើងដោយសម្ដីរួសរាយរាក់ទាក់ និង ម៉ឺងម៉ាត់ថា «ខ្ញុំមានចំណូលចិត្តក្នុងវិស័យកីឡាហែលទឹកនេះតាំងពីតូចមកម៉្លេះ ហើយខ្ញុំខំព្យាយាមរហូតបានសម្រេចពេលនេះ។ ខ្ញុំបានចូលហ្វឹកហាត់កីឡាហែលទឹកតាំងពីអាយុប្រាំឆ្នាំ នៅក្នុងក្លឹបក្រសួងសាធារណការ និង ដឹកជញ្ជូន»។
នៅក្នុងការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកទូទាំងប្រទេសកាលពីឆ្នាំ ២០០៧ កីឡាការិនីវ័យក្មេងនេះទទួលបានមេដាយមាសដល់ទៅប្រាំ និងឆ្នាំ២០០៨ មកនេះទទួលបានមេដាយប្រាំទៀតតែម្នាក់ឯងពីរឆ្នាំជាប់គ្នាតែម្តង។ មេដាយទាំងដប់គ្រឿងក្នុងរយៈពេលពីរឆ្នាំមកនេះគឺបានមកពីការប្រកួតហែលទឹកលើវិញ្ញាសាមួយរយម៉ែត្រ
សេរី, មួយរយម៉ែត្រកង្កែប, ពីររយម៉ែត្រសេរី, ពីររយម៉ែត្រកង្កែប ហើយនឹងពីររយម៉ែត្រហែលផ្ងារ។ ឆ្នាំ២០០៨មកនេះដែរ រិទិនីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសម្រាប់ទាំងអស់គ្នាលើវិញ្ញាសាហែលទឹកចម្ងាយមួយពាន់
ប្រាំរយម៉ែត្រនៅខេត្តកំពត ក៏ទទួលបានចំណាត់ថ្នាក់លេខមួយផងដែរ។ ក្រៅពីនេះក៏ធ្លាប់បានទទួលចំណាត់ថ្នាក់ល្អៗ និងមេដាយជាច្រើនទៀតនៅក្នុងការប្រកួតក្នុងប្រទេស។
ដោយឡែកការចេញទៅប្រកួតនៅក្រៅប្រទេសនៅក្នុងឆ្នាំ ២០០៨ គឺប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉េកាំង ប្រទេសចិន កីឡាការិនី វិទិនី បានប្រកួតយកឈ្នះចំនួនតែដប់ពីរប្រទេសប៉ុណ្ណោះក្នុងចំណោមកៅសិបប្រទេស ដែលចូលរួមប្រកួតលើវិញ្ញាសាដូចគ្នានេះ។ ឆ្នាំ ២០០៧ ប្រកួតស៊ីហ្គេម និង យុវជនអាយុក្រោមដប់ប្រាំបីឆ្នាំ ដោយការប្រកួតនេះអាចបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនឹងគេដែរ។ ឆ្នាំ ២០០៧ ដដែលបានទៅប្រកួតកីឡាហែលទឹកពិភពលោកនៅប្រទេសជប៉ុន ហើយនឹងកាលពីឆ្នាំ២០០៦ ប្រកួតកីឡាអាស៊ាន ហ្គេម (Asian Games) នៅប្រទេសអារ៉ាប់ផងដែរ។ សម្រាប់កីឡាស៊ីហ្គេម ( Sea Games) នៅប្រទេសឡាវ ឆ្នាំ២០០៩ កីឡាការិនីរូបនេះក៏បានត្រៀមខ្លួនជាស្រេចហើយដែរ ដើម្បីទៅចូលរួមព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ដោយសព្វថ្ងៃនាងបានប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ ដែលសង្ឃឹមថានឹងទទួលបានលទ្ធផលល្អជាងការទៅប្រកួតនៅក្រៅប្រទេសកាលពីលើកមុនៗ។ ការចេញទៅក្រៅប្រទេសកន្លងមក កីឡាការិនីជើងខ្លាំងរូបនេះមិនដែលទទួលបានមេដាយត្រឡប់មកវិញទេ ប៉ុន្តែយ៉ាងហោចណាស់គេអាចទទួលបានថិរវេលានៃការហែលរបស់គេល្អជាងមុនច្រើន។
រាងកាយដែលទទឹកជោក វិទិនី បានឲ្យដឹងទៀតថា «សម្រាប់កីឡាហែលទឹកនេះទៅថ្ងៃអនាគតខ្ញុំនឹងប្រឹងប្រែងរហូតមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើឆាកអន្តរជាតិ ដើម្បីជួយលើកស្ទួយវិស័យកីឡាហែលទឹកកម្ពុជា ហើយនឹងចង់ក្លាយទៅជាគ្រូកីឡាហែលទឹកថែមទៀតផង។ ខ្ញុំគិតថានឹងប្រឹងប្រែងរហូតដល់ពេលណាដែលខ្ញុំធ្លាក់ថិរវេលារបស់ខ្លួន»។
វិទិនី ជាកូនស្រីទោលក្នុងគ្រួសារដែលកំព្រាឪពុក។ នាងកំព្រាឪពុកតាំងពីនាងនៅក្នុងផ្ទៃម្ដាយមកម៉្លេះ ដោយសារតែការបែកបាក់គ្រួសារ ហើយម្ដាយរបស់នាងពិការដៃ និងជើងស្ដាំ ដែលសព្វថ្ងៃទាំងម្ដាយ និងកូនរស់នៅក្នុងបន្ទុកជីតា និងយាយ។ បច្ចុប្បន្ននាងមានអាយុដប់ប្រាំមួយឆ្នាំ រៀនថា្នក់ទីដប់មួយនៅវិទ្យាល័យបាក់ទូក។
វិទិនី គឺជាកីឡាការិនីដែលមានឈាមជ័រជាអ្នកហែលទឹកល្បីឈ្មោះតាំងពី ជីតា-ជីដូន និង ពូ-មីង រហូតដល់ខ្លួនឯងតែម្ដង។ វិទិនី មានពូឈ្មោះ ហែម លំផាត់, ហែម គីរី, ហែមថុន ពន្លឺ និងមីងឈ្មោះ ហែម រស្មី ដែលសុទ្ធជាកីឡាករ-ការិនីហែលទឹកជើងខ្លាំងជំនាន់មុននាងដែរ។
មិត្តភក្តិ និង ក្រុមគ្រួសារសរសើរពីអត្តចរិត វិទិនី
កីឡាការិនី សេង សម្ផស្ស ដែលជាមិត្តភក្តិ និងហ្វឹកហាត់ជាមួយគ្នារយៈពេលប្រាំឆ្នាំមកហើយនោះបាននិយាយថា វិទិនី ជាកីឡាការិនីហែលទឹកដែលមានសមត្ថភាពពូកែ ដោយសារតែគេមានការព្យាយាមតស៊ូនៅក្នុងការហ្វឹកហាត់។ គេពិតជាកីឡាការិនីដ៏ល្អមួយរូប ហើយមានអធ្យាស្រ័យល្អជាមួយមិត្តភក្តិដែលជាអ្នកកីឡាដូចគ្នា និង ចេះជួយលើកទឹកចិត្ត។
លោក ហែមថុន គ្រូបង្វឹកកីឡាហែលទឹកជម្រើសជាតិ និងជាជីតារបស់ វិទិនី ផងនោះបានឲ្យដឹងថា «នៅពេល វិទិនី អាយុប្រាំឆ្នាំ ខ្ញុំឲ្យហ្វឹកហាត់កីឡាហែលទឹក ហើយនាងមានអំណោយផលល្អជាងមីងរបស់គេដែលជាជើងខ្លាំងមួយរូប ដែលកាលពីជំនាន់មុនទៅទៀត។ អត្តចរិតរបស់ វិទិនី អាចទៅមុខបានដោយសារតែការព្យាយាម និង យកចិត្តទុកដាក់តស៊ូក្នុងការហ្វឹកហាត់។ ខ្ញុំជាជីតា និងជាអ្នកគ្រប់គ្រងខំរកមធ្យោបាយជួយទាំងការបង្វឹកហាត់ និងឧបត្ថម្ភផ្សេងៗសម្រាប់ការហ្វឹកហាត់កីឡានេះ ជាពិសេសការហូបចុក និងការលើកទឹកចិត្ត។
ចាប់តាំងពីឆ្នាំ ២០០៧ មកនេះ ខ្ញុំអាចសន្និដ្ឋានបានថា ទៅអនាគត វិទិនី អាចរីកចម្រើនជាងកីឡាករ-ការិនីដទៃទៀត ដោយសារតែថិរវេលារបស់គេដែលបានធ្វើកន្លងមកនៅលើឆាកអន្តរជាតិ ផ្លោះលឿនជាងកីឡាករផ្សេងទៀត ហើយទម្រង់នៃការហ្វឹកហាត់ និងការប្រកួតគឺអំណោយផលជាងកីឡាករនៅក្នុងអាស៊ីអាគ្នេយ៍»។
លោកគ្រូបង្វឹករូបនោះបានដាក់ផែនការដោយចាប់ពីពេលនេះទៅដល់ឆ្នាំ ២០១១ នឹងធ្វើឲ្យ វិទិនី បានមេដាយនៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ។ បើទោះជាកីឡាស៊ីហ្គេមឆ្នាំនេះ វិទិនី នៅមិនទាន់ទទួលបានមេដាយក្តី ក៏គេអាចចូលទៅកៀកដល់អ្នកចុងក្រោយដែរ។
អ៊ុក សាម៉ុច ជាអតីតកីឡាការិនីជម្រើសជាតិអត្តពលកម្ម និងជាគ្រូបង្វឹកកីឡាហែលទឹកកាលពីទសវត្សរ៍ឆ្នាំ ១៩៦០ ដែលត្រូវជាជីដូនបានឲ្យដឹងថា «វិទិនី ជាកូនកំព្រាឪពុកតាំងពីតែនាងនៅក្នុងពោះម្ដាយបានប្រាំខែ ដោយសារតែការលែងលះគ្នា ហើយម្ដាយរបស់នាងពិការដៃខាងស្ដាំតាំងពីអាយុប្រាំឆ្នាំ ដោយសារធ្លាក់ពីលើផ្ទះ។ សព្វថ្ងៃទាំង វិទិនី និង ម្ដាយរបស់គេរស់នៅជាមួយនឹងខ្ញុំ»។
ជីដូនរូបនោះបានសរសើរពីអត្តចរិតរបស់ចៅស្រីថា« តាំងពីតូចគេជាក្មេងស្រីដែលមានចរិតស្លូតបូត រហ័សរហួន និងឧស្សាហ៍ព្យាយាម តែការរៀនសូត្ររបស់គេគឺមធ្យម។ ចំពោះរឿងកីឡាវិញគេមានចំណូលចិត្តតាំងពីអាយុប្រាំឆ្នាំមកម៉្លេះ ហេតុដូច្នេះហើយទើបខ្ញុំចាប់បង្វឹករហូតមក។ នៅរាល់ការប្រកួតនៅក្នុងស្រុកម្តងៗ គឺភាគច្រើនទទួលបានជោគជ័យ ហើយទៅថ្ងៃអនាគតប្រសិនបើមានលទ្ធភាព ខ្ញុំនឹងជំរុញចៅឲ្យមានឈ្មោះទាំងនៅក្នុងស្រុក និងក្រៅស្រុក»។
កន្លែងហ្វឹកហាត់មិនត្រូវស្តង់ដារ និង សម្ភារៈហ្វឹកហាត់ខ្វះខាត
អាងហែលទឹក ដែលស្ថិតនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក គឺមានសភាពសោះកក្រោះ ដែលគ្មានការថែទាំ និង សម្អាតត្រឹមត្រូវ។
អាងហែលទឹកដែលស្ថិតនៅពហុកីឡាដ្ឋានជាតិអូឡាំពិក គឺមានសភាពសោះកក្រោះដែលគ្មានការថែទាំ និងសម្អាតត្រឹមត្រូវ។ អាងហែលទឹកដែលគ្មានការជួលជុលនេះ មើលទៅមិនគួរឲ្យចង់ហែលឡើយ គឺគ្មានអនាម័យត្រឹមត្រូវ និងបរិស្ថានមិនល្អ។
ទាក់ទិននឹងកន្លែងហ្វឹកហាត់ កីឡាការិនីវ័យក្មេងកម្ពស់ ១,៦៣ ម៉ែត្រ, ទម្ងន់ ៥០ គីឡូក្រាម ហែមថុន វិទិនី បានដកដង្ហើមធំ ហើយយកដៃស្ទាបក្បាល ដែលរុំដោយក្រណាត់ក្តោបសក់ ហើយមានវ៉ែនតាសម្រាប់ហែលទឹកនៅពីលើផងនោះ បានឲ្យដឹងថា« នៅពេលដែលទៅប្រកួតនៅក្រៅប្រទេសកន្លងមក គឺកីឡាករ-ការិនីរបស់យើងនៅមានកម្រិតចាញ់គេឆ្ងាយណាស់ ព្រោះយើងនៅខ្វះខាតច្រើន សម្រាប់ការហ្វឹកហាត់ដូចជាអាងហែលទឹកមិនត្រូវស្តង់ដារអន្តរជាតិ ខ្វះខាតឧបករណ៍ សម្ភារៈ និងកន្លែងស្នាក់នៅសព្វបែបយ៉ាង ដែលនាំឲ្យការហ្វឹកហាត់របស់កីឡាករ-ការិនីមិនទៀងទាត់។ ដូច្នេះដើម្បីឲ្យវិស័យកីឡាហែលទឹកនេះមានភាពរីកចម្រើនបាន ទាល់តែមានការជួយគាំទ្រ និង លើកទឹកចិត្តជារឿងសំខាន់»។
លោក ហែម ថុន ក៏បានត្អូញត្អែរដូច្នេះដែរថា « កន្លែង និងសម្ភារៈហ្វឹកហាត់សព្វថ្ងៃនេះវាហួសនឹងនិយាយ ពិបាកមហាសែនពិបាក តែបើយើងពិបាកហើយមិនធ្វើវាជាកំហុសរបស់យើង ដូច្នេះយើងនៅតែធ្វើ។ ការហ្វឹកហាត់កីឡាហែលទឹកនេះគឺយ៉ាងហោចណាស់មួយថ្ងៃពីរពេល ហើយរយៈពេលយ៉ាងហោចណាស់ក៏បីម៉ោងដែរ តែទីកន្លែងហ្វឹកហាត់សព្វថ្ងៃនេះ គឺគ្មានកន្លែងពិតប្រាកដរបស់សហព័ន្ធទេ គឺឥឡូវឯកជនគ្រប់គ្រង ដោយសុំគេហាត់មួយថ្ងៃបានមួយពេល ដែលជួនកាលថ្ងៃខ្លះមិនបានមួយម៉ោងផង និង មួយសប្ដាហ៍ហាត់បានតែប្រាំពេលតែប៉ុណ្ណោះ ពេលខ្លះមិនបានប្រាំពេលថែមទៀតផង។
បើនិយាយពីកន្លែងហ្វឹកហាត់វិញ គឺគ្មានអ្វីជាស្តង់ដា ដែលស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវទេ ដូច្នេះអ្វីដែលយើងធ្វើសព្វថ្ងៃនេះស្ថិតនៅក្នុងការច្នៃប្រឌិត និងស្មារតីតស៊ូខ្លួនឯងទាំងអស់រហូតកៅសិបភាគរយ ហើយសម្រាប់មធ្យោបាយទីកន្លែង សម្ភារៈ ការបំប៉ន និងការហូបចុក គឺមានប្រហែលប្រាំភាគរយពីរដ្ឋ។ ទាំងកីឡាករ-ការិនី ទាំងខ្ញុំជាគ្រូសុទ្ធតែជាអ្នកស្ម័គ្រចិត្ត គឺគ្មានយកប្រាក់ ឬ ប្រាក់ខែអ្វីទេ មានម្ដងម្កាលតែប៉ុណ្ណោះដែលរដ្ឋឧបត្ថម្ភខ្លះៗ»។
លោក បញ្ជាក់ថា « អាងហែលទឹកសព្វថ្ងៃ វាមានលក្ខណៈអន្តរជាតិតែកាលពីអំឡុងឆ្នាំ ១៩៦៤ ប៉ុន្តែឥឡូវនេះវាទៅជារបស់បុរាណទៅហើយ គ្មានការជួសជុល ហើយខ្ញុំគិតថា ប្រហែលជាពីរឆ្នាំទៀតយ៉ាងយូរអាងនេះនឹងខូចខាតមិនអាចប្រើការបានទេ»៕

Labels