ដោយអត្ថបទចុះផ្សាយកាលពីថ្ងៃទី 06/12/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 11/12/2008 13:31 ម៉ោងសកលក្រោយពេល ដែលពួកខ្មែរក្រហមបានទៅចូលរួមក្នុង រាជរដ្ឋាភិបាលរួបរួមជាតិ របស់ សម្តេច នរោត្តម សីហនុ ដែលបានបង្កើតឡើងក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ខ្មែរក្រហមបានក្លាយពីក្រុមបះបោរតូចតាច មកជាកងទ័ពរំដោះជាតិដ៏ធំមួយ។ នេះក៏ដោយសារតែពួកគេទទួលបាននូវការគាំទ្រពីសំណាក់ប្រជាជន កម្ពុជា ដែលស្រលាញ់ សម្តេច នរោត្តម សីហនុ។ ពិសេសជាងនេះទៅទៀត ពួកគេទទួលបាននូវការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់វៀតណាម ខាងជើង។
ក៏ប៉ុន្តែ ខ្មែរក្រហម និងវៀតណាមបានបែកបាក់គ្នា ក្លាយពីមិត្ត មកជាសត្រូវវិញ នៅក្រោយពេលដែលវៀតណាមបានចុះកិច្ចព្រមព្រៀងឈប់បាញ់ ជាមួយអាមេរិក នៅឆ្នាំ១៩៧៣។
ទាហានវៀតណាមច្បាំងជំនួសខ្មែរក្រហម
ចាប់តាំង ពីរដ្ឋាភិបាលរួបរួមជាតិត្រូវបានបង្កើតឡើង នៅក្រុងប៉េកាំងមក កងទ័ពវៀតណាមបានជួយរដ្ឋាភិបាលនេះយ៉ាងពេញទំហឹង។ យោងតាមលោក David Chandler ក្នុងសៀវភៅដែលមានចំណងជើងថា “បងទី១ ប៉ុល ពត” នៅរវាងឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ នៅក្នុងសមរភូមិភាគច្រើនគឺជាការច្បាំងគ្នារវាងកងទ័ពវៀតណាម និងទាហានលន់ណុល។ បើទោះជាមានទាហានខ្មែរក្រហមខ្លះនៅក្នុងនោះក៏ដោយ ក៏ទាហានទាំងនោះស្ថិតក្រោមបញ្ជារបស់មេបញ្ជាការវៀតណាមដែរ។
ទាហាន លន់ណុលបានបើកប្រតិបត្តិការធំៗចំនួនពីរលើកក្នុងគោលដៅវាយបំបែក សំបុកខ្មែរក្រហម។ លើកទីមួយនៅចុងឆ្នាំ១៩៧០ មានឈ្មោះថា “ប្រតិបត្តិការចេនឡាទី១” និងលើកទីពីរនៅខែសីហា ឆ្នាំ១៩៧១ មានឈ្មោះថា “ប្រតិបត្តិការចេនឡាទី២”។ ប្រតិបត្តិការទាំងពីរនេះត្រូវទទួលបរាជ័យ ហើយទាហានលន់ណុលក៏បញ្ឈប់យុទ្ធសាស្រ្តវាយលុក មកជាយុទ្ធសាស្រ្តការពារវិញម្តង។ បរាជ័យនៃប្រតិបត្តិការទាំងពីរលើកនេះសុទ្ធតែដោយសារតែខ្មែរក្រហម មានជំនួយពីទាហានវៀតណាម ដែលគេទទួលស្គាល់ថាជាទាហានខ្លាំងជាងគេបំផុតក្នុងតំបន់នាពេល នោះ។
ដោយមានកងទ័ពវៀតណាមជួយច្បាំងជំនួសខ្លួនបែប នេះ ខ្មែរក្រហមក៏មានឱកាសពង្រឹងបក្សរបស់ខ្លួន ទាំងផ្នែកយោធា និងផ្នែកនយោបាយ។ យោងតាមការប៉ាន់ស្មានរបស់ភ្នាក់ងារចារកិច្ចអាមេរិក នៅមុនរដ្ឋប្រហារឆ្នាំ១៩៧០ ខ្មែរក្រហមមានទ័ពតែប្រមាណមិនដល់៣ពាន់នាក់ផង។ ប៉ុន្តែ មិនដល់បីឆ្នាំផង ចំនួននេះបានកើនឡើងរហូតដល់ប្រមាណ៤ម៉ឺននាក់។
ទោះ ជាយ៉ាងនេះក៏ដោយ ពួកខ្មែរក្រហមនៅតែបន្តធ្វើការឃោសនាថា បដិវត្តន៍របស់ពួកគេ គឺជាបដិវត្តន៍ឯករាជ្យ ម្ចាស់ការ និងមិនពឹងបរទេស។ សូម្បីតែនៅក្នុងឯកសារស្តីពីប្រវត្តិបក្ស ក៏ពួកខ្មែរក្រហមមិនបានរំលឹកអំពីជំនួយរបស់វៀតណាមដែរ។ តែធាតុពិត ពួកខ្មែរក្រហមពឹងផ្អែកយ៉ាងខ្លាំងលើវៀតណាម។
សម្ព័ន្ធមិត្តប្រេះឆា៖ មិត្តក្លាយជាសត្រូវ
នៅដើមឆ្នាំ១៩៧៣ សញ្ញានៃការបែកបាក់រវាងខ្មែរក្រហម និងខ្មែរហាណូយក៏បានលេចចេញជារូបរាងច្បាស់ឡើងៗ។ ខ្មែរហាណូយពីររូបគឺ កែវ ចិន្តា និង ប៉ែន សុវណ្ណ រួមជាមួយមនុស្សមួយចំនួនទៀត ដែលធ្វើការឲ្យវិទ្យុបក្សបានលាលែងចេញពីតំណែង។ យោងតាមលោក Raoul Jennar,
ប៉ែន សុវណ្ណ មានបំណងទៅបង្កើតបក្សថ្មីជាមួយ ជា សុទ្ធ។ ប៉ុន្តែ វៀតណាមបានជំទាស់នឹងផែនការណ្ណecker,ងដល់នាំ១៩៧២នេះ។ថ្ងៃទី២៧ មករា ឆ្នាំ១៩៧៣ កិច្ចព្រមព្រៀងឈប់បាញ់មួយត្រូវបានចុះនៅទីក្រុងប៉ារីស រវាងសហរដ្ឋអាមេរិក និងវៀតណាមខាងជើង ស្តីពីបញ្ហាសង្រ្គាមនៅឥណ្ឌូចិន។ កិច្ចព្រមព្រៀងនេះក៏តម្រូវផងដែរឲ្យវៀតណាមដកកងទ័ពទាំងអស់ចេញពី ប្រទេសកម្ពុជា។ វៀតណាមបានស្នើសុំឲ្យ សាឡុត ស ទទួលយកបទឈប់បាញ់នេះ តែ សាឡុត ស បានបដិសេធ។ សាឡុត ស យល់ថា វៀតណាមខាងជើងកំពុងតែក្បត់នឹងខ្លួនហើយ ដែលទៅចុះកិច្ចព្រមព្រៀងជាមួយអាមេរិកបែបនេះ។ សម្រាប់ខ្មែរក្រហម វៀតណាមពេលនេះ បានក្លាយពីមិត្ត ទៅជាសត្រូវវិញម្តង។ សូម្បីតែពួកខ្មែរហាណូយក៏ត្រូវបានបក្សពួករបស់ សាឡុត ស ចាប់ផ្តើមសង្ស័យថា ជាភ្នាក់ងាររបស់វៀតណាមដែរ។ ពួកខ្មែរហាណូយមួយចំនួន ដែលទើបតែបានចូលមកកម្ពុជាវិញប៉ុន្មានឆ្នាំមុននេះ ក៏បានលួចចាកចេញពីកម្ពុជាវិញ ដោយបន្លំខ្លួនជាមួយទាហានវៀតណាម។ មួយចំនួនទៀត ដែលនៅសេសសល់ស្ថិតក្រោមការតាមដានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ពួក សាឡុត ស។
ខ្មែរក្រហមទល់នឹងកងទ័ពអាមេរិក
នៅកំឡុងខែកុម្ភៈ ឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមបានចាប់ផ្តើមបើកការវាយលុកលើទីតាំងរដ្ឋាភិបាល លន់ណុល ដើម្បីពង្រីកតំបន់ដែលពួកគេកាន់កាប់។ កងទ័ពអាកាសអាមេរិកក៏បានចាប់បើកប្រតិបត្តិការទម្លាក់គ្រាប់បែកលើ ទីតាំងខ្មែរក្រហម។ ក្នុងពេលដែលប្រតិបត្តិការសឹករបស់អាមេរិក នៅវៀតណាម និងឡាវបានបញ្ចប់អស់ទៅហើយនោះ ប្រទេសកម្ពុជាបានក្លាយទៅជាចំនុចស៊ីបតែមួយគត់របស់យន្តហោះ អាមេរិក នៅឥណ្ឌូចិន។ ចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ១៩៧៣ គ្រាប់បែកប្រមាណជាង៥០ម៉ឺនតោន ត្រូវបានយន្តហោះអាមេរិកទម្លាក់លើទឹកដីកម្ពុជា។ ប៉ុន្តែ ការទម្លាក់គ្រាប់បែកនេះ ប៉ះលើជនស៊ីវិលស្លូតត្រង់ ច្រើនជាងលើទាហានខ្មែរក្រហម។
នៅដើមខែសីហា ឆ្នាំ១៩៧៣ ដោយទទួលរងនូវសម្ពាធពីសំណាក់សភា និងពីមតិសាធារណៈអាមេរិក ប្រធានាធិបតី Richard Nixon ក៏បានសម្រេចបញ្ឈប់ការទម្លាក់គ្រាប់បែកនៅកម្ពុជា។
អាមេរិកដក ខ្មែរក្រហមចូល
ចាប់ ពីពេលនេះទៅ សង្រ្គាមនៅកម្ពុជាគឺជាសង្រ្គាមរវាងទាហានខ្មែរក្រហម និងទាហានលន់ណុលសុទ្ធសាធ ដោយគ្មានទ័ពអាមេរិកមកឡូកឡំទៀតទេ។
មក ទល់នឹងពេលនោះ កងទ័ពខ្មែរក្រហមបានកាន់កាប់ទឹកដីកម្ពុជាមួយភាគធំទៅហើយ។ សូម្បីតែ ក្រុងភ្នំពេញក៏ត្រូវទាហានខ្មែរក្រហមព័ទ្ធជិតដែរ។ ខ្មែរក្រហមបានចាប់ផ្តើមអនុវត្តនយោបាយបដិវត្តន៍របស់ពួកគេ ដូចជាការបង្កើតសហករណ៍ ការលុបបំបាត់លុយកាក់ និងកម្មសិទ្ធិឯកជនជាដើម នៅតាមតំបន់ដែលពួកគេកាន់កាប់ ដែលគេឲ្យឈ្មោះថា “តំបន់រំដោះ”។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញក៏បានធ្លាក់ក្នុងដៃ ទាហានខ្មែរក្រហម៕